ពេលមានភាពច្របូកច្របល់ សូមការពាររបៀបចិញ្ចឹមជីវិតរបស់អ្នកដោយធ្វើតាមយោបល់ទាំងនេះ
កាត់បន្ថយការចំណាយ
កាត់បន្ថយការចំណាយ
កុំចំណាយលុយទៅលើអ្វីដែលមិនចាំបាច់ ប្រសិនបើអ្នកមិនត្រូវការ។ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំពិតជាត្រូវការយានជំនិះឬទេ? តើខ្ញុំអាចដាំបន្លែនៅផ្ទះបានដែរឬទេ?›។
មុននឹងទិញអ្វីមួយ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំពិតជាត្រូវការវាដែរឬទេ? តើខ្ញុំមានលុយគ្រប់គ្រាន់ឬទេ?›។
សុំជំនួយពីរដ្ឋាភិបាលឬអង្គការផ្សេងៗ បើមានជំនួយបែបនេះ។
«ជាក្រុមគ្រួសារ យើងបានធ្វើការពិនិត្យពិចារណានូវរបៀបរស់នៅរបស់យើង។ យើងបានកាត់បន្ថយឬលុបចោលការកម្សាន្តណាដែលចំណាយលុយច្រើន។ យើងក៏ចាប់ផ្ដើមធ្វើម្ហូបណាដែលធូរថ្លៃជាងដែរ»។—ហ្គីវ
ធ្វើបញ្ជីសម្រាប់ចំណូលចំណាយ
ធ្វើបញ្ជីសម្រាប់ចំណូលចំណាយ
គម្ពីរចែងថា៖ «គម្រោងរបស់មនុស្សឧស្សាហ៍នឹងបានជោគជ័យជាមិនខាន តែអស់អ្នកដែលធ្វើអ្វីដោយតក់ក្រហល់ ប្រាកដជានឹងទ័លក្រ»។ (សុភាសិត ២១:៥) ការមានបញ្ជីចំណូលចំណាយជួយអ្នកធ្វើឲ្យប្រាកដថា ការចំណាយរបស់អ្នកមិនលើសពីប្រាក់ចំណូល។
ដំបូង សូមកត់ទុកនូវប្រាក់ចំណូលដែលអ្នកនឹងទទួលនៅខែនោះ។
បន្ទាប់មក សូមកត់ទុកនូវការចំណាយក្នុងខែនោះ ហើយសូមពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះទម្លាប់នៃការចាយវាយរបស់អ្នក។
ក្រោយមក សូមធ្វើការប្រៀបធៀបរវាងប្រាក់ចំណាយនិងប្រាក់ចំណូលរបស់អ្នក ហើយបើចាំបាច់សូមកត់សម្គាល់អ្វីដែលអ្នកអាចកាត់បន្ថយឬលុបចោលដើម្បីឲ្យអ្នកអាចរស់នៅស្របតាមប្រាក់ចំណូលរបស់អ្នក។
«ជារៀងរាល់ខែ យើងតែងតែធ្វើបញ្ជីចំណូលចំណាយ។ យើងព្យាយាមរក្សាទុកលុយបម្រុងសម្រាប់អ្វីដែលអាចកើតឡើងដែលយើងមិនបានរំពឹងទុក។ នេះបានជួយយើងមិនឲ្យខ្វល់ខ្វាយច្រើនពេក ពីព្រោះយើងដឹងអំពីរបៀបប្រើប្រាក់ចំណូលរបស់យើង»។—ខាលឡូស
ជៀសវាងជំពាក់បំណុលគេហើយរៀនសន្សំប្រាក់
ជៀសវាងជំពាក់បំណុលគេហើយរៀនសន្សំប្រាក់
សូមមានគម្រោងកាត់បន្ថយការជំពាក់បំណុល។ បើអាចធ្វើបាន កុំខ្ចីលុយតែម្ដង។ ផ្ទុយទៅវិញ ព្យាយាមសន្សំប្រាក់ដើម្បីទិញអ្វីដែលអ្នកត្រូវការ។
សន្សំលុយបន្តិចបន្តួចរាល់ខែសម្រាប់ការចំណាយនៅថ្ងៃអនាគតចំពោះអ្វីដែលអ្នកបានឬមិនបានរំពឹងទុក។
ព្យាយាមធ្វើការដើម្បីរក្សាការងារ
គម្ពីរចែងថា៖ «អស់ទាំងការងារនឿយហត់សុទ្ធតែមានប្រយោជន៍»។—សុភាសិត ១៤:២៣
ព្យាយាមធ្វើការដើម្បីរក្សាការងារ
រក្សាចិត្តគំនិតត្រឹមត្រូវចំពោះការងាររបស់អ្នក។ ទោះបីជាការងារនោះមិនមែនជាការងារក្នុងក្ដីស្រមៃរបស់អ្នកក៏ដោយ ប៉ុន្តែវានៅតែផ្ដល់ប្រាក់ចំណូលដល់អ្នក។
ព្យាយាមធ្វើជាមនុស្សឧស្សាហ៍និងជាមនុស្សដែលគួរឲ្យទុកចិត្ត។ នេះនឹងជួយអ្នកឲ្យរក្សាការងារ ឬបើអ្នកបានបាត់បង់ការងារនោះអ្នកនឹងអាចស្វែងរកការងារដោយងាយស្រួលជាង។
«ខ្ញុំធ្វើការងារដែលខ្ញុំទទួលបាន ទោះបីជាខ្ញុំមិនចូលចិត្តការងារនោះ ឬក៏ខ្ញុំមិនបានទទួលប្រាក់ខែច្រើនក៏ដោយ។ ខ្ញុំតែងតែធ្វើជាមនុស្សដែលគេអាចទុកចិត្តបាន។ ខ្ញុំយកចិត្តទុកដាក់ក្នុងការបំពេញការងារ ហាក់ដូចជាក្រុមហ៊ុននោះជារបស់ខ្ញុំ»។—ឌីមីទ្រី
បើសិនជាអ្នកកំពុងស្វែងរកការងារ . . .
ចាត់វិធានការ។ សូមសួរក្រុមហ៊ុនផ្សេងៗដែលមានការងារដែលអ្នកអាចធ្វើ ទោះបីជាពួកគេមិនប្រកាសស្វែងរកបុគ្គលិកក៏ដោយ។ សូមប្រាប់មិត្តភក្ដិនិងក្រុមគ្រួសារថាអ្នកកំពុងស្វែងរកការងារ។
ចេះបត់បែនតាមកាលៈទេសៈ។ អ្នកប្រហែលជាមិនអាចស្វែងរកការងារដែលមានអ្វីគ្រប់យ៉ាងដែលអ្នកចង់បាននោះទេ។