៤
មូលហេតុដែលគេបានបាត់បង់លំនៅរបស់គេ
សូមមើលអ្វីដែលកំពុងតែកើតឡើងឥឡូវនេះ។ អ័ដាមនិងនាងអេវ៉ា ត្រូវបានបណ្ដេញចេញពីសួនច្បារអេដែនដ៏ល្អបំព្រង។ តើអ្នកដឹងមកពីហេតុអ្វីទេ?
នេះគឺពីព្រោះពួកគេបានប្រព្រឹត្តអំពើមួយដ៏អាក្រក់ណាស់។ ដូច្នេះហើយ ព្រះយេហូវ៉ាក៏ដាក់ទណ្ឌកម្មដល់គេ។ តើអ្នកដឹងនូវអំពើដ៏អាក្រក់ដែលអ័ដាមនិងនាងអេវ៉ាបានប្រព្រឹត្តនោះទេ?
ពួកគេបានប្រព្រឹត្តអ្វីមួយដែលព្រះយេហូវ៉ាបានហាមមិនឲ្យធ្វើ។ ព្រះអង្គបានមានបន្ទូលប្រាប់គេថា គេអាចបរិភោគផ្លែពីដើមឈើជាច្រើននៅក្នុងសួនច្បារបាន។ ប៉ុន្តែ ពីដើមឈើមួយ ព្រះបានមានបន្ទូលថាមិនត្រូវឲ្យបរិភោគផ្លែឡើយ បើមិនអញ្ចឹងទេ គេនឹងត្រូវស្លាប់។ ទ្រង់បានរក្សាទុកដើមឈើនោះ ជាកម្មសិទ្ធិរបស់ទ្រង់។ ហើយយើងដឹងថា ជាការខុសក្នុងការយកអ្វីដែលជាកម្មសិទ្ធិរបស់អ្នកដទៃ មែនទេ? អញ្ចឹង តើមានអ្វីបានកើតឡើង?
នៅថ្ងៃមួយ កាលដែលនាងអេវ៉ានៅក្នុងសួនច្បារម្នាក់ឯង មានពស់មួយបាននិយាយទៅនាង។ សូមពិចារណាមើល! វាបានប្រាប់នាងអេវ៉ាឲ្យបរិភោគផ្លែពីដើមឈើដែលព្រះបានហាមមិនឲ្យបរិភោគនោះ។ កាលដែលព្រះយេហូវ៉ាបានបង្កើតសត្វពស់ ទ្រង់មិនបានបង្កើតវាឲ្យចេះនិយាយទេ។ ដូច្នេះ ច្បាស់ជាមានអ្នកណាម្នាក់ ដែលបានធ្វើឲ្យពស់នេះចេះនិយាយហើយ។ តើបុគ្គលនេះជាអ្នកណាទៅ?
បុគ្គលនេះមិនមែនជាអ័ដាមទេ។ ដូច្នេះ នេះច្បាស់ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលទាំងឡាយដែលព្រះយេហូវ៉ាបានបង្កើតជាយូរមកហើយ មុននឹងទ្រង់បានបង្កើតផែនដីមក។ បុគ្គលទាំងឡាយនោះជាពួកទេវតា ហើយយើងមិនអាចមើលឃើញពួកគេទេ។ ទេវតាមួយនេះ បានទៅជាមានចិត្តក្រអឺតណាស់។ វាបានគិតថា វាគួរតែជាអ្នកគ្រប់គ្រងដូចព្រះដែរ។ ហើយវាចង់ឲ្យមនុស្សគោរពតាមវា ជាជាងគោរពតាមព្រះយេហូវ៉ា។ វានេះហើយជាទេវតាដែលធ្វើឲ្យសត្វពស់នោះចេះនិយាយ។
ទេវតានេះអាចបំភាន់នាងអេវ៉ាបាន។ កាលដែលវាបានប្រាប់នាងអេវ៉ាថា នាងនឹងបានដូចជាព្រះបើសិនជានាងបរិភោគផ្លែនោះ ហើយនាងក៏បានជឿតាមវា។ ដូច្នេះ នាងបានបរិភោគ ហើយអ័ដាមក៏បានបរិភោគដែរ។ អ័ដាមនិងនាងអេវ៉ាមិនបានគោរពតាមព្រះទេ ហេតុដូច្នេះហើយ បានជាគេបានបាត់បង់នូវលំនៅសួនច្បារដ៏ល្អបំព្រងរបស់គេ។
ប៉ុន្តែ ព្រះទទួលរ៉ាប់រងថា នៅថ្ងៃណាមួយ ទ្រង់នឹងធ្វើផែនដីទាំងមូលឲ្យបានស្អាតដូចជាសួនច្បារអេដែនវិញ។ នៅពេលក្រោយ យើងនឹងរៀននូវរបៀបដែលអ្នកអាចចូលរួមក្នុងការធ្វើផែនដីឲ្យបានស្អាតដូចនោះ។ ប៉ុន្តែឥឡូវនេះ សូមឲ្យយើងពិនិត្យមើលតទៅទៀត នូវការណ៍ដែលបានកើតដល់អ័ដាមនិងនាងអេវ៉ា។
លោកុប្បត្តិ ២:១៦, ១៧; ៣:១-១៣, ២៤; វិវរណៈ ១២:៩