៥៣
សេចក្ដីសន្យារបស់យែបថា
តើអ្នកមានដែលសន្យានឹងធ្វើអ្វីមួយ ហើយក្រោយមកដឹងថាពាក្យសន្យានោះពិបាកធ្វើតាមទេ? បុរសម្នាក់ក្នុងរូបភាពនេះបានធ្វើអញ្ចឹងមែន ដូច្នេះហើយបានជាគាត់មានចិត្តស្រងូតស្រងាត់ណាស់។ បុរសនេះឈ្មោះ យែបថា ជាចៅហ្វាយដ៏ក្លាហានម្នាក់នៃស្រុកអ៊ីស្រាអែល។
យែបថារស់នៅក្នុងគ្រាដែលប្រជាជនអ៊ីស្រាអែលឈប់ថ្វាយបង្គំព្រះយេហូវ៉ា។ ពួកគេកំពុងតែប្រព្រឹត្តអំពើដ៏អាក្រក់ម្ដងទៀត។ ដូច្នេះ ព្រះយេហូវ៉ាបានបណ្ដោយឲ្យពួកសាសន៍អាំម៉ូនធ្វើទុក្ខដល់គេ។ នេះបានបណ្ដាលឲ្យប្រជាជនអ៊ីស្រាអែលអំពាវនាវដល់ព្រះយេហូវ៉ាថា៖ ‹ពួកទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ។ សូមសង្គ្រោះពួកទូលបង្គំផង›!
ប្រជាជនមានចិត្តសោកស្ដាយចំពោះអំពើដ៏អាក្រក់ដែលគេបានប្រព្រឹត្ត។ ពួកគេបង្ហាញថាគេមានចិត្តសោកស្ដាយ ដោយមកថ្វាយបង្គំព្រះយេហូវ៉ាវិញ។ ដូច្នេះហើយ ព្រះយេហូវ៉ាក៏ជួយពួកគេទៀត។
ប្រជាជនបានជ្រើសរើសយែបថា ដើម្បីនឹងច្បាំងពួកសាសន៍អាំម៉ូនដ៏អាក្រក់។ យែបថាចង់ឲ្យព្រះយេហូវ៉ាជួយគាត់ក្នុងចម្បាំងនោះណាស់។ ដូច្នេះគាត់ក៏សន្យានឹងព្រះយេហូវ៉ាថា៖ ‹បើទ្រង់ឲ្យទូលបង្គំឈ្នះលើពួកសាសន៍អាំម៉ូន បុគ្គលទីមួយដែលចេញមកពីផ្ទះមកទទួលទូលបង្គំ នៅពេលទូលបង្គំបានត្រឡប់ពីចម្បាំងវិញ ទូលបង្គំនឹងថ្វាយឲ្យទ្រង់›។
ព្រះយេហូវ៉ាបានសណ្ដាប់នឹងសេចក្ដីសន្យារបស់យែបថា ហើយទ្រង់ក៏ជួយគាត់ឲ្យបានឈ្នះទៅ។ នៅពេលដែលយែបថាត្រឡប់មកផ្ទះវិញ តើអ្នកដឹងអ្នកណាដែលបានចេញមកទទួលគាត់មុនគេទេ? នេះជាកូនស្រី ដែលជាកូនតែមួយគត់របស់គាត់។ យែបថាស្រែកឡើងថា៖ ‹ឱកូនស្រីអើយ! ឯងបានធ្វើឲ្យអញមានចិត្តស្រងូតស្រងាត់ណាស់។ ពីព្រោះអញបានសន្យានឹងព្រះយេហូវ៉ា ហើយមិនអាចដកពាក្យនោះមកវិញបានទេ›។
នៅពេលដែលកូនស្រីរបស់យែបថា បានដឹងអំពីសេចក្ដីសន្យារបស់គាត់ មុនដំបូងនាងក៏មានចិត្តស្រងូតស្រងាត់ដែរ។ ពីព្រោះរឿងនេះមានន័យថា នាងត្រូវតែលាចាកចេញពីឪពុកនិងមិត្តទាំងឡាយរបស់នាង ហើយនាងនឹងត្រូវចំណាយពេលមួយជីវិតដើម្បីបំរើព្រះយេហូវ៉ានៅរោងឧបោសថនៅឯក្រុងស៊ីឡូរ។ ដូច្នេះនាងក៏ប្រាប់ឪពុកនាងថា៖ ‹បើលោកឪពុកបានសន្យានឹងព្រះយេហូវ៉ាហើយ នោះសូមធ្វើតាមពាក្យសន្យានោះចុះ›។
ដូច្នេះ កូនស្រីរបស់យែបថាក៏ទៅក្រុងស៊ីឡូរ ហើយនាងបំរើព្រះយេហូវ៉ានៅឯរោងឧបោសថអស់មួយជីវិត។ បួនថ្ងៃក្នុងមួយឆ្នាំ ពួកស្ត្រីនៃស្រុកអ៊ីស្រាអែលទៅលេងនឹងនាងនៅទីនោះ ហើយគេបានសប្បាយរីករាយទាំងអស់គ្នា។ ប្រជាជនស្រឡាញ់កូនស្រីរបស់យែបថាណាស់ ពីព្រោះនាងជាអ្នកបំរើដ៏ល្អរបស់ព្រះយេហូវ៉ា។
ពួកចៅហ្វាយ ១០:៦-១៨; ១១:១-៤០