បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwbr16 កក្កដា ទំ. ១-១៤
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • ចំណងជើងតូច
  • ថ្ងៃ​ទី​៤​-​១០ ខែ​កក្កដា
  • ថ្ងៃ​ទី​១១​-​១៧ ខែ​កក្កដា
  • ថ្ងៃ​ទី​១៨​-​២៤ ខែ​កក្កដា
  • ថ្ងៃ​ទី​២៥​-​៣១ ខែ​កក្កដា
ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
mwbr16 កក្កដា ទំ. ១-១៤

ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ

ថ្ងៃ​ទី​៤​-​១០ ខែ​កក្កដា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ទំនុក​តម្កើង ៦០​-​៦៨

​«​ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន​»​

(​ទំនុក​តម្កើង ៦១:១​) ឱ​ព្រះ​អង្គ​អើយ សូម​ស្ដាប់​សេចក្ដី​អំពាវ​នាវ​របស់​ទូល​បង្គំ សូម​ទ្រង់​សំកាំង​ស្ដាប់​ពាក្យ​ទូល​បង្គំ​អធិស្ឋាន​ផង។

(​ទំនុក​តម្កើង ៦១:៨​) យ៉ាង​នោះ ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់​ជា​ដរាប ដើម្បី​ឲ្យ​បាន​លា​បំណន់​របស់​ទូល​បង្គំ​រាល់​តែ​ថ្ងៃ។

w​៩៩​-​E ១៥/៩ ទំ. ៩ វ. ១​-​៤

ហេតុ​អ្វី​ត្រូវ​រក្សា​ពាក្យ​សន្យា​របស់​អ្នក?

ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ នោះ​ច្បាស់​ជា​សេចក្ដី​សន្យា​ដ៏​សំខាន់​ដែល​យើង​បាន​ធ្វើ។ ដោយ​ធ្វើ​តាម​ជំហាន​នេះ យើង​បង្ហាញ​ថា​យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ ទោះ​ជា​បញ្ញត្ដិ​របស់​ព្រះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ក្ដី តែ​នៅ​ដំណាល​គ្នា​នោះ​យើង​ប្រហែល​ជា​មិន​ងាយ​ស្រួល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​រាល់​តែ​ដង​នោះ​ទេ ដោយ​សារ​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ។ (​២ធី. ៣:១២; ១យ៉ូន. ៥:៣​) ប៉ុន្តែ​ពេល​យើង​«​ចាប់​កាន់​នង្គ័ល​»​ ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​របស់​លោក យើង​មិន​គួរ​បែរ​មើល​អ្វី​ដែល​មាន​ក្នុង​ពិភព​លោក​នេះ ដែល​នៅ​ខាង​ក្រោយ​យើង​ទេ។—លូក. ៩:៦២

ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា យើង​ប្រហែល​ជា​បាន​ជំរុញ​ចិត្ត​ឲ្យ​សន្យា​ប្រាប់​លោក​ថា យើង​នឹង​ខំ​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​ណា​មួយ ខំ​បណ្ដុះ​គុណ​សម្បត្ដិ​ជា​គ្រិស្ត​សាសនិក ឬ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​កិច្ច​បម្រើ​ផ្សាយ។ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ពាក្យ​សន្យា​ទាំង​នេះ?—សូម​ពិនិត្យ​បន្ថែម សាស្ដា ៥:២​-​៥

សេចក្ដី​សន្យា​ដ៏​ស្មោះ​នេះ​ផុស​ចេញ​ពី​ចិត្ត​និង​គំនិត​របស់​យើង។ ហេតុ​នេះ សូម​ឲ្យ​យើង​ធ្វើ​តាម​ពាក្យ​សន្យា​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​អធិដ្ឋាន​អស់​ពី​ចិត្ត ហើយ​បញ្ជាក់​ប្រាប់​លោក​ស្មោះ​នូវ​ការ​កោត​ខ្លាច បំណង​ចិត្ត និង​ចំណុច​ខ្សោយ​របស់​យើង។ ពេល​យើង​អធិដ្ឋាន​អំពី​ពាក្យ​សន្យា​របស់​យើង នោះ​យើង​នឹង​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​រក្សា​ពាក្យ​សន្យា​ទាំង​នោះ។ យើង​ចាត់​ទុក​សេចក្ដី​សន្យា​របស់​យើង​ចំពោះ​ព្រះ​ជា​បំណុល។ ពេល​ដែល​បំណុល​កាន់​តែ​ច្រើន ការ​សង​បំណុល​ត្រូវ​ធ្វើ​បន្ដិច​ម្ដង​ៗ។ ស្រដៀង​គ្នា​ដែរ ពាក្យ​សន្យា​ជា​ច្រើន​ដែល​យើង​បាន​សន្យា​ចំពោះ​ព្រះ​យេហូវ៉ា យើង​នឹង​ត្រូវ​ធ្វើ​តាម​ពាក្យ​សន្យា​នោះ​ម្ដង​មួយ​ៗ។ ប៉ុន្តែ ដោយ​ខំ​អស់​ពី​សមត្ថភាព​បំពេញ​តាម​ពាក្យ​សន្យា​របស់​យើង​ចំពោះ​លោក​ជា​ទៀង​ទាត់ យើង​បង្ហាញ​ថា​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​សន្យា ហើយ​លោក​នឹង​ឲ្យ​ពរ​យើង។

យើង​អាច​បង្ហាញ​ថា​យើង​ចាត់​ទុក​ពាក្យ​សន្យា​របស់​យើង​ជា​រឿង​សំខាន់ ដោយ​អធិដ្ឋាន​អំពី​រឿង​នោះ​ជា​រឿយ​ៗ ហើយ​ប្រហែល​ជា​រៀង​រាល់​ថ្ងៃ។ នេះ​នឹង​បង្ហាញ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ថា​យើង​ពិត​ជា​មាន​ចិត្ត​ស្មោះ​មែន។ ការ​អធិដ្ឋាន​អំពី​នោះ​នឹង​ទៅ​ធ្វើ​ជា​សេចក្ដី​រំលឹក​ដល់​យើង។ ស្តី​អំពី​រឿង​នេះ ដាវីឌ​បាន​ទុក​គំរូ​ល្អ​ដល់​យើង។ ក្នុង​ចម្រៀង​មួយ គាត់​បាន​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​អង្គ​អើយ សូម​ស្ដាប់​សេចក្ដី​អំពាវ​នាវ​របស់​ទូល​បង្គំ . . . ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់​ជា​ដរាប ដើម្បី​ឲ្យ​បាន​លា​បំណន់​របស់​ទូល​បង្គំ​រាល់​តែ​ថ្ងៃ​»។—ទំនុក. ៦១:១, ៨

(​ទំនុក​តម្កើង ៦២:៨​) ជន​ទាំង​ឡាយ​អើយ ចូរ​ទុក​ចិត្ត​នឹង​ទ្រង់​ជា​និច្ច ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​សំ​រាប់​យើង​ខ្ញុំ។ (​បង្អង់​)

w​១៥ ១៥/៤ ទំ. ២២​-​២៣ វ. ៦​-​៩

ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ជា​និច្ច!

យើង​ត្រូវ​តែ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា

៦ អ្នក​ប្រហែល​ជា​មាន​បញ្ហា​ពិបាក​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ចិត្ត។ អ្នក​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ ហើយ​អ្នក​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ឥឡូវ​នេះ តើ​អ្នក​អាច​មាន​ចិត្ត​ស្ងប់​ដោយ​សារ​អ្នក​ទុក​ចិត្ត​ថា​លោក​នឹង​ជួយ​អ្នក​ឬ​ទេ? អ្នក​អាច​មាន​ចិត្ត​ស្ងប់​មែន! (​សូម​អាន ទំនុក​តម្កើង ៦២:៨; ពេត្រុស​ទី១ ៥:៧​) បើ​អ្នក​ចង់​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​រៀន​ឲ្យ​ចេះ​ទុក​ចិត្ត​លោក។ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​គឺ​មិន​តែង​តែ​ងាយ​ស្រួល​ឡើយ។ ហេតុ​អ្វី? មូលហេតុ​មួយ​គឺ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ភ្លាម​ៗ​ទេ។—ទំនុក. ១៣:១, ២; ៧៤:១០; ៨៩:៤៦; ៩០:១៣; ហាប. ១:២

៧ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មិន​តែង​តែ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ភ្លាម​ៗ​? គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​បិតា​របស់​យើង ហើយ​យើង​គឺ​ជា​កូន​របស់​លោក។ (​ទំនុក. ១០៣:១៣​) ជា​ឧទាហរណ៍ ឪ​ពុក​មិន​ឲ្យ​កូន​នូវ​អ្វី​ទាំង​អស់​ដែល​កូន​សុំ ឬ​ឲ្យ​អ្វី​នោះ​ដល់​កូន​ភ្លាម​ៗ​ទេ។ ឪ​ពុក​ដឹង​ថា​កូន​ប្រហែល​ជា​ឃើញ​អ្វី​មួយ​ភ្លាម​ចង់​បាន​ភ្លាម ហើយ​ក្រោយ​មក​លែង​ចង់​បាន​វិញ។ ឪ​ពុក​ក៏​ដឹង​ដែរ​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន ហើយ​គាត់​ដឹង​ថា​នោះ​អាច​មាន​ឥទ្ធិពល​លើ​អ្នក​ឯ​ទៀត​ឬ​យ៉ាង​ណា។ គាត់​ដឹង​អំពី​អ្វី​ដែល​កូន​ត្រូវ​ការ ហើយ​ពេល​ណា​ដែល​កូន​គួរ​មាន​អ្វី​នោះ។ បើ​ឪ​ពុក​ចេះ​តែ​ឲ្យ​កូន​ភ្លាម​ៗ​នូវ​អ្វី​ៗ​ដែល​កូន​សុំ ឪ​ពុក​នោះ​នឹង​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​របស់​កូន។ ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​យើង។ ក្នុង​នាម​ជា​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​ប្រាជ្ញា លោក​ដឹង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ហើយ​លោក​សម្រេច​ចិត្ត​ថា​ពេល​ណា​ជា​ពេល​ល្អ​បំផុត​ដែល​លោក​គួរ​ឲ្យ​នូវ​អ្វី​ដែល​យើង​សុំ។ ជា​ការ​ល្អ​ដែល​យើង​គួរ​ចាំ​មើល​ថា​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​យ៉ាង​ណា​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង។—សូម​ពិនិត្យ​បន្ថែម អេសាយ ២៩:១៦; ៤៥:៩

៨ សូម​ចាំ​ដែរ​ថា​ព្រះ​យេហូវ៉ា​ដឹង​អំពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​មនុស្សម្នាក់​ៗ។ (​ទំនុក. ១០៣:១៤​) ហេតុ​នេះ លោក​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ។ ពិត​មែន​តែ​ពេល​ខ្លះ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​មិន​អាច​ស៊ូ​ទ្រាំ​បាន​ទៀត​ទេ ប៉ុន្តែ​ព្រះ​យេហូវ៉ា​សន្យា​ថា​បើ​យើង​រង​ទុក្ខ​លំបាក​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង នោះ​លោក​នឹង​«​រៀប​ចំ​ផ្លូវ​ចេញ​»។ (​សូម​អាន កូរិនថូស​ទី១ ១០:១៣​) យើង​ពិត​ជា​ទទួល​ការ​សម្រាល​ទុក្ខ​មែន ពេល​យើង​ដឹង​ថា​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ស្គាល់​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង។

៩ បើ​យើង​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ប៉ុន្តែ​លោក​មិន​បាន​តប​ឆ្លើយ​ភ្លាម​ៗ​ទេ សូម​មាន​ចិត្ត​អត់​ធ្មត់។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ជួយ​យើង​ខ្លាំង​ណាស់ ប៉ុន្តែ​ដោយ​ចិត្ត​អត់​ធ្មត់ លោក​រង់​ចាំ​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។ គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​រង់​ចាំ​ឱកាស[​ដោយ​ចិត្ត​អត់​ធ្មត់​]នឹង​ផ្ដល់​ព្រះ​គុណ​ដល់​ឯង​រាល់​គ្នា​»​ ហើយ​«​ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្ដី​អាណិត​មេត្ដា​ដល់​ឯង​ពី​ព្រោះ​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្ដិធម៌។ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់​ចាំ​ទ្រង់​»។—អេ. ៣០:១៨

(​ទំនុក​តម្កើង ៦៥:១, ២​) ឱ​ព្រះ​អង្គ​អើយ សេចក្ដី​សរសើរ​ចាំ​តែ​ទ្រង់​នៅ​ក្រុង​ស៊ីយ៉ូន នោះ​គេ​នឹង​លា​បំណន់​ចំពោះ​ទ្រង់។ ២ ឱ​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​អើយ អស់​ទាំង​មនុស្ស​នឹង​មូល​មក​ឯ​ទ្រង់។

w​១៥ ១៥/៤ ទំ. ១៩ វ. ១៣​-​១៤

តើ​ចំណង​មិត្តភាព​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា​គឺ​ពិត​ប្រាកដ​យ៉ាង​ណា?

១៣ សូម​គិត​អំពី​រឿង​នេះ: មុន​ពេល​លោក​យេស៊ូ​មក​ផែន​ដី លោក​បាន​ឃើញ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បម្រើ​លោក​នៅ​ផែន​ដី។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​អធិដ្ឋាន​ទៅ​បិតា​នៅ​ស្ថាន​សួគ៌​អំពី​គំនិត​និង​អារម្មណ៍​របស់​លោក។ មាន​ពេល​មួយ លោក​បាន​អធិដ្ឋាន​ពេញ​មួយ​យប់។ (​លូក. ៦:១២; ២២:៤០​-​៤៦​) បើ​លោក​យេស៊ូ​បាន​គិត​ថា​ព្រះ​យេហូវ៉ា​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​ទេ តើ​លោក​នឹង​អធិដ្ឋាន​ឬ? លោក​យេស៊ូ​ក៏​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​អំពី​របៀប​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដែរ។ បើ​លោក​បាន​គិត​ថា​ព្រះ​យេហូវ៉ា​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​ទេ តើ​លោក​នឹង​បង្រៀន​ពួក​គេ​ឲ្យ​អធិដ្ឋាន​ឬ? លោក​យេស៊ូ​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​មែន។ លោក​ថែម​ទាំង​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​អើយ ខ្ញុំ​សូម​អរគុណ​លោក​ដែល​លោក​បាន​ស្ដាប់​ខ្ញុំ ពិត​មែន​តែ​ខ្ញុំ​ដឹង​ថា​លោក​តែង​តែ​ស្ដាប់​ខ្ញុំ​»។ ដូច​គ្នា​ដែរ យើង​ដឹង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។—យ៉ូន. ១១:៤១, ៤២; ទំនុក. ៦៥:២

១៤ ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​តែង​តែ​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​តាម​របៀប​ដែល​អ្នក​ងាយ​កត់​សម្គាល់​នោះ​ទេ។ ប៉ុន្តែ ពេល​អ្នក​អធិដ្ឋាន​សុំ​អ្វី​មួយ​យ៉ាង​ចំ​ៗ អ្នក​នឹង​អាច​ឃើញ​ច្បាស់​ជាង​ថា​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ហើយ​លោក​នឹង​ទៅ​ជា​បុគ្គល​ដ៏​ពិត​ចំពោះ​អ្នក។ បើ​អ្នក​ប្រាប់​ព្រះ​យេហូវ៉ា​ដោយ​ឥត​លាក់​លៀម​អំពី​ទុក្ខ​កង្វល់​ទាំង​អស់​ដែល​អ្នក​មាន នោះ​លោក​ក៏​នឹង​កាន់​តែ​ចូល​មក​ជិត​អ្នក​ដែរ។

w​១០ ១/៤ ទំ. ១៦ វ. ១០

ប្អូន​ៗ​វ័យ​ក្មេង ចូរ​ធ្វើ​ឲ្យ​សេចក្ដី​ប្រាថ្នា​របស់​ប្អូន​មាន​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា!

របៀប​ដែល​សេចក្ដី​អធិដ្ឋាន ធ្វើ​ឲ្យ​ប្អូន​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង

១០ វិធី​ទី២​ដែល​ប្អូន​អាច​ធ្វើ​ឲ្យ​សេចក្ដី​ប្រាថ្នា​របស់​ប្អូន​មាន​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​គឺ​តាម​រយៈ​ការ​អធិដ្ឋាន​របស់​ប្អូន។ នៅ​ទំនុក​តម្កើង ៦៥:២ យើង​អាន​ថា​៖ ​«​ឱ​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​អើយ អស់​ទាំង​មនុស្ស​នឹង​មូល​មក​ឯ​ទ្រង់​»។ ក្នុង​អំឡុង​ពេល​ដែល​អ៊ីស្រាអែល​ជា​រាស្ត្រ​ដែល​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ សូម្បី​តែ​ជន​ជាតិ​ដទៃ​ដែល​បាន​មក​វិហារ​ព្រះ​យេហូវ៉ា​ក៏​អាច​អធិដ្ឋាន​ទៅ​លោក​ដែរ។ (​១ព. ៨:៤១, ៤២​) ព្រះ​មិន​លម្អៀង​ទេ។ ពួក​អ្នក​ដែល​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ។ (​សុភ. ១៥:៨​) ច្បាស់​ណាស់ ​«​អស់​ទាំង​មនុស្ស​»​គឺ​រួម​បញ្ចូល​ប្អូន​ៗ​វ័យ​ក្មេង​ដែរ។

it​-​2​-​E ទំ. ៦៦៨ វ. ២

សេចក្ដី​អធិដ្ឋាន

អ្នក​ដែល​ព្រះ​ស្ដាប់។ ​«​អស់​ទាំង​មនុស្ស​»​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»។ (​ទំនុក. ៦៥:២; សកម្ម. ១៥:១៧​) បណ្ដា​ជន​អ៊ីស្រាអែល​ជា​«​មរដក​របស់​ផង​»​ព្រះ សូម្បី​តែ​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​ធ្វើ​ជា​រាស្ត្រ​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​លោក​ក្ដី ជន​ជាតិ​ដទៃ​ក៏​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិដ្ឋាន​បាន​ដែរ ដោយ​ពួក​គេ​ទទួល​ស្គាល់​ថា​បណ្ដា​ជន​អ៊ីស្រាអែល​ជា​ប្រជា​ជាតិ​ដែល​ព្រះ​បាន​រើស​តាំង ហើយ​ទទួល​ស្គាល់​ថា​វិហារ​ដែល​នៅ​ក្រុង​យេរូសាឡិម​ជា​កន្លែង​ដែល​ព្រះ​បាន​ជ្រើស​រើស​សម្រាប់​ជូន​គ្រឿង​បូជា​ដល់​លោក។ (​ចោ. ៩:២៩; ២រប. ៦:៣២, ៣៣; សូម​ពិនិត្យ​បន្ថែម អេ. ១៩:២២​) ក្រោយ​មក ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ លែង​មាន​ការ​បែង​ចែក​រវាង​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​ទៀត​ហើយ។ (​អេភ. ២:១១​-​១៦​) នៅ​ផ្ទះ​របស់​កូនេលាស​ជា​ជន​ជាតិ​អ៊ីតាលី ពេត្រុស​បាន​ទទួល​ស្គាល់​ថា​«​ព្រះ​មិន​រើស​មុខ​ទេ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក​ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​»។ (​សកម្ម. ១០:៣៤, ៣៥​) បន្ទាប់​ពី​នោះ​មក ជន​ជាតិ​លែង​សំខាន់​ទៀត​ហើយ អ្វី​ដែល​សំខាន់​គឺ​ចិត្ត​របស់​ពួក​គេ​ម្នាក់​ៗ ព្រម​ទាំង​អ្វី​ដែល​ចិត្ត​ពួក​គេ​ជំរុញ​ឲ្យ​ធ្វើ។ (​ទំនុក. ១១៩:១៤៥; បរិ. ៣:៤១​) អ្នក​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះ ហើយ​ធ្វើ​«​អ្វី​ៗ​ដែល​លោក​ពេញ​ចិត្ត​»​ មាន​ទំនុក​ចិត្ត​ថា​«​ត្រចៀក​»​របស់​លោក​នឹង​ស្ដាប់​ពួក​គេ។—១យ៉ូន. ៣:២២; ទំនុក. ១០:១៧; សុភ. ១៥:៨; ១ពេ. ៣:១២

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

(​ទំនុក​តម្កើង ៦៣:៣​) ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល​បង្គំ​នឹង​សរសើរ​ដល់​ទ្រង់។

w​០៦ ១/៧ ទំ. ១១ វ. ៧

គោល​សំខាន់​ៗ​ពី​សៀវភៅ​ទំនុក​ដំកើង ប៉ែក​ទី​ពីរ

៦៣:៣: ‹សេចក្ដី​សប្បុរស​នៃ​ព្រះ នោះ​វិសេស​ជាង​ជីវិត› ពី​ព្រោះបើ​គ្មាន​សេចក្ដី​សប្បុរស​ពី​ទ្រង់​នោះ ជីវិត​យើង​គ្មាន​ន័យ​ឬ​គោល​បំណង​ឡើយ។ យក​ល្អ​យើង​បណ្ដុះ​ឲ្យ​មាន​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

(​ទំនុក​តម្កើង ៦៨:១៨​) ទ្រង់​បាន​យាង​ឡើង​ទៅ​ឯ​ស្ថាន​ខ្ពស់ ទ្រង់​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ទទួល​អំណោយ​ទាន​សំ​រាប់​ចែក​ឲ្យ​ដល់​មនុស្ស គឺ​ដល់​ទាំង​មនុស្ស​បះ​បោរ​ផង ដើម្បី​ឲ្យ​ព្រះ ដ៏​ជា​ព្រះ​យេហូវ៉ា​បាន​គង់​នៅ​ជា​មួយ​នឹង​គេ។

w​០៦ ១/៧ ទំ. ១០ វ. ៥

គោល​សំខាន់​ៗ​ពី​សៀវភៅ​ទំនុក​ដំកើង ប៉ែក​ទី​ពីរ

៦៨:១៨—តើ​អ្នក​ណា​ជា​«​អំណោយ​ទាន​សំ​រាប់​ចែក​ឲ្យ​ដល់​មនុស្ស​»​? ពួក​គេ​ជា​បុរស​ដែល​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​សឹក​ក្នុង​កំលុង​ការ​ដណ្ដើម​យក​ស្រុក​សន្យា។ ក្រោយ​មក បុរស​ទាំង​នេះ​បាន​ត្រូវ​តម្រូវ​ឲ្យ​ជួយ​ពួក​កុលសម្ព័ន្ធ​លេវី​ក្នុង​កិច្ច​ការ​របស់​ពួក​គេ។—អែសរ៉ា ៨:២០

ថ្ងៃ​ទី​១១​-​១៧ ខែ​កក្កដា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ទំនុក​តម្កើង ៦៩​-​៧៣

​«​រាស្ត្រ​ព្រះ​យេហូវ៉ា​ខ្នះ​ខ្នែង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​»​

(​ទំនុក​តម្កើង ៦៩:៩​) ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូល​បង្គំ ឯ​សេចក្ដី​ត្មះ​តិះ​ដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូល​បង្គំ​វិញ។

w​១០ ១/១២ ទំ. ១២​-​១៦ វ. ២​-​១៧

ចូរ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត

២ ចំពោះ​គ្រិស្ត​សាសនិក​ពិត​សព្វ​ថ្ងៃ​នេះ កិច្ច​ការ​ដែល​ប្រញាប់​ជាង​គេ​បំផុត​គឺ​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​និង​បង្រៀន​មនុស្ស​ពី​ប្រជា​ជាតិ​ទាំង​ឡាយ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ (​ម៉ាថ. ២៤:១៤; ២៨:១៩, ២០​) ដោយ​ដក​ស្រង់​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ ម៉ាកុស​បាន​សរសេរ​ថា​កិច្ច​ការ​នេះ​ត្រូវ​ធ្វើ​«​ជា​មុន​»​ ពោល​គឺ​មុន​ទី​បញ្ចប់​មក​ដល់។ (​ម៉ាក. ១៣:១០​) ការ​ធ្វើ​ដូច្នេះ​គឺ​ត្រឹម​ត្រូវ​មែន ព្រោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ​»។ ការ​ប្រមូល​ផល​ដំណាំ​មិន​អាច​ចាំ​បាន​ទេ គេ​ត្រូវ​ប្រមូល​ផល​នោះ មុន​ហួស​រដូវ។—ម៉ាថ. ៩:៣៧

៣ ដោយ​សារ​ការ​ផ្សាយ​ជា​កិច្ច​ការ​សំខាន់​ចំពោះ​យើង នេះ​គឺ​សម​ឲ្យ​យើង​ចំណាយ​ពេល​វេលា កម្លាំង​និង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​បំផុត​ចំពោះ​កិច្ច​ការ​នោះ​បើ​អាច​ធ្វើ​ទៅ​បាន។ គួរ​ឲ្យ​សរសើរ​មែន បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​នាក់​បាន​ធ្វើ​ដូច្នេះ។ បង​ប្អូន​ខ្លះ​បាន​កាត់​បន្ថយ​កិច្ច​ការ​ផ្ទាល់​ខ្លួន​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ដូច​ជា​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ សាសនទូត​ឬ​បម្រើ​នៅ​បេតអែល។ ជីវិត​របស់​ពួក​គេ​រវល់​ណាស់។ ពួក​គេ​បាន​លះ​បង់​អ្វី​ៗ​ជា​ច្រើន ហើយ​ក៏​មាន​ការ​ពិបាក​ច្រើន​ដែរ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​បាន​ទទួល​ពរ​បរិបូរ​ពី​ព្រះ​យេហូវ៉ា។ យើង​ត្រេក​អរ​ជំនួស​ពួក​គេ។ (​សូម​អាន លូកា ១៨:២៨​-​៣០​) នៅ​ដំណាល​គ្នា​នេះ បង​ប្អូន​ខ្លះ​ទៀត​មិន​អាច​ធ្វើ​ជា​អ្នក​ផ្សាយ​ពេញ​ពេល​បាន​ទេ តែ​ពួក​គេ​ចំណាយ​ពេល​ច្រើន​បំផុត​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ក្នុង​កិច្ច​ការ​សង្គ្រោះ​ជីវិត ដែល​រួម​បញ្ចូល​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​បាន​សង្គ្រោះ។—ចោ. ៦:៦, ៧

៤ ដូច​យើង​បាន​ឃើញ​ហើយ យើង​ធ្វើ​អ្វី​ៗ​ដោយ​ប្រញាប់ ដោយ​សារ​យើង​ដឹង​ថា​មាន​ពេល​កំណត់ និង​មា​នទី​បញ្ចប់។ យើង​កំពុង​រស់​នៅ​គ្រា​ចុង​បញ្ចប់ ហើយ​មាន​ទី​សំអាង​ជា​ច្រើន​ពី​បទ​គម្ពីរ​និង​ពី​ប្រវត្ដិសាស្ត្រ​ដែល​បញ្ជាក់​ចំណុច​នេះ។ (​ម៉ាថ. ២៤:៣, ៣៣; ២ធី. ៣:១​-​៥​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​នរណា​ដឹង​ពី​ថ្ងៃ​និង​ម៉ោង​ដែល​ទី​បញ្ចប់​នឹង​មក​ដល់​ទេ។ ពេល​លោក​យេស៊ូ​ប្រាប់​«​សញ្ញា​សម្គាល់​»​ដែល​បញ្ជាក់​ពី​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​ លោក​បាន​មាន​ប្រសាសន៍​ចំ​ៗ​ថា​៖ ​«​គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ។ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ។ មាន​តែ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប​»។ (​ម៉ាថ. ២៤:៣៦​) បើ​ដូច្នេះ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បង​ប្អូន​រួម​ជំនឿ​ខ្លះ​ប្រហែល​ជា​ពិបាក​នៅ​តែ​ជឿ​ជាក់​ថា​ទី​បញ្ចប់​ជិត​មក​ដល់ ជា​ពិសេស​បើ​ពួក​គេ​បាន​ជឿ​ដូច្នេះ​ច្រើន​ឆ្នាំ​មក​ហើយ។ (​សុភ. ១៣:១២​) ជួន​កាល តើ​អ្នក​មាន​អារម្មណ៍​បែប​នេះ​ឬ​ទេ? ស្តី​អំពី​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ចង់​ឲ្យ​យើង​ធ្វើ​សព្វ​ថ្ងៃ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​និង​នៅ​តែ​មាន​ទស្សនៈ​ថា​កិច្ច​ការ​នេះ​ជា​កិច្ច​ការ​ប្រញាប់?

ចូរ​ពិចារណា​អំពី​លោក​យេស៊ូ​ដែល​ជា​គំរូ​របស់​យើង

៥ ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​ប្រញាប់​បំពេញ​កិច្ច​បម្រើ​ព្រះ លោក​យេស៊ូ​គ្រិស្ត​ប្រាកដ​ជា​គំរូ​ល្អ​បំផុត។ មូលហេតុ​មួយ​ដែល​លោក​មាន​ការ​ប្រញាប់​គឺ​ដោយ​សារ​លោក​មាន​កិច្ច​ការ​ជា​ច្រើន​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល​តែ​បី​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​យេស៊ូ​បាន​សម្រេច​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត ច្រើន​ជាង​មនុស្ស​ទាំង​អស់។ លោក​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ឈ្មោះ​និង​គោល​បំណង​របស់​បិតា​លោក ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​របស់​ព្រះ បក​អាក្រាត​អំពើ​ពុត​ត្បុត​និង​សេចក្ដី​បង្រៀន​មិន​ពិត​នៃ​អ្នក​ដឹក​នាំ​សាសនា ហើយ​បាន​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​រហូត​ដល់​ត្រូវ​គេ​សម្លាប់។ លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​អ៊ីស្រាអែល​ដោយ​ឥត​សំចៃ​កម្លាំង​ដើម្បី​បង្រៀន ជួយ​និង​ធ្វើ​ឲ្យ​បណ្ដា​ជន​ជា​សះ​ស្បើយ។ (​ម៉ាថ. ៩:៣៥​) គ្មាន​អ្នក​ណា​បាន​សម្រេច​កិច្ច​ការ​ច្រើន​ដូច​នេះ​ក្នុង​រយៈ​ពេល​ខ្លី​ដូច​លោក​យេស៊ូ​ទេ។ លោក​បាន​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​អស់​ពី​សមត្ថភាព​របស់​លោក។—យ៉ូន. ១៨:៣៧

៦ តើ​អ្វី​ជំរុញ​លោក​យេស៊ូ​ឲ្យ​ធ្វើ​កិច្ច​ការ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ក្នុង​កិច្ច​បម្រើ​របស់​លោក? យោង​ទៅ​តាម​ទំនាយ​របស់​ដានីយ៉ែល លោក​យេស៊ូ​ប្រហែល​ជា​ដឹង​ថា​លោក​មាន​រយៈ​ពេល​ប៉ុន្មាន​ដើម្បី​សម្រេច​កិច្ច​ការ​របស់​លោក ស្រប​តាម​កាល​វិភាគ​របស់​ព្រះ​យេហូវ៉ា។ (​ដាន. ៩:២៧​) យ៉ាង​នេះ ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នឹង​ត្រូវ​ចប់​នៅ​«​ពាក់​កណ្ដាល​អាទិត្យ​»​ឬ​បី​ឆ្នាំ​កន្លះ។ មិន​យូរ​ក្រោយ​ពេល​បណ្ដា​ជន​មក​អបអរសាទរ​លោក​យេស៊ូ​ពេល​លោក​ចូល​ក្រុង​យេរូសាឡិម​នៅ​និទាឃ​រដូវ​ឆ្នាំ​៣៣ គ.ស. លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​ដល់​ពេល​ឲ្យ​កូន​មនុស្ស​ទទួល​សិរីរុង​រឿង​ហើយ​»។ (​យ៉ូន. ១២:២៣​) ទោះ​ជា​លោក​ដឹង​ថា​លោក​ជិត​ស្លាប់​ក្ដី លោក​មិន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​នេះ​ទេ ហើយ​លោក​ក៏​មិន​ធ្វើ​ឲ្យ​រឿង​នេះ​ទៅ​ជា​មូលហេតុ​សំខាន់​ជាង​គេ​ដែល​ជំរុញ​លោក​ឲ្យ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ដែរ។ ផ្ទុយ​ទៅ​វិញ នៅ​គ្រប់​ឱកាស​ទាំង​អស់​ដែល​លោក​មាន លោក​បាន​ផ្ចង់​ស្មារតី​ទៅ​លើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ឯ​ទៀត។ សេចក្ដី​ស្រឡាញ់​នោះ​ជំរុញ​លោក​ឲ្យ​ប្រមូល​និង​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក ថែម​ទាំង​ចាត់​ពួក​គេ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ។ លោក​បាន​ធ្វើ​ដូច្នេះ​ដោយ​សារ​ពួក​គេ​នឹង​បន្ត​ធ្វើ​កិច្ច​ការ​ដែល​លោក​បាន​ចាប់​ផ្ដើម ហើយ​នឹង​ធ្វើ​ការ​ដ៏​ធំ​ជាង​លោក​ទៅ​ទៀត។—សូម​អាន យ៉ូហាន ១៤:១២

៧ មាន​ព្រឹត្ដិការណ៍​មួយ​ក្នុង​ជីវិត​របស់​លោក​យេស៊ូ ជា​ទី​សំអាង​ជាក់​លាក់​ដែល​បង្ហាញ​ថា​លោក​មាន​ចិត្ត​ខ្នះ​ខ្នែង។ ព្រឹត្ដិការណ៍​នោះ​កើត​ឡើង​ពេល​លោក​ទើប​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​លោក នៅ​បុណ្យ​រំលង​នា​ឆ្នាំ​៣០ គ.ស.។ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​មក​ដល់​ក្រុង​យេរូសាឡិម ហើយ​ឃើញ​មនុស្ស​នៅ​ក្នុង​វិហារ​«​កំពុង​លក់​គោ ចៀម​និង​ព្រាប ក៏​ឃើញ​អ្នក​ដូរ​ប្រាក់​កំពុង​អង្គុយ​នៅ​ទី​នោះ​»។ តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី? តើ​ការ​ប្រព្រឹត្ត​របស់​លោក​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​កាន់​តាម​លោក?—សូម​អាន យ៉ូហាន ២:១៣​-​១៧

៨ អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​និង​ធ្វើ​នៅ​ពេល​នោះ បាន​ជួយ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​នឹក​ឃើញ​អំពី​ទំនាយ​ដែល​ដាវីឌ​ជា​អ្នក​តែង​ទំនុក​តម្កើង​បាន​ទាយ​ដែល​ថា​៖ ​«​ខ្ញុំ​នឹង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ខ្នះ​ខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​លោក​»។ (​ទំនុក. ៦៩:៩, ព.ថ.​) ហេតុ​អ្វី? ពី​ព្រោះ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​អាច​នាំ​ឲ្យ​លោក​មាន​គ្រោះ​ថ្នាក់​និង​ប្រថុយ​ជីវិត​ផង​ដែរ។ យ៉ាង​ណា​មិញ ពួក​អាជ្ញាធរ​វិហារ​ដែល​ជា​ពួក​សង្ឃ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​អ្នក​ឯ​ទៀត បាន​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​ដូរ​នៅ​ទី​នោះ​ដើម្បី​ពួក​គេ​បាន​ចំណេញ​កប់​ពពក។ ដើម្បី​លាត​ត្រដាង​មុខ​មាត់​ពិត និង​រា​រាំង​ផែន​ការ​របស់​ពួក​គេ លោក​យេស៊ូ​បាន​តាំង​ខ្លួន​ជា​សត្រូវ​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ។ ដូច​ពួក​អ្នក​កាន់​តាម​លោក​បាន​យល់​យ៉ាង​ត្រឹម​ត្រូវ ‹សេចក្ដី​ខ្នះ​ខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​ព្រះ›ឬ​សេចក្ដី​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត បាន​ត្រូវ​ឃើញ​យ៉ាង​ច្បាស់។ ប៉ុន្តែ តើ​ចិត្ត​ខ្នះ​ខ្នែង​គឺ​ជា​អ្វី? តើ​ចិត្ត​ខ្នះ​ខ្នែង​ខុស​គ្នា​ពី​ការ​ប្រញាប់​ឬ​ទេ?

ការ​ប្រៀប​ធៀប​រវាង​ការ​ប្រញាប់​និង​ការ​ខ្នះ​ខ្នែង

៩ វចនានុក្រម​មួយ​បាន​ពន្យល់​អត្ថន័យ​នៃ​ពាក្យ​«​ខ្នះ​ខ្នែង​»​ថា​ជា​«​ការ​មាន​ចំណង់​ខ្លាំង​និង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដើម្បី​បាន​អ្វី​មួយ​»។ ប្រាកដ​ហើយ ពាក្យ​ទាំង​នេះ​បញ្ជាក់​អំពី​លក្ខណៈ​នៃ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ។ ហេតុ​នេះ សេចក្ដី​បក​ប្រែ​គម្ពីរ​មួយ​បាន​បក​ប្រែ​ខ​នេះ​ថា​៖ ​«​ភក្ដី​ភាព​របស់​ខ្ញុំ​ចំពោះ​កន្លែង​គោរព​បូជា​របស់​លោក ហាក់​ដូច​ជា​មាន​ភ្លើង​ក្នុង​ខ្លួន​ខ្ញុំ​»។ (​Today’s English Version​) គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ដែល​ក្នុង​ភាសា​របស់​ជន​ជាតិ​អាស៊ី ពាក្យ​«​ខ្នះ​ខ្នែង​»​មាន​ពីរ​ផ្នែក​ដែល​ក្នុង​ន័យ​ត្រង់​បាន​សេចក្ដី​ថា​«​ចិត្ត​និង​រោល​រាល​»​ហាក់​ដូច​ជា​ចិត្ត​កំពុង​ត្រូវ​ភ្លើង​ឆេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នឹក​ឃើញ​ពាក្យ​របស់​ដាវីឌ ពេល​ដែល​ពួក​គេ​ឃើញ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​នៅ​វិហារ។ ក៏​ប៉ុន្តែ តើ​អ្វី​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​លោក​យេស៊ូ​រោល​រាល ហើយ​ជំរុញ​លោក​ឲ្យ​ធ្វើ​ដូច្នេះ?

១០ ក្នុង​គម្ពីរ​ភាសា​ហេប្រឺ​និង​ក្រិច​ដែល​ជា​ភាសា​ដើម ពាក្យ​«​ខ្នះ​ខ្នែង​»​ក៏​អាច​បក​ប្រែ​ថា​«​ហួងហែង​»​ដែរ។ (​សូម​អាន កូរិនថូស​ទី២ ១១:២​) វចនានុក្រម​មួយ​ខាង​គម្ពីរ​បាន​ចែង​អំពី​ពាក្យ​នេះ​ថា​៖ ​«​ជា​ញឹក​ញយ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ក្នុង​ទំនាក់​ទំនង​រវាង​ប្ដី​ប្រពន្ធ . . . ប្ដី​ឬ​ប្រពន្ធ​ហួងហែង​គូ​របស់​ខ្លួន​ដោយ​ចង់​បាន​ដាច់​ជា​របស់​ខ្លួន​តែ​ម្នាក់។ ដូច​គ្នា​ដែរ​ព្រះ​មាន​សិទ្ធិ​ផ្ដាច់​មុខ​ទទួល​ភក្ដី​ភាព​ពី​ពួក​អ្នក​ដែល​ជា​របស់​ផង​លោក ហើយ​លោក​ការពារ​សិទ្ធិ​នោះ​»។ ដូច្នេះ ចិត្ត​ខ្នះ​ខ្នែង​របស់​ដាវីឌ​គឺ​ជា​ការ​ហួងហែង ពោល​គឺ​គាត់​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ជា​មួយ​ព្រះ​យេហូវ៉ា​ឬ​ឲ្យ​មើល​ងាយ​ឈ្មោះ​របស់​លោក ហើយ​មាន​ចិត្ត​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ការពារ​កេរ្ដិ៍​ឈ្មោះ​ល្អ​របស់​ព្រះ ឬ​ធ្វើ​ឲ្យ​កេរ្ដិ៍​ឈ្មោះ​របស់​លោក​បាន​ល្អ​ឡើង​វិញ។

១១ ពេល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ឃើញ​អ្វី​ដែល​លោក​បាន​ធ្វើ​ក្នុង​វិហារ ពួក​គេ​យល់​យ៉ាង​ត្រឹម​ត្រូវ​ថា​ពាក្យ​របស់​ដាវីឌ​ទាក់​ទង​នឹង​លោក​យេស៊ូ។ លោក​យេស៊ូ​បាន​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​មិន​គ្រាន់​តែ​ដោយ​សារ​ពេល​កំណត់​របស់​លោក​ជិត​មក​ដល់​ទេ តែ​ដោយ​សារ​លោក​ខ្នះ​ខ្នែង​ឬ​ហួងហែង​ចំពោះ​ឈ្មោះ​របស់​បិតា​លោក​និង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ។ ពេល​លោក​ឃើញ​គេ​តិះ​ដៀល​និង​និយាយ​ប្រមាថ​ឈ្មោះ​របស់​ព្រះ នោះ​លោក​ខ្នះ​ខ្នែង​ឬ​ហួងហែង​យ៉ាង​ត្រឹម​ត្រូវ ហើយ​ចាត់​វិធានការ​ដើម្បី​កែ​តម្រូវ។ ពេល​លោក​យេស៊ូ​ឃើញ​មនុស្ស​រាប​ទាប​ត្រូវ​ពួក​អ្នក​ដឹក​នាំ​សាសនា​ជិះ​ជាន់​និង​កេង​ប្រវ័ញ្ច នោះ​ចិត្ត​ខ្នះ​ខ្នែង​របស់​លោក​បាន​ជំរុញ​លោក​ឲ្យ​សម្រាល​ទុក្ខ​ពួក​គេ ព្រម​ទាំង​រិះ​គន់​យ៉ាង​ខ្លាំង​ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​ជិះ​ជាន់​គេ។—ម៉ាថ. ៩:៣៦; ២៣:២, ៤, ២៧, ២៨, ៣៣

ចូរ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត

១២ សព្វ​ថ្ងៃ​នេះ ស្ថានភាព​សាសនា​នៅ​ជុំ​វិញ​យើង​គឺ​ស្រដៀង​គ្នា​ដែរ ហើយ​ក៏​អាក្រក់​ជាង​សម័យ​លោក​យេស៊ូ​ផង។ ជា​ឧទាហរណ៍ សូម​ចាំ​ថា​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​មុន​គេ​បង្អស់ គឺ​ទាក់​ទង​នឹង​នាម​របស់​ព្រះ។ លោក​បាន​បង្រៀន​ថា​៖ ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថ. ៦:៩​) តើ​យើង​ឃើញ​ថា​ពួក​អ្នក​ដឹក​នាំ​សាសនា ជា​ពិសេស​បព្វជិត​ពិភព​គ្រិស្ត​សាសនា​បង្រៀន​បណ្ដា​ជន​ឲ្យ​ស្គាល់​នាម​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​ឬ​លើក​តម្កើង​នាម​នោះ​ឬ​ទេ? ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​ព្រះ​តាម​រយៈ​សេចក្ដី​បង្រៀន​មិន​ពិត ដូច​ជា​លទ្ធិ​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ ព្រលឹង​អមតៈ ភ្លើង​នរក ហើយ​ធ្វើ​ឲ្យ​គេ​គិត​ថា​ព្រះ​ជា​បុគ្គល​អាថ៌​កំបាំង​ដែល​គេ​មិន​អាច​យល់​និង​ស្គាល់​បាន ជា​បុគ្គល​ដែល​គ្មាន​មេត្ដា ហើយ​ថែម​ទាំង​ឃោរ​ឃៅ​ទៀត​ផង។ ម្យ៉ាង​ទៀត ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​គេ​តិះ​ដៀល​ព្រះ​ដោយ​សារ​រឿង​អាស្រូវ​និង​អំពើ​ពុត​ត្បុត​របស់​ពួក​គេ​ដែរ។ (​សូម​អាន រ៉ូម ២:២១​-​២៤​) បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​លាក់​នាម​របស់​ព្រះ ថែម​ទាំង​ដក​នាម​នោះ​ចេញ​ពី​សេចក្ដី​បក​ប្រែ​គម្ពីរ​របស់​ពួក​គេ​ផង។ ហេតុ​នេះ ពួក​គេរា​រាំង​បណ្ដា​ជន​មិន​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​និង​មិន​ឲ្យ​បណ្ដុះ​ចំណង​មេត្រី​ភាព​ជា​មួយ​លោក។—យ៉ា. ៤:៧, ៨

១៣ លោក​យេស៊ូ​ក៏​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ដែរ​ឲ្យ​អធិដ្ឋាន​អំពី​រាជាណាចក្រ​ព្រះ​ដោយ​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថ. ៦:១០​) ទោះ​ជា​អ្នក​ដឹក​នាំ​ពិភព​គ្រិស្ត​សាសនា​តែង​តែ​អធិដ្ឋាន​សេចក្ដី​ទាំង​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ក្ដី តែ​ពួក​គេ​បាន​លើក​ទឹក​ចិត្ត​បណ្ដា​ជន​ឲ្យ​គាំ​ទ្រ​អង្គ​ការ​នយោបាយ​និង​ស្ថាប័ន​ឯ​ទៀត​របស់​មនុស្ស។ មួយ​វិញ​ទៀត ពួក​គេ​មើល​ងាយ​ពួក​អ្នក​ដែល​ព្យាយាម​ផ្សព្វ​ផ្សាយ​និង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​រាជាណាចក្រ​ព្រះ។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​លែង​និយាយ​អំពី​រាជាណាចក្រ​ព្រះ ហើយ​ក៏​លែង​មាន​ជំនឿ​លើ​រាជាណាចក្រ​នោះ​ដែរ។

១៤ ក្នុង​សេចក្ដី​អធិដ្ឋាន​ទៅ​ព្រះ លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ ​«​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។ (​យ៉ូន. ១៧:១៧​) មុន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​នឹង​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ឲ្យ​បណ្ដា​រាស្ត្រ​លោក​បរិភោគ។ (​ម៉ាថ. ២៤:៤៥​) ទោះ​បី​ពួក​បព្វជិត​ពិភព​គ្រិស្ត​សាសនា​អះអាង​ថា​ពួក​គេ​បង្រៀន​បណ្ដាំ​របស់​ព្រះ​ក្ដី តើ​ពួក​គេ​បាន​ធ្វើ​កិច្ច​ការ​ដែល​ម្ចាស់​បាន​ប្រគល់​ឲ្យ​ពួក​គេ​ធ្វើ​ឬ​ទេ? អត់​ទេ។ ពួក​គេ​មាន​ទំនោរ​ចិត្ត​ពន្យល់​ថា​អ្វី​ដែល​គម្ពីរ​ចែង​គឺ​ជា​រឿង​ព្រេង។ ជា​ជាង​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​ហ្វូង​ចៀម ដែល​នេះ​នាំ​ឲ្យ​ពួក​គេ​ទទួល​ការ​សម្រាល​ទុក្ខ​និង​ការ​បំភ្លឺ ពួក​បព្វជិត​ទាំង​នោះ​បាន​បង្រៀន​អ្វី​ដែល​ពួក​អ្នក​ជឿ​ពេញ​ចិត្ត​ស្ដាប់ ពោល​គឺ​ទស្សនវិជ្ជា​របស់​មនុស្ស។ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​បែរ​ចេញ​ពី​ខ្នាត​តម្រា​របស់​ព្រះ ដោយ​កាត់​បន្ថយ​ខ្នាត​តម្រា​សីលធម៌​របស់​លោក​ដើម្បី​តម្រូវ​ចិត្ត​មនុស្ស។—២ធី. ៤:៣, ៤

១៥ ដោយ​សារ​ពួក​គេ​បាន​អះអាង​ថា​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ​ក្នុង​នាម​របស់​ព្រះ​នៃ​គម្ពីរ នោះ​មនុស្ស​ស្មោះ​ត្រង់​ជា​ច្រើន​បាន​ខក​ចិត្ត ឬ​បាត់​បង់​ជំនឿ​ទាំង​ស្រុង​ទៅ​លើ​ព្រះ​និង​គម្ពីរ។ មនុស្ស​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ចំណី​របស់​សាថាន​និង​របៀប​របប​អាក្រក់​របស់​វា។ កាល​ណា​អ្នក​ឃើញ ហើយ​ឮ​អំពី​រឿង​បែប​នេះ ដែល​កើត​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? ក្នុង​នាម​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះ​យេហូវ៉ា កាល​ណា​អ្នក​ឃើញ​គេ​តិះ​ដៀល ហើយ​ប្រមាថ​នាម​របស់​ព្រះ នេះ​ជំរុញ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​កេរ្ដិ៍​ឈ្មោះ​របស់​ព្រះ​បាន​ល្អ​ឡើង​វិញ មែន​ទេ? ពេល​ដែល​អ្នក​ឃើញ​មនុស្ស​ស្មោះ​សរ​និង​ទៀង​ត្រង់​ត្រូវ​គេ​បោក​ប្រាស់​និង​កេង​ប្រវ័ញ្ច នេះ​ជំរុញ​ឲ្យ​អ្នក​ចង់​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់ មែន​ទេ? ពេល​លោក​យេស៊ូ​ឃើញ​មនុស្ស​នៅ​សម័យ​លោក​ដែល​«​បាន​ត្រូវ​គេ​ធ្វើ​ទុក្ខ និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល​»​ លោក​មិន​ត្រឹម​តែ​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​លោក​បាន​«​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អ្វី​ៗ​ជា​ច្រើន​»។ (​ម៉ាថ. ៩:៣៦; ម៉ាក. ៦:៣៤​) យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត​ដូច​លោក​យេស៊ូ។

១៦ កាល​ណា​យើង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​ពាក្យ​របស់​សាវ័ក​ប៉ូល​នៅ​ធីម៉ូថេ​ទី១ ២:៣, ៤​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ជាង។ (​សូម​អាន​) យើង​ប្រឹង​ប្រែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ មិន​គ្រាន់​តែ​ដោយ​សារ​យើង​ដឹង​ថា​យើង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​យើង​ដឹង​ថា​នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ។ លោក​ចង់​ឲ្យ​មនុស្ស​មាន​ចំណេះ​អំពី​សេចក្ដី​ពិត​ដើម្បី​ពួក​គេ​ក៏​អាច​រៀន​គោរព​ប្រណិប័តន៍​ព្រះ​និង​បម្រើ​លោក ថែម​ទាំង​ទទួល​ពរ​ពី​លោក​ដែរ។ យើង​ចង់​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ មិន​គ្រាន់​តែ​ដោយ​សារ​ពេល​វេលា​កាន់​តែ​ខ្លី​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​យើង​ចង់​លើក​តម្កើង​ឈ្មោះ​របស់​ព្រះ​និង​ជួយ​មនុស្ស​ឲ្យ​ស្គាល់​បំណង​ប្រាថ្នា​របស់​លោក។ យើង​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។—១ធី. ៤:១៦

១៧ ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា យើង​បាន​ទទួល​ពរ​ដោយ​សារ​យើង​ដឹង​សេចក្ដី​ពិត​អំពី​គោល​បំណង​របស់​ព្រះ​ចំពោះ​មនុស្សជាតិ​និង​ផែន​ដី។ យើង​មាន​សមត្ថភាព​ជួយ​មនុស្ស​ឲ្យ​ទទួល​សុភមង្គល​និង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​ចំពោះ​អនាគត។ យើង​អាច​បង្ហាញ​របៀប​ដែល​ពួក​គេ​អាច​មាន​សុវត្ថិភាព ពេល​របៀប​របប​របស់​សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​២ថែ. ១:៧​-​៩​) ជា​ជាង​ខក​ចិត្ត​ឬ​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ហាក់​ដូច​ជា​អូស​បន្លាយ យើង​គួរ​មាន​ចិត្ត​សប្បាយ​ដោយ​សារ​នៅ​មាន​ពេល​ឲ្យ​យើង​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។ (​មីកា ៧:៧; ហាប. ២:៣​) តើ​យើង​អាច​បណ្ដុះ​ចិត្ត​ខ្នះ​ខ្នែង​បែប​នេះ​តាម​របៀប​ណា? យើង​នឹង​ពិចារណា​ចំណុច​នេះ​នៅ​អត្ថបទ​បន្ទាប់។

(​ទំនុក​តម្កើង ៧១:១៧, ១៨​) ឱ​ព្រះ​អង្គ​អើយ ទ្រង់​បាន​បង្ហាត់​បង្រៀន​ទូល​បង្គំ​តាំង​តែ​ពី​ក្មេង​មក ហើយ​ដរាប​ដល់​ឥឡូវ​នេះ ទូល​បង្គំ​បាន​សំ​ដែង ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់។ ១៨ ឱ​ព្រះ​អង្គ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល​បង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូល​បង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូល​បង្គំ បាន​ថ្លែង​ប្រាប់​ពី​ព្រះ​ចេស្ដា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ នឹង​ពី​ឥទ្ធានុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ។

w​១៤ ១៥/១ ទំ. ២៣​-​២៤ វ. ៤​-​១០

ការ​បម្រើ​ព្រះ​យេហូវ៉ា​មុន​អស់​ទាំង​ថ្ងៃ​អាក្រក់​មក​ដល់

៤ ប្រសិន​បើ​អ្នក​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ក្នុង​ជីវិត​នៅ​ពេល​ឥឡូវ​នេះ ពេល​ដែល​ខ្ញុំ​នៅ​តែ​មាន​កម្លាំង?›។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ម្នាក់​ដែល​មាន​បទ​ពិសោធន៍ អ្នក​មាន​ឱកាស​ដែល​អ្នក​ឯ​ទៀត​មិន​មាន។ អ្នក​អាច​ប្រាប់​បង​ប្អូន​ដែល​ក្មេង​ជាង​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ព្រះ​យេហូវ៉ា។ អ្នក​អាច​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ដោយ​ប្រាប់​អំពី​បទ​ពិសោធន៍​ដែល​អ្នក​មាន​ក្នុង​ការ​បម្រើ​ព្រះ។ ស្តេច​ដាវីឌ​បាន​អធិដ្ឋាន​សុំ​ឲ្យ​ព្រះ​ផ្ដល់​ឱកាស​ឲ្យ​គាត់​អាច​ធ្វើ​ដូច្នេះ។ គាត់​បាន​សរសេរ​ថា​៖ ​«​ឱ​ព្រះ​អង្គ​អើយ ទ្រង់​បាន​បង្ហាត់​បង្រៀន​ទូល​បង្គំ​តាំង​តែ​ពី​ក្មេង​មក . . . សូម​កុំ​លះ​បង់​ចោល​ទូល​បង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូល​បង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូល​បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ​ចេស្ដា​ទ្រង់​ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ នឹង​ពី​ឥទ្ធានុភាព​ទ្រង់​ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ​»។—ទំនុក. ៧១:១៧, ១៨

៥ តើ​តាម​របៀប​ណា​អ្នក​អាច​ចែក​រំលែក​ចំណេះ​ដឹង​ដែល​អ្នក​បាន​ទទួល​អស់​ជា​ច្រើន​ឆ្នាំ ដល់​អ្នក​ឯ​ទៀត? តើ​អ្នក​អាច​អញ្ជើញ​ប្អូន​ៗ​ដែល​ក្មេង​ជាង​អ្នក​ដែល​ជា​អ្នក​បម្រើ​ព្រះ​ឲ្យ​មក​លេង​ផ្ទះ​របស់​អ្នក​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ឬ​ទេ? តើ​អ្នក​អាច​សុំ​ពួក​គេ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក ហើយ​បង្ហាញ​ពួក​គេ​នូវ​អំណរ​ដែល​អ្នក​មាន​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? អេលីហ៊ូវ​បាន​និយាយ​ថា​៖ ​«​គប្បី​ឲ្យ​ចាស់​ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន​បង្រៀន​ពី​ប្រាជ្ញា​»។ (​យ៉ូប ៣២:៧​) សាវ័ក​ប៉ូល​បាន​ដាស់​តឿន​ស្ត្រី​គ្រិស្ត​សាសនិក​ឲ្យ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​តាម​រយៈ​ពាក្យ​សម្ដី​និង​គំរូ​របស់​ពួក​គាត់។ គាត់​បាន​សរសេរ​ថា​៖ ​«​ស្ត្រី​វ័យ​ចាស់​ត្រូវ . . . បង្រៀន​អំពី​អ្វី​ដែល​ល្អ​»។—ទីត. ២:៣

អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត

៦ ប្រសិន​បើ​អ្នក​ជា​គ្រិស្ត​សាសនិក​ម្នាក់​ដែល​មាន​បទ​ពិសោធន៍ អ្នក​មាន​សមត្ថភាព​យ៉ាង​ច្រើន​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ សូម​ពិចារណា​នូវ​អ្វី​ដែល​អ្នក​ដឹង​នៅ​ពេល​ឥឡូវ​នេះ ដែល​អ្នក​មិន​បាន​ដឹង​កាល​ពី​៣០​ឬ​៤០​ឆ្នាំ​មុន។ អ្នក​ដឹង​អំពី​របៀប​អនុវត្ត​គោល​ការណ៍​គម្ពីរ​ក្នុង​ស្ថានភាព​ផ្សេង​ៗ​ក្នុង​ជីវិត។ អ្នក​ច្បាស់​ជា​មាន​សមត្ថភាព​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​អ្នក​ឯ​ទៀត។ ប្រសិន​បើ​អ្នក​ជា​អ្នក​ចាស់​ទុំ​ម្នាក់ អ្នក​ដឹង​អំពី​របៀប​ជួយ​បង​ប្អូន​ដែល​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស។ (​កាឡ. ៦:១​) ប្រហែល​ជា​អ្នក​បាន​រៀន​អំពី​របៀប​ត្រួត​ពិនិត្យ​សកម្មភាព​ក្នុង​ក្រុម​ជំនុំ ផ្នែក​ចាត់​ចែង​សន្និបាត ឬ​ការ​សាង​សង់​សាល​ប្រជុំ។ អ្នក​ប្រហែល​ជា​ដឹង​អំពី​របៀប​លើក​ទឹក​ចិត្ត​គ្រូ​ពេទ្យ​ឲ្យ​ប្រើ​វិធី​ព្យាបាល​ដែល​មិន​ប្រើ​ឈាម។ សូម្បី​តែ​អ្នក​ទើប​តែ​បាន​ស្គាល់​សេចក្ដី​ពិត​ក៏​ដោយ អ្នក​មាន​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ។ ជា​ឧទាហរណ៍ ប្រសិន​បើ​អ្នក​បាន​ចិញ្ចឹម​អប់រំ​កូន អ្នក​នឹង​មាន​បទ​ពិសោធន៍​ជា​ច្រើន។ គ្រិស្ត​សាសនិក​វ័យ​ចាស់ អាច​ធ្វើ​ជា​ប្រភព​ដ៏​សំខាន់​ក្នុង​ការ​លើក​ទឹក​ចិត្ត​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​ការ​បង្រៀន ការ​នាំ​មុខ និង​ការ​ពង្រឹង​ជំនឿ​បង​ប្អូន​ប្រុស​ស្រី។—សូម​អាន យ៉ូប ១២:១២

៧ តើ​តាម​របៀប​ណា​អ្នក​អាច​ប្រើ​សមត្ថភាព​របស់​អ្នក​ឲ្យ​បាន​ពេញ​លេញ​ជាង? ប្រហែល​ជា​អ្នក​អាច​បង្ហាញ​បង​ប្អូន​វ័យ​ក្មេង​អំពី​របៀប​ចាប់​ផ្ដើម និង​របៀប​ដឹក​នាំ​ការ​សិក្សា​គម្ពីរ។ ប្រសិន​បើ​អ្នក​ជា​បង​ស្រី​ម្នាក់ តើ​អ្នក​អាច​ណែនាំ​ម្ដាយ​វ័យ​ក្មេង​អំពី​របៀប​ដែល​ពួក​គាត់​អាច​បន្ត​ក្នុង​សកម្មភាព​ខាង​កិច្ច​បម្រើ​ព្រះ ពេល​ដែល​គាត់​ត្រូវ​ថែ​រក្សា​កូន​តូច​ៗ​ឬ​ទេ? ប្រសិន​បើ​អ្នក​ជា​បង​ប្រុស​ម្នាក់ តើ​អ្នក​អាច​បង្រៀន​បង​ប្អូន​ប្រុស​វ័យ​ក្មេង​អំពី​របៀប​ថ្លែង​សុន្ទរកថា​យ៉ាង​រស់​រវើក និង​របៀប​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​មាន​ប្រសិទ្ធភាព​ជាង​ឬ​ទេ? តើ​អ្នក​អាច​បង្ហាញ​ពួក​គេ​អំពី​របៀប​ទៅ​លេង​បង​ប្អូន​ប្រុស​ស្រី​វ័យ​ចាស់ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​កាន់​តែ​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម្បី​តែ​អ្នក​មិន​មាន​កម្លាំង​ដែល​អ្នក​ធ្លាប់​មាន​ក៏​ដោយ អ្នក​មាន​ឱកាស​ដ៏​ល្អ​ដើម្បី​បង្ហាត់​បង្រៀន​បង​ប្អូន​វ័យ​ក្មេង។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​កំឡាំង​កាយ​ជា​សេចក្ដី​អំនួត​របស់​មនុស្ស​កំឡោះ ហើយ​សក់​ស្កូវ​ជា​គ្រឿង​លំអ​ដល់​មនុស្ស​ចាស់​»។—សុភ. ២០:២៩

ការ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង

៨ សាវ័ក​ប៉ូល​បាន​ប្រើ​សមត្ថភាព​ទាំង​អស់​ដែល​គាត់​មាន​ដើម្បី​បម្រើ​ព្រះ​នៅ​ពេល​ដែល​គាត់​មាន​វ័យ​ចាស់។ នៅ​ពេល​ដែល​គាត់​បាន​ត្រូវ​ដោះ​លែង​ពី​គុក​នៅ​ក្រុង​រ៉ូម ប្រហែល​ជា​នៅ​ឆ្នាំ​៦១ គ.ស. គាត់​បាន​ស៊ូ​ទ្រាំ​អស់​ជា​ច្រើន​ឆ្នាំ​នឹង​ការ​ពិបាក​ក្នុង​កិច្ច​បម្រើ​ជា​សាសនទូត ហើយ​បើ​គាត់​ចង់ គាត់​អាច​រស់​នៅ​មួយ​កន្លែង​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​រ៉ូម។ (​២កូ. ១១:២៣​-​២៧​) បង​ប្អូន​នៅ​ក្រុង​ដ៏​ធំ​នោះ​ប្រាកដ​ជា​នឹង​ឲ្យ​តម្លៃ​ដល់​គាត់ បើ​គាត់​បន្ត​គាំ​ទ្រ​ពួក​គេ។ ប៉ុន្តែ​ប៉ូល​បាន​ដឹង​ថា​មាន​សេចក្ដី​ត្រូវ​ការ​ខ្លាំង​ជាង​នៅ​ប្រទេស​ផ្សេង។ គាត់​បាន​ចាប់​ផ្ដើម​កិច្ច​ការ​ជា​សាសនទូត​ម្ដង​ទៀត ជា​មួយ​ធីម៉ូថេ​និង​ទីតុស ដោយ​ធ្វើ​ដំណើរ​ទៅ​ក្រុង​អេភេសូរ បន្ទាប់​មក​ទៅ​កោះ​ក្រេត ហើយ​ប្រហែល​ជា​ទៅ​តំបន់​ម៉ាសេដូន។ (​១ធី. ១:៣; ទីត. ១:៥​) យើង​មិន​ដឹង​ថា​គាត់​បាន​ទៅ​ប្រទេស​អេស្ប៉ាញ​ឬ​មិន​បាន​ទៅ​ទេ ប៉ុន្តែ​យើង​ដឹង​ថា​គាត់​ចង់​ទៅ​ទី​នោះ។—រ៉ូម ១៥:២៤, ២៨

៩ សាវ័ក​ពេត្រុស​ប្រហែល​ជា​មាន​អាយុ​ជាង​៥០​ឆ្នាំ ពេល​ដែល​គាត់​បាន​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ តើ​យើង​ដឹង​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ប្រសិន​បើ​គាត់​មាន​អាយុ​ស្រករ​គ្នា​នឹង​លោក​យេស៊ូ​ឬ​ចាស់​ជាង គាត់​ទំនង​ជា​មាន​អាយុ​៥០​ឆ្នាំ ពេល​ដែល​គាត់​បាន​ជួប​សាវ័ក​ឯ​ទៀត​នៅ​ក្រុង​យេរូសាឡិម នៅ​ឆ្នាំ​៤៩ គ.ស.។ (​សកម្ម. ១៥:៧​) ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ ពេត្រុស​បាន​ទៅ​រស់​នៅ​ក្រុង​បាប៊ីឡូន គាត់​ទំនង​ជា​បាន​ទៅ​ទី​នោះ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​នៅ​តំបន់​នោះ។ (​កាឡ. ២:៩​) គាត់​រស់​នៅ​ទី​នោះ ពេល​ដែល​ព្រះ​បាន​ដឹក​នាំ​គាត់​ឲ្យ​សរសេរ​សំបុត្រ​ទី១​របស់​គាត់ ប្រហែល​ជា​ឆ្នាំ​៦២ គ.ស.។ (​១ពេ. ៥:១៣​) ការ​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​អាច​មាន​ការ​ពិបាក ប៉ុន្តែ​ពេត្រុស​មិន​ឲ្យ​ការ​ដែល​គាត់​មាន​វ័យ​ចាស់​រា​រាំង​គាត់​មិន​ឲ្យ​ទទួល​អំណរ​ដែល​បាន​មក​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ​នោះ​ទេ។

១០ សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឬ​ច្រើន​ជាង ដឹង​ថា​កាលៈទេសៈ​របស់​គាត់​បាន​ផ្លាស់​ប្ដូរ ហើយ​គាត់​អាច​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ថ្មី​បាន។ បង​ប្អូន​ខ្លះ​បាន​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ ជា​ឧទាហរណ៍ រ៉ូបឺត​សរសេរ​ថា​៖ ​«​ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​មាន​អាយុ​ជិត​៥៥​ឆ្នាំ ពេល​ដែល​យើង​ដឹង​ថា​មាន​ឱកាស​ល្អ​ជា​ច្រើន​សម្រាប់​យើង។ កូន​ប្រុស​តែ​មួយ​របស់​យើង​បាន​ឈប់​រស់​នៅ​ជា​មួយ​យើង យើង​គ្មាន​ឪ​ពុក​ម្ដាយ​វ័យ​ចាស់​ដើម្បី​ថែ​រក្សា​ទៀត​ទេ ហើយ​យើង​បាន​ទទួល​មត៌ក​បន្ដិច​បន្តួច​ពី​ឪ​ពុក​ម្ដាយ​របស់​យើង​ដែល​បាន​ស្លាប់​ទៅ។ ខ្ញុំ​បាន​គិត​មើល​ថា​ផ្ទះ​ដែល​យើង​លក់​អាច​សង​រួច​បំណុល​ដែល​យើង​ជំពាក់​ធនាគារ ហើយ​អាច​ឲ្យ​យើង​ផ្គត់​ផ្គង់​ជីវភាព​រហូត​ដល់​ពេល​ដែល​ខ្ញុំ​ទទួល​លុយ​ចូល​និវត្តន៍។ យើង​បាន​ឮ​ថា​នៅ​ប្រទេស​បូលីវី​មាន​មនុស្ស​ជា​ច្រើន​ចង់​រៀន​គម្ពីរ ប៉ុន្តែ​ជីវិត​ប្រចាំ​ថ្ងៃ​តម្រូវ​ឲ្យ​ចាយ​លុយ​តិច។ ដូច្នេះ​យើង​បាន​សម្រេច​ចិត្ត​រើ​ទៅ​ទី​នោះ។ ការ​សម្រប​ខ្លួន​ទៅ​តាម​ជីវភាព​ថ្មី​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ អ្វី​ៗ​ទាំង​អស់​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ជីវិត​ដែល​យើង​ធ្លាប់​មាន​នៅ​អាម៉េរិក​ខាង​ជើង។ ប៉ុន្តែ​យើង​បាន​ទទួល​រង្វាន់​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​យើង​»។

(​ទំនុក​តម្កើង ៧២:៣​) នោះ​អស់​ទាំង​ភ្នំ​ធំ​តូច នឹង​ចំរើន​សេចក្ដី​សុខ​ដល់​បណ្ដា​ជន ដោយ​សេចក្ដី​សុចរិត។

(​ទំនុក​តម្កើង ៧២:១២​) ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រី​ក្រ​ឲ្យ​រួច​ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ ព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង។

(​ទំនុក​តម្កើង ៧២:១៤​) ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់​សង្កិន​នឹង​ការ​ច្រឡោត ឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ​នេត្រ​ទ្រង់​ដែរ។

(​ទំនុក​តម្កើង ៧២:១៦​-​១៩​) ដូច្នេះ នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ។ ឯ​គួរ​ស្រូវ នោះ​នឹង​ទ្រេត​ចុះ​ឡើង ដូច​ជា​ដើម​ឈើ​នៅ​ភ្នំ​ល្បាណូន ហើយ​មនុស្ស​នឹង​ចំរើន​ឡើង​នៅ​ក្នុង​ទីក្រុង ដូច​ជា​ស្មៅ​នៅ​ដី​ដែរ។ ១៧ នាម​ទ្រង់​នឹង​ស្ថិតស្ថេរ​នៅ​ជា​ដរាប គឺ​នឹង​មាន​នៅ​អស់​អំឡុង​ដែល​នៅ​មាន​ព្រះ​អាទិត្យ​ភ្លឺ​ត​ទៅ ហើយ​មនុស្ស​ទាំង​ឡាយ​នឹង​បាន​ពរ​ដោយ​សារ​ទ្រង់ អស់​ទាំង​សាសន៍​នឹង​ហៅ​ទ្រង់​ថា ជា​អ្នក​មាន​ពរ។ ១៨ សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​តែ​១​អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ។ ១៩ សូម​ឲ្យ​ព្រះ​នាម​ដ៏​រុង​រឿង​របស់​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ពរ នៅ​អស់​កល្ប​ជា​និច្ច សូម​ឲ្យ​ផែន​ដី​ទាំង​ស្រុង​បាន​ពេញ​ដោយ​សិរី​ល្អ​នៃ​ទ្រង់ អា​ម៉ែ​ន​ៗ។

w​១៥​-​E ១/១០ ទំ. ១៦ វ. ៣

សំណួរ​និង​ចម្លើយ​ពី​គម្ពីរ

តើ​អ្នក​ណា​អាច​បំបាត់​ភាព​ក្រី​ក្រ?

ព្រះ​បាន​តែង​តាំង​លោក​យេស៊ូ​ជា​បុត្រ​របស់​លោក​ឲ្យ​គ្រប់​គ្រង​លើ​មនុស្សជាតិ។ (​ទំនុក. ២:៤​-​៨​) លោក​យេស៊ូ​នឹង​ជួយ​អ្នក​ក្រី​ក្រ ហើយ​ធ្វើ​ឲ្យ​លែង​មាន​ការ​ជិះ​ជាន់​និង​អំពើ​ឃោរ​ឃៅ​ទៀត។—សូម​អាន ទំនុក​តម្កើង ៧២:៨, ១២​-​១៤

w​១០ ១/៨ ទំ. ៣០ វ. ១៩​-​២០

តើ​នរណា​អាច​សង្គ្រោះ​ពួក​អ្នក​ដែល​ស្រែក​រក​គេ​ជួយ?

នៅ​ពេល​ខាង​មុខ​នេះ​នឹង​មាន​ពិភព​លោក​ថ្មី​មួយ​ដ៏​សម្បូរ​សប្បាយ

១៩ សូម​នឹក​ក្នុង​ចិត្ត​ម្ដង​ទៀត​អំពី​អនាគត​ដែល​មនុស្ស​សុចរិត​អាច​មាន​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ដែល​ឧត្តម​ជាង​សាឡូម៉ូន។ សេចក្ដី​សន្យា​ក្នុង​ទំនុក​ទី​៧២​ថា​៖ ​«​នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក​រហូត​ដល់​កំពូល​ភ្នំ​»។ (​ទំនុក. ៧២:១៦​) ធម្មតា​មិន​មាន​ស្រូវ​ដុះ​នៅ​លើ​កំពូល​ភ្នំ​ទេ ដូច្នេះ​ពាក្យ​ទាំង​នេះ​បញ្ជាក់​ថា​ផែន​ដី​នឹង​បង្កើត​ភោគ​ផល​យ៉ាង​ច្រើន​ដូច​នៅ​«​ល្បាណូន​»​ ដែល​តំបន់​នោះ​បាន​បង្កើត​ភោគ​ផល​យ៉ាង​ច្រើន​សម្បើម​ក្រោម​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន។ សូម​គិត​ទៅ​មើល! នៅ​អនាគត​នឹង​លែង​មាន​អំណត់ លែង​មាន​មនុស្ស​ណា​ខ្វះ​អាហារ​ឬ​អត់​ឃ្លាន​ទៀត! នៅ​ទី​នោះ មនុស្ស​ទាំង​អស់​នឹង​«​ជប់​លៀង . . . ដោយ​ម្ហូប​មាន​ឱ​ជា​រស​ដ៏​វិសេស​»។—អេ. ២៥:៦​-​៨; ៣៥:១, ២

២០ តើ​អ្នក​ណា​គួរ​ទទួល​ការ​សរសើរ​ចំពោះ​ពរ​ទាំង​អស់​នេះ? ជា​បឋម​គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​ស្តេច​ដែល​រស់​ជា​រៀង​រហូត និង​ជា​អ្នក​គ្រប់​គ្រង​សកល​លោក​ទាំង​មូល។ តាម​ពិត យើង​ទាំង​អស់​គ្នា​នឹង​ច្រៀង​រួម​គ្នា​ដោយ​អំណរ​នូវ​ឃ្លា​ចុង​ក្រោយ​នៃ​ចម្រៀង​ដ៏​សែន​ពីរោះ​និង​គួរ​ឲ្យ​កក់​ក្ដៅ​ក្នុង​ចិត្ត​ថា​៖ ​«​នាម​ទ្រង់[​ស្តេច​យេស៊ូ​គ្រិស្ត​]នឹង​ស្ថិតស្ថេរ​នៅ​ជា​ដរាប គឺ​នឹង​មាន​នៅ​អស់​អំឡុង​ដែល​នៅ​មាន​ព្រះ​អាទិត្យ​ភ្លឺ​ត​ទៅ ហើយ​មនុស្ស​ទាំង​ឡាយ​នឹង​បាន​ពរ​ដោយ​សារ​ទ្រង់ អស់​ទាំង​សាសន៍​នឹង​ហៅ​ទ្រង់​ថា ជា​អ្នក​មាន​ពរ។ សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ជា​ព្រះ​តែ​១​អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ សូម​ឲ្យ​ព្រះ​នាម​ដ៏​រុង​រឿង​របស់​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ពរ​នៅ​អស់​កល្ប​ជា​និច្ច សូម​ឲ្យ​ផែន​ដី​ទាំង​ស្រុង​បាន​ពេញ​ដោយ​សិរី​ល្អ​នៃ​ទ្រង់ អា​ម៉ែ​ន​ៗ​»។—ទំនុក. ៧២:១៧​-​១៩

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

(​ទំនុក​តម្កើង ៦៩:៤​) ពួក​អ្នក​ដែល​ស្អប់​ទូល​បង្គំ​ដោយ​ឥត​ហេតុ នោះ​មាន​ច្រើន​ជាង​សក់​ក្បាល​នៃ​ទូល​បង្គំ​ទៅ​ទៀត អស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូល​បង្គំ គឺ​ជា​ពួក​ខ្មាំង​សត្រូវ នឹង​ទូល​បង្គំ​ដោយ​ឥត​រឿង គេ​មាន​កំឡាំង​ណាស់ គេ​ចាប់​ឲ្យ​ទូល​បង្គំ​សង​របស់​ដែល​ទូល​បង្គំ​មិន​បាន​យក​សោះ។

(​ទំនុក​តម្កើង ៦៩:២១​) គេ​បាន​ឲ្យ​ថ្នាំ​ស្ពឹក​មក​ទូល​បង្គំ​សំ​រាប់​ជា​អាហារ ហើយ​កាល​ទូល​បង្គំ​ស្រេក នោះ​គេ​យក​ទឹក​ខ្មេះ​មក​ឲ្យ​ផឹក។

w​១១ ១/៨ ទំ. ១៦ វ. ១៧

ពួក​គេ​បាន​រង់​ចាំ​ទទួល​មេស្ស៊ី

១៧ មេស្ស៊ី​ត្រូវ​គេ​ស្អប់​ដោយ​គ្មាន​មូលហេតុ។ (​ទំនុក. ៦៩:៤​) សាវ័ក​យ៉ូហាន​បាន​ដក​ស្រង់​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ប្រសិន​បើ​ក្នុង​ចំណោម[​បណ្ដា​ជន​] ខ្ញុំ​មិន​បាន​ធ្វើ​ការ​ដែល​គ្មាន​អ្នក​ណា​ផ្សេង​បាន​ធ្វើ នោះ​ពួក​គេ​គ្មាន​ភាព​ខុស​ឆ្គង​ទេ។ ប៉ុន្តែ​ឥឡូវ ពួក​គេ​បាន​ឃើញ ក៏​បាន​ស្អប់​ខ្ញុំ​ព្រម​ទាំង​បិតា​របស់​ខ្ញុំ។ ប៉ុន្តែ​នេះ​គឺ​ដើម្បី​សម្រេច​តាម​អ្វី​ដែល​ចែង​ក្នុង​ច្បាប់​របស់​ពួក​គេ​ថា​៖ ‹ពួក​គេ​បាន​ស្អប់​ខ្ញុំ ដោយ​គ្មាន​មូលហេតុ›​»។ (​យ៉ូន. ១៥:២៤, ២៥​) ជា​ញឹក​ញាប់​«​ច្បាប់​»​សំដៅ​ទៅ​លើ​បទ​គម្ពីរ​ទាំង​អស់​ដែល​មាន​នៅ​សម័យ​នោះ។ (​យ៉ូន. ១០:៣៤; ១២:៣៤​) សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​បង្ហាញ​ថា​លោក​យេស៊ូ​បាន​ត្រូវ​គេ​ស្អប់ ជា​ពិសេស​ដោយ​មេ​ដឹក​នាំ​សាសនា​យូដា​តែ​ម្ដង។ បន្ថែម​ទៅ​ទៀត គ្រិស្ត​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពិភព​លោក​គ្មាន​ហេតុ​ស្អប់[​អ្នក​]ទេ តែ​ចំណែក​ខ្ញុំ​វិញ គេ​ស្អប់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បញ្ជាក់​ថា​ការ​ប្រព្រឹត្ត​របស់​គេ​គឺ​ទុច្ចរិត​»។—យ៉ូន. ៧:៧

w​១១ ១/៨ ទំ. ២០ វ. ១៥

ពួក​គេ​បាន​រក​ឃើញ​មេស្ស៊ី​ហើយ!

១៥ គេ​នឹង​ឲ្យ​មេស្ស៊ី​ផឹក​ទឹក​ខ្មេះ​និង​ស្រា​លាយ​ថ្នាំ​ម្យ៉ាង​ដែល​មាន​ជាតិ​ល្វីង។ អ្នក​តែង​ទំនុក​តម្កើង​បាន​ពោល​ថា​៖ ​«​គេ​បាន​ឲ្យ​ថ្នាំ​ស្ពឹក​មក​ទូល​បង្គំ​សំ​រាប់​ជា​អាហារ ហើយ​កាល​ទូល​បង្គំ​ស្រេក នោះ​គេ​យក​ទឹក​ខ្មេះ​មក​ឲ្យ​ផឹក​»។ (​ទំនុក. ៦៩:២១​) ម៉ាថាយ​បាន​សរសេរ​ឲ្យ​យើង​ដឹង​ថា​៖ ​«​ពួក​គេ​យក​ស្រា​លាយ​ជា​មួយ​ថ្នាំ​ម្យ៉ាង​ដែល​មាន​ជាតិ​ល្វីង​មក​ជូន​លោក[​យេស៊ូ​]ពិសា ប៉ុន្តែ​ក្រោយ​ពី​លោក​ភ្លក់​ហើយ លោក​មិន​ព្រម​ពិសា​ឡើយ​»។ ក្រោយ​មក ​«​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​រត់​ទៅ . . . យក​វត្ថុ​ម្យ៉ាង​ដែល​អាច​ជក់​ទឹក​បាន ក៏​ជ្រលក់​ក្នុង​ស្រា​ជូរ រួច​ដាក់​លើ​ដើម​ត្រែង​មួយ ហើយ​ឲ្យ​លោក​ពិសា​»។—ម៉ាថ. ២៧:៣៤, ៤៨

(​ទំនុក​តម្កើង ៧៣:២៤​) ទ្រង់​នឹង​នាំ​ទូល​បង្គំ ដោយ​ដំបូន្មាន​របស់​ទ្រង់ រួច​នឹង​ទទួល​ទូល​បង្គំ​ចូល​ក្នុង​សិរី​ល្អ។

w​១៣ ១៥/២ ទំ. ២៥​-​២៦ វ. ៣​-​៤

ចូរ​កុំ​ឲ្យ​អ្វី​រា​រាំង​អ្នក​មិន​ឲ្យ​ទទួល​កិត្ដិ​យស

៣ អ្នក​តែង​ទំនុក​តម្កើង​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កិត្ដិ​យស​ឲ្យ​គាត់។ (​សូម​អាន ទំនុក​តម្កើង ៧៣:២៣, ២៤​) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ផ្ដល់​កិត្ដិ​យស​ឲ្យ​មនុស្សជាតិ​ដែល​ស្ដាប់​បង្គាប់? ព្រះ​យេហូវ៉ា​នាំ​អ្នក​បម្រើ​របស់​លោក​ដែល​មាន​ចិត្ត​រាប​ទាប​ទៅ​កាន់​ភាព​រុង​រឿង​ដោយ​លើក​កិត្ដិ​យស​ពួក​គេ​តាម​របៀប​ជា​ច្រើន។ លោក​ផ្ដល់​ពរ​ដល់​ពួក​គេ​ដោយ​ឲ្យ​ពួក​គេ​មាន​ការ​យល់​ដឹង​អំពី​បំណង​ប្រាថ្នា​របស់​លោក។ (​១កូ. ២:៧​) លោក​ឲ្យ​កិត្ដិ​យស​ដល់​ពួក​អ្នក​ដែល​ស្ដាប់​បណ្ដាំ​របស់​លោក ហើយ​ស្ដាប់​បង្គាប់​លោក ដោយ​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​ចំណង​មិត្តភាព​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​លោក។—យ៉ា. ៤:៨

៤ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រគល់​ឲ្យ​អ្នក​បម្រើ​របស់​លោក​នូវ​កិច្ច​បម្រើ​របស់​គ្រិស្ត​សាសនិក​ដែល​ប្រៀប​ដូច​ជា​ទ្រព្យ​វិសេស​ដ៏​រុង​រឿង។ (​២កូ. ៤:១, ៧​) ពេល​យើង​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ យើង​ទទួល​កិត្ដិ​យស​ពី​លោក ហើយ​យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​សន្យា​ថា​៖ ​«​អស់​អ្នក​ណា​ដែល​លើក​ដំ​កើង​អញ នោះ​អញ​នឹង​ដំ​កើង​អ្នក​នោះ​ឡើង​ដែរ​»។ (​១សាំ. ២:៣០​) បុគ្គល​បែប​នោះ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​អ្នក​បម្រើ​ឯ​ទៀត​របស់​ព្រះ​ក៏​ទំនង​ជា​សរសើរ​ពួក​គេ​ដែរ។—សុភ. ១១:១៦; ២២:១

ថ្ងៃ​ទី​១៨​-​២៤ ខែ​កក្កដា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ទំនុក​តម្កើង ៧៤​-​៧៨

​«​ចូរ​នឹក​ចាំ​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​»​

(​ទំនុក​តម្កើង ៧៤:១៦​) ពេល​ថ្ងៃ​ជា​របស់​ផង​ទ្រង់ ហើយ​ពេល​យប់​ក៏​ដែរ ទ្រង់​បាន​បង្កើត​ពន្លឺ នឹង​ដួង​ព្រះ​អាទិត្យ។

(​ទំនុក​តម្កើង ៧៧:៦​) ទូល​បង្គំ​នឹក​ឃើញ​ទំនុក​ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ នោះ​ទូល​បង្គំ​បាន​ត្រិះរិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូល​បង្គំ ក៏​ស្វែង​រក​សេចក្ដី​ចំ​ឡើយ​ដែរ។

(​ទំនុក​តម្កើង ៧៧:១១, ១២​) ទូល​បង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះ​យេហូវ៉ា ដ្បិត​ទូល​បង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម ទូល​បង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់ ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន។

w​១៥ ១៥/៨ ទំ. ៤ វ. ៣​-​៤

ចូរ​រំពឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​រសាយ​របស់​ព្រះ​យេហូវ៉ា

៣ សាក្សី​ព្រះ​យេហូវ៉ា​ដែល​បាន​រៀប​រាប់​នៅ​វគ្គ​ខាង​លើ​នេះ​បាន​ជឿ​ជាក់​ថា នៅ​គ្រា​លំបាក ព្រះ​បាន​នៅ​ជា​មួយ​នឹង​ពួក​គាត់។ យើង​អាច​ជឿ​ជាក់​ដូច​ពួក​គាត់​ថា​លោក​នៅ​ខាង​យើង។ (​ទំនុក​តម្កើង ១១៨:៦, ៧​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំណោយ​បួន​ពី​ព្រះ​យេហូវ៉ា​ដែល​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង។ អំណោយ​ទាំង​នោះ​គឺ​៖ (​១​) អ្វី​ៗ​ដែល​លោក​បាន​បង្កើត (​២​) គម្ពីរ (​៣​) ការ​អធិដ្ឋាន និង (​៤​) ថ្លៃ​លោះ។ ការ​រំពឹង​គិត​អំពី​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​កាន់​តែ​កក់​ក្ដៅ និង​កាន់​តែ​ប្រាកដ​ថា​លោក​មាន​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​រសាយ​ចំពោះ​យើង។—សូម​អាន ទំនុក​តម្កើង ៧៧:១១, ១២

ចូរ​រំពឹង​គិត​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត

៤ ពេល​យើង​សង្កេត​មើល​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត យើង​ឃើញ​ថា​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ (​រ៉ូម ១:២០​) ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ផែន​ដី​មិន​គ្រាន់​តែ​ដើម្បី​ឲ្យ​យើង​មាន​ជីវិត​រស់​នៅ​ប៉ុណ្ណោះ​ទេ តែ​លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ផ្សេង​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​សប្បាយ​នឹង​ជីវិត។ យើង​ត្រូវ​ការ​បរិភោគ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​បាន​បង្កើត​អាហារ​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​ទេ លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អាហារ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​នឹង​បរិភោគ! (​សាស្ដា ៩:៧​) បង​ស្រី​កេតរ៉ឹន​ចូល​ចិត្ត​មើល​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត ជា​ពិសេស​ក្នុង​អំឡុង​រដូវ​ស្លឹក​ឈើ​លាស់​នៅ​ប្រទេស​កាណាដា។ គាត់​និយាយ​ថា​៖ ​«​របៀប​ដែល​អ្វី​ៗ​ទាំង​អស់​លូត​លាស់​ឡើង​វិញ គឺ​ពិត​ជា​អស្ចារ្យ​ណាស់។ ជា​ឧទាហរណ៍ នៅ​ពេល​កំណត់​ដើម​ផ្កា​ចាប់​ផ្ដើម​ដុះ​ចេញ​ពី​ដី ហើយ​បក្សី​ផ្សេង​ៗ​ត្រឡប់​មក​ពី​បម្លាស់​ទី​វិញ រួម​ទាំង​បក្សី​តូច​ម្យ៉ាង​ដែល​មក​រក​ថាស​ដែល​មាន​ចំណី​នៅ​ខាង​ក្រៅ​បង្អួច​ផ្ទះ​បាយ​របស់​ខ្ញុំ។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ស្រឡាញ់​យើង ដោយ​សារ​លោក​ផ្ដល់​អ្វី​ៗ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​រីក​រាយ​ជា​ខ្លាំង​»។ បិតា​របស់​យើង​ស្រឡាញ់​អ្វី​ៗ​ដែល​លោក​បាន​បង្កើត ហើយ​លោក​ក៏​ចង់​ឲ្យ​យើង​សប្បាយ​នឹង​អ្វី​ៗ​ទាំង​នោះ​ដែរ។—សកម្មភាព ១៤:១៦, ១៧

w​០៤​-​E ១/៣ ទំ. ១៩​-​២០

របៀប​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ

ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ មិន​មែន​ដូច​ជា​ធ្វើ​លំ​ហាត់​សាលា​នោះ​ទេ។ នៅ​ជុំ​វិញ​ពិភព​លោក អ្នក​បម្រើ​ព្រះ​អាច​បញ្ជាក់​ថា​ពួក​គាត់​មាន​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​ព្រះ។ ពួក​គាត់​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង ពេល​ដែល​ពួក​គាត់​ស្គាល់​បុគ្គលិក​លក្ខណៈ​របស់​លោក​កាន់​តែ​ច្បាស់ ហើយ​ពួក​គាត់​កាន់​តែ​ស្រឡាញ់​លោក​ថែម​ទៀត ពេល​ពួក​គាត់​រៀន​ដឹង​ថា​អ្វី​ដែល​លោក​ស្រឡាញ់​ពេញ​ចិត្ត អ្វី​ដែល​លោក​ស្អប់ និង​អ្វី​ដែល​លោក​តម្រូវ​ពី​ពួក​គាត់។

ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ បាន​ឲ្យ​យើង​នូវ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក ដែល​បង្ហាញ​ឲ្យ​យើង​ស្គាល់​លោក។ តាម​រយៈ​គម្ពីរ យើង​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ក្នុង​ស្ថានភាព​ផ្សេង​ៗ។ ដូច​សំបុត្រ​ដែល​មក​ពី​អ្នក​ជា​ទី​ស្រឡាញ់​ធ្វើ​ឲ្យ​យើង​សប្បាយ​រីក​រាយ នោះ​គម្ពីរ​ក៏​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​សប្បាយ​ដែរ កាល​ដែល​យើង​ស្គាល់​បុគ្គលិក​លក្ខណៈ​ថ្មី​ៗ​របស់​ព្រះ​យេហូវ៉ា។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ជួន​កាល​ពេល​យើង​ផ្សព្វ​ផ្សាយ យើង​សង្កេត​ឃើញ​ថា​ការ​រៀន​អំពី​ព្រះ​មិន​តែង​តែ​នាំ​ឲ្យ​បុគ្គល​ម្នាក់​ស្រឡាញ់ព្រះ​ឡើយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ដែល​មិន​ចេះ​ដឹង​គុណ​នៅ​សម័យ​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​ពិនិត្យ​មើល​បទ​គម្ពីរ ពី​ព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​តាម​រយៈ​បទ​គម្ពីរ​ទាំង​នោះ . . . ប៉ុន្តែ​ខ្ញុំ​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ឡើយ​»។ (​យ៉ូន. ៥:៣៩, ៤២​) អ្នក​ខ្លះ​ចំណាយ​ពេល​រាប់​ឆ្នាំ​រៀន​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ ពួក​គេ​នៅ​តែ​មិន​សូវ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​ទៀត។ ហេតុ​អ្វី? ដោយ​សារ​ពួក​គេ​មិន​បាន​រំពឹង​គិត​អំពី​អ្វី​ដែល​ពួក​គេ​បាន​រៀន។ ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​រាប់​លាន​នាក់​ដែល​សិក្សា​គម្ពីរ​ជា​មួយ​នឹង​យើង បាន​ឃើញ​ថា​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ធ្វើ​តាម​គំរូ​អេសាភ​ដូច​ជា​យើង​ដែរ។ តើ​តាម​របៀប​ណា?

ការ​រំពឹង​គិត​ដោយ​មាន​អំណរ​គុណ

អេសាភ​បាន​តាំង​ចិត្ត​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។ គាត់​បាន​សរសេរ​ថា​៖ ​«​ទូល​បង្គំ​បាន​ត្រិះរិះ​ក្នុង​ចិត្ត . . . ទូល​បង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះ​យេហូវ៉ា ដ្បិត​ទូល​បង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម ទូល​បង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់ ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន​»។ (​ទំនុក. ៧៧:៦, ១១, ១២​) ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែរ ពេល​ដែល​បុគ្គល​ម្នាក់​រំពឹង​គិត​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា នោះ​សេចក្ដី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះ​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ។

បន្ថែម​ទៅ​ទៀត ការ​នឹក​ឡើង​វិញ​នូវ​បទ​ពិសោធន៍​ផ្សេង​ៗ​ដែល​យើង​មាន​កាល​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា នោះ​នឹង​ពង្រឹង​ចំណង​មិត្តភាព​រវាង​យើង​និង​លោក។ សាវ័ក​ប៉ូល​បាន​និយាយ​ថា យើង​ជា​«​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ​»​ ហើយ​ចំណង​មិត្តភាព​ដែល​អាច​ដុះ​ដាល​កាន់​តែ​ធំ​ឡើង​រវាង​យើង​និង​លោក គឺ​មាន​តម្លៃ​ណាស់។ (​១កូ. ៣:៩​) ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា លោក​ពេញ​ចិត្ត​នឹង​នោះ ហើយ​ធ្វើ​ឲ្យ​លោក​រីក​រាយ។ (​សុភ. ២៧:១១​) ដូច្នេះ ពេល​យើង​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​លោក​ជួយ​យើង​ឆ្លង​កាត់​ការ​ពិបាក​ផ្សេង​ៗ យើង​ដឹង​ថា​លោក​នៅ​ជា​មួយ​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក​កាន់​តែ​ជ្រាល​ជ្រៅ​ដែរ។

ចំណង​មិត្តភាព​រវាង​មនុស្ស​ពីរ​នាក់​កាន់​តែ​ជិត​ស្និទ្ធ ពេល​ដែល​ពួក​គេ​ប្រាប់​អារម្មណ៍​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច​គ្នា​ដែរ ពេល​យើង​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​មូលហេតុ​ដែល​យើង​ប្រគល់​ខ្លួន​ជូន​លោក យើង​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​លោក។ យើង​អាច​រំពឹង​គិត​អំពី​ពាក្យ​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង ឲ្យ​អស់​ពី​សមត្ថភាព​រិះ​គិត និង​ឲ្យ​អស់​ពី​កម្លាំង​កាយ​»។ (​ម៉ាក. ១២:៣០​) ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ប្រាកដ​ថា​យើង​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ?

ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត

បទ​គម្ពីរ​រៀប​រាប់​អំពី​ដួង​ចិត្ត​សំដៅ​ទៅ​លើ​បំណង​ចិត្ត គំនិត និង​អារម្មណ៍។ ហេតុ​នេះ ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត មាន​ន័យ​ថា​យើង​ចង់​ផ្គាប់​ចិត្ត​ព្រះ​ជាង​នរណា​ទាំង​អស់។ (​ទំនុក. ៨៦:១១​) យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក​អស់​ពី​ដួង​ចិត្ត ដោយ​បណ្ដុះ​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ដែល​លោក​ពេញ​ចិត្ត។ យើង​ខំ​ព្យាយាម​យក​តម្រាប់​ព្រះ ដោយ​«​ស្អប់ខ្ពើម​អ្វី​ៗ​ដែល​ទុច្ចរិត ហើយ​កាន់​ខ្ជាប់​អ្វី​ៗ​ដែល​ល្អ​»។—រ៉ូម ១២:៩

សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​យើង​ចំពោះ​អ្វី​ៗ​ទាំង​អស់។ ជា​ឧទាហរណ៍ យើង​ឃើញ​ថា​ការ​ងារ​យើង​ពិបាក​បំពេញ​និង​ស៊ីកម្លាំង​យើង​ច្រើន​ណាស់ ប៉ុន្តែ​តើ​ចិត្ត​របស់​យើង​គិត​តែ​អំពី​ការ​ងារ​នោះ​ឬ? អត់​ទេ។ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត យើង​ចាត់​ទុក​ការ​បម្រើ​លោក​ជា​អ្វី​ទី១​ក្នុង​ជីវិត។ ស្រដៀង​គ្នា​ដែរ យើង​ចង់​ផ្គាប់​ចិត្ត​ឪ​ពុក​ម្ដាយ គូ​អាពាហ៍​ពិពាហ៍ និង​ចៅហ្វាយ​របស់​យើង ប៉ុន្តែ​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត ដោយ​ផ្គាប់​ចិត្ត​លោក​មុន​គេ​បង្អស់។ សំខាន់​បំផុត លោក​សម​នឹង​ទទួល​តំណែង​ទី១​ក្នុង​ចិត្ត​របស់​យើង។—ម៉ាថ. ៦:២៤; ១០:៣៧

ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ព្រលឹង

ក្នុង​បទ​គម្ពីរ ពាក្យ​«​ព្រលឹង​»​សំដៅ​ទៅ​លើ​បុគ្គល​ទាំង​មូល ហើយ​ក៏​សំដៅ​ទៅ​លើ​ជីវិត​ដែល​យើង​មាន​ផង​ដែរ។ ដូច្នេះ ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ព្រលឹង មាន​ន័យ​ថា​យើង​ប្រើ​ជីវិត​យើង​ដើម្បី​សរសើរ​លោក និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក។

w​០៣ ១/១០ ទំ. ៨ វ. ៦​-​៧

​«​មើល! នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​»​

៦ ពេល​អ្នក​ឈរ​ខាង​ក្រៅ​ផ្ទះ​ចំ​ពេល​ថ្ងៃ​ក្ដៅ តើ​អ្វី​ត្រូវ​ស្បែក​របស់​អ្នក? គឺ​កំ​ដៅ​ព្រះ​អាទិត្យ។ ប៉ុន្តែ តាម​ពិត អ្នក​កំពុង​តែ​ពិសោធ​នូវ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត។ តើ​ព្រះ​អាទិត្យ​គឺ​ខ្លាំង​ប៉ុន​ណា​ទៅ? ក្នុង​ស្នូល​ព្រះ​អាទិត្យ មាន​កំ​ដៅ​ដល់​ទៅ​១៥​លាន​អង្សា។ បើ​អ្នក​អាច​ខួង​ស្នូល​ព្រះ​អាទិត្យ​ដោយ​ដក​យក​មួយ​គ្រាប់​មាន​ទំហំ​ប៉ុន​ក្បាល​រុយ រួច​ដាក់​គ្រាប់​តូច​នោះ​នៅ​លើ​ផែន​ដី​យើង​នេះ អ្នក​នឹង​ត្រូវ​ឈរ​ចម្ងាយ​យ៉ាង​ហោច​ណាស់​១៥០​គីឡូ​ម៉ែត្រ​ពី​គ្រាប់​តូច​នោះ ដើម្បី​មាន​សុវត្ថិភាព! រាល់​វិនាទី ព្រះ​អាទិត្យ​បញ្ចេញ​ថាមពល​ស្មើ​នឹង​ការ​ផ្ទុះ​គ្រាប់​បែក​នុយ​ក្លេអ៊ែ​រាប់​រយ​លាន​គ្រាប់។ ប៉ុន្តែ ផែន​ដី​វិល​ជុំ​វិញ​ព្រះ​អាទិត្យ​ជា​ភ្លើង​នុយ​ក្លេអ៊ែ​ដ៏​សែន​ក្ដៅ ដោយ​រក្សា​ចម្ងាយ​មិន​ជិត​ពេក​មិន​ឆ្ងាយ​ពេក​ទេ។ បើ​ផែន​ដី​នៅ​ជិត​ព្រះ​អាទិត្យ​ពេក ទឹក​លើ​ផែន​ដី​នឹង​ក្លាយ​ជា​ចំហាយ​ហួត​អស់។ បើ​ផែន​ដី​នៅ​ឆ្ងាយ​ពេក​ពី​ព្រះ​អាទិត្យ នោះ​ទឹក​នឹង​ត្រជាក់​ពេក​រហូត​ដល់​ក្លាយ​ជា​ទឹក​ក​ក។ បើ​មាន​លក្ខណៈ​ណា​មួយ​ដូច​ខាង​លើ​នេះ នឹង​គ្មាន​ភាវៈ​រស់​សោះ​នៅ​លើ​ភព​ផែន​ដី​យើង​នេះ។

៧ យ៉ាង​ណា​ក៏​ដោយ មនុស្ស​ភាគ​ច្រើន​មើល​ស្រាល​ចំពោះ​ព្រះ​អាទិត្យ ទោះ​ជា​ជីវិត​ពួក​គេ​ពឹង​ពាក់​ទៅ​លើ​ព្រះ​អាទិត្យ​ក៏​ដោយ។ ដូច្នេះ ពួក​គេ​មិន​បាន​ទាញ​យក​មេ​រៀន​មក​គិត​ពិចារណា​អំពី​ព្រះ​អាទិត្យ​ទេ។ ទំនុក​ដំកើង ៧៤:១៦ ចែង​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​បាន​បង្កើត​ពន្លឺ នឹង​ដួង​ព្រះ​អាទិត្យ​»។ ពិត​ណាស់ ព្រះ​អាទិត្យ​លើក​កិត្ដិ​យស​ចំពោះ​ព្រះ​យេហូវ៉ា ជា​«​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ នឹង​ផែន​ដី​»។ (​ទំនុក​ដំកើង ១៤៦:៦​) ប៉ុន្តែ ព្រះ​អាទិត្យ​គ្រាន់​តែ​ជា​ការ​បង្កើត​មួយ​ក្នុង​ចំណោម​ការ​បង្កើត​ជា​ច្រើន​ឥត​គណនា​ដែល​បង្រៀន​យើង​អំពី​តេជានុភាព​ដ៏​ខ្លាំង​មហិមា​របស់​ព្រះ​យេហូវ៉ា។ ពេល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត យើង​រឹត​តែ​កោត​ស្ញប់​ស្ញែង​ចំពោះ​ទ្រង់។

(​ទំនុក​តម្កើង ៧៥:៤​-​៧​) ទូល​បង្គំ​បាន​និយាយ​ទៅ​ពួក​អំនួត​ថា កុំ​ឲ្យ​អួត​ខ្លួន​ឡើយ ហើយ​ទៅ​មនុស្ស​អាក្រក់​ថា កុំ​ឲ្យ​ដំ​កើង​ខ្លួន​ឲ្យ​សោះ មិន​ត្រូវ​លើក​ខ្លួន​ឡើង​ឲ្យ​ខ្ពស់ ឬ​និយាយ​ដោយ​ព្រហើន​ឡើយ ដ្បិត​ឯ​ការ​ដំ​កើង​ឡើង នោះ​មិន​មែន​មក​ពី​ទិស​ខាង​កើត​ឬ​ខាង​លិច ក៏​មិន​មក​ពី​ទីរហោស្ថាន​នោះ​ទេ។ គឺ​ព្រះ​ដែល​ជា​ចៅ​ក្រម ទ្រង់​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់​ទៀត​ឡើង។

w​០៦ ១/៩ ទំ. ៩ វ. ៣

គោល​សំខាន់​ៗ​ពី​សៀវភៅ​ទំនុក​ដំកើង ប៉ែក​ទី​បី​និង​ទី​បួន

៧៥:៤, ៥, ១០—ហេតុ​អ្វី​យើង​មិន​ត្រូវ​មាន​អំណួត? ព្រះ​យេហូវ៉ា​លើក​តម្កើង​អ្នក​បម្រើ​ដ៏​ពិត​របស់​ទ្រង់។ ប៉ុន្តែ​ទ្រង់​«​កាត់​អំណាច​ទាំង​ប៉ុន្មាន​នៃ​មនុស្ស​អាក្រក់​ចេញ​»។ ដូច្នេះ​ខ​ទាំង​បី​នេះ​ព្រមាន​យើង​«​កុំ​ឲ្យ​ដំ​កើង​ខ្លួន​ឲ្យ​សោះ​»។ គឺ​ព្រះ​យេហូវ៉ា​ទេ​ដែល​តម្កើង​យើង។ ហេតុ​នេះ​ហើយ​ឯកសិទ្ធិ​អ្វី​ដែល​យើង​មាន​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ចាត់​ទុក​ថា​មក​ពី​ទ្រង់​វិញ។—ទំនុក​ដំកើង ៧៥:៧

it​-​1​-​E ទំ. ១១៦០ វ. ៧

ចិត្ត​រាប​ទាប

យើង​ទាំង​អស់​គ្នា​ទាំង​ប្រុស​ទាំង​ស្រី គួរ​ចុះ​ចូល​នឹង​អស់​អ្នក​ដែល​នាំ​មុខ ហើយ​យើង​គួរ​រង់​ចាំ​ព្រះ​យេហូវ៉ា​តែង​តាំង​ឬ​ប្រគល់​ភារកិច្ច​ណា​មួយ ដោយ​សារ​មាន​តែ​លោក​ទេ​ដែល​មាន​សិទ្ធិ​ធ្វើ​ដូច្នោះ។ (​ទំនុក. ៧៥:៦, ៧​) ដូច​កូន​ប្រុស​ខ្លះ​ៗ​របស់​កូរ៉ា​ដែល​ជា​ពួក​លេវី បាន​និយាយ​ថា​៖ ​«​ទូល​បង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូល​បង្គំ ជា​ជាង​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់​»។ (​ទំនុក. ៨៤:១០​) ដើម្បី​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប​បែប​នេះ​គឺ​ត្រូវ​ការ​ពេល​វេលា។ បទ​គម្ពីរ​បាន​លើក​ឡើង​អំពី​គុណ​សម្បត្ដិ​ផ្សេង​ៗ​ដែល​បុគ្គល​ម្នាក់​ត្រូវ​មាន ដើម្បី​អាច​ទទួល​ការ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ ហើយ​បទ​គម្ពីរ​ក៏​បញ្ជាក់​ថា​បុរស​ដែល​ទើប​នឹង​ជឿ​ថ្មី​មិន​គួរ​ត្រូវ​តែង​តាំង​ទេ ​«​ក្រែង​លោ​គាត់​បែរ​ជា​ក្រអឺតក្រអោង រួច​ទទួល​ការ​ផ្ដន្ទា​ទោស​ដូច​មេ​កំណាច​បាន​ទទួល​»។—១ធី. ៣:៦

(​ទំនុក​តម្កើង ៧៨:១១​-​១៧​) គេ​បាន​ភ្លេច​អស់​ទាំង​កិច្ច​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​សំ​ដែង​ឲ្យ​គេ​ឃើញ​ដែរ ទ្រង់​បាន​ធ្វើ​ការ​ចំ​ឡែក នៅ​ភ្នែក​ពួក​ឰយុកោ​គេ នៅ​ស្រុក​អេស៊ីព្ទ ត្រង់​វាល​សូ​អាន ទ្រង់​បាន​វែក​សមុទ្រ បើក​ជា​ផ្លូវ​ឲ្យ​គេ​ដើរ​ឆ្លង​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​ជា​កំផែង នៅ​វេលា​ថ្ងៃ​ទ្រង់​បាន​នាំ​គេ ដោយ​ពពក ហើយ​វេលា​យប់​ទាល់​ព្រឹក បាន​នាំ​ដោយ​ពន្លឺ​នៃ​ភ្លើង​វិញ ទ្រង់​បំ​ប្រេះ​ថ្ម​ដា​នៅ​ទីរហោស្ថាន ឲ្យ​គេ​បាន​ផឹក​ទឹក​ជា​បរិបូរ ដូច​ជា​ហូរ​ចេញ​ពី​ទី​ជំ​រៅ​មក ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្ម ហូរ​ចុះ​មក​ដូច​ជា​ទន្លេ។ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​នៅ​តែ​ធ្វើ​បាប នឹង​ទ្រង់​ទៀត ជា​ការ​បះ​បោរ​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត​ត្រង់​ទីរហោស្ថាន។

w​០៤​-​E ១/៤ ទំ. ២១​-​២២

តើ​អ្នក​កំពុង​ផ្ដោត​អារម្មណ៍​លើ​រង្វាន់​ឬ​ទេ?

ពេល​ដែល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​រាស្ត្រ​លោក នោះ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង។ សេចក្ដី​សង្ឃឹម​ជា​គុណ​សម្បត្ដិ​មួយ​ដែល​សំខាន់​ស្មើ​នឹង​ជំនឿ​ដែរ។ (​១កូ. ១៣:១៣​) ពាក្យ​ភាសា​ក្រិច​ក្នុង​គម្ពីរ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​សេចក្ដី​សង្ឃឹម​»​ បង្កប់​អត្ថន័យ​ថា​«​ការ​ទន្ទឹង​ចាំ​ទទួល​អ្វី​ដែល​ល្អ​»​យ៉ាង​ខ្លាំង។ ដោយ​គិត​អំពី​សេចក្ដី​សង្ឃឹម​បែប​នេះ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បង្ហាញ​ចិត្ត​ឧស្សាហ៍​ដូច​កាល​ពី​ដើម ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ពិត​ប្រាកដ​រហូត​ដល់​ទី​បញ្ចប់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​មនុស្ស​ខ្ជិល​ឡើយ តែ​ចូរ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ជា​មត៌ក​ដោយ​សារ​ជំនឿ​និង​ចិត្ត​អត់​ធ្មត់​»។ (​ហេ. ៦:១១, ១២​) បើ​យើង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​យើង​នឹង​ទទួល​សេចក្ដី​សង្ឃឹម​នោះ​យ៉ាង​ពិត​ប្រាកដ។ មិន​ដូច​ក្ដី​ស្រមៃ​ជា​ច្រើន​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ សេចក្ដី​សង្ឃឹម​នោះ​«​មិន​នាំ​ឲ្យ​»​យើង​«​ខក​ចិត្ត​ឡើយ​»។ (​រ៉ូម ៥:៥​) ដូច្នេះ តើ​យើង​អាច​ផ្ដោត​អារម្មណ៍​ជា​និច្ច​ទៅ​លើ​សេចក្ដី​សង្ឃឹម​របស់​យើង​ទាំង​មាន​ទំនុក​ចិត្ត​យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​យើង​អាច​ផ្ដោត​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ?

ភ្នែក​យើង​មិន​អាច​មើល​អ្វី​ពីរ​យ៉ាង​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ នេះ​ស្រដៀង​នឹង​ភ្នែក​ចិត្ត​របស់​យើង​ដែរ។ យើង​មិន​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ផង​និង​អ្វី​ក្នុង​ពិភព​លោក​ផង​បាន​ឡើយ។ ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​មាន​ក្នុង​ពិភព​លោក​នេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​សួន​ឧទ្យាន​ទៅ​ជា​ស្រពេចស្រពិល។ មិន​យូរ​ក្រោយ​មក ទិដ្ឋភាព​ក្នុង​សេចក្ដី​សន្យា​នោះ​នឹង​លែង​សូវ​ច្បាស់​ក្នុង​គំនិត​របស់​យើង ហើយ​អាច​នឹង​សាប​សូន្យ​ពី​គំនិត​របស់​យើង​តែ​ម្ដង។ បើ​កើត​ឡើង​ដូច្នោះ​មែន ពិត​ជា​គួរ​ឲ្យ​ស្ដាយ​ខ្លាំង​ណាស់! (​លូក. ២១:៣៤​) ម្ល៉ោះ​ហើយ គឺ​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​មាន​«​ភ្នែក​»​មើល​របស់​តែ​មួយ ពោល​គឺ​យើង​ផ្ដោត​អារម្មណ៍​ជា​និច្ច​ទៅ​លើ​រាជាណាចក្រ​ព្រះ និង​រង្វាន់​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!—ម៉ាថ. ៦:២២

ការ​រក្សា​ភ្នែក​ឲ្យ​មើល​របស់​តែ​មួយ គឺ​មិន​តែង​តែ​ស្រួល​ទេ។ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ យើង​ជួប​នឹង​បញ្ហា​ផ្សេង​ៗ ការ​បំបែរ​អារម្មណ៍ និង​ការ​ល្បួង ដែល​រំខាន​ជីវិត​របស់​យើង។ ពេល​ស្ថិត​ក្នុង​ស្ថានភាព​ទាំង​នេះ តើ​យើង​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​រាជាណាចក្រ​ព្រះ​និង​សេចក្ដី​សន្យា​អំពី​ពិភព​លោក​ថ្មី​ផង ហើយ​នៅ​តែ​អាច​បំពេញ​ភារកិច្ច​ដ៏​ចាំ​បាច់​ឯ​ទៀត​ផង​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​យើង​ពិចារណា​វិធី​បី​យ៉ាង។

សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។ ការ​អាន​គម្ពីរ​ជា​ទៀង​ទាត់ និង​ការ​សិក្សា​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ទាក់​ទង​នឹង​ព្រះ។ ពិត​ណាស់ យើងប្រហែល​ជា​បាន​សិក្សា​បណ្ដាំ​របស់​ព្រះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​យើង​ត្រូវ​បន្ត​សិក្សា​ថែម​ទៀត ដូច​យើង​ត្រូវ​ការ​បរិភោគ​ម្ហូប​អាហារ​រាល់​ថ្ងៃ​ដើម្បី​ទ្រ​ទ្រង់​ជីវិត​ដែរ។ យើង​មិន​ឈប់​បរិភោគ​អាហារ ដោយ​សារ​តែ​យើង​ធ្លាប់​បរិភោគ​អាហារ​អស់​រាប់​ពាន់​មុខ​តាំង​ពី​តូច​មក​នោះ​ទេ។ ដូច្នេះ ទោះ​ជា​យើង​យល់​បទ​គម្ពីរ​ច្រើន​ក៏​ដោយ យើង​ត្រូវ​តែ​បន្ត​ក្រេប​ជញ្ជក់​ចំណេះ​ពី​គម្ពីរ​ជា​ទៀង​ទាត់ ដើម្បី​រក្សា​ជំនឿ​ឲ្យ​រឹង​មាំ ដើម្បី​ឲ្យ​សេចក្ដី​សង្ឃឹម​ភ្លឺ​ត្រចះ​ត្រចង់ និង​ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​មាន​កាន់​តែ​ខ្លាំង​ឡើង។—ទំនុក. ១:១​-​៣

រំពឹង​គិត​បណ្ដាំ​របស់​ព្រះ​ដោយ​មាន​អំណរ​គុណ។ ហេតុ​អ្វី​ការ​រំពឹង​គិត​សំខាន់​ចាំ​បាច់? មាន​មូលហេតុ​ពីរ​យ៉ាង។ មូលហេតុ​ទី១ ការ​រំពឹង​គិត​អាច​ជួយ​យើង​ឲ្យ​យល់​ច្បាស់​អំពី​អ្វី​ដែល​អាន ហើយ​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ចេះ​ដឹង​គុណ។ មូលហេតុ​ទី២ ការ​រំពឹង​គិត​ជួយ​យើង​មិន​ឲ្យ​ភ្លេច​ព្រះ​យេហូវ៉ា កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក និង​សេចក្ដី​សង្ឃឹម​ដែល​លោក​ផ្ដល់​ឲ្យ​យើង។ ជា​ឧទាហរណ៍ បណ្ដា​ជន​អ៊ីស្រាអែល​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ឫទ្ធា​នុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​ក៏​បាន​យល់​ច្បាស់​នូវ​ការ​ការពារ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​លោក កាល​ដែល​លោក​បាន​នាំ​ពួក​គេ​ទៅ​ដល់​ស្រុក​ដែល​លោក​សន្យា​ថា​ឲ្យ​ពួក​គេ​ជា​មត៌ក។ ក៏​ប៉ុន្តែ មិន​យូរ​ក្រោយ​ពី​ពួក​គេ​នៅ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ស្រុក​ដែល​ព្រះ​បាន​សន្យា ពួក​គេ​បាន​ចាប់​ផ្ដើម​ត្អូញត្អែរ ដែល​នោះ​បង្ហាញ​ថា​ពួក​គេ​គ្មាន​ជំនឿ​លើ​លោក​ទាល់​តែ​សោះ។ (​ទំនុក. ៧៨:១១​-​១៧​) ហេតុ​អ្វី​ពួក​គេ​ធ្វើ​ដូច្នេះ?

បណ្ដា​ជន​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​លោក​ផ្ដល់​ឲ្យ​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បែរ​ជា​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ចង់​បាន​ភ្លាម​ៗ​នូវ​ជីវិត​ស្រណុក​សុខ​ស្រួល​និង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​ទៅ​វិញ។ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ឃើញ​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ​ក៏​ដោយ ពួក​គេ​ភាគ​ច្រើន​បាន​ក្លាយ​ទៅ​ជា​អ្នក​ត្អូញត្អែរ​ដែល​គ្មាន​ជំនឿ។ ទំនុក​តម្កើង ទំនុក​ទី​១០៦ ខ​១៣​ចែង​ថា​៖ ​«​មិន​យូរ​ប៉ុន្មាន​»​ ពួក​គេ​«​ក៏​ភ្លេច​កិច្ច​ការ​របស់[​ព្រះ​យេហូវ៉ា​]​»។ ដោយ​សារ​ពួក​គេ​មាន​ចិត្ត​គំនិត​បែប​នេះ នោះ​បាន​បណ្ដាល​ឲ្យ​ជំនាន់​ពួក​គេ​បាត់​បង់​សិទ្ធិ​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា។

ដូច្នេះ ពេល​អ្នក​អាន​បទ​គម្ពីរ​ឬ​សៀវភៅ​ជំនួយ​សិក្សា​គម្ពីរ សូម​ចំណាយ​ពេល​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​អាន។ ការ​រំពឹង​គិត​បែប​នេះ គឺ​សំខាន់​ក្នុង​ការ​ជួយ​អ្នក​ឲ្យ​បន្ត​រីក​ចម្រើន​ខាង​ជំនឿ និង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ពេល​អ្នក​អាន​ទំនុក​តម្កើង ទំនុក​ទី​១០៦​ដែល​បាន​លើក​ឡើង​នៅ​ខាង​ដើម សូម​រំពឹង​គិត​អំពី​គុណ​សម្បត្ដិ​ផ្សេង​ៗ​របស់​ព្រះ​យេហូវ៉ា។ សូម​ពិចារណា​ថា​តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​អត់​ធ្មត់​និង​ក្ដី​អាណិត​មេត្ដា​ខ្លាំង​យ៉ាង​ណា​ចំពោះ​បណ្ដា​ជន​អ៊ីស្រាអែល។ សូម​ស្វែង​យល់​អំពី​អ្វី​ៗ​ដែល​លោក​បាន​ធ្វើ​ដើម្បី​នាំ​ពួក​គេ​ចូល​ក្នុង​ស្រុក​ដែល​លោក​សន្យា។ សូម​កត់​សម្គាល់​ថា​តើ​ពួក​គេ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ឥត​ឈប់​ឈរ​យ៉ាង​ណា។ សូម​ខំ​យល់​នូវ​អារម្មណ៍​ខ្វល់​ខ្វាយ​និង​ការ​ឈឺ​ចាប់​ដែល​ព្រះ​យេហូវ៉ា​មាន ពេល​បណ្ដា​ជន​ដែល​គ្មាន​អំណរ​គុណ​នេះ​ប្រព្រឹត្ត​ចំពោះ​លោក ដែល​ធ្វើ​ឲ្យ​ភាព​អត់​ធ្មត់​និង​ក្ដី​មេត្ដា​របស់​លោក​ដល់​កម្រិត។ បន្ថែម​ទៀត ពេល​យើង​រំពឹង​គិត​អំពី​ខ​៣០​និង​ខ​៣១ ដែល​ពណ៌នា​អំពី​ជំហរ​ដ៏​ម៉ឺង​ម៉ាត់​និង​ចិត្ត​ក្លាហាន​របស់​ភីនេហាស​ចំពោះ​សេចក្ដី​សុចរិត យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ភ្លេច​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ឡើយ ហើយ​លោក​នឹង​ឲ្យ​រង្វាន់​ដ៏​លើស​លប់​ដល់​ពួក​គេ។

ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​របស់​អ្នក។ ពេល​ដែល​យើង​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ យើង​ពិសោធ​ដោយ​ផ្ទាល់​ថា​ដំបូន្មាន​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ប្រយោជន៍​មែន។ សុភាសិត ជំពូក​ទី៣ ខ​៥​និង​ខ​៦​ចែង​ថា​៖ ​«​ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំ​រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង​»។ សូម​គិត​អំពី​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌​របស់​មនុស្ស​ជា​ច្រើន ថា​តើ​នោះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​បញ្ហា​ច្រើន​យ៉ាង​ណា​ខាង​ផ្លូវ​កាយ​ខាង​ផ្លូវ​ចិត្ត។ អ្នក​ដែល​បណ្ដោយ​ខ្លួន​ដើម្បី​ការ​សប្បាយ​តែ​មួយ​ភ្លែត ពួក​គេ​វេទនា​អស់​ជា​ច្រើន​ឆ្នាំ រហូត​ដល់​អស់​មួយ​ជីវិត​ទៀត​ផង។ ផ្ទុយ​ស្រឡះ​ពី​អ្នក​ទាំង​នោះ អ្នក​ដែល​ដើរ​តាម‹ផ្លូវ​ចង្អៀត› ពួក​គេ​ពិសោធ​ជា​មុន​នូវ​របៀប​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី ហើយ​របៀប​រស់​នៅ​នេះ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បន្ត​ដើរ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត។—ម៉ាថ. ៧:១៣, ១៤; ទំនុក. ៣៤:៨

ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​មិន​តែង​តែ​ស្រួល​ទេ។ ជួន​កាល ការ​សម្រេច​ចិត្ត​ដែល​គ្មាន​មូលដ្ឋាន​ពី​គម្ពីរ មើល​ទៅ​អាច​ដោះ​ស្រាយ​បញ្ហា​ភ្លាម​ៗ។ ឧទាហរណ៍ ក្នុង​អំឡុង​ពេល​មាន​បញ្ហា​លុយ​កាក់ បញ្ហា​នោះ​អាច​ទៅ​ជា​អ្វី​ដែល​សំខាន់​ជាង​កិច្ច​បម្រើ​ព្រះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ដែល​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយ​មាន​ជំនឿ ហើយ​ផ្ដោត​អារម្មណ៍​ជា​និច្ច​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ ពួក​គាត់​អាច​មាន​ទំនុក​ចិត្ត​ថា​នៅ​ទី​បំផុត ​«​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ . . . នឹង​មាន​សេចក្ដី​សុខ​ស្រួល​វិញ​»។ (​សាស្ដ. ៨:១២​) ម្ដង​ម្កាល គ្រិស្ត​សាសនិក​ម្នាក់​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង។ ប៉ុន្តែ គាត់​នឹង​មិន​ធ្វើ​ដូច​អេសាវ​ដែល​មើល​ងាយ​អ្វី​ដែល​ទាក់​ទង​នឹង​ព្រះ ហើយ​មិន​ចាត់​ទុក​អ្វី​ទាំង​នោះ​ថា​សំខាន់​សោះ​នោះ​ឡើយ។—លោ. ២៥:៣៤; ហេ. ១២:១៦

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

(​ទំនុក​តម្កើង ៧៨:២​) ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប​ធៀប ហើយ​នឹង​ពោល​ជា​សេចក្ដី​អាថ៌​កំបាំង​ពី​ចាស់​បូរាណ។

w​១១ ១/៨ ទំ. ១៦ វ. ១៤

ពួក​គេ​បាន​រង់​ចាំ​ទទួល​មេស្ស៊ី

ទំនាយ​ជា​ច្រើន​ទៀត​អំពី​មេស្ស៊ី

១៤ មេស្ស៊ី​នឹង​ប្រើ​ឧទាហរណ៍​ក្នុង​ការ​បង្រៀន​របស់​លោក។ អេសាភ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង​បាន​ច្រៀង​ថា​៖ ​«​ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប​ធៀប​»។ (​ទំនុក. ៧៨:២​) តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ទំនាយ​នេះ​សំដៅ​ទៅ​លើ​លោក​យេស៊ូ? គឺ​ដោយ​សារ​ម៉ាថាយ​បាន​ប្រាប់​យើង។ ក្រោយ​ពី​ម៉ាថាយ​បាន​រៀប​រាប់​អំពី​ឧទាហរណ៍​ដែល​លោក​យេស៊ូ​ប្រើ​ដើម្បី​ប្រៀប​ធៀប​រាជាណាចក្រ​ព្រះ​ទៅនឹង​គ្រាប់​ម៉ូ​ស្ដា​ត និង​ដំបែ នោះ​គាត់​បាន​និយាយ​ថា​៖ ​«​លោក[​យេស៊ូ​]មិន​ដែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​មិន​ប្រើ​ឧទាហរណ៍​ឡើយ។ នេះ​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​បាន​ត្រូវ​ថ្លែង​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ថា​៖ ‹ខ្ញុំ​នឹង​បើក​មាត់​និយាយ​ជា​ឧទាហរណ៍ ក៏​នឹង​ប្រកាស​ប្រាប់​ឲ្យ​ដឹង​នូវ​អ្វី​ៗ​ដែល​បាន​ត្រូវ​លាក់​បាំង​តាំង​ពី​កំណើត​ពិភព​លោក›​»។ (​ម៉ាថ. ១៣:៣១​-​៣៥​) ដូច្នេះ ឧទាហរណ៍​ឬ​ពាក្យ​ប្រៀប​ធៀប​ស្ថិត​ក្នុង​ចំណោម​វិធី​បង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​ដែល​លោក​យេស៊ូ​ប្រើ។

(​ទំនុក​តម្កើង ៧៨:៤០, ៤១​) ប៉ុន្មាន​ដង​ហើយ ដែល​គេ​បះ​បោរ​នឹង​ទ្រង់ នៅ​ទីរហោស្ថាន ហើយ​នាំ​ឲ្យ​ព្រួយ​ព្រះ​ហឫទ័យ​នៅ​ទី​ល្ហ​ល្ហេវ គឺ​គេ​បាន​បែរ​ជា​ល្បង​ល​ព្រះ​វិញ​ទៀត ហើយ​គេ​បិទ​ផ្លូវ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។

w​១២​-​E ១/១១ ទំ. ១៤ វ. ៥

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ពេល​ខ្ញុំ​រៀន​គម្ពីរ ទស្សនៈ​របស់​ខ្ញុំ​ចំពោះ​ព្រះ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ ខ្ញុំ​បាន​រៀន​ដឹង​ថា​លោក​មិន​មែន​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​អំពើ​អាក្រក់​និង​ទុក្ខ​វេទនា​នោះ​ទេ ហើយ​លោក​ផ្ទាល់​ឈឺ​ចិត្ត​ណាស់​ពេល​មនុស្ស​ធ្វើ​អំពើ​អាក្រក់។ (​លោ. ៦:៦; ទំនុក. ៧៨:៤០, ៤១​) ក្រោយ​មក ខ្ញុំ​បាន​តាំង​ចិត្ត​មិន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ទៀត។ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​រីក​រាយ។ (​សុភ. ២៧:១១​) ដូច្នេះ ខ្ញុំ​បាន​ឈប់​ផឹក​ស្រា ឈប់​ជក់​បារី ហើយ​ខ្ញុំ​ឈប់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌។ នៅ​ខែ​មីនា ឆ្នាំ​១៩៩៤ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។

w​១១​-​E ១/៧ ទំ. ១០

ចូរ​ចូល​ទៅ​ជិត​ព្រះ

តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​ឬ​ទេ?

បើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​មែន នោះ​នាំ​ទៅ​ដល់​សំណួរ​មួយ​ទៀត គឺ​តើ​ការ​ប្រព្រឹត្ត​របស់​យើង​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​ព្រះ​ឬ​ទេ? នោះ​មាន​ន័យ​ថា តើ​ការ​ប្រព្រឹត្ត​របស់​យើង​អាច​នាំ​ឲ្យ​ព្រះ​សប្បាយ​រីក​រាយ​ឬ​ឈឺ​ចិត្ត​ឬ​ទេ? ទស្សនវិទូ​ខ្លះ​នៅ​សម័យ​បុរាណ​ប្រាប់​ថា មិន​មែន​ដូច្នោះ​ទេ។ ពួក​គេ​បាន​វែក​ញែក​ថា​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ព្រះ​បាន​ឡើយ ហើយ​ថា​លោក​ច្បាស់​ជា​មិន​អាច​មាន​អារម្មណ៍​ទេ។ ប៉ុន្តែ គម្ពីរ​រៀប​រាប់​ផ្សេង​ពី​នោះ។ គម្ពីរ​បាន​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​កក់​ក្ដៅ ហើយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​នឹង​អ្វី​ដែល​យើង​ធ្វើ។ សូម​ពិនិត្យ​មើល​ពាក្យ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​ទំនុក​តម្កើង ៧៨:៤០, ៤១។

ទំនុក​តម្កើង ទំនុក​ទី​៧៨​រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​ទៅ​លើ​បណ្ដា​ជន​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​រំដោះ​ពួក​គេ​ពី​ឲ្យ​រួច​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប លោក​បាន​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​ពួក​គេ​មាន​ចំណង​មិត្តភាព​ពិសេស​ជា​មួយ​នឹង​លោក។ លោក​បាន​សន្យា​ថា​បើ​ពួក​គេ​បន្ត​គោរព​តាម​ច្បាប់​របស់​លោក ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​«​របស់​ផង​»​លោក ហើយ​លោក​នឹង​ប្រើ​ពួក​គេ​តាម​របៀប​ដ៏​ពិសេស​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ បណ្ដា​ជន​អ៊ីស្រាអែល​បាន​យល់​ព្រម ហើយ​បាន​ធ្វើ​ជា​ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ប៉ុន្តែ តើ​ពួក​គេ​មាន​របៀប​រស់​នៅ​ស្រប​តាម​អ្វី​ទាំង​អស់​ដែល​ពួក​គេ​បាន​សន្យា​ឬ​ទេ?—និក្ខ. ១៩:៣​-​៨

អ្នក​តែង​ទំនុក​តម្កើង​បាន​និយាយ​ថា​៖ ​«​ប៉ុន្មាន​ដង​ហើយ ដែល​គេ​បះ​បោរ​នឹង​ទ្រង់ នៅ​ទីរហោស្ថាន​»។ (​ខ​៤០​) ខ​បន្ទាប់​រៀប​រាប់​បន្ថែម​ទៀត​ថា​៖ ​«​គេ​បាន​បែរ​ជា​ល្បង​ល​ព្រះ​»​ម្ដង​ហើយ​ម្ដង​ទៀត។ (​ខ​៤១​) សូម​កត់​សម្គាល់​ថា​អ្នក​តែង​ទំនុក​តម្កើង​រៀប​រាប់​អំពី​គំរូ​នៃ​ការ​បះ​បោរ​ប្រឆាំង។ បណ្ដា​ជន​អ៊ីស្រាអែល​បាន​បង្ហាញ​ចិត្ត​គំនិត​បះ​បោរ​នេះ ពេល​នៅ​តំបន់​ស្ងាត់​ជ្រងំ​មិន​យូរ​ក្រោយ​ពួក​គេ​ពី​បាន​ត្រូវ​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​បាន​ចាប់​ផ្ដើម​ត្អូញត្អែរ​ប្រឆាំង​នឹង​ព្រះ ដោយ​សង្ស័យ​លើ​សមត្ថភាព​របស់​លោក​ថា​អាច​ផ្គត់​ផ្គង់​ពួក​គេ​បាន​ឬ​យ៉ាង​ណា។ (​ជន. ១៤:១​-​៤​) ឯកសារ​យោង​មួយ​ដែល​អ្នក​បក​ប្រែ​គម្ពីរ​ប្រើ រៀប​រាប់​ថា​ឃ្លា​«​គេ​បះ​បោរ​នឹង​ទ្រង់​»​ទំនង​ជា​«​សំដៅ​ទៅ​លើ​គ្រាម​ភាសា ដូច​ជា‹ពួក​គេ​តាំង​ចិត្ត​រឹង​ប្រឆាំង​នឹង​ព្រះ› ឬ‹ពួក​គេ​និយាយ​យ៉ាង​ដាច់​ខាត​ទៅ​កាន់​ព្រះ​ថា​៖ ​«​ទេ​»​›​»។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ក្ដី​មេត្ដា​ដោយ​អភ័យ​ទោស​ឲ្យ​រាស្ត្រ​លោក ពេល​ដែល​ពួក​គេ​បង្ហាញ​ការ​កែ​ប្រែ​ចិត្ត។ ប៉ុន្តែ ក្រោយ​មក​ពួក​គេ​ក៏​ត្រឡប់​ទៅ​រក​ការ​ប្រព្រឹត្ត​ដូច​ពី​មុន ហើយ​បះ​បោរ​ប្រឆាំង​នឹង​លោក​ម្ដង​ហើយ​ម្ដង​ទៀត។—ទំនុក. ៧៨:១០​-​១៩, ៣៨

រាល់​លើក​ដែល​រាស្ត្រ​គ្មាន​ចិត្ត​ស្មោះ​នេះ បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា? ខ​៤០​ប្រាប់​ថា​ពួក​គេ​នាំ​ឲ្យ​លោក​«​ព្រួយ​ព្រះ​ហឫទ័យ​»​ឬ​ឈឺ​ចិត្ត។ សេចក្ដី​បក​ប្រែ​មួយ​ទៀត បក​ប្រែ​ឃ្លា​នេះ​ថា ពួក​គេ​«​ធ្វើ​ឲ្យ​លោក​កើត​ទុក្ខ​»។ ឯកសារ​យោង​មួយ​អំពី​គម្ពីរ​ពន្យល់​ឃ្លា​នេះ​ថា​៖ ​«​អត្ថន័យ​ក្នុង​ខ​នេះ​បញ្ជាក់​ថា​ការ​ប្រព្រឹត្ត​របស់​ជន​ជាតិ​ហេប្រឺ នាំ​ឲ្យ​ព្រះ​ឈឺ​ចិត្ត​ខ្លាំង ដូច​ជា​ការ​ប្រព្រឹត្ត​របស់​កូន​ដែល​មិន​ស្ដាប់​បង្គាប់​និង​បះ​បោរ​ប្រឆាំង​ឪ​ពុក​ម្ដាយ​ដូច្នោះ​ដែរ​»។ ដូច​កូន​ដែល​ពិបាក​ប្រដៅ​ធ្វើ​ឲ្យ​ឪ​ពុក​ម្ដាយ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង នោះ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​បះ​បោរ​ប្រឆាំង ក៏​ធ្វើ​ឲ្យ​«​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​»​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ដែរ។—ខ​៤១

តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ទំនុក​នេះ? គឺ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ណាស់ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដែល​គោរព​ប្រណិប័តន៍​របស់​លោក ហើយ​លោក​មិន​ងាយ​បោះ​បង់​ចោល​ពួក​គេ​ទេ។ ដំណាល​គ្នា​នោះ គឺ​ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ណាស់ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍ ហើយ​ថា​ការ​ប្រព្រឹត្ត​របស់​យើង​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​លោក។ តើ​ការ​ដឹង​អំពី​រឿង​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​អ្នក? តើ​នេះ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឬ​ទេ?

ជា​ជាង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត យើង​អាច​សម្រេច​ចិត្ត​ប្រព្រឹត្ត​សុចរិត​ដែល​នាំ​ឲ្យ​លោក​សប្បាយ​រីក​រាយ។ ម្យ៉ាង​វិញ​ទៀត នេះ​ជា​អ្វី​ដែល​លោក​បាន​សុំ​ពី​អ្នក​គោរព​ប្រណិប័តន៍​លោក ដែល​ថា​៖ ​«​កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីក​រាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល​តិះ​ដល់​អញ​»។ (​សុភ. ២៧:១១​) គ្មាន​អ្វី​ពិសេស​ជាង​ការ​មាន​របៀប​រស់​នៅ​ដែល​នាំ​ឲ្យ​លោក​ពេញ​ចិត្ត​នោះ​ទេ!

ថ្ងៃ​ទី​២៥​-​៣១ ខែ​កក្កដា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ទំនុក​តម្កើង ៧៩​-​៨៦

​«​តើ​អ្នក​ណា​ជា​បុគ្គល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក?​»​

(​ទំនុក​តម្កើង ៨៣:១​-​៥​) ឱ​ព្រះ​អង្គ​អើយ សូម​កុំ​ឲ្យ​ទ្រង់​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ​អង្គ​អើយ សូម​កុំ​ឲ្យ​សំងំ ឬ​ព្រងើយ​នៅ​ឲ្យ​សោះ ដ្បិត​មើល ពួក​ខ្មាំង​សត្រូវ​ទ្រង់ គេ​កំពុង​តែ​អ៊ូអែ ហើយ​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ គេ​ធ្វើ​ក្រអឺតក្រអោង គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ​ទាស់​នឹង​រាស្ត្រ​ទ្រង់ ហើយ​គិត​គូរ​គ្នា ទាស់​នឹង​អស់​អ្នក​ដែល​ទ្រង់​ខា​ខាំង គេ​បាន​ថា ចូរ​យើង​កាត់​គេ​ចេញ មិន​ឲ្យ​ធ្វើ​ជា​នគរ​ទៀត​បាន ហើយ​កុំ​ឲ្យ​មាន​សេចក្ដី​នឹក​ចាំ​ពី​ឈ្មោះ​អ៊ីស្រាអែល​ទៀត​ឡើយ ដ្បិត​គេ​បាន​ពិគ្រោះ​ព្រម​ព្រៀង​គ្នា​ហើយ គេ​បាន​តាំង​សញ្ញា​ទាស់​នឹង​ទ្រង់។

w​០៨ ១/១០ ទំ. ១៨ វ. ៧​-​៨

ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ចំពោះ​ការ​អធិដ្ឋាន​ដែល​ស្មោះ​អស់​ពី​ចិត្ត

៧ តើ​អ្នក​តែង​បទ​ទំនុក​ដំកើង​នេះ​ខ្វល់​ខ្វាយ​អំពី​អ្វី​ជាង​គេ? គាត់​ពិត​ជា​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​ខ្លួន​និង​ក្រុម​គ្រួសារ​គាត់។ ប៉ុន្តែ ក្នុង​សេចក្ដី​អធិដ្ឋាន​គាត់​ខ្វល់​ខ្វាយ​បំផុត​ដែល​ពួក​ខ្មាំង​សត្រូវ​មើល​ងាយ​នាម​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ការ​គំរាម​កំហែង​សាសន៍​ដែល​ជា​រាស្ត្រ​របស់​ទ្រង់។ សូម​ឲ្យ​យើង​គ្រប់​គ្នា​រក្សា​ទស្សនៈ​ដែល​បង្ហាញ​តុល្យភាព​ដូច​គាត់​ដែរ កាល​ដែល​យើង​ស៊ូ​ទ្រាំ​នៅ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ពិបាក​របស់​ពិភព​លោក​នេះ។—សូម​អាន ម៉ាថាយ ៦:៩, ១០

៨ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ដក​ស្រង់​ពាក្យ​របស់​សត្រូវ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​ថា​៖ ​«​ចូរ​យើង​កាត់​គេ​ចេញ មិន​ឲ្យ​ធ្វើ​ជា​នគរ​ទៀត​បាន ហើយ​កុំ​ឲ្យ​មាន​សេចក្ដី​នឹក​ចាំ​ពី​ឈ្មោះ​អ៊ីស្រាអែល​ទៀត​ឡើយ​»។ (​ទំនុក. ៨៣:៤​) ប្រទេស​ទាំង​នោះ​ពិត​ជា​ស្អប់​រាស្ត្រ​រើស​តាំង​របស់​ព្រះ​មែន! ប៉ុន្តែ ពួក​គេ​ឃុប​ឃិត​គ្នា​ដោយ​មាន​បំណង​ចិត្ត​មួយ​ទៀត។ ពួក​គេ​លោភ​ចង់​បាន​ទឹក​ដី​របស់​អ៊ីស្រាអែល ហើយ​អួត​ថា​៖ ​«​ចូរ​យើង​ចាប់​យក​អស់​ទាំង​ទី​លំនៅ​របស់​ព្រះ​ទុក​ជា​កេរ្ដិ៍​អាករ​របស់​យើង​ចុះ!​»។ (​ទំនុក. ៨៣:១២​) តើ​សព្វ​ថ្ងៃ​មាន​អ្វី​ដែល​ស្រដៀង​នឹង​នេះ​ទេ? ពិត​ជា​មាន​មែន!

(​ទំនុក​តម្កើង ៨៣:១៦​) សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន​ខ្មាស ដើម្បី​ឲ្យ​គេ​បាន​ស្វែង​រក​ព្រះ​នាម​ទ្រង់ ឱ​ព្រះ​យេហូវ៉ា​អើយ។

w​០៨ ១/១០ ទំ. ២០ វ. ១៦

ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ចំពោះ​ការ​អធិដ្ឋាន​ដែល​ស្មោះ​អស់​ពី​ចិត្ត

ចូរ​អធិដ្ឋាន​ដើម្បី​បញ្ជាក់​ថា​ការ​គ្រប់​គ្រង របស់​ព្រះ​យេហូវ៉ា​ត្រឹម​ត្រូវ

១៦ ព្រះ​យេហូវ៉ា​បាន​ទប់​ស្កាត់​ការ​ខំ​ប្រឹង​កម្ទេច​ចោល​រាស្ត្រ​ទ្រង់​នៅ​ទូ​ទាំង​ផែន​ដី​នា​«​ជាន់​ក្រោយ​បង្អស់​»។ (​២ធី. ៣:១​) ជា​លទ្ធផល អ្នក​ប្រឆាំង​ត្រូវ​អាម៉ាស់​មុខ។ ទំនុក​ដំកើង ៨៣:១៦ បាន​ទាយ​ទុក​ជា​មុន​ដោយ​ពាក្យ​ថា​៖ ​«​សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន​ខ្មាស ដើម្បី​ឲ្យ​គេ​បាន​ស្វែង​រក​ព្រះ​នាម​ទ្រង់ ឱ​ព្រះ​យេហូវ៉ា​អើយ!​»។ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ អ្នក​ប្រឆាំង​គ្មាន​ជោគ​ជ័យ​សោះ​ក្នុង​ការ​បង្ក្រាប​សាក្សី​ព្រះ​យេហូវ៉ា។ នៅ​ប្រទេស​ទាំង​នោះ អ្នក​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ​បាន​ស៊ូ​ទ្រាំ​និង​កាន់​ជំហរ​យ៉ាង​រឹង​មាំ។ នេះ​បាន​ផ្ដល់​សក្ខី​ភាព​ដល់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ ហើយ​មនុស្ស​ជា​ច្រើន‹បាន​ស្វែង​រក​នាម​ព្រះ​យេហូវ៉ា›។ នៅ​ប្រទេស​មួយ​ចំនួន ដែល​ពី​មុន​សាក្សី​ព្រះ​យេហូវ៉ា​ធ្លាប់​ទទួល​ការ​ប្រឆាំង​យ៉ាង​សាហាវ ឥឡូវ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់ ដល់​ទៅ​រាប់​សែន​នាក់​ផង​ដែល​កំពុង​តែ​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រីក​រាយ។ នេះ​ពិត​ជា​ជ័យ​ជំនះ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា! ហើយ​ពិត​ជា​នាំ​ឲ្យ​សត្រូវ​របស់​ទ្រង់​ខ្មាស​មែន!—សូម​អាន យេរេមា ១:១៩

(​ទំនុក​តម្កើង ៨៣:១៧, ១៨​) សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​ជា​ដរាប អើ សូម​ឲ្យ​គេ​ត្រូវ​ស្រឡាំងកាំង ហើយ​វិនាស​ទៅ ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល។

w​១១ ១/៥ ទំ. ១៩ វ. ១​-​២

តើ​អ្នក​ណា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក?

ប្រហែល​ជា​អ្នក​បាន​ឃើញ​នាម​របស់​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង ពេល​ដែល​មាន​គេ​បង្ហាញ​នាម​នោះ​ពី​ទំនុក​តម្កើង ៨៣:១៨។ អ្នក​ទំនង​ជា​ភ្ញាក់​ផ្អើល​ពេល​អាន​ពាក្យ​ដែល​ថា​៖ ​«​ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ប្រាកដ​ជា​ប្រើ​បទ​គម្ពីរ​នេះ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ពោល​គឺ​ព្រះ​យេហូវ៉ា។—រ៉ូម ១០:១២, ១៣

២ ទោះ​ជា​ការ​ឲ្យ​មនុស្ស​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​ក៏​ដោយ ប៉ុន្តែ​ការ​ស្គាល់​នាម​របស់​លោក​តែ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​អ្នក​តែង​ទំនុក​តម្កើង​បញ្ជាក់​អំពី​ការ​ពិត​មួយ​ទៀត​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ ពេល​ដែល​គាត់​បាន​ពោល​ថា​៖ ​«​គឺ​ទ្រង់​តែ​១​អង្គ . . . ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»។ ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​សកល​លោក។ ក្នុង​នាម​ជា​អ្នក​ដែល​បាន​បង្កើត​របស់​សព្វសារពើ ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​តម្រូវ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត​ចុះ​ចូល​ចំពោះ​លោក។ (​បប. ៤:១១​) ដូច្នេះ យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ដើម្បី​សួរ​ខ្លួន​ថា‹តើ​អ្នក​ណា​ជា​បុគ្គល​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ?›។ ជា​ការ​សំខាន់​ណាស់ ដែល​យើង​ពិចារណា​អំពី​ចម្លើយ​របស់​យើង​ចំពោះ​សំណួរ​នេះ​ឲ្យ​បាន​ហ្មត់​ចត់!

w​០៨ ១/១០ ទំ. ២០ វ. ១៧​-​១៨

ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ចំពោះ​ការ​អធិដ្ឋាន​ដែល​ស្មោះ​អស់​ពី​ចិត្ត

១៧ យើង​ដឹង​ជា​ប្រាកដ​ថា​អ្នក​ប្រឆាំង​នៅ​តែ​បៀត​បៀន​យើង។ យើង​ក៏​បន្ត​ផ្សាយ​ដំណឹង​ល្អ សូម្បី​តែ​ដល់​អ្នក​ប្រឆាំង​ក៏​ដោយ។ (​ម៉ាថ. ២៤:១៤, ២១​) យ៉ាង​ណា​ក៏​ដោយ ឱកាស​ដែល​អ្នក​ប្រឆាំង​មាន​ដើម្បី​កែ​ប្រែ​និង​ទទួល​សេចក្ដី​សង្គ្រោះ នោះ​ជិត​ផុត​ហើយ។ ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​គឺ​សំខាន់​ជាង​ការ​សង្គ្រោះ​មនុស្សជាតិ​ទៅ​ទៀត។ (​សូម​អាន អេសេគាល ៣៨:២៣​) កាល​ណា​ប្រទេស​ទាំង​ឡាយ​រួប​រួម​គ្នា​ដើម្បី​កម្ទេច​រាស្ត្រ​ទ្រង់​ចោល នោះយើង​នឹង​នឹក​ចាំ​ពាក្យ​អធិដ្ឋាន​របស់​អ្នក​តែង​បទ​ទំនុក​ដំកើង​ដែល​ថា​៖ ​«​សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​ជា​ដរាប អើ សូម​ឲ្យ​គេ​ត្រូវ​ស្រឡាំងកាំង ហើយ​វិនាស​ទៅ​»។—ទំនុក. ៨៣:១៧

១៨ អ្នក​ដែល​តាំង​ចិត្ត​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នឹង​វិនាស​ទៅ​គួរ​ឲ្យ​អាម៉ាស់។ បណ្ដាំ​របស់​ព្រះ​បញ្ជាក់​ឲ្យ​ដឹង​ថា​ពួក​អ្នក​ដែល​«​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​»​ នោះ​នឹង​ត្រូវ​ប្រហារ​ជីវិត​នៅ​ឯ​សង្គ្រាម​អើម៉ាគេដូន ហើយ​ទទួល​«​សេចក្ដី​ហិន​វិនាស​អស់​កល្ប​ជា​និច្ច​»។ (​២ថែ. ១:៧​-​៩​) សេចក្ដី​ហិន​វិនាស​របស់​ពួក​ប្រឆាំង និង​សេចក្ដី​សង្គ្រោះ​នៃ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ជា​ទី​សំអាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ​អង្គ។ នៅ​ក្នុង​ពិភព​លោក​ថ្មី​យើង​នឹង​នឹក​ចាំ​ពី​ជ័យ​ជំនះ​ដ៏​អស្ចារ្យ​នោះ។ ​«​មនុស្ស​សុចរិត​នឹង​មនុស្ស​ទុច្ចរិត​»​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​នឹង​រៀន​អំពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។ (​កិច្ច. ២៤:១៥​) ក្នុង​ពិភព​លោក​ថ្មី ពួក​គាត់​នឹង​ឃើញ​ទី​សំអាង​ជាក់​ស្តែង​ពី​ប្រាជ្ញា​ដែល​មក​ពី​ការ​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ហើយ​មនុស្ស​រាប​សា​ក្នុង​ចំណោម​ពួក​គាត់ នឹង​ឆាប់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ​ប៉ុណ្ណោះ។

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

(​ទំនុក​តម្កើង ៧៩:៩​) ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​អើយ សូម​ជួយ​យើង​ខ្ញុំ ដោយ​យល់​ដល់​សិរី​ល្អ​នៃ​ព្រះ​នាម​ទ្រង់ សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ រួច ហើយ​អត់​ទោស​អំពើ​បាប របស់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ​នាម​ទ្រង់។

w​០៦ ១/៩ ទំ. ១០ វ. ៥

គោល​សំខាន់​ៗ​ពី​សៀវភៅ​ទំនុក​ដំកើង ប៉ែក​ទី​បី​និង​ទី​បួន

៧៩:៩: ព្រះ​យេហូវ៉ា​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង ជា​ពិសេស​ពេល​ដែល​សេចក្ដី​អធិស្ឋាន​នោះ​ទាក់​ទង​នឹង​ការ​ញែក​ព្រះ​នាម​ទ្រង់​ឲ្យ​បរិសុទ្ធ។

(​ទំនុក​តម្កើង ៨៦:៥​) ដ្បិត​ឱ​ព្រះ​អម្ចាស់​អើយ ទ្រង់​ល្អ​ទ្រង់​បំរុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ទ្រង់។

w​០៦ ១/៩ ទំ. ១០ វ. ៩

គោល​សំខាន់​ៗ​ពី​សៀវភៅ​ទំនុក​ដំកើង ប៉ែក​ទី​បី​និង​ទី​បួន

៨៦:៥: យើង​ពិត​ជា​មាន​ចិត្ត​អំណរ​ដែល​ព្រះ​យេហូវ៉ា​«​បំរុង​តែ​នឹង​អត់​ទោស​»​ឲ្យ​យើង! ទ្រង់​ទត​មើល​ជា​និច្ច​ខំ​រក​មូលដ្ឋាន​សម្រាប់​អត់​ឱន​ទោស​ឲ្យ​អ្នក​ធ្វើ​ខុស​ដែល​ប្រែ​ចិត្ត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក