សំណួរពីយុវវ័យ
តើខ្ញុំគួរដឹងអ្វីខ្លះអំពីកីឡា?
កីឡាមានអត្ថប្រយោជន៍និងមានគុណវិបត្តិរបស់វា។ ប៉ុន្តែ ប្អូនទទួលលទ្ធផលមួយណា គឺអាស្រ័យទៅលើថាប្អូនលេងកីឡាអ្វីខ្លះ ប្អូនលេងវាបែបណា និងលេងច្រើនប៉ុនណា។
តើវាមានអត្ថប្រយោជន៍អ្វីខ្លះ?
ការលេងកីឡានាំឲ្យសុខភាពល្អ។ គម្ពីរទទួលស្គាល់ថា«ការហាត់ប្រាណមានប្រយោជន៍»។ (ធីម៉ូថេទី១ ៤:៨, កំណត់សម្គាល់) ប្អូនប្រុសម្នាក់ឈ្មោះរ៉ាយអិនបានរៀបរាប់ថា៖«ការលេងកីឡាជាវិធីល្អដើម្បីធ្វើចលនា គឺវាប្រសើរជាងអង្គុយលេងហ្គេមវីដេអូ»។
ការលេងកីឡាជួយឲ្យចេះសហការនិងលត់ដំខ្លួន។ គម្ពីរប្រើឧទាហរណ៍អំពីកីឡាដើម្បីបង្រៀនចំណុចសំខាន់មួយ។ គម្ពីរចែងថា៖«អ្នកដែលរត់ប្រណាំង រត់ទាំងអស់គ្នា ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះទទួលរង្វាន់»។ ហើយក៏ចែងទៀតថា៖«មនុស្សទាំងអស់ដែលចូលរួមក្នុងការប្រកួត ខំទប់ចិត្តក្នុងរឿងទាំងអស់»។ (កូរិនថូសទី១ ៩:២៤, ២៥) តើចំណុចសំខាន់ជាអ្វី? គឺត្រូវចេះទប់ចិត្តនិងចេះសហការគ្នា ដោយលេងតាមវិន័យកីឡា។ ប្អូនស្រីម្នាក់ឈ្មោះអាប៊ីកែល ក៏យល់ស្របនឹងចំណុចនេះដែរ។ នាងបាននិយាយថា៖«ការលេងកីឡាបង្រៀនខ្ញុំឲ្យចេះសហការគ្នា និងចេះប្រាស្រ័យទាក់ទងនឹងអ្នកឯទៀត»។
ការលេងកីឡាអាចបង្កើតមិត្តភាព។ កីឡាជួយបង្រួបបង្រួមគ្នា។ ប្អូនប្រុសម្នាក់ឈ្មោះចូដាន់ បានរៀបរាប់ថា៖«កីឡាស្ទើរតែទាំងអស់ប្រកួតប្រជែងគ្នា។ តែបើយើងលេងដើម្បីសប្បាយ នោះជួយឲ្យយើងមានមិត្តភក្តិច្រើន»។
តើវាមានគុណវិបត្តិអ្វីខ្លះ?
កីឡាដែលប្អូនលេង។ គម្ពីរចែងថា៖«ព្រះយេហូវ៉ាពិនិត្យមើលទាំងមនុស្សសុចរិតទាំងមនុស្សទុច្ចរិត លោកស្អប់អ្នកដែលចូលចិត្តអំពើឃោរឃៅ»។—ចម្រៀងសរសើរព្រះ ១១:៥
កីឡាខ្លះស្ដែងចេញនូវអំពីឃោរឃៅ។ ជាឧទាហរណ៍ ប្អូនស្រីម្នាក់ឈ្មោះឡូរេន បានសង្កេតឃើញថា៖«កីឡាប្រដាល់គឺផ្ដោតទៅលើការវាយគ្នា។ ជាគ្រិស្តសាសនិក យើងមិនវាយគ្នាទេ បើអ៊ីចឹងហេតុអ្វីយើងមើលគេវាយគ្នាជាការកម្សាន្តទៅវិញ?»។
សូមពិចារណា៖ តើប្អូនគិតថាគ្រាន់តែលេងឬទស្សនាកីឡាឃោរឃៅនឹងមិននាំឲ្យប្រព្រឹត្តឃោរឃៅឬ? បើប្អូនគិតដូច្នោះមែន សូមចាំថាចម្រៀងសរសើរព្រះ ១១:៥ ចែងថាព្រះយេហូវ៉ាមិនពេញចិត្តអ្នកដែល«ចូលចិត្តអំពើឃោរឃៅ» មិនមែនគ្រាន់តែបុគ្គលដែលប្រព្រឹត្តឃោរឃៅប៉ុណ្ណោះទេ។
របៀបដែលប្អូនលេង។ គម្ពីរចែងថា៖«មិនត្រូវធ្វើអ្វីក្នុងបំណងទាស់នឹងអ្នកឯទៀត ឬលើកខ្លួនហួសប្រមាណឡើយ។ ប៉ុន្តែ ចូរមានចិត្តរាបទាបដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន»។—ភីលីព ២:៣
ពិតមែនថា ការលេងកីឡាមានការប្រកួតប្រជែងគ្នាដើម្បីដឹងឈ្នះដឹងចាញ់ តែបើមានចិត្តគំនិតចង់តែឈ្នះប៉ុណ្ណោះ វាមិនធ្វើឲ្យការលេងកីឡានោះសប្បាយទេ។ ប្អូនប្រុសម្នាក់ឈ្មោះប្រាយអេន បានរៀបរាប់ថា៖«យើងងាយនឹងមានចិត្តគំនិតប្រកួតប្រជែងគ្នាណាស់។ តែយើងអាចលេងកីឡាកាន់តែល្អបាន បើយើងកាន់តែចេះដាក់ខ្លួន»។
សូមពិចារណា៖ ប្អូនប្រុសម្នាក់ឈ្មោះគ្រីស បានសារភាពថា៖«យើងលេងទាត់បាល់រាល់សប្ដាហ៍ ហើយរាល់ដងតែងតែមានអ្នករងរបួស»។ ដូច្នេះ សូមសួរខ្លួនថា‹តើប្រហែលជាមកពីមូលហេតុអ្វីបានជាមានអ្នករងរបួស? តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីកាត់បន្ថយការរងរបួសក្នុងពេលលេង?›។
រយៈពេលដែលប្អូនលេង។ គម្ពីរចែងថា៖«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។—ភីលីព ១:១០
ប្អូនត្រូវចេះបែងចែកថាអ្វីណាសំខាន់ អ្វីណាមិនសូវសំខាន់ ហើយអ្វីដែលសំខាន់បំផុត គួរតែជាចំណងមិត្តភាពជាមួយព្រះ។ កីឡាភាគច្រើនតម្រូវឲ្យចំណាយពេលអស់រាប់ម៉ោង មិនថាប្អូនចូលរួមលេងដោយផ្ទាល់ឬគ្រាន់តែទស្សនាក្ដី។ ប្អូនប្រុសម្នាក់ឈ្មោះដេរៀ បានរៀបរាប់ថា៖«ខ្ញុំធ្លាប់ប្រកែកជាមួយម៉ាក់ខ្ញុំថាគួរឲ្យពេលខ្ញុំច្រើនប៉ុណ្ណាក្នុងការមើលកីឡា ដែលតាមត្រូវ ពេលវេលានោះខ្ញុំគួរតែចំណាយទៅលើអ្វីដែលប្រសើរជាងវិញ»។
បើយើងចំណាយពេលច្រើនពេកទៅលើកីឡា គឺប្រៀបដូចជាយើងដាក់អំបិលច្រើនពេកទៅលើម្ហូប
សូមពិចារណា៖ ពេលឪពុកម្ដាយដាស់តឿនប្អូនឲ្យចេះបែងចែកកិច្ចការណាសំខាន់កិច្ចការណាមិនសំខាន់ តើប្អូនស្ដាប់តាមពួកគាត់ទេ? ប្អូនស្រីទ្រីណាបានរៀបរាប់ថា៖«ខ្ញុំនិងបងប្អូនខ្ញុំធ្លាប់មើលកីឡា រហូតដល់ភ្លេចធ្វើកិច្ចការសំខាន់ៗ។ ម៉ាក់រំលឹកពួកយើងថាកីឡាករទាំងនោះនៅតែទទួលប្រាក់ខែ ទោះជាយើងមើលឬមិនមើលពួកគេក៏ដោយ។ រួចម៉ាក់ក៏សួរពួកយើងថា៖‹ចុះកូនឯងវិញ តើអ្នកណាបង់លុយឲ្យកូនឯង?›។ គាត់ចង់បានន័យថា កីឡាករទាំងនោះមានការងាររបស់ពួកគេ។ តែយើងវិញ បើយើងមិនធ្វើកិច្ចការសាលានិងកិច្ចការឯទៀតទេ យើងនឹងមិនអាចផ្គត់ផ្គង់ខ្លួននៅថ្ងៃអនាគតឡើយ។ បើនិយាយឲ្យចំទៅ ម៉ាក់ចង់ប្រាប់យើងថាការមើលឬលេងកីឡាមិនគួរជាអ្វីសំខាន់បំផុតក្នុងជីវិតរបស់យើងទេ»។