បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w21 តុលា ទំ. ២៩-៣១
  • ១៩២១ មួយរយឆ្នាំបានកន្លងផុតទៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ១៩២១ មួយរយឆ្នាំបានកន្លងផុតទៅ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្នក​ផ្សាយ​ដ៏​ក្លាហាន
  • ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ការ​សិក្សា​ជា​ក្រុម​គ្រួសារ
  • សៀវភៅ​ថ្មី!
  • កិច្ច​ការ​នៅ​ខាង​មុខ
  • ការធ្វើតាមអ្វីដែលព្រះយេហូវ៉ាសុំឲ្យយើងធ្វើនាំឲ្យយើងទទួលពរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ១៩២២ មួយរយឆ្នាំបានកន្លងផុតទៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ១៩២៣ មួយរយឆ្នាំបានកន្លងផុតទៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
w21 តុលា ទំ. ២៩-៣១

១៩២១ មួយ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ

នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩២១ មាន​សំណួរ​សម្រាប់​និស្សិត​គម្ពីរ​ថា​៖ ​«​តើ​យើង​អាច​ទន្ទឹង​រង់​ចាំ​ធ្វើ​កិច្ច​ការ​អ្វី​ខ្លះ​នៅ​ឆ្នាំ​នេះ?​»។ បន្ទាប់​មក​ទស្សនាវដ្ដី​នោះ​បាន​ផ្ដល់​ចម្លើយ​ពី​អេសាយ ៦១:១, ២ ដែល​រំលឹក​ពួក​គេ​អំពី​ភារកិច្ច​របស់​ពួក​គេ​ដើម្បី​ផ្សព្វ​ផ្សាយ។ ខ​គម្ពីរ​នោះ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង​ល្អ ដល់​ជន​ដែល​មាន​ចិត្ត​សុភាព... ថែម​ទាំង​ផ្សព្វ​ផ្សាយ​អំពី​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត និង​អំពី​ថ្ងៃ​សង​សឹក​របស់​ព្រះ​នៃ​យើង​»។

អ្នក​ផ្សាយ​ដ៏​ក្លាហាន

និស្សិត​គម្ពីរ​ត្រូវ​ការ​ចិត្ត​ក្លាហាន ដើម្បី​ផ្សព្វ​ផ្សាយ។ ពួក​គេ​ត្រូវ​ប្រកាស​«​ដំណឹង​ល្អ​»​ដល់​មនុស្ស​ដែល​មាន​ចិត្ត​សុភាព ព្រម​ទាំង​ប្រកាស​អំពី​«​ថ្ងៃ​សង​សឹក​»​ដល់​មនុស្ស​អាក្រក់​ដែរ។

បង​ប្រុស​ចន ហុសកិន​ដែល​រស់​នៅ​ប្រទេស​កាណាដា បាន​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន ទោះ​ជា​គាត់​ទទួល​ការ​ប្រឆាំង​ក៏​ដោយ។ នៅ​ដើម​ឆ្នាំ​១៩២១ គាត់​បាន​ជួប​គ្រូ​គង្វាល​ពី​និកាយ​មេតូឌីស្ទ។ បង​ហុសកិន​ចាប់​ផ្ដើម​ការ​សន្ទនា​ដោយ​និយាយ​ថា​៖ ​«​សូម​យើង​និយាយ​គ្នា​លេង​ៗ​អំពី​គម្ពីរ ហើយ​បើ​មាន​ចំណុច​ណា​ដែល​យើង​មិន​យល់​ស្រប យើង​នៅ​តែ​អាច​បញ្ចប់​ការ​សន្ទនា​ដោយ​ស្រួលបួល និង​នៅ​តែ​រាប់​អាន​គ្នា​»។ ប៉ុន្តែ នោះ​មិន​បាន​កើត​ឡើង​ទេ។ បង​ហុសកិន​និយាយ​ថា​៖ ​«​ក្រោយ​យើង​បាន​និយាយ​គ្នា​តែ​ប៉ុន្មាន​នាទី [​គ្រូ​គង្វាល​នោះ​]​វ៉ៃ​ទ្វារ​ផ្ទះ​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ខ្ញុំ​ស្មាន​ថា​កញ្ចក់​ទ្វារ​នឹង​បែក​»។

គ្រូ​គង្វាល​នោះ​បាន​ស្រែក​ថា​៖ ​«​ម៉េច​មិន​ទៅ​រក​អ្នក​មិន​ជឿ ហើយ​និយាយ​ជា​មួយ​គេ​ទៅ?​»។ បង​ហុសកិន​មិន​បាន​តប​ឆ្លើយ​ទេ តែ​ពេល​គាត់​ចេញ​ទៅ គាត់​គិត​ក្នុង​ចិត្ត​ថា​‹ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​និយាយ​ជា​មួយ​អ្នក​មិន​ជឿ​ហើយ​តើ!›។

នៅ​ថ្ងៃ​បន្ទាប់ ពេល​គ្រូ​គង្វាល​នោះ​ថ្លែង​សុន្ទរកថា​នៅ​វិហារ​របស់​គាត់ គាត់​បាន​និយាយ​មិន​ល្អ​អំពី​បង​ហុសកិន។ បង​ហុសកិន​និយាយ​ថា​៖ ​«​គាត់​បាន​ព្រមាន​ក្រុម​ជំនុំ​របស់​គាត់​អំពី​ខ្ញុំ ហើយ​ថា​ខ្ញុំ​ជា​អ្នក​ភូត​ភរ​ខ្លាំង​ជាង​គេ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្រុង​នោះ ព្រម​ទាំង​ថា​ខ្ញុំ​សម​នឹង​ឲ្យ​គេ​បាញ់​សម្លាប់​»។ ប៉ុន្តែ​នេះ​មិន​បាន​បញ្ឈប់​បង​ហុសកិន​ទេ។ គាត់​បាន​បន្ត​ផ្សព្វ​ផ្សាយ ហើយ​និយាយ​ជា​មួយ​មនុស្ស​ជា​ច្រើន។ បង​ហុសកិន​និយាយ​បន្ត​ទៀត​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​នោះ​ខ្លាំង​ណាស់។ អ្នក​ខ្លះ​ថែម​ទាំង​និយាយ​ថា​៖ ‹ខ្ញុំ​ដឹង​ថា​អ្នក​កំពុង​ធ្វើ​កិច្ច​ការ​របស់​ព្រះ!› ហើយ​ពួក​គេ​បាន​ស្នើ​សុំ​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​»។

ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ការ​សិក្សា​ជា​ក្រុម​គ្រួសារ

ដើម្បី​ជួយ​អ្នក​ចាប់​អារម្មណ៍​ឲ្យ​រីក​ចម្រើន និស្សិត​គម្ពីរ​បាន​បោះ​ពុម្ព​សំណួរ​និង​ចម្លើយ​ពី​គម្ពីរ​ជា​ទៀង​ទាត់​ក្នុង​ទស្សនាវដ្ដី​សម័យ​រុង​រឿង​(​The Golden Age​)។a ទស្សនាវដ្ដី​នោះ​ក៏​មាន​សំណួរ​ពី​គម្ពីរ​សម្រាប់​ប្អូន​ៗ​វ័យ​ក្មេង ដែល​ឪពុក​ម្ដាយ​អាច​យក​មក​ពិចារណា​ជា​មួយ​កូន​ៗ។ ឪពុក​ម្ដាយ​បាន​សួរ​សំណួរ​ដល់​កូន ហើយ​ជួយ​ពួក​គេ​ឲ្យ​រក​ឃើញ​ចម្លើយ​ពី​គម្ពីរ។ សំណួរ​ខ្លះ ដូច​ជា​«​តើ​មាន​សៀវភៅ​ប៉ុន្មាន​ក្នុង​គម្ពីរ?​»​ បាន​បង្រៀន​ព័ត៌មាន​បឋម​ៗ​អំពី​គម្ពីរ។ សំណួរ​ផ្សេង​ទៀត ដូច​ជា​«​តើ​គ្រិស្ត​សាសនិក​ម្នាក់​ៗ​គួរ​រំពឹង​ថា​គាត់​នឹង​ទទួល​ការ​បៀតបៀន​ឬ​ទេ?​»​ ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​ត្រៀម​ខ្លួន​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន។

មាន​សំណួរ​អំពី​គម្ពីរ​សម្រាប់​បុគ្គល​ដែល​ស្គាល់​គម្ពីរ​ច្បាស់​ជាង។ ពួក​គេ​អាច​រក​ចម្លើយ​ពី​សៀវភៅ​ទី​១​នៃ​ការ​សិក្សា​អំពី​បទ​គម្ពីរ​(​Studies in the Scriptures​)។ បុគ្គល​ជា​ច្រើន​នាក់​បាន​ទទួល​ប្រយោជន៍​ពី​សំណួរ​ទាំង​នោះ។ ប៉ុន្តែ ទស្សនាវដ្ដី​សម័យ​រុង​រឿង ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​១៩២១ បាន​ប្រកាស​ថា​សំណួរ​ទាំង​នោះ​នឹង​លែង​បោះ​ពុម្ព​ទៀត។ ហេតុ​អ្វី?

សៀវភៅ​ថ្មី!

សៀវភៅ​ពិណ​របស់​ព្រះ

កាត​ដែល​ប្រាប់​ថា​គួរ​អាន​ទំព័រ​ណា​ខ្លះ

កាត​សំណួរ

បង​ប្អូន​ជា​អ្នក​នាំ​មុខ​បាន​យល់​ថា សិស្ស​គម្ពីរ​ថ្មី​ត្រូវ​រៀន​គម្ពីរ​តាម​ប្រធានបទ​ម្ដង​មួយ​ៗ។ ដូច្នេះ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩២១ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ពិណ​របស់​ព្រះ​(​The Harp of God​)​បាន​ត្រូវ​ចេញ​ផ្សាយ។ អ្នក​ចាប់​អារម្មណ៍​ដែល​ទទួល​សៀវភៅ​នោះ​ក៏​អាច​រៀន​វគ្គ​សិក្សា​ដោយ​ខ្លួន​ឯង។ វគ្គ​សិក្សា​នោះ​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​គោល​បំណង​របស់​ព្រះ​ដើម្បី​ឲ្យ​មនុស្សជាតិ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ តើ​វគ្គ​សិក្សា​នោះ​បាន​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច?

ពេល​បុគ្គល​ណា​ម្នាក់​ទទួល​សៀវភៅ​នោះ គាត់​ទទួល​កាត​តូច​មួយ​ដែល​ប្រាប់​គាត់​អំពី​ទំព័រ​ណា​ដែល​គាត់​គួរ​អាន។ នៅ​សប្ដាហ៍​បន្ទាប់ គាត់​ទទួល​កាត​មួយ​ដែល​មាន​សំណួរ​ផ្សេង​ៗ​អំពី​អ្វី​ដែល​គាត់​បាន​អាន ហើយ​នៅ​ចុង​កាត​នោះ ប្រាប់​អំពី​ទំព័រ​ខ្លះ​ទៀត​ដែល​គាត់​គួរ​អាន​សម្រាប់​សប្ដាហ៍​ក្រោយ។

មួយ​សប្ដាហ៍​ម្ដង​អស់​១២​សប្ដាហ៍ សិស្ស​នោះ​ទទួល​កាត​ថ្មី​តាម​សំបុត្រ​ពី​ក្រុម​ជំនុំ​ដែល​នៅ​ជិត​គាត់។ បង​ប្អូន​វ័យ​ចាស់​ឬ​បង​ប្អូន​ដែល​មិន​អាច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ច្រើន​តែ​ជា​អ្នក​ផ្ញើ​កាត​នោះ។ ជា​ឧទាហរណ៍ បង​ស្រី​អាណា ហ្គាដណឺ​ពី​ក្រុង​មិលវ៉េល រដ្ឋ​ប៉ិនស៊ីវ៉ានី សហរដ្ឋ​អាម៉េរិក នឹក​ចាំ​ថា​៖ ​«​ពេល​សៀវភៅ​ពិណ​របស់​ព្រះ​បាន​ចេញ​ផ្សាយ បង​ស្រី​ខ្ញុំ​ដែល​ពិការ​ឈ្មោះ​ថែល អាច​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ជា​រៀង​រាល់​សប្ដាហ៍ គាត់​ត្រូវ​ផ្ញើ​កាត​ដែល​មាន​សំណួរ​ទាំង​នោះ​ដល់​បុគ្គល​ផ្សេង​ៗ​»។ ពេល​សិស្ស​បង្ហើយ​វគ្គ​សិក្សា​នោះ បង​ប្អូន​ណា​ម្នាក់​ពី​ក្រុម​ជំនុំ​បាន​ទៅ​ជួប​គាត់ ដើម្បី​ជួយ​គាត់​ឲ្យ​រៀន​ថែម​ទៀត​អំពី​គម្ពីរ។

បង​ថែល ហ្គាដណឺ​អង្គុយ​លើ​រទេះ​រុញ​របស់​គាត់

កិច្ច​ការ​នៅ​ខាង​មុខ

នៅ​ចុង​ឆ្នាំ​នោះ បង​ប្រុស​ចូសេហ្វ រ៉ូធើហ្វឺត​បាន​ផ្ញើ​សំបុត្រ​មួយ​ទៅ​ក្រុម​ជំនុំ​នានា។ គាត់​សរសេរ​ថា​៖ ​«​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​នៅ​ឆ្នាំ​នេះ គឺ​ធ្វើ​ឡើង​នៅ​កន្លែង​ច្រើន​ជាង និង​ជួយ​មនុស្ស​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ទៅ​ទៀត​»។ គាត់​បន្ថែម​ថា​៖ ​«​នៅ​សល់​កិច្ច​ការ​ច្រើន​ទៀត។ សូម​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ការ​ដ៏​អស្ចារ្យ​នេះ​»។ និស្សិត​គម្ពីរ​ពិត​ជា​បាន​ធ្វើ​តាម​យោបល់​នោះ។ នៅ​ឆ្នាំ​១៩២២ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​អង់អាច​ក្លាហាន​អំពី​រាជាណាចក្រ​ព្រះ​ច្រើន​ជាង​ពេល​មុន​ៗ។

មិត្ត​សម្លាញ់​ដ៏​អង់អាច

និស្សិត​គម្ពីរ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ដោយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គេ​គឺ​ជា​មិត្ត​ដ៏​អង់អាច​«​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»​ ដូច​ដែល​បាន​ត្រូវ​បង្ហាញ​ក្នុង​បទ​ពិសោធន៍​ខាង​ក្រោម​នេះ។—សុភ. ១៧:១៧

នៅ​ថ្ងៃ​អង្គារ​ទី​៣១ ខែ​ឧសភា ឆ្នាំ​១៩២១ ព្រឹត្តិការណ៍​មួយ​ដែល​បាន​ត្រូវ​ហៅ​ថា​ការ​សម្លាប់​រង្គាល​ពី​ការ​ប្រកាន់​ពូជ​សាសន៍​នៅ​ក្រុង​ថាល់សា បាន​ផ្ទុះ​ឡើង។ ព្រឹត្តិការណ៍​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ក្រុង​ថាល់សា រដ្ឋ​អូក្លាហូម៉ា សហរដ្ឋ​អាម៉េរិក ក្រោយ​ពី​បុរស​ស្បែក​ខ្មៅ​ម្នាក់​បាន​ត្រូវ​គេ​ចាប់​ខ្លួន ដាក់​គុក និង​កាត់​ក្ដី​ពី​បទ​បៀត​បៀន​ស្ត្រី​ស្បែក​សម្នាក់។ បន្ទាប់​មក ក្រុម​បុរស​ស្បែក​ស​ដែល​មាន​គ្នា​ជាង​១.០០០​នាក់ បាន​ប្រយុទ្ធ​នឹង​បុរស​ស្បែក​ខ្មៅ​មួយ​ក្រុម​ដែល​មាន​គ្នា​តិច​ជាង។ ការ​ប្រយុទ្ធ​គ្នា​នោះ​បាន​រាល​ដាល​យ៉ាង​លឿន​ដល់​តំបន់​ហ្គ្រីនវូត​ជា​តំបន់​ដែល​មនុស្ស​ស្បែក​ខ្មៅ​ជា​ច្រើន​រស់​នៅ ហើយ​ហាង​ផ្សេង​ៗ​និង​ផ្ទះ​ជាង​១.៤០០​ខ្នង​បាន​ត្រូវ​គេ​រឹប​អូស​និង​ដុត​ចោល។ តាម​ផ្លូវ​ការ អ្នក​ស្លាប់​សរុប​មាន​ចំនួន​៣៦​នាក់ តែ​តាម​ពិត​ចំនួន​នៃ​អ្នក​ស្លាប់​ប្រហែល​ជា​មាន​រាប់​រយ​នាក់។

បង​ប្រុស​រីឆឺដ ហ៊ីល ជា​និស្សិត​គម្ពីរ​ជន​ជាតិ​ស្បែក​ខ្មៅ​ដែល​ស្នាក់​នៅ​តំបន់​ហ្គ្រីនវូត។ គាត់​បាន​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ថា​៖ ​«​នៅ​យប់​ចលាចល​នោះ យើង​មាន​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ដូច​ធម្មតា។ ក្រោយ​កិច្ច​ប្រជុំ​ចប់ យើង​ឮ​សំឡេង​កាំភ្លើង​នៅ​កណ្ដាល​ក្រុង​ថាល់សា។ យើង​ឮ​សំឡេង​នោះ​រហូត​ដល់​យប់​ជ្រៅ​»។ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១ ខែ​មិថុនា ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ។ គាត់​និយាយ​បន្ត​ទៀត​ថា​៖ ​«​មនុស្ស​ខ្លះ​បាន​មក ហើយ​និយាយ​ថា​បើ​អ្នក​ឯង​ចង់​មាន​សុវត្ថិភាព អ្នក​ឯង​ត្រូវ​ទៅ​សា​លម​ហោ​ស្រប​តែ​ម្ដង​»។ ដូច្នេះ បង​រីឆឺដ​និង​ប្រពន្ធ​កូន​ប្រាំ​នាក់​របស់​គាត់​បាន​រត់​ទៅ​សា​លម​ហោ​ស្រប​ក្រុង​ថាល់សា​នោះ។ នៅ​ទី​នោះ តាម​ការ​ប៉ាន់​ស្មាន បុរស​ស្ត្រី​ជន​ជាតិ​ស្បែក​ខ្មៅ​ប្រមាណ​៣.០០០​នាក់ បាន​ត្រូវ​ការ​ពារ​ដោយ​ទាហាន​ដែល​រដ្ឋាភិបាល​បាន​បញ្ជូន​ឲ្យ​បញ្ឈប់​ជម្លោះ។

ប្រហែល​ជា​នៅ​ពេល​ដំណាល​គ្នា​នោះ បង​ប្រុស​ស្បែក​សម្នាក់​ឈ្មោះ​អាថឺ ខ្លោស បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ក្លាហាន​មួយ។ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ឮ​ថា​ក្រុម​បង្ក​ចលាចល​កំពុង​សំដៅ​ទៅ​ទូទាំង​តំបន់​ហ្គ្រីនវូត ហើយ​រឹប​អូស​និង​ដុត​ផ្ទះ​ប្រជាជន ខ្ញុំ​សម្រេច​ចិត្ត​ទៅ​មើល​សុខ​ទុក្ខ​មិត្ត​សម្លាញ់​ខ្ញុំ​ម្នាក់ គឺ​បង​រីឆឺដ​»។

បង​អាថឺ ខ្លោស​បាន​បង្រៀន​គម្ពីរ​ដល់​កូន​ក្មេង​១៤​នាក់​ជា​ក្រុម ដោយ​ប្រើ​សៀវភៅ​ពិណ​របស់​ព្រះ

ពេល​គាត់​មក​ដល់​ផ្ទះ​របស់​បង​រីឆឺដ គាត់​បាន​ជួប​អ្នក​ជិត​ខាង​ស្បែក​សម្នាក់​ដែល​កាន់​កាំភ្លើង។ អ្នក​ជិត​ខាង​នោះ​ក៏​ជា​មិត្ត​ភក្ដិ​របស់​បង​រីឆឺដ​ដែរ គាត់​គិត​ស្មាន​ថា​បង​អាថឺ​នៅ​ក្រុម​បង្ក​ចលាចល​ដែរ។ អ្នក​ជិត​ខាង​នោះ​ស្រែក​ថា​៖ ​«​មក​ទី​នេះ​ធ្វើ​អី?​»។

បង​អាថឺ​បាន​នឹក​ចាំ​ថា​៖ ​«​បើ​គាត់​មិន​ពេញ​ចិត្ត​ចម្លើយ​របស់​ខ្ញុំ​ទេ គាត់​នឹង​បាញ់​ខ្ញុំ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ក៏​ជា​មិត្ត​ភក្ដិ​បង​រីឆឺដ​ម្នាក់​ដែរ ហើយ​ថា​ខ្ញុំ​មក​ផ្ទះ​របស់​បង​រីឆឺដ​ច្រើន​ដង​ហើយ​»។ បង​អាថឺ​និង​អ្នក​ជិត​ខាង​នោះ​បាន​ការ​ពារ​ផ្ទះ​សម្បែង​ពី​ពួក​ក្រុម​បង្ក​ចលាចល។

មិន​យូរ​ក្រោយ​មក បង​អាថឺ​បាន​ដឹង​ថា​បង​រីឆឺដ​និង​ក្រុម​គ្រួសារ​របស់​គាត់​នៅ​សា​លម​ហោ​ស្រប។ បង​អាថឺ​បាន​ឮ​ថា​មនុស្ស​ស្បែក​ខ្មៅមិន​អាច​ចាក​ចេញ​ពី​សាល​នោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ឧត្តម​សេនីយ៍​បារេត​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​បាន​ទេ។ បង​អាថឺ​បាន​និយាយ​ថា​៖ ​«​គឺ​មិន​ងាយ​មាន​ឱកាស​ជួប​ឧត្តមសេនីយ៍​នោះ​ទេ។ តែ​ពេល​ខ្ញុំ​ជួប​គាត់ ខ្ញុំ​ប្រាប់​គាត់​អំពី​គម្រោង​ការ​របស់​ខ្ញុំ។ គាត់​បាន​សួរ​ថា​៖ ‹តើ​អ្នក​នឹង​មើល​ថែ​ក្រុម​គ្រួសារ​នេះ ហើយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ឬ?›។ ខ្ញុំ​រីករាយ​នឹង​ឆ្លើយ​ថា បាទ​ខ្ញុំ​ព្រម​»។

ដោយ​មាន​លិខិត​អនុញ្ញាត​ក្នុង​ដៃ បង​អាថឺ​ប្រញាប់​ទៅ​សាល​មហា​ស្រប។ គាត់​បាន​បង្ហាញ​លិខិត​នោះ​ដល់​ទាហាន​ម្នាក់​ដែល​បាន​ប្រកាស​ថា​៖ ​«​នេះ​ជា​ហត្ថា​លេខា​របស់​ឧត្តមសេនីយ៍! មាន​ដឹង​ទេ​ថា​អ្នក​ជា​បុគ្គល​ដំបូង​គេ​ដែល​អាច​យក​អ្នក​ឯ​ទៀត​ចេញ​ពី​កន្លែង​នេះ?​»។ មិន​យូរ​ក្រោយ​មក បង​អាថឺ​និង​ទាហាន​នោះ​បាន​រក​ឃើញ​បង​រីឆឺដ​និង​ក្រុម​គ្រួសារ​របស់​គាត់។ បង​អាថឺ​និង​ក្រុម​គ្រួសារ​បង​រីឆឺដ​បាន​ចូល​ក្នុង​ឡាន​របស់​បង​អាថឺ​ទាំង​អស់​គ្នា ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

​«​យើង​ទាំង​អស់​គ្នា​ដែល​ជា​រាស្ត្រ​ព្រះ​គឺ​មាន​តម្លៃ​ស្មើ​ៗ​គ្នា​»​

បង​អាថឺ​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​បង​រីឆឺដ​និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​សុវត្ថិភាព។ គំរូ​របស់​គាត់​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​អង់អាច​ក្លាហាន​ជា​បង​ប្អូន មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​អ្នក​ឯ​ទៀត។ បង​អាថឺ​ប្រាប់​ថា​៖ ​«​អ្នក​ជិត​ខាង​ដែល​បាន​ជួយ​ការ​ពារ​ផ្ទះ​សម្បែង​របស់​បង​រីឆឺដ​ចូល​ចិត្ត​សាក្សី​ព្រះ​យេហូវ៉ា​ជាង​មុន។ ម្យ៉ាង​ទៀត ចំនួន​អ្នក​ចាប់​អារម្មណ៍​សេចក្ដី​ពិត​កើន​ឡើង ដោយ​សារ​ពួក​គេ​ឃើញ​ថា​រាស្ត្រ​របស់​ព្រះ​មិន​ប្រកាន់​ពណ៌​សម្បុរ ហើយ​ថា​យើង​ទាំង​អស់​គ្នា​ដែល​ជា​រាស្ត្រ​ព្រះ​គឺ​មាន​តម្លៃ​ស្មើ​ៗ​គ្នា​»។

a នៅ​ឆ្នាំ​១៩៣៧ ឈ្មោះ​របស់​ទស្សនាវដ្ដី​សម័យ​រុង​រឿង បាន​ទៅ​ជា​ទស្សនាវដ្ដី​ការ​សម្រាល​ទុក្ខ​(​Consolation​)។ បន្ទាប់​មក ឈ្មោះ​នោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ជា​ទស្សនាវដ្ដី​ភ្ញាក់​រឭក! នៅ​ឆ្នាំ​១៩៤៦។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក