បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwbr24 វិច្ឆិកា ទំ. ១-៤
  • កសារយោងសម្រាប់«កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កសារយោងសម្រាប់«កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ»
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
  • ចំណងជើងតូច
  • ថ្ងៃ​ទី​៤​-​១០ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​១៨​-​២៤ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា–ថ្ងៃ​ទី​១ ខែ​ធ្នូ
  • ថ្ងៃ​ទី​២​-​៨ ខែ​ធ្នូ
  • ថ្ងៃ​ទី​៩​-​១៥ ខែ​ធ្នូ
  • ថ្ងៃ​ទី​២៣​-​២៩ ខែ​ធ្នូ
ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
mwbr24 វិច្ឆិកា ទំ. ១-៤

ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ

© 2024 Watch Tower Bible and Tract Society of Pennsylvania

ថ្ងៃ​ទី​៤​-​១០ ខែ​វិច្ឆិកា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ​ចម្រៀង​សរសើរ​ព្រះ ១០៥

​«​លោក​ចង​ចាំ​កិច្ច​ព្រម​ព្រៀង​របស់​លោក​ជា​ដរាប​»​

it​-​2​-​E ទំ.១២០១ វ.២

ប្រសាសន៍

អ្វី​ដែល​ព្រះ​បាន​បង្កើត​រួម​មាន​អ្វី​ដែល​មាន​ជីវិត​និងអ្វី​គ្មាន​ជីវិត នៅ​ក្រោម​ការ​បង្គាប់​របស់​លោក ហើយ​លោក​អាច​ប្រើ​អ្វី​ៗ​ទាំង​នេះ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ (​ចសព. ១០៣:២០; ១៤៨:៨​) ប្រសាសន៍​របស់​ព្រះ​គឺ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​លោក​តែង​តែ​ចង​ចាំ​អ្វី​ដែល​លោក​បាន​សន្យា។ (​បច. ៩:៥; ចសព. ១០៥:៤២​-​៤៥​) ព្រះ​បាន​មាន​ប្រសាសន៍​ថា​បណ្ដាំ​របស់​លោក​«​ស្ថិត​ស្ថេរ​ជា​ដរាប​»​ ហើយ​នឹង​មិន​វិល​ត្រឡប់​មក​លោក​វិញ​ដោយ​គ្មាន​លទ្ធផល​នោះ​ទេ។—អេ. ៤០:៨; ៥៥:១០, ១១; ១ពេ. ១:២៥

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

w​៨៦​-​E ១/១១ ទំ.១៩ វ.១៥

ប្អូន​ៗ​វ័យ​ក្មេង ប្អូន​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល​និង​សាមគ្គីភាព

១៥ ​«​គេ​ដាក់​ខ្នោះ​ជើង​គាត់​[​យ៉ូសែប​] ក៏​យក​ខ្នោះ​ដែក​ដាក់ក រហូត​ដល់​ពាក្យ​របស់​លោក​ក្លាយ​ជា​ការ​ពិត។ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ស្អាត​បរិសុទ្ធ​»។ (​ចម្រៀង​សរសើរ​ព្រះ ១០៥:១៧​-​១៩​) អស់​រយៈ​ពេល​១៣​ឆ្នាំ យ៉ូសែប​បាន​រង​ទុក្ខ​ជា​ខ្ញុំ​បម្រើ​និង​ជា​អ្នក​ទោស រហូត​ដល់​សេចក្ដី​សន្យា​របស់​ព្រះ​បាន​សម្រេច។ តាម​រយៈ​បទ​ពិសោធន៍​នេះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​ស្អាត​បរិសុទ្ធ។ ព្រះ​យេហូវ៉ា​មិន​មែន​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​រង​ទុក្ខ​វេទនា​ទេ តែ​លោក​អនុញ្ញាត​ឲ្យ​រឿង​នោះ​កើត​ឡើង​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ តើ​យ៉ូសែប​នៅ​តែ​អាច​រក្សា​សេចក្ដី​សង្ឃឹម​របស់​គាត់​ទៅ​លើ​«​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​»​ ទោះ​ជា​គាត់​ជួប​ទុក្ខ​លំបាក​ឬ​ទេ? តើ​គាត់​នឹង​បង្ហាញ​ថា​គាត់​មាន​គុណ​សម្បត្តិ​គ្រប់​លក្ខណៈ ហើយ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ចិត្ត​រាប​ទាប មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ ហើយ​តាំង​ចិត្ត​បំពេញ​ភារកិច្ច​ដ៏​ពិបាក​របស់​គាត់​ឬ​ទេ? មែន​ហើយ ក្រោយ​ពី​ជួប​ទុក្ខ​លំបាក យ៉ូសែប​កាន់​តែ​បរិសុទ្ធ​និង​មាន​តម្លៃ​ចំពោះ​ព្រះ​ប្រៀប​ដូច​ជា​មាស​ដែល​បាន​ត្រូវ​សម្រាំង​ដោយ​ភ្លើង ជា​លទ្ធផល​ព្រះ​បាន​ផ្ដល់​ភារកិច្ច​ដ៏​អស្ចារ្យ​ដល់​គាត់។—ដើម​កំណើត ៤១:១៤, ៣៨​-​៤១, ៤៦; ៤២:៦, ៩

ថ្ងៃ​ទី​១៨​-​២៤ ខែ​វិច្ឆិកា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ​ចម្រៀង​សរសើរ​ព្រះ ១០៧​-​១០៨

​«​ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា ព្រោះ​លោក​ល្អ​»​

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

it​-​2​-​E ទំ.៤២០ វ.៤

ម៉ូអាប់

ក្រោយ​មក ពេល​ដាវីឌ​គ្រប់​គ្រង​ជា​ស្ដេច ក៏​នៅ​តែ​មាន​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ម៉ូអាប់​ដែរ។ ដាវីឌ​បាន​បង្ក្រាប​និង​ត្រួត​ត្រា​ទៅ​លើ​ជន​ជាតិ​ម៉ូអាប់ ហើយ​ពួក​គេ​ត្រូវ​បង់​សួយ​អាករ​ជូន​ដាវីឌ។ ក្នុង​ចម្បាំង​នោះ​២​ភាគ​៣​នៃ​កង​ទ័ព​របស់​ជន​ជាតិ​ម៉ូអាប់​បាន​ត្រូវ​សម្លាប់។ តាម​មើល​ទៅ​ដាវីឌ​បាន​សម្លាប់​ពួក​គេ​ដោយ​ឲ្យ​ដេក​តម្រៀប​គ្នា​លើ​ដី រួច​យក​ខ្សែ​ទៅ​វាស់​២​ភាគ​៣​រួច​សម្លាប់​ពួក​គេ​ចោល ហើយ​ទុក​ឲ្យ​រស់​តែ​១​ភាគ​៣​ប៉ុណ្ណោះ។ (​២សាំ. ៨:២, ១១, ១២; ១ប្រ. ១៨:២, ១១​) ប្រហែល​ជា​នៅ​ក្នុង​ចម្បាំង​នោះ បេនណាយ៉ា​ដែល​ជា​កូន​ប្រុស​របស់​យេហូយ៉ាដា​«​បាន​សម្លាប់​កូន​ពីរ​នាក់​របស់​អេរៀល​ជា​ជន​ជាតិ​ម៉ូអាប់​»។ (​២សាំ. ២៣:២០; ១ប្រ. ១១:២២​) ជ័យ​ជំនះ​របស់​ដាវីឌ​ទៅ​លើ​ជន​ជាតិ​ម៉ូអាប់​បាន​សម្រេច​ទំនាយ​របស់​បាឡាម ដែល​បាន​ទាយ​ទុក​ជាង​៤០០​ឆ្នាំ​មុន​ថា​៖ ​«​នឹង​មាន​ផ្កាយ​មួយ​ចេញ​ពី​យ៉ាកុប នឹង​មាន​ដំបង​រាជ្យ​លេច​ចេញ​ពី​អ៊ីស្រាអែល គាត់​នឹង​បំបែក​ថ្ងាស​របស់​ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​លលាដ៍​ក្បាល​របស់​កូន​ចៅ​ពួក​អ្នក​ដែល​បង្ក​ការ​វឹកវរ​»។ (​ជប. ២៤:១៧​) តាម​មើល​ទៅ​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ប្រហែល​ជា​ចង់​សំដៅ​ទៅ​លើ​ជ័យ​ជំនះ​នៃ​ចម្បាំង​នេះ​ពេល​ដែល​គាត់​និយាយ​ថា​ម៉ូអាប់​ជា​«​ចាន​ក្លាំ​»​សម្រាប់​ព្រះ។—ចសព. ៦០:៨; ១០៨:៩

ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា–ថ្ងៃ​ទី​១ ខែ​ធ្នូ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ ចម្រៀង​សរសើរ​ព្រះ ១០៩​-​១១២

សូម​គាំទ្រ​លោក​យេស៊ូ​ដែល​ជា​ស្ដេច!

be​-​E ទំ.៧៦ វ.២

ចូរ​ព្យាយាម​ឲ្យ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ

ដើម្បី​ឲ្យ​អ្នក​ប្រើ​អំណោយ​ដែល​អ្នក​មាន អ្នក​ត្រូវ​ចាត់​វិធានការ​ធ្វើ​អ្វី​មួយ។ តើ​អ្នក​ព្យាយាម​រៀប​ចំ​គម្រោង​ដើម្បី​ផ្សព្វ​ផ្សាយ​ជាមួយ​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​អ្នក​ខំ​រក​ឱកាស​ដើម្បី​ជួយ​បង​ប្អូន​ថ្មី​ក្នុង​ក្រុម​ជំនុំ ប្អូន​ៗ​វ័យ​ក្មេង ឬ​បង​ប្អូន​ពិការ​ឬ​ទេ? តើ​អ្នក​បាន​ស្ម័គ្រ​ចិត្ត​ជួយ​សម្អាត​សាល​ប្រជុំ ឬ​ជួយ​កិច្ចការ​ផ្សេង​ៗ​នៅ​មហា​សន្និបាត​និង​សន្និបាត​ឬ​ទេ? តើ​អ្នក​អាច​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​ម្ដង​ម្កាល​ឬ​ទេ? តើ​អ្នក​អាច​ត្រួស​ត្រាយ​ពេញ​ពេល ឬ​ជួយ​ក្រុម​ជំនុំ​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​ឬ​ទេ? បើ​អ្នក​ជា​បង​ប្រុស តើ​អ្នក​ព្យាយាម​ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា​ជំនួយ​ការ​អ្នក​ចាស់​ទុំ ឬ​ក្លាយ​ជា​អ្នក​ចាស់​ទុំ​ឬ​ទេ? ដោយ​សារ​អ្នក​បាន​ស្ម័គ្រ​ចិត្ត​ផ្ដល់​ជំនួយ​និង​ព្រម​ទទួល​ភារកិច្ច​ផ្សេង​ៗ នោះ​បញ្ជាក់​ថា​អ្នក​កំពុង​តែ​រីក​ចម្រើន​ទៅ​មុខ។—ចសព. ១១០:៣

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

it​-​1​-​E ទំ.៥២៤ វ.២

កិច្ច​ព្រម​ព្រៀង

កិច្ច​ព្រម​ព្រៀង​ឲ្យ​ក្លាយ​ជា​សង្ឃ​ដូច​ម៉េលគីសេដិក។ កិច្ច​ព្រម​ព្រៀង​នេះ​បាន​បញ្ជាក់​នៅ​ចម្រៀង​សរសើរ​ព្រះ ១១០:៤ ហើយ​នៅ​សៀវភៅ​ហេប្រឺ. ៧:១​-​៣, ១៥​-​១៧។ អ្នក​សរសេរ​បាន​បញ្ជាក់​ថា នោះ​គឺ​សំដៅ​ទៅ​លើ​គ្រិស្ត។ នេះ​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​នឹង​លោក​យេស៊ូ​តែ​ប៉ុណ្ណោះ។ លោក​យេស៊ូ​ក៏​បាន​លើក​ឡើង​អំពី​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ​នៅ​ពេល​ដែល​លោក​ធ្វើ​កិច្ច​ព្រម​ព្រៀង​រាជាណាចក្រ​ជា​មួយ​អ្នក​កាន់​តាម​លោក។ (​លូក. ២២:២៩​) យោង​ទៅ​តាម​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក​នឹង​ក្លាយ​ទៅ​ជា​សម្ដេច​សង្ឃ​តាម​របៀប​ដូច​ម៉េលគីសេដិក។ ម៉េលគីសេដិក​គឺ​ជា​ស្ដេច និង​ជា​សង្ឃ​របស់​ព្រះ​នៅ​ផែន​ដី។ លោក​យេស៊ូ​នឹង​ធ្វើ​ជា​ស្ដេច​ផង និង​សម្ដេច​សង្ឃ​ផង​នៅ​ស្ថាន​សួគ៌ មិន​មែន​នៅ​ផែន​ដី​ទេ។ ក្រោយ​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​បាន​ត្រូវ​តែង​តាំង​ឲ្យ​កាន់​តំណែង​នេះ​ជា​រៀង​រហូត។ (​ហេ. ៦:២០; ៧:២៦, ២៨; ៨:១​) កិច្ច​ព្រម​ព្រៀង​នេះ​នឹង​មាន​សុពលភាព​ជា​ដរាប ដោយ​សារ​លោក​យេស៊ូ​នឹង​គ្រប់​គ្រង​ជា​ស្ដេច និង​ជា​សង្ឃ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា។—ហេ. ៧:៣

ថ្ងៃ​ទី​២​-​៨ ខែ​ធ្នូ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ ចម្រៀង​សរសើរ​ព្រះ ១១៣​-​១១៨

តើ​យើង​នឹង​យក​អ្វី​ដើម្បី​តប​ស្នង​ព្រះ​យេហូវ៉ា?

w​០៩​-​E ១៥/៧ ទំ.២៩ វ.៤​-​៥

ទទួល​ដោយ​ចិត្ត​ដឹង​គុណ ហើយ​ឲ្យ​ដោយ​អស់​ពី​ចិត្ត

អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ឆ្ងល់​ថា​៖ ​«​តើ​ខ្ញុំ​នឹង​យក​អ្វី​ដើម្បី​តប​ស្នង​ព្រះ​យេហូវ៉ា ចំពោះ​អ្វី​ល្អ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​ខ្ញុំ?​»។ (​ចសព. ១១៦:១២​) តើ​គាត់​បាន​ទទួល​អ្វី? ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ក្នុង​អំឡុង​ពេល​ដែល​គាត់​«​មាន​ទុក្ខ​កង្វល់ ហើយ​ព្រួយ​ចិត្ត​ខ្លាំង​»។ បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​‹បាន​ជួយ​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​ស្លាប់›។ ឥឡូវ​គាត់​ចង់​«​តប​ស្នង​»​ព្រះ​យេហូវ៉ា​វិញ។ តើ​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​តាម​សម្បថ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា​»។ (​ចសព. ១១៦:៣, ៤, ៨, ១០​-​១៤​) គាត់​តាំង​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា និង​ធ្វើ​តាម​អ្វី​ដែល​ព្រះ​តម្រូវ​ពី​គាត់។

អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។ តើ​តាម​របៀប​ណា? ដោយ​មាន​របៀប​រស់​នៅ​សម​ស្រប​តាម​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ​គ្រប់​ពេល​វេលា។ ដូច្នេះ សូម​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក ហើយ​អនុញ្ញាត​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​បន្ត​ដឹក​នាំ​អ្នក​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​អ្នក​ធ្វើ។ (​អទ. ១២:១៣; កាឡ. ៥:១៦​-​១៨​) តាម​ពិត អ្នក​មិន​អាច​តប​ស្នង​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​អ្នក​នោះ​ទេ។ ប៉ុន្តែ ពេល​អ្នក​ខំ​ប្រឹង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អស់​ពី​ចិត្ត នោះ​អ្នក​នឹង​‹ធ្វើ​ឲ្យ​ចិត្ត​លោក​ត្រេក​អរ›។ (​សុភ. ២៧:១១​) ពិត​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន​ដែល​យើង​អាច​តប​ស្នង​ព្រះ​យេហូវ៉ា​តាម​របៀប​នេះ!

ថ្ងៃ​ទី​៩​-​១៥ ខែ​ធ្នូ

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ​ចម្រៀង​សរសើរ​ព្រះ ១១៩:១​-​៥៦

​«​តើ​មនុស្ស​វ័យ​ក្មេង​អាច​រក្សា​ឲ្យ​មាន​ជីវិត​ស្អាត​ស្អំ​យ៉ាង​ដូច​ម្ដេច?​»​

w​៨៧​-​E ១/១១ ទំ.១៨ វ.១០

តើ​អ្នក​មាន​របៀប​រស់​នៅ​ស្អាត​ស្អំ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​អ្នក​ឬ​ទេ?

១០ នៅអេភេសូរ ៥:៥ ប៉ូល​បាន​ព្រមាន​ថា​៖ ​«​ព្រោះ​អ្នក​រាល់​គ្នា​ដឹង ហើយ​ក៏​យល់​ច្បាស់​ថា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ មនុស្ស​ស្មោក​គ្រោក ឬ​អ្នក​លោភ​លន់​ដែល​ប្រៀប​ដូច​ជា​មនុស្ស​គោរព​បូជា​រូប​ព្រះ នឹង​មិន​បាន​ទទួល​មត៌ក​ក្នុង​រាជាណាចក្រ​របស់​គ្រិស្ត​និង​របស់​ព្រះ​ឡើយ​»។ ជា​រៀង​រាល់​ឆ្នាំ បង​ប្អូន​រាប់​ពាន់​នាក់​បាន​ត្រូវ​ប្រដៅ​តម្រង់ ឬ​បណ្ដាច់​មិត្តភាព​ដោយ​សារ​តែ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ដែល​ជា​ការ​‹ធ្វើ​ខុស​ចំពោះ​រូប​កាយ​ខ្លួន›។ (​កូរិនថូសទី​១ ៦:១៨​) ភាគ​ច្រើន បញ្ហា​នេះ​កើត​មាន​ឡើង​ដោយ​សារ​ពួក​គេ​មិន​«​បន្ត​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​បណ្ដាំ​របស់​[​ព្រះ​]​»។ (​ចម្រៀង​សរសើរ​ព្រះ ១១៩:៩​) ជា​ឧទាហរណ៍ ក្នុង​អំឡុង​ពេល​វិសម​កាល បង​ប្រុស​ៗ​ជា​ច្រើន​នាក់​មិន​សូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ទេ។ ដោយ​សារ​ពួក​គេ​មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​ឬ​សេព​គប់​ជា​មួយ​បង​ប្អូន នោះ​ពួក​គេ​សេព​គប់​ជា​មួយ​នឹង​មនុស្ស​ដែល​ពួក​គេ​ជួប​កាល​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត។ ពួក​គេ​វែក​ញែក​ថា​មនុស្ស​ទាំង​នោះ​មើល​ទៅ​ជា​‹មនុស្ស​ល្អ​ណាស់› ដូច្នេះ​ពួក​គេ​ខ្លះ​ក៏​ចូល​រួម​ធ្វើ​អ្វី​ដែល​មិន​ស្រប​តាម​គោល​ការណ៍​គម្ពីរ​ដូច​មនុស្ស​ទាំង​នោះ​ដែរ។ អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​ជិត​ស្និទ្ធ​ខ្លាំង​ពេក​ជា​មួយ​នឹង​អ្នក​រួម​ការ​ងារ​របស់​ពួក​គេ។ អ្នក​ចាស់​ទុំ​ម្នាក់​ចាប់​ផ្ដើម​ទាក់​ទង​ស្ត្រី​ម្នាក់​ដែល​ជា​មិត្ត​រួម​ការ​ងារ​របស់​គាត់ ក្រោយ​មក​គាត់​បាន​បោះ​បង់​ចោល​គ្រួសារ​របស់​គាត់​ហើយ​ទៅ​រស់​នៅ​ជា​មួយ​នឹង​នាង! ដូច្នេះ​គាត់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ អ្វី​ដែល​បាន​ចែង​ក្នុង​គម្ពីរ​គឺ​ពិត​ជា​ត្រឹម​ត្រូវ​ដែល​ថា​៖ ​«​ការ​សេព​គប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ​»​!—កូរិនថូស​ទី​១ ១៥:៣៣

ថ្ងៃ​ទី​២៣​-​២៩ ខែ​ធ្នូ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ ចម្រៀង​សរសើរ​ព្រះ ១១៩:១២១​-​១៧៦

របៀប​ជៀស​វាង​ពី​ការ​ឈឺ​ចាប់​ដែល​មិន​ចាំ​បាច់

w​៩៣​-​E ១៥/៤ ទំ.១៧ វ.១២

ប្អូន​ៗ​យុវវ័យ តើ​ប្អូន​ៗ​កំពុង​ស្វែង​រក​អ្វី?

១២ សំខាន់​ជាង​គេ​បំផុត ប្អូន​ត្រូវ​ចេះ​ស្អប់​ខ្ពើម​អ្វី​ដែល​អាក្រក់។ (​ចម្រៀង​សរសើរ​ព្រះ ៩៧:១០​) តើ​តាម​របៀប​ណា​ប្អូន​អាច​ស្អប់​អ្វី​ដែល​មើល​ទៅ​សប្បាយ? គឺ​ដោយ​គិត​អំពី​លទ្ធផល! គម្ពីរ​ចែង​ថា​៖ ​«​កុំ​ច្រឡំ​ឡើយ បញ្ឆោត​ព្រះ​មិន​បាន​ទេ។ ព្រោះ​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ។ ពីព្រោះ​អ្នក​ណា​ដែល​សាប​ព្រោះ​ដោយ​គិត​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ អ្នក​នោះ​នឹង​ទទួល​ផល​ជា​សេចក្ដី​ហិន​វិនាស​ពី​រូប​កាយ​»។ (​កាឡាទី ៦:៧, ៨​) ពេល​ទទួល​ការ​ល្បួង​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ សូម​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ថា​លោក​នឹង​ឈឺ​ចិត្ត​ខ្លាំង​យ៉ាង​ណា​បើ​ប្អូន​ធ្វើ​ដូច្នេះ។ (​សូម​ពិនិត្យ​បន្ថែម ចម្រៀង​សរសើរ​ព្រះ ៧៨:៤១​) សូម​គិត​អំពី​លទ្ធផល​ដែល​មក​ពី​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ ដែល​អាច​នាំ​ឲ្យ​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ចង់​បាន ឬ​មាន​ជំងឺ​កាមរោគ​ដូច​ជា​ជំងឺ​អេដស៍​ជា​ដើម។ សូម​ពិចារណា​ថា​ប្អូន​ប្រហែល​ជា​នឹង​ឈឺ​ចាប់​ខ្លាំង​យ៉ាង​ណា​នៅ​ពេល​ក្រោយ​មក ហើយ​នេះ​នឹង​នាំ​ឲ្យ​ប្អូន​លែង​ឲ្យ​តម្លៃ​ខ្លួន។ ប្អូន​ក៏​នឹង​ប្រហែល​ជា​ទទួល​លទ្ធផល​អាក្រក់​យ៉ាង​យូរ​ដែរ។ ជា​ឧទាហរណ៍ បង​ស្រី​ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​បាន​សារភាព​ថា​៖ ​«​មុន​ប្ដី​ខ្ញុំ​និង​ខ្ញុំ​ជួប​គ្នា យើង​ធ្លាប់​រួម​ភេទ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ ទោះ​ជា​ឥឡូវ​យើង​ទាំង​ពីរ​នាក់​ជា​គ្រិស្ត​សាសនិក​ហើយ​ក្ដី តែ​អ្វី​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន​នៅ​តែ​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​យើង ដូច​ជា​នាំ​ឲ្យ​មាន​ជម្លោះ និង​មាន​ការ​ច្រណែន​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​»។ បន្ថែម​ទៅ​ទៀត សូម​គិត​អំពី​គុណ​វិបត្តិ​មួយ​ទៀត​ដែល​ជា​ការ​បាត់​បង់​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​របស់​ព្រះ ឬ​ត្រូវ​បណ្ដាច់​មិត្តភាព​ហើយ​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​ជំនុំ! (​កូរិនថូស​ទី​១ ៥:៩​-​១៣​) តើ​សម​ឲ្យ​យើង​លះ​បង់​អ្វី​ៗ​ជា​ច្រើន​ដើម្បី​គ្រាន់​តែ​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​ឬ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក