ភាគទី២
ពីជំនាន់ទឹកជំនន់រហូតដល់ការរំដោះពីស្រុកអេស៊ីព្ទ
មានមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះ ដែលបានរួចរស់ជីវិតពីទឹកជំនន់ ប៉ុន្តែក្រោយមក ពួកគេបានកើនគ្នាឡើងជាច្រើនពាន់នាក់។ បន្ទាប់មក ៣៥២ឆ្នាំក្រោយពីទឹកជំនន់ លោកអ័ប្រាហាំត្រូវបានកើតមក។ យើងនឹងរៀននូវរបៀបដែលព្រះទ្រង់បានរក្សាសេចក្ដីសន្យារបស់ទ្រង់ ដោយប្រទានដល់លោកអ័ប្រាហាំនូវកូនប្រុសមួយឈ្មោះ អ៊ីសាក។ បន្ទាប់មកទៀត ព្រះបានជ្រើសរើសយកយ៉ាកុបពីចំណោមកូនពីរនាក់របស់លោកអ៊ីសាក។
យ៉ាកុបមានគ្រួសារយ៉ាងធំ លោកមានកូនប្រុស១២នាក់ហើយមានកូនស្រីខ្លះដែរ។ កូនប្រុស១០នាក់របស់លោកយ៉ាកុប បានព្រួតគ្នាស្អប់យ៉ូសែបដែលជាប្អូនប្រុសរបស់គេ ហើយក៏បានលក់គាត់ឲ្យធ្វើជាបាវនៅស្រុកអេស៊ីព្ទ។ ក្រោយមក លោកយ៉ូសែបបានទៅជាអ្នកគ្រប់គ្រងដ៏សំខាន់ម្នាក់នៅស្រុកអេស៊ីព្ទ។ នៅពេលដែលការអត់ឃ្លានបានមកដល់ លោកយ៉ូសែបបានសាកល្បងបងប្អូនប្រុសរបស់គាត់ ដើម្បីមើលថាតើពួកគេបានកែប្រែចិត្តរបស់គេហើយឬនៅ។ នៅទីបំផុត គ្រួសាររបស់លោកយ៉ាកុបទាំងអស់ ជាប្រជាជនអ៊ីស្រាអែល ក៏បានរើទៅនៅស្រុកអេស៊ីព្ទ។ ការរើទីលំនៅនេះបានកើតឡើង២៩០ឆ្នាំក្រោយពីលោកអ័ប្រាហាំបានកើតមក។
បន្ទាប់ពីនេះ ប្រជាជនអ៊ីស្រាអែលបានរស់នៅក្នុងស្រុកអេស៊ីព្ទអស់រយៈ២១៥ឆ្នាំ។ ក្រោយពីលោកយ៉ូសែបបានស្លាប់ទៅ ពួកគេបានទៅជាពួកបាវនៅទីនោះ។ ក្រោយមកម៉ូសេបានកើតមក ហើយព្រះទ្រង់បានប្រើគាត់ ដើម្បីរំដោះប្រជាជនអ៊ីស្រាអែលពីស្រុកអេស៊ីព្ទ។ សរុបទាំងអស់ មានចំនួន៨៥៧ឆ្នាំនៃប្រវត្ដិសាស្ត្រដែលត្រូវបានរាយការណ៍មកនៅក្នុងភាគទីពីរនេះ។