សំណួរពីយុវវ័យ
ចុះបើមិត្តខ្ញុំធ្វើឲ្យខ្ញុំឈឺចិត្ត?
អ្វីដែលប្អូនគួរដឹង
គ្មានចំណងមិត្តភាពណាដែលមិនរកាំរកូសទេ។ ដោយសារភាពមិនល្អឥតខ្ចោះ មិត្តភក្ដិល្អរបស់ប្អូនឬអ្នកដែលប្អូនចាត់ទុកជាកល្យាណមិត្ត ប្រហែលជាអាចធ្វើឬនិយាយអ្វីមួយដែលនាំឲ្យប្អូនឈឺចិត្ត។ យ៉ាងណាមិញ ប្អូនក៏មិនល្អឥតខ្ចោះ ហើយប្រហែលជាធ្លាប់ធ្វើឲ្យគេឈឺចិត្តដែរ។ តើប្អូននៅចាំពេលមួយដែលប្អូនធ្វើឲ្យអ្នកណាម្នាក់ឈឺចិត្តទេ?—យ៉ាកុប ៣:២
អ្វីដែលយើងឃើញតាមអ៊ីនធឺណិតក៏ងាយធ្វើឲ្យឈឺចិត្តដែរ។ ជាឧទាហរណ៍ ប្អូនប្រុសម្នាក់ឈ្មោះដាវីឌបានរៀបរាប់ថា៖«ពេលអូសមើលបណ្ដាញសង្គម ឃើញរូបថតមិត្តភក្តិបង្ហោះក្នុងពិធីជប់លៀង យើងប្រហែលឆ្ងល់ថា‹ម៉េចបានគេមិនហៅខ្ញុំដែរអ៊ីចឹង›។ រួចមក យើងក៏ចាប់ផ្ដើមអន់ចិត្ត ហើយគិតថាគេលែងរាប់អានយើងហើយ»។
ប្អូនអាចរៀនដោះស្រាយបញ្ហា។
អ្វីដែលប្អូនអាចធ្វើ
គិតពិចារណាអំពីខ្លួន។ គម្ពីរចែងថា៖«កុំឆាប់ទើសចិត្ត ព្រោះកំហឹងជាសញ្ញាសម្គាល់របស់មនុស្សល្ងង់ខ្លៅ»។—អ្នកទូន្មាន ៧:៩, កំណត់សម្គាល់
ប្អូនអាលីសឺបានរៀបរាប់ថា៖«ជួនកាល ពេលគិតឡើងវិញអំពីអ្វីដែលធ្វើឲ្យយើងអន់ចិត្ត យើងឃើញថាវាមិនមែនជារឿងធំដុំអីទេ»។
សូមគិតអំពីនេះ៖ តើប្អូនឆាប់អន់ចិត្តទេ? តើប្អូនអាចរៀនឲ្យចេះយោគយល់ថែមទៀតចំពោះភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀតឬទេ?—អ្នកទូន្មាន ៧:២១, ២២
គិតពីប្រយោជន៍ដែលមកពីការអភ័យទោស។ គម្ពីរចែងថា៖«គាត់នឹងទទួលការសរសើរ បើគាត់មិនប្រកាន់ទោស»។—សុភាសិត ១៩:១១
ប្អូនម៉ាឡូរីបានរៀបរាប់ថា៖«ទោះជាយើងមានហេតុឲ្យត្អូញត្អែរក្ដី ជាការល្អដែលយើងអភ័យទោសដោយគ្មានល័ក្ខខ័ណ្ឌ។ នេះមានន័យថាយើងមិនត្រូវរំលើករឿងនោះម្ដងហើយម្ដងទៀត ហើយទាមទារឲ្យគាត់សុំទោសយើងនោះទេ។ ពេលយើងអភ័យទោសឲ្យគាត់ហើយ យើងចង់បំភ្លេចរឿងនោះតែម្ដង»។
សូមគិតអំពីនេះ៖ តើរឿងនោះពិតជាសំខាន់ទេ? តើប្អូនអាចអភ័យទោសឲ្យគាត់ដើម្បីធ្វើឲ្យមានសន្តិភាពបានទេ?—កូឡុស ៣:១៣
បើយើងចេះតែរំលើកអំពីរឿងដែលមិត្តភក្តិយើងធ្វើឲ្យយើងឈឺចិត្ត នោះប្រៀបដូចជាបើកទ្វារកាន់តែធំឲ្យខ្យល់ត្រជាក់ចូលទៅក្នុងបន្ទប់ដែលមានម៉ាស៊ីនកម្ដៅ
គិតពីអ្នកឯទៀត។ គម្ពីរចែងថា៖«ចូរបន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតតែអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះទេ»។—ភីលីព ២:៤
ប្អូននីខូលបានរៀបរាប់ថា៖«ពេលយើងគោរពស្រឡាញ់អ្នកណាម្នាក់និងឲ្យតម្លៃចំពោះចំណងមិត្តភាពជាមួយនឹងគាត់ យើងពិតជាចង់ដោះស្រាយបញ្ហាជាមួយគាត់ភ្លាមៗ។ យើងខំព្យាយាមខ្លាំងណាស់ ទម្រាំបានមិត្តភាពជាមួយគាត់ ដូច្នេះយើងមិនចង់បាត់បង់មិត្តភាពនោះទេ»។
សូមគិតអំពីនេះ៖ តើប្អូនអាចឃើញចំណុចល្អពីទស្សនៈរបស់គាត់ទេ?—ភីលីព ២:៣
សរុបសេចក្ដី៖ បើប្អូនចេះគ្រប់គ្រងអារម្មណ៍និងការប្រព្រឹត្តរបស់ខ្លួនពេលនរណាម្នាក់ធ្វើឲ្យប្អូនឈឺចិត្ត នោះនឹងជួយប្អូនឲ្យក្លាយជាមនុស្សពេញវ័យដ៏ប្រសើរ។ ដូច្នេះ សូមប្អូនរៀនគ្រប់គ្រងអារម្មណ៍ពីឥឡូវនេះ។