សូមឲ្យចិត្តស្ម័គ្រស្មោះរបស់អ្នកនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរ!
«ចូរក្រាបថ្វាយបង្គំ[សរសើរ]ដល់ព្រះយេហូវ៉ា . . . បណ្ដាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត!»។—ពួកចៅហ្វាយ ៥:២
១, ២. (ក) តើអេលីផាសនិងប៊ីលដាឌបាននិយាយអ្វីអំពីទស្សនៈរបស់ព្រះចំពោះកិច្ចបម្រើរបស់យើង? (ខ) តើព្រះយេហូវ៉ាបានមានប្រសាសន៍យ៉ាងណាអំពីរឿងនេះ?
អស់ជាច្រើនឆ្នាំមុន បុរសបីនាក់បានទៅនិយាយជាមួយនឹងយ៉ូបដែលជាអ្នកបម្រើស្មោះដ៏ត្រង់របស់ព្រះ។ បុរសម្នាក់ក្នុងចំណោមបុរសទាំងបីនាក់នោះ គឺអេលីផាសដែលជាជនជាតិថេម៉ាន គាត់បានសួរយ៉ូបនូវសំណួរខ្លះៗដែលគួរឲ្យចាប់អារម្មណ៍។ គាត់បានសួរថា៖ «តើមនុស្សនឹងមានប្រយោជន៍ដល់ព្រះបានឬទេ? ឯមនុស្សប្រាជ្ញគេមានប្រយោជន៍ចំពោះតែខ្លួនគេប៉ុណ្ណោះ បើអ្នកជាមនុស្សសុចរិត នោះតើចំរើនសេចក្ដីអំណរដល់ព្រះដ៏មានគ្រប់ព្រះចេស្ដាឬអី? បើអ្នកកែផ្លូវអ្នកឲ្យត្រឹមត្រូវឡើង នោះតើជាកំរៃដល់ទ្រង់ឬ?»។ (យ៉ូប ២២:១-៣) អេលីផាសបានគិតថាចម្លើយច្បាស់ជាមិនមែនទេ។ ប៊ីលដាឌដែលជាជនជាតិស៊ូអាជាបុរសម្នាក់ទៀតក្នុងចំណោមបុរសទាំងនោះ គាត់បាននិយាយថាព្រះមិនអាចចាត់ទុកមនុស្សថាសុចរិតបានឡើយ។—សូមអាន យ៉ូប ២៥:៤
គុណសម្បត្ដិឬសមត្ថភាពណាក៏ដោយដែលយើងមានគឺមកពីព្រះយេហូវ៉ា ហើយលោកកត់សម្គាល់របៀបដែលយើងប្រើគុណសម្បត្ដិឬសមត្ថភាពនោះ
២ អេលីផាសនិងប៊ីលដាឌបានព្យាយាមធ្វើឲ្យយ៉ូបគិតថាការខំប្រឹងរបស់គាត់ដើម្បីបម្រើព្រះយេហូវ៉ាគឺឥតប្រយោជន៍។ បុរសទាំងនោះចង់ឲ្យយ៉ូបជឿថាចំពោះព្រះយើងមិនមានតម្លៃជាងសត្វដង្កូវទេ។ (យ៉ូប ៤:១៩; ២៥:៦) តើពួកគេនិយាយបែបនេះដោយសារពួកគេមានចិត្តរាបទាបឬទេ? (យ៉ូប ២២:២៩) ជាការពិតមែនដែលព្រះយេហូវ៉ាជាព្រះដែលល្អប្រសើរក្រៃលែង ហើយយើងគឺតូចទាបណាស់បើប្រៀបធៀបនឹងលោក។ បើយើងឈរនៅលើកំពូលភ្នំមួយ ឬក៏មើលមកខាងក្រៅតាមបង្អួចយន្តហោះ យើងយល់ថាយើងពិតជាតូច ហើយមិនសំខាន់។ ប៉ុន្តែ តើនេះគឺជាទស្សនៈដែលព្រះយេហូវ៉ាមានចំពោះការខំប្រឹងរបស់យើងក្នុងការបម្រើលោកនិងរាជាណាចក្ររបស់លោកឬទេ? មិនមែនទេ! ព្រះយេហូវ៉ាបានប្រាប់អេលីផាស ប៊ីលដាឌ និងសូផារដែលជាបុរសទី៣ថា ពួកគេបាននិយាយកុហក។ រួចមកព្រះបាននិយាយថាលោកពេញចិត្តចំពោះយ៉ូប ហើយបានហៅគាត់ថា«អ្នកបំរើអញ»។ (យ៉ូប ៤២:៧, ៨) ដូច្នេះ យើងអាចដឹងប្រាកដថាមនុស្សមិនល្អឥតខ្ចោះអាច«មានប្រយោជន៍ដល់ព្រះបាន»។
‹តើអ្នកបានបន្ថែមអ្វីដល់ទ្រង់›
៣. តើអេលីហ៊ូវបាននិយាយអ្វីអំពីការខំព្យាយាមរបស់យើងដើម្បីបម្រើព្រះយេហូវ៉ា? តើគាត់ចង់មានន័យយ៉ាងណា?
៣ អេលីហ៊ូវដែលជាបុរសវ័យក្មេងម្នាក់បានស្ដាប់ការសន្ទនារវាងយ៉ូបនិងបុរសបីនាក់នោះ។ ពេលដែលពួកគេបានបញ្ចប់ការសន្ទនានោះ អេលីហ៊ូវបានសួរយ៉ូបអំពីព្រះយេហូវ៉ាថា៖ «បើលោកសុចរិតវិញ នោះតើលោកបានបន្ថែមអ្វីដល់ទ្រង់ ឬទ្រង់ទទួលអ្វីពីដៃលោក?»។ (យ៉ូប ៣៥:៧) តើអេលីហ៊ូវក៏កំពុងនិយាយដូចបុរសទាំងបីនាក់នោះថាការខំព្យាយាមរបស់យើងដើម្បីបម្រើព្រះគឺឥតប្រយោជន៍ឬទេ? មិនមែនទេ។ ព្រះយេហូវ៉ាមិនបានកែតម្រង់អេលីហ៊ូវដូចដែលលោកបានកែតម្រង់បុរសទាំងបីនាក់នោះឡើយ។ អេលីហ៊ូវបានបញ្ជាក់ចំណុចផ្សេងពីពួកគេ។ គាត់ចង់និយាយថាព្រះយេហូវ៉ាមិនត្រូវការឲ្យយើងគោរពប្រណិប័តន៍លោកទេ។ ព្រះយេហូវ៉ាមិនត្រូវការអ្វីទេ ហើយមិនខ្វះអ្វីសោះឡើយ។ គ្មានអ្វីទាល់តែសោះដែលយើងអាចធ្វើដើម្បីឲ្យលោកស្តុកស្តម្ភជាង ឬខ្លាំងក្លាជាងឡើយ។ តាមពិត គុណសម្បត្ដិឬសមត្ថភាពណាក៏ដោយដែលយើងមានគឺមកពីព្រះ ហើយលោកកត់សម្គាល់របៀបដែលយើងប្រើគុណសម្បត្ដិឬសមត្ថភាពនោះ។
៤. ពេលដែលយើងបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកឯទៀត តើព្រះយេហូវ៉ាមានទស្សនៈបែបណា?
៤ ពេលដែលយើងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះពួកអ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា លោកចាត់ទុកថាអ្វីដែលយើងបានធ្វើនោះ គឺដូចដែលយើងបានធ្វើចំពោះលោកផ្ទាល់។ សុភាសិត ១៩:១៧ចែងថា៖ «អ្នកណាដែលមានចិត្តអាណិតចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ»។ ព្រះយេហូវ៉ាពិតជាកត់សម្គាល់រាល់ដង ពេលដែលយើងបង្ហាញចិត្តមេត្ដាករុណាចំពោះអ្នកឯទៀត។ ម្យ៉ាងទៀត ទោះជាព្រះយេហូវ៉ាជាអ្នកបង្កើតសកលលោកក៏ដោយ លោកមិនត្រឹមតែកត់សម្គាល់អ្វីដែលយើងបានធ្វើប៉ុណ្ណោះទេ លោកថែមទាំងចាត់ទុកថាទង្វើនោះជាអ្វីដែលលោកបានខ្ចីពីយើង ហើយលោកនឹងសងយើងវិញដោយឲ្យពរដ៏អស្ចារ្យជាច្រើន។ លោកយេស៊ូដែលជាបុត្ររបស់ព្រះបានបញ្ជាក់អំពីចំណុចនេះដែរ។—សូមអាន លូកា ១៤:១៣, ១៤
៥. តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
៥ នៅសម័យបុរាណ ព្រះយេហូវ៉ាបានអញ្ជើញអេសាយដែលជាអ្នកប្រកាសទំនាយឲ្យធ្វើជាតំណាងរបស់លោកនិងបម្រើលោកតាមរបៀបដ៏ពិសេសមួយ។ (អេសាយ ៦:៨-១០) អេសាយបានទទួលការអញ្ជើញនេះដោយស្ម័គ្រពីចិត្ត ហើយគាត់បាននិយាយថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។ នៅសព្វថ្ងៃនេះដែរ ព្រះយេហូវ៉ាក៏ផ្ដល់ឱកាសឲ្យមនុស្សស្មោះត្រង់ចូលរួមក្នុងកិច្ចការរបស់លោក។ អ្នកបម្រើព្រះយេហូវ៉ារាប់ពាន់នាក់កំពុងបង្ហាញថាពួកគេមានចិត្តគំនិតដូចអេសាយ។ ពួកគេស្ម័គ្រចិត្តទទួលភារកិច្ចដើម្បីបម្រើព្រះយេហូវ៉ាតាមរបៀបផ្សេងៗជាច្រើននិងនៅកន្លែងខុសៗគ្នា ហើយពួកគេសុខចិត្តប្រឈមមុខនឹងការលំបាកឬស្ថានភាពពិបាកផ្សេងៗ។ ប៉ុន្តែ បុគ្គលខ្លះប្រហែលជាគិតក្នុងចិត្តថា ‹ខ្ញុំឲ្យតម្លៃចំពោះឱកាសដែលអាចស្ម័គ្រចិត្តក្នុងកិច្ចបម្រើព្រះយេហូវ៉ា ប៉ុន្តែតើអ្វីដែលខ្ញុំធ្វើគឺពិតជាសំខាន់ឬទេ? ទោះជាមានខ្ញុំឬមិនមានខ្ញុំក្ដី ព្រះយេហូវ៉ានឹងនៅតែធ្វើឲ្យប្រាកដថាកិច្ចការរបស់លោកនឹងសម្រេច មែនទេ?›។ តើអ្នកធ្លាប់មានអារម្មណ៍បែបនេះឬទេ? សូមយើងពិចារណារបៀបដែលព្រឹត្ដិការណ៍ខ្លះក្នុងជីវិតរបស់ដេបូរ៉ានិងបារ៉ាក់ដែលជាអ្នកបម្រើពីរនាក់របស់ព្រះយេហូវ៉ានៅអតីតកាល អាចជួយយើងឲ្យឆ្លើយសំណួរទាំងនេះ។
ព្រះបានធ្វើឲ្យចិត្តភ័យខ្លាច ទៅជាចិត្តក្លាហាន
៦. ហេតុអ្វីមើលទៅដូចជាកងទ័ពរបស់ស្តេចយ៉ាប៊ីនងាយស្រួលយកឈ្នះជនជាតិអ៊ីស្រាអែល?
៦ បារ៉ាក់ជាអ្នកចម្បាំងជនជាតិអ៊ីស្រាអែលម្នាក់ ហើយដេបូរ៉ាជាស្ត្រីម្នាក់ដែលជាអ្នកប្រកាសទំនាយ។ អស់រយៈពេល២០ឆ្នាំ យ៉ាប៊ីនដែលជាស្តេចនៃជនជាតិកាណានបាន«សង្កត់សង្កិន»លើជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។ កងទ័ពរបស់ស្តេចយ៉ាប៊ីនគឺកាចសាហាវដល់ម្ល៉េះបានជាគេធ្វើឲ្យជនជាតិអ៊ីស្រាអែលដែលរស់នៅក្នុងភូមិនានាភ័យខ្លាចមិនទាំងហ៊ានចេញពីផ្ទះរបស់ពួកគេផង។ កងទ័ពរបស់ស្តេចយ៉ាប៊ីនមានរទេះចម្បាំងដែក៩០០គ្រឿង ប៉ុន្តែជនជាតិអ៊ីស្រាអែលមិនមានអាវុធត្រឹមត្រូវដើម្បីច្បាំង ឬគ្រឿងចម្បាំងដើម្បីការពារខ្លួនទេa (សូមមើលកំណត់សម្គាល់)។—ពួកចៅហ្វាយ ៤:១-៣, ១៣; ៥:៦-៨
៧, ៨. (ក) នៅដើមដំបូង តើព្រះយេហូវ៉ាបានឲ្យការណែនាំអ្វីដល់បារ៉ាក់? (ខ) តើតាមរបៀបណាជនជាតិអ៊ីស្រាអែលបានយកឈ្នះកងទ័ពរបស់ស្តេចយ៉ាប៊ីន? (សូមមើលរូបភាពនៅដើមអត្ថបទ)
៧ បើប្រៀបធៀបជនជាតិអ៊ីស្រាអែលជាមួយនឹងកងទ័ពរបស់ស្តេចយ៉ាប៊ីន ជនជាតិអ៊ីស្រាអែលមើលទៅដូចជាខ្សោយ ហើយស្រួលឲ្យកងទ័ពសត្រូវយកឈ្នះពួកគេ។ ប៉ុន្តែតាមរយៈដេបូរ៉ាដែលជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាបានបង្គាប់បារ៉ាក់ថា៖ «ចូរនាំយកមនុស្ស១ម៉ឺននាក់ពីពួកកូនចៅណែបថាលីនឹងសាប់យូល៉ូនចូលទៅឯភ្នំតាបោរទៅ នោះអញនឹងទាញនាំស៊ីសេរ៉ាជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះនឹងពួកពលទាំងប៉ុន្មានរបស់គេមកឯឯងនៅត្រង់ស្ទឹងគីសុន ហើយនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃនៃឯង»។—ពួកចៅហ្វាយ ៤:៤-៧
៨ ក្រោយពីចេញសេចក្ដីប្រកាសសុំអ្នកស្ម័គ្រចិត្តឲ្យជួយ មានបុរស១០.០០០នាក់បានជួបជុំគ្នានៅភ្នំតាបោរ។ បារ៉ាក់និងពួកបុរសទាំងនោះបានច្បាំងនឹងកងទ័ពសត្រូវនៅក្រុងត្អាណាក។ (សូមអាន ពួកចៅហ្វាយ ៤:១៤-១៦) តើព្រះយេហូវ៉ាបានជួយជនជាតិអ៊ីស្រាអែលឬទេ? លោកបានជួយពួកគេមែន។ ភ្លាមៗនោះមានព្យុះភ្លៀង ហើយនេះបានធ្វើឲ្យដីសមរភូមិដែលស្ងួតទៅជាភក់។ នេះមានប្រយោជន៍សម្រាប់ជនជាតិអ៊ីស្រាអែល។ បារ៉ាក់បានដេញតាមកងទ័ពរបស់ស៊ីសេរ៉ាអស់២៤គីឡូម៉ែត្រ(១៥ម៉ៃល៍)រហូតដល់កន្លែងមួយដែលហៅថាហារ៉ូសែត។ តាមផ្លូវទៅទីនោះ រទេះចម្បាំងរបស់ស៊ីសេរ៉ាបានជាប់ផុងក្នុងភក់។ ដូច្នេះគាត់បានចុះពីរទេះ ហើយរត់ទៅកន្លែងមួយដែលហៅថាស្អាណានីម។ នៅទីនោះ ស៊ីសេរ៉ាបានលាក់ខ្លួននៅក្នុងត្រសាលរបស់ស្ត្រីម្នាក់ឈ្មោះយ៉ាអែល។ ស៊ីសេរ៉ាអស់កម្លាំងខ្លាំង ហើយគាត់បានគេងលក់ស៊ប់ទៅ។ ពេលគាត់កំពុងគេង ដោយចិត្តក្លាហានយ៉ាអែលបានសម្លាប់គាត់។ (ពួកចៅហ្វាយ ៤:១៧-២១) ព្រះយេហូវ៉ាបានធ្វើឲ្យជនជាតិអ៊ីស្រាអែលទទួលជ័យជម្នះលើសត្រូវរបស់ពួកគេ!
ទស្សនៈខុសគ្នាឆ្ងាយចំពោះការបម្រើស្ម័គ្រចិត្ត
៩. ស្តីអំពីការប្រយុទ្ធនឹងស៊ីសេរ៉ា តើយើងរៀនអ្វីពីពួកចៅហ្វាយ ៥:២០, ២១?
៩ យើងអាចដឹងថែមទៀតអំពីព្រឹត្ដិការណ៍ផ្សេងៗដែលបានត្រូវរៀបរាប់នៅពួកចៅហ្វាយជំពូក៤ ដោយអានជំពូកបន្ទាប់។ ពួកចៅហ្វាយ ៥:២០, ២១ ចែងថា៖ «ផ្ទៃមេឃក៏បានជួយច្បាំង ផ្កាយទាំងប៉ុន្មានបានច្បាំងនឹងស៊ីសេរ៉ាពីទីគោចរ ស្ទឹងគីសុនបានហូរនាំយកគេទៅបាត់»។ តើនេះមានន័យថាទេវតាបានជួយជនជាតិអ៊ីស្រាអែលក្នុងអំឡុងពេលប្រយុទ្ធ ឬតើនេះមានន័យថាមានអាចម៍ផ្កាយជាច្រើនបានធ្លាក់ពីលើមេឃឬទេ? គម្ពីរមិនបានពន្យល់ទេ។ ប៉ុន្តែ គឺសមហេតុផលឲ្យយើងយល់ថាព្រះយេហូវ៉ាបានសង្គ្រោះរាស្ត្ររបស់លោកដោយធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅចំកន្លែងនិងចំពេលនោះ ដើម្បីឲ្យរទេះចម្បាំង៩០០គ្រឿងមិនអាចបរទៅមុខដោយស្រួល។ ពួកចៅហ្វាយ ៤:១៤, ១៥ ចែងបីដងថាព្រះយេហូវ៉ាជាអ្នកដែលបានធ្វើឲ្យជនជាតិអ៊ីស្រាអែលទទួលជ័យជម្នះ។ គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តជនជាតិអ៊ីស្រាអែលទាំង១០.០០០នាក់ ដែលសមនឹងទទួលការសរសើរចំពោះជ័យជម្នះនោះទេ។
១០, ១១. តើមេរ៉ូសគឺជាអ្វី? ហើយហេតុអ្វីកន្លែងនោះបានត្រូវបណ្ដាសា?
១០ ឥឡូវសូមឲ្យយើងពិចារណាអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍។ ក្រោយពីជនជាតិអ៊ីស្រាអែលបានទទួលជ័យជម្នះ ដេបូរ៉ានិងបារ៉ាក់បានច្រៀងសរសើរព្រះយេហូវ៉ា។ ពួកគាត់បានច្រៀងថា៖ «ចូរដាក់បណ្ដាសាដល់មេរ៉ូស ចូរដាក់បណ្ដាសាដល់ពួកអ្នកដែលនៅស្រុកនោះជាយ៉ាងធ្ងន់ ពីព្រោះគេមិនបានមកជួយការនៃព្រះយេហូវ៉ា គឺជួយទាស់នឹងមនុស្សខ្លាំងពូកែនោះទេ»។—ពួកចៅហ្វាយ ៥:២៣
១១ តើមេរ៉ូសគឺជាអ្វី? យើងមិនដឹងច្បាស់ទេ។ ដោយសារបណ្ដាសាលើមេរ៉ូសបានសម្រេចទាំងស្រុងរហូតដល់លែងមានកន្លែងនោះទៀត។ មេរ៉ូសប្រហែលជាក្រុងមួយដែលមានបណ្ដាជនដែលមិនបានស្ម័គ្រចិត្តចូលរួមជាមួយនឹងបារ៉ាក់ក្នុងការប្រយុទ្ធ។ ដោយសារមាន១០.០០០នាក់បានស្ម័គ្រចិត្តប្រយុទ្ធនឹងជនជាតិកាណាន មនុស្សនៅក្រុងមេរ៉ូសច្បាស់ជាបានឮអំពីសេចក្ដីប្រកាសថាត្រូវការអ្នកស្ម័គ្រចិត្តឲ្យជួយ។ ឬក៏មេរ៉ូសប្រហែលជាក្រុងមួយដែលស៊ីសេរ៉ាបានរត់កាត់ពេលដែលគាត់ព្យាយាមរត់គេចពីបារ៉ាក់។ ប្រហែលជាបណ្ដាជននៅក្រុងមេរ៉ូសមានឱកាសចាប់ស៊ីសេរ៉ា ប៉ុន្តែពួកគេមិនបានធ្វើដូច្នេះ។ សូមស្រមៃគិតថាពួកគេបានឃើញអ្នកចម្បាំងដ៏កាចសាហាវនោះកំពុងរត់តាមផ្លូវដើម្បីរួចជីវិត! ពួកគេអាចធ្វើអ្វីមួយដើម្បីគាំទ្រគោលបំណងរបស់ព្រះយេហូវ៉ា។ បើពួកគេបានធ្វើដូច្នេះ ព្រះយេហូវ៉ានឹងឲ្យពរដល់ពួកគេ។ ប៉ុន្តែ ពេលដែលពួកគេមានឱកាសធ្វើអ្វីមួយសម្រាប់ព្រះយេហូវ៉ា ពួកគេមិនបានធ្វើអ្វីទាល់តែសោះ។ តាមមើលទៅមនុស្សនៅមេរ៉ូសខុសគ្នាឆ្ងាយណាស់ពីយ៉ាអែលដែលជាអ្នកដែលបានប្រព្រឹត្តដោយក្លាហាន។—ពួកចៅហ្វាយ ៥:២៤-២៧
យើងត្រូវពិនិត្យពិចារណាអំពីចិត្តគំនិតរបស់យើងចំពោះកិច្ចបម្រើព្រះ
១២. នៅពួកចៅហ្វាយ ៥:៩, ១០ តើមនុស្សមានចិត្តគំនិតខុសគ្នាយ៉ាងណា? តើនេះគួរមានឥទ្ធិពលយ៉ាងណាមកលើយើង?
១២ នៅពួកចៅហ្វាយ ៥:៩, ១០ យើងឃើញថាចិត្តគំនិតរបស់ពួកអ្នកស្ម័គ្រចិត្ត១០.០០០នាក់គឺខុសគ្នាឆ្ងាយពីចិត្តគំនិតរបស់ពួកអ្នកដែលមិនបានស្ម័គ្រចិត្តជួយ។ ដេបូរ៉ានិងបារ៉ាក់បានសរសើរ«ពួកចៅហ្វាយសាសន៍អ៊ីស្រាអែលដែលនៅក្នុងពួកបណ្ដាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត»។ ពួកគេខុសគ្នាឆ្ងាយពីពួកអ្នក«ដែលជិះលាស»ដែលបានគិតថាខ្លួនមានតម្លៃខ្លាំងពេក មិនសមនឹងកិច្ចបម្រើស្ម័គ្រចិត្តទេ។ មនុស្សទាំងនោះបានត្រូវរៀបរាប់ថាជាអ្នក«ដែលអង្គុយលើព្រំវិចិត្រដ៏មានដំឡៃ» ហើយ«ដែលដើរតាមផ្លូវ»។ ពួកគេសប្បាយនឹងជីវិតស្រណុកសុខស្រួល។ នេះគឺផ្ទុយពីពួកអ្នកស្ម័គ្រចិត្តដែលបានសុខចិត្តទៅជាមួយនឹងបារ៉ាក់ដើម្បីប្រយុទ្ធនៅលើភ្នំតាបោរដែលមានថ្មច្រើន ហើយនៅក្នុងទឹកភក់នៅជ្រលងភ្នំគីសុន។ ពួកអ្នកដែលចង់មានជីវិតស្រណុកសុខស្រួលបានត្រូវលើកទឹកចិត្តឲ្យ«ថ្លែងប្រាប់»ឬគិតពិចារណា។ ពួកគេត្រូវគិតពិចារណាអំពីឱកាសដែលពួកគេបានបាត់បង់ដោយសារពួកគេមិនបានស្ម័គ្រចិត្តចូលរួមក្នុងកិច្ចការរបស់ព្រះយេហូវ៉ា។ សព្វថ្ងៃនេះ យើងក៏ត្រូវពិនិត្យពិចារណាអំពីចិត្តគំនិតរបស់យើងចំពោះកិច្ចបម្រើព្រះផងដែរ។
១៣. តើកុលសម្ព័ន្ធរូបេន ដាន់ និងអេស៊ើរមានចិត្តគំនិតខុសគ្នាយ៉ាងណាពីកុលសម្ព័ន្ធសេប៊ូឡូននិងណែបថាលី?
១៣ ពួកអ្នកស្ម័គ្រចិត្ត១០.០០០នាក់មានឱកាសឃើញដោយផ្ទាល់ភ្នែកនូវរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តក្នុងនាមជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុត។ ពួកគេអាចប្រាប់អ្នកឯទៀតអំពីអ្វីនោះពេលដែលពួកគេបាននិយាយអំពី«អំពើសុចរិតរបស់ព្រះយេហូវ៉ា»។ (ពួកចៅហ្វាយ ៥:១១) ផ្ទុយទៅវិញ កុលសម្ព័ន្ធរូបេន ដាន់ និងអេស៊ើរបានយកចិត្តទុកដាក់ចំពោះភាពមានបានរបស់ខ្លួនដូចជាហ្វូងសត្វ សំពៅ និងកំពង់ផែរបស់ពួកគេជាជាងយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ា។ (ពួកចៅហ្វាយ ៥:១៥-១៧) ប៉ុន្តែ មិនមែនកុលសម្ព័ន្ធទាំងអស់គឺដូចពួកគេទេ។ កុលសម្ព័ន្ធសេប៊ូឡូននិងណែបថាលីបាន«ប្រថុយជីវិត»ដើម្បីគាំទ្រដេបូរ៉ានិងបារ៉ាក់។ (ពួកចៅហ្វាយ ៥:១៨) យើងអាចរៀនមេរៀនដ៏សំខាន់ពីចិត្តគំនិតខុសគ្នាទាំងនោះចំពោះកិច្ចបម្រើស្ម័គ្រចិត្ត។
ចូរសរសើរព្រះយេហូវ៉ា!
១៤. នៅសព្វថ្ងៃនេះ តើតាមរបៀបណាយើងបង្ហាញថាយើងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា?
១៤ សព្វថ្ងៃនេះ យើងមិនគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាដោយការប្រយុទ្ធទេ។ ផ្ទុយទៅវិញ យើងបង្ហាញការគាំទ្ររបស់យើងដោយផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនិងដោយចិត្តក្លាហាន។ យើងត្រូវការពួកអ្នកស្ម័គ្រចិត្តច្រើនជាងពេលមុនទៅទៀតសម្រាប់កិច្ចការរបស់ព្រះយេហូវ៉ា។ បងប្អូនប្រុសស្រីរាប់លាននាក់កំពុងស្ម័គ្រចិត្តចូលរួមក្នុងកិច្ចបម្រើពេញពេលប្រភេទផ្សេងៗ។ ជាឧទាហរណ៍ បងប្អូនជាច្រើននាក់កំពុងបម្រើជាអ្នកត្រួសត្រាយ បម្រើនៅបេតអែល និងជួយសាងសង់សាលប្រជុំ។ ម្យ៉ាងទៀត បងប្អូនទាំងចាស់ទាំងក្មេងស្ម័គ្រចិត្តជួយនៅសន្និបាតនិងមហាសន្និបាត។ អ្នកចាស់ទុំមួយចំនួនខំប្រឹងក្នុងកិច្ចការផ្សេងៗដូចជារៀបចំមហាសន្និបាត និងក្នុងការធ្វើជាសមាជិកគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ។ យើងអាចប្រាកដថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះចិត្តដែលចង់បម្រើលោកតាមរបៀបណាក៏ដោយដែលលោកត្រូវការ ហើយថាលោកនឹងមិនភ្លេចការខំប្រឹងរបស់យើងឡើយ។—ហេប្រឺ ៦:១០
មុនអ្នកធ្វើការសម្រេចចិត្តណាមួយ សូមគិតអំពីឥទ្ធិពលដែលការសម្រេចចិត្តនោះអាចមានទៅលើក្រុមគ្រួសារនិងក្រុមជំនុំរបស់អ្នក (សូមមើលវគ្គ១៥)
១៥. តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាយើងមិនបាត់បង់ចិត្តរំភើបដែលយើងមានចំពោះកិច្ចការរបស់ព្រះយេហូវ៉ា?
១៥ យើងត្រូវពិនិត្យពិចារណាអំពីចិត្តគំនិតរបស់យើងចំពោះកិច្ចបម្រើស្ម័គ្រចិត្ត។ យើងអាចសួរខ្លួនថា ‹តើខ្ញុំកំពុងទុកឲ្យអ្នកឯទៀតធ្វើកិច្ចការភាគច្រើនឬទេ? តើខ្ញុំចាប់អារម្មណ៍ចង់បានវត្ថុទ្រព្យជាជាងបម្រើព្រះយេហូវ៉ាឬទេ? ឬតើខ្ញុំមានជំនឿនិងចិត្តក្លាហានដូចបារ៉ាក់ ដេបូរ៉ា យ៉ាអែល និងអ្នកស្ម័គ្រចិត្ត១០.០០០នាក់ ដោយប្រើធនធានណាក៏ដោយដែលខ្ញុំមានដើម្បីបម្រើព្រះយេហូវ៉ាឬទេ? តើខ្ញុំកំពុងគិតអំពីការរើទៅនៅក្រុងឬប្រទេសផ្សេងដើម្បីរកលុយថែមទៀតនិងមានជីវិតល្អជាងឬទេ? បើដូច្នេះ តើខ្ញុំអធិដ្ឋានទៅព្រះយេហូវ៉ាអំពីរបៀបដែលការរើទីលំនៅនេះនឹងប៉ះពាល់ដល់ក្រុមគ្រួសាររបស់ខ្ញុំនិងក្រុមជំនុំឬទេ?›b (សូមមើលកំណត់សម្គាល់)។
១៦. តើយើងអាចជូនអ្វីទៅព្រះយេហូវ៉ា?
១៦ ព្រះយេហូវ៉ាផ្ដល់ឯកសិទ្ធិដ៏អស្ចារ្យដល់យើងដោយឲ្យយើងគាំទ្រការគ្រប់គ្រងរបស់លោក។ តាំងពីសម័យរបស់អាដាមនិងអេវ៉ា មេកំណាចចង់ឲ្យមនុស្សគាំទ្រខាងវាក្នុងការប្រឆាំងនឹងព្រះយេហូវ៉ា។ ប៉ុន្តែ ពេលដែលយើងគាំទ្រការគ្រប់គ្រងរបស់ព្រះយេហូវ៉ា យើងបង្ហាញយ៉ាងច្បាស់ដល់សាថានថាយើងនៅខាងណា។ ជំនឿនិងភក្ដីភាពរបស់យើងជំរុញចិត្តយើងឲ្យចូលរួមក្នុងកិច្ចបម្រើព្រះយេហូវ៉ាដោយស្ម័គ្រចិត្ត ហើយនេះធ្វើឲ្យលោកពេញចិត្ត។ (សុភាសិត ២៣:១៥, ១៦) ព្រះរបស់យើងអាចតបឆ្លើយចំពោះការតិះដៀលរបស់សាថាន ដោយផ្អែកទៅលើការគាំទ្រយ៉ាងស្មោះភក្ដីនិងការស្ដាប់បង្គាប់របស់យើង។ (សុភាសិត ២៧:១១) ដោយស្ដាប់បង្គាប់ព្រះយេហូវ៉ា យើងជូនលោកនូវអ្វីមួយដែលមានតម្លៃចំពោះលោកនិងដែលធ្វើឲ្យលោករីករាយយ៉ាងខ្លាំង។
១៧. តើពួកចៅហ្វាយ ៥:៣១ បង្រៀនយើងយ៉ាងណាអំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគត?
១៧ មិនយូរទៀត មនុស្សទាំងអស់នៅផែនដីនឹងជ្រើសរើសការគ្រប់គ្រងរបស់ព្រះយេហូវ៉ាជាជាងការគ្រប់គ្រងឯទៀត។ យើងទន្ទឹងរង់ចាំពេលនោះ! យើងមានអារម្មណ៍ដូចដេបូរ៉ានិងបារ៉ាក់ដែលបានច្រៀងថា៖ «ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់បានភ្លឺដូចជាថ្ងៃក្នុងកាលដែលរះឡើងពេញវង់វិញ»។ (ពួកចៅហ្វាយ ៥:៣១) នេះនឹងកើតឡើងពេលដែលព្រះយេហូវ៉ាបំផ្លាញរបៀបរបបពិភពលោកដ៏អាក្រក់របស់សាថាន។ ពេលដែលសង្គ្រាមហាម៉ាគេដូនចាប់ផ្ដើម ព្រះយេហូវ៉ានឹងមិនត្រូវការមនុស្សស្ម័គ្រចិត្តដើម្បីបំផ្លាញសត្រូវឡើយ។ ផ្ទុយទៅវិញ យើងនឹង«ឈរស្ងៀម» ហើយ«ចាំមើលសេចក្ដីសង្គ្រោះ»របស់ព្រះយេហូវ៉ា។ (របាក្សត្រទី២ ២០:១៧) ទម្រាំដល់ពេលនោះ យើងមានឱកាសដ៏អស្ចារ្យដើម្បីគាំទ្រដោយចិត្តក្លាហាននិងដោយចិត្តខ្នះខ្នែងនូវការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។
១៨. តើតាមរបៀបណាកិច្ចបម្រើស្ម័គ្រចិត្តរបស់យើងអាចនាំឲ្យអ្នកឯទៀតទទួលប្រយោជន៍?
១៨ ដេបូរ៉ានិងបារ៉ាក់ចាប់ផ្ដើមច្រៀងចម្រៀងអំពីជ័យជម្នះរបស់ពួកគាត់ដោយសរសើរព្រះយេហូវ៉ា មិនមែនសរសើរមនុស្សទេ។ ពួកគាត់បានច្រៀងថា៖ «ចូរក្រាបថ្វាយបង្គំ[សរសើរ]ដល់ព្រះយេហូវ៉ា . . . បណ្ដាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត!»។ (ពួកចៅហ្វាយ ៥:១, ២) ស្រដៀងគ្នាដែរ ពេលដែលយើងបម្រើព្រះយេហូវ៉ាតាមរបៀបណាក៏ដោយដែលលោកត្រូវការ អ្នកឯទៀតក៏ប្រហែលជានឹងទទួលការលើកទឹកចិត្តដើម្បីសរសើរលោកដែរ។
a រទេះទាំងនោះមានដែកវែងមុតស្រួចដែលប្រហែលជាចេញពីដុំវា ហើយជួនកាលគេបានដំដែកវែងនោះឲ្យកោងដែរ។
b សូមមើលអត្ថបទដែលមានចំណងជើងថា«កង្វល់អំពីលុយកាក់»នៅក្នុងទស្សនាវដ្ដីប៉មយាម ខែតុលា-ធ្នូ ឆ្នាំ២០១៥។