សំណួរពីយុវវ័យ
តើខ្ញុំគួរចាក់សាក់ទេ?
តើអ្វីជាភាពទាក់ទាញ?
យុវជនម្នាក់ឈ្មោះរ៉ាយអិនបានរៀបរាប់៖«ខ្ញុំគិតថារូបដែលគេសាក់នៅលើស្បែកជាស្នាដៃសិល្បៈដ៏ស្រស់ស្អាត»។
ពេលឃើញយុវវ័យជាច្រើនចាក់សាក់ ប្អូនប្រហែលជាចង់សាក់ដែរ។ ជាឧទាហរណ៍ ប្អូនស្រីម្នាក់ឈ្មោះជីលាន បានរៀបរាប់ថា៖«សិស្សស្រីម្នាក់ដែលរៀនសាលាជាមួយខ្ញុំ ម៉ាក់គាត់បានស្លាប់ពេលគាត់នៅតូច។ ដូច្នេះ ពេលគាត់ពេញជំទង់ គាត់សាក់ឈ្មោះម៉ាក់គាត់នៅកញ្ចឹងក។ ខ្ញុំគិតថាការសាក់បែបនោះបង្កប់មនោសញ្ចេតនារបស់គាត់ជាមួយម៉ាក់គាត់»។
មិនថាប្អូនមានបំណងចិត្តបែបណាក៏ដោយ ប្អូនគួរគិតឲ្យបានវែងឆ្ងាយមុននឹងសម្រេចចិត្តសាក់អ្វីមួយនៅលើស្បែករបស់ប្អូន! តើប្អូនគួរសួរខ្លួនឯងនូវសំណួរអ្វីខ្លះ? តើមានគោលការណ៍គម្ពីរណាខ្លះដែលអាចជួយប្អូនឲ្យធ្វើការសម្រេចចិត្តល្អ?
តើប្អូនគួរសួរខ្លួនឯងនូវសំណួរអ្វីខ្លះ?
តើអាចប៉ះពាល់ដល់សុខភាពឬទេ? គេហទំព័រនៃគ្លីនីកម៉ាយ៉ូបានរៀបរាប់ថា៖«ការសាក់រូបនៅលើស្បែក គឺអាចមានប្រតិកម្មដល់ស្បែកនិងអាចមានបញ្ហាស្មុគស្មាញផ្សេងទៀតដែរ។ ជួនកាលមានដុំពកតូចៗនៅជុំវិញស្នាមសាក់នោះ ហើយក៏អាចធ្វើឲ្យជាលិកាស្បែកមានស្នាមដែរ។ បើឧបករណ៍ដែលគេប្រើដើម្បីសាក់ មិនបានសម្លាប់មេរោគយ៉ាងត្រឹមត្រូវទេ នោះមេរោគអាចចូលទៅក្នុងឈាម ហើយអាចបង្កឲ្យមានជំងឺផ្សេងៗទាក់ទងនឹងខួរឆ្អឹង»។
តើវាអាចបង្ខូចកេរ្តិ៍ឈ្មោះប្អូនឬទេ? មនុស្សច្រើនតែវាយតម្លៃអ្នកឯទៀត ដោយមើលសម្បកក្រៅ។ សម្បកក្រៅរបស់ប្អូនអាចសឲ្យឃើញថាប្អូនជាមនុស្សមានគំនិតចាស់ទុំឬក្មេងខ្ចី ជាមនុស្សគួរឲ្យទុកចិត្តឬគ្មានទំនួលខុសត្រូវ។ ប្អូនស្រីសឺមែនថឺ បានរៀបរាប់ថា៖«ពេលឃើញបុគ្គលម្នាក់ដែលមានស្នាមសាក់ ភ្លាមៗខ្ញុំសន្និដ្ឋានថាគាត់ជាមនុស្សចូលចិត្តរាំរែកនិងស៊ីផឹក»។
ប្អូនស្រីម្នាក់ឈ្មោះមេឡានីដែលមានអាយុ១៨ឆ្នាំ បានរៀបរាប់ថា៖«សម្រាប់ខ្ញុំ ស្នាមសាក់មិនមែនធ្វើឲ្យមើលទៅស្រស់ស្អាតទេ តែវាបិទបាំងភាពស្រស់ស្អាតពីកំណើតរបស់យើងទៅវិញ។ អ្នកដែលសាក់មិនចង់ឲ្យអ្នកឯទៀតស្គាល់ធាតុពិតរបស់គាត់ទេ អ៊ីចឹងហើយបានជាគាត់ចង់លាក់អំពីខ្លួនដោយសាក់រូប»។
តើប្អូននឹងចូលចិត្តវារហូតទេ? កាលដែលពេលវេលាកន្លងទៅ យើងអាចឡើងទម្ងន់ឬយើងកាន់តែចាស់ ហើយស្បែករបស់យើងអាចយារដែលបង្ខូចរូបសាក់នោះ។ ប្អូនប្រុសម្នាក់ឈ្មោះចូសេហ្វ បានរៀបរាប់ថា៖«ស្នាមសាក់ដែលគេសាក់យូរឆ្នាំហើយ មើលទៅមិនស្អាតសោះ»។
ប្អូនអាឡិនដែលមានអាយុ២១ឆ្នាំ បានរៀបរាប់ថា៖«រូបសាក់ច្រើនតែពេញនិយមមួយឆាវៗ ប្រហែលពីរបីឆ្នាំក្រោយមកហួសសម័យហើយ»។
សម្ដីរបស់អាឡិនពិតជាត្រឹមត្រូវ។ តាមពិត ពេលមនុស្សចាស់ទៅ គឺមានការប្រែប្រួលផ្សេងៗ ទាំងទស្សនៈ ទាំងចំណូលចិត្ត ទាំងមនោសញ្ចេតនាផងដែរ។ ប៉ុន្តែ ស្នាមសាក់ដែលមាននៅលើខ្លួនគាត់មិនប្រែប្រួលទេ។ ប្អូនស្រីម្នាក់ឈ្មោះថេរេសា បានរៀបរាប់ថា៖«ការមានស្នាមសាក់មិនគ្រាន់តែរំលឹកខ្ញុំអំពីគំនិតឆោតល្ងង់របស់ខ្ញុំប៉ុណ្ណោះទេ តែវាធ្វើឲ្យខ្ញុំស្ដាយក្រោយអស់ជាច្រើនឆ្នាំ»។
តើមានគោលការណ៍គម្ពីរអ្វីខ្លះដែលទាក់ទងនឹងរឿងនេះ?
មនុស្សដែលមានគំនិតចាស់ទុំចេះថ្លឹងថ្លែងមុននឹងធ្វើការសម្រេចចិត្ត។ (សុភាសិត ២១:៥; ហេប្រឺ ៥:១៤) ដូច្នេះ សូមពិចារណាគោលការណ៍គម្ពីរខាងក្រោមនេះដែលទាក់ទងនឹងការសាក់។
កូឡុស ៣:២០ ចែងថា៖«កូនទាំងឡាយអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយក្នុងគ្រប់ការទាំងអស់ ព្រោះធ្វើដូច្នេះនាំឲ្យលោកម្ចាស់ពេញចិត្ត»។
បើប្អូនរស់នៅជាមួយឪពុកម្ដាយ តែមិនគោរពការណែនាំពីពួកគាត់ តើប្អូនប្រហែលជាជួបផលវិបាកអ្វីខ្លះ?
ពេត្រុសទី១ ៣:៣, ៤ ចែងថា៖«កុំឲ្យសម្រស់របស់អ្នករាល់គ្នាជាសម្រស់ខាងក្រៅឡើយ ពោលគឺការក្រងសក់ ពាក់គ្រឿងអលង្ការមាស ឬពាក់សម្លៀកបំពាក់ប្រណីត តែចូរឲ្យសម្រស់របស់អ្នករាល់គ្នាជាអ្វីក្នុងចិត្តវិញ ពោលគឺចិត្តស្ងៀមស្ងាត់និងស្លូតបូត»។
តើប្អូនគិតយ៉ាងណាអំពីយោបល់ក្នុងគម្ពីរដែលឲ្យ‹សម្រស់របស់យើងជាអ្វីក្នុងចិត្ត›? ហើយហេតុអ្វី?
ធីម៉ូថេទី១ ២:៩ ចែងថា៖«ស្ត្រីទាំងឡាយ . . . គួរតែងខ្លួន . . . បែបរមទម និងដោយដឹងខុសត្រូវ»។
តើពាក្យ«រមទម»មានន័យដូចម្ដេច? ហេតុអ្វីភាពរមទមទាក់ទាញចិត្តយូរអង្វែងជាងស្នាមសាក់?
រ៉ូម ១២:១ ចែងថា៖«ប្រគល់រូបកាយរបស់ខ្លួនជាគ្រឿងបូជាដែលមានជីវិត ក៏បរិសុទ្ធ ហើយគាប់ចិត្តព្រះ។ យ៉ាងនេះ អ្នករាល់គ្នានឹងបំពេញកិច្ចបម្រើពិសិដ្ឋដោយប្រើសមត្ថភាពរិះគិត»។
តើរបៀបដែលយើងប្រព្រឹត្តមកលើរាងកាយរបស់ខ្លួនគឺសំខាន់ចំពោះព្រះឬទេ? ហើយហេតុអ្វី?
យោងទៅតាមកត្តាខាងលើ មនុស្សជាច្រើនបានសម្រេចចិត្តមិនចាក់សាក់លើខ្លួនទេ។ តាមពិត ពួកគេរកឃើញអ្វីមួយដែលប្រសើរជាងការចាក់សាក់ទៅទៀត។ ប្អូនថេរេសាដែលបានរៀបរាប់នៅខាងដើម បានបន្តថា៖«បើមានឃ្លាឬពាក្យស្លោកដែលយើងចូលចិត្តខ្លាំង សូមរស់នៅស្របតាមពាក្យពេចន៍ក្នុងឃ្លានោះ។ បើមានបុគ្គលដែលពិតជាសំខាន់សម្រាប់យើង សូមប្រាប់បុគ្គលនោះថាយើងស្រឡាញ់និងឲ្យតម្លៃគាត់ខ្លាំងណាស់។ ធ្វើដូចនេះ គឺប្រសើរជាងសាក់ឃ្លាឬរូបបុគ្គលនោះទៅទៀត»។