បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៦ ទំ. ២៩-ទំ. ៣២ វ. ៩
  • គោលសំខាន់ៗពីសៀវភៅនាងរស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅនាងរស់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«កន្លែង​ណា​ដែល​អ្នក​ម្ដាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម»
  • (នាងរស់ ១:១​–​២:២៣)
  • ន៉ាអូមី​ក្លាយ​ជា​មនុស្ស​«ពោរពេញ»
  • (នាងរស់ ៣:១​–​៤:២២)
  • ប្រហែល​ជា​ព្រះ​នឹង ‹ដំកើង​អ្នក​ឡើង​នៅ​វេលា​កំណត់›ដែរ
  • រូថនិងណាអូមី
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • សេចក្ដីសង្ខេបពីរូថ
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • នាងរស់និងន៉ាអូមី
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ចូរបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៦ ទំ. ២៩-ទំ. ៣២ វ. ៩

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​នាងរស់

សៀវភៅ​នាងរស់​ជា​កំណត់​ហេតុ​ពិត​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កក់ក្ដៅ​ណាស់ ដោយ​បង្ហាញ​ពី​ចិត្ត​ស្មោះ​ត្រង់​ដែល​ស្ត្រី​ពីរ​នាក់​មាន​ចំពោះ​គ្នា។ នេះ​ជា​កំណត់​ហេតុ​ដែល​ស​ឲ្យ​ឃើញ​នូវ​ចិត្ត​អបអរ​ចំពោះ​ព្រះ​យេហូវ៉ា​និង​ទំនុក​ចិត្ត​ទៅ​លើ​របៀប​រៀបចំ​របស់​ទ្រង់។ នេះ​ជា​រឿង​ដែល​ដៅ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​ពិត​ជា​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​វង្ស​ត្រកូល​របស់​ព្រះមេស្ស៊ី។ រឿង​នេះ​ទាក់​ចិត្ត​ទាញ​អារម្មណ៍​យើង​ណាស់ ដោយ​រៀប​រាប់​អំពី​អំណរ​នឹង​ការ​សោក​សង្រេង​របស់​ក្រុម​គ្រួសារ​មួយ។ នេះ​ហើយ​ជា​សាច់​រឿង​នៃ​សៀវភៅ​នាងរស់ ហើយ​ក៏​មាន​ពត៌មាន​ច្រើន​ថែម​ទៀត​ដែរ។

សៀវភៅ​នាងរស់​បញ្ជាក់​ពី​រយៈ​ពេល​ប្រហែល​ជា​១១​ឆ្នាំ «នៅ​ក្នុង​គ្រា ដែល​ពួក​ចៅហ្វាយ កំពុង​កាន់​កាប់​ត្រួតត្រា»​នៅ​ស្រុក​អ៊ីស្រាអែល។ (នាងរស់ ១:១) ព្រឹត្ដិការណ៍​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​នេះ​ទំនង​ជា​បាន​កើត​ឡើង​នៅ​ដើម​សម័យ​របស់​ពួក​ចៅហ្វាយ ពីព្រោះ​លោក​បូអូស​ដែល​ជា​ម្ចាស់​ដី​ម្នាក់​ក្នុង​កំណត់​ហេតុ​ពិត​នេះ គាត់​ជា​កូន​រ៉ាហាប​ពី​សម័យ​លោក​យ៉ូស្វេ។ (យ៉ូស្វេ ២:១, ២; នាងរស់ ២:១; ម៉ាថាយ ១:៥) រឿង​នេះ​ទំនង​ជា​បាន​ត្រូវ​សរសេរ​ដោយ​ព្យាការី​សាំយូអែល​នៅ​ឆ្នាំ​១០៩០ មុន​គ.ស.។ នេះ​ជា​សៀវភៅ​តែ​មួយ​គត់​ក្នុង​ព្រះ​គម្ពីរ​ដែល​មាន​ឈ្មោះ​របស់​ស្ត្រី​ដែល​មិន​មែន​ជា​ជនជាតិ​អ៊ីស្រាអែល។ សារ​ក្នុង​សៀវភៅ​នាងរស់​គឺ​«រស់​នៅ ហើយ​ពូកែ​ផង»។—ហេព្រើរ ៤:១២

​«កន្លែង​ណា​ដែល​អ្នក​ម្ដាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម»

(នាងរស់ ១:១​–​២:២៣)

ពេល​ដែល​ន៉ាអូមី​និង​នាងរស់​បាន​ទៅ​ដល់​ភូមិ​បេថ្លេហិម នោះ​មនុស្ស​គ្រប់​គ្នា​ផ្ដោត​អារម្មណ៍​លើ​ពួក​គាត់។ ស្ត្រី​ក្នុង​ភូមិ​នោះ​បាន​ចង្អុល​ចំពោះ​អ៊ំ​ស្រី​ម្នាក់​នេះ​ហើយ​សួរ​ថា​៖ «នេះ​តើ​ជា​ន៉ាអូមី​មែន​ឬ​អី?»។ ន៉ាអូមី​បាន​តប​ឆ្លើយ​ថា​៖ «កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ។ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្ដា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់! ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​ពោរពេញ តែ​ព្រះ​យេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ»។—នាងរស់ ១:១៩​-​២១

ទុរភិក្ស​នៅ​ស្រុក​អ៊ីស្រាអែល​កាល​ពី​មុន​បាន​ជំរុញ​ក្រុម​គ្រួសារ​របស់​ន៉ាអូមី​ឲ្យ​ចេញ​ពី​ភូមិ​បេថ្លេហិម​ទៅ​រស់​នៅ​ស្រុក​ម៉ូអាប់ ហើយ​នៅ​ពេល​នោះ​គាត់​មាន​«ពោរពេញ»​ក្នុង​ន័យ​ថា មាន​ស្វាមី​និង​កូន​ប្រុស​ពីរ​នាក់។ ក៏​ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​បាន​នៅ​ស្រុក​ម៉ូអាប់ នោះ​ស្វាមី​ឈ្មោះ​អេលីម៉ាលេច​បាន​ស្លាប់​ទៅ។ ក្រោយៗ​មក​ទៀត កូន​ប្រុស​ទាំង​ពីរ​នាក់​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ជនជាតិ​ម៉ូអាប់ ឈ្មោះ​អ័រប៉ា​និង​នាងរស់។ ប្រមាណ​ដប់​ឆ្នាំ​បាន​កន្លង​ទៅ​ទៀត ទើប​កូន​ប្រុស​ទាំង​ពីរ​នាក់​ស្លាប់​ទៅ​ទាំង​អត់​កូន ហើយ​នៅ​សល់​ស្ត្រី​បី​នាក់​ដែល​គ្មាន​ស្វាមី។ ន៉ាអូមី​ជា​ម្ដាយ​ក្មេក​របស់​នាង​ទាំង​ពីរ​នាក់​នោះ ហើយ​គាត់​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។ ស្រី​មេម៉ាយ​ពីរ​នាក់​របស់​កូន​ន៉ាអូមី​ក៏​បាន​ចេញ​ដំណើរ​ជា​មួយ​ម្ដាយ​ក្មេក។ នៅ​តាម​ផ្លូវ ន៉ាអូមី​បង្ខំ​ឲ្យ​កូន​ប្រសា​ទាំង​ពីរ​នាក់​ត្រឡប់​ទៅ​ឯ​ស្រុក​ម៉ូអាប់​វិញ ដើម្បី​រក​ស្វាមី​ពី​សាសន៍​របស់​ខ្លួន។ អ័រប៉ា​សុខ​ចិត្ត​ធ្វើ​តាម​ការ​បង្ខិត​បង្ខំ​នោះ តែ​នាងរស់​នៅ​តែ​ចង់​តាម​ន៉ាអូមី​ដោយ​និយាយ​ថា​៖ «កន្លែង​ណា​ដែល​អ្នក​ម្ដាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្ដាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ។ សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ»។—នាងរស់ ១:១៦

ស្រី​មេម៉ាយ​ទាំង​ពីរ​នាក់​នេះ ពោល​គឺ ន៉ាអូមី​និង​នាងរស់ បាន​ទៅ​ដល់​ភូមិ​បេថ្លេហិម​នៅ​រដូវ​ដែល​ប្រជាជន​ចាប់​ផ្ដើម​ច្រូត​ស្រូវឱក។ នាងរស់​យក​ប្រយោជន៍​ពី​សិទ្ធិ​ធ្វើ​តាម​ប្រការ​មួយ​ដែល​មាន​ក្នុង​ច្បាប់​របស់​ព្រះ ដោយ​ចាប់​ផ្ដើម​រើស​សន្សំ​ផល​ចំ​រូត​ក្នុង​វាល​ស្រែ​ដែល​ជា​កម្មសិទ្ធិ​របស់​ញាតិ​សន្ដាន​នៃ​អេលីម៉ាលេច ពោល​គឺ បុរស​សាសន៍​យូដា​ម្នាក់​ឈ្មោះ​បូអូស ដែល​មាន​វ័យ​ចំណាស់​បន្ដិច។ លោក​បូអូស​ពេញ​ចិត្ត​ចំពោះ​នាងរស់ ដូច្នេះ​នាង​ក៏​បន្ត​រើស​សន្សំ​ផល​ចំ​រូត​ពី​ស្រែ​គាត់​«ទាល់តែ​ចំ​រូត​នៃ​ស្រូវឱក នឹង​ស្រូវ​ភោជ្ជសាលី»​បាន​ត្រូវ​បង្ហើយ។—នាងរស់ ២:២៣

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

១:៨—ហេតុ​អ្វី​បាន​ជា​ន៉ាអូមី​ប្រាប់​កូន​ប្រសា​ថា នាង​ទាំង​ពីរ​នាក់​គួរ​ត្រឡប់​ទៅ​ឯ​«ផ្ទះ​ម្ដាយ​ឯង​វិញ​រៀង​ខ្លួន» ជាជាង​ប្រាប់​ឲ្យ​នាង​ទៅ​ផ្ទះ​របស់​ឪពុក​វិញ? កំណត់​ហេតុ​មិន​ប្រាប់​ថា ឪពុក​របស់​អ័រប៉ា​នៅ​រស់​ឬ​អត់​នៅ​ពេល​នោះ​ទេ។ ក៏​ប៉ុន្តែ ឪពុក​របស់​នាងរស់​គឺ​នៅ​រស់​មែន។ (នាងរស់ ២:១១) យ៉ាង​ណា​ក៏​ដោយ ប្រហែល​ជា​ន៉ាអូមី​បាន​សំដៅ​ទៅ​លើ​ផ្ទះ​ម្ដាយ​ដោយ​គិត​ថា ការ​និយាយ​អំពី​ម្ដាយ​ប្រហែល​ជា​នឹង​នាំ​ឲ្យ​ពួក​គេ​នឹក​គិត​អំពី​ការ​សំរាល​ទុក្ខ​ដែល​មក​ពី​ម្ដាយ​ដែល​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់។ នេះ​ពិត​ជា​អាច​ធ្វើ​ឲ្យ​កូន​ស្រី​មាន​អារម្មណ៍​ធូរ​ស្រាល​មែន ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​មាន​ចិត្ត​សង្រេង​ដោយ​បាន​បែក​ចេញ​ពី​ម្ដាយ​ក្មេក​ដែល​គេ​ស្រឡាញ់​នោះ។ ពំនោល​របស់​ន៉ាអូមី​ក៏​ប្រហែល​ជា​បញ្ជាក់​នូវ​គំនិត​ថា គាត់​មិន​មាន​ផ្ទះ​សម្បែង​ស្អាត​ដូច​ជា​ម្ដាយ​របស់​នាងរស់​និង​អ័រប៉ា​នោះ​ឡើយ។

១:១៣, ២១—តើ​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ន៉ាអូមី​កើត​ទុក្ខ​ព្រួយ​ជា​ខ្លាំង​នោះ​ឬ​ទេ? ព្រះ​យេហូវ៉ា​មិន​បាន​បណ្ដាល​ឲ្យ​ន៉ាអូមី​កើត​ទុក្ខ​ព្រួយ​ទេ ហើយ​ន៉ាអូមី​ក៏​មិន​ចោទ​ថា​ព្រះ​បាន​ធ្វើ​បាប​ដល់​នាង​ទេ។ ក៏​ប៉ុន្តែ ដោយ​គិត​អំពី​អ្វីៗ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្លួន នោះ​ន៉ាអូមី​គិត​ថា​ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់។ ន៉ាអូមី​ចេះ​តែ​ភ័យ​ព្រួយ​ហើយ​អស់​សង្ឃឹម។ ម្យ៉ាង​ទៀត នៅ​សម័យ​នោះ​គេ​បាន​ចាត់​ទុក​ផល​ដែល​កើត​ពី​ផ្ទៃ ជា​ពរ​ដែល​មក​ពី​ព្រះ ហើយ​ភាព​ជា​ស្រី​អារ​ជា​បណ្ដាសា​វិញ។ ដោយសារ​ន៉ាអូមី​គ្មាន​ចៅ​ហើយ​កូន​ប្រុស​ពីរ​នាក់​បាន​ស្លាប់​ទៅ​ហើយ នោះ​គាត់​ប្រហែល​ជា​មាន​ហេតុ​គិត​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​គាត់​ឬ​បាន​ធ្វើ​ឲ្យ​គាត់​អាម៉ាស់​មុខ។

២:១២—តើ​នាងរស់​បាន​ទទួល​«បំណាច់​ដ៏​ពោរពេញ»​អ្វី​ពី​ព្រះ​យេហូវ៉ា? នាងរស់​បាន​បង្កើត​កូន​ប្រុស​មួយ ហើយ​បាន​ទទួល​ឯក​សិទ្ធិ​ក្លាយ​ជា​ខ្សែ​រយៈ​ម្នាក់​ក្នុង​វង្ស​ត្រកូល​ដ៏​សំខាន់​បំផុត ជា​អយ្យកា​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។—នាងរស់ ៤:១៣​-​១៧; ម៉ាថាយ ១:៥, ១៦

មេ​រៀន​សំរាប់​យើង:

១:៨; ២:២០: ទោះ​ជា​ន៉ាអូមី​បាន​រង​ទុក្ខ​លំបាក​ដ៏​ខ្លោចផ្សា​ក្ដី គាត់​បាន​រក្សា​ឲ្យ​មាន​ទំនុក​ចិត្ត​ទៅ​លើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា។ យើង​គួរ​ធ្វើ​ដូច​គ្នា​ដែរ ជា​ពិសេស​ពេល​ដែល​យើង​ជួប​ប្រទះ​ទុក្ខ​លំបាក​ឬ​ការ​ល្បងល​ដ៏​ខ្លាំង។

១:៩: ផ្ទះ​សម្បែង​មិន​គួរ​ធ្វើ​ជា​ទី​កន្លែង​ដែល​សមាជិក​គ្រួសារ​បរិភោគ​អាហារ​និង​គេង​សម្រាន្ត​ប៉ុណ្ណោះ​ទេ។ តែ​ផ្ទះ​សម្បែង​គួរ​ជា​ទី​កន្លែង​សំរាប់​សំរាក​ដោយ​សន្ដិសុខ​និង​មាន​សុខសាន្ត​ជា​មួយ​ក្រុម​គ្រួសារ។

១:១៤​-​១៦: អ័រប៉ា​បាន​«ត្រឡប់​ទៅ​ឯ​សាសន៍​ហើយ​នឹង​ព្រះ​របស់»​នាង​វិញ។ នាងរស់​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ នាងរស់​បាន​ចេញ​ពី​ភាព​សុខសាន្ត សុខ​ស្រួល​នៅ​ឯ​ប្រទេស​កំណើត ហើយ​បាន​រក្សា​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ព្រះ និង​ការ​បង្ហាញ​នូវ​ស្មារតី​លះបង់​អាច​ជួយ​ការពារ​យើង​ពី​ការ​ចុះ​ចាញ់​ដោយ​ធ្វើ​តាម​ចិត្ត​ប្រាថ្នា​ដ៏​អត្តទត្ថ ហើយ​ពី​ការ​«ថយ​ទៅ​វិញ ឲ្យ​ត្រូវ​វិនាស»។—ហេព្រើរ ១០:៣៩

២:២: នាងរស់​ចង់​ទទួល​ប្រយោជន៍​ពី​សិទ្ធិ​រើស​សន្សំ​ផល​ដំណាំ ដែល​ជា​សំវិធានការ​មួយ​សំរាប់​ពួក​អ្នក​ប្រទេស​ក្រៅ​និង​ពួក​អ្នក​ក្រ​ទុគ៌ត។ នាងរស់​មាន​ចិត្ត​រាប​ទាប។ ជន​គ្រីស្ទាន​ណា​ដែល​ខ្វះ​ខាត មិន​គួរ​មាន​ឫក​ខ្ពស់​ដល់​ម្ល៉េះ​បាន​ជា​មិន​ព្រម​ទទួល​ជំនួយ​ពី​បងប្អូន​រួម​ជំនឿ​ដែល​ស្រឡាញ់​គាត់ ឬ​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​បើ​គាត់​មាន​សិទ្ធិ​ទទួល​នោះ។

២:៧: ទោះបី​នាងរស់​មាន​សិទ្ធិ​រើស​សន្សំ​ផល​ដំណាំ​ក្ដី នាង​បាន​សូម​ការ​អនុញ្ញាត​ជា​មុន​សិន។ (លេវីវិន័យ ១៩:៩, ១០) នេះ​បង្ហាញ​ថា នាងរស់​ជា​មនុស្ស​រាបសា​និង​សុភាព។ យក​ល្អ​ឲ្យ​យើង​«ស្វែង​រក​សេចក្ដី​សុភាព» ពីព្រោះ​«មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។—សេផានា ២:៣; ទំនុកដំកើង ៣៧:១១

២:១១: នាងរស់​មិន​បាន​ធ្វើ​ជា​ញាតិ​សន្ដាន​ប៉ុណ្ណោះ​ទេ ចំពោះ​ន៉ាអូមី។ នាង​ក៏​ជា​មិត្ត​សំឡាញ់​ពិត​ផង​ដែរ។ (សុភាសិត ១៧:១៧) ន៉ាអូមី​និង​នាងរស់​មាន​មិត្តភាព​ដ៏​ជាប់​លាប់​ពីព្រោះ​នេះ​មាន​មូលដ្ឋាន​លើ​គុណសម្បត្ដិ​ដូច​ជា​សេចក្ដី​ស្រឡាញ់ ចិត្ត​ស្មោះ​ត្រង់ ការ​យល់​ចិត្ត​គ្នា សេចក្ដី​សប្បុរស​និង​ស្មារតី​លះបង់។ សំខាន់​ជាង​នេះ​ទៅ​ទៀត មិត្តភាព​របស់​ពួក​គាត់​មាន​មូលដ្ឋាន​លើ​ជំនឿ​ខាង​វិញ្ញាណ ពោល​គឺ ចិត្ត​ចង់​បំរើ​ព្រះ​យេហូវ៉ា ហើយ​ចង់​រួម​ចំណែក​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់។ យើង​ក៏​មាន​ឱកាស​ល្អៗ​ដែរ ដើម្បី​បង្កើត​ឲ្យ​មាន​មិត្ត​សំឡាញ់​ពិត​ក្នុង​ចំណោម​ពួក​អ្នក​ថ្វាយ​បង្គំ​ពិត។

២:១៥​-​១៧: ទោះ​បើ​បូអូស​បាន​អនុញ្ញាត​ឲ្យ​នាងរស់​ធ្វើ​ការ​មិន​សូវ​នឿយ​ហត់​ក៏​ដោយ «នាង​ក៏​រើស​សន្សំ​នៅ​ក្នុង​ស្រែ​នោះ រហូត​ដល់​ល្ងាច»​ដែរ។ នាងរស់​ខំ​ធ្វើ​ការ​នឿយ​ហត់​មែន។ ជន​គ្រីស្ទាន​យើង​គួរ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ធ្វើ​ការ​យ៉ាង​ខ្នះខ្នែង​ដែរ។

២:១៩​-​២២: នៅ​ពេល​ល្ងាច ន៉ាអូមី​និង​នាងរស់​បាន​ពិគ្រោះ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ ដោយ​អ្នក​វ័យ​ចាស់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទង្វើ​របស់​អ្នក​ដែល​ក្មេង​ជាង ហើយ​ស្ត្រី​ទាំង​ពីរ​នាក់​ប្រាប់​ពី​គំនិត​និង​អារម្មណ៍​របស់​ខ្លួន​ដោយ​ឥត​ទើសទាល់។ ក្រុម​គ្រួសារ​គ្រីស្ទាន​គួរ​តែ​មាន​ស្ថានភាព​ដូច​គ្នា មែន​ទេ?

២:២២, ២៣: នាងរស់​បាន​សេពគប់​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា មិន​ដូច​នាង​ឌីណា​ដែល​ជា​កូន​ស្រី​របស់​យ៉ាកុប​នោះ​ទេ។ នាងរស់​ជា​គំរូ​ល្អ​ណាស់​សំរាប់​យើង!—លោកុប្បត្តិ ៣៤:១, ២; កូរិនថូសទី១ ១៥:៣៣

ន៉ាអូមី​ក្លាយ​ជា​មនុស្ស​«ពោរពេញ»

(នាងរស់ ៣:១​–​៤:២២)

ន៉ាអូមី​មាន​វ័យ​ចាស់​ហើយ​មិន​អាច​បង្កើត​កូន​បាន​ឡើយ។ ដូច្នេះ ន៉ាអូមី​ផ្ដល់​ការ​ណែនាំ​ឲ្យ​នាងរស់​ធ្វើ​ជា​អ្នក​បង្កើត​កូន​ជំនួស​ខ្លួន ដោយ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​អ្នក​លោះ​ឬ​រៀប​ការ​ស្នង​ត្រកូល​តាម​ច្បាប់​ជា​សាច់​ញាតិ​ជិតដិត​គ្នា ដែល​មាន​ន័យ​ថា បង​ឬ​ប្អូន​ថ្លៃ​ឬ​ក៏​សាច់​ញាតិ​ផ្សេង​យក​នាង​ធ្វើ​ជា​ភរិយា។ នាងរស់​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​ន៉ាអូមី ដោយ​សុំ​លោក​បូអូស​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​នាង​តាម​ច្បាប់​ជា​អ្នក​លោះ​ឬ​អ្នក​រៀប​ការ​ស្នង​ត្រកូល។ បូអូស​បាន​យល់​ព្រម។ ក៏​ប៉ុន្តែ មាន​សាច់​ញាតិ​ជិតដិត​ជាង​បូអូស​ទៅ​ទៀត ដែល​មាន​សិទ្ធិ​ទទួល​នាង​ជា​ភរិយា​ជាជាង។

លោក​បូអូស​បាន​ព្យាយាម​ដោះ​ស្រាយ​រឿង​នោះ​ភ្លាម។ ស្អែក​ឡើង​លោក​បាន​ទៅ​ប្រមូល​បុរស​វ័យ​ចំណាស់​ដប់​នាក់​ពី​ភូមិ​បេថ្លេហិម​ឲ្យ​ជួប​ជា​មួយ​សាច់​ញាតិ​របស់​ន៉ាអូមី​ដែល​ជិតដិត​ជាង​លោក ហើយ​សួរ​គាត់​ថា តើ​គាត់​យល់​ព្រម​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​នាងរស់​តាម​ច្បាប់​ជា​សាច់​ញាតិ​ឬ​ជា​អ្នក​លោះ​ឬ​ទេ? បុរស​នោះ​មិន​ព្រម​ទេ។ អាស្រ័យ​ហេតុ​នេះ បូអូស​បាន​ធ្វើ​ជា​អ្នក​លោះ​ឬ​អ្នក​ស្នង​ត្រកូល​ជំនួស​ដោយ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​នាងរស់​តាម​ច្បាប់​ជា​សាច់​ញាតិ។ ចំណង​អាពាហ៍ពិពាហ៍​របស់​បូអូស​និង​នាងរស់​នាំ​ឲ្យ​បង្កើត​បាន​កូន​ប្រុស​មួយ​ឈ្មោះ​អូបិឌ ដែល​ជា​ជីតា​របស់​ស្តេច​ដាវីឌ។ បន្ទាប់​ពី​នាងរស់​បង្កើត​បាន​កូន​ប្រុស​នោះ ស្ត្រី​នៅ​ភូមិ​បេថ្លេហិម​ក៏​និយាយ​ជា​មួយ​ន៉ាអូមី​ថា​៖ «សូម​ឲ្យ​ព្រះ​យេហូវ៉ា . . . បាន​ប្រកប​ដោយ​ព្រះ​ពរ . . . កូន​នេះ​នឹង​បាន​សំរាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជាជាង​កូន​ប្រុស​៧​នាក់​ផង នាង​បាន​បង្កើត​វា​មក»។ (នាងរស់ ៤:១៤, ១៥) ស្ត្រី​វ័យ​ចំណាស់​ដែល​បាន​ត្រឡប់​មក​ភូមិ​បេថ្លេហិម​«ដោយ​ទទេ»​នោះ បាន​ត្រឡប់​មាន​«ពោរពេញ»​វិញ!—នាងរស់ ១:២១

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

៣:១១—តើ​អ្វី​បាន​នាំ​ឲ្យ​នាងរស់​មាន​កេរ្ដិ៍​ឈ្មោះ​«ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​ណាស់»? មនុស្ស​ដទៃ​មិន​បាន​កោត​ស្ញប់ស្ញែង​ចំពោះ​នាងរស់​ដោយ​ព្រោះ​នាង​តុបតែង​ខ្លួន​«ដោយ​បែប​ខាង​ក្រៅ ដូច​ជា​ក្រង​សក់»​និង​«ពាក់​មាស​ឬ​សំលៀកបំពាក់​ផ្សេងៗ​ឡើយ»។ ផ្ទុយ​ទៅ​វិញ គេ​កោត​ស្ញប់ស្ញែង​ចំពោះ​លក្ខណៈ​របស់​នាង​ដែល​បង្ហាញ​ពី​«មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត» ពោល​គឺ ចិត្ត​ស្មោះ​ត្រង់​និង​សេចក្ដី​ស្រឡាញ់ ហើយ​ចិត្ត​រាប​ទាប ចិត្ត​ខ្នះខ្នែង​និង​ស្មារតី​លះបង់។ ស្ត្រី​ណា​ដែល​កោត​ខ្លាច​ព្រះ​ហើយ​ប្រាថ្នា​ចង់​បាន​នូវ​កេរ្ដិ៍​ឈ្មោះ​ដូច​នាងរស់ ក៏​ត្រូវ​ខិតខំ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ដូច​នេះ។—ពេត្រុសទី១ ៣:៣, ៤; សុភាសិត ៣១:២៨​-​៣១

៣:១៤—ហេតុ​អ្វី​បាន​ជា​នាងរស់​និង​បូអូស​ភ្ញាក់​ពី​ដេក​មុន​ថ្ងៃ​រះ? នេះ​មិន​បាន​ន័យ​ថា​ពួក​គាត់​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌​ក្នុង​កំឡុង​ពេល​យប់ ហើយ​ចង់​លាក់​ទុក​រឿង​នោះ​ឡើយ។ អ្វី​ដែល​នាងរស់​បាន​ធ្វើ​នៅ​យប់​នោះ​ទំនង​ជា​សម​ស្រប​ទៅ​តាម​ទម្លាប់​របស់​ស្ត្រី​នៅ​សម័យ​នោះ ដែល​ចង់​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​បុរស​តាម​ច្បាប់​ជា​សាច់​ញាតិ​ជិតដិត។ នាងរស់​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ន៉ាអូមី។ ម្យ៉ាង​ទៀត របៀប​ដែល​លោក​បូអូស​ប្រព្រឹត្ត​តប​ស្នង​នឹង​នាង​វិញ នោះ​បង្ហាញ​ថា​គាត់​មិន​ចាត់​ទុក​ទង្វើ​របស់​នាង​ជា​ការ​មិន​សមរម្យ​ឡើយ។ (នាងរស់ ៣:២​-​១៣) តាម​មើល​ទៅ នាងរស់​និង​លោក​បូអូស​បាន​ភ្ញាក់​ឡើង​ពី​ព្រលឹម​ដើម្បី​កុំ​ឲ្យ​មនុស្ស​ដទៃ​មាន​ហេតុ​ពោល​ពាក្យ​ចចាមអារ៉ាម។

៣:១៥—ពេល​ដែល​លោក​បូអូស​ឲ្យ​នាងរស់​នូវ​ស្រូវឱក​៦​រង្វាល់​នោះ តើ​នេះ​មាន​ន័យ​សំខាន់​អ្វី? ទង្វើ​នេះ​ទំនង​ជា​បាន​បញ្ជាក់​ន័យ​ថា គ្រា​ឈប់​សំរាក​សំរាប់​នាងរស់​គឺ​ជិត​ដល់​ហើយ ដូច​ជា​ថ្ងៃ​ឈប់​សំរាក​ដែល​តែង​តែ​មាន​បន្ទាប់​ពី​ធ្វើ​ការ​អស់​ប្រាំ​មួយ​ថ្ងៃ។ លោក​បូអូស​មាន​បំណង​រៀបចំ​ឲ្យ​នាង​មាន​«សេចក្ដី​ស្រាកស្រាន្ត»​នៅ​ក្នុង​ផ្ទះ​របស់​ស្វាមី។ (នាងរស់ ១:​៩; ៣:១) ទស្សនៈ​មួយ​ទៀត​ថា ប្រហែល​ជា​នាងរស់​អាច​ទូល​បាន​តែ​ប្រាំ​មួយ​រង្វាល់​ប៉ុណ្ណោះ។

៣:១៦—ហេតុ​អ្វី​បាន​ជា​ន៉ាអូមី​សួរ​នាងរស់​ថា៖ «តើ​ឯង​ឬ​អី កូន​អើយ»? តើ​ន៉ាអូមី​មិន​ស្គាល់​កូន​ប្រសា​ឬ? ន៉ាអូមី​ប្រហែល​ជា​មិន​ស្គាល់​នាង​មែន ដ្បិត​ម៉ោង​ដែល​នាងរស់​បាន​ត្រឡប់​ទៅ​ឯ​ន៉ាអូមី​នោះ ប្រហែល​ជា​នៅ​យប់​នៅ​ឡើយ។ ក៏​ប៉ុន្តែ សំនួរ​នោះ​ក៏​អាច​បង្កប់​អត្ថន័យ​ថា ន៉ាអូមី​ចង់​ដឹង​ថា​តើ​នាង​មាន​អត្តសញ្ញាណ​ថ្មី​ដោយសារ​មាន​លទ្ធភាព​រៀប​អាពាហ៍ពិពាហ៍​តាម​ច្បាប់​ជា​មួយ​សាច់​ញាតិ​ជិតដិត​ឬ​ទេ?

៤:៦—បើ​អ្នក​លោះ​ឬ​អ្នក​ស្នង​ត្រកូល​សុខ​ចិត្ត​ធ្វើ​តាម​ច្បាប់​ដើម្បី​ជួយ​លោះ​បងប្អូន​សាច់​ញាតិ​របស់​ខ្លួន តើ​នេះ​អាច​«បង្ខូច»​មត៌ក​របស់​គាត់​បាន​យ៉ាង​ណា? មុន​ដំបូង បើ​មនុស្ស​ដែល​បាន​ធ្លាក់​ខ្លួន​ក្រ​នោះ​បាន​លក់​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន អ្នក​លោះ​នោះ​ត្រូវ​តែ​បង់ថ្លៃ​ដើម្បី​ទិញ​ដី​នោះ​មក​វិញ ឲ្យ​មាន​តម្លៃ​ស្រប​ទៅ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​មុន​នឹង​ឆ្នាំ​សោមនស្ស​មក​ដល់។ (លេវីវិន័យ ២៥:២៥​-​២៧) បើ​ធ្វើ​ដូច្នេះ នោះ​កម្មសិទ្ធិ​របស់​គាត់​ក៏​ត្រូវ​មាន​តម្លៃ​ថយ​ចុះ​ដែរ។ ម្យ៉ាង​ទៀត បើ​នាងរស់​បង្កើត​បាន​កូន​ប្រុស​មួយ នោះ​កូន​របស់​នាង​ត្រូវ​ទទួល​ដី​ស្រែ​ដែល​បាន​ទិញ​មក​វិញ​នោះ​ជា​មត៌ក មិន​មែន​សាច់​ញាតិ​ឯ​ទៀត​របស់​អ្នក​លោះ​នោះ​ទេ។

មេ​រៀន​សំរាប់​យើង:

៣:១២; ៤:១​-​៦: លោក​បូអូស​បាន​ធ្វើ​តាម​ការ​រៀបចំ​របស់​ព្រះ​យ៉ាង​ដិត​ដល់។ តើ​យើង​កំពុង​តែ​ប្រុង​ស្មារតី​ធ្វើ​តាម​របៀប​ដែល​ព្រះ​កំណត់​ឲ្យ​ឬ​ទេ?—កូរិនថូសទី១ ១៤:៤០

៣:១៨: ន៉ាអូមី​បាន​ទុក​ចិត្ត​លើ​បូអូស។ យើង​គួរ​មាន​ទំនុក​ចិត្ត​ស្រដៀង​គ្នា​ដែរ ចំពោះ​អ្នក​ជឿ​គ្នីគ្នា​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី មែន​ទេ? នាងរស់​សុខ​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​បង​ឬ​ប្អូន​ថ្លៃ​ឬ​ក៏​សាច់​ញាតិ​ផ្សេង​ទៀត ទោះ​ជា​នាង​មិន​ស្គាល់​បុរស​នោះ ដែល​ព្រះ​គម្ពីរ​មិន​បាន​រៀប​រាប់​ឈ្មោះ​ក្ដី។ (នាងរស់ ៤:១) ហេតុ​អ្វី​បាន​ជា​នាង​យល់​ព្រម​ធ្វើ​ដូច្នេះ? គឺ​ពីព្រោះ​នាង​បាន​ទុក​ចិត្ត​លើ​ការ​រៀបចំ​របស់​ព្រះ។ តើ​យើង​មាន​ទំនុក​ចិត្ត​ស្រដៀង​គ្នា​ឬ​ទេ? ជា​ឧទាហរណ៍ ពេល​ដែល​យើង​កំពុង​តែ​រក​គូ​អាពាហ៍ពិពាហ៍ តើ​យើង​ធ្វើ​តាម​ដំបូន្មាន​ឲ្យ​«រៀប​ការ​ជា​មួយ​អ្នក​ជឿ​ព្រះ​អម្ចាស់​ដូច​គ្នា»​ឬ​ទេ?—កូរិនថូសទី១ ៧:៣៩, ខ.ស.

៤:១៣​-​១៦: ទោះ​បើ​នាងរស់​ជា​ស្ត្រី​ជនជាតិ​ម៉ូអាប់ ហើយ​ជា​អតីត​អ្នក​ថ្វាយ​បង្គំ​ព្រះ​កេម៉ូស​ក្ដី នាង​បាន​ទទួល​ឯកសិទ្ធិ​ពិសេស​ណាស់! រឿង​នេះ​បញ្ជាក់​ពី​គោលការណ៍​ដែល​ថា​៖ «មិន​សំរេច​នឹង​អ្នក​ណា​ដែល​ចង់​បាន ឬ​នឹង​អ្នក​ណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេច​នឹង​ព្រះ ដែល​មាន​សេចក្ដី​មេត្ដាករុណា​វិញ»។—រ៉ូម ៩:១៦

ប្រហែល​ជា​ព្រះ​នឹង ‹ដំកើង​អ្នក​ឡើង​នៅ​វេលា​កំណត់›ដែរ

សៀវភៅ​នាងរស់​បាន​លើក​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ ដែល​សម្រេច​ការ​ដើម្បី​ជួយ​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់។ (របាក្សត្រទី២ ១៦:៩) ពេល​ដែល​យើង​រំពឹង​គិត​អំពី​ពរ​ដែល​នាងរស់​បាន​ទទួល​នោះ យើង​ក៏​ទទួល​ស្គាល់​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​ទុក​ចិត្ត​លើ​ព្រះ​ដោយ​ឥត​ស្ទាក់ស្ទើរ គឺ​ដោយ​ជឿ​ទាំង​ស្រុង​ថា​«មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។—ហេព្រើរ ១១:៦

នាងរស់ ន៉ាអូមី​និង​លោក​បូអូស​បាន​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា ហើយ​ពួក​គាត់​បាន​ទទួល​ប្រយោជន៍​ជា​ច្រើន។ ស្រដៀង​គ្នា​ដែរ «គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំរិះ​ទ្រង់»។ (រ៉ូម ៨:២៨) ហេតុ​នេះ​ហើយ ចូរ​ឲ្យ​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​សាវ័ក​ពេត្រុស​ដែល​ថា​៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ! ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់ ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។—ពេត្រុសទី១ ៥:៦, ៧

[រូបភាព​នៅ​ទំព័រ​២៩]

តើ​អ្នក​ដឹង​នូវ​មូលហេតុ​ដែល​នាងរស់​មិន​ព្រម​បោះបង់​ចោល​ន៉ាអូមី?

[រូបភាព​នៅ​ទំព័រ​៣០]

តើ​អ្វី​បាន​ជួយ​ឲ្យ​នាងរស់​មាន​កេរ្ដិ៍​ឈ្មោះ​«ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​ណាស់»?

[រូបភាព​នៅ​ទំព័រ​៣១]

តើ​នាងរស់​បាន​ទទួល​«បំណាច់​ដ៏​ពោរពេញ»​អ្វី​ពី​ព្រះ​យេហូវ៉ា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក