៤២
សត្វលាចេះនិយាយ
តើអ្នកមានដែលឮសត្វលាចេះនិយាយទេ? អ្នកប្រហែលជាថា៖ ‹មិនដែលឮទេ សត្វមិនចេះនិយាយទេ›។ ប៉ុន្តែ ព្រះគម្ពីរចែងប្រាប់អំពីសត្វលាមួយដែលបាននិយាយ។ សូមឲ្យយើងពិនិត្យមើល នូវរបៀបដែលរឿងនេះបានកើតឡើង។
ប្រជាជនអ៊ីស្រាអែលជិតរៀបនឹងចូលទៅក្នុងស្រុកកាណានហើយ។ បាឡាកជាស្តេចរបស់ស្រុកម៉ូអាប់ មានសេចក្ដីខ្លាចនឹងប្រជាជនអ៊ីស្រាអែល។ ដូច្នេះ ទ្រង់ក៏ចាត់ឲ្យបុរសដ៏ឆ្លាតម្នាក់ឈ្មោះបាឡាម ដើម្បីនឹងមកដាក់បណ្ដាសាដល់ប្រជាជនអ៊ីស្រាអែល។ បាឡាកសន្យានឹងឲ្យប្រាក់បាឡាមជាច្រើន ដូច្នេះបាឡាមក៏ជិះលារបស់គាត់ ហើយចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅជួបបាឡាក។
ព្រះយេហូវ៉ាមិនចង់ឲ្យបាឡាមមកដាក់បណ្ដាសាដល់ប្រជាជនរបស់ទ្រង់ឡើយ។ ដូច្នេះ ទ្រង់ចាត់ឲ្យទេវតាដែលមានដាវយ៉ាងវែងមួយ មកឈរនៅតាមផ្លូវដើម្បីបញ្ឈប់បាឡាម។ បាឡាមមើលទេវតាមិនឃើញទេ ប៉ុន្តែសត្វលាមើលឃើញ។ ដូច្នេះ សត្វលាខំប្រឹងចៀសចេញពីទេវតា ហើយនៅទីបំផុតក៏លុតជង្គង់ក្រាបចុះនៅលើផ្លូវ។ បាឡាមខឹងខ្លាំងណាស់ ហើយក៏វាយសត្វលានោះនឹងដំបង។
បន្ទាប់មក ព្រះយេហូវ៉ាក៏បណ្ដាលឲ្យបាឡាមឮលារបស់គាត់និយាយទៅគាត់។ សត្វលាសួរថា៖ ‹តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ›?
បាឡាមនិយាយថា៖ ‹ឯងបានធ្វើឲ្យអញខ្មាសគេណាស់។ បើសិនជាអញមានដាវ អញនឹងសម្លាប់ឯងហើយ›!
សត្វលាសួរទៀតថា៖ ‹តើខ្ញុំធ្លាប់ធ្វើយ៉ាងដូច្នេះចំពោះលោកទេ ពីមុនមក›?
បាឡាមឆ្លើយថា៖ ‹ទេ›។
បន្ទាប់មក ព្រះយេហូវ៉ាបានធ្វើឲ្យបាឡាមមើលឃើញទេវតាដែលមានដាវនៅនឹងដៃ កំពុងតែឈរនៅត្រង់ផ្លូវ។ ទេវតាសួរថា៖ ‹ហេតុអ្វីបានជាឯងវាយសត្វលារបស់ឯងដូច្នេះ? អញបានមកបង្ខាំងផ្លូវឯង ពីព្រោះឯងមិនត្រូវទៅដាក់បណ្ដាសាដល់ស្រុកអ៊ីស្រាអែលឡើយ។ បើសិនជាសត្វលារបស់ឯងមិនបានបែរចេញពីអញ អញប្រាកដជាបានសម្លាប់ឯងហើយ តែមិនធ្វើអ្វីដល់សត្វលានោះទេ›។
បាឡាមទូលថា៖ ‹ទូលបង្គំបានធ្វើបាបហើយ។ ទូលបង្គំមិនបានដឹងថាលោកកំពុងតែឈរនៅត្រង់ផ្លូវនេះទេ›។ ទេវតាក៏បានឲ្យបាឡាមរួចខ្លួន ហើយបាឡាមក៏បន្តដំណើរទៅជួបបាឡាក។ គាត់នៅតែចង់ដាក់បណ្ដាសាដល់ស្រុកអ៊ីស្រាអែលទៀត ប៉ុន្តែ ផ្ទុយទៅវិញ ព្រះយេហូវ៉ាបានធ្វើឲ្យគាត់ជូនពរដល់ស្រុកអ៊ីស្រាអែលបីដងទៅវិញ។
ជនគណនា ២១:២១-៣៥; ២២:១-៤០; ២៣:១-៣០; ២៤:១-២៥