ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅពួកចៅហ្វាយ
បើរាស្ត្ររបស់ព្រះយេហូវ៉ាបែរចេញពីទ្រង់និងចាប់ផ្ដើមថ្វាយបង្គំព្រះមិនពិត តើទ្រង់នឹងធ្វើអ្វី? ចុះយ៉ាងណាបើពួកគេមិនស្ដាប់បង្គាប់ទ្រង់ម្ដងហើយម្ដងទៀត ហើយគ្រាន់តែអំពាវនាវរកជំនួយពីទ្រង់ពេលដែលគេរងទុក្ខលំបាកប៉ុណ្ណោះ? ក្រោមកាលៈទេសៈបែបនេះ តើព្រះយេហូវ៉ានៅតែបើកផ្លូវឲ្យគេរួចពីទុក្ខលំបាកនោះឬទេ? សៀវភៅពួកចៅហ្វាយអាចឆ្លើយសំនួរទាំងនេះនិងសំនួរសំខាន់ៗឯទៀត។ ព្យាការីសាំយូអែលបានសរសេរចប់នូវសៀវភៅពួកចៅហ្វាយ ប្រហែលជានៅឆ្នាំ១១០០ មុនស.យ. ហើយសៀវភៅនេះសំដៅទៅលើព្រឹត្ដិការណ៍ដែលកើតមានឡើងក្នុងរយៈពេលប្រមាណ ៣៣០ឆ្នាំ តាំងពីមរណភាពនៃលោកយ៉ូស្វេ រហូតដល់ការតែងតាំងស្តេចទីមួយឲ្យឡើងសោយរាជ្យលើសាសន៍អ៊ីស្រាអែល។
ដោយសារសៀវភៅពួកចៅហ្វាយជាផ្នែកមួយនៃបន្ទូលដ៏ពូកែរបស់ព្រះនោះ សៀវភៅនេះពិតជាមានតម្លៃណាស់ចំពោះយើង។ (ហេព្រើរ ៤:១២) កំណត់ហេតុដ៏គួរឲ្យរំភើបចិត្តដែលបានកត់ទុកក្នុងសៀវភៅនេះ ក៏ជួយយើងយល់ធ្លុះជ្រៅអំពីបុគ្គលិកលក្ខណៈនៃព្រះ។ មេរៀនដែលយើងទាញពីកំណត់ហេតុទាំងប៉ុន្មានក៏ពង្រឹងជំនឿហើយជួយយើងតោងចាប់យ៉ាងជាប់នូវ«ជីវិតអស់កល្បជានិច្ច»ក្នុងពិភពលោកថ្មីតាមសេចក្ដីសន្យារបស់ព្រះ។ (ធីម៉ូថេទី១ ៦:១២, ១៩; ពេត្រុសទី២ ៣:១៣) ការប្រព្រឹត្តរបស់ព្រះយេហូវ៉ាដើម្បីសង្គ្រោះរាស្ត្រទ្រង់ក៏បង្ហាញឲ្យឃើញទុកជាមុននូវការប្រោសលោះដ៏ធំនិងអស្ចារ្យជាងនេះទៅទៀត ដែលទ្រង់នឹងធ្វើនៅពេលអនាគតតាមរយៈព្រះយេស៊ូគ្រីស្ទ ជារាជបុត្រារបស់ទ្រង់។
ហេតុអ្វីក៏ត្រូវការពួកចៅហ្វាយ?
ក្រោយពីលោកយ៉ូស្វេបាននាំមុខសាសន៍អ៊ីស្រាអែលឲ្យយកឈ្នះលើស្តេចទាំងប៉ុន្មាននៅស្រុកកាណាន នោះកុលសម្ព័ន្ធនិមួយៗនៃសាសន៍អ៊ីស្រាអែលបានចូលទៅចាប់យកដីមរតករៀងៗខ្លួន។ ក៏ប៉ុន្តែ សាសន៍អ៊ីស្រាអែលមិនបានដកប្រជាជនកាណានទាំងអស់ចេញពីស្រុកនោះឡើយ ហើយនេះបានក្លាយជាអន្ទាក់មួយសំរាប់ពួកអ៊ីស្រាអែលមែន។
ប្រជាជនអ៊ីស្រាអែលដែលកើតក្រោយជំនាន់លោកយ៉ូស្វេនោះ «មិនបានស្គាល់ព្រះយេហូវ៉ា ឬការដែលទ្រង់បានសំរេចដល់ពួកអ៊ីស្រាអែលទេ»។ (ពួកចៅហ្វាយ ២:១០) ម្យ៉ាងទៀត ប្រជាជននោះបានរៀបការជាមួយនឹងមនុស្សសាសន៍កាណានហើយបានចាប់ផ្ដើមបំរើព្រះរបស់គេដែរ។ ដូច្នេះ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសត្រូវរបស់សាសន៍អ៊ីស្រាអែលឡើងសង្កត់លើពួកគេវិញ។ ប៉ុន្តែ កាលដែលមានការសង្កត់សង្កិនយ៉ាងខ្លាំងនោះ កូនចៅអ៊ីស្រាអែលបានអំពាវនាវរកជំនួយពីព្រះពិត។ កំណត់ហេតុអំពីពួកចៅហ្វាយដែលព្រះយេហូវ៉ាតែងតាំងឡើងដើម្បីសង្គ្រោះរាស្ត្ររបស់ទ្រង់ពីពួកខ្មាំងសត្រូវនោះ គឺកើតមានឡើងក្នុងស្ថានភាពច្របូកច្របល់ខាងសាសនា សង្គម និងនយោបាយ។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
១:២, ៤—ហេតុអ្វីបានជាកុលសម្ព័ន្ធយូដាមានសិទ្ធិចូលយកដីមរតកមុនកុលសម្ព័ន្ធឯទៀត? ធម្មតាកុលសម្ព័ន្ធរូបេនត្រូវមានឯកសិទ្ធិនេះ ពីព្រោះរូបេនជាកូនច្បងរបស់លោកយ៉ាកុប។ ក៏ប៉ុន្តែ ក្នុងទំនាយរបស់លោកយ៉ាកុបពេលហៀបនឹងស្លាប់នោះ គាត់បានទាយថា រូបេននឹងមិនស្ថិតស្ថេរនៅជាប់ឬមិនអាចធ្វើជាមេលើគេបានទេ ពីព្រោះគាត់បានបោះបង់ចោលនូវសិទ្ធិរបស់គាត់ជាកូនច្បង។ លោកស៊ីម្មាននិងលេវីបានប្រព្រឹត្តយ៉ាងសាហាវ ដូច្នេះត្រូវកំចាត់កំចាយឬមិនឲ្យនៅជិតគ្នានៅក្នុងពួកអ៊ីស្រាអែលវិញ។ (លោកុប្បត្តិ ៤៩:៣-៥, ៧) អាស្រ័យហេតុនេះ លោកយូដាដែលជាកូនទីបួនរបស់យ៉ាកុប គាត់អាចទទួលឯកសិទ្ធិមរតកនេះបាន។ កុលសម្ព័ន្ធស៊ីម្មានបានរួមដៃក្នុងការចាប់យកដីជាមួយនឹងកុលសម្ព័ន្ធយូដា ដូច្នេះពួកស៊ីម្មានត្រូវបានខ្ចាត់ខ្ចាយពេលទទួលដីតិចតួចនៅកន្លែងផ្សេងៗក្នុងតំបន់ធំរបស់កុលសម្ព័ន្ធយូដា។a—យ៉ូស្វេ ១៩:៩
១:៦, ៧—ពេលឈ្នះលើស្តេចផ្សេងៗនោះ ហេតុអ្វីបានជាគេកាត់មេដៃមេជើងស្តេចចេញដូច្នេះ? មនុស្សដែលបាត់មេដៃមេជើងគឺលែងមានសមត្ថភាពធ្វើទាហានទេ។ បើមិនមានមេដៃ ធ្វើដូចម្ដេចឲ្យកាន់ដាវឬលំពែងបាន? ហើយបើមិនមានមេជើងវិញ នោះក៏លែងមានលទ្ធភាពដើរឬឈរលំនឹង។
មេរៀនសំរាប់យើង:
២:១០-១២: យើងត្រូវមានកម្មវិធីសិក្សាព្រះគម្ពីរជាទៀងទាត់ដើម្បី‹កុំឲ្យភ្លេចបណ្ដាព្រះគុណ[ឬ«កិច្ចការ», ខ.ស.]ណាមួយរបស់ព្រះយេហូវ៉ាឡើយ›។ (ទំនុកដំកើង ១០៣:២) មាតាបិតាត្រូវប្រិតប្រៀនកូនដើម្បីឲ្យសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះជ្រាបចូលទៅក្នុងចិត្តកូន។—ចោទិយកថា ៦:៦-៩
២:១៤, ២១, ២២: ព្រះយេហូវ៉ាតែងតែមានហេតុអនុញ្ញាតឲ្យរាស្ត្រដែលមិនស្ដាប់បង្គាប់ទ្រង់រងទុក្ខលំបាក ពោលគឺ ចង់ប្រដៅ ជំរះចិត្តនិងជំរុញចិត្តពួកគេឲ្យវិលមករកទ្រង់វិញ។
ព្រះយេហូវ៉ាតែងតាំងពួកចៅហ្វាយ
កំណត់ហេតុដ៏គួរឲ្យរំភើបចិត្តអំពីកិច្ចការរបស់ពួកចៅហ្វាយ គឺចាប់ផ្ដើមដោយរៀបរាប់អំពីចៅហ្វាយអូធ្នាល ដែលបានរំដោះសាសន៍អ៊ីស្រាអែលឲ្យរួចពីអំណាចនៃស្តេចមួយអង្គនៅស្រុកមេសូប៉ូតាមីដែលបានបង្ក្រាបពួកគេអស់ប្រាំបីឆ្នាំ។ ចៅហ្វាយអេហ៊ុឌបានប្រើយុទ្ធសាស្ត្រដែលបង្ហាញនូវចិត្តក្លាហាន ហើយបានសម្លាប់ស្តេចអេក្លុនដ៏មហាធាត់ពីស្រុកម៉ូអាប់។ ចៅហ្វាយសាំកើរក៏បានបង្ហាញចិត្តអង់អាចដោយយកជន្លួញគោហើយម្នាក់ឯងបានវាយសម្លាប់ពួកភីលីស្ទីនអស់៦០០នាក់។ លោកបារ៉ាកនិងកងទ័ពមួយម៉ឺននាក់ដែលមិនសូវមានអាវុធ បានឈ្នះលើពលទ័ពខ្លាំងក្លារបស់លោកស៊ីសេរ៉ាដោយទទួលជំនួយពីព្រះយេហូវ៉ា និងការលើកទឹកចិត្តពីនាងដេបូរ៉ាដែលបានបំរើជាព្យាការិនី។ ព្រះយេហូវ៉ាបានតែងតាំងចៅហ្វាយគេឌានហើយជួយឲ្យគាត់និងកងទ័ព៣០០នាក់ជាមួយនឹងគាត់មានជ័យជំនះលើសាសន៍ម៉ាឌាន។
ព្រះយេហូវ៉ាក៏បានប្រោសសាសន៍អ៊ីស្រាអែលឲ្យរួចពីអំណាចសាសន៍អាំម៉ូន តាមរយៈចៅហ្វាយយែបថា។ ចៅហ្វាយថូឡា យ៉ាអ៊ារ អ៊ីបសាន អេឡូននិងអាបដូនក៏រួមចំណែកក្នុងចំណោមបុរស១២នាក់ដែលបានធ្វើជាពួកចៅហ្វាយរបស់សាសន៍អ៊ីស្រាអែលដែរ។ គ្រារបស់ពួកចៅហ្វាយមកដល់ទីបញ្ចប់នៅជំនាន់ចៅហ្វាយសាំសុនដែលបានប្រយុទ្ធទាស់នឹងពួកភីលីស្ទីន។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
៤:៨—ហេតុអ្វីបានជាលោកបារ៉ាកទទូចបង្ខំព្យាការិនីដេបូរ៉ាឲ្យចុះទៅឯសមរភូមិជាមួយនឹងគាត់? ទំនងជាបារ៉ាកខ្វះទំនុកចិត្តលើសមត្ថភាពច្បាំងទាស់នឹងពលទ័ពរបស់ស៊ីសេរ៉ាដោយខ្លួនឯង។ ដោយមានព្យាការិនីទៅជាមួយនោះ នេះអាចបញ្ជាក់ដល់បារ៉ាកនិងកងទ័ពរបស់គាត់ថា ព្រះកំពុងតែណែនាំផ្លូវពួកគេ ហើយនេះក៏បានពង្រឹងទំនុកចិត្តរបស់ពួកគេដែរ។ បើដូច្នេះ ការបង្ខិតបង្ខំរបស់បារ៉ាកឲ្យដេបូរ៉ាទៅជាមួយនោះ មិនមែនបង្ហាញនូវភាពខ្សោយទេ តែបញ្ជាក់ពីជំនឿរឹងមាំវិញ។
៥:២០—តើផ្កាយទាំងប៉ុន្មាននៅលើមេឃបានជួយច្បាំងយ៉ាងណា ជំនួសលោកបារ៉ាក? ព្រះគម្ពីរមិនរៀបរាប់ច្បាស់ថានេះសំដៅទៅលើជំនួយពីពួកទេវតា ឬអាចម៍ផ្កាយដែលអ្នកប្រាជ្ញរបស់ស៊ីសេរ៉ាបានឃើញហើយចាត់ទុកជាប្រផ្នូលអាក្រក់ ឬមួយក៏ជាទំនាយហោរាសាស្ត្រអំពីស៊ីសេរ៉ា ដែលមិនបានសម្រេចតាមបំណងនោះ។ យ៉ាងណាក៏ដោយ គ្មានការសង្ស័យទេថាព្រះបានធ្វើអន្តរាគមន៍តាមរបៀបម្យ៉ាង។
៧:១-៣; ៨:១០—បើគេឌានត្រូវច្បាំងនឹងសត្រូវដែលមានទ័ពចំនួន១៣៥.០០០នាក់នោះ ហេតុអ្វីបានជាព្រះយេហូវ៉ាមានបន្ទូលថា កងទ័ពចំនួន៣២.០០០នាក់របស់គេឌានគឺជាមនុស្សច្រើនពេកណាស់? នេះគឺពីព្រោះព្រះយេហូវ៉ានឹងប្រគល់ជ័យជំនះដល់គេឌាននិងកងទ័ពរបស់គាត់។ ព្រះមិនចង់ឲ្យអ្នកទាំងនោះគិតថា ពួកគេបានឈ្នះលើពួកសាសន៍ម៉ាឌានដោយអាងកម្លាំងរបស់ខ្លួនគេផ្ទាល់ទេ។
១១:៣០, ៣១—នៅពេលដែលយែបថាបានបន់ឬស្បថដល់ព្រះនោះ តើគាត់មានចិត្តចង់ដុតមនុស្សម្នាក់ថ្វាយឬទេ? យែបថាមិនមានគំនិតនោះទាល់តែសោះ ដ្បិតក្រិត្យវិន័យព្រះបានបង្គាប់ថា៖ «នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលធ្វើឲ្យកូនប្រុសឬកូនស្រីខ្លួនឆ្លងកាត់ភ្លើង»។ (ចោទិយកថា ១៨:១០) ប៉ុន្តែ យែបថាពិតជាមានបំណងថ្វាយមនុស្សម្នាក់មែន មិនមែនសត្វណាមួយទេ។ រីឯសត្វដែលសមថ្វាយព្រះ នោះប្រជាជនអ៊ីស្រាអែលមិនបានចិញ្ចឹមវានៅក្នុងផ្ទះខ្លួនទេ។ ហើយការថ្វាយសត្វក៏មិនមែនជាអ្វីដ៏ពិសេសដែរ។ យែបថាដឹងថា កូនស្រីរបស់គាត់ទំនងជាអ្នកដែលនឹងចេញពីផ្ទះដើម្បីជួបគាត់ ហើយអ្នកនោះត្រូវ«ថ្វាយជាដង្វាយដុត»ក្នុងន័យថា ត្រូវថ្វាយជាអ្នកបំរើព្រះយេហូវ៉ាដាច់ដោយឡែកក្នុងកិច្ចការដែលទាក់ទងនឹងទីបរិសុទ្ធ។
មេរៀនសំរាប់យើង:
៣:១០: ការបំពេញគោលដៅខាងវិញ្ញាណដោយជោគជ័យ តែងពឹងផ្អែកលើវិញ្ញាណពីព្រះយេហូវ៉ា មិនមែនអាស្រ័យលើប្រាជ្ញារបស់មនុស្សយើងទេ។—ទំនុកដំកើង ១២៧:១
៣:២១: អេហ៊ុឌជាអ្នកពូកែប្រើកាំបិតឬដាវហើយក៏មានចិត្តក្លាហានផង។ យើងក៏ត្រូវខំរកបំនិនក្នុងការប្រើ«ដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល»។ នេះបានសេចក្ដីថា យើងត្រូវប្រើបទគម្ពីរយ៉ាងក្លាហានក្នុងកិច្ចបំរើផ្សាយរបស់យើង។—អេភេសូរ ៦:១៧; ធីម៉ូថេទី២ ២:១៥
៦:១១-១៥; ៨:១-៣, ២២, ២៣: ចិត្តរាបទាបរបស់គេឌានបង្រៀនយើងនូវមេរៀនបី គឺ: (១) ពេលដែលយើងទទួលឯកសិទ្ធិណាមួយក្នុងកិច្ចបំរើព្រះ យើងគួរគិតពិចារណាអំពីភារកិច្ចដែលយើងបានទទួលជាជាងគិតអំពីឈ្មោះល្បីឬមុខមាត់ធំដែលប្រហែលជាមកពីកិច្ចការនោះ។ (២) បើយើងមានទំនាក់ទំនងជាមួយនឹងមនុស្សដែលមានទំនោរចិត្តចង់តែឈ្លោះគ្នានោះ ការបង្ហាញនូវចិត្តរាបទាបជាផ្លូវដែលមានប្រាជ្ញាជាទីបំផុត។ (៣) ចិត្តរាបទាបនឹងការពារយើងពីការចង់បានឋានៈខ្ពស់។
៦:១៧-២២, ៣៦-៤០: យើងក៏ត្រូវប្រយ័ត្ន«កុំឲ្យជឿគ្រប់ទាំងវិញ្ញាណ[ឬ«សេចក្ដីទាំងប៉ុន្មានដែលបណ្ដាលមកពីវិញ្ញាណ», ព.ថ.]ឡើយ»។ ផ្ទុយទៅវិញ យើងត្រូវ«ល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន»។ (យ៉ូហានទី១ ៤:១) បើគ្រីស្ទានដែលជាអ្នកចាស់ទុំថ្មីចង់ធ្វើឲ្យប្រាកដថា ឱវាទដែលគាត់ចង់ជូននោះមានមូលដ្ឋានយ៉ាងត្រឹមត្រូវលើព្រះបន្ទូលរបស់ព្រះ យកល្អឲ្យគាត់ពិភាក្សាជាមួយអ្នកចាស់ទុំម្នាក់ដែលមានបទពិសោធន៍ច្រើនជាង។
៦:២៥-២៧: គេឌានបានបង្ហាញវិនិច្ឆ័យល្អដោយមិនផ្ដល់ហេតុឲ្យអ្នកប្រឆាំងមានកំហឹងហួសហេតុពេក។ ពេលដែលយើងផ្សព្វផ្សាយដំណឹងល្អ យើងត្រូវប្រយ័ត្ននឹងសំដីរបស់យើងដោយមិនចង់ផ្ដល់ហេតុដែលធ្វើឲ្យមនុស្សទើសចិត្ត។
៧:៦: ក្នុងកិច្ចបំរើព្រះយេហូវ៉ា យើងគួរធ្វើដូចកងទ័ព៣០០នាក់របស់គេឌានដោយប្រុងស្មារតីនិងប្រុងប្រៀបខ្លួនជានិច្ច។
៩:៨-១៥: ការបង្ហាញអំនួតនិងមានមហិច្ឆតាចង់បានអំណាចឬឋានៈខ្ពស់នោះ ជាការល្ងីល្ងើវិញ!
១១:៣៥-៣៧: គំរូល្អរបស់យែបថាច្បាស់ជាបានជួយឲ្យកូនស្រីរបស់គាត់បណ្ដុះឲ្យមានជំនឿមុតមាំនិងស្មារតីលះបង់។ សព្វថ្ងៃនេះមាតាបិតាក៏អាចតាំងគំរូដូចគ្នាចំពោះកូនរបស់ខ្លួន។
១១:៤០: ការរំឭកពី ឬការសរសើរបុគ្គលដែលបង្ហាញនូវទឹកចិត្តស្មោះស្ម័គ្រក្នុងកិច្ចបំរើព្រះយេហូវ៉ា នោះនឹងលើកទឹកចិត្តគាត់។
១៣:៨: ពេលដែលមាតាបិតាបង្រៀនកូន ពួកគាត់គួរតែអធិស្ឋានសុំការណែនាំពីព្រះយេហូវ៉ា ហើយធ្វើតាមបង្គាប់ទ្រង់។—ធីម៉ូថេទី២ ៣:១៦
១៤:១៦, ១៧; ១៦:១៦: ការបង្ខិតបង្ខំអ្នកឯទៀតដោយយំឬទាមទារម្ដងហើយម្ដងទៀតទាល់តែគាត់យល់ព្រមទៅតាមចំណង់ចិត្តរបស់ខ្លួន នោះអាចបង្ខូចនូវចំណងមិត្តភាព។—សុភាសិត ១៩:១៣; ២១:១៩
កំហុសឯទៀតរបស់សាសន៍អ៊ីស្រាអែល
ផ្នែកចុងក្រោយបង្អស់នៃសៀវភៅពួកចៅហ្វាយមានកំណត់ហេតុពីរដ៏គួរឲ្យកត់សម្គាល់។ រឿងទីមួយសំដៅទៅលើបុរសម្នាក់ឈ្មោះមីកាដែលដាក់រូបព្រះមួយក្នុងផ្ទះរបស់ខ្លួនហើយជួលបុរសកុលសម្ព័ន្ធលេវីម្នាក់ឲ្យធ្វើជាសង្ឃសំរាប់គាត់។ ក្រោយពីពួកកុលសម្ព័ន្ធដាន់បានបំផ្លាញចោលនូវទីក្រុងឈ្មោះឡាអ៊ីសឬលេសែម នោះពួកគេបានកសាងទីក្រុងសំរាប់គេផ្ទាល់ហើយដាក់ឈ្មោះដាន់។ ដោយប្រើរូបព្រះរបស់មីកានោះ ពួកគេបង្កើតរបៀបថ្វាយបង្គំថ្មីក្នុងទីក្រុងដាន់។ តាមមើលទៅ គេបានចាប់ទីក្រុងឡាអ៊ីសមុននឹងយ៉ូស្វេបានទទួលមរណភាព។—យ៉ូស្វេ ១៩:៤៧
រឿងទីពីរបានកើតឡើងមិនយូរប៉ុន្មានក្រោយពីយ៉ូស្វេបានទទួលមរណភាព។ បុរសខ្លះពីទីក្រុងគីបៀរនៅទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន បានប្រព្រឹត្តបទល្មើសអនាចារ ហើយជាលទ្ធផលនោះកុលសម្ព័ន្ធបេនយ៉ាមីនត្រូវគេសម្លាប់ចោលស្ទើរគ្មានសល់ ដោយមានសល់តែបុរស៦០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែ មានការរៀបចំល្អមួយដែលអនុញ្ញាតឲ្យពួកគេទទួលភរិយាទៀតបាន ហើយមកដល់គ្រាសោយរាជ្យរបស់ស្តេចដាវីឌនោះ ចំនួនបុរសដែលអាចធ្វើទាហានបានឡើងដល់ជិត៦០.០០០នាក់។—របាក្សត្រទី១ ៧:៦-១១
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
១៧:៦; ២១:២៥—បើ‹មនុស្សទាំងឡាយតែងតែបានប្រព្រឹត្តការដែលខ្លួនគិតឃើញថាត្រឹមត្រូវ›នោះ តើនេះបានបង្កើតឲ្យមានអនាធិបតេយ្យឬទេ? មិនមែនទេ! ដ្បិតព្រះយេហូវ៉ាបានរៀបចំសំវិធានការគ្រប់គ្រាន់ដើម្បីណែនាំរាស្ត្ររបស់ទ្រង់។ ទ្រង់បានប្រទានក្រិត្យវិន័យហើយតែងតាំងពួកសង្ឃដើម្បីអប់រំពួកគេឲ្យដើរតាមផ្លូវទ្រង់។ តាមរយៈយូរីមនិងធូមីម សម្ដេចសង្ឃអាចទូលសួរព្រះអំពីរឿងសំខាន់ៗ។ (និក្ខមនំ ២៨:៣០) ទីក្រុងគ្រប់ទាំងអស់ក៏មានអ្នកចាស់ទុំដែលអាចផ្ដល់ការណែនាំដ៏ត្រឹមត្រូវ។ នៅពេលដែលជនជាតិអ៊ីស្រាអែលម្នាក់ខំឲ្យទទួលប្រយោជន៍ពីសំវិធានការទាំងនេះ នេះជាជំនួយល្អសំរាប់មនសិការរបស់គាត់។ តាមវិធីនេះ ការ‹ប្រព្រឹត្តតាមអ្វីដែលគាត់យល់ឃើញថាត្រឹមត្រូវ›នោះ មានលទ្ធផលល្អ។ ផ្ទុយទៅវិញ បើមនុស្សម្នាក់ធ្វើព្រងើយកន្តើយនឹងក្រិត្យវិន័យព្រះ ហើយបានសម្រេចចិត្តខ្លួនឯងអំពីការប្រព្រឹត្តនិងការថ្វាយបង្គំ នោះមានលទ្ធផលមិនល្អវិញ។
២០:១៧-៤៨—ហេតុអ្វីបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកបេនយ៉ាមីនឈ្នះលើកុលសម្ព័ន្ធឯទៀតអស់ពីរដង ទោះបើពួកបេនយ៉ាមីនគួរនឹងទទួលទោសក្ដី? ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យកុលសម្ព័ន្ធដ៏ស្មោះត្រង់ទាំងនោះទទួលបរាជ័យជាដំបូង ដ្បិតនេះបានល្បងលចិត្តប្ដេជ្ញារបស់ពួកគេក្នុងការជំរះអំពើអាក្រក់ចេញពីស្រុកអ៊ីស្រាអែល។
មេរៀនសំរាប់យើង:
១៩:១៤, ១៥: ការមិនព្រមបង្ហាញភាពរាក់ទាក់យ៉ាងនេះដោយពួកគីបៀរបានបង្ហាញឲ្យឃើញនូវភាពខ្វះខាតនូវសីលធម៌។ គ្រីស្ទានទាំងឡាយបានត្រូវដាស់តឿន«ឲ្យមានសេចក្ដីចៅរ៉ៅ[ឬ«ទទួលភ្ញៀវដោយរាក់ទាក់», ខ.ស.]ផង»។—រ៉ូម ១២:១៣
ការប្រោសឲ្យរួចនៅខាងមុខ
ឆាប់ៗមុខនេះព្រះរាជាណាចក្ររបស់ព្រះក្រោមអំណាចរបស់ព្រះយេស៊ូគ្រីស្ទនឹងបំផ្លាញចោលលោកីយ៍ដ៏អាក្រក់នេះ ហើយនឹងនាំឲ្យមានការប្រោសលោះដ៏អស្ចារ្យសំរាប់មនុស្សទៀងត្រង់ដែលឥតកំហុស។ (សុភាសិត ២:២១, ២២; ដានីយ៉ែល ២:៤៤) ‹អស់ទាំងខ្មាំងសត្រូវរបស់ព្រះយេហូវ៉ានឹងវិនាសទៅដូច្នេះ ហើយពួកអ្នកដែលស្រឡាញ់ទ្រង់នឹងភ្លឺដូចជាថ្ងៃក្នុងកាលដែលរះឡើងពេញវង់វិញ›។ (ពួកចៅហ្វាយ ៥:៣១) ចូរឲ្យយើងបង្ហាញថា យើងជាអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាដែរ ដោយអនុវត្តតាមអ្វីដែលយើងបានរៀនពីសៀវភៅពួកចៅហ្វាយ។
កំណត់ហេតុអំពីពួកចៅហ្វាយបានបញ្ជាក់នូវសេចក្ដីពិតចំបងមួយនេះថា ការស្ដាប់បង្គាប់ព្រះយេហូវ៉ាតែងតែនាំឲ្យមានពរដ៏វិសេស ហើយការមិនស្ដាប់បង្គាប់គឺនាំឲ្យមានអន្តរាយវិញ។ (ចោទិយកថា ១១:២៦-២៨) គឺជាចាំបាច់ណាស់ ដែលយើង«ស្ដាប់ដោយស្ម័គ្រពីចិត្ត»តាមព្រះហឫទ័យរបស់ព្រះដែលទ្រង់បានបង្ហាញដល់យើងរួចហើយ!—រ៉ូម ៦:១៧; យ៉ូហានទី១ ២:១៧
[កំណត់សម្គាល់]
a ពួកលេវីមិនបានទទួលដីណាជាមរតកក្នុងស្រុកសន្យាទេ លើកលែងតែ៤៨ក្រុងនៅកន្លែងផ្សេងៗក្នុងស្រុកអ៊ីស្រាអែល។
[ផែនទីនៅទំព័រ៣០]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
«ព្រះយេហូវ៉ាទ្រង់តាំងឲ្យមានពួកចៅហ្វាយ ដែលបានជួយសង្គ្រោះគេ ឲ្យរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ»។—ពួកចៅហ្វាយ ២:១៦
ពួកចៅហ្វាយ
១. អូធ្នាល
២. អេហ៊ុឌ
៣. សាំកើរ
៤. បារ៉ាក
៥. គេឌាន
៦. ថូឡា
៧. យ៉ាអ៊ារ
៨. យែបថា
៩. អ៊ីបសាន
១០. អេឡូន
១១. អាបដូន
១២. សាំសុន
ដាន់
ម៉ាន៉ាសេ
ណែបថាលី
អេស៊ើរ
សាប់យូល៉ូន
អ៊ីសាខារ
ម៉ាន៉ាសេ
កាឌ់
អេប្រាអិម
ដាន់
បេនយ៉ាមីន
រូបេន
យូដា
[រូបភាពនៅទំព័រ៣១]
តើអ្នកបានទាញមេរៀនអ្វីពីការទទូចបង្ខំរបស់លោកបារ៉ាកឲ្យដេបូរ៉ាចូលសមរភូមិជាមួយនឹងគាត់?