១៥
ប្រពន្ធរបស់ឡុតបានមើលមកក្រោយ
ឡុតនិងគ្រួសាររបស់គាត់បានរស់នៅជាមួយអ័ប្រាហាំនៅក្នុងស្រុកកាណាន។ នៅថ្ងៃមួយអ័ប្រាហាំមានប្រសាសន៍ទៅឡុតថា៖ ‹គឺមិនមានកន្លែងគ្រប់គ្រាន់សំរាប់ចិញ្ចឹមសត្វរបស់យើងទាំងអស់នៅទីនេះទេ។ សូមឲ្យយើងញែកបែកចេញពីគ្នាចុះ។ បើសិនឯងទៅផ្លូវមួយ នោះអញនឹងទៅផ្លូវមួយផ្សេងដែរ›។
ឡុតក៏បានងើបភ្នែកមើលទៅឯស្រុកនោះ។ គាត់បានឃើញមួយភាគយ៉ាងស្អាតនៃស្រុកនោះ ដែលមានទឹកនិងស្មៅល្អៗជាច្រើនសំរាប់សត្វរបស់គាត់។ នេះជាតំបន់យ័រដាន់។ ដូច្នេះ ឡុតបានយកគ្រួសាររបស់គាត់និងសត្វទៅនៅកន្លែងនោះ។ នៅទីបំផុត ពួកគេបានតាំងលំនៅក្នុងក្រុងសូដុំម។
មនុស្សក្នុងក្រុងសូដុំមគឺអាក្រក់ណាស់។ នេះធ្វើឲ្យឡុតអាក់អន់ចិត្ត ពីព្រោះគាត់ជាមនុស្សល្អ។ ព្រះក៏បានអាក់អន់ព្រះហឫទ័យដែរ។ នៅទីបំផុត ព្រះបានចាត់ទេវតាពីរនាក់ឲ្យទៅព្រមានឡុត ថាទ្រង់នឹងកំទេចក្រុងសូដុំម និងក្រុងកូម៉ូរ៉ាដែលនៅក្បែរនោះដែរ ពីព្រោះតែសេចក្ដីអាក្រក់របស់ពួកគេ។
ទេវតានោះបានប្រាប់ឡុតថា៖ ‹ចូរប្រញាប់ឡើង! យកប្រពន្ធហើយនិងកូនស្រីឯងទាំងពីរនាក់ ហើយរត់ចេញពីទីនេះទៅ›! ឡុតនិងគ្រួសាររបស់គាត់មានការបង្អែបង្អង់បន្ដិច ដូច្នេះទេវតាក៏ចាប់ដៃគេនាំចេញពីក្រុង។ បន្ទាប់មកទេវតាម្នាក់បានមានបន្ទូលថា៖ ‹ចូររត់ទៅឲ្យបានរួចជីវិតចុះ! កុំឲ្យមើលមកក្រោយឡើយ។ ចូររត់ទៅឯភ្នំវិញ ដើម្បីកុំឲ្យឯងនឹងត្រូវបានវិនាសឡើយ›។
ឡុតនិងកូនស្រីរបស់គាត់បានគោរពតាម ហើយក៏រត់ចេញពីក្រុងសូដុំមទៅ។ ពួកគេមិនបានឈប់មួយស្របក់ឡើយ ហើយពួកគេក៏មិនបានមើលមកក្រោយដែរ។ ប៉ុន្តែ ប្រពន្ធរបស់ឡុតមិនបានគោរពតាមទេ។ ក្រោយពីពួកគេបានរត់យ៉ាងឆ្ងាយពីក្រុងសូដុំមហើយ នាងបានឈប់ហើយបានមើលមកក្រោយវិញ។ នៅពេលនោះ ប្រពន្ធរបស់ឡុតក៏បានទៅជាបង្គោលអំបិល។ តើអ្នកអាចឃើញនាងនៅក្នុងរូបភាពនេះទេ?
យើងអាចរៀននូវមេរៀនដ៏ល្អមួយពីរឿងនេះ។ រឿងនេះបង្ហាញយើងថាព្រះនឹងសង្គ្រោះពួកណាដែលគោរពតាមទ្រង់ ប៉ុន្តែពួកណាដែលមិនគោរពតាមទ្រង់ នោះនឹងត្រូវបាត់បង់ជីវិតរបស់គេ។
លោកុប្បត្តិ ១៣:៥-១៣; ១៨:២០-៣៣; ១៩:១-២៩; លូកា ១៧:២៨-៣២; ពេត្រុសទី២ ២:៦-៨