ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2024 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី២-៨ ខែកញ្ញា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ ចម្រៀងសរសើរព្រះ ៧៩-៨១
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.១១១
យ៉ូសែប
ឈ្មោះយ៉ូសែបគឺល្បីល្បាញ។ ក្នុងចំណោមកូនប្រុសៗរបស់យ៉ាកុប យ៉ូសែបគឺជាបុគ្គលដែលលេចធ្លោជាងគេ។ ដូច្នេះ ពេលខ្លះគេប្រើឈ្មោះរបស់គាត់ដើម្បីតំណាងកុលសម្ព័ន្ធទាំងអស់នៃអ៊ីស្រាអែល (ចសព. ៨០:១) ឬអស់អ្នកដែលត្រូវរាប់បញ្ចូលក្នុងរាជាណាចក្រខាងជើង។ (ចសព. ៧៨:៦៧; អេម. ៥:៦, ១៥; ៦:៦) ទំនាយក្នុងគម្ពីរក៏បានលើកឡើងនូវឈ្មោះរបស់យ៉ូសែបដែរ។ ក្នុងការបើកបង្ហាញក្នុងគំនិតរបស់អ្នកប្រកាសទំនាយអេសេគាល យ៉ូសែបបានទទួលទឹកដីពីរចំណែក (អេគ. ៤៧:១៣) ហើយខ្លោងទ្វារមួយដែលនៅក្រុង«ព្រះយេហូវ៉ាស្ថិតនៅ»នៃស្រុកអ៊ីស្រាអែលក៏មានឈ្មោះរបស់គាត់ដែរ។ (អេគ. ៤៨:៣២, ៣៥) បន្ថែមទៅទៀត ការបើកបង្ហាញក្នុងគំនិតនោះប្រាប់អំពីការបង្រួបបង្រួមនៃប្រជាជាតិអ៊ីស្រាអែល ហើយយ៉ូសែបតំណាងឲ្យរាជាណាចក្រម្ខាង រីឯយ៉ូដាតំណាងឲ្យរាជាណាចក្រម្ខាងទៀត។ (អេគ. ៣៧:១៥-២៦) ទំនាយរបស់អូបាឌាបង្ហាញថា«ពូជពង្សយ៉ូសែប» នឹងរួមចំណែកក្នុងការបំផ្លាញ«ពូជពង្សអេសាវ» (អូបា. ១៨) ហើយទំនាយរបស់សាការីបញ្ជាក់ថាព្រះយេហូវ៉ានឹងសង្គ្រោះ«ពូជពង្សយ៉ូសែប»។ (សាក. ១០:៦) ក្រោយមក ពេលគម្ពីររៀបរាប់អំពីអ៊ីស្រាអែលរបស់ព្រះ គម្ពីរបានជំនួសឈ្មោះកុលសម្ព័ន្ធអេប្រាអ៊ីមដោយឈ្មោះយ៉ូសែប។—បប. ៧:៨
ការបើកបង្ហាញ ៧:៨ បានរួមបញ្ចូលឈ្មោះរបស់យ៉ូសែប ដូច្នេះនេះបញ្ជាក់ថាទំនាយរបស់យ៉ាកុបមុនគាត់ស្លាប់ក៏ទាក់ទងនឹងអ៊ីស្រាអែលនៃព្រះដែរ។ គួរឲ្យចាប់អារម្មណ៍ ព្រះយេហូវ៉ាដែលជាព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតរបស់យ៉ាកុបបានចាត់លោកយេស៊ូគ្រិស្តឲ្យមក ហើយលោកយេស៊ូគឺជាគង្វាលដ៏ល្អប្រសើរដែលបានលះបង់ជីវិតដើម្បី«ចៀម»។ (យ៉ូន. ១០:១១-១៦) គ្រិស្តយេស៊ូគឺជាថ្មគ្រឹះដ៏សំខាន់បំផុតដែលព្រះបានប្រើដើម្បីសាងសង់វិហាររបស់លោក ដែលរួមបញ្ចូលអ៊ីស្រាអែលនៃព្រះ។ (អេភ. ២:២០-២២; ១ពេ. ២:៤-៦) ព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លានឹងនៅជាមួយគង្វាលនិងថ្មគ្រឹះរបស់យើង។—យ៉ូន. ១:១-៣; សកម្ម. ៧:៥៦; ហេ. ១០:១២; សូមពិនិត្យបន្ថែមដក. ៤៩:២៤, ២៥
ថ្ងៃទី៩-១៥ ខែកញ្ញា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ ចម្រៀងសរសើរព្រះ ៨២-៨៤
ចូរឲ្យតម្លៃឯកសិទ្ធិដែលអ្នកមាន
wp១៦.៦-E ទំ.៨ វ.២-៣
មេរៀនដែលយើងអាចរៀនពីសត្វស្លាបលើមេឃ
មនុស្សដែលរស់នៅក្រុងយេរូសាឡិមស្គាល់សត្វត្រចៀកកាំ ដោយសារពួកវាចូលចិត្តធ្វើសម្បុករបស់វានៅលើជញ្ជាំង។ សត្វត្រចៀកកាំខ្លះប្រហែលជាបានតាំងទ្រនំនៅឯវិហារសាឡូម៉ូនជារៀងរាល់ឆ្នាំ ដោយសារវាអាចចិញ្ចឹមកូនៗរបស់វាបានយ៉ាងងាយស្រួលដោយមិនមានមនុស្សមករំខាន។
កូនប្រុសរបស់កូរ៉ាម្នាក់ដែលជាអ្នកតែងចម្រៀងសរសើរព្រះ ៨៤ បានបម្រើនៅវិហារអស់រយៈពេលមួយសប្ដាហ៍ រាល់៦ខែម្ដង។ គាត់កត់សម្គាល់សម្បុករបស់សត្វត្រចៀកកាំនៅក្នុងបរិវេណវិហារ។ គាត់ពិតជាចង់ក្លាយទៅជាសត្វនោះណាស់ដោយសារពួកវាអាចរស់នៅវិហាររបស់ព្រះយេហូវ៉ារហូតបាន ហេតុនេះហើយបានជាគាត់និយាយថា៖ «ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌អើយ! ខ្ញុំស្រឡាញ់ត្រសាលដ៏រុងរឿងរបស់លោកខ្លាំងណាស់។ ខ្ញុំនឹកអាល័យដល់ទីធ្លារបស់ព្រះយេហូវ៉ា ខ្ញុំនឹកខ្លាំងដល់ម្ល៉េះបានជាខ្ញុំលែងមានកម្លាំងទៀត . . . សូម្បីតែសត្វស្លាបក៏តាំងទ្រនំនៅទីនោះដែរ នៅកន្លែងនោះឯងដែលសត្វត្រចៀកកាំធ្វើសម្បុកសម្រាប់ខ្លួនវា និងសម្រាប់រក្សាការពារកូនរបស់វា។ ពួកវាជ្រកអាស្រ័យនៅក្បែរទីបូជាដ៏ឧត្តុង្គឧត្តមរបស់លោក ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ លោកជាស្ដេចនិងជាព្រះរបស់ខ្ញុំ!»។ (ចម្រៀងសរសើរព្រះ ៨៤:១-៣) តើយើងនិងកូនៗរបស់យើងកំពុងបង្ហាញថាយើងឲ្យតម្លៃចំពោះក្រុមជំនុំរបស់ព្រះដូចអ្នកតែងចម្រៀងសរសើរព្រះនេះ ហើយចង់ចូលរួមកិច្ចប្រជុំជាទៀងទាត់ឬទេ?—ចម្រៀងសរសើរព្រះ ២៦:៨, ១២
w០៨-E ១៥/៧ ទំ.៣០ វ.៣-៤
ចូរមានទស្សនៈត្រឹមត្រូវ ហើយមានអំណរ
ភាពចាស់ជរាឬបញ្ហាសុខភាពអាចដាក់កម្រិតទៅលើអ្វីដែលយើងអាចធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ បើអ្នកជាឪពុកម្ដាយ អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកមិនសូវទទួលប្រយោជន៍ពីការសិក្សាផ្ទាល់ខ្លួនឬកិច្ចប្រជុំនោះទេ ដោយសារភាគច្រើនអ្នកត្រូវចំណាយពេលនិងកម្លាំងរបស់អ្នកដើម្បីមើលថែកូនៗ។ ប៉ុន្តែ តើការផ្ដោតអារម្មណ៍ច្រើនពេកទៅលើកម្រិតសមត្ថភាពរបស់អ្នកអាចរារាំងអ្នកពីការធ្វើអ្វីដែលអ្នកនៅតែអាចធ្វើបានឬទេ?
រាប់ពាន់ឆ្នាំមុន មានលេវីម្នាក់ដែលបានរៀបរាប់អំពីអ្វីដែលគាត់ពិតជាចង់ធ្វើ តែមិនអាចធ្វើបាន។ គាត់មានឯកសិទ្ធិបម្រើនៅវិហារពីរសប្ដាហ៍រាល់ឆ្នាំ។ ប៉ុន្តែ គាត់ពិតជាចង់រស់នៅជិតទីបូជារបស់ព្រះជារៀងរហូត។ (ចសព. ៨៤:១-៣) តើអ្វីបានជួយបុរសដ៏ស្មោះត្រង់ម្នាក់នេះឲ្យមានចិត្តស្កប់? គាត់យល់ថាការបម្រើនៅវិហាររបស់ព្រះសូម្បីតែមួយថ្ងៃក៏ជាឯកសិទ្ធិដ៏អស្ចារ្យដែរ។ (ចសព. ៨៤:៤, ៥, ១០) ស្រដៀងគ្នាដែរ ជាជាងផ្ដោតអារម្មណ៍លើអ្វីដែលយើងមិនអាចធ្វើបាន យើងគួរព្យាយាមកត់សម្គាល់និងឲ្យតម្លៃចំពោះអ្វីដែលយើងអាចធ្វើបាន។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៨១៦
កូនកំព្រា
គឺស្រួលឲ្យពួកអ៊ីស្រាអែលភ្លេចគិតអំពីមនុស្សសោកសង្រេងនិងមនុស្សដែលគ្មានទីពឹងក្នុងចំណោមពួកគេ ដូច្នេះព្រះយេហូវ៉ាលើកឡើងអំពី«កូនកំព្រា» ដោយសាររបៀបដែលជនជាតិអ៊ីស្រាអែលប្រព្រឹត្តចំពោះកូនកំព្រាទាំងនេះនឹងបង្ហាញថាពួកគេមានសេចក្ដីសុចរិតឬយ៉ាងណា។ ពេលប្រជាជាតិអ៊ីស្រាអែលធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាហើយមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក នោះកូនកំព្រាបានត្រូវគេមើលថែយ៉ាងល្អ។ ផ្ទុយទៅវិញ ពេលដែលប្រជាជាតិអ៊ីស្រាអែលមិនធ្វើតាមច្បាប់របស់ព្រះយេហូវ៉ា ពួកគេប្រព្រឹត្តដោយអយុត្តិធម៌ ហើយគ្មានអ្នកណាយកចិត្តទុកដាក់ចំពោះកូនកំព្រាឡើយ។ (ចសព. ៨២:៣; ៩៤:៦; អេ. ១:១៧, ២៣; យេ. ៧:៥-៧; ២២:៣; អេគ. ២២:៧; សាក. ៧:៩-១១; ម៉ាឡ. ៣:៥) ព្រះយេហូវ៉ាដាក់បណ្ដាសាអស់អ្នកដែលជិះជាន់កូនកំព្រា។ (បច. ២៧:១៩; អេ. ១០:១, ២) ព្រះយេហូវ៉ារៀបរាប់អំពីខ្លួនលោកថាលោកគឺជាអ្នកការពារ (សុភ. ២៣:១០, ១១) ជាជំនួយ (ចសព. ១០:១៤) និងជាឪពុក (ចសព. ៦៨:៥) របស់ពួកគេ។ លោកជាអ្នកសម្រេចក្ដីឲ្យកូនកំព្រា (បច. ១០:១៧, ១៨) លោកបង្ហាញសេចក្ដីមេត្តាករុណា (ហូ. ១៤:៣) ផ្គត់ផ្គង់ (ចសព. ១៤៦:៩) ហើយជួយទំនុកបម្រុងពួកគេ។—យេ. ៤៩:១១
លក្ខណៈសម្គាល់នៃគ្រិស្តសាសនិកពិតរួមបញ្ចូលការបង្ហាញការយកចិត្តទុកដាក់ចំពោះអស់អ្នកដែលសោកសង្រេងដោយសារបាត់បង់គូឬឪពុកម្ដាយ។ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានសរសេរថា៖ «តាមទស្សនៈរបស់លោកដែលជាព្រះនិងជាបិតារបស់យើង របៀបគោរពប្រណិប័តន៍ដែលស្អាតស្អំនិងឥតសៅហ្មងនោះគឺ៖ យើងត្រូវថែរក្សាកូនកំព្រានិងស្ត្រីមេម៉ាយដែលកំពុងរងទុក្ខវេទនា ហើយយើងត្រូវរក្សាខ្លួនមិនឲ្យប្រឡូកប្រឡាក់នឹងពិភពលោកនេះ»។—យ៉ា. ១:២៧
ថ្ងៃទី១៤-២០ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ ចម្រៀងសរសើរព្រះ ៩៦-៩៩
«ចូរប្រកាសដំណឹងល្អ»!
w១២-E ១/៩ ទំ.១៦ វ.១
តើនឹងមានអ្វីកើតឡើងនៅថ្ងៃវិនិច្ឆ័យរបស់ព្រះ?
ដូចរូបភាពខាងស្ដាំនេះ មនុស្សជាច្រើនស្រមៃគិតថា នៅថ្ងៃវិនិច្ឆ័យ ព្រលឹងរបស់មនុស្សរាប់លាននាក់នឹងត្រូវនាំមកនៅមុខបល្ល័ង្ករបស់ព្រះដើម្បីទទួលការវិនិច្ឆ័យស្របតាមការប្រព្រឹត្តរបស់ពួកគេម្នាក់ៗ។ មនុស្សខ្លះនឹងទទួលរង្វាន់ដែលជាជីវិតអមតនៅស្ថានសួគ៌ រីឯខ្លះទៀតនឹងត្រូវកាត់ទោសឲ្យរងទារុណកម្មនៅស្ថាននរក។ ប៉ុន្តែគម្ពីរប្រាប់ថាគោលបំណងនៃថ្ងៃវិនិច្ឆ័យគឺដើម្បីសង្គ្រោះមនុស្សពីអំពើអយុត្តិធម៌។ (ចម្រៀងសរសើរព្រះ ៩៦:១៣) ព្រះបានតែងតាំងលោកយេស៊ូឲ្យធ្វើជាអ្នកវិនិច្ឆ័យដែលនឹងផ្ដល់យុត្តិធម៌ដល់មនុស្សទាំងអស់។—សូមអាន អេសាយ ១១:១-៥; សកម្មភាព ១៧:៣១
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៩៩៤
ចម្រៀង
ពាក្យ«ចម្រៀងថ្មី»មិនគ្រាន់តែមាននៅក្នុងសៀវភៅចម្រៀងសរសើរព្រះប៉ុណ្ណោះទេ អេសាយនិងសាវ័កយ៉ូហានក៏បានសរសេរអំពីរឿងនេះដែរ។ (ចសព. ៣៣:៣; ៤០:៣; ៩៦:១; ៩៨:១; ១៤៤:៩; ១៤៩:១; អេ. ៤២:១០; បប. ៥:៩; ១៤:៣) ការពិនិត្យមើលបរិបទនៃពាក្យនេះបានបង្ហាញថា មនុស្សនឹងច្រៀង«ចម្រៀងថ្មី»ដោយសារតែព្រះយេហូវ៉ានឹងគ្រប់គ្រងទៅលើសកលលោកទាំងមូល។ ចម្រៀងសរសើរព្រះ ៩៦:១០ ប្រកាសដោយអំណរថា៖ «ព្រះយេហូវ៉ាបានទៅជាស្ដេចហើយ!»។ ការផ្លាស់ប្ដូរថ្មីនេះដោយមានព្រះយេហូវ៉ាជាអ្នកគ្រប់គ្រង និងឥទ្ធិពលល្អដែលមកពីការគ្រប់គ្រងរបស់លោកទាំងនៅស្ថានសួគ៌និងនៅផែនដី មើលទៅគឺជាប្រធានបទនៃ«ចម្រៀងថ្មី»នេះ។—ចសព. ៩៦:១១-១៣; ៩៨:៩; អេ. ៤២:១០, ១៣
ថ្ងៃទី២១-២៧ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ ចម្រៀងសរសើរព្រះ ១០០-១០២
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៥៩៦
សត្វទុង
ពេលសត្វទុងស៊ីចំណីឆ្អែត ជារឿយៗវាហើរទៅកន្លែងស្ងៀមស្ងាត់ដាច់ឆ្ងាយពីគេ ហើយរបៀបដែលវាឈរមើលទៅស្រងូតស្រងាត់ណាស់។ វាឱនក្បាលចុះហើយនៅស្ងៀមទ្រឹង នេះធ្វើឲ្យអ្នកដែលមើលវាពីចម្ងាយច្រឡំថាវាជាដំថ្មពណ៌ស។ សត្វទុងមានអាកប្បកិរិយាបែបនេះអស់រយៈពេលជាច្រើនម៉ោង ដូច្នេះអ្នកតែងចម្រៀងសរសេរព្រះបានប្រដូចខ្លួនទៅនឹងសត្វនោះដើម្បីបង្ហាញអំពីអារម្មណ៍ក្រៀមក្រំរបស់គាត់ ដោយសរសេរថា៖ «ខ្ញុំដូចជាសត្វទុងនៅតំបន់ស្ងាត់ជ្រងំ»។ (ចសព. ១០២:៦) «តំបន់ស្ងាត់ជ្រងំ»នៅទីនេះមិនចង់សំដៅទៅលើវាលខ្សាច់នោះទេ ប៉ុន្តែចង់សំដៅទៅលើកន្លែងដាច់ស្រយាលឆ្ងាយពីមនុស្សទាំងអស់ ប្រហែលជាតំបន់ដីសើម។ ក្នុងអំឡុងរដូវខ្លះ ជ្រលងភ្នំនៅតំបន់ដីសើមក្បែរទន្លេយ៉ូដាន់នៅតែជាជម្រករបស់សត្វទុងរហូតមកដល់សព្វថ្ងៃនេះ។ គេបានរកឃើញសត្វទុងបីប្រភេទនៅប្រទេសអ៊ីស្រាអែល។
សត្វទុងចូលចិត្តកន្លែងដែលមិនមានការដាំដុះ និងកន្លែងដែលមិនសូវមានមនុស្សមករំខាន។ វាធ្វើសម្បុកនៅកន្លែងបែបនោះ ញាស់កូនរបស់វា និងសម្រាកក្រោយវាទៅរកត្រីហើយ។ ដោយសារតែវាចូលចិត្តតំបន់ដាច់ស្រយាល សត្វនេះបានត្រូវលើកឡើងក្នុងគម្ពីរដើម្បីតំណាងឲ្យការហិនវិនាស។ អេសាយបានទាយទុកជាមុនថាសត្វទុងនឹងរស់នៅស្រុកអេដំ ដែលសំដៅទៅលើការបំផ្លិចបំផ្លាញនៃស្រុកនោះ។ (អេ. ៣៤:១១) សេផានាបានទាយថា សត្វទុងនឹងរស់នៅក្បែរក្បាលសសរនៃក្រុងនីនីវេ ដូច្នេះនេះបញ្ជាក់ថាទីក្រុងនោះនឹងត្រូវបំផ្លាញ ហើយលែងមានមនុស្សរស់នៅ។—សេផ. ២:១៣, ១៤