បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៦៨
  • តើ​ខ្ញុំ​តែង​តែ​តម្រូវ​ឲ្យ​ខ្លួន​ល្អ​ឥត​ខ្ចោះ​ឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​ខ្ញុំ​តែង​តែ​តម្រូវ​ឲ្យ​ខ្លួន​ល្អ​ឥត​ខ្ចោះ​ឬ?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ខុស​ទេ​ដែល​តែង​តែ​ចង់​ធ្វើ​ល្អ​ឥត​ខ្ចោះ?
  • តើ​មាន​វិធី​ប្រសើរ​ជាង​ទេ?
  • របៀបប្រើពេលវេលាដ៏ឈ្លាសវៃ
    ភ្ញាក់រឭក! ២០១៤
  • តើខ្ញុំអាចបំបាត់ចោលគំនិតអវិជ្ជមានយ៉ាងដូចម្ដេច?
    សំណួរពីយុវវ័យ
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៦៨
ក្មេង​ប្រុស​ម្នាក់​ខំ​ព្យាយាម​គូរ​រូប​សេះ។

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​តែង​តែ​តម្រូវ​ឲ្យ​ខ្លួន​ល្អ​ឥត​ខ្ចោះ​ឬ?

តើ​ប្អូន

  • ចង់​បាន​និទ្ទេស​A+គ្រប់​មុខ​វិជ្ជា​ទេ?

  • ចេះ​តែ​គេច​វេះ​ពី​ការ​ធ្វើ​អ្វី​ថ្មី​ព្រោះ​ខ្លាច​ធ្វើ​មិន​ល្អ​ទេ?

  • ចាត់​ទុក​យោបល់​ដែល​គេ​ឲ្យ​ជា​ការ​រិះ​គន់​ទេ?

បើ​ប្អូន​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​ទាំង​បី​ខាង​លើ នោះ​ប្អូន​តម្រូវ​ឲ្យ​ខ្លួន​ល្អ​ឥត​ខ្ចោះ​ហើយ។ ប៉ុន្តែ តើ​ការ​មាន​ចិត្ត​គំនិត​បែប​នោះ​ខុស​ទេ?

  • តើ​ខុស​ទេ​ដែល​តែង​តែ​ចង់​ធ្វើ​ល្អ​ឥត​ខ្ចោះ?

  • តើ​មាន​វិធី​ប្រសើរ​ជាង​ទេ?

  • ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

តើ​ខុស​ទេ​ដែល​តែង​តែ​ចង់​ធ្វើ​ល្អ​ឥត​ខ្ចោះ?

គឺ​មិន​ខុស​ទេ ដែល​ប្អូន​ព្យាយាម​ធ្វើ​អស់​ពី​សមត្ថភាព។ ប៉ុន្តែ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា​៖​«​ការ​ខំ​ធ្វើ​អស់​ពី​សមត្ថភាព​និង​ការ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ គឺ​ខុស​គ្នា​ស្រឡះ។ បើ​យើង​ចង់​តែ​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ នោះ​យើង​កំពុង​ដាក់​សម្ពាធ​មក​លើ​ខ្លួន​ឯង​ហើយ។ ហេតុ​អ្វី? ព្រោះ​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ទេ ដូច្នេះ​យើង​មិន​អាច​ធ្វើ​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ​»​(​Perfectionism—What’s Bad About Being Too Good?​)។

គម្ពីរ​ក៏​យល់​ស្រប​នឹង​ចំណុច​នេះ​ដែរ ដោយ​ចែង​ថា​៖​«​ព្រោះ​នៅ​ផែន​ដី គ្មាន​មនុស្ស​សុចរិត​ណា​ម្នាក់​ដែល​តែង​តែ​ធ្វើ​ល្អ​ជា​និច្ច . . . នោះ​ទេ​»។ (​អ្នក​ទូន្មាន ៧:២០​) ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ជា​ការ​ធម្មតា​ទេ​ដែល​យើង​មិន​អាច​ធ្វើ​អ្វី​ល្អ​ឥត​ខ្ចោះ​ដូច​ដែល​យើង​រំពឹង​ឡើយ។

តើ​ប្អូន​ពិបាក​ទទួល​ស្គាល់​ចំណុច​នេះ​ទេ? បើ​មែន សូម​ពិចារណា​ចំណុច​បួន​យ៉ាង​ដែល​ចិត្ត​គំនិត​ចង់​ធ្វើ​ល្អ​ឥត​ខ្ចោះ​អាច​មាន​ឥទ្ធិពល​មក​លើ​ប្អូន។

  1. ១. របៀប​ដែល​ប្អូន​មាន​ទស្សនៈ​ចំពោះ​ខ្លួន។ មនុស្ស​ដែល​ចង់​ធ្វើ​ល្អ​ឥត​ខ្ចោះ​បង្កើត​ខ្នាត​តម្រា​ខ្ពស់​ពេក​សម្រាប់​ខ្លួន ជា​លទ្ធផល​នាំ​ឲ្យ​ខ្លួន​ខក​ចិត្ត។ ប្អូន​អាលីស្យា​បាន​រៀប​រាប់​ថា​៖​«​តាម​ពិត​យើង​មិន​អាច​ធ្វើ​អ្វី​ៗ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​បើ​យើង​ខំ​ប្រឹង​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ តែ​មិន​សម្រេច​ដូច​អ្វី​ដែល​យើង​ប៉ង យើង​នឹង​បាត់​បង់​ទំនុក​ចិត្ត​មក​លើ​ខ្លួន ហើយ​ក្រោយ​មក​ធ្លាក់​ទឹក​ចិត្ត​»។

  2. ២. របៀប​ដែល​ប្អូន​មាន​ទស្សនៈ​ចំពោះ​យោបល់​ដែល​គេ​ឲ្យ​ប្អូន។ មនុស្ស​ដែល​ចង់​ធ្វើ​ល្អ​ឥត​ខ្ចោះ​ចាត់​ទុក​យោបល់​ថា​ជា​ការ​រិះ​គន់។ ប្អូន​យេរេមី​បាន​រៀប​រាប់​ថា​៖​«​ពេល​អ្នក​ឯ​ទៀត​ឲ្យ​យោបល់​ខ្ញុំ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​»។ គាត់​បាន​បន្ថែម​ថា​៖​«​មនុស្ស​ដែល​ចង់​ធ្វើ​ល្អ​ឥត​ខ្ចោះ មិន​ចង់​ទទួល​ជំនួយ​ពី​អ្នក​ឯ​ទៀត ហើយ​ក៏​មិន​ចង់​ទទួល​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន​ដែរ​»។

  3. ៣. របៀប​ដែល​ប្អូន​មាន​ទស្សនៈ​ចំពោះ​អ្នក​ឯ​ទៀត។ អ្នក​ដែល​ចង់​ធ្វើ​ល្អ​ឥត​ខ្ចោះ​ច្រើន​តែ​រិះ​គន់​អ្នក​ឯ​ទៀត និង​ងាយ​ចាប់​កំហុស​ពួក​គេ។ ប្អូន​អាណា​ដែល​មាន​អាយុ​១៨​ឆ្នាំ​បាន​រៀប​រាប់​ថា​៖​«​ពេល​យើង​តម្រូវ​ឲ្យ​ខ្លួន​ឯង​ធ្វើ​ល្អ​ឥត​ខ្ចោះ យើង​ក៏​តម្រូវ​ឲ្យ​គេ​ធ្វើ​ដូច​យើង​ដែរ។ ហើយ​ពេល​គេ​ធ្វើ​មិន​បាន​ដូច​អ្វី​ដែល​យើង​ចង់ នោះ​យើង​ខក​ចិត្ត​នឹង​ពួក​គេ​»។

  4. ៤. របៀប​ដែល​អ្នក​ឯ​ទៀត​មាន​ទស្សនៈ​ចំពោះ​ប្អូន។ បើ​ប្អូន​រំពឹង​ខ្ពស់​ពេក​ពី​អ្នក​ឯ​ទៀត នោះ​មិន​ចម្លែក​ទេ​ដែល​គេ​គេច​ចេញ​ពី​ប្អូន។ ប្អូន​បេត​បាន​រៀប​រាប់​ថា​៖​«​ពេល​មនុស្ស​ម្នាក់​តម្រូវ​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ល្អ​ឥត​ខ្ចោះ នោះ​ធ្វើ​ឲ្យ​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​នឿយ​ហត់​ខ្លាំង​ណាស់ ហើយ​គ្មាន​អ្នក​ណា​ចង់​នៅ​ជិត​គាត់​ទេ​»។

តើ​មាន​វិធី​ប្រសើរ​ជាង​ទេ?

គម្ពីរ​ចែង​ថា​៖​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​សម​ហេតុ​សម​ផល​»។ (​ភីលីព ៤:៥​) មនុស្ស​សម​ហេតុ​ផល​មិន​រំពឹង​ហួស​ហេតុ​ពេក​ពី​ខ្លួន​ឯង​និង​ពី​អ្នក​ឯ​ទៀត។

ប្អូន​នី​ឡា​បាន​រៀប​រាប់​ថា​៖​«​ក្នុង​ជីវិត​យើង​មាន​អ្វី​ជា​ច្រើន​ដែល​ស្មុគ​ស្មាញ​ទៅ​ហើយ អ៊ីចឹង​មិន​ចាំ​បាច់​បង្ខំ​ខ្លួន​ធ្វើ​ល្អ​ឥត​ខ្ចោះ​ទេ នេះ​នាំ​តែ​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ថែម​ទៀត​»។

គម្ពីរ​ចែង​ថា​៖ចូរ​«​ដើរ​ជា​មួយ​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​សុភាព​»។ (​មីកា ៦:៨​) ក្នុង​គម្ពីរ មនុស្ស​ដែល​មាន​ចិត្ត​សុភាព​គឺ​ជា​មនុស្ស​ដែល​ចេះ​ទទួល​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន។ គាត់​ចេះ​ទទួល​ស្គាល់​ថា កិច្ច​ការ​ណា​គាត់​អាច​សម្រេច​បាន ហើយ​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​សម្រេច​កិច្ច​ការ​នោះ​ឬ​អត់។

ប្អូន​ហេលី​បាន​រៀប​រាប់​ថា​៖​«​ដើម្បី​ខ្ញុំ​អាច​សប្បាយ​នឹង​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​មាន​តុល្យភាព​ដោយ​មិន​ទទួល​យក​ភារកិច្ច​ច្រើន​ពេក ព្រោះ​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​គឺ​មាន​កម្រិត​»។

បើ​យើង​ឈប់​មាន​ចិត្ត​គំនិត​ចង់​តែ​ធ្វើ​អ្វី​ឲ្យ​ល្អ​ឥត​ខ្ចោះ តើ​មាន​ន័យ​ថា​យើង​ធ្វើ​កិច្ច​ការ​ណា​មួយ​ឲ្យ​តែ​រួច​ពី​ដៃ​ឬ? គម្ពីរ​ចែង​ថា​៖​«​អ្វី​ក៏​ដោយ​ដែល​ដៃ​របស់​អ្នក​អាច​ធ្វើ​បាន ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​ចុះ​»។ (​អ្នក​ទូន្មាន ៩:១០​) ដូច្នេះ យើង​នៅ​តែ​ធ្វើ​កិច្ច​ការ​នោះ​ដោយ​ចិត្ត​ឧស្សាហ៍ តែ​ដោយ​មាន​គំនិត​សម​ហេតុ​ផល​និង​ចិត្ត​សុភាព។

ប្អូន​ចូស៊ូអា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ព្យាយាម​ធ្វើ​កិច្ច​ការ​របស់​ខ្ញុំ​អស់​ពី​សមត្ថភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទោះ​ជា​លទ្ធផល​ចេញ​មក​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ខ្ញុំ​នៅ​តែ​សប្បាយ ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ហើយ​»។

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

សៀរ៉ា

ប្អូន​សៀរ៉ា​បាន​រៀប​រាប់​ថា​៖​«​ពេល​ព្យាយាម​ធ្វើ​ល្អ​ឥត​ខ្ចោះ នោះ​ធ្វើ​ឲ្យ​យើង​តាន​តឹង​ចិត្ត​ខ្លាំង ព្រោះ​ពេល​ដែល​អ្នក​ឯ​ទៀត​ឲ្យ​យោបល់​យើង​ដើម្បី​យើង​អាច​រីក​ចម្រើន នោះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត។ ខ្ញុំ​គិត​ថា​ពេល​ខ្ញុំ​ធ្វើ​អ្វី​មួយ​មិន​ល្អ​ដូច​ចិត្ត​ប៉ង ជា​ជាង​បន្ទោស​ខ្លួន​ថា​គ្មាន​បាន​ការ ខ្ញុំ​ចង់​ចាត់​ទុក​នោះ​ជា​មេ​រៀន​មួយ​ដែល​ខ្ញុំ​អាច​រីក​ចម្រើន​នៅ​ពេល​ក្រោយ​»។

បូ

ប្អូន​បូ​បាន​រៀប​រាប់​ថា​៖​«​បើ​យើង​ខំ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ នោះ​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ទេ។ ម្យ៉ាង​ទៀត មិត្ត​ភក្ដិ​របស់​យើង​ក៏​មិន​ចង់​នៅ​ក្បែរ​យើង​ដែរ ព្រោះ​ពួក​គេ​ខ្លាច​ថា​យើង​វាយ​តម្លៃ​ពួក​គេ​ឬ​គិត​ថា​ពួក​គេ​មិន​ល្អ​គ្រប់​គ្រាន់​សម្រាប់​យើង​»។

សារីណា

ប្អូន​សារីណា​បាន​រៀប​រាប់​ថា​៖​«​មួយ​ថ្ងៃ​មាន​តែ​២៤​ម៉ោង ហើយ​មាន​អ្វី​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ។ ដូច្នេះ យើង​មិន​ចង់​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​អ្វី​ដែល​តូច​តាច រហូត​ដល់​ភ្លេច​អ្វី​ដែល​សំខាន់​ជាង ដូច​ជា​ការ​បរិភោគ​និង​គេង​ជា​ដើម​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក