៤៥
ការឆ្លងទន្លេយ័រដាន់
មើលហ្ន៎! ប្រជាជនអ៊ីស្រាអែលកំពុងតែឆ្លងទន្លេយ័រដាន់! ប៉ុន្តែ តើទឹកនៅឯណាទៅ? ទើបតែពីរបីនាទីមុននេះ ទន្លេមានទឹកយ៉ាងពេញ ពីព្រោះក្នុងវេលាឆ្នាំនេះមានភ្លៀងធ្លាក់យ៉ាងច្រើនណាស់។ ប៉ុន្តែឥឡូវនេះ ទឹកបានរីងអស់រលីង! ហើយប្រជាជនអ៊ីស្រាអែលកំពុងតែដើរកាត់នៅលើដីស្ងួត ដូចជាគេបានដើរកាត់នៅឯសមុទ្រក្រហមដែរ! តើទឹកទៅណាអស់ទៅ? ចូរឲ្យយើងពិនិត្យមើល។
នៅពេលដែលប្រជាជនអ៊ីស្រាអែលបម្រុងនឹងឆ្លងទន្លេយ័រដាន់ នេះជាអ្វីដែលព្រះយេហូវ៉ាឲ្យយ៉ូស្វេប្រាប់ដល់ប្រជាជន៖ ‹ពួកសង្ឃត្រូវសែងហឹបនៃសេចក្ដីសញ្ញា ហើយដើរមុនយើង។ នៅពេលដែលគេដាក់ជើងគេចូលក្នុងទឹកនៃទន្លេយ័រដាន់នោះ ទឹកនឹងត្រូវឈប់ហូរ›។
ដូច្នេះ ពួកសង្ឃក៏លើកហឹបនៃសេចក្ដីសញ្ញា ហើយក៏សែងនៅខាងមុខប្រជាជន។ នៅពេលដែលគេមកដល់ទន្លេយ័រដាន់ ពួកសង្ឃក៏ឈានជើងចូលទៅក្នុងទឹក។ ទឹកកំពុងតែហូរយ៉ាងខ្លាំងហើយយ៉ាងជ្រៅផង។ ប៉ុន្តែ នៅពេលដែលជើងរបស់គេប៉ះទឹកភ្លាម ទឹកក៏ឈប់ហូរទៅ! នេះជាអព្ភូតហេតុមែន! ព្រះយេហូវ៉ាបានទប់ទឹកដែលហូរមកខាងលើ។ ដូច្នេះ មិនយូរប៉ុន្មានទឹកនៅក្នុងទន្លេនោះក៏ហូរស្ងួតអស់!
ពួកសង្ឃដែលសែងហឹបនៃសេចក្ដីសញ្ញានោះ ក៏ចូលទៅកណ្ដាលទន្លេគោក។ តើអ្នកអាចឃើញពួកគេក្នុងរូបភាពនេះទេ? កាលដែលគេកំពុងតែឈរនៅទីនោះ ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏ដើរកាត់ទន្លេយ័រដាន់លើដីគោកនោះទៅ!
នៅពេលដែលមនុស្សគ្រប់គ្នាបានឆ្លងអស់ហើយ ព្រះយេហូវ៉ាឲ្យយ៉ូស្វេប្រាប់ពួកបុរសមាំមួន១២នាក់ថា៖ ‹ចូរចូលទៅទន្លេ ទៅឯកន្លែងដែលពួកសង្ឃកំពុងតែឈរសែងហឹបនៃសេចក្ដីសញ្ញានោះ។ ចូររើសយកថ្ម១២ដុំហើយដាក់តម្រួតគ្នានៅកន្លែងដែលអ្នករាល់គ្នានឹងស្នាក់នៅយប់នេះ។ បន្ទាប់មក ទៅអនាគត នៅពេលដែលកូនចៅឯងសួរតើដុំថ្មទាំងនេះមានន័យយ៉ាងណា ឯងត្រូវប្រាប់គេថា ទឹកបានឈប់ហូរនៅពេលហឹបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានឆ្លងទន្លេយ័រដាន់។ ដុំថ្មទាំងនេះនឹងរំឭកឯងអំពីអព្ភូតហេតុនេះ›! យ៉ូស្វេក៏ដាក់ថ្ម១២ដុំដែរ នៅត្រង់កន្លែងដែលពួកសង្ឃបានឈរក្នុងបាតទន្លេនោះ។
នៅទីបំផុត យ៉ូស្វេប្រាប់ពួកសង្ឃដែលសែងហឹបនៃសេចក្ដីសញ្ញាថា៖ ‹ចូរចេញពីទន្លេមក›។ ហើយនៅពេលដែលគេបានចេញផុតភ្លាម នោះទឹកក៏ចាប់ផ្ដើមហូរម្ដងទៀត។