ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2024 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី៨-១៤ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ ចម្រៀងសរសើរព្រះ ៦០-៦២
ព្រះយេហូវ៉ាផ្ដល់ការការពារ អារម្មណ៍សុវត្ថិភាព និងជួយយើងឲ្យនឹងនរក្នុងចិត្ត
it-2-E ទំ.១១១៨ វ.៧
ប៉ម
ក្នុងន័យធៀប។ អស់អ្នកដែលមានជំនឿនិងពឹងផ្អែកលើព្រះយេហូវ៉ា មានអារម្មណ៍សុវត្ថិភាពដូចដាវីឌបានច្រៀងថា៖ «លោក[ព្រះយេហូវ៉ា]ជាទីពឹងជ្រករបស់ខ្ញុំ និងជាប៉មមាំមួនដែលការពារខ្ញុំពីសត្រូវ»។ (ចសព. ៦១:៣) អ្នកដែលទទួលស្គាល់អត្ថន័យនៃនាមរបស់ព្រះ បង្ហាញទំនុកចិត្ត និងតំណាងនាមលោកដោយស្មោះត្រង់មិនចាំបាច់ភ័យខ្លាចឡើយ ព្រោះ«នាមរបស់ព្រះយេហូវ៉ាជាប៉មមាំមួន ពេលមនុស្សសុចរិតរត់ចូលទៅ គាត់នឹងទទួលបានការការពារ»។—សុភ. ១៨:១០; សូមពិនិត្យបន្ថែម ១សាំ. ១៧:៤៥-៤៧
it-2-E ទំ.១០៨៤ វ.៨
ត្រសាល
«ត្រសាល»ក៏មានន័យធៀបផ្សេងៗដែរ។ ត្រសាលរបស់បុគ្គលម្នាក់ជាកន្លែងសម្រាក និងការពារគាត់ពីអាកាសធាតុ។ (ដក. ១៨:១) ជនជាតិអ៊ីស្រាអែលមានទំនៀមទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់ ដូច្នេះពេលបុគ្គលណាម្នាក់អញ្ជើញភ្ញៀវឲ្យចូលក្នុងត្រសាលរបស់គាត់ នោះភ្ញៀវអាចរំពឹង ថាពួកគេនឹងទទួលការយកចិត្តទុកដាក់និងការគោរព។ ហេតុនេះហើយ បានជាសៀវភៅការបើកបង្ហាញ ៧:១៥ រៀបរាប់អំពីមនុស្សមួយក្រុមធំ ថាព្រះ«នឹងរៀបចំត្រសាលមួយដើម្បីការពារពួកគេ»។ (ចសព. ៦១:៣, ៤) អេសាយរៀបរាប់ថា ភរិយារបស់ព្រះ គឺស៊ីយ៉ូន នឹងធ្វើការរៀបចំផ្សេងៗសម្រាប់កូនប្រុសៗដែលនាងនឹងបង្កើត។ នាងត្រូវ«ពង្រីកទីធ្លាត្រសាលឲ្យធំទូលាយ»ដើម្បីការពារកូនៗរបស់នាង។—អេ. ៥៤:២
ថ្ងៃទី១៥-២១ ខែកក្កដា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០៧-E ១៥/១១ ទំ.១៥ វ.៦
តើអ្នកលើកទឹកចិត្តអ្នកឯទៀតឬទេ?
ការបំផ្លាញអគារណាមួយគឺងាយស្រួលជាងការសាងសង់អគារថ្មីឡើង។ ដូចគ្នាដែរ ពាក្យសម្ដីរបស់យើងអាចបំបាក់ទឹកចិត្តអ្នកឯទៀត ឬធ្វើឲ្យអ្នកឯទៀតមានកម្លាំងចិត្តឡើងវិញ។ ជាមនុស្សមិនល្អឥតខ្ចោះ យើងទាំងអស់គ្នាចេះធ្វើខុស។ ស្ដេចសាឡូម៉ូនបាននិយាយថា៖ «នៅផែនដី គ្មានមនុស្សសុចរិតណាម្នាក់ដែលតែងតែធ្វើល្អជានិច្ច ហើយមិនចេះធ្វើខុសនោះទេ»។ (អ្នកទូន្មាន ៧:២០) យើងស្រួលមើលឃើញកំហុសរបស់បុគ្គលម្នាក់ ហើយប្រើពាក្យសម្ដីមិនសប្បុរសដែលធ្វើឲ្យគាត់ធ្លាក់ទឹកចិត្ត។ (ចម្រៀងសរសើរព្រះ ៦៤:២-៤) ផ្ទុយទៅវិញ ការនិយាយពាក្យសម្ដីដែលលើកទឹកចិត្តតម្រូវឲ្យយើងខំព្យាយាម។
ថ្ងៃទី២២-២៨ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ ចម្រៀងសរសើរព្រះ ៦៦-៦៨
ព្រះយេហូវ៉ារែកពុនបន្ទុករបស់យើងរាល់ថ្ងៃ
w១០-E ១/១២ ទំ.២៣ វ.៦
ការបង្ហាញការយកចិត្តទុកដាក់ចំពោះឪពុកឬម្ដាយដែលចិញ្ចឹមកូនតែម្នាក់ឯង
ព្រះយេហូវ៉ាបានបណ្ដាលឲ្យគេតែងចម្រៀងពិសិដ្ឋឬចម្រៀងសរសើរព្រះ ដែលពួកអ៊ីស្រាអែលអាចច្រៀងក្នុងការគោរពប្រណិប័តន៍។ សូមស្រមៃគិតថាស្ត្រីមេម៉ាយនិងកូនកំព្រាទទួលការលើកទឹកចិត្តយ៉ាងណា ពេលពួកគាត់ច្រៀងចម្រៀងដែលមកពីព្រះ ដែលរំលឹកពួកគាត់ថាព្រះយេហូវ៉ាជា«ឪពុក»និងជាអ្នក«វិនិច្ឆ័យក្ដីឲ្យ»ពួកគាត់ ហើយថាលោកនឹងសម្រាលទុក្ខពួកគាត់។ (ចម្រៀងសរសើរព្រះ ៦៨:៥; ១៤៦:៩) ដូចគ្នាដែរ យើងអាចនិយាយពាក្យដែលលើកទឹកចិត្តបងប្អូនដែលចិញ្ចឹមកូនតែម្នាក់ឯង ដែលអាចដិតជាប់ក្នុងចិត្តរបស់ពួកគាត់អស់រយៈពេលច្រើនឆ្នាំ។ បងស្រីរូថដែលចិញ្ចឹមកូនតែម្នាក់ឯងនៅតែនឹកចាំកាលពី២០ឆ្នាំមុន ពេលដែលគាត់បានទទួលការលើកទឹកចិត្តពីបងប្រុសម្នាក់ដែលប្រាប់គាត់ថា៖ «ប្អូនបានចិញ្ចឹមកូនប្រុសទាំងពីរនាក់យ៉ាងល្អណាស់។ កុំឈប់ព្យាយាមឡើយប្អូន»។ បងរូថថា៖ «ពេលឮពាក្យទាំងនោះពីគាត់ នេះបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំ»។ ប្រាកដណាស់ «អណ្ដាតដែលធ្វើឲ្យជាសះស្បើយ»អាចលើកទឹកចិត្តឪពុកម្ដាយដែលចិញ្ចឹមកូនតែម្នាក់ឯងហួសពីការនឹកស្មាន។ (សុភាសិត ១៥:៤; កំ.ស.) តើអ្នកអាចគិតអំពីពាក្យសរសើរដ៏ស្មោះអស់ពីចិត្ត ដែលអ្នកអាចនិយាយទៅកាន់ឪពុកម្ដាយដែលចិញ្ចឹមកូនតែម្នាក់ឯងឬទេ?
w០៩-E ១/៤ ទំ.៣១ វ.១
ឪពុករបស់កូនកំព្រា
«ព្រះអាស្រ័យនៅក្នុងទីបរិសុទ្ធរបស់លោក លោកជាឪពុករបស់កូនកំព្រា»។ (ចម្រៀងសរសើរព្រះ ៦៨:៥) ពាក្យទាំងនេះដែលបានកត់ទុកក្រោមការដឹកនាំរបស់ព្រះបង្ហាញអំពីមេរៀនដ៏កក់ក្ដៅអំពីព្រះយេហូវ៉ា គឺលោកពិតជាយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់អស់អ្នកដែលត្រូវការជំនួយ។ ការយកចិត្តទុកដាក់ដែលព្រះយេហូវ៉ាមានចំពោះកូនៗដែលបាត់បង់ឪពុកម្ដាយដោយសារសេចក្ដីស្លាប់ បានត្រូវបង្ហាញក្នុងច្បាប់ដែលលោកបានផ្ដល់ឲ្យជនជាតិអ៊ីស្រាអែល។ សូមឲ្យយើងពិនិត្យមើលពេលដែលបទគម្ពីរបានលើកឡើងអំពី«កូនកំព្រា»ជាលើកដំបូងនៅដំណើរចាកចេញ ២២:២២-២៤។
ថ្ងៃទី២៩ ខែកក្កដា–ថ្ងៃទី៤ ខែសីហា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ ចម្រៀងសរសើរព្រះ ៦៩
ចម្រៀងសរសើរព្រះ ៦៩បានទាយទុកអំពីអ្វីៗដែលកើតឡើងក្នុងជីវិតរបស់លោកយេស៊ូ
g៩៥-E ២២/១០ ទំ.៣១ វ.៤
តើអ្នកអាចស្លាប់ដោយសារចិត្តខ្ទេចខ្ទាំឬទេ?
អ្នកខ្លះនិយាយថាលោកយេស៊ូបានស្លាប់ដោយសារចិត្តខ្ទេចខ្ទាំ ស្របតាមទំនាយដែលបានសរសេរទុក ថា៖ «ពាក្យជេរប្រមាថធ្វើឲ្យចិត្តខ្ញុំខ្ទេចខ្ទាំ ហើយរបួសនោះព្យាបាលមិនជាឡើយ»។ (ចម្រៀងសរសើរព្រះ ៦៩:២០) តើពាក្យនេះគឺក្នុងន័យត្រង់ឬ? ប្រហែលមែន ដោយសារប៉ុន្មានម៉ោងមុនលោកយេស៊ូស្លាប់ លោកពិតជាឈឺចាប់យ៉ាងខ្លាំង មិនត្រឹមតែខាងផ្លូវកាយប៉ុណ្ណោះទេ តែក៏ខាងផ្លូវចិត្តដែរ។ (ម៉ាថាយ ២៧:៤៦; លូកា ២២:៤៤; ហេប្រឺ ៥:៧) បន្ថែមទៅទៀត បេះដូងរបស់លោកយេស៊ូបានខ្ទេចខ្ទាំ ដូច្នេះនេះប្រហែលជាមូលហេតុដែលលោកបានចេញ«ឈាមនិងទឹក» ពេលគេចាក់លោកដោយលំពែងក្រោយពីលោកស្លាប់។ ការដាច់សរសៃបេះដូង ឬដាច់សរសៃឈាមចម្បងៗអាចធ្វើឲ្យឈាមហូរចូលទៅក្នុងប្រហោងទ្រូង ឬចូលទៅក្នុងស្រោមបេះដូងដែលរុំព័ទ្ធនឹងបេះដូង។ ការចាក់ទម្លុះកន្លែងទាំងនោះអាចនាំឲ្យ«ឈាមនិងទឹក»ហូរចេញមក។—យ៉ូហាន ១៩:៣៤
it-2-E ទំ.៦៥០
រុក្ខជាតិពុល
គម្ពីរបានទាយអំពីមេស្ស៊ីថា លោកនឹងមានគេជូនលោកនូវ«រុក្ខជាតិពុល»ជាអាហារ។ (ចសព. ៦៩:២១) នេះកើតឡើងពេលដែលលោកយេស៊ូនៅលើបង្គោលទារុណកម្ម មុនលោកស្លាប់។ នៅពេលនោះមានគេហុចស្រាលាយជាមួយថ្នាំម្យ៉ាងដែលមានជាតិល្វីងដល់លោក តែក្រោយលោកភ្លក់ហើយ លោកមិនព្រមពិសាស្រានោះឡើយ នេះប្រហែលជាដោយសារលោកដឹងថាស្រានោះអាចបំបាត់ការឈឺចាប់របស់លោក។ ម៉ាថាយ (២៧:៣៤) បានកត់ទុកការសម្រេចនៃទំនាយនេះដោយប្រើពាក្យភាសាក្រិច(kho·leʹ) ដែលបានត្រូវបកប្រែថាថ្នាំម្យ៉ាងដែលមានជាតិល្វីង។ ពាក្យដដែលនេះក៏មានក្នុងសេចក្ដីបកប្រែគម្ពីរសេបធួជីនជាភាសាក្រិចដែរ នៅចម្រៀងសរសើរព្រះ ៦៩:២១។ ប៉ុន្តែ សៀវភៅម៉ាកុសបានរៀបរាប់អំពីជ័រល្វីងទេស (ម៉ាក. ១៥:២៣) ហើយនេះនាំឲ្យមនុស្សជាច្រើនយល់ថា«រុក្ខជាតិពុល»ឬ«ថ្នាំម្យ៉ាងដែលមានជាតិល្វីង»គឺជា«ជ័រល្វីងទេស»។ ការយល់ដឹងមួយទៀតគឺថា ស្រានោះបានត្រូវលាយជាមួយថ្នាំម្យ៉ាងដែលមានជាតិល្វីងនិងជ័រល្វីងទេស។
ថ្ងៃទី៥-១១ ខែសីហា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ ចម្រៀងសរសើរព្រះ ៧០-៧២
ចូរ«ប្រាប់មនុស្សតំណក្រោយ»អំពីឫទ្ធានុភាពរបស់ព្រះ
g០៤-E ៨/១០ ទំ.២៣ វ.៣
តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះបងប្អូនវ័យចាស់?
អ្នកតែងបទចម្រៀងសរសើរព្រះបានអធិដ្ឋានថា៖ «ក្នុងពេលខ្ញុំមានវ័យចាស់ សូមមេត្តាកុំបោះបង់ចោលខ្ញុំ ពេលខ្ញុំលែងមានកម្លាំង សូមកុំទុកខ្ញុំចោលឡើយ»។ (ចម្រៀងសរសើរព្រះ ៧១:៩) ព្រះមិន«បោះបង់ចោល»អ្នកបម្រើស្មោះត្រង់របស់លោកទេ ទោះបីជាពួកគាត់មានអារម្មណ៍ថាពួកគាត់មិនអាចធ្វើច្រើនដូចពីមុន ឬគ្មានតម្លៃចំពោះព្រះក៏ដោយ។ អ្នកសរសេរចម្រៀងសរសើរព្រះមិនមានអារម្មណ៍ថាព្រះយេហូវ៉ាបោះបង់ ចោលគាត់ឡើយ ផ្ទុយទៅវិញគាត់ឃើញថាគាត់ត្រូវពឹងផ្អែកទៅលើអ្នកបង្កើតរបស់គាត់កាន់តែច្រើនឡើង កាលដែលគាត់មានវ័យ កាន់តែចាស់ទៅៗ។ ព្រះយេហូវ៉ានឹងគាំទ្របងប្អូនដែលបង្ហាញភក្ដីភាពបែបនេះអស់មួយជីវិត។ (ចម្រៀងសរសើរព្រះ ១៨:២៥) ជាច្រើនដង ព្រះយេហូវ៉ាអាចប្រើបងប្អូនរួមជំនឿដើម្បីផ្ដល់ការគាំទ្រដល់ពួកគាត់។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៧៦៨
អឺប្រាត
ព្រំដែននៃទឹកដីរបស់អ៊ីស្រាអែល។ ព្រះបានធ្វើកិច្ចព្រមព្រៀងជាមួយអាប្រាហាំថា លោកនឹងឲ្យទឹកដីដល់កូនចៅរបស់គាត់«ចាប់ពីទន្លេស្រុកអេហ្ស៊ីប រហូតដល់ទន្លេធំដែលជាទន្លេអឺប្រាត»។ (ដក. ១៥:១៨) លោកបានរំលឹកប្រជាជាតិអ៊ីស្រាអែលនូវសេចក្ដីសន្យានោះម្ដងទៀត។ (ដច. ២៣:៣១; បច. ១:៧, ៨; ១១:២៤; យ៉ូស. ១:៤) ប្រវត្តិហេតុទី១ ៥:៩រៀបរាប់ថា មុនការគ្រប់គ្រងរបស់ដាវីឌ កូនចៅរបស់រូបេនបានពង្រីកទឹកដីរបស់ពួកគេ«ទៅទិសខាងកើតរហូតដល់តំបន់ស្ងាត់ជ្រងំក្បែរទន្លេអឺប្រាត» ហើយបើធ្វើដំណើរពី«តំបន់ខាងកើតស្រុកគីលាត»ទៅទន្លេអឺប្រាត នោះមានចម្ងាយជាង៨០០គីឡូម៉ែត្រ (១ប្រ. ៥:១០)។ នេះមានន័យថាកូន ចៅរបស់រូបេនប្រហែលជាបានពង្រីកទឹកដីរបស់ពួកគេពីខាងកើតស្រុកគីលាតរហូតដល់តំបន់ស្ងាត់ជ្រងំនៅស្រុកស៊ីរី ហើយតំបន់ស្ងាត់ជ្រងំនោះមានរហូតដល់ទន្លេអឺប្រាត។ ដូច្នេះ នេះបង្ហាញថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានសម្រេចយ៉ាងពេញលេញនៅក្នុងអំឡុងការគ្រប់គ្រងរបស់ដាវីឌនិងសាឡូម៉ូន ពេលដែលទឹកដីរបស់អ៊ីស្រាអែលបានត្រូវពង្រីករហូតដល់ស្រុកសូបា ហើយទៅដល់ទន្លេអឺប្រាតខាងជើងស្រុកស៊ីរី។ (២សាំ. ៨:៣; ១បស. ៤:២១; ១ប្រ. ១៨:៣-៨; ២ប្រ. ៩:២៦) ដោយសារមនុស្សជាច្រើនស្គាល់កន្លែងនោះហើយ ដូច្នេះគេគ្រាន់តែហៅកន្លែងនោះថា«ទន្លេ»ប៉ុណ្ណោះ។—យ៉ូស. ២៤:២, ១៥; ចសព. ៧២:៨
ថ្ងៃទី២៦ ខែសីហា–ថ្ងៃទី១ ខែកញ្ញា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ ចម្រៀងសរសើរព្រះ ៧៨
ភាពមិនស្មោះត្រង់របស់ជនជាតិអ៊ីស្រាអែលគឺជាគំរូអាក្រក់
w៩៦-E ១/១២ ទំ.២៩-៣០
ហេតុអ្វីយើងត្រូវ«នឹកចាំអំពីគ្រាមុន»?
គួរឲ្យសោកស្ដាយ ពួកអ៊ីស្រាអែលច្រើនតែភ្លេចព្រះយេហូវ៉ា។ តើមានលទ្ធផលអ្វី? គម្ពីរចែងថា៖ «ពួកគេល្បងលព្រះម្ដងហើយម្ដងទៀត ពួកគេបានធ្វើឲ្យព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលពិបាកចិត្ត។ ពួកគេមិនបានចងចាំអំពីឫទ្ធានុភាពរបស់លោកទេ គឺនៅថ្ងៃដែលលោកបានសង្គ្រោះពួកគេពីកណ្ដាប់ដៃសត្រូវ»។ (ចម្រៀងសរសើរព្រះ ៧៨:៤១, ៤២) នៅទីបំផុត ដោយសារពួកគេបានភ្លេចបញ្ញត្តិរបស់ព្រះយេហូវ៉ា នោះនាំឲ្យលោកបដិសេធពួកគេ។—ម៉ាថាយ ២១:៤២, ៤៣
អ្នកតែងចម្រៀងសរសើរព្រះបានទុកគំរូល្អ ពេលគាត់សរសេរថា៖ «ខ្ញុំនឹងមិនភ្លេចកិច្ចការរបស់យ៉ាឡើយ ខ្ញុំនឹងចងចាំការអស្ចារ្យដែលលោកបានធ្វើតាំងពីយូរមកហើយ។ ខ្ញុំនឹងរំពឹងគិតអំពីកិច្ចការទាំងអស់ដែលលោកបានធ្វើ ហើយខ្ញុំនឹងជញ្ជឹងគិតអំពីស្នាដៃរបស់លោក»។ (ចម្រៀងសរសើរព្រះ ៧៧:១១, ១២) ការរំពឹងគិតអំពីរបៀបដែលយើងបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ និងសេចក្ដីស្រឡាញ់ដែលលោកបានបង្ហាញចំពោះយើង នោះនឹងជំរុញចិត្ត លើកទឹកចិត្ត ហើយធ្វើឲ្យយើងមានចិត្តដឹងគុណចំពោះលោក។ បន្ថែមទៅទៀត ការ«នឹកចាំអំពីគ្រាមុន»អាចជួយយើងឲ្យមានកម្លាំងចិត្ត ហើយជំរុញយើងឲ្យខំអស់ពីសមត្ថភាពដើម្បីធ្វើអ្វីដែលយើងអាចធ្វើបាន ហើយបន្តស៊ូទ្រាំយ៉ាងស្មោះត្រង់។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៣០៩-៣១០
នំម៉ាណា
អ្នកតែងចម្រៀងសរសើរព្រះបានហៅនំម៉ាណាថាជា«អាហារពីលើមេឃ» (ចសព. ៧៨:២៤) «អាហារពីស្ថានសួគ៌» (ចសព. ១០៥:៤០) និង«អាហាររបស់ពួកអ្នកខ្លាំងពូកែ»។ (ចសព. ៧៨:២៥) គម្ពីររៀបរាប់ថាទេវតាមានកម្លាំង«ខ្លាំងក្លា» (ចសព. ១០៣:២០) ហេតុនេះហើយយើងអាចហៅពួកទេវតាថា«ពួកអ្នកខ្លាំងពូកែ»។ ប៉ុន្តែ នេះមិនមានន័យថាពួកទេវតាបរិភោគនំម៉ាណាទេ តែព្រះប្រហែលជាបានប្រើពួកគេឲ្យផ្ដល់នំនោះដល់ពួកអ៊ីស្រាអែល។ (សូមពិនិត្យបន្ថែម កាឡ. ៣:១៩) ឬ ដោយសារស្ថានសួគ៌គឺជាទីលំនៅរបស់«ពួកអ្នកខ្លាំងពូកែ» ពាក្យដែលថា«អាហាររបស់ពួកអ្នកខ្លាំងពូកែ»គ្រាន់តែចង់បញ្ជាក់ថាអាហារនោះគឺមកពីស្ថានសួគ៌ប៉ុណ្ណោះ។