៤៨
ពួកគីបៀនដែលមានបញ្ញា
ឥឡូវនេះ ក្រុងជាច្រើននៅក្នុងស្រុកកាណានបានរៀបចំខ្លួន ដើម្បីប្រយុទ្ធនឹងស្រុកអ៊ីស្រាអែលហើយ។ ពួកគេគិតថាគេអាចឈ្នះបាន។ ប៉ុន្តែ ប្រជាជននៅក្រុងគីបៀនជិតនោះ មិនគិតយ៉ាងដូច្នេះឡើយ។ គេជឿថា ព្រះទ្រង់ជួយប្រជាជនអ៊ីស្រាអែល ហើយគេមិនចង់ប្រយុទ្ធប្រឆាំងនឹងព្រះទេ។ ដូច្នេះ តើអ្នកដឹងពួកគីបៀនធ្វើយ៉ាងដូចម្ដេចទេ?
ពួកគេសម្រេចចិត្តបន្លំខ្លួនគេធ្វើជាអ្នករស់នៅកន្លែងណាមួយយ៉ាងឆ្ងាយដាច់ស្រយាល។ ដូច្នេះហើយ បុរសខ្លះក៏ស្លៀកពាក់ខោអាវរហែករយ៉ីរយ៉ៃ និងពាក់ស្បែកជើងដាច់ដាច។ គេក៏ដាក់ថង់ដាច់ដាចលើសត្វលារបស់គេ ហើយយកនំប៉័ងចាស់ក្រៀមខ្លះទៅជាមួយដែរ។ បន្ទាប់មក គេក៏ធ្វើដំណើរទៅឯយ៉ូស្វេហើយនិយាយថា៖ ‹យើងបានមកពីស្រុកយ៉ាងឆ្ងាយណាស់ ពីព្រោះយើងបានឮអំពីព្រះយេហូវ៉ាដ៏អស្ចារ្យរបស់អ្នក។ យើងបានឮពីអស់ទាំងការដែលទ្រង់បានធ្វើឲ្យអ្នកនៅស្រុកអេស៊ីព្ទ។ ដូច្នេះ មេដឹកនាំរបស់យើងប្រាប់យើងឲ្យរៀបចំស្បៀងអាហារ ហើយធ្វើដំណើរមកទីនេះ ដើម្បីមកជំរាបលោកថា៖ «យើងខ្ញុំជាបាវបំរើលោកហើយ។ ដូច្នេះ សូមសន្យាថាលោកនឹងមិនធ្វើសង្គ្រាមនឹងយើងខ្ញុំឡើយ»។ លោកអាចឃើញស្រាប់ហើយ ខោអាវរបស់យើងបានរហែកដាច់ដាចអស់ហើយ ដោយសារតែធ្វើដំណើរយ៉ាងឆ្ងាយនោះ ហើយនំប៉័ងរបស់យើងក៏បានទៅជាក្រៀមហើយចាស់ទៀត›។
យ៉ូស្វេនិងមេដឹកនាំផ្សេងៗទៀតក៏ជឿពួកគីបៀន។ ដូច្នេះ គេបានសន្យាថាគេនឹងមិនប្រយុទ្ធទាស់នឹងពួកគីបៀនឡើយ។ ប៉ុន្តែ បីថ្ងៃក្រោយមក គេបានដឹងថាពួកគីបៀនពិតជាពួកអ្នករស់នៅជិតនេះទៅវិញ។
យ៉ូស្វេក៏សួរគេថា៖ ‹ហេតុអ្វីបានជាពួកឯងប្រាប់យើងថាមកពីស្រុកយ៉ាងឆ្ងាយដូច្នេះ›?
ពួកគីបៀនឆ្លើយថា៖ ‹យើងបានធ្វើដូច្នេះ ពីព្រោះមានគេបានប្រាប់យើងថាព្រះយេហូវ៉ាជាព្រះរបស់លោក បានសន្យានឹងប្រទានដីនៃស្រុកកាណានទាំងអស់នេះដល់លោក។ ដូច្នេះ យើងបានភ័យខ្លាចក្រែងលោកសម្លាប់ពួកយើង›។ ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលបានចាំសេចក្ដីសន្យារបស់គេ ហើយគេមិនបានសម្លាប់ពួកគីបៀនទេ។ ផ្ទុយទៅវិញ គេយកពួកនោះធ្វើជាបាវរបស់គេ។
ស្តេចនៃក្រុងយេរូសាឡិមមានសេចក្ដីខ្ញាល់ ពីព្រោះពួកគីបៀនបានចងមេត្រីភាពជាមួយនឹងស្រុកអ៊ីស្រាអែល។ ដូច្នេះ ស្តេចនោះក៏មានបន្ទូលទៅស្តេចបួនអង្គទៀតថា៖ ‹ចូរមកជួយនឹងខ្ញុំផង ដើម្បីនឹងទៅប្រយុទ្ធពួកគីបៀន›។ ហើយស្តេចទាំងប្រាំអង្គនេះក៏ធ្វើអញ្ចឹងមែន។ តើពួកគីបៀនមានបញ្ញាទេ ដែលបានចងមេត្រីភាពជាមួយនឹងស្រុកអ៊ីស្រាអែល ដែលឥឡូវនេះបានបណ្ដាលឲ្យស្តេចទាំងនេះមកប្រយុទ្ធនឹងពួកគេនោះ? សូមឲ្យយើងពិនិត្យមើលតទៅទៀត។