តើអ្នកបានត្រៀមសម្រាប់មហន្តរាយធម្មជាតិទេ?
១ ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោកមនុស្សរាប់លាននាក់ រួមបញ្ចូលបងប្អូនរួមជំនឿជាច្រើននាក់ដែលបានរងគ្រោះដោយសាររញ្ជួយផែនដី ព្យុះរលកសមុទ្រ(ស៊ូណាមី) ខ្យល់មូសុង ព្យុះសង្ឃរា ខ្យល់កំបុតត្បូង និងទឹកជំនន់ជាដើម។ ដោយហេតុថា មិនដឹងជាពេលណាមានមហន្តរាយធម្មជាតិកើតឡើង យកល្អយើងគួរតែត្រៀមទុកជាមុន។—សុ. ២១:៥
២ សូមរៀបចំជាមុន: ជួនកាល អាជ្ញាធរអាចព្រមានពីការលំបាកដែលនឹងកើតឡើងពេលមានមហន្តរាយ។ ជាការសំខាន់ណាស់ដែលយើងយកចិត្តទុកដាក់ចំពោះសេចក្ដីព្រមានទាំងនេះ។ (សុ. ២២:៣) ក្នុងករណីបែបនេះអ្នកចាស់ទុំត្រូវជម្រាបបងប្អូនទាំងអស់ក្នុងក្រុមជំនុំដើម្បីជួយពួកគាត់ឲ្យរៀបចំអ្វីដែលចាំបាច់។ ក្រោយមហន្តរាយ អ្នកចាស់ទុំក៏ខំព្យាយាមទាក់ទងជាមួយអស់អ្នកដែលសេពគប់និងចូលរួមជាមួយក្រុមជំនុំដើម្បីឲ្យដឹងថាពួកគាត់មានសុវត្ថិភាព និងវិភាគមើលតើពួកគាត់ត្រូវការជំនួយអ្វីចាំបាច់។ បើអ្នកចាស់ទុំមិនមានបញ្ជីថ្មីៗ ស្តីអំពីអាសយដ្ឋាន លេខទូរស័ព្ទ(រួមបញ្ចូលលេខទូរស័ព្ទដៃ)នោះនឹងនាំឲ្យខាតពេល។ ដូច្នេះជាការសំខាន់ចំពោះអ្នកផ្សព្វផ្សាយឲ្យជម្រាប លេខាធិការ និងអ្នកត្រួតពិនិត្យក្រុមសិក្សាឲ្យដឹងពីអាសយដ្ឋាន លេខទូរស័ព្ទ(រួមបញ្ចូលលេខទូរស័ព្ទដៃ)បច្ចុប្បន្នរបស់ខ្លួន។
៣ បើក្រុមជំនុំស្ថិតនៅក្នុងតំបន់ដែលច្រើនតែមានមហន្តរាយ អ្នកចាស់ទុំគួរសុំអ្នកផ្សព្វផ្សាយឲ្យប្រាប់ឈ្មោះនិងលេខទូរស័ព្ទរបស់សាច់ញាតិ ឬមិត្តភក្ដិដែលរស់នៅតំបន់ផ្សេងដើម្បីពួកគាត់អាចទាក់ទងពេលមានភាពអាសន្ន។ នេះជួយអ្នកចាស់ទុំឲ្យរកឃើញអ្នកដែលបានជម្លៀសចេញ។ អ្នកចាស់ទុំគួរមានគម្រោងសម្រាប់ក្រុមជំនុំរួមបញ្ចូលបញ្ជីខ្លះៗដូចជា បញ្ជីសម្ភារៈដែលអ្នកផ្ទះនីមួយៗត្រូវការចាំបាច់ដើម្បីប្រើក្នុងគ្រាអាសន្ន រៀបចំគម្រោងជម្លៀស និងរបៀបជួយអស់អ្នកដែលត្រូវការជំនួយពិសេស។ សហការយ៉ាងជិតស្និទ្ធជាមួយការរៀបចំដែលប្រកបដោយសេចក្ដីស្រឡាញ់ទាំងនោះគឺសំខាន់ណាស់។—ហេ. ១៣:១៧
៤ ក្រោយមហន្តរាយ: តើអ្នកគួរធ្វើយ៉ាងណាបើមានមហន្តរាយកើតនៅក្នុងតំបន់របស់អ្នក? ចូរផ្ដល់ជំនួយដល់ក្រុមគ្រួសាររបស់អ្នកជាមុនសិន។ បើអាចធ្វើបាន សូមផ្ដល់ជំនួយចាំបាច់ដល់អ្នករងគ្រោះឯទៀតដែរ។ ចូរព្យាយាមទាក់ទងអ្នកត្រួតពិនិត្យក្រុមសិក្សា ឬអ្នកចាស់ទុំផ្សេងទៀតឲ្យបានឆាប់បំផុត។ គួរតែធ្វើយ៉ាងនេះទោះបីអ្នកមានសុវត្ថិភាពនិងមិនត្រូវការជំនួយក្ដី។ បើអ្នកត្រូវការជំនួយ សូមជឿជាក់ថាបងប្អូនរបស់អ្នកខំឲ្យអស់ពីសមត្ថភាពដើម្បីជួយអ្នក។ (១កូ. ១៣:៤, ៧) ចូរនឹកចាំថាព្រះយេហូវ៉ាជ្រាបពីកាលៈទេសៈរបស់អ្នក និងទុកចិត្តលើទ្រង់ក្នុងគ្រាដែលមានសេចក្ដីលំបាក។ (ទំនុក. ៣៧:៣៩; ៦២:៨) ចូររកគ្រប់ឱកាសដើម្បីជួយគាំទ្រអ្នកឯទៀតខាងវិញ្ញាណនិងខាងផ្លូវចិត្តដែរ។ (២កូ. ១:៣, ៤) ចូររៀបចំឲ្យមានកាលវិភាគដើម្បីបំពេញភារកិច្ចជាគ្រិស្តសាសនិកឲ្យបានឆាប់បំផុត។—ម៉ាថ. ៦:៣៣
៥ មហន្តរាយធម្មជាតិបណ្ដាលឲ្យមនុស្សមានសេចក្ដីទុក្ខព្រួយច្រើនណាស់ តែយើងអាចសម្លឹងមើលទៅអនាគតដោយមានទំនុកចិត្ត។ ក្នុងពេលឆាប់ៗខាងមុខនេះមហន្តរាយទាំងអស់នឹងលែងមានទៀតហើយ។ (វិវរ. ២១:៤) នៅពេលទន្ទឹមគ្នានោះ យើងអាចរៀបចំឲ្យមានគម្រោងសមរម្យសម្រាប់ពេលដែលមានសេចក្ដីវេទនានិងមានការលំបាក ដោយរក្សាឲ្យមានចិត្តខ្នះខ្នែងក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អដល់មនុស្សឯទៀត។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីបានជាល្អដែលយើងគួរតែត្រៀមទុកជាមុនសម្រាប់មហន្តរាយធម្មជាតិ?
២. ហេតុអ្វីបានជាយើងគួរជម្រាបអ្នកចាស់ទុំឲ្យដឹងពីអាសយដ្ឋាន លេខទូរស័ព្ទ(រួមបញ្ចូលទូរស័ព្ទដៃ)បច្ចុប្បន្នរបស់យើង?
៣. តើតាមរបៀបណាដែលយើងអាចសហការជាមួយអ្នកចាស់ទុំបើយើងរស់នៅតំបន់ដែលច្រើនតែមានមហន្តរាយ?
៤. តើគួរធ្វើអ្វីបើមានមហន្តរាយកើតនៅតំបន់យើង?
៥. ពេលមានមហន្តរាយធម្មជាតិ តើយើងជាគ្រិស្តសាសនិកនឹងធ្វើអ្វី?