អត្ថបទអំពីក្របទស្សនាវដ្ដី
ជំហានផ្សេងៗដែលអាចសង្គ្រោះជីវិត ពេលមានគ្រោះមហន្តរាយ
បុរសម្នាក់ឈ្មោះយ៉ូស្វេបានរៀបរាប់ថា៖«មានសំឡេងផ្ទុះយ៉ាងខ្លាំង ហើយនោះធ្វើឲ្យខ្ញុំខ្ទាតដល់ដី។ ផ្សែងបានហុយចេញពីបំពង់ខ្យល់ ហើយការិយាល័យរបស់ខ្ញុំពេញដោយអណ្ដាតភ្លើង»។
សព្វថ្ងៃនេះ យើងឧស្សាហ៍ឮអំពីការរញ្ជួយដី . . . ព្យុះសង្ឃរា . . . ភេរវកម្ម . . . ការបាញ់រះនៅសាលាក្នុងសារព័ត៌មាន។ ការអានព័ត៌មានអំពីគ្រោះមហន្តរាយគឺខុសគ្នាពីការឆ្លងកាត់រឿងនោះដោយផ្ទាល់។ ដើម្បីអាចជួយអ្នកឲ្យរួចរស់ជីវិត តើអ្នកអាចធ្វើអ្វីមុនគ្រោះមហន្តរាយ ក្នុងអំឡុងពេលនោះ និងក្រោយគ្រោះមហន្តរាយកើតឡើង?
មុនគ្រោះមហន្តរាយ ចូរត្រៀមខ្លួន!
គ្មាននរណាម្នាក់អាចទប់ស្កាត់គ្រោះមហន្តរាយបានឡើយ។ ការរួចរស់ជីវិតគឺអាស្រ័យទៅលើការរៀបចំទុកជាមុន។ ប៉ុន្តែ តើការរៀបចំនោះរួមបញ្ចូលអ្វីខ្លះ?
ត្រៀមចិត្ត។ សូមទទួលស្គាល់ថាគ្រោះមហន្តរាយអាចកើតឡើងគ្រប់ពេលវេលា ហើយអ្នកនិងមនុស្សជាទីស្រឡាញ់អាចជួបនឹងគ្រោះថ្នាក់ផ្សេងៗ។ គឺហួសពេលហើយបើអ្នកត្រៀមខ្លួនក្រោយពីគ្រោះមហន្តរាយកើតឡើង។
ស្វែងយល់ថាមានគ្រោះមហន្តរាយបែបណាខ្លះដែលអាចកើតឡើងក្នុងតំបន់អ្នក។ សូមគិតទុកជាមុនថាអ្នកនិងគ្រួសារត្រូវរត់ទៅកន្លែងណាពេលមានមហន្តរាយ។ សូមពិចារណាថាផ្ទះរបស់អ្នកនិងតំបន់ដែលអ្នករស់នៅមានសុវត្ថិភាពឬយ៉ាងណា។ បើមានរបស់ណាដែលងាយឆេះ សូមកុំទុកក្នុងផ្ទះ។ នៅក្នុងផ្ទះរបស់អ្នក គួរមានឧបករណ៍ប្រកាសអាសន្នពេលមានផ្សែង ហើយព្យាយាមប្ដូរថ្មវាយ៉ាងហោចណាស់មួយឆ្នាំម្ដង។
រៀបចំសម្ភារៈសង្គ្រោះបន្ទាន់។ ពេលមានមហន្តរាយ អគ្គីសនី ប្រព័ន្ធទឹក ទូរសព្ទ និងយានជំនិះសាធារណៈអាចផ្អាកដំណើរការ។ បើមានឡាន សូមប្រាកដថាឡានអ្នកមានសាំងគ្រប់គ្រាន់យ៉ាងហោចណាស់ក៏ពាក់កណ្ដាលដែរ។ ហើយសូមត្រៀមទុកស្បៀងអាហារ និងទឹក ព្រមទាំងសម្ភារៈសង្គ្រោះបន្ទាន់នៅក្នុងផ្ទះរបស់អ្នក (សូមមើលប្រអប់«តើអ្នកមានអ្វីដែលអ្នកត្រូវការទេ?»)។
ការត្រៀមទុកជាមុន គឺជាកត្តាដ៏សំខាន់ដើម្បីជួយអ្នកឲ្យរួចរស់ជីវិត
មានបញ្ជីលេខទូរសព្ទរបស់មិត្តភក្តិទាំងជិតទាំងឆ្ងាយ។
ហាត់ទុកជាមុនអំពីរបៀបភៀសខ្លួនពេលមានមហន្តរាយ។ ក្នុងអគារដែលអ្នករស់នៅនិងសាលារបស់កូន អ្នកត្រូវស្គាល់ច្រកចេញដែលនៅជិតអ្នកបំផុត។ សូមជ្រើសរើសទីតាំងដែលក្រុមគ្រួសាររបស់អ្នកអាចទៅជួបគ្នា ដូចជានៅសាលាឬបណ្ណាល័យណាមួយ ឬទីតាំងឯទៀតដែលនៅក្នុងនិងក្រៅតំបន់ដែលអ្នករស់នៅ។ នៅប្រទេសខ្លះ ពួកអាជ្ញាធរណែនាំឲ្យអ្នកនិងក្រុមគ្រួសារហាត់ដើរទៅទីតាំងទាំងនោះជាមួយគ្នា។
រៀបចំជួយអ្នកឯទៀតរួមបញ្ចូលមនុស្សវ័យចាស់និងអ្នកពិការ។
ក្នុងអំឡុងពេលមានគ្រោះមហន្តរាយ សូមចាត់វិធានការភ្លាមៗ
យ៉ូស្វេដែលបានរៀបរាប់នៅខាងដើម បាននិយាយថា៖«ពេលភ្លើងឆេះ មនុស្សភាគច្រើនមិនស្លន់ស្លោទេ តែបង្អែរបង្អង់ទៅវិញ។ អ្នកខ្លះនៅបិទកុំព្យូទ័រឬទៅចាក់ទឹកក្នុងដប។ បុរសម្នាក់បាននិយាយថា៖‹ប្រហែលយើងចាំបន្តិចសិន›»។ ទោះជាមនុស្សឯទៀតនៅច្រិមច្រុមក្ដី យ៉ូស្វេបានស្រែកថា៖«យើងត្រូវចេញឥឡូវ!»។ ពេលនោះ អ្នករួមការងាររបស់គាត់បានភ្ញាក់ខ្លួន ហើយរត់ទៅក្រោមតាមគាត់។ យ៉ូស្វេបន្តស្រែកថា៖«បើអ្នកណាម្នាក់ដួល សូមជួយលើកគាត់ ហើយបន្តរត់ទៅទៀត។ យើងទាំងអស់គ្នានឹងរួចជីវិត!»។
ពេលមានភ្លើងឆេះ។ សូមព្យាយាមរត់ដោយឱនខ្លួន ហើយរកច្រកចេញឲ្យបានឆាប់បំផុត។ ពេលនោះមានផ្សែងទ្រលោមពិបាកឲ្យយើងមើលឃើញ ហើយមនុស្សភាគច្រើនបានស្លាប់ក្នុងភ្លើងដោយសារការស្រូបផ្សែង។ សូមកុំប្រមែប្រមូលរបស់របរ។ ខុសតែមួយវិនាទី អាចឲ្យយើងរួចរស់ជីវិតឬអាចស្លាប់។
ពេលមានរញ្ជួយដី។ សូមពួនក្រោមគ្រឿងសង្ហារឹមធំៗឬនៅពីក្រោយជញ្ជាំងខាងក្នុង។ ទោះជារញ្ជួយដីស្ងប់ទៅក្ដី អាចនឹងមានរញ្ជួយដីថែមទៀតក្រោយមក ដូច្នេះសូមរត់ចេញទៅក្រៅអគារឲ្យបានឆ្ងាយនិងឆាប់បំផុត។ ក្រុមជួយសង្គ្រោះប្រហែលជាមិនអាចទៅដល់កន្លែងកើតហេតុភ្លាមៗទេ ដូច្នេះសូមព្យាយាមជួយអ្នកឯទៀតបើអាចធ្វើទៅបាន។
ពេលមានរលកយក្សស៊ូណាមី។ បើអ្នកឃើញទឹកស្រកយ៉ាងលឿនចេញពីឆ្នេរ សូមរត់ទៅទីខ្ពស់ភ្លាមៗ ព្រោះនឹងមានរលកធំៗបក់បោកមកមិនខាន។
ពេលមានខ្យល់កួចឬព្យុះកំបុតត្បូង។ សូមរត់ទៅរកកន្លែងដែលមានសុវត្ថិភាពភ្លាមៗ។
ពេលមានទឹកជំនន់។ សូមចេញពីអគារណាដែលលិចទឹក។ សូមកុំបើកបរកាត់ទឹកដែលកំពុងហូរ។ ទឹកដែលជន់ឡើងនោះ អាចមានអ្វីផ្សេងៗដែលគ្រោះថ្នាក់ដូចជា កម្ទេចកម្ទី គ្រលុក និងខ្សែភ្លើងដាច់ជាដើម។
តើអ្នកដឹងទេ? ទឹកដែលមានជម្រៅ០,៦ម៉ែត្រអាចកួចឡានទៅបាន។ ពេលទឹកជំនន់ភាគច្រើនមនុស្សស្លាប់ដោយសារពួកគេព្យាយាមបើកបរពេលដែលទឹកកំពុងជន់ឡើង។
បើពួកអាជ្ញាធរបង្គាប់ឲ្យភៀសខ្លួន សូមចាកចេញភ្លាមៗ! សូមប្រាប់មិត្តភក្តិរបស់អ្នកថាអ្នកនៅកន្លែងណា។ បើមិនដូច្នោះទេ ពួកគេអាចប្រថុយជីវិតដោយសារស្វែងរកអ្នក។
បើអាជ្ញាធរបង្គាប់ឲ្យភៀសខ្លួន សូមចាកចេញភ្លាមៗ!
តើអ្នកដឹងទេ? ការផ្ញើសារអាចមានសេវាល្អជាងការតេទូរសព្ទ។
បើពួកអាជ្ញាធរបង្គាប់ឲ្យបន្តនៅក្នុងផ្ទះឬជម្រកណាមួយ សូមកុំចេញក្រៅឡើយ។ ក្នុងករណីមានគ្រោះថ្នាក់ខាងជាតិគីមី ខាងជីវសាស្ត្រ ឬខាងនុយក្លេអ៊ែរ សូមនៅក្នុងផ្ទះ បិទទ្វារ និងបិទបង្អួចឲ្យជិតកុំឲ្យមានខ្យល់ចេញចូល។ បើមានការផ្ទុះនុយក្លេអ៊ែរ សូមទៅជាន់ក្រោមបំផុតនៃអគាររបស់អ្នកដើម្បីកុំឲ្យទទួលឥទ្ធិពលពីវិទ្យុសកម្ម។ សូមស្ដាប់ព័ត៌មានក្នុងទូរទស្សន៍ឬវិទ្យុ ហើយនៅក្នុងផ្ទះរហូតដល់ពួកអាជ្ញាធរប្រកាសថាលែងមានគ្រោះថ្នាក់ទៀត។
ក្រោយមានគ្រោះមហន្តរាយ សូមរក្សាសុវត្ថិភាព!
ដើម្បីជៀសវាងពីការឆ្លងជំងឺនិងគ្រោះថ្នាក់ សូមពិចារណាយោបល់ដូចតទៅនេះ៖
បើអាចធ្វើបាន សូមស្នាក់នៅជាមួយមិត្តភក្ដិ ជាជាងនៅក្នុងជំរំ។
រក្សាកន្លែងរស់នៅឲ្យមានអនាម័យ។
ប្រើឧបករណ៍ការពារខ្លួនពេលបោសសម្អាតកម្ទេចផ្សេងៗ។ បើអាចធ្វើបានសូមពាក់ស្រោមដៃ ស្បែកជើងការពារ មួកការពារ និងម៉ាស់។ សូមប្រយ័ត្នខ្សែភ្លើងនិងរងើកភ្លើងដែលយើងមើលមិនឃើញ។
រក្សាទម្លាប់ប្រចាំថ្ងៃរបស់អ្នកឲ្យបានធម្មតាតាមដែលអាចធ្វើទៅបាន។ ពេលអ្នកមានអារម្មណ៍ស្ងប់និងមិនធ្លាក់ទឹកចិត្តខ្លាំងពេក កូនៗរបស់អ្នកក៏មានអារម្មណ៍ដូចនោះដែរ។ សូមចំណាយពេលលេងជាមួយកូន ធ្វើកិច្ចការសាលា និងគោរពប្រណិប័តន៍ព្រះជាក្រុមគ្រួសារ។ សូមកុំផ្ដោតអារម្មណ៍ច្រើនពេកទៅលើការផ្សាយព័ត៌មានអំពីមហន្តរាយនោះ ហើយកុំឲ្យការថប់បារម្ភឬការតានតឹងធ្វើឲ្យអ្នកឈ្លោះប្រកែកជាមួយសមាជិកក្រុមគ្រួសារឡើយ។ សូមទទួលជំនួយពីអ្នកឯទៀត ហើយជួយអ្នកឯទៀតផងដែរ។
ក្រោយគ្រោះមហន្តរាយ សូមបន្តរក្សាទម្លាប់ដែលអ្នកមានប្រចាំថ្ងៃ
ទទួលស្គាល់ថាគ្រោះមហន្តរាយបណ្ដាលឲ្យមានការបាត់បង់។ រដ្ឋាភិបាលនិងក្រុមផ្ដល់ជំនួយផ្ដោតអារម្មណ៍ទៅលើការជួយសង្គ្រោះជីវិតមនុស្ស មិនមែនសងនូវអ្វីដែលបាត់បង់ទេ។ អ្វីដែលចាំបាច់ដើម្បីរួចរស់ជីវិត គឺទឹកស្អាត ម្ហូបអាហារ សម្លៀកបំពាក់ និងជម្រក។—ធីម៉ូថេទី១ ៦:៧, ៨
ទទួលស្គាល់ថាហេតុការណ៍នោះអាចប៉ះពាល់ដល់ផ្លូវចិត្ត។ ក្រោយគ្រោះមហន្តរាយ ជនរងគ្រោះអាចមានវិបត្តិផ្លូវចិត្តដោយសារការតក់ស្លុត។ នោះរួមបញ្ចូលការថប់បារម្ភ ការធ្លាក់ទឹកចិត្ត អារម្មណ៍ឡើងចុះ ពិបាកផ្ចង់អារម្មណ៍ ពិបាកធ្វើការ និងពិបាកគេង។ ដូច្នេះ សូមនិយាយជាមួយមិត្តភក្តិណាម្នាក់ដែលយកចិត្តទុកដាក់ចំពោះអ្នក។
ទោះជាយ៉ូស្វេបានរួចជីវិតពីការផ្ទុះនៅកន្លែងធ្វើការរបស់គាត់ក៏ដោយ តែអ្នករួមការងារជាច្រើនរបស់គាត់បានស្លាប់។ គាត់បានទទួលជំនួយពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ និងគ្រូពេទ្យជំនាញខាងផ្លូវចិត្ត។ យ៉ូស្វេបាននិយាយថា៖«ពួកគេពង្រឹងទំនុកចិត្តខ្ញុំថា ស្រមោលអន្ធការនោះនឹងអាចបាត់ទៅ។ ប្រាំមួយខែក្រោយមក ខ្ញុំមិនសូវយល់សប្ដិអាក្រក់ទៀត តែបញ្ហាផ្លូវចិត្តផ្សេងទៀតត្រូវការរយៈពេលយូរជាង»។
ដោយសារគ្រោះមហន្តរាយ មនុស្សច្រើនតែមានទស្សនៈមិនត្រឹមត្រូវចំពោះភាពយុត្តិធម៌។ ជាលទ្ធផល មនុស្សខ្លះបានទម្លាក់កំហុសទៅលើព្រះ។ តែដូចយ៉ូស្វេដែរ មនុស្សជាច្រើនមានអារម្មណ៍ថាខ្លួនជាអ្នកធ្វើខុសវិញ។ គាត់និយាយថា៖«ខ្ញុំនៅតែបន្ទោសខ្លួនថា ម៉េចបានជាខ្ញុំមិនសង្គ្រោះមនុស្សឲ្យបានច្រើនជាងនេះ។ តែខ្ញុំបានទទួលការសម្រាលទុក្ខដោយដឹងថា បន្តិចទៀតព្រះនឹងនាំឲ្យមានភាពយុត្តិធម៌នៅផែនដី ហើយធ្វើឲ្យអ្វីៗទាំងអស់ប្រសើរឡើងវិញ។ ទម្រាំដល់ពេលនោះ ខ្ញុំចង់ឲ្យតម្លៃចំពោះជីវិតដែលខ្ញុំមានជារៀងរាល់ថ្ងៃ ហើយធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីការពារជីវិតខ្ញុំ»។—ការបើកបង្ហាញ ២១:៤, ៥a
a ដើម្បីទទួលព័ត៌មានថែមទៀតអំពីសេចក្ដីសន្យារបស់ព្រះនៅថ្ងៃអនាគត និងស្វែងយល់អំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? លោកអ្នកអាចថតចម្លងសៀវភៅនេះនៅគេហទំព័រwww.jw.org/km។