៦៥
ព្រះរាជាណាចក្រត្រូវបែកបាក់
តើអ្នកដឹងទេ ហេតុអ្វីក៏បុរសម្នាក់នេះហែកអាវរបស់គាត់ដូច្នេះ? នេះគឺពីព្រោះព្រះយេហូវ៉ាបានមានបន្ទូលប្រាប់គាត់ឲ្យធ្វើអញ្ចឹង។ បុរសម្នាក់នេះជាព្យាការីរបស់ព្រះឈ្មោះអ័ហ៊ីយ៉ា។ តើអ្នកដឹងព្យាការីជាអ្វីទេ? ព្យាការីជាមនុស្សម្នាក់ដែលព្រះមានបន្ទូលប្រាប់គាត់ទុកជាមុនអំពីអ្វីៗដែលនឹងកើតឡើង។
នៅទីនេះ លោកអ័ហ៊ីយ៉ាកំពុងតែនិយាយជាមួយយេរ៉ូបោម។ យេរ៉ូបោមជាបុរសម្នាក់ដែលស្តេចសាឡូម៉ូនតាំងឲ្យកាន់កាប់លើកិច្ចការសំណង់របស់ទ្រង់ខ្លះ។ នៅពេលដែលលោកអ័ហ៊ីយ៉ាជួបយេរ៉ូបោមនៅតាមផ្លូវនៅទីនេះ លោកអ័ហ៊ីយ៉ាបានធ្វើអ្វីមួយយ៉ាងចំឡែក។ លោកបានដោះអាវថ្មីដែលកំពុងតែពាក់នោះ ហើយហែកអាវនោះជា១២ផ្នែក។ រួចលោកប្រាប់យេរ៉ូបោមថា៖ ‹ចូរអ្នកយក១០ផ្នែកនេះសំរាប់ខ្លួនឯងទៅ›។ តើអ្នកដឹងហេតុអ្វីបានជាលោកអ័ហ៊ីយ៉ាឲ្យអាវ១០ផ្នែកទៅយេរ៉ូបោមទេ?
លោកអ័ហ៊ីយ៉ាពន្យល់ប្រាប់ថា ព្រះយេហូវ៉ានឹងដកយកព្រះរាជាណាចក្រចេញពីស្តេចសាឡូម៉ូន។ លោកមានប្រសាសន៍ថា ព្រះយេហូវ៉ានឹងប្រទានឲ្យកុលសម្ព័ន្ធ ១០ ទៅយេរ៉ូបោម។ នេះមានន័យថា នៅសល់តែកុលសម្ព័ន្ធពីរទេ សំរាប់រេហូបោមជាបុត្រារបស់ស្តេចសាឡូម៉ូន ដើម្បីនឹងសោយរាជ្យលើនោះ។
កាលដែលស្តេច សាឡូម៉ូន ជ្រាបដឹងពីអ្វីៗដែលលោកអ័ហ៊ីយ៉ា បានប្រាប់ដល់យេរ៉ូបោម ទ្រង់មានសេចក្ដីខ្ញាល់យ៉ាងខ្លាំង។ ទ្រង់ព្យាយាមតាមសម្លាប់យេរ៉ូបោម។ ប៉ុន្តែ យេរ៉ូបោមបានភៀសខ្លួនរត់ទៅនៅស្រុកអេស៊ីព្ទ។ ក្រោយមក ស្តេចសាឡូម៉ូនក៏បានទទួលមរណភាពទៅ។ ទ្រង់បានសោយរាជ្យជាស្តេចបាន៤០ឆ្នាំ ប៉ុន្តែឥឡូវនេះ បុត្រារបស់ទ្រង់ត្រូវគេតាំងជាស្តេចវិញ។ នៅឯស្រុកអេស៊ីព្ទ យេរ៉ូបោមបានឮថា ស្តេចសាឡូម៉ូនបានទទួលមរណភាពហើយ ដូច្នេះគាត់ក៏ត្រឡប់មកស្រុកអ៊ីស្រាអែលវិញ។
រេហូបោមមិនមែនជាស្តេចដ៏ល្អម្នាក់ទេ។ ទ្រង់មានព្រះហឫទ័យអាក្រក់នឹងប្រជាជនជាងបិតារបស់ទ្រង់ស្តេចសាឡូម៉ូនទៅទៀត។ យេរ៉ូបោមនិងបុរសសំខាន់ៗឯទៀតខ្លះបានមកឯស្តេចរេហូបោម ហើយបានសូមឲ្យទ្រង់មានព្រះហឫទ័យសប្បុរសចំពោះប្រជាជន។ ប៉ុន្តែ រេហូបោមពុំស្ដាប់តាមទេ។ តាមការពិត ទ្រង់ទៅជាមានព្រះហឫទ័យអាក្រក់ជាងពីមុនទៅទៀត។ ដូច្នេះ ប្រជាជនក៏តាំងយេរ៉ូបោមឡើងឲ្យធ្វើជាស្តេច គ្រប់គ្រងលើកុលសម្ព័ន្ធ១០ ប៉ុន្តែ ឯកុលសម្ព័ន្ធបេនយ៉ាមីននិងយូដា ទាំងពីរទុករេហូបោមជាស្តេចរបស់គេដដែល។
យេរ៉ូបោមមិនចង់ឲ្យប្រជារាស្ត្រទ្រង់ ទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំនៅព្រះវិហាររបស់ព្រះយេហូវ៉ាទេ។ ដូច្នេះ ទ្រង់ក៏ធ្វើរូបគោមាសពីរ រួចបង្ខំប្រជាជនក្នុងព្រះរាជាណាចក្រដែលមានកុលសម្ព័ន្ធ១០នោះ ឲ្យថ្វាយបង្គំរូបនោះ។ មិនយូរប៉ុន្មាន ព្រះរាជាណាចក្រនោះក៏ពេញទៅដោយឧក្រិដ្ឋកម្មនិងអំពើឃោរឃៅជាច្រើន។
ក្នុងព្រះរាជាណាចក្រដែលមានកុលសម្ព័ន្ធពីរ ក៏មានរឿងរ៉ាវដែរ។ ជិតប្រាំឆ្នាំ ក្រោយពីរេហូបោមបានទៅជាស្តេច ស្តេចនៃសាសន៍អេស៊ីព្ទមកច្បាំងនឹងក្រុងយេរូសាឡិម ហើយអូសយករតនវត្ថុជាច្រើន ពីព្រះវិហាររបស់ព្រះយេហូវ៉ា។ ដូច្នេះ ព្រះវិហារបានដូចកាលដែលទើបបានសង់ បានតែមួយរយៈពេលយ៉ាងខ្លីប៉ុណ្ណោះ។
ពង្សាវតារក្សត្រទី១ ១១:២៦-៤៣; ១២:១-៣៣; ១៤:២១-៣១