ព្រះយេហូវ៉ានឹងមិនបោះបង់ចោលពួកអ្នកស្មោះត្រង់របស់ទ្រង់ឡើយ
«[ព្រះយេហូវ៉ា]មិនដែលបោះបង់ចោលពួកបរិសុទ្ធ[ឬ«ស្មោះត្រង់»]របស់ទ្រង់ឡើយ។ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច»។—ទំនុក. ៣៧:២៨; ព.ថ.
១, ២. (ក) តើមានអ្វីកើតឡើងនៅសតវត្សរ៍ទី១០ មុនគ.ស. ដែលល្បងលភក្ដីភាពនៃអ្នកបម្រើរបស់ព្រះ? (ខ) តើព្រះយេហូវ៉ាបានការពារពួកអ្នកស្មោះត្រង់របស់ទ្រង់ពីស្ថានការណ៍បីណាខ្លះ?
នេះជាសតវត្សរ៍ទី១០ មុនគ.ស. ហើយអ្នកបម្រើព្រះយេហូវ៉ាត្រូវតែធ្វើការសម្រេចចិត្តមួយ។ ប្រទេសអ៊ីស្រាអែលហៀបនឹងមានសង្គ្រាមស៊ីវិល។ ប៉ុន្តែ គេអាចគេចផុតដោយអនុញ្ញាតឲ្យកុលសម្ព័ន្ធផ្នែកខាងជើងគ្រប់គ្រងដោយខ្លួនឯង។ យេរ៉ូបោមជាស្តេចថ្មីនៃកុលសម្ព័ន្ធផ្នែកខាងជើងបានចាត់វិធានការយ៉ាងលឿនដើម្បីពង្រឹងអំណាចរបស់ខ្លួនដោយបង្កើតសាសនាថ្មីសម្រាប់រដ្ឋ។ លោកទាមទារភក្ដីភាពផ្ដាច់មុខពីអនុរាស្ត្ររបស់លោក។ តើអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ានឹងធ្វើអ្វី? តើពួកគាត់នឹងនៅតែមានភក្ដីភាពចំពោះព្រះដែលគាត់ថ្វាយបង្គំឬទេ? អ្នកបម្រើព្រះយេហូវ៉ារាប់ពាន់នាក់នៅតែមានភក្ដីភាពចំពោះទ្រង់មែន ហើយទ្រង់ក៏ការពារពួកគាត់វិញដែរ។—១ពង្ស. ១២:១-៣៣; ២របា. ១១:១៣,១៤
២ ភាពស្មោះត្រង់នៃរាស្ត្ររបស់ព្រះក៏កំពុងតែល្បងលនៅសព្វថ្ងៃនេះដែរ។ គម្ពីរព្រមានថា៖ «ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»។ តើយើងអាចមានជោគជ័យក្នុងការ«តស៊ូនឹងវាដោយមានចិត្តជឿមាំមួន»បានទេ? (១ពេ. ៥:៨, ៩) សូមឲ្យយើងពិនិត្យមើលព្រឹត្ដិការណ៍ខ្លះៗក្នុងពិធីសម្ពោធន៍របស់ស្តេចយេរ៉ូបោមនាឆ្នាំ៩៩៧ មុនគ.ស. ព្រមទាំងអ្វីដែលយើងអាចរៀនពីព្រឹត្ដិការណ៍ទាំងនោះ។ ក្នុងអំឡុងគ្រាដ៏សំខាន់នោះ អ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ាទទួលការជិះជាន់។ ពួកគាត់ក៏ទទួលឥទ្ធិពលពីអ្នកក្បត់ជំនឿ ពេលកំពុងតែបំពេញភារកិច្ចដ៏ពិបាកដែលព្រះប្រគល់ឲ្យ។ ក្នុងស្ថានការណ៍នីមួយៗនោះ ព្រះយេហូវ៉ាមិនបានបោះបង់ចោលពួកអ្នកស្មោះត្រង់របស់ទ្រង់ឡើយ ហើយសព្វថ្ងៃនេះទ្រង់ក៏មិនធ្វើដូច្នេះដែរ។—ទំនុក. ៣៧:២៨
ពេលមានការជិះជាន់
៣. ហេតុអ្វីបានជាការគ្រប់គ្រងរបស់ស្តេចដាវីឌមិនមានការជិះជាន់?
៣ មុនដំបូង សូមឲ្យយើងពិនិត្យមើលកាលៈទេសៈដែលនាំឲ្យយេរ៉ូបោមក្លាយទៅជាស្តេចមួយអង្គ។ សៀវភៅសុភាសិត ២៩:២ ចែងថា៖ «កាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្ដាជនស្រែកថ្ងូរឡើង»។ ក្រោមការគ្រប់គ្រងរបស់ស្តេចដាវីឌពីសាសន៍អ៊ីស្រាអែលនៅសម័យបុរាណ នោះបណ្ដាជនមិនស្រែកថ្ងូរឡើយ។ ដាវីឌមិនមែនជាមនុស្សល្អឥតខ្ចោះទេ តែគាត់មានចិត្តភក្ដីចំពោះព្រះហើយបានទុកចិត្តទៅលើទ្រង់។ ការគ្រប់គ្រងរបស់ដាវីឌមិនមានការជិះជាន់ឡើយ។ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងដាវីឌ ដោយមានប្រសាសន៍ថា៖ «នោះវង្សា នឹងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ»។—២សាំ. ៧:១៦
៤. តើពរដែលមានក្នុងអំឡុងការគ្រប់គ្រង់របស់សាឡូម៉ូនពឹងផ្អែកទៅលើអ្វី?
៤ នៅដើមដំបូងការគ្រប់គ្រងរបស់សាឡូម៉ូនដែលជាបុត្ររបស់ដាវីឌ មានសន្ដិភាពនិងសម្បូរសប្បាយដល់ម្ល៉េះ ដែលអាចតំណាងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូគ្រិស្តនៅអនាគតកាល។ (ទំនុក. ៧២:១, ១៧) ក្នុងចំណោមកុលសម្ព័ន្ធទាំង១២នៃសាសន៍អ៊ីស្រាអែល គ្មានកុលសម្ព័ន្ធណាមួយមានហេតុដើម្បីបះបោរនឹងសាឡូម៉ូនទេ។ ក៏ប៉ុន្តែ ពរដែលសាឡូម៉ូននិងអនុរាស្ត្ររបស់លោកទទួលនោះមានល័ក្ខខ័ណ្ឌ។ ព្រះយេហូវ៉ាបានប្រាប់សាឡូម៉ូនថា៖ «បើឯងនឹងប្រព្រឹត្តតាមបញ្ញត្តរបស់អញ ហើយសំរេចតាមសេចក្ដីយុត្ដិធម៌ ព្រមទាំងរក្សាសេចក្ដីបង្គាប់របស់អញទាំងប៉ុន្មាន ដើម្បីនឹងប្រព្រឹត្តតាម នោះអញនឹងសំរេចដល់ឯង តាមពាក្យដែលអញបានសន្យានឹងដាវីឌ ជាឪពុកឯង ហើយអញនឹងស្ថិតនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែល ឥតបោះបង់ចោលរាស្ត្ររបស់អញឡើយ»។—១ពង្ស. ៦:១១-១៣
៥, ៦. ដោយសារសាឡូម៉ូនលែងមានភក្ដីភាពចំពោះព្រះ តើមានលទ្ធផលអ្វី?
៥ ពេលសាឡូម៉ូនមានវ័យចាស់ នោះលោកលែងស្មោះត្រង់នឹងព្រះយេហូវ៉ា ហើយចាប់ផ្ដើមចូលរួមនឹងការថ្វាយបង្គំមិនពិត។ (១ពង្ស. ១១:៤-៦) បន្ដិចម្ដងៗ សាឡូម៉ូនលែងស្ដាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ព្រមទាំងក្លាយទៅជាស្តេចដែលគ្មានមេត្ដាចំពោះបណ្ដាជន។ សាឡូម៉ូនបានសង្កត់សង្កិនបណ្ដាជនខ្លាំងណាស់ ដែលសូម្បីតែពេលលោកស្លាប់ទៅ នោះបណ្ដាជននៅតែត្អូញត្អែរអំពីលោកដល់រេហូបោមដែលជាបុត្រនិងអ្នកស្នងរាជ្យពីលោក។ ពួកបណ្ដាជនសុំរេហូបោមឲ្យជួយដកយកបន្ទុកដ៏តឹងរ៉ឹងដែលសាឡូម៉ូនបានដាក់លើពួកគេចេញ។ (១ពង្ស. ១២:៤) តើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណាពេលសាឡូម៉ូនមិនស្មោះត្រង់ចំពោះទ្រង់?
៦ គម្ពីរចែងប្រាប់យើងថា៖ «ព្រះយេហូវ៉ាទ្រង់កើតមានសេចក្ដីខ្ញាល់ចំពោះសាឡូម៉ូន ដោយព្រោះព្រះទ័យទ្រង់បានបែរចេញពី . . . ព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានលេចមកឲ្យទ្រង់ឃើញ២ដងហើយ»។ ព្រះយេហូវ៉ាប្រាប់សាឡូម៉ូនថា៖ «ហេតុដូច្នោះ . . . ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្ដីសញ្ញារបស់អញ នឹងបញ្ញត្តដែលអញបានបង្គាប់ដល់ឯង នោះបានជាអញនឹងកន្ដ្រាក់យករាជ្យពីឯងវិញជាពិត ហើយឲ្យទៅអ្នកបំរើរបស់ឯងវិញ»។—១ពង្ស. ១១:៩-១១
៧. ទោះបីព្រះយេហូវ៉ាលែងឲ្យសាឡូម៉ូនធ្វើជាស្តេចតទៅទៀតក៏ដោយ តើទ្រង់យកចិត្តទុកដាក់នឹងពួកអ្នកស្មោះត្រង់របស់ទ្រង់យ៉ាងដូចម្ដេច?
៧ ក្រោយមក ព្រះយេហូវ៉ាបញ្ជូនអ័ហ៊ីយ៉ា ជាអ្នកប្រកាសទំនាយម្នាក់ ឲ្យទៅរើសតាំងបុគ្គលដែលនឹងរំដោះបណ្ដាជនពីការជិះជាន់របស់សាឡូម៉ូន។ អ្នករំដោះនោះគឺយេរ៉ូបោម ជាបុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់ ហើយធ្លាប់ធ្វើការក្រោមបង្គាប់ស្តេចសាឡូម៉ូន។ ទោះបីព្រះយេហូវ៉ារក្សាភាពស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងរាជាណាចក្រដែលទ្រង់បានសន្យាជាមួយនឹងដាវីឌក៏ដោយ តែទ្រង់អនុញ្ញាតឲ្យកុលសម្ព័ន្ធ១២នៃសាសន៍អ៊ីស្រាអែលបែងចែកជា២។ យេរ៉ូបោមទទួលកុលសម្ព័ន្ធ១០ តែកុលសម្ព័ន្ធ២ទៀតនឹងនៅក្នុងតំណវង្សត្រកូលរបស់ដាវីឌ ដែលឥឡូវតំណាងដោយស្តេចរេហូបោម។ (១ពង្ស. ១១:២៩-៣៧; ១២:១៦, ១៧, ២១) ព្រះយេហូវ៉ាប្រាប់យេរ៉ូបោមថា៖ «ដូច្នេះ បើឯងនឹងស្ដាប់តាមគ្រប់ទាំងសេចក្ដីដែលអញបង្គាប់ ហើយដើរតាមអស់ទាំងផ្លូវរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅភ្នែកអញ ដោយកាន់តាមបញ្ញត្ត នឹងក្រិត្យក្រមរបស់អញ ដូចជាដាវីឌ ជាអ្នកបំរើអញដែរ នោះអញនឹងនៅជាមួយនឹងឯង ហើយនឹងតាំងជំនួរវង្សឯងឡើងឲ្យខ្ជាប់ខ្ជួន ដូចជាអញបានតាំងឲ្យដាវីឌដែរ អញនឹងប្រគល់ពួកអ៊ីស្រាអែលឲ្យដល់ឯង»។ (១ពង្ស. ១១:៣៨) ដូច្នេះ ព្រះយេហូវ៉ាចាត់វិធានការដើម្បីជួយរាស្ត្រទ្រង់ ហើយបានផ្ដល់វិធីដែលនាំឲ្យពួកគេធូរស្បើយពីការជិះជាន់។
៨. តើការសាកល្បងណាខ្លះដែលគាបសង្កត់ទៅលើរាស្ត្ររបស់ព្រះសព្វថ្ងៃនេះ?
៨ សង្គមមនុស្សសព្វថ្ងៃនេះសម្បូរទៅដោយការជិះជាន់និងអំពើអយុត្ដិធម៌។ សៀវភៅសាស្ដា ៨:៩ ចែងថា៖ «មនុស្សម្នាក់មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ ការគ្រប់គ្រងដែលប្រកបទៅដោយអំពើពុករលួយ និងពួកពាណិជ្ជកម្មដែលលោភលន់ ប្រហែលជានាំឲ្យមានស្ថានភាពដ៏ពិបាកខាងសេដ្ឋកិច្ច។ ជាញឹកញយ អ្នកនាំមុខក្នុងរដ្ឋាភិបាល ពាណិជ្ជកម្ម និងសាសនាតាំងគំរូមិនល្អស្តីអំពីសីលធម៌។ ដូច្នេះ ដូចលោកឡុតជាអ្នកសុចរិតម្នាក់ ពួកអ្នកស្មោះត្រង់របស់ព្រះសព្វថ្ងៃនេះ«មានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ»។ (២ពេ. ២:៧) ម្យ៉ាងទៀត ទោះបីយើងខិតខំធ្វើតាមខ្នាតតម្រារបស់ព្រះដោយមិនរំខានអ្នកដទៃក៏ដោយ តែជាញយដង ពួកអ្នកគ្រប់គ្រងដែលក្រអឺតក្រអោងបៀតបៀនយើងទៅវិញ។—២ធី. ៣:១-៥, ១២
៩. (ក) តើព្រះយេហូវ៉ាបានធ្វើអ្វីរួចទៅហើយដើម្បីរំដោះរាស្ត្ររបស់ទ្រង់? (ខ) ហេតុអ្វីយើងអាចប្រាកដថា ព្រះយេស៊ូនឹងតែងតែមានចិត្តស្មោះត្រង់?
៩ យើងអាចប្រាកដអំពីការពិតមួយ ពោលគឺព្រះយេហូវ៉ានឹងមិនបោះបង់ចោលពួកអ្នកស្មោះត្រង់របស់ទ្រង់ឡើយ! សូមនឹកចាំអំពីវិធានការដែលទ្រង់បានរៀបចំរួចទៅហើយ ដើម្បីជំនួសអ្នកគ្រប់គ្រងរបស់ពិភពលោកនេះដែលពុករលួយ។ រាជាណាចក្រនៃព្រះមេស្ស៊ីដែលព្រះគ្រិស្តយេស៊ូជាអ្នកគ្រប់គ្រងបានស្ថាបនាឡើងហើយ។ ព្រះយេស៊ូគ្រិស្តបានគ្រប់គ្រងនៅឯស្ថានសួគ៌អស់រយៈពេលជិតមួយរយឆ្នាំ។ បន្ដិចទៀត ទ្រង់នឹងដកចេញអ្វីៗទាំងអស់ដែលបណ្ដាលឲ្យមានទុក្ខវេទនា ចំពោះអស់អ្នកដែលកោតខ្លាចនាមរបស់ព្រះ។ (សូមអាន វិវរណៈ ១១:១៥-១៨) ព្រះយេស៊ូបានបង្ហាញរួចទៅហើយថាទ្រង់មានភក្ដីភាពចំពោះព្រះរហូតទៅដល់ទីមរណៈ។ ទ្រង់នឹងមិនប្រព្រឹត្តតាមរបៀបដែលនាំឲ្យអនុរាស្ត្ររបស់ទ្រង់ខកចិត្តទាល់តែសោះ ដូចសាឡូម៉ូនបានប្រព្រឹត្តនោះទេ។—ហេ. ៧:២៦; ១ពេ. ២:៦
១០. (ក) តើយើងអាចបង្ហាញថា យើងមានចិត្តកតញ្ញូចំពោះរាជាណាចក្ររបស់ព្រះយ៉ាងដូចម្ដេច? (ខ) ពេលកំពុងតែរងទុក្ខលំបាក តើយើងអាចមានទំនុកចិត្តទៅលើអ្វី?
១០ រាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលដ៏ពិតមួយដែលនឹងបំបាត់ចោលគ្រប់ការជិះជាន់។ យើងមានចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ានិងរាជាណាចក្ររបស់ទ្រង់។ ដោយមានទំនុកចិត្តទាំងស្រុងទៅលើរាជាណាចក្ររបស់ព្រះ យើងលះចោលភាពល្មើសនឹងព្រះដែលមានក្នុងពិភពលោកនេះ ហើយឧស្សាហ៍ធ្វើការល្អវិញ។ (ទីត. ២:១២-១៤) យើងខំប្រឹងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយពិភពលោកនេះឡើយ។ (២ពេ. ៣:១៤) ទោះជាយើងប្រហែលជាប្រឈមមុខនឹងទុក្ខលំបាកណាក៏ដោយ យើងអាចមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងការពារយើងពេលគេប្រឆាំងនឹងជំនឿយើង។ (សូមអាន ទំនុកដំកើង ៩៧:១០) ម្យ៉ាងទៀត ទំនុកដំកើង ១១៦:១៥ ធានាថា៖ «ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់»។ អ្នកបម្រើរបស់ព្រះយេហូវ៉ាមានតម្លៃណាស់ចំពោះទ្រង់ ដែលទ្រង់មិនអនុញ្ញាតឲ្យពួកគេទទួលសេចក្ដីវិនាសសាបសូន្យជាក្រុមឡើយ។
ពេលមានឥទ្ធិពលពីអ្នកក្បត់ជំនឿ
១១. តើយេរ៉ូបោមលែងស្មោះត្រង់នឹងព្រះយ៉ាងដូចម្ដេច?
១១ ការគ្រប់គ្រងរបស់ស្តេចយេរ៉ូបោមអាចជួយសម្រាលទុក្ខរាស្ត្ររបស់ព្រះ។ ផ្ទុយទៅវិញ ការប្រព្រឹត្តរបស់ស្តេចយេរ៉ូបោមបានសាកល្បងភក្ដីភាពនៃរាស្ត្ររបស់ព្រះថែមទៅទៀត។ យេរ៉ូបោមមិនស្កប់ស្កល់នឹងកិត្ដិយសហើយតួនាទីពិសេសជាស្តេចទេ។ ដូច្នេះ លោកបានស្វែងរកវិធីផ្សេងដើម្បីពង្រឹងឋានៈរបស់ខ្លួន។ លោកបានគិតថា៖ «បើសិនជាបណ្ដាជនទាំងនេះ ចេះតែឡើងទៅថ្វាយយញ្ញបូជា ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម។ នោះចិត្តគេនឹងវិលត្រឡប់ទៅឯចៅហ្វាយគេវិញ គឺឯរេហូបោមជាស្តេចស្រុកយូដា គេនឹងសំឡាប់អញបង់ ហើយត្រឡប់ទៅគោរពតាមរេហូបោម ជាស្តេចស្រុកយូដា»។ ដូច្នេះ យេរ៉ូបោមបានបង្កើតសាសនាថ្មីដែលមានមូលដ្ឋានទៅលើរូបកូនគោមាសពីរ។ គម្ពីរចែងថា៖ «ទ្រង់ក៏ដំកល់ទុក១នៅក្រុងបេតអែល ហើយ១ទៀតនៅក្រុងដាន់។ ដំណើរនោះក៏ត្រឡប់ជាហេតុឲ្យមានបាបឡើង ពីព្រោះពួកជនទាំងឡាយ គេខំទៅថ្វាយបង្គំ នៅចំពោះរូប១នោះ ដែលនៅក្រុងដាន់។ ទ្រង់ក៏ស្អាងវិហារនៅលើទីខ្ពស់ទាំងប៉ុន្មាន ហើយបានយកមនុស្សពីបណ្ដាជនទាំងឡាយ ដែលមិនមែនជាពូជលេវី តាំងឡើងឲ្យធ្វើជាសង្ឃ»។ សូម្បីតែ«ថ្ងៃបុណ្យដល់ពួកកូនចៅអ៊ីស្រាអែល»ក៏យេរ៉ូបោមបានបង្កើតដែរ រួចទ្រង់ឡើងទៅ«ដុតកំញានថ្វាយនៅលើអាសនាផង»។—១ពង្ស. ១២:២៦-៣៣
១២. ពេលយេរ៉ូបោមបានបង្កើតការថ្វាយបង្គំរូបកូនគោ តើពួកអ្នកស្មោះត្រង់របស់ព្រះនៅឯរាជាណាចក្រខាងជើងបានធ្វើអ្វី?
១២ ដូច្នេះ ចំពោះពួកអ្នកស្មោះត្រង់របស់ព្រះនៅរាជាណាចក្រខាងជើង តើពួកគាត់នឹងធ្វើអ្វីឥឡូវ? ដូចបុព្វបុរសរបស់ពួកគេ ពួកលេវីដែលរស់នៅទីក្រុងដែលព្រះប្រគល់ឲ្យនៅទឹកដីនៃរាជាណាចក្រខាងជើង បានចាត់វិធានការភ្លាមៗ។ (និក្ខ. ៣២:២៦-២៨; ជន. ៣៥:៦-៨; ចោទិ. ៣៣:៨, ៩) ពួកលេវីលះចោលទីលំនៅរបស់ខ្លួនដែលជាមត៌ក ហើយនាំក្រុមគ្រួសារឆ្ពោះទៅខាងត្បូង ទៅស្រុកយូដា ដើម្បីតាំងទីលំនៅនៅទីនោះ ដោយហេតុថាពួកគាត់អាចបន្តថ្វាយបង្គំព្រះយេហូវ៉ាដោយមិនមានអ្វីបង្អាក់ឡើយ។ (២របា. ១១:១៣, ១៤) បណ្ដាជនអ៊ីស្រាអែលឯទៀតដែលរស់នៅស្រុកយូដាជាបណ្ដោះអាសន្ន បានសម្រេចចិត្តនៅទីនោះជាអចិន្ត្រៃយ៍ជាជាងរើទៅស្រុកខ្លួនវិញ។ (២របា. ១០:១៧) ព្រះយេហូវ៉ាតែងតែរក្សាឲ្យមានការថ្វាយបង្គំពិត ដើម្បីឲ្យអ្នកនៅជំនាន់ក្រោយពីរាជាណាចក្រខាងជើង អាចលះចោលការថ្វាយបង្គំរូបកូនគោ ហើយត្រឡប់មកស្រុកយូដាវិញ។—២របា. ១៥:៩-១៥
១៣. នៅពេលថ្មីៗនេះ តើឥទ្ធិពលពីអ្នកក្បត់ជំនឿបានសាកល្បងរាស្ត្ររបស់ព្រះយ៉ាងដូចម្ដេច?
១៣ អ្នកក្បត់ជំនឿនិងឥទ្ធិពលរបស់ពួកគេគំរាមកំហែងដល់រាស្ត្ររបស់ព្រះសព្វថ្ងៃនេះ។ អ្នកគ្រប់គ្រងខ្លះបានបង្កើតសាសនារដ្ឋ ហើយជំរុញឲ្យបណ្ដាជនកាន់តាមសាសនានោះ។ គណៈបព្វជិតនៃពិភពគ្រិស្តសាសនា និងអ្នកឆ្មើងឆ្មៃឯទៀតបានអះអាងថា ខ្លួនជាពួកសង្ឃហ្លួងជាសាសន៍បរិសុទ្ធ។ ក៏ប៉ុន្តែ អ្នកដែលត្រូវបានរើសតាំងពិតប្រាកដជា«ពួកសង្ឃហ្លួង» មាននៅក្នុងចំណោមគ្រិស្តសាសនិកពិតតែប៉ុណ្ណោះទេ។—១ពេ. ២:៩; វិវរ. ១៤:១-៥
១៤. តើយើងគួរមានប្រតិកម្មយ៉ាងណាចំពោះគំនិតរបស់អ្នកក្បត់ជំនឿ?
១៤ ដូចពួកលេវីនៅសតវត្សរ៍ទី១០ មុនគ.ស. សព្វថ្ងៃនេះ ពួកអ្នកស្មោះត្រង់របស់ព្រះមិនបានបំភាន់ដោយគំនិតរបស់អ្នកក្បត់ជំនឿឡើយ។ ពួកអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ និងគូកនគ្រិស្តសាសនិករបស់ពួកគាត់ ជៀសវាងព្រមទាំងបដិសេធភ្លាមៗនូវទស្សនៈរបស់អ្នកក្បត់ជំនឿ។ (សូមអាន រ៉ូម ១៦:១៧) យើងមានភក្ដីភាពចំពោះរាជាណាចក្ររបស់ព្រះជានិច្ច ទោះជាយើងស្ម័គ្រចិត្តចុះចូលនឹងអាជ្ញាធរចំពោះរឿងដែលមិនទាក់ទិននឹងសាសនា ហើយកាន់ជំហរអព្យាក្រឹតក្នុងជម្លោះរបស់ពិភពលោកក៏ដោយ។ (យ៉ូន. ១៨:៣៦; រ៉ូម ១៣:១-៨) យើងបដិសេធការអះអាងមិនពិតរបស់អស់អ្នកដែលថាខ្លួនជាអ្នកបម្រើព្រះ តែតំណាលគ្នា ពួកគេបង្ខូចឈ្មោះព្រះដោយការប្រព្រឹត្តរបស់ខ្លួន។—ទីត. ១:១៦
១៥. ហេតុអ្វីបានជាយើងគួរបង្ហាញភក្ដីភាពចំពោះ«អ្នកបំរើស្មោះត្រង់»?
១៥ ណាមួយទៀត សូមចាំថាព្រះយេហូវ៉ាបានជួយមនុស្សដែលមានចិត្តស្មោះត្រង់ឲ្យចេញពីពិភពលោកដ៏អាក្រក់ ហើយនាំចូលទៅក្នុងអង្គការរបស់ព្រះដែលមានស្ថានភាពប្រៀបដូចជាសួនមនោរម។ (២កូ. ១២:១-៤) ដោយមានចិត្តដែលពោរញេទៅដោយកតញ្ញូធម៌ យើងនៅជិត«អ្នកបំរើស្មោះត្រង់មានមារយាទ ដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោក នឹងឲ្យអាហារគេបរិភោគ តាមត្រូវពេល»។ ព្រះគ្រិស្តបានតាំងអ្នកបម្រើនេះ«ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់»។ (ម៉ាថ. ២៤:៤៥-៤៧) ហេតុដូច្នេះហើយ សូម្បីតែយើងជាបុគ្គលម្នាក់ មិនយល់យ៉ាងពេញលេញអំពីការសម្រេចរបស់ក្រុមអ្នកបម្រើក៏ដោយ នេះមិនមែនជាមូលហេតុដែលនាំឲ្យយើងបដិសេធការសម្រេចនោះ ឬត្រឡប់ទៅពិភពលោករបស់សាតាំងវិញឡើយ។ ផ្ទុយទៅវិញ ភក្ដីភាពនឹងជំរុញយើងឲ្យប្រព្រឹត្តដោយចិត្តរាបទាប ហើយចាំឲ្យព្រះយេហូវ៉ាបញ្ជាក់រឿងនោះ។
ពេលកំពុងបំពេញភារកិច្ចដែលព្រះប្រគល់ឲ្យ
១៦. តើអ្នកប្រកាសទំនាយម្នាក់ពីស្រុកយូដាទទួលភារកិច្ចអ្វីពីព្រះ?
១៦ ព្រះយេហូវ៉ាបានផ្ដន្ទាទោសយេរ៉ូបោមដោយសារលោកក្បត់ជំនឿ។ ទ្រង់បានចាត់ឲ្យអ្នកប្រកាសទំនាយម្នាក់ពីស្រុកយូដា ធ្វើដំណើរឆ្ពោះទៅក្រុងបេតអែលនៅទិសខាងជើងដើម្បីជួបយេរ៉ូបោម ពេលដែលយេរ៉ូបោមដឹកនាំពិធីនៅឯអាសនៈ។ អ្នកប្រកាសទំនាយនោះនឹងត្រូវប្រាប់សារជំនុំជម្រះយ៉ាងធ្ងន់ដល់យេរ៉ូបោម។ យ៉ាងប្រាកដណាស់ នោះពិតជាភារកិច្ចដ៏ពិបាកមែន!—១ពង្ស. ១៣:១-៣
១៧. តើព្រះយេហូវ៉ាបានការពារអ្នកនាំពាក្យរបស់ទ្រង់យ៉ាងដូចម្ដេច?
១៧ ពេលឮការផ្ដន្ទាទោសរបស់ព្រះយេហូវ៉ា នោះយេរ៉ូបោមចាប់ខឹងខ្លាំងណាស់។ លោកបានលាតដៃទៅអ្នកតំណាងរបស់ព្រះ ហើយស្រែកបញ្ជាពួកបុរសនៅជិតនោះថា៖ «ចូរចាប់វាទៅ!»។ ប៉ុន្តែ ក្នុងមួយរំពេច«ព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅកន្ដ្រាក់មកវិញមិនបាន។ អាសនានោះក៏បាក់បែក ហើយផែះក៏ខ្ចាត់ខ្ចាយពីលើទៅ»។ យេរ៉ូបោមត្រូវតែសុំអ្នកប្រកាសទំនាយឲ្យទូលអង្វរដល់ព្រះយេហូវ៉ា ហើយអធិដ្ឋានឲ្យដៃគាត់បានជាឡើងវិញ។ អ្នកប្រកាសទំនាយបានអធិដ្ឋាន ហើយដៃយេរ៉ូបោមក៏បានជាដែរ។ យ៉ាងនេះ ព្រះយេហូវ៉ាបានការពារអ្នកនាំសាររបស់ទ្រង់ពីគ្រោះថ្នាក់។—១ពង្ស. ១៣:៤-៦
១៨. ពេលយើងកំពុងតែបម្រើព្រះយេហូវ៉ាដោយឥតភ័យខ្លាច តើទ្រង់ការពារយើងយ៉ាងដូចម្ដេច?
១៨ កាលដែលយើងចូលរួមនឹងការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ និងការបញ្ចុះបញ្ចូលឲ្យមានសិស្ស ជួនកាលយើងជួបម្ចាស់ផ្ទះដែលមិនរាក់ទាក់ឬក៏ប្រឆាំងនឹងយើងតែម្ដង។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ប៉ុន្តែ ប្រសិនបើម្ចាស់ផ្ទះមិនស្ដាប់សាររាជាណាចក្រ នោះសូមកុំឲ្យចិត្តខ្នះខ្នែងរបស់យើងចំពោះកិច្ចបម្រើផ្សាយចុះខ្សោយឡើយ។ ដូចជាអ្នកប្រកាសទំនាយដែលគម្ពីរមិនបានរៀបរាប់ឈ្មោះនៅសម័យយេរ៉ូបោមនោះ យើងមានឯកសិទ្ធ«បំរើ[ព្រះយេហូវ៉ា] ឥតភ័យខ្លាចដោយសេចក្ដីបរិសុទ្ធ[ឬ«ស្មោះត្រង់»]»។a (លូ. ១:៧៤, ៧៥; ព.ថ.) ទោះបើសព្វថ្ងៃនេះព្រះយេហូវ៉ាមិនធ្វើអន្តរាគមន៍ដោយអព្ភូតហេតុក៏ពិតមែន ទ្រង់នៅតែការពារនិងគាំទ្រយើងដែលជាសាក្សី តាមរយៈសកម្មពលនិងបណ្ដាទេវតារបស់ទ្រង់។ (សូមអាន យ៉ូហាន ១៤:១៥-១៧; វិវរណៈ ១៤:៦) ព្រះនឹងមិនបោះបង់ចោលអស់អ្នកដែលបន្តផ្សាយបណ្ដាំរបស់ទ្រង់ដោយឥតភ័យខ្លាចឡើយ។—ភី. ១:១៤, ២៨
ព្រះយេហូវ៉ានឹងការពារពួកអ្នកស្មោះត្រង់របស់ទ្រង់
១៩, ២០. (ក) ហេតុអ្វីយើងអាចប្រាកដថាព្រះយេហូវ៉ានឹងមិនបោះបង់ចោលយើង? (ខ) តើយើងនឹងពិគ្រោះសំណួរអ្វីនៅអត្ថបទបន្ទាប់?
១៩ ព្រះយេហូវ៉ាជាព្រះដ៏ស្មោះត្រង់របស់យើង។ (វិវរ. ១៥:៤; ១៦:៥) ទ្រង់ស្មោះត្រង់«ក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់»។ (ទំនុក. ១៤៥:១៧) ហើយគម្ពីរបានធានាយើងថា៖ «[ទ្រង់នឹង]ការពារផ្លូវរបស់ពួកបរិសុទ្ធ[ឬ«ស្មោះត្រង់»]របស់ទ្រង់»។ (សុ. ២:៨; ព.ថ.) ពេលជួបប្រទះនឹងទុក្ខលំបាក ឬគំនិតរបស់អ្នកក្បត់ជំនឿ ឬពេលកំពុងតែបំពេញភារកិច្ចដែលពិបាកធ្វើក៏ដោយ នោះពួកអ្នកស្មោះត្រង់របស់ព្រះអាចមានទំនុកចិត្តថា ព្រះនឹងណែនាំហើយការពារពួកគាត់។
២០ ឥឡូវនេះ យើងម្នាក់ៗត្រូវតែរំពឹងគិតអំពីសំណួរខាងក្រោមនេះ។ មិនថាមានទុក្ខលំបាកឬសេចក្ដីល្បួងណាក៏ដោយដែលខ្ញុំប្រហែលជាប្រឈមមុខ តើអ្វីនឹងជួយខ្ញុំឲ្យរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា? បើនិយាយឲ្យចំទៅ តើខ្ញុំអាចពង្រឹងភក្ដីភាពចំពោះព្រះយ៉ាងដូចម្ដេច?
[កំណត់សម្គាល់]
a មិនថាអ្នកប្រកាសទំនាយនេះបន្តស្ដាប់តាមព្រះយេហូវ៉ាឬក៏អត់ ហើយអ្វីដែលកើតឡើងដល់គាត់ នោះនឹងត្រូវពិគ្រោះនៅអត្ថបទបន្ទាប់។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ពេលពួកអ្នកស្មោះត្រង់របស់ព្រះយេហូវ៉ាទទួលការជិះជាន់ តើទ្រង់បានបង្ហាញថាទ្រង់មិនបោះបង់ចោលពួកគាត់យ៉ាងដូចម្ដេច?
• តើយើងគួរមានប្រតិកម្មយ៉ាងណាចំពោះអ្នកក្បត់ជំនឿនិងគំនិតរបស់ពួកគេ?
• ពេលពួកអ្នកស្មោះត្រង់របស់ព្រះយេហូវ៉ាកំពុងចូលរួមក្នុងកិច្ចបម្រើផ្សាយ តើព្រះយេហូវ៉ាការពារពួកគាត់យ៉ាងដូចម្ដេច?