៥០
ស្ត្រីក្លាហានពីរនាក់
នៅពេលដែលប្រជាជនអ៊ីស្រាអែលមានបញ្ហា គេក៏អំពាវនាវរកព្រះយេហូវ៉ាឲ្យជួយ។ ព្រះយេហូវ៉ាបានឆ្លើយតបទៅគេ ដោយប្រទានមេដឹកនាំដ៏ក្លាហានដើម្បីនឹងជួយគេ។ ព្រះគម្ពីរហៅមេដឹកនាំទាំងនេះជា ពួកចៅហ្វាយ។ យ៉ូស្វេជាចៅហ្វាយទីមួយ ហើយចៅហ្វាយក្រោយពីលោកមក មានឈ្មោះ អូធ្នាស អេហ៊ុឌ និងសាំកើរ។ ប៉ុន្តែ មនុស្សពីរនាក់ដែលបានជួយសាសន៍អ៊ីស្រាអែល ជាស្ត្រីឈ្មោះដេបូរ៉ា និងយ៉ាអែល។
ដេបូរ៉ាជាព្យាការិនី។ ព្រះយេហូវ៉ាប្រទាននូវពត៌មានអំពីអនាគតដល់នាង ហើយបន្ទាប់មកនាងប្រាប់ទៅប្រជាជន អំពីអ្វីៗដែលព្រះយេហូវ៉ាបានមានបន្ទូលមក។ ដេបូរ៉ាក៏ជាចៅក្រមដែរ។ នាងតែងអង្គុយនៅក្រោមដើមត្នោតមួយនៅលើភ្នំតូច ហើយប្រជាជនមករកនាង ដើម្បីឲ្យនាងជួយដោះស្រាយបញ្ហារបស់គេ។
នៅគ្រានេះ យ៉ាប៊ីនជាស្តេចនៃស្រុកកាណាន។ ទ្រង់មាន៩០០រទេះចម្បាំង។ កងទ័ពរបស់ទ្រង់ខ្លាំងពូកែណាស់ បានជាប្រជាជនអ៊ីស្រាអែលជាច្រើន ត្រូវបានគេបង្ខំឲ្យធ្វើជាបាវរបស់ស្តេចយ៉ាប៊ីន។ មេទ័ពរបស់ស្តេចយ៉ាប៊ីនឈ្មោះស៊ីសេរ៉ា។
នៅថ្ងៃមួយ ដេបូរ៉ាបានចាត់ឲ្យគេទៅហៅចៅហ្វាយបារ៉ាក ហើយក៏ប្រាប់គាត់ថា៖ ‹ព្រះយេហូវ៉ាបានមានបន្ទូលថា៖ «ចូរយកបុរស១០.០០០នាក់ ហើយនាំគេទៅឯភ្នំតាបោរចុះ។ នៅកន្លែងនោះ អញនឹងនាំស៊ីសេរ៉ាមកឯឯង។ ហើយអញនឹងឲ្យឯងមានជ័យជំនះលើវានិងកងទ័ពរបស់វា» ›។
បារ៉ាកប្រាប់ដេបូរ៉ាថា៖ ‹ខ្ញុំនឹងទៅបើសិនជាអ្នកទៅជាមួយខ្ញុំដែរ›។ ដេបូរ៉ាក៏ទៅជាមួយ ប៉ុន្តែនាងនិយាយទៅបារ៉ាកថា៖ ‹ឯងនឹងមិនបានទទួលកិត្ដិយសពីជ័យជំនះនោះឡើយ ពីព្រោះព្រះយេហូវ៉ានឹងឲ្យស៊ីសេរ៉ាទៅក្នុងកណ្ដាប់ដៃរបស់ស្ត្រីម្នាក់›។ ហើយការនេះក៏កើតឡើងដូច្នេះមែន។
បារ៉ាកក៏ចុះពីភ្នំតាបោរដើម្បីទៅជួបពួកទាហានរបស់ស៊ីសេរ៉ា។ មួយរំពេចនោះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យមានទឹកជំនន់ ហើយទាហានពួកសត្រូវជាច្រើនត្រូវបានលង់ទឹកស្លាប់អស់។ ប៉ុន្តែ ស៊ីសេរ៉ាបានចុះពីរទេះចម្បាំងរបស់គាត់ ហើយក៏រត់បាត់ទៅ។
បន្ដិចក្រោយមក ស៊ីសេរ៉ាបានមកដល់ត្រសាលរបស់យ៉ាអែល។ នាងក៏អញ្ជើញគាត់ចូលក្នុង ហើយឲ្យគាត់ផឹកទឹកដោះគោខ្លះ។ នេះបានធ្វើឲ្យគាត់ងងុយដេក ហើយមិនយូរប៉ុន្មាន គាត់ក៏ដេកលក់ស៊ប់ទៅ។ បន្ទាប់មក យ៉ាអែលក៏យកស្នឹងត្រសាល ហើយក៏ចោះក្បាលបុរសអាក្រក់នេះ។ ក្រោយមក នៅពេលដែលបារ៉ាកមកដល់ នាងបង្ហាញសពស៊ីសេរ៉ាទៅគាត់! ដូច្នេះ អ្នកអាចឃើញថាអ្វីៗដែលដេបូរ៉ាបាននិយាយមក នោះបានកើតឡើងពិតមែន។
នៅទីបំផុត ស្តេចយ៉ាប៊ីនក៏ត្រូវបានគេសម្លាប់ដែរ ហើយប្រជាជនអ៊ីស្រាអែលក៏មានសន្ដិភាពបានមួយគ្រាទៀត។
ពួកចៅហ្វាយ ២:១៤-២២; ៤:១-២៤; ៥:១-៣១