៥១
នាងរស់និងន៉ាអូមី
នៅក្នុងព្រះគម្ពីរ អ្នកនឹងរកឃើញសៀវភៅមួយដែលហៅថា នាងរស់។ នេះជារឿងអំពីគ្រួសារមួយដែលបានរស់នៅក្នុងគ្រាដែលស្រុកអ៊ីស្រាអែលមានពួកចៅហ្វាយ។ នាងរស់ជាស្ត្រីក្រមុំម្នាក់មកពីស្រុកម៉ូអាប់ នាងមិនមែនជាសាសន៍អ៊ីស្រាអែលរបស់ព្រះទេ។ ប៉ុន្តែ នៅពេលនាងរស់បានរៀនអំពីព្រះយេហូវ៉ាជាព្រះពិតនោះ នាងមានចិត្តស្រឡាញ់ទ្រង់ណាស់។ ន៉ាអូមីជាស្ត្រីចំណាស់ម្នាក់ដែលបានជួយនាងរស់ឲ្យរៀនអំពីព្រះយេហូវ៉ា។
ន៉ាអូមីជាស្ត្រីសាសន៍អ៊ីស្រាអែល។ នាងនិងប្ដីរបស់នាង ហើយនិងកូនប្រុសពីរនាក់បានរើទៅរស់នៅស្រុកម៉ូអាប់ នៅគ្រាដែលគ្មានអាហារបរិភោគគ្រប់គ្រាន់ក្នុងស្រុកអ៊ីស្រាអែល។ បន្ទាប់មក នៅថ្ងៃមួយប្ដីរបស់ន៉ាអូមីបានស្លាប់ទៅ។ ក្រោយមក កូនប្រុសៗរបស់ន៉ាអូមីបានរៀបការស្រីក្រមុំសាសន៍ម៉ូអាប់ពីរនាក់ ឈ្មោះនាងរស់ និងអ័រប៉ា។ ប៉ុន្តែ ប្រមាណ១០ឆ្នាំក្រោយមក កូនប្រុសន៉ាអូមីពីរនាក់ក៏បានស្លាប់ទៅដែរ។ ន៉ាអូមីនិងស្ត្រីពីរនាក់នេះច្បាស់ជាមានចិត្តក្រៀមក្រំណាស់! តើន៉ាអូមីត្រូវធ្វើយ៉ាងណាឥឡូវនេះ?
នៅថ្ងៃមួយ ន៉ាអូមីសម្រេចចិត្តនឹងធ្វើដំណើរយ៉ាងឆ្ងាយត្រឡប់ទៅលំនៅដើម ទៅឯប្រជាជនរបស់នាងវិញ។ នាងរស់និងអ័រប៉ាចង់ស្នាក់នៅជាមួយនឹងនាង ដូច្នេះគេក៏ទៅជាមួយដែរ។ ប៉ុន្តែក្រោយពីបានធ្វើដំណើរបន្ដិចមក ន៉ាអូមីបានបែរមកស្ត្រីទាំងពីរនាក់ ហើយនិយាយថា៖ ‹ចូរត្រឡប់ទៅផ្ទះឯងវិញទៅ ហើយទៅនៅជាមួយម្ដាយរបស់ឯងចុះ›។
ន៉ាអូមីក៏ថើបលាស្ត្រីទាំងពីរនាក់នោះ។ នៅពេលនោះ គេក៏ចាប់ផ្ដើមយំពីព្រោះគេស្រឡាញ់ន៉ាអូមីណាស់។ គេនិយាយថា៖ ‹ទេ! យើងនឹងទៅជាមួយអ្នកម្ដាយទៅឯប្រជាជនរបស់អ្នកម្ដាយ›។ ប៉ុន្តែន៉ាអូមីឆ្លើយថា៖ ‹ឯងត្រូវតែវិលទៅវិញ កូនស្រីម្ដាយ។ ជាការប្រសើរជាងបើឯងនៅឯផ្ទះ›។ ដូច្នេះ អ័រប៉ាក៏ចាប់ផ្ដើមដើរត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែនាងរស់មិនទៅទេ។
ន៉ាអូមីបានបែរទៅនាង ហើយនិយាយថា៖ ‹អ័រប៉ាបានទៅបាត់ហើយ។ ឯងត្រូវតែទៅផ្ទះជាមួយនាងដែរទៅ›។ ប៉ុន្តែនាងរស់ឆ្លើយថា៖ ‹សូមកុំឲ្យខ្ញុំចាកចេញពីអ្នកម្ដាយឡើយ! សូមឲ្យខ្ញុំទៅជាមួយអ្នកម្ដាយផង។ កន្លែងណាដែលអ្នកម្ដាយទៅ ខ្ញុំក៏ទៅ ហើយកន្លែងណាដែលអ្នកម្ដាយរស់នៅ ខ្ញុំក៏រស់នៅដែរ។ ប្រជាជនអ្នកម្ដាយក៏ជាប្រជាជនរបស់កូនដែរ ហើយព្រះរបស់អ្នកម្ដាយ ក៏ជាព្រះរបស់ខ្ញុំដែរ។ កន្លែងណាដែលអ្នកម្ដាយស្លាប់ នោះក៏ខ្ញុំត្រូវស្លាប់ដែរ ហើយកន្លែងនោះ នឹងជាកន្លែងដែលខ្ញុំត្រូវកប់ដែរ›។ នៅពេលនាងរស់បាននិយាយអំពីរឿងនេះ ន៉ាអូមីក៏មិនបង្ខំនាងឲ្យទៅផ្ទះទៀតទេ។
នៅទីបំផុត ស្ត្រីទាំងពីរនាក់បានមកដល់ស្រុកអ៊ីស្រាអែល។ គេក៏បានរៀបចំរស់នៅទីនោះទៅ។ នាងរស់ក៏ចាប់ផ្ដើមធ្វើការនៅឯស្រែភ្លាម ពីព្រោះនេះជារដូវច្រូតស្រូវ។ បុរសម្នាក់ឈ្មោះ បូអូសបានអនុញ្ញាតឲ្យនាងរើសស្រូវនៅឯស្រែរបស់គាត់។ តើអ្នកដឹងថាអ្នកណាជាម្ដាយរបស់លោកបូអូសទេ? គាត់ឈ្មោះរ៉ាហាបដែលមកពីក្រុងយេរីខូរ។
នៅថ្ងៃមួយ បូអូសប្រាប់នាងរស់ថា៖ ‹ខ្ញុំបានឮអំពីអ្នកអស់ហើយ ព្រមទាំងចិត្តសប្បុរសរបស់អ្នកចំពោះន៉ាអូមី។ ខ្ញុំដឹងពីរបៀបដែលអ្នកបានចាកចេញពីឪពុកម្ដាយ ហើយពីស្រុករបស់អ្នក និងពីរបៀបដែលអ្នកមករស់នៅក្នុងចំណោមមនុស្សដែលអ្នកមិនបានស្គាល់ពីមុនមក។ សូមឲ្យព្រះយេហូវ៉ាប្រព្រឹត្តល្អចំពោះអ្នកចុះ›!
នាងរស់ឆ្លើយថា៖ ‹លោកមានចិត្តសប្បុរសនឹងខ្ញុំណាស់។ លោកបានធ្វើឲ្យខ្ញុំមានទឹកចិត្តឡើង ដោយពាក្យសំដីដ៏ល្អៗដែលលោកបាននិយាយមកខ្ញុំ›។ បូអូសស្រឡាញ់នាងរស់ណាស់ ហើយមិនយូរប៉ុន្មាន គេក៏រៀបការទៅ។ នេះបានធ្វើឲ្យន៉ាអូមីសប្បាយចិត្តណាស់! ប៉ុន្តែ ន៉ាអូមីរឹតតែសប្បាយចិត្តថែមទៀត នៅពេលដែលនាងរស់និងបូអូសបង្កើតបានកូនទីមួយឈ្មោះអូបិឌ។ ក្រោយមក អូបិឌបានទៅជាជីតារបស់ដាវីឌ ដែលជាអ្នកយើងនឹងរៀនអំពីនៅពេលក្រោយទៀត។