ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2024 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី៦-១២ ខែឧសភា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៤៤៥
ភ្នំ
ស្ថិរភាព ស្ថិតស្ថេរ ឬខ្ពស់ត្រដែត។ ពេលគម្ពីររៀបរាប់អំពីភ្នំ គម្ពីរប្រើពាក្យស្ថិរភាពនិងស្ថិតស្ថេរ។ (អេ. ៥៤:១០; ហាប. ៣:៦; សូមពិនិត្យបន្ថែម ចសព. ៤៦:២) ដូច្នេះ ពេលអ្នកសរសេរចម្រៀងសរសើរព្រះរៀបរាប់ថា សេចក្ដីសុចរិតរបស់លោកគឺប្រៀបដូចជា«ភ្នំធំខ្ពស់មាំ» (ចសព. ៣៦:៦) គាត់ចង់មានន័យថាសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ាមិនអាចរង្គោះរង្គើឡើយ។ ឬដោយសារភ្នំមានកម្ពស់ខ្ពស់ ដូច្នេះគាត់ចង់បញ្ជាក់ថាសេចក្ដីសុចរិតរបស់ព្រះគឺខ្ពង់ខ្ពស់ជាងសេចក្ដីសុចរិតរបស់មនុស្សឆ្ងាយណាស់។ (សូមពិនិត្យបន្ថែម អេ. ៥៥:៨, ៩) នៅពេលដែលព្រះនឹងចាក់កំហឹងរបស់លោកចេញពីចានគោមទី៧ ការបើកបង្ហាញ ១៦:២០ ចែងថា«ភ្នំទាំងឡាយលែងមានទៀត»។ នេះបង្ហើបឲ្យឃើញថាសូម្បីតែភ្នំដ៏ខ្ពស់ត្រដែតទាំងឡាយក៏មិនអាចគេចផុតពីព្រះយេហូវ៉ា នៅថ្ងៃដែលលោកបញ្ចេញកំហឹងរបស់លោកដែរ។—សូមពិនិត្យបន្ថែម យេ. ៤:២៣-២៦
ថ្ងៃទី១៣-១៩ ខែឧសភា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ចម្រៀងសរសើរព្រះ ៣៨-៣៩
ចូរលះចោលអារម្មណ៍បន្ទោសខ្លួនហួសហេតុពេក
w០២-E ១៥/១១ ទំ.២០ វ.១-២
តើតាមរបៀបណាយើងអាចប្រើជីវិតរបស់យើងដើម្បីព្រះយេហូវ៉ា?
ជីវិតរបស់យើងគឺមានរយៈពេលខ្លីណាស់។ ដាវីឌដែលជាអ្នកសរសេរចម្រៀងសរសើរព្រះឃើញថាជីវិតមនុស្សគឺខ្លីមែន ហើយនេះជំរុញចិត្តគាត់ឲ្យអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ា សូមប្រាប់ខ្ញុំឲ្យដឹងពីចុងបញ្ចប់នៃជីវិតខ្ញុំផង តើខ្ញុំអាចរស់ដល់ពេលណា? សូមប្រាប់ផង ដើម្បីខ្ញុំអាចដឹងថាជីវិតខ្ញុំខ្លីយ៉ាងណា។ តាមពិតលោកបានឲ្យខ្ញុំរស់រានមួយរយៈពេលខ្លី ហើយអាយុជីវិតខ្ញុំខ្លីណាស់ចំពោះលោក»។ អ្វីដែលសំខាន់បំផុតចំពោះដាវីឌគឺការមានរបៀបរស់នៅដែលធ្វើឲ្យព្រះពេញចិត្ត ហើយនេះរួមបញ្ចូលពាក្យសម្ដីនិងការប្រព្រឹត្តរបស់គាត់។ គាត់បញ្ជាក់ថាគាត់ត្រូវពឹងផ្អែកទៅលើព្រះទាំងស្រុង ដោយនិយាយថា៖ «លោកជាសេចក្ដីសង្ឃឹមតែមួយគត់របស់ខ្ញុំ»។ (ចសព. ៣៩:៤, ៥, ៧) ព្រះយេហូវ៉ាបានស្ដាប់សេចក្ដីអធិដ្ឋានរបស់គាត់។ លោកបានចងចាំអ្វីៗទាំងអស់ដែលដាវីឌបានធ្វើហើយផ្ដល់រង្វាន់ដល់គាត់។
សព្វថ្ងៃនេះ យើងអាចជាប់រវល់គ្រប់វិនាទី ហើយមានកិច្ចការមមាញឹកជាច្រើនដែលយើងត្រូវធ្វើក្នុងជីវិត។ នេះអាចធ្វើឲ្យយើងខ្វល់ខ្វាយជាខ្លាំង ដោយសារយើងមិនមានពេលគ្រប់គ្រាន់ដើម្បីសម្រេចកិច្ចការទាំងនោះទេ។ ដូចដាវីឌ តើយើងចាត់ទុកការមានរបៀបរស់នៅដែលធ្វើឲ្យព្រះពេញចិត្តថាជាអ្វីដែលសំខាន់ក្នុងជីវិតរបស់យើងឬទេ? យើងដឹងច្បាស់ថាព្រះសង្កេតមើលយើងទាំងអស់គ្នាដោយយកចិត្តទុកដាក់។ ប្រហែលជា៣.៦០០ឆ្នាំមុន យ៉ូបជាបុរសដែលកោតខ្លាចព្រះម្នាក់បានទទួលស្គាល់ថា ព្រះយេហូវ៉ាឃើញផ្លូវដែលយើងដើរ ហើយមើលគ្រប់ជំហានរបស់យើង។ យ៉ូបសួរថា៖ «ពេលលោកសួរដេញដោលខ្ញុំអំពីរឿងនោះ តើខ្ញុំគួរឆ្លើយដូចម្ដេច?»។ (យ៉ូប ៣១:៤-៦, ១៤) យើងអាចប្រើជីវិតដើម្បីព្រះយេហូវ៉ាដោយចាត់ទុកការគោរពប្រណិប័តន៍លោកថាសំខាន់បំផុត ធ្វើតាមបង្គាប់របស់លោក ហើយប្រើពេលវេលារបស់យើងដោយឈ្លាសវៃ។ សូមឲ្យយើងពិចារណាយ៉ាងដិតដល់អំពីអ្វីទាំងនេះ។
ថ្ងៃទី២០-២៦ ខែឧសភា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.១៦
ព្រះយេហូវ៉ា
កំណត់ហេតុទាំងអស់ក្នុងគម្ពីរ ទាក់ទងនឹងសិទ្ធិត្រឹមត្រូវរបស់ព្រះយេហូវ៉ាដើម្បីគ្រប់គ្រង ហើយគម្ពីរបើកបង្ហាញអំពីគោលបំណងចម្បងរបស់ព្រះយេហូវ៉ា គឺធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ ដើម្បីធ្វើដូច្នេះ លោកត្រូវជម្រះការតិះដៀលពីនាមរបស់លោក។ លើសពីនោះទៅទៀត នេះតម្រូវឲ្យមនុស្សទាំងឡាយនៅផែនដីនិងទេវតាគ្រប់រូបនៅស្ថានសួគ៌លើកតម្កើងហើយចាត់ទុកនាមរបស់លោកថាជាអ្វីដ៏ពិសិដ្ឋ។ នេះមានន័យថាពួកគេទទួលស្គាល់និងគោរពសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត ហើយចង់បម្រើនិងពេញចិត្តធ្វើតាមបំណងប្រាថ្នារបស់លោក ដោយសារពួកគេស្រឡាញ់លោក។ សេចក្ដីអធិដ្ឋានរបស់ដាវីឌទៅកាន់ព្រះយេហូវ៉ានៅចម្រៀងសរសើរព្រះ ៤០:៥-១០ បង្ហាញអំពីចិត្តគំនិតបែបនេះ ហើយពិតជាលើកតម្កើងនាមរបស់ព្រះឲ្យបានបរិសុទ្ធមែន។ (សូមកត់សម្គាល់របៀបដែលសាវ័កប៉ូលបានលើកឡើងផ្នែកខ្លះៗពីបទនេះ ដើម្បីសំដៅទៅលើលោកយេស៊ូនៅ ហេ. ១០:៥-១០)
ថ្ងៃទី២៧ ខែឧសភា–ថ្ងៃទី២ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ចម្រៀងសរសើរព្រះ ៤២-៤៤
ចូរទទួលប្រយោជន៍ពីការអប់រំដែលមកពីព្រះយេហូវ៉ា
w១២-E ១៥/១ ទំ.១៥ វ.២
តើតាមរបៀបណាយើងអាចសប្បាយហើយទទួលប្រយោជន៍ច្រើនជាងពេលសិក្សាផ្ទាល់ខ្លួន?
១ អធិដ្ឋាន៖ ជំហានទី១គឺអធិដ្ឋាន។ (ចសព. ៤២:៨) ហេតុអ្វី? យើងគួរចាត់ទុកការសិក្សាបណ្ដាំរបស់ព្រះថាជាផ្នែកមួយនៃការគោរពប្រណិប័តន៍របស់យើង។ ដូច្នេះ យើងត្រូវសុំព្រះយេហូវ៉ាជួយយើងឲ្យមានចិត្តគំនិតត្រឹមត្រូវ និងផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់យើង។ (លូកា ១១:១៣) បងស្រីម្នាក់ដែលបានបម្រើជាសាសនទូតអស់ជាច្រើនឆ្នាំឈ្មោះបាប្រឺនិយាយថា៖ «ខ្ញុំតែងតែអធិដ្ឋានមុនខ្ញុំអានឬសិក្សាគម្ពីរ។ ក្រោយមក ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាកំពុងតែនៅក្បែរខ្ញុំ ហើយលោកពេញចិត្តនឹងអ្វីដែលខ្ញុំធ្វើ»។ ការអធិដ្ឋានមុនសិក្សាផ្ទាល់ខ្លួនត្រៀមចិត្តគំនិតរបស់យើងឲ្យទទួលយកសេចក្ដីបង្រៀនដ៏បរិបូរពីព្រះដែលប្រៀបដូចជាអាហារ។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១២៤២
ឆ្កែព្រៃ
បទគម្ពីរប្រើពាក្យឆ្កែព្រៃក្នុងន័យធៀប។ ពេលដែលយ៉ូបរៀបរាប់អំពីស្ថានភាពដ៏វេទនារបស់គាត់ គាត់បានលាន់មាត់ថា គាត់ក្លាយទៅជា«បងប្អូនរបស់ឆ្កែព្រៃ»។ (យ៉ូប ៣០:២៩) ពេលអ្នកតែងចម្រៀងសរសើរព្រះគិតអំពីពេលដែលរាស្ត្ររបស់ព្រះបរាជ័យយ៉ាងអាម៉ាស់មុខក្នុងសង្គ្រាម គាត់ប្រហែលជាបានឃើញឆ្កែព្រៃប្រមូលផ្ដុំគ្នាដើម្បីស៊ីសាកសពមនុស្សដែលបានស្លាប់ (សូមពិនិត្យបន្ថែម ចសព. ៦៨:២៣) ដូច្នេះ គាត់បានយំកាន់ទុក្ខថា៖ «លោកបានធ្វើឲ្យយើងបរាជ័យនៅកន្លែងរបស់ឆ្កែព្រៃ»។ (ចសព. ៤៤:១៩) ពេលជនជាតិបាប៊ីឡូនឡោមព័ទ្ធក្រុងយេរូសាឡិមនៅឆ្នាំ៦០៧មុនគ.ស. នេះនាំឲ្យមានការអត់ឃ្លានយ៉ាងខ្លាំង ហើយជាលទ្ធផលសូម្បីតែម្ដាយក៏បានប្រព្រឹត្តចំពោះកូនៗរបស់ពួកគេយ៉ាងព្រៃផ្សៃដែរ។ ដូច្នេះ យេរេមាចង់បញ្ជាក់ថា សូម្បីតែឆ្កែព្រៃចេះថែរក្សាកូនរបស់វា តែ«រាស្ត្ររបស់ព្រះ»បែរជាឃោរឃៅជាងឆ្កែព្រៃទៅទៀត។—បទំ. ៤:៣, ១០
ថ្ងៃទី៣-៩ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ចម្រៀងសរសើរព្រះ ៤៥-៤៧
បទចម្រៀងអំពីអាពាហ៍ពិពាហ៍របស់ស្ដេច
it-2-E ទំ.១១៦៩
សង្គ្រាម
ក្រោយសង្គ្រាមរបស់ព្រះ ផែនដីនឹងមានសន្តិភាពអស់រយៈពេល១.០០០ឆ្នាំ។ ចម្រៀងសរសើរព្រះចែងថា៖ «[ព្រះយេហូវ៉ា]នឹងធ្វើឲ្យផែនដីទាំងមូលលែងមានសង្គ្រាមទៀត លោកបំបាក់ធ្នូ ហើយកម្ទេចលំពែង លោកដុតរទេះចម្បាំងចោលទាំងអស់»។ នេះបានសម្រេចជាលើកដំបូងនៅពេលដែលព្រះធ្វើឲ្យទឹកដីរបស់ជនជាតិអ៊ីស្រាអែលមានសន្តិភាពដោយបំផ្លាញគ្រឿងចម្បាំងរបស់ពួកសត្រូវ។ ក្រោយលោកយេស៊ូបំផ្លាញពួកសត្រូវនៅសង្គ្រាមអាម៉ាគេដូន មនុស្សនៅទូទាំងផែនដីនឹងសប្បាយរីករាយ មានសន្តិភាព និងសេចក្ដីសុខសាន្តជាបរិបូរ។ (ចសព. ៤៦:៨-១០) អ្នកដែលនឹងទទួលរង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់គឺជាមនុស្សដែល«យកដាវរបស់ខ្លួន ដំធ្វើជាផាលនង្គ័ល ហើយយកលំពែង ដំធ្វើជាដង្កាវវិញ» ហើយពួកគាត់ក៏នឹងមិន«រៀនធ្វើសង្គ្រាមទៀតដែរ»។ «ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍ហើយ»។—អេ. ២:៤; មីកា ៤:៣, ៤
ថ្ងៃទី១០-១៦ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ចម្រៀងសរសើរព្រះ ៤៨-៥០
ឪពុកម្ដាយ ចូរពង្រឹងទំនុកចិត្តក្រុមគ្រួសាររបស់អ្នកទៅលើអង្គការព្រះយេហូវ៉ា
w១១-E ១៥/៣ ទំ.១៩ វ.៥-៧
មានមូលហេតុដែលអ្នកមានអំណរ
«ចូរដើរជុំវិញស៊ីយ៉ូន ចូរដើរជុំវិញចុះ។ ចូររាប់ចំនួនប៉មរបស់ក្រុងនោះ។ ចូរពិចារណាមើលកំពែងក្រុងនោះឲ្យបានហ្មត់ចត់ ចូរពិនិត្យមើលប៉មមាំមួនទាំងឡាយផង ដើម្បីអ្នកអាចតំណាលប្រាប់ដល់កូនចៅជំនាន់ក្រោយ»។ (ចសព. ៤៨:១២, ១៣) អ្នកសរសេរចម្រៀងសរសើរព្រះលើកទឹកចិត្តពួកអ៊ីស្រាអែលឲ្យពិនិត្យមើលក្រុងយេរូសាឡិមយ៉ាងដិតដល់។ សូមស្រមៃគិតអនុស្សាវរីយ៍ល្អៗរបស់ក្រុមគ្រួសារជនជាតិអ៊ីស្រាអែល កាលដែលពួកគេធ្វើដំណើរទៅក្រុងដ៏បរិសុទ្ធនេះ ដើម្បីចូលរួមបុណ្យផ្សេងៗជារៀងរាល់ឆ្នាំ ហើយឃើញភាពអស្ចារ្យនៃវិហារព្រះ។ នេះប្រាកដជាបានជំរុញចិត្តពួកគេឲ្យ«តំណាលប្រាប់ដល់កូនចៅជំនាន់ក្រោយ»របស់ពួកគេ។
សូមគិតអំពីមហាក្សត្រីស្រុកសេបា ដំបូងគាត់សង្ស័យពេលគាត់ឮអំពីការគ្រប់គ្រងដ៏រុងរឿងនិងប្រាជ្ញាដ៏អស្ចារ្យរបស់ស្ដេចសាឡូម៉ូន។ តើអ្វីបានជួយគាត់ឲ្យជឿជាក់ថាអ្វីដែលគាត់បានឮគឺជាការពិត? គាត់និយាយថា៖ «ដំបូងឡើយខ្ញុំមិនជឿអ្វីដែលគេប្រាប់នោះទេ ទាល់តែខ្ញុំបានមកឃើញដោយផ្ទាល់ភ្នែក»។ (២ប្រ. ៩:៦) មែនហើយ អ្វីដែលយើង«ឃើញដោយផ្ទាល់ភ្នែក»អាចមានឥទ្ធិពលយ៉ាងខ្លាំងមកលើយើង។
តើតាមរបៀបណាអ្នកអាចជួយកូនៗឲ្យឃើញភាពអស្ចារ្យនៃអង្គការរបស់ព្រះយេហូវ៉ា«ដោយផ្ទាល់ភ្នែក»? សូមនាំកូនៗទៅលេងការិយាល័យសាខារបស់សាក្សីព្រះយេហូវ៉ា បើមាននៅជិតតំបន់របស់អ្នក។ ជាឧទាហរណ៍ មេនឌីនិងបេថានីធំឡើងនៅតំបន់ដែលមានចម្ងាយប្រហែល១.៥០០គីឡូម៉ែត្រពីបេតអែល។ ប៉ុន្តែឪពុកម្ដាយរបស់ពួកគេតែងតែរៀបចំគម្រោងទៅលេងបេតអែល ជាពិសេសកាលដែលពួកគេធំឡើង។ ពួកគេនិយាយថា៖ «មុនទៅលេងបេតអែល ខ្ញុំគិតថាកន្លែងនោះគឺតឹងរឹង ហើយសម្រាប់តែមនុស្សចាស់ប៉ុណ្ណោះ។ ប៉ុន្តែ យើងបានជួបបងប្អូនវ័យក្មេងដែលខំប្រឹងធ្វើការហត់នឿយដើម្បីព្រះយេហូវ៉ា ហើយពួកគាត់ពេញចិត្តកិច្ចការរបស់ពួកគាត់ណាស់! យើងឃើញថាអង្គការរបស់ព្រះយេហូវ៉ាគឺធំណាស់ មិនមែនមានតែនៅតំបន់របស់យើងប៉ុណ្ណោះទេ ហើយរាល់ដងដែលយើងទៅលេងបេតអែល យើងទទួលការលើកទឹកចិត្តជាខ្លាំងដើម្បីបន្តបម្រើព្រះ»។ ការឃើញអង្គការរបស់ព្រះដោយផ្ទាល់ភ្នែកជំរុញចិត្តមេនឌីនិងបេថានីឲ្យចាប់ផ្ដើមត្រួសត្រាយពេញពេល ហើយក្រោយមក ពួកគាត់បានត្រូវអញ្ជើញឲ្យបម្រើនៅបេតអែលជាអ្នកស្ម័គ្រចិត្តធ្វើការបណ្ដោះអាសន្ន។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៨០៥
ទ្រព្យសម្បត្តិ
ជនជាតិអ៊ីស្រាអែលជាប្រជាជាតិមួយដ៏ចម្រុងចម្រើន ពួកគេមានអាហារជាបរិបូរ (១បស. ៤:២០; អទ. ៥:១៨, ១៩) ហើយទ្រព្យសម្បត្តិរបស់ពួកគេជួយការពារពួកគេពីភាពក្រីក្រ។ (សុភ. ១០:១៥; អទ. ៧:១២) ទោះជាព្រះយេហូវ៉ាចង់ឲ្យពួកគេទទួលភាពចម្រុងចម្រើន ពីការនឿយហត់របស់ពួកគេក្ដី (សូមពិនិត្យបន្ថែម សុភ. ៦:៦-១១; ២០:១៣; ២៤:៣៣, ៣៤) តែលោកក៏បានព្រមានអំពីគ្រោះថ្នាក់នៃការភ្លេចថាលោកជាប្រភពនៃទ្រព្យសម្បត្តិរបស់ពួកគេ ហើយចាប់ផ្ដើមទុកចិត្តទ្រព្យសម្បត្តិជាជាងព្រះ។ (បច. ៨:៧-១៧; ចសព. ៤៩:៦-៩; សុភ. ១១:៤; ១៨:១០, ១១; យេ. ៩:២៣, ២៤) ពួកគេបានទទួលការរំលឹកថា ទ្រព្យសម្បត្តិដែលពួកគេមានគឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ (សុភ. ២៣:៤, ៥) យើងមិនអាចជូនទ្រព្យសម្បត្តិទៅព្រះដើម្បីរួចពីសេចក្ដីស្លាប់បានឡើយ (ចសព. ៤៩:៦, ៧) ហើយទ្រព្យសម្បត្តិគ្មានតម្លៃសម្រាប់មនុស្សស្លាប់ទេ។ (ចសព. ៤៩:១៦, ១៧; អទ. ៥:១៥) ការឲ្យតម្លៃទ្រព្យសម្បត្តិហួសហេតុពេកនឹងនាំឲ្យមានការប្រព្រឹត្តមិនទៀងត្រង់ ហើយនាំឲ្យព្រះយេហូវ៉ាមិនពេញចិត្ត។ (សុភ. ២៨:២០; សូមពិនិត្យបន្ថែម យេ. ៥:២៦-២៨; ១៧:៩-១១) ពួកគេបានត្រូវលើកទឹកចិត្តឲ្យ«លើកកិត្តិយសព្រះយេហូវ៉ា ដោយជូនរបស់មានតម្លៃទៅលោក»។—សុភ. ៣:៩
ថ្ងៃទី១៧-២៣ ខែមិថុនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៦៤៤
ដូអេក
គាត់ជាជនជាតិអេដំម្នាក់ដែលបានបម្រើជាមេគ្រប់គ្រងលើពួកអ្នកឃ្វាលហ្វូងចៀមរបស់សុល គាត់មើលការខុសត្រូវលើអ្នកបម្រើរបស់សុល។ (១សាំ. ២១:៧; ២២:៩) ដូអេកច្បាស់ជាបានចូលសាសនាយូដា។ ប្រហែលជាដោយសារពាក្យសម្បថណាមួយ ភាពមិនស្អាតបរិសុទ្ធ ឬដោយសារគេសង្ស័យថាគាត់មានជំងឺឃ្លង់ គាត់បានត្រូវ«បង្ខាំងនៅចំពោះមុខព្រះយេហូវ៉ា»នៅក្រុងណូប ហើយឃើញសម្ដេចសង្ឃអាហ៊ីម៉ាឡិចឲ្យនំប៉័ងនិងដាវរបស់កូលីយ៉ាតដល់ដាវីឌ។ ពេលសុលនិយាយថាពួកអ្នកបម្រើទាំងអស់របស់គាត់បានឃុបឃិតគ្នាទាស់នឹងគាត់ នោះដូអេកបានរាយការណ៍ប្រាប់សុលនូវអ្វីដែលគាត់បានឃើញនៅក្រុងណូប។ ដូច្នេះ ស្ដេចបានចាត់គេឲ្យទៅហៅសម្ដេចសង្ឃនិងពួកសង្ឃទាំងអស់នៅក្រុងណូប ហើយគាត់បានសួរចម្លើយសម្ដេចសង្ឃអាហ៊ីម៉ាឡិច។ រួចស្ដេចបង្គាប់អង្គរក្សដែលនៅជុំវិញគាត់ឲ្យសម្លាប់ពួកសង្ឃទាំងអស់នោះ ប៉ុន្តែពួកគេមិនហ៊ានសម្លាប់ពួកសង្ឃទេ។ ពេលឃើញដូច្នេះ ដូអេកបានធ្វើតាមបង្គាប់របស់ស្ដេចដោយសម្លាប់ពួកសង្ឃចំនួន៨៥នាក់ដោយឥតស្ទាក់ស្ទើរ។ ក្រោយការប្រព្រឹត្តដ៏អាក្រក់នេះ ដូអេកបានវាយប្រហារក្រុងណូប ហើយបានសម្លាប់មនុស្សទាំងប្រុសទាំងស្រី កូនក្មេងនិងចាស់ ព្រមទាំងហ្វូងសត្វទាំងឡាយផងដែរ។—១សាំ. ២២:៦-២០
ដូចបានបញ្ជាក់នៅពាក្យផ្ដើមនៃចម្រៀងសរសើរព្រះ ៥២ ដាវីឌបានសរសេរអំពីដូអេកថា៖ «អណ្ដាតរបស់អ្នក មុតដូចជាកាំបិតកោរ អ្នករៀបឧបាយកល ហើយបោកបញ្ឆោតអ្នកឯទៀត។ អ្នកស្រឡាញ់ការអាក្រក់ជាងស្រឡាញ់ការល្អ អ្នកចូលចិត្តនិយាយកុហកជាងនិយាយអ្វីដែលត្រឹមត្រូវ។ ឱអ្នកដែលមានអណ្ដាតបោកបញ្ឆោត! អ្នកចូលចិត្តប្រើពាក្យបញ្ឈឺចិត្តមនុស្សឯទៀត»។—ចសព. ៥២:២-៤
ថ្ងៃទី២៤-៣០ ខែមិថុនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៨៥៧-៨៥៨
ការដឹងទុកជាមុន
ពេលដែលយូដាស អ៊ីស្ការីយ៉ុតក្បត់លោកយេស៊ូ នេះបានសម្រេចទំនាយ ហើយបង្ហាញថាព្រះយេហូវ៉ានិងបុត្ររបស់លោកបានដឹងទុកជាមុនអំពីអ្វីៗដែលនឹងកើតឡើង។ (ចសព. ៤១:៩; ៥៥:១២, ១៣; ១០៩:៨; សកម្ម. ១:១៦-២០) តែនេះមិនមានន័យថាព្រះបានកំណត់អនាគតរបស់យ៉ូដាសទេ។ ទំនាយក្នុងគម្ពីរបញ្ជាក់ថានឹងមានបុគ្គលជិតស្និទ្ធម្នាក់របស់លោកយេស៊ូដែលនឹងក្បត់លោក តែមិនបានបញ្ជាក់ចំៗថាបុគ្គលនោះជាអ្នកណានោះទេ។ ម្យ៉ាងទៀត គោលការណ៍គម្ពីរបង្ហាញថាព្រះមិនបានកំណត់ការប្រព្រឹត្តរបស់យ៉ូដាសទុកជាមុនឡើយ។ សាវ័កប៉ូលបានបញ្ជាក់អំពីខ្នាតតម្រារបស់ព្រះថា៖ «កុំឆាប់ដាក់ដៃលើបុរសណាម្នាក់ឡើយ ហើយកុំរួមចំណែកក្នុងអំពើខុសឆ្គងរបស់អ្នកឯទៀត។ ចូររក្សាខ្លួនឲ្យបរិសុទ្ធជានិច្ច»។ (១ធី. ៥:២២; សូមពិនិត្យបន្ថែម ១ធី. ៣:៦) លោកយេស៊ូចង់ជ្រើសរើសសាវ័ក១២នាក់យ៉ាងត្រឹមត្រូវ ដូច្នេះលោកបានចំណាយពេលពេញមួយយប់ក្នុងការអធិដ្ឋានទៅបិតារបស់លោកមុនធ្វើការសម្រេចចិត្តនោះ។ (លូក. ៦:១២-១៦) ដូច្នេះ បើព្រះបានកំណត់ទុកជាមុនរួចទៅហើយថាយ៉ូដាសត្រូវជាអ្នកក្បត់លោកយេស៊ូ នេះមិនស្របតាមខ្នាតតម្រានិងការណែនាំរបស់លោកទេ ហើយក៏មានន័យថាលោកបានរួមចំណែកក្នុងទង្វើក្បត់របស់យ៉ូដាសដែរ។
នៅពេលដែលយ៉ូដាសបានត្រូវជ្រើសរើសឲ្យធ្វើជាសាវ័ក គាត់មិនមានចិត្តក្បត់ទេ។ ប៉ុន្តែ គាត់អនុញ្ញាតឲ្យ‹ឫសដែលមានពិសពុលដុះឡើង› ហើយបង្ខូចចិត្តគំនិតរបស់គាត់។ ដូច្នេះជាជាងធ្វើតាមការណែនាំរបស់ព្រះ គាត់ចាប់ផ្ដើមទទួលឥទ្ធិពលពីមេកំណាច ដែលនាំឲ្យគាត់លួចនិងក្បត់លោកយេស៊ូ។ (ហេ. ១២:១៤, ១៥; យ៉ូន. ១៣:២; សកម្ម. ១:២៤, ២៥; យ៉ា. ១:១៤, ១៥) មួយរយៈពេលក្រោយមក លោកយេស៊ូអាចឃើញចិត្តគំនិតរបស់គាត់ ហើយដឹងថាគាត់ជាអ្នកដែលនឹងក្បត់លោក។—យ៉ូន. ១៣:១០, ១១