សំណួរពីយុវវ័យ
តើខ្ញុំគួរដឹងអ្វីខ្លះអំពីការបង្ហោះរូបថតតាមអ៊ីនធឺណិត?
ប្អូនកំពុងដើរលេងសប្បាយណាស់ ហើយប្អូនចង់ប្រាប់មិត្តភក្តិអំពីដំណើរកម្សាន្តនោះ។ តើប្អូននឹងប្រាប់ពួកគេតាមរបៀបណា? តើប្អូននឹង
(ក) ផ្ញើរូបកាប៉ូស្តាល់ដល់ពួកគេម្នាក់មួយសន្លឹកឬ?
(ខ) ផ្ញើអ៊ីម៉ែលដល់មិត្តភក្តិទាំងអស់ឬ?
(គ) បង្ហោះរូបថតតាមអ៊ីនធឺណិតឬ?
បើប្អូនរស់នៅសម័យកាលរបស់តាយាយប្អូន ប្អូនប្រហែលជាមានតែជម្រើសមួយប៉ុណ្ណោះគឺជម្រើស«ក»។
បើប្អូនរស់នៅសម័យកាលរបស់ឪពុកម្ដាយប្អូន ប្អូនប្រហែលជាជ្រើសរើសជម្រើស«ខ»។
សព្វថ្ងៃនេះ យើងរស់នៅសម័យអ៊ីនធឺណិត ដូច្នេះយុវវ័យជាច្រើនចូលចិត្តជម្រើស«គ» គឺបង្ហោះរូបថតតាមអ៊ីនធឺណិត។ ចុះប្អូនវិញ? បើប្អូនជ្រើសរើសជម្រើសនេះមែន អត្ថបទនេះនឹងជួយប្អូនឲ្យជៀសផុតពីបញ្ហាមួយចំនួន។
តើការបង្ហោះរូបថតតាមអ៊ីនធឺណិតមានប្រយោជន៍អ្វីខ្លះ?
អាចផ្ញើភ្លាមៗ។ ប្អូនមេឡានីបានរៀបរាប់ថា៖«ពេលខ្ញុំធ្វើដំណើរកម្សាន្តឬជួបជុំជាមួយមិត្តភក្តិ ខ្ញុំអាចចែករំលែកទិដ្ឋភាពដែលខ្ញុំកំពុងរីករាយសប្បាយ»។
ងាយឃើញ។ ប្អូនចូដាន់បានរៀបរាប់ថា៖«ពេលមិត្តភក្តិខ្ញុំបង្ហោះរូបថតថ្មីៗ ខ្ញុំស្រួលឃើញនិងដឹងអំពីសុខទុក្ខរបស់ពួកគាត់លឿនជាងការរៀបរាប់ក្នុងអ៊ីម៉ែល»។
ជួយរក្សាទំនាក់ទំនង។ ប្អូនខារិនបានរៀបរាប់ថា៖«សាច់ញាតិនិងមិត្តភក្តិខ្លះរបស់ខ្ញុំរស់នៅឆ្ងាយ ពេលខ្ញុំឧស្សាហ៍មើលរូបថតដែលពួកគេបង្ហោះ ខ្ញុំមានអារម្មណ៍ដូចជាឃើញពួកគេរាល់ថ្ងៃ»។
តើអាចមានបញ្ហាអ្វីខ្លះ?
អាចមានបញ្ហាដល់សុវត្ថិភាពរបស់ប្អូន។ បើកាមេរ៉ាទូរសព្ទរបស់ប្អូនមានកម្មវិធីដឹងថាប្អូនស្ថិតនៅកន្លែងណា នោះរូបថតដែលប្អូនបង្ហោះអាចមានគ្រោះថ្នាក់ដល់ប្អូនដែរ។ គេហទំព័រមួយបានរៀបរាប់ថា៖«បើកាមេរ៉ាទូរសព្ទរបស់យើងបង្ហាញទីតាំងដែលយើងបង្ហោះរូបថតនោះ នោះស្រួលឲ្យមនុស្សអាក្រក់ដឹងថាយើងកំពុងស្ថិតនៅកន្លែងណា»(Digital Trends)។
ជនខិលខូចមួយចំនួនមិនគ្រាន់តែចង់ដឹងថាយើងនៅកន្លែងណាទេ តែក៏ចង់ដឹងថាយើងមិននៅកន្លែងណាដែរ។ យោងទៅតាមអ្វីដែលគេហទំព័រខាងលើបានរៀបរាប់ មានចោរបីនាក់បានចូលទៅគាស់ផ្ទះអស់១៨ខ្នង ពេលដែលម្ចាស់ផ្ទះមិននៅ។ ហេតុអ្វីពួកគេដឹងថាផ្ទះទាំងនោះម្ចាស់មិននៅ? ព្រោះពួកគេបានលួចតាមដានម្ចាស់ផ្ទះទាំងនោះតាមរយៈរូបដែលគេបង្ហោះតាមបណ្ដាញសង្គម។ ហើយពេលឃើញថាម្ចាស់ទាំងនោះមិននៅ ពួកគេបានចូលគាស់ផ្ទះទាំងនោះលួចយករបស់មានតម្លៃសរុបជាងមួយសែនដុល្លារ។
អាចឃើញព័ត៌មានមិនល្អ។ អ្នកខ្លះមិនខ្មាសបង្ហោះអ្វីផ្សេងៗឲ្យអ្នកឯទៀតឃើញទេ។ ប្អូនសារ៉ាបានរៀបរាប់ថា៖«បើយើងចេះតែអូសមើលរូបរបស់អ្នកឯទៀតដែលយើងមិនស្គាល់ នោះប្រៀបដូចជាយើងដើរលេងនៅក្នុងទីក្រុងមួយដែលយើងមិនស្គាល់ដោយគ្មានផែនទី។ គឺយើងចេះតែដើរៗទៅដល់កន្លែងមួយដែលយើងមិនចង់ទៅទេ»។
អាចខាតបង់ពេលវេលា។ ប្អូនយ៉ូឡេនដាបានរៀបរាប់ថា៖«គឺស្រួលឲ្យយើងអូសមើលអ្វីថ្មីៗនិងអានមតិយោបល់ដែលគេបានបង្ហោះ ហើយយូរៗទៅឲ្យតែទំនេរដៃមិនទាន់យើងចេះតែចង់យកទូរសព្ទមកអូសមើលអ្វីថ្មីៗ»។
ពេលយើងប្រើប្រាស់បណ្ដាញសង្គម សំខាន់យើងត្រូវរៀនឲ្យចេះទប់ចិត្ត។
ប្អូនសឺមែនថឺក៏យល់ស្របនឹងចំណុចនេះដែរ។ គាត់បាននិយាយថា៖«ពេលយើងប្រើប្រាស់បណ្ដាញសង្គម សំខាន់យើងត្រូវរៀនឲ្យចេះទប់ចិត្ត។ សម្រាប់ខ្ញុំ ខ្ញុំបានកំណត់ពេលវេលាក្នុងការប្រើប្រាស់វា»។
អ្វីដែលប្អូនអាចធ្វើ
តាំងចិត្តមិនមើលព័ត៌មានមិនល្អ។ គម្ពីរចែងថា៖«ខ្ញុំនឹងមិនព្រមមើលអ្វីដែលឥតប្រយោជន៍ជាដាច់ខាត»។—ចម្រៀងសរសើរព្រះ ១០១:៣
ប្អូនស្ទីវើនបានរៀបរាប់ថា៖«មានបុគ្គលខ្លះ ខ្ញុំឧស្សាហ៍មើលអ្វីដែលគាត់បង្ហោះ តែពេលឃើញអ្វីដែលគាត់បង្ហោះមិនសូវល្អឬមិនសមរម្យ ខ្ញុំលែងតាមដានគាត់ទៀត»។
ឈប់ទាក់ទងជាមួយបុគ្គលដែលមិនមានខ្នាតតម្រាដូចប្អូន ព្រោះពួកគេអាចបន្ទាបបន្ថោកខ្នាតតម្រាសីលធម៌របស់ប្អូន។ គម្ពីរចែងថា៖«កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចសីលធម៌ល្អ»។—កូរិនថូសទី១ ១៥:៣៣, កំណត់សម្គាល់
ប្អូនជេស៊ីកាបានរៀបរាប់ថា៖«កុំមើលរូបដែលគេពេញនិយម ដោយសារតែរូបទាំងនោះល្បីឡើយ ព្រោះរូបទាំងនោះបង្ហាញសាច់ច្រើន ស្លៀកលេចលើលេចក្រោម និងមានពាក្យអសុរោះ»។
ដាក់កម្រិតទៅលើពេលវេលាដែលប្អូនចំណាយទៅលើបណ្ដាញសង្គមនិងអ្វីដែលប្អូនបង្ហោះ។ គម្ពីរចែងថា៖«ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន កុំប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែប្រព្រឹត្តដូចមនុស្សដែលមានប្រាជ្ញាវិញ ដោយប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»។—អេភេសូរ ៥:១៥, ១៦
ប្អូនរេបិកាបានរៀបរាប់ថា៖«ខ្ញុំឈប់តាមដានបុគ្គលដែលបង្ហោះច្រើនពេក។ ជាឧទាហរណ៍ បុគ្គលខ្លះទៅលេងសមុទ្រ តែគាត់បង្ហោះរូបថតម្ដង២០សន្លឹក នៅកន្លែងដដែល ទម្រាំអូសផុតរូបទាំងនោះគឺស៊ីពេលខ្លាំងណាស់»។
សូមប្រាកដថារូបដែលប្អូនបង្ហោះមិនធ្វើឲ្យអ្នកឯទៀតផ្ដោតមកលើប្អូនហួសហេតុពេក។ ប៉ូលដែលជាអ្នកសរសេរគម្ពីរបានរៀបរាប់ថា៖«ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នានៅទីនោះថា កុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត តែចូរមានគំនិតសមហេតុសមផល»។ (រ៉ូម ១២:៣) សូមកុំសន្និដ្ឋានថាមិត្តរបស់ប្អូនចង់តាមដានអ្វីដែលប្អូនបង្ហោះនិងអ្វីដែលប្អូនធ្វើឡើយ។
ប្អូនអាលីសុនបានរៀបរាប់ថា៖«អ្នកខ្លះតែងតែបង្ហោះរូបខ្លួនរហូត បើខ្ញុំជាមិត្តភក្តិគាត់ ខ្ញុំដឹងថាគាត់មុខម៉េចហើយ មិនចាំបាច់បង្ហោះម្ដងហើយម្ដងទៀតដើម្បីឲ្យខ្ញុំចំណាំមុខគាត់ទេ»។