ជួយម្ចាស់ផ្ទះឲ្យត្រិះរិះ
១. តើវិធីផ្សព្វផ្សាយមួយណាប្រសើរជាង?
១ តើរបៀបផ្សព្វផ្សាយមួយណាមានប្រសិទ្ធភាពជាង? និយាយជាមួយម្ចាស់ផ្ទះយ៉ាងម៉ឺងម៉ាត់ ឬជួយគាត់ឲ្យត្រិះរិះនិងសន្និដ្ឋានយ៉ាងត្រឹមត្រូវ? ពេលដែលសាវ័កប៉ូលនិយាយជាមួយជនជាតិយូដានៅក្រុងថែស្សាឡូនិច គាត់បានជួយពួកគេឲ្យត្រិះរិះអំពីហេតុផល ហើយ «ជាលទ្ធផលពួកគេខ្លះបានទៅជាអ្នកជឿ»។ (សកម្ម. ១៧:២-៤) តើការជួយអ្នកឯទៀតឲ្យត្រិះរិះអំពីហេតុផលរួមបញ្ចូលអ្វីខ្លះ?
២. តើយើងអាចធ្វើតាមគំរូរបស់ប៉ូលយ៉ាងដូចម្ដេចពេលយើងផ្សព្វផ្សាយដំណឹងល្អ?
២ គិតអំពីអារម្មណ៍និងមជ្ឈដ្ឋានម្ចាស់ផ្ទះ: ដើម្បីជួយមនុស្សនៅក្នុងតំបន់ផ្សាយឲ្យត្រិះរិះ អ្នកត្រូវគិតអំពីអារម្មណ៍របស់ពួកគេ។ ប៉ូលបានចាប់ផ្ដើមថ្លែងសុន្ទរកថាទៅកាន់ជនជាតិក្រិចដែលមិនមែនជាអ្នកជឿ នៅឯទួលអារីយ៉ូសដោយនិយាយអំពីអ្វីដែលពួកគេទំនងជាដឹងនិងជឿ។ (សកម្ម. ១៧:២២-៣១) ដូច្នេះពេលអ្នករៀបចំពាក្យផ្សាយ សូមគិតអំពីជំនឿនិងទស្សនៈមិនត្រឹមត្រូវរបស់អ្នកដែលនៅតំបន់ផ្សាយ។ (១កូ. ៩:១៩-២២) បើម្ចាស់ផ្ទះចាប់ផ្ដើមជំទាស់ សូមខំរកចំណុចដែលអ្នកនិងម្ចាស់ផ្ទះយល់ស្របគ្នាដើម្បីយើងអាចសន្ទនាអំពីរឿងនោះ។
៣. តើការប្រើសំណួរយ៉ាងប៉ិនប្រសប់អាចជួយយើងឲ្យវែកញែកលើកហេតុផលជាមួយអ្នកឯទៀតបានល្អជាងយ៉ាងដូចម្ដេច?
៣ ប្រើសំណួរដោយប៉ិនប្រសប់: យើងមិនអាចប្រាប់ផ្លូវដល់អ្នកដំណើរម្នាក់ឲ្យទៅដល់គោលដៅដែលគាត់ចង់ទៅបានទេ បើយើងមិនដឹងថាគាត់នៅផ្លូវណា។ ស្រដៀងគ្នាដែរ យើងមិនអាចជួយម្ចាស់ផ្ទះឲ្យសន្និដ្ឋានបានត្រឹមត្រូវទេ បើយើងមិនដឹងថាគាត់ធ្លាប់មានទស្សនៈបែបណា។ មុនវែកញែកលើកហេតុផលជាមួយអ្នកស្ដាប់ លោកយេស៊ូតែងតែសួរសំណួរដើម្បីយល់អំពីគំនិតរបស់បុគ្គលនោះ។ ជាឧទាហរណ៍ ពេលបុរសម្នាក់បានសួរលោកយេស៊ូថា៖ «តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?» លោកយេស៊ូរកយល់អំពីទស្សនៈរបស់បុរសនោះមុនលោកឆ្លើយ។ (លូក. ១០:២៥-២៨) មានពេលមួយទៀត ពេត្រុសបានឆ្លើយខុស លោកយេស៊ូបានប្រើសំណួរយ៉ាងប៉ិនប្រសប់ដើម្បីកែតម្រង់គំនិតរបស់គាត់។ (ម៉ាថ. ១៧:២៤-២៦) ដូច្នេះ បើម្ចាស់ផ្ទះសួរសំណួរឬបង្ហាញទស្សនៈមិនត្រឹមត្រូវ យើងអាចប្រើសំណួរដើម្បីជួយគាត់ឲ្យពិចារណាអំពីបញ្ហានោះ។
៤. ហេតុអ្វីយើងគួរព្យាយាមជួយម្ចាស់ផ្ទះឲ្យត្រិះរិះ?
៤ កាលណាយើងជួយម្ចាស់ផ្ទះឲ្យត្រិះរិះ យើងធ្វើតាមគំរូរបស់លោកយេស៊ូដែលជាគ្រូដ៏ឧត្តមនិងគំរូរបស់អ្នកផ្សាយដំណឹងល្អដ៏ប៉ិនប្រសប់ឯទៀតនៅសតវត្សរ៍ទី១។ យើងផ្ដល់កិត្ដិយសឲ្យម្ចាស់ផ្ទះ ហើយបង្ហាញការគោរពចំពោះគាត់។ (១ពេ. ៣:១៥) ជាលទ្ធផល ម្ចាស់ផ្ទះប្រហែលជាយល់ព្រមឲ្យយើងត្រឡប់ទៅជួបវិញ។