សំណួរពីយុវវ័យ
ចុះបើខ្ញុំឆូតសាច់ខ្លួនឯង?
តើការឆូតសាច់រួមបញ្ចូលអ្វីខ្លះ?
ការឆូតសាច់គឺជាការអារសាច់ដើម្បីធ្វើបាបខ្លួនឯងដោយប្រើឧបករណ៍មុតៗ។ នេះគ្រាន់តែជាវិធីមួយនៃការធ្វើបាបខ្លួនឯង តែក៏មានវិធីផ្សេងដែរ ដូចជាការដុតស្បែកឲ្យរលាក ការធ្វើឲ្យជាំសាច់ ឬការវាយខ្លួនឯងជាដើម។ អត្ថបទនេះរៀបរាប់អំពីការឆូតសាច់ខ្លួនឯង តែគោលការណ៍ក្នុងអត្ថបទនេះក៏ទាក់ទងនឹងការធ្វើបាបខ្លួនគ្រប់វិធីទាំងអស់ដែរ។
សាកល្បងការយល់ដឹងរបស់ប្អូន៖ ពិតឬមិនពិត។
មានតែក្មេងស្រីប៉ុណ្ណោះដែលឆូតសាច់ខ្លួនឯង។
ការឆូតសាច់ខ្លួនឯង ប្រឆាំងនឹងបង្គាប់របស់ព្រះនៅច្បាប់លេវី ១៩:២៨ ដែលចែងថា៖«អ្នករាល់គ្នាមិនត្រូវឆូតសាច់ខ្លួន»ឡើយ។
ចម្លើយត្រឹមត្រូវ៖
មិនពិត។ ទោះជាបញ្ហានេះមើលទៅមានច្រើនក្នុងចំណោមក្មេងស្រីក្ដី តែក្មេងប្រុសខ្លះក៏ឆូតសាច់ខ្លួនឯង និងបានធ្វើបាបខ្លួនតាមវិធីផ្សេងទៀតដែរ។
មិនពិត។ ច្បាប់លេវី ១៩:២៨ សំដៅទៅលើទំនៀមទម្លាប់សាសនាពីបុរាណ មិនមែនសំដៅទៅលើការឆូតសាច់ធ្វើបាបខ្លួនឯងដូចរៀបរាប់ក្នុងអត្ថបទនេះទេ។ យ៉ាងណាក៏ដោយ នេះសមហេតុសមផលឲ្យយើងសន្និដ្ឋានថាព្រះដែលជាអ្នកបង្កើតយើងដែលប្រកបដោយសេចក្ដីស្រឡាញ់មិនចង់ឲ្យយើងធ្វើបាបខ្លួនទេ។—កូរិនថូសទី១ ៦:១២; កូរិនថូសទី២ ៧:១; យ៉ូហានទី១ ៤:៨
ហេតុអ្វីគេឆូតសាច់ខ្លួនឯង?
សាកល្បងការយល់ដឹងរបស់ប្អូន៖ តើប្រយោគមួយណាដែលប្អូនគិតថាត្រឹមត្រូវជាងគេ?
មនុស្សឆូតសាច់ខ្លួនឯង . . .
ដោយសារពួកគេព្យាយាមយកឈ្នះអារម្មណ៍ឈឺចាប់។
ដោយសារពួកគេប៉ុនប៉ងសម្លាប់ខ្លួន។
ចម្លើយត្រឹមត្រូវ៖ ក. មនុស្សភាគច្រើនដែលឆូតសាច់ខ្លួនឯង មិនចង់ស្លាប់ទេ។ ពួកគេគ្រាន់តែចង់បញ្ឈប់អារម្មណ៍ឈឺចាប់របស់ពួកគេប៉ុណ្ណោះ។
សូមកត់សម្គាល់ពាក្យសម្ដីរបស់យុវវ័យខ្លះដែលបាននិយាយអំពីការឆូតសាច់ខ្លួនឯង។
ប្អូនស៊ីលៀបានរៀបរាប់ថា៖«វាធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរជាង»។
ប្អូនថាម៉ារ៉ាបានរៀបរាប់ថា៖«វាហាក់ដូចជាផ្លូវចេញម្យ៉ាង។ ឈឺចាប់ខាងរាងកាយប្រសើរជាងឈឺចាប់ខាងផ្លូវចិត្ត»។
ប្អូនខារីបានរៀបរាប់ថា៖«ខ្ញុំចង់បំបាត់អារម្មណ៍ក្រៀមក្រំរបស់ខ្ញុំណាស់។ ដូច្នេះ ខ្ញុំឆូតសាច់ខ្លួនឯងដើម្បីបំបែរអារម្មណ៍ ទៅគិតអំពីការឈឺចាប់ដែលមកពីការអារសាច់ខ្លួនឯងវិញ»។
ប្អូនជីរីនបានរៀបរាប់ថា៖«រាល់ដងដែលខ្ញុំឆូតសាច់ខ្លួនឯង ខ្ញុំច្រើនតែភ្លេចអំពីអ្វីដែលនៅជុំវិញខ្ញុំ ហើយខ្ញុំមិនចាំបាច់ស៊ូទ្រាំនឹងបញ្ហាខ្ញុំទេ។ ដូច្នេះ ខ្ញុំសុខចិត្តឈឺសាច់ជាជាងឈឺចិត្ត»។
បើប្អូនមានបញ្ហានេះ តើប្អូនអាចបញ្ឈប់យ៉ាងដូចម្ដេច?
សូមអធិដ្ឋានទៅព្រះយេហូវ៉ា។ ការអធិដ្ឋានជាជំហានដ៏សំខាន់ដើម្បីធូរស្រាលចិត្ត និងឈប់ឆូតសាច់ខ្លួនទៀត។ គម្ពីរចែងថា៖«ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។—ពេត្រុសទី១ ៥:៧
យោបល់៖ ដំបូងសូមអធិដ្ឋានយ៉ាងខ្លី ប្រហែលប្អូនអាចប្រាប់ព្រះយេហូវ៉ាថា៖«សូមជួយខ្ញុំ»។ ក្រោយមក ប្អូននឹងអាចបើកចិត្ត ហើយប្រាប់អារម្មណ៍របស់ប្អូនដល់«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។—កូរិនថូសទី២ ១:៣, ៤
ការអធិដ្ឋានមិនមែនជាការនិយាយទៅកាន់ព្រះដើម្បីឲ្យតែធូរចិត្តទេ។ ប៉ុន្តែ នេះជាការសន្ទនាជាមួយបិតារបស់ប្អូនដែលនៅស្ថានសួគ៌ ដែលបានសន្យាថា៖«ខ្ញុំនឹងជួយអ្នក។ ខ្ញុំប្រាកដជានឹងចាប់អ្នកយ៉ាងជាប់ដោយដៃស្ដាំដ៏សុចរិតរបស់ខ្ញុំ»។—អេសាយ ៤១:១០
បន្ថែមទៅទៀត មនុស្សជាច្រើនដែលឆូតសាច់ខ្លួនឯងបានទទួលការសម្រាលទុក្ខពីការនិយាយជាមួយនឹងឪពុកម្ដាយ ឬមនុស្សពេញវ័យណាម្នាក់ដែលគួរឲ្យទុកចិត្ត។ សូមស្ដាប់ពាក្យសម្ដីរបស់យុវវ័យបីនាក់ដែលបានធ្វើដូច្នោះ។
សំណួរសម្រាប់រំពឹងគិត
ពេលដែលប្អូនត្រូវការជំនួយ តើប្អូនអាចប្រាប់អ្នកណា?
តើប្អូនអាចនិយាយអ្វីខ្លះប្រាប់ព្រះយេហូវ៉ាអំពីបញ្ហានេះ?
តើប្អូនអាចប្រាប់ពីវិធីពីរយ៉ាង(ក្រៅពីការធ្វើបាបខ្លួនឯង)ដែលប្អូនអាចប្រើដើម្បីបំបាត់ការតានតឹងចិត្តនិងការថប់បារម្ភឬទេ?