២០
ឌីណាបណ្ដាលឲ្យមានរឿង
តើអ្នកឃើញពួកអ្នក ដែលនាងឌីណាកំពុងតែទៅលេងជាមួយទេ? នាងកំពុងតែទៅជួបពួកស្ត្រីខ្លះដែលរស់នៅក្នុងស្រុកកាណាន។ តើយ៉ាកុបជាឪពុករបស់នាងសប្បាយចិត្តនឹងការនេះទេ? ដើម្បីជួយឆ្លើយនូវសំនួរនេះ សូមនឹកចាំពីគំនិតរបស់អ័ប្រាហាំនិងអ៊ីសាកអំពីស្ត្រីនៅស្រុកកាណាន។
តើអ័ប្រាហាំចង់ឲ្យកូនរបស់គាត់អ៊ីសាករៀបការនឹងពួកស្ត្រីពីស្រុកកាណានទេ? ទេ គាត់មិនចង់ទេ។ តើអ៊ីសាកនិងរេបិកាចង់ឲ្យកូនប្រុសរបស់គេ យ៉ាកុបរៀបការនឹងស្ត្រីជនជាតិកាណានទេ? ទេ គេមិនចង់សោះ។ តើអ្នកដឹងថាមកពីហេតុអ្វីទេ?
ពីព្រោះពួកមនុស្សនៅក្នុងស្រុកកាណានទាំងនេះ បានថ្វាយបង្គំព្រះមិនពិត។ ពួកគេមិនមែនជាមនុស្សល្អឲ្យសមបានជាប្ដីឬប្រពន្ធទេ ហើយពួកគេក៏មិនមែនជាមនុស្សល្អឲ្យមានជាមិត្តជិតដិតឡើយ។ ដូច្នេះ យើងអាចដឹងជាប្រាកដថា យ៉ាកុបច្បាស់ជាមិនសប្បាយចិត្តទេ ដែលកូនស្រីរបស់គាត់បានយកពួកស្ត្រីកាណាននេះធ្វើជាមិត្តនោះ។
ជាប្រាកដណាស់ នាងឌីណាបានបណ្ដាលឲ្យមានរឿងមែន។ តើអ្នកឃើញបុរសជនជាតិកាណាននៅក្នុងរូបភាពនេះ ដែលកំពុងតែសម្លឹងមើលនាងឌីណាទេ? គាត់ឈ្មោះស៊ីគែម។ នៅថ្ងៃមួយពេលនាងឌីណាបានមកលេង ស៊ីគែមបានចាប់យកនាងឌីណាហើយបានបង្ខំនាងឲ្យមកដេកជាមួយគាត់។ នេះជាការខុស ពីព្រោះមានតែបុរសនិងស្ត្រីរៀបការទេ ដែលត្រូវដេកជាមួយគ្នាបាន។ អំពើដ៏អាក្រក់នេះដែលស៊ីគែមបានប្រព្រឹត្តលើនាងឌីណា បានបណ្ដាលឲ្យមានរឿងជាច្រើនថែមទៀត។
នៅពេលដែលបងប្អូនប្រុសៗរបស់ឌីណាបានឮអំពីរឿងដែលបានកើតឡើង ពួកគេមានចិត្តខឹងណាស់។ ស៊ីម្មាន និងលេវី ទាំងពីរនាក់មានចិត្តខឹងដល់ម្ល៉េះ ដែលពួកគេបានយកដាវហើយក៏បានចូលទៅក្រុង ហើយឈ្លបចាប់បុរសទាំងនោះដោយឥតដឹងខ្លួន។ ពួកគេបានសម្លាប់ស៊ីគែម ហើយនិងបុរសជាច្រើនផ្សេងទៀត។ យ៉ាកុបមានចិត្តខឹងយ៉ាងខ្លាំង ពីព្រោះកូនប្រុសៗរបស់គាត់ធ្វើអំពើដ៏អាក្រក់បែបនេះ។
តើរឿងទាំងអស់នេះបានកើតឡើងពីអ្នកណា? នេះគឺពីព្រោះនាងឌីណាបានយកមនុស្សដែលមិនគោរពតាមច្បាប់របស់ព្រះ មកធ្វើជាមិត្ត។ យើងមិនចង់យកមនុស្សបែបនេះធ្វើជាមិត្តទេ មែនទេ?