ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយចេះតបឆ្លើយដើម្បីបន្តការសន្ទនា
ហេតុអ្វីសំខាន់?: សូមស្រមៃថា អ្នកដឹងថាជិតមានមហន្តរាយធម្មជាតិហើយ។ មនុស្សនឹងស្លាប់ជាមិនខាន បើពួកគេមិនរត់ទៅកន្លែងដែលមានសុវត្ថិភាពទេ។ អ្នកទៅព្រមានប្រាប់អ្នកជិតខាងអំពីរឿងនោះ តែគាត់និយាយថាជាប់រវល់។ ពិតណាស់ អ្នកច្បាស់ជាមិនឈប់ព្យាយាមភ្លាមៗដើម្បីជួយគាត់ទេ! ស្រដៀងគ្នាដែរ មនុស្សជាច្រើនក្នុងតំបន់ផ្សាយមិនចង់ស្ដាប់យើងទេ ហើយពួកគេមិនជឿថាដំណឹងដែលយើងផ្សាយអាចសង្គ្រោះជីវិតរបស់ពួកគេឡើយ។ នៅពេលដែលយើងទៅជួបពួកគេ ប្រហែលជាពួកគេជាប់រវល់។ (ម៉ាថ. ២៤:៣៧-៣៩) ម្យ៉ាងទៀត ពួកគេប្រហែលជារើសអើងដោយសារឮពាក្យចចាមអារ៉ាម។ (ម៉ាថ. ១១:១៨, ១៩) ពួកគេប្រហែលជាសន្និដ្ឋានថា យើងក៏មិនខុសពីសាសនាឯទៀតដែលបង្កើតផលអាក្រក់ដែរ។ (២ពេ. ២:១, ២) បើនៅដើមដំបូងម្ចាស់ផ្ទះមិនចាប់អារម្មណ៍ទេ យើងមិនគួរឈប់ព្យាយាមឡើយ។
របៀបអនុវត្ត:
• មុនទៅផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ សូមឆ្លៀតពេលបន្ដិចដើម្បីគិតអំពីសម្ដីដែលអាចរារាំងការសន្ទនាដែលអ្នកប្រហែលជាជួប ហើយសូមគិតអំពីរបៀបតបឆ្លើយ។
• បើម្ចាស់ផ្ទះនិយាយជំទាស់ សូមព្យាយាមបន្តការសន្ទនាដោយចិត្តស្លូតបូត។ អ្នកប្រហែលជាអាចធ្វើដូច្នោះដោយសរសើរគាត់។ ឧទាហរណ៍ បើគាត់និយាយថាគាត់មានសាសនាហើយ អ្នកអាចឆ្លើយថា៖ «ខ្ញុំសង្ឃឹមថាអាចជួបមនុស្សដែលមានចំណាប់អារម្មណ៍ក្នុងរឿងសាសនាដូចអ្នកដែរ»។ ជួនកាល ការទទួលស្គាល់កាលៈទេសៈឬអារម្មណ៍របស់ម្ចាស់ផ្ទះនឹងជួយអ្នកឲ្យបន្តផ្សព្វផ្សាយ។ ឧទាហរណ៍ បើគាត់ប្រាប់ថាជាប់រវល់ អ្នកអាចនិយាយថា៖ «ខ្ញុំដឹងថាអ្នករវល់ ប៉ុន្តែមុននឹងខ្ញុំទៅវិញ ខ្ញុំចង់ជូននេះដល់អ្នក»។ វិធីមួយទៀត គឺដោយសួរសំណួរ។ បើម្ចាស់ផ្ទះប្រាប់ថាមិនចាប់អារម្មណ៍ទេ អ្នកអាចនិយាយថា៖ «តើនេះមានន័យថាអ្នកមិនចាប់អារម្មណ៍ចំពោះគម្ពីរបរិសុទ្ធ ឬក៏រឿងសាសនា?»។
• សូមចេះពិចារណា។ សូមចាំថាព្រះយេហូវ៉ាមិនបង្ខំមនុស្សឲ្យស្ដាប់លោកទេ។ (ចោ. ៣០:១៩) មនុស្សម្នាក់ៗត្រូវទទួលខុសត្រូវចំពោះព្រះយេហូវ៉ា។ (កាឡ. ៦:៥) បើម្ចាស់ផ្ទះនៅតែប្រកាន់គំនិតខ្លួន ជាការល្អបំផុតដែលយើងចាកចេញ។ ដោយបង្ហាញការគោរពនិងយល់អារម្មណ៍របស់គាត់ យើងអាចបើកឱកាសឲ្យអ្នកផ្សាយផ្សេងទៀតផ្សព្វផ្សាយដល់គាត់នៅពេលក្រោយ។—១ពេ. ៣:១៥
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
• ពេលអ្នកជួបនឹងសម្ដីដែលអាចរារាំងការសន្ទនា ក្រោយជម្រាបលាម្ចាស់ផ្ទះហើយ សូមពិភាក្សារឿងនោះជាមួយដៃគូផ្សាយអំពីវិធីដែលអ្នកអាចតបឆ្លើយតាមរបៀបដែលប្រសើរជាង។