ជីវប្រវត្ដិ
ព្រះយេហូវ៉ាយកចិត្តទុកដាក់ស្ដាប់សេចក្ដីអធិដ្ឋានខ្ញុំ
ពេលខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំបានសម្លឹងមើលទៅផ្កាយរះត្រចះត្រចង់នាពេលយប់។ នោះជំរុញចិត្តខ្ញុំឲ្យលុតជង្គង់ ហើយអធិដ្ឋានទៅព្រះ។ ខ្ញុំទើបតែបានរៀនអំពីព្រះយេហូវ៉ា តែខ្ញុំបានប្រាប់លោកអំពីកង្វល់ទាំងអស់ដែលកប់ជ្រៅក្នុងចិត្តរបស់ខ្ញុំ។ ការអធិដ្ឋាននោះ គឺជាទីចាប់ផ្ដើមនៃដំណើរជីវិតវែងឆ្ងាយរបស់ខ្ញុំជាមួយនឹងព្រះយេហូវ៉ាជា«ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន»។ (ចសព. ៦៥:២) សូមឲ្យខ្ញុំរៀបរាប់អំពីមូលហេតុដែលខ្ញុំអធិដ្ឋានទៅព្រះដែលខ្ញុំទើបតែបានស្គាល់។
ការមកលេងមួយដែលផ្លាស់ប្ដូរជីវិតខ្ញុំ
ខ្ញុំបានកើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩២៩ ក្នុងភូមិណូវីលជាភូមិតូចមួយដែលមានកសិដ្ឋាន៩នៅជិតក្រុងបាសស្តុន តំបន់អាដិនណេស ប្រទេសបែលហ្ស៊ិក។ ខ្ញុំមានអនុស្សាវរីយ៍ល្អៗពីកុមារភាពរបស់ខ្ញុំនៅក្នុងកសិដ្ឋាននោះជាមួយឪពុកម្ដាយខ្ញុំ។ ខ្ញុំនិងប្អូនប្រុសខ្ញុំរេម៉ិនច្របាច់យកទឹកដោះគោដោយដៃរាល់ថ្ងៃ ហើយជួយប្រមូលផល។ អ្នកភូមិទាំងអស់ក្នុងភូមិយើង ធ្វើកិច្ចការជាមួយគ្នាដើម្បីជួយគ្នាទៅវិញទៅមក។
ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំធ្វើការនៅកសិដ្ឋានរបស់យើង
ឪពុកម្ដាយរបស់ខ្ញុំឈ្មោះអេមីលនិងអាល្លីស។ ពួកគាត់ទាំងពីរនាក់ជាអ្នកកាន់សាសនាកាតូលិកយ៉ាងស្មោះត្រង់។ រាល់ថ្ងៃអាទិត្យ ពួកគាត់ទៅចូលរួមពិធីអភិបូជា។ ប៉ុន្តែប្រហែលនៅឆ្នាំ១៩៣៩ អ្នកត្រួសត្រាយដែលមកពីប្រទេសអង់គ្លេសបានមកភូមិរបស់យើង។ អ្នកត្រួសត្រាយនោះបានស្នើឲ្យឪពុកខ្ញុំជាវទស្សនាវដ្ដីការសម្រាលទុក្ខ(ឥឡូវនេះហៅថាទស្សនាវដ្ដីភ្ញាក់រឭក!)។ ភ្លាមៗឪពុកខ្ញុំបានទទួលស្គាល់ថាអ្វីដែលបានរៀបរាប់ក្នុងសៀវភៅនោះគឺជាសេចក្ដីពិត ហើយនោះជំរុញចិត្តគាត់ឲ្យចាប់ផ្ដើមអានគម្ពីរ។ ពេលឪពុកខ្ញុំឈប់ចូលរួមពិធីអភិបូជា អ្នកភូមិដែលធ្លាប់រួសរាយរាក់ទាក់ បែរជាប្រឆាំងយ៉ាងខ្លាំង។ ពួកគេព្យាយាមបង្ខិតបង្ខំឪពុកខ្ញុំឲ្យបន្តនៅក្នុងសាសនាកាតូលិក ហើយនោះនាំឲ្យមានការប្រកែកវែកញែកគ្នាយ៉ាងខ្លាំង។
ខ្ញុំឈឺចិត្តណាស់ពេលឃើញឪពុកខ្ញុំរងសម្ពាធយ៉ាងខ្លាំងបែបនេះ។ នោះបានជំរុញចិត្តខ្ញុំឲ្យអង្វរសុំជំនួយពីព្រះដោយអធិដ្ឋានយ៉ាងស្មោះអស់ពីចិត្ត ដែលបានត្រូវរៀបរាប់នៅដើមអត្ថបទនេះ។ ពេលការប្រឆាំងពីអ្នកជិតខាងបានអន់ថយទៅ ចិត្តខ្ញុំពេញហៀរដោយអំណរ។ ខ្ញុំបានជឿជាក់ថាព្រះយេហូវ៉ាគឺជា«ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន»។
ជីវិតក្នុងអំឡុងសង្គ្រាម
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៤០ ពួកណាត្ស៊ីអាល្លឺម៉ង់បានឈ្លានពានប្រទេសបែលហ្ស៊ិក នោះនាំឲ្យមនុស្សជាច្រើនភៀសខ្លួនចេញពីប្រទេសនោះ។ ក្រុមគ្រួសាររបស់យើងបានរត់គេចទៅភាគខាងត្បូងនៃប្រទេសបារាំង។ នៅតាមផ្លូវ យើងបានឆ្លងកាត់ការប្រយុទ្ធដ៏ក្ដៅគគុករវាងកងទ័ពអាល្លឺម៉ង់និងកងទ័ពបារាំង។
ពេលយើងត្រឡប់ទៅកសិដ្ឋានរបស់យើងវិញ យើងបានឃើញថាអីវ៉ាន់ភាគច្រើនរបស់យើងបានត្រូវគេលួច។ នៅសល់តែបប៊ីឆ្កែយើងប៉ុណ្ណោះមកទទួលស្វាគមន៍យើង។ បទពិសោធន៍បែបនេះធ្វើឲ្យខ្ញុំឆ្ងល់ថា ‹ហេតុអ្វីមានសង្គ្រាមនិងទុក្ខវេទនាច្រើនម្ល៉េះ?›។
ពេលខ្ញុំនៅវ័យជំទង់ ខ្ញុំបានបណ្ដុះឲ្យមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយព្រះយេហូវ៉ា
នៅក្នុងអំឡុងពេលនោះ យើងបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងពីការមកលេងរបស់អ្នកចាស់ទុំឈ្មោះអេមីល ស្រេនដែលជាអ្នកត្រួសត្រាយយ៉ាងស្មោះត្រង់។ គាត់បានពន្យល់យ៉ាងច្បាស់ពីគម្ពីរអំពីមូលហេតុដែលមានទុក្ខវេទនា ហើយបានឆ្លើយសំណួរឯទៀតដែលខ្ញុំឆ្ងល់អំពីជីវិត។ ពេលនោះហើយ ដែលខ្ញុំមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយព្រះយេហូវ៉ា ហើយជឿជាក់ថាលោកជាព្រះនៃសេចក្ដីស្រឡាញ់។
សូម្បីតែមុនសង្គ្រាមបានបញ្ចប់ ក្រុមគ្រួសាររបស់យើងអាចជួបនិងប្រាស្រ័យទាក់ទងជាមួយបងប្អូនឯទៀតច្រើនជាងមុន។ នៅខែសីហា ឆ្នាំ១៩៤៣ បងប្រុសចូសេនីកូឡាស មីណេ បានមកកសិដ្ឋានរបស់យើងដើម្បីថ្លែងសុន្ទរកថា។ គាត់បានសួរថា «តើអ្នកណាចង់ទទួលការជ្រមុជទឹក?»។ ឪពុកខ្ញុំបានលើកដៃ ហើយខ្ញុំក៏បានលើកដៃដែរ។ យើងបានទទួលការជ្រមុជទឹកក្នុងទន្លេតូចមួយជិតកសិដ្ឋានរបស់យើង។
នៅខែធ្នូ ឆ្នាំ១៩៤៤ ពួកទាហានអាល្លឺម៉ង់បានចាប់ផ្ដើមការវាយប្រហារដ៏ធំចុងក្រោយនៃសង្គ្រាមលោកលើកទី២នៅអឺរ៉ុបខាងលិច ដែលបានត្រូវគេស្គាល់ថាសមរភូមិប៊ូល(Bulge)។ ផ្ទះរបស់យើងនៅជិតកន្លែងដែលមានការប្រយុទ្ធនោះ ហើយយើងត្រូវស្នាក់នៅក្នុងបន្ទប់ក្រោមដីជិតមួយខែ។ ថ្ងៃមួយពេលខ្ញុំចេញមកខាងក្រៅដើម្បីឲ្យចំណីសត្វ ស្រាប់តែមានគ្រាប់បែកប្លោងមកចំកសិដ្ឋានយើង ហើយបង្ខូចដំបូលឃ្លាំង។ ទាហានអាម៉េរិកម្នាក់នៅក្នុងក្រោលសត្វជិតខ្ញុំបានស្រែកថា៖ «ក្រាបចុះ!»។ ខ្ញុំបានរត់ រួចក្រាបចុះក្បែរគាត់ ហើយគាត់បានយកមួកដែកគាត់ពាក់លើក្បាលខ្ញុំដើម្បីជួយខ្ញុំ។
ការរីកចម្រើនជាគ្រិស្តសាសនិក
នៅថ្ងៃអាពាហ៍ពិពាហ៍របស់យើង
បន្ទាប់ពីសង្គ្រាម យើងបានទាក់ទងជាទៀងទាត់ជាមួយបងប្អូននៅក្រុមជំនុំនាក្រុងលីអេស ដែលមានចម្ងាយប្រហែលជា៩០គីឡូម៉ែត្រខាងជើងកន្លែងដែលយើងរស់នៅ។ ក្រោយមក យើងចាប់ផ្ដើមមានក្រុមតូចមួយនៅក្រុងបាសស្តុន។ ខ្ញុំចាប់ផ្ដើមធ្វើការងារខាងពន្ធ និងមានឱកាសរៀនផ្នែកច្បាប់។ ក្រោយមក ខ្ញុំបានធ្វើការនៅសង្កាត់មួយ។ នៅឆ្នាំ១៩៥១ យើងបានរៀបចំសន្និបាតប្រចាំមណ្ឌលតូចមួយនៅក្រុងបាសស្តុន។ នៅសន្និបាតនោះ មានមនុស្សចូលរួមប្រហែលជា១០០នាក់ ហើយប្អូនស្រីអេលលី រ៉យធឺដែលជាអ្នកត្រួសត្រាយដ៏ខ្នះខ្នែងក៏ចូលរួមដែរ។ គាត់បានជិះកង់៥០គីឡូម៉ែត្រដើម្បីចូលរួម។ មិនយូរក្រោយមក យើងក៏ចាប់ផ្ដើមស្រឡាញ់គ្នា ហើយភ្ជាប់ពាក្យ។ អេលលីបានទទួលសំបុត្រឲ្យចូលសាលាគីលាតនៅសហរដ្ឋអាម៉េរិក។ ដូច្នេះ គាត់បានសរសេរសំបុត្រទៅមន្ទីរចាត់ការពិភពលោកដើម្បីពន្យល់អំពីមូលហេតុដែលគាត់មិនអាចចូលរួមសាលានោះ។ បងន័រដែលនាំមុខរាស្ត្ររបស់ព្រះយេហូវ៉ានៅពេលនោះ បានតបឆ្លើយដោយសប្បុរសថាថ្ងៃណាមួយ ប្រហែលប្អូនអាចចូលរួមសាលាគីលាតជាមួយនឹងប្ដីប្អូន។ យើងទាំងពីរនាក់បានរៀបការនៅខែកុម្ភៈ ឆ្នាំ១៩៥៣។
អេលលីនិងកូនប្រុសរបស់យើងសឺច
នៅឆ្នាំនោះ ខ្ញុំនិងអេលលីបានចូលរួមសន្និបាតដែលមានប្រធានថាសង្គមពិភពលោកថ្មី ដែលបានធ្វើឡើងនៅកីឡាដ្ឋានយ៉ាងគី ក្រុងញូវយ៉ក។ នៅទីនោះ ខ្ញុំបានជួបបងប្រុសម្នាក់ដែលបានស្នើផ្ដល់ការងារល្អដល់ខ្ញុំ ហើយបានហៅខ្ញុំឲ្យធ្វើអន្តោប្រវេសន៍នៅសហរដ្ឋអាម៉េរិក។ ក្រោយពីយើងបានអធិដ្ឋានទៅព្រះយេហូវ៉ាអំពីរឿងនេះ ខ្ញុំនិងអេលលីបានសម្រេចចិត្តថាមិនទទួលយកសំណើនេះទេ ហើយក៏ត្រឡប់ទៅប្រទេសបែលហ្ស៊ិកវិញដើម្បីគាំទ្រក្រុមតូចដែលមានអ្នកផ្សាយប្រហែលជា១០នាក់នៅក្រុងបាសស្តុន។ នៅឆ្នាំបន្ទាប់ យើងអរសប្បាយដែលបានបង្កើតកូនប្រុសម្នាក់ឈ្មោះសឺច។ គួរឲ្យស្ដាយ ៧ខែក្រោយមក សឺចបានធ្លាក់ខ្លួនឈឺ ហើយក៏ស្លាប់។ យើងបានអធិដ្ឋានទៅព្រះយេហូវ៉ាប្រាប់លោកអំពីទុក្ខសោករបស់យើង ហើយយើងបានទទួលកម្លាំងចិត្តពីសេចក្ដីសង្ឃឹមពិតប្រាកដនៃការប្រោសឲ្យរស់ឡើងវិញ។
កិច្ចបម្រើពេញពេល
នៅខែតុលា ឆ្នាំ១៩៦១ ខ្ញុំបានរកឃើញការងារមិនពេញពេលដែលអាចឲ្យខ្ញុំត្រួសត្រាយបាន។ ប៉ុន្តែ នៅថ្ងៃដដែលនោះ ខ្ញុំបានទទួលទូរស័ព្ទពីអ្នកត្រួតពិនិត្យការិយាល័យសាខាបែលហ្ស៊ិក។ គាត់បានសួរថាតើខ្ញុំអាចចាប់ផ្ដើមបម្រើជាអ្នកបម្រើប្រចាំមណ្ឌល(សព្វថ្ងៃនេះហៅថាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល)បានទេ? ខ្ញុំសួរគាត់ថា៖ «តើយើងអាចបម្រើជាអ្នកត្រួសត្រាយសិន មុនទទួលភារកិច្ចនេះបានឬទេ?»។ យើងបានត្រូវអនុញ្ញាតឲ្យធ្វើដូច្នេះ។ បន្ទាប់ពីបម្រើជាអ្នកត្រួសត្រាយអស់៨ខែ យើងបានចាប់ផ្ដើមកិច្ចការត្រួតពិនិត្យមណ្ឌលនៅខែកញ្ញា ឆ្នាំ១៩៦២។
ក្រោយពីយើងបានធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលអស់ពីរឆ្នាំ យើងបានត្រូវអញ្ជើញឲ្យបម្រើនៅបេតអែលក្រុងព្រុចសែល។ យើងបានចាប់ផ្ដើមបម្រើនៅទីនោះនាខែតុលា ឆ្នាំ១៩៦៤។ ភារកិច្ចថ្មីនោះនាំឲ្យយើងទទួលពរជាច្រើន។ មិនយូរក្រោយពីបងន័របានមកលេងបេតអែលនាឆ្នាំ១៩៦៥ ខ្ញុំភ្ញាក់ផ្អើលដែលខ្ញុំបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យការិយាល័យសាខា។ ក្រោយមក ខ្ញុំនិងអេលលីបានត្រូវអញ្ជើញឲ្យចូលសាលាគីលាតជំនាន់ទី៤១។ ពាក្យរបស់បងន័រកាលពី១៣ឆ្នាំមុនបានក្លាយជាការពិត! ក្រោយពីយើងរៀនចប់ យើងបានត្រឡប់ទៅបេតអែលបែលហ្ស៊ិកវិញ។
ការការពារសិទ្ធិស្របច្បាប់របស់យើង
អស់ជាច្រើនឆ្នាំ ខ្ញុំមានឱកាសពិសេសប្រើចំណេះខាងច្បាប់ដើម្បីជួយការពារសិទ្ធិរបស់រាស្ត្រព្រះក្នុងការគោរពប្រណិប័តន៍ដោយមានសេរីភាពនៅទ្វីបអឺរ៉ុបនិងកន្លែងផ្សេងទៀត។ (ភី. ១:៧) នេះបានផ្ដល់ឱកាសឲ្យខ្ញុំជួបពួកអាជ្ញាធរដែលមកពីជាង៥៥ប្រទេស នៅកន្លែងដែលកិច្ចការរបស់យើងបានត្រូវរឹតបន្តឹងឬដាក់បម្រាម។ ជាជាងប្រាប់ពួកអាជ្ញាធរទាំងនោះអំពីបទពិសោធន៍របស់ខ្ញុំខាងច្បាប់ ខ្ញុំណែនាំខ្លួនជាអ្នកបម្រើព្រះ។ ខ្ញុំអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ាជានិច្ច ដោយទទួលស្គាល់ថា«ចិត្តរបស់ស្ដេច[ឬចៅក្រម]ប្រៀបដូចជាទឹកនៅក្នុងដៃរបស់ព្រះយេហូវ៉ា លោកបង្គាប់ឲ្យហូរទៅទិសណាតាមដែលលោកពេញចិត្ត»។—សុភ. ២១:១
ខ្ញុំនៅតែនឹកចាំការសន្ទនាមួយដែលខ្ញុំមានជាមួយសមាជិករដ្ឋសភាអឺរ៉ុបម្នាក់។ ខ្ញុំបានស្នើសុំនិយាយជាមួយគាត់ច្រើនដង ហើយនៅទីបំផុតគាត់បានយល់ព្រមជួប។ គាត់បាននិយាយថា៖ «ខ្ញុំឲ្យពេល៥នាទី មិនឲ្យលើសមួយនាទីទេ»។ ខ្ញុំបានឱនក្បាល ហើយចាប់ផ្ដើមអធិដ្ឋាន។ បុរសនោះបានសួរខ្ញុំទាំងភ័យថាតើខ្ញុំកំពុងធ្វើអ្វី។ ខ្ញុំបានងើបក្បាល ហើយនិយាយថា៖ «ខ្ញុំអរគុណព្រះ ដោយសារអ្នកគឺជាអ្នកបម្រើម្នាក់របស់លោក»។ គាត់បានសួរថា៖ «តើអ្នកចង់មានន័យអី?»។ ខ្ញុំបានបង្ហាញរ៉ូម ១៣:៤ដល់គាត់ ហើយបទគម្ពីរនេះបានទាក់ទាញចិត្តគាត់ ដោយសារគាត់ជាអ្នកកាន់សាសនាប្រូតេស្ដង់។ បន្ទាប់មក យើងបាននិយាយគ្នាអស់កន្លះម៉ោង ហើយការជួបគ្នានោះបានទទួលលទ្ធផលល្អណាស់។ គាត់ថែមទាំងបាននិយាយថាគាត់គោរពសាក្សីព្រះយេហូវ៉ាដោយសារកិច្ចការដែលពួកគេធ្វើ។
អស់ជាច្រើនឆ្នាំ រាស្ត្ររបស់ព្រះយេហូវ៉ាតវ៉ារឿងក្ដីជាច្រើននៅទ្វីបអឺរ៉ុបអំពីអព្យាក្រឹតភាពជាគ្រិស្តសាសនិក សិទ្ធិចិញ្ចឹមអប់រំកូន ការបង់ពន្ធ និងអ្វីជាច្រើនទៀត។ គឺជាឯកសិទ្ធិណាស់ ដែលខ្ញុំអាចរួមចំណែកក្នុងរឿងក្ដីជាច្រើនទាំងនេះ ហើយឃើញដោយផ្ទាល់ភ្នែកអំពីរបៀបដែលព្រះយេហូវ៉ាជួយយើងឲ្យជោគជ័យនិងទទួលជ័យជម្នះ។ សាក្សីព្រះយេហូវ៉ាបានឈ្នះរឿងក្ដីជាង១៤០ក្នុងតុលាការសិទ្ធិមនុស្សនៅទ្វីបអឺរ៉ុប។
មានសេរីភាពច្រើនជាងនៅប្រទេសគុយបា
ក្រោយមក ខ្ញុំបានរួមការងារជាមួយបងប្រុសហ្វីលីព ប្រឹមលីពីមន្ទីរចាត់ការពិភពលោកនិងបងប្រុសវ៉ុលធើ ហ្វានេធីពីប្រទេសអ៊ីតាលី ដើម្បីជួយបងប្អូនរបស់យើងនៅប្រទេសគុយបាឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានសេរីភាពច្រើនជាង ដោយសារកិច្ចការរបស់យើងបានត្រូវដាក់កម្រិតនៅទីនោះ។ ខ្ញុំបានសរសេរសំបុត្រទៅស្ថានទូតគុយបានៅប្រទេសបែលហ្ស៊ិក រួចមកបានជួបមន្ត្រីម្នាក់ដែលបានត្រូវតែងតាំងឲ្យទទួលសំណើររបស់យើង។ ក្នុងអំឡុងការជួបប៉ុន្មានលើកដំបូង យើងមិនអាចដោះស្រាយការយល់ច្រឡំដែលនាំឲ្យរដ្ឋាភិបាលដាក់កម្រិតលើកិច្ចការរបស់យើងនៅទីនោះទេ។
ខ្ញុំជាមួយបងហ្វីលីព ប្រឹមលីនិងបងវ៉ុលធើ ហ្វានេធីក្នុងអំឡុងទស្សនៈកិច្ចមួយនៅប្រទេសគុយបានាទសវត្សរ៍ឆ្នាំ១៩៩០
ក្រោយពីអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ា យើងបានសុំនិងទទួលការអនុញ្ញាតឲ្យបញ្ជូនគម្ពីរចំនួន៥.០០០ក្បាលទៅប្រទេសគុយបា។ គម្ពីរទាំងនោះបានទៅដល់ដោយមានសុវត្ថិភាព ហើយបានត្រូវចែកចាយដល់បងប្អូន។ ដូច្នេះ នេះធ្វើឲ្យយើងមានអារម្មណ៍ថាព្រះយេហូវ៉ាបានឲ្យពរលើការខំប្រឹងរបស់យើង។ រួចមក យើងបានសុំការអនុញ្ញាតឲ្យផ្ញើគម្ពីរចំនួន២៧.៥០០ក្បាលបន្ថែមទៀត។ រដ្ឋាភិបាលក៏បានយល់ព្រមដែរ។ ការជួយបងប្អូនជាទីស្រឡាញ់របស់យើងនៅប្រទេសគុយបាឲ្យមានគម្ពីរផ្ទាល់ខ្លួន ធ្វើឲ្យខ្ញុំមានអំណរក្រៃលែង!
ខ្ញុំបានទៅប្រទេសគុយបាជាច្រើនដងដើម្បីជួយធ្វើឲ្យកិច្ចការរបស់យើងកាន់តែទទួលស្គាល់តាមផ្លូវច្បាប់។ ក្នុងអំឡុងពេលនោះ ខ្ញុំអាចស្គាល់និងមានទំនាក់ទំនងល្អជាមួយមន្ត្រីរដ្ឋាភិបាលជាច្រើន។
ការជួយបងប្អូនយើងនៅប្រទេសរវ៉ាន់ដា
នៅឆ្នាំ១៩៩៤ មនុស្សជាង១.០០០.០០០នាក់បានត្រូវសម្លាប់យ៉ាងព្រៃផ្សៃក្នុងរបបប្រល័យពូជសាសន៍ធុត្ស៊ីនៅប្រទេសរវ៉ាន់ដា។ គួរឲ្យខ្លោចផ្សាមែន បងប្អូនប្រុសស្រីខ្លះរបស់យើងក៏បានត្រូវសម្លាប់ដែរ។ មិនយូរក្រោយមក បងប្អូនមួយក្រុមបានត្រូវសុំឲ្យរៀបចំជំនួយមនុស្សធម៌សម្រាប់ប្រទេសនោះ។
ពេលក្រុមរបស់យើងបានទៅដល់រដ្ឋធានីគីហ្គាលី យើងបានឃើញការិយាល័យបកប្រែនិងឃ្លាំងស្តុកទុកសៀវភៅរបស់យើងមានស្នាមធ្លុះគ្រាប់កាំភ្លើង។ យើងបានឮរឿងខ្លោចផ្សាជាច្រើនរបស់បងប្អូនយើងដែលបានត្រូវសម្លាប់ដោយកាំបិតធំៗ។ យើងក៏បានឮអំពីគំរូជាច្រើនរបស់បងប្អូនយើងដែលបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ជាឧទាហរណ៍ យើងបានជួបបងប្រុសម្នាក់ពីកុលសម្ព័ន្ធធុត្ស៊ីដែលបានលាក់ខ្លួននៅក្នុងរណ្ដៅក្រោមដីអស់២៨ថ្ងៃ ដោយទទួលការការពារពីក្រុមគ្រួសារសាក្សីដែលមកពីកុលសម្ព័ន្ធហ៊ុតធូ។ ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅរដ្ឋធានីគីហ្គាលី យើងខំព្យាយាមលើកទឹកចិត្តនិងសម្រាលទុក្ខបងប្អូនជាង៩០០នាក់។
ខាងឆ្វេង៖ សៀវភៅដែលបានត្រូវគ្រាប់កាំភ្លើងនៅការិយាល័យបកប្រែរបស់យើង
ខាងស្ដាំ៖ ខ្ញុំធ្វើការខាងផ្ដល់ជំនួយ
ក្រោយមក យើងបានឆ្លងកាត់ព្រំដែនចូលប្រទេសហ្សាអៀ(ឥឡូវជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ) ដើម្បីស្វែងរកសាក្សីជនជាតិរវ៉ាន់ដាជាច្រើននាក់ដែលបានគេចខ្លួនទៅជំរំជនភៀសខ្លួនជិតក្រុងហ្គូម៉ា។ ប៉ុន្តែ យើងរកពួកគេមិនឃើញទេ។ ដូច្នេះយើងបានអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យណែនាំយើងជួបពួកគេ។ រួចមក យើងបានឃើញបុរសម្នាក់ដើរសំដៅមកយើង ហើយយើងបានសួរគាត់ថាតើគាត់ស្គាល់សាក្សីព្រះយេហូវ៉ាណាម្នាក់ទេ។ គាត់តបថា៖ «បាទ ខ្ញុំគឺជាសាក្សី។ ខ្ញុំសប្បាយចិត្តនាំអ្នកទៅជួបគណៈកម្មាធិការផ្ដល់ជំនួយ»។ ក្រោយពីការជួបជុំដែលពង្រឹងកម្លាំងចិត្តគ្នាទៅវិញទៅមកជាមួយគណៈកម្មាធិការផ្ដល់ជំនួយ យើងបានជួបជនភៀសខ្លួនប្រហែលជា១.៦០០នាក់ដើម្បីផ្ដល់ការសម្រាលទុក្ខនិងការលើកទឹកចិត្តដល់ពួកគេ។ យើងក៏បានអានសំបុត្រពីគណៈអភិបាលឲ្យពួកគេផងដែរ។ បងប្អូនសប្បាយចិត្តយ៉ាងខ្លាំងពេលឮពាក្យក្នុងសំបុត្រដែលថា៖ «យើងអធិដ្ឋានអំពីបងប្អូនជានិច្ច។ យើងដឹងថាព្រះយេហូវ៉ានឹងមិនបោះបង់ចោលបងប្អូនទេ»។ ពាក្យទាំងនេះពីគណៈអភិបាលបានកើតឡើងពិតមែន។ សព្វថ្ងៃនេះ សាក្សីជាង៣០.០០០នាក់កំពុងបម្រើព្រះយេហូវ៉ាយ៉ាងសប្បាយរីករាយជាមួយគ្នានៅប្រទេសរវ៉ាន់ដា។
ខ្ញុំតាំងចិត្តរក្សាភាពស្មោះត្រង់
ក្រោយពីរៀបការជិត៥៨ឆ្នាំ នៅឆ្នាំ២០១១អេលលីប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំបានស្លាប់។ ខ្ញុំបានប្រាប់ព្រះយេហូវ៉ាអំពីទុក្ខសោករបស់ខ្ញុំ ហើយលោកសម្រាលទុក្ខខ្ញុំ។ ការផ្សព្វផ្សាយដំណឹងល្អដល់អ្នកជិតខាងក៏បានជួយសម្រាលទុក្ខខ្ញុំដែរ។
ទោះជាខ្ញុំមានអាយុ៩០ឆ្នាំជាងក្ដី ខ្ញុំនៅតែផ្សព្វផ្សាយជារៀងរាល់សប្ដាហ៍។ ខ្ញុំក៏សប្បាយចិត្តធ្វើការនៅផ្នែកច្បាប់នៅការិយាល័យសាខាបែលហ្ស៊ិក និងចែករំលែកចំណេះដឹងរបស់ខ្ញុំដល់អ្នកឯទៀត ព្រមទាំងជួយលើកទឹកចិត្តបងប្អូនវ័យក្មេងនៅក្នុងក្រុមគ្រួសារបេតអែល។
ប្រហែលជា៨៤ឆ្នាំមុន ខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ាជាលើកដំបូង។ នោះគឺជាទីចាប់ផ្ដើមនៃដំណើរដ៏អស្ចារ្យដែលបាននាំខ្ញុំឲ្យចូលកាន់តែជិតលោក។ ខ្ញុំមានចិត្តកតញ្ញូណាស់ដែលពេញមួយជីវិតរបស់ខ្ញុំព្រះយេហូវ៉ាយកចិត្តទុកដាក់ស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ។—ចសព. ៦៦:១៩a
a កាលដែលអត្ថបទនេះបានត្រូវរៀបចំ បងម៉ាសេល គីឡេតបានស្លាប់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។