ភាគ៤
ព្រះធ្វើកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំ
អាប្រាហាំស្ដាប់បង្គាប់ព្រះដោយមានជំនឿ ហើយព្រះយេហូវ៉ាសន្យាថានឹងឲ្យពរគាត់ ហើយឲ្យកូនចៅគាត់មានចំនួនកាន់តែច្រើនឡើង
ប្រហែល៣៥០ឆ្នាំបានកន្លងផុត តាំងតែពីទឹកជំនន់នៅសម័យណូអេ។ អាប្រាហាំបានរស់នៅក្នុងក្រុងដ៏ចម្រុងចម្រើនមួយឈ្មោះអ៊ើរ នៅប្រទេសអ៊ីរ៉ាក់សព្វថ្ងៃនេះ។ អាប្រាហាំជាបុរសដែលមានជំនឿមុតមាំណាស់។ ប៉ុន្តែ ឥឡូវជំនឿរបស់គាត់ទទួលការល្បងល។
ព្រះយេហូវ៉ាប្រាប់អាប្រាហាំឲ្យចាកចេញពីស្រុកកំណើត ហើយឲ្យទៅរស់នៅស្រុកក្រៅ ដែលជាស្រុកកាណាន។ អាប្រាហាំបានស្ដាប់បង្គាប់ព្រះដោយឥតរុញរា។ គាត់បានយកក្រុមគ្រួសារទៅជាមួយ ដែលមានប្រពន្ធគាត់ឈ្មោះសារ៉ា ក្មួយប្រុសឈ្មោះឡុត ហើយអ្នកបម្រើគាត់ជាច្រើនក៏ទៅជាមួយនឹងគាត់ដែរ។ ក្រោយពីធ្វើដំណើរយ៉ាងឆ្ងាយ គាត់បានក្លាយជាអ្នករស់នៅក្នុងត្រសាលនៅស្រុកកាណាន។ ក្នុងកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងអាប្រាហាំ នោះព្រះបានសន្យាថានឹងធ្វើឲ្យកូនចៅរបស់គាត់ទៅជាសាសន៍ដ៏ធំមួយ ថាក្រុមគ្រួសារទាំងអស់នៅផែនដីនឹងបានពរដោយសារគាត់ ហើយថាកូនចៅគាត់នឹងបានស្រុកកាណាន។
អាប្រាហាំនិងឡុតបានចម្រើនឡើង ហើយមានហ្វូងចៀមនិងហ្វូងគោយ៉ាងធំ។ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន នោះអាប្រាហាំទុកឲ្យឡុតជ្រើសរើសតំបន់ណាក៏ដោយតាមចិត្តប្រាថ្នា។ ឡុតបានជ្រើសរើសតំបន់ទន្លេយ៉ូដាន់ដែលសម្បូរជីជាតិ ហើយតាំងលំនៅជិតក្រុងសូដុម។ ប៉ុន្តែ ពួកបុរសនៅក្រុងសូដុមជាមនុស្សប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ហើយជាអ្នកធ្វើខុសធ្ងន់ប្រឆាំងព្រះយេហូវ៉ា។
ក្រោយមក ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តអាប្រាហាំថា កូនចៅរបស់គាត់នឹងមានច្រើនប្រៀបដូចផ្កាយនៅលើមេឃ។ អាប្រាហាំជឿលើសេចក្ដីសន្យានោះ។ ប៉ុន្តែ សារ៉ាដែលជាប្រពន្ធសម្លាញ់របស់អាប្រាហាំ នៅតែឥតមានកូន។ រួចមក នៅពេលដែលអាប្រាហាំអាយុ៩៩ឆ្នាំ ហើយសារ៉ាអាយុជិត៩០ឆ្នាំ នោះព្រះបានប្រាប់អាប្រាហាំថា គាត់និងសារ៉ានឹងមានកូនប្រុសមួយ។ សារ៉ាបានបង្កើតអ៊ីសាក ដូចពាក្យរបស់ព្រះបានសន្យាមែន។ អាប្រាហាំមានកូនផ្សេងៗទៀត ប៉ុន្តែគឺតាមរយៈអ៊ីសាកទេ ដែលអ្នកសង្គ្រោះដែលបានត្រូវសន្យានៅសួនអេដែននឹងមក។
ដំណាលគ្នាដែរ ឡុតនិងក្រុមគ្រួសារគាត់រស់នៅក្រុងសូដុម។ ប៉ុន្តែ ឡុតជាបុរសសុចរិត មិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដូចបណ្ដាជនដែលនៅក្រុងនោះទេ។ នៅពេលដែលព្រះយេហូវ៉ាបានសម្រេចដាក់ទោសក្រុងសូដុម លោកបានចាត់ពួកទេវតាឲ្យមកព្រមានឡុតអំពីសេចក្ដីហិនវិនាសដែលជិតមកដល់។ ពួកទេវតាបានតឿនឡុតនិងក្រុមគ្រួសារឲ្យរត់ចេញពីក្រុងសូដុម និងកុំឲ្យបែរមើលទៅក្រោយ។ រួចមក ព្រះបានធ្វើឲ្យភ្លើងនិងស្ពាន់ធ័រធ្លាក់ពីលើមេឃមកលើក្រុងសូដុម និងក្រុងជិតខាងឈ្មោះកូម៉ូរ៉ាដែលពេញទៅដោយអំពើអាក្រក់។ ដូច្នេះ លោកបំផ្លាញបណ្ដាជនទាំងអស់នៃក្រុងទាំងនោះ។ ឡុតនិងកូនស្រីពីរនាក់របស់គាត់បានរួចជីវិត។ ប៉ុន្តែ ប្រពន្ធរបស់ឡុតបានបែរមើលទៅក្រោយ ប្រហែលជាប្រាថ្នាចង់បានអ្វីដែលនាងទុកចោល។ នាងបានស្លាប់ដោយសារមិនបានស្ដាប់បង្គាប់។
—មានមូលដ្ឋានលើសៀវភៅលោកុប្បត្តិ ១១:១០–១៩:៣៨។