ចូរប្រើjw.orgក្នុងកិច្ចបម្រើផ្សាយ ដោយប្រើវីដេអូ«ចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា»
ក្នុងគេហទំព័រjw.orgមានវីដេអូ«ចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា» ហើយក៏មានចម្រៀងមួយក្នុងវីដេអូនោះដែរ។ តើអ្នកបានប្រើវីដេអូនិងចម្រៀងនោះក្នុងកិច្ចបម្រើផ្សាយឬទេ? បើអ្នកកំពុងបង្រៀនគម្ពីរដល់ឪពុកឬម្ដាយម្នាក់ដែលមានកូនតូចៗ សូមចាក់វីដេអូនិងចម្រៀងនោះឲ្យកូនគាត់មើល។ ជាលទ្ធផល នេះអាចជំរុញចិត្តគាត់ឲ្យចង់មើលផ្នែកផ្សេងៗទៀតក្នុងគេហទំព័ររបស់យើង។
ពេលបងប្រុសម្នាក់កំពុងចែកខិត្តប័ណ្ណដំណឹងរាជាណាចក្រ លេខ៣៨ គាត់បានជួបស្ត្រីម្នាក់។ ក្រោយពីស្ត្រីនោះបានទទួលខិត្តប័ណ្ណ គាត់ចាប់ផ្ដើមអានភ្លាម។ ពេលនោះកូនៗពីរបីនាក់របស់គាត់ចង់ដឹងយ៉ាងខ្លាំងអំពីខិត្តប័ណ្ណនោះ។ បងប្រុសយើងបានពន្យល់យ៉ាងខ្លីអំពីខិត្តប័ណ្ណ ហើយបានប្រាប់អំពីគេហទំព័ររបស់យើងនៅខ្នងខិត្តប័ណ្ណនោះ។ ដោយសារស្ត្រីនោះបានបង្ហាញចំណាប់អារម្មណ៍ បងប្រុសយើងក៏បានឆ្លៀតឱកាសប្រើទូរស័ព្ទរបស់គាត់ ចាក់វីដេអូអំពីសុខលាភ ឲ្យស្ត្រីនោះនិងកូនៗរបស់គាត់មើលដែរ។
បងស្រីម្នាក់បានប្រាប់អ្នករួមការងារម្នាក់ដែលមានកូន អំពីគេហទំព័ររបស់យើង និងអំពីព័ត៌មានសម្រាប់ក្រុមគ្រួសារក្នុងគេហទំព័រនោះ។ អ្នករួមការងារនោះបានបើកមើលjw.orgជាមួយនឹងកូនៗរបស់គាត់។ ក្រោយមក គាត់បានប្រាប់បងស្រីយើងថា ពេលនៅផ្ទះកូនៗរបស់គាត់បានចាប់ផ្ដើមច្រៀងចម្រៀងពីវីដេអូ«ចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា»។
សូមបងប្អូនស្គាល់ផ្នែកផ្សេងៗនៃគេហទំព័ររបស់យើង ហើយថតចម្លងវីដេអូនិងចម្រៀងនោះដាក់ក្នុងទូរស័ព្ទឬឧបករណ៍អេឡិចត្រូនិករបស់បងប្អូន។ ដូច្នេះ បងប្អូនអាចប្រើវីដេអូនិងចម្រៀងនោះក្នុងកិច្ចបម្រើផ្សាយនៅពេលណាក៏បាន។ នេះគឺពិតជាជំនួយដ៏មានប្រយោជន៍មែនក្នុងការធ្វើការយ៉ាងនឿយហត់ដើម្បីលោកម្ចាស់ ដូចជាខ្ញុំបម្រើម្នាក់!—សកម្ម. ២០:១៩