ចូររក្សាភក្ដីភាពដោយស្មោះអស់ពីចិត្ត
«ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់ សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់»។—ទំនុក. ៨៦:១១
១, ២. (ក) យោងទៅតាមទំនុកដំកើង ៨៦:២, ១១ តើអ្វីនឹងជួយយើងឲ្យរក្សាចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ាពេលប្រឈមមុខការល្បងលឬសេចក្ដីល្បួង? (ខ) តើយើងគួរបណ្ដុះឲ្យមានភក្ដីភាពស្មោះអស់ពីចិត្តតាំងពីពេលណា?
ទោះបីជាប់គុកឬទទួលការបៀតបៀនក៏ដោយ គ្រិស្តសាសនិកខ្លះបានរក្សាភាពស្មោះត្រង់អស់ជាច្រើនឆ្នាំ តែក្រោយៗមកពួកគាត់ទៅជាចុះចាញ់នឹងវត្ថុនិយម។ ហេតុអ្វី? ចម្លើយគឺជាប់ទាក់ទងនឹងចិត្តរបស់យើង។ ទំនុកទី៨៦នៃសៀវភៅទំនុកដំកើងបានបង្ហាញថា ភក្ដីភាពជាប់ទាក់ទងទៅនឹងការបំព្រួមចិត្តឬចិត្តស្មោះត្រង់ដែលមិនមានចិត្តពីរ។ ដាវីឌជាអ្នកតែងបទទំនុកដំកើងម្នាក់បានអធិដ្ឋានថា៖«សូមការពារព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកជ្រះថ្លា។ ឱព្រះនៃទូលបង្គំអើយ! សូមជួយសង្គ្រោះអ្នកបំរើដែលទុកចិត្តដល់ទ្រង់»។ ដាវីឌក៏បានអធិដ្ឋានទៀតថា៖ «ឱព្រះយេហូវ៉ាអើយ! សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់។ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់ សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់»។—ទំនុក. ៨៦:២, ១១
២ ប្រសិនបើយើងមិនទុកចិត្តទៅលើព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ត នោះកង្វល់និងទំនាក់ទំនងជាមួយមនុស្សឯទៀត អាចនាំឲ្យភក្ដីភាពរបស់យើងចំពោះព្រះដ៏ពិតទៅជាអន់ខ្សោយ។ ចិត្តប្រាថ្នាគិតតែប្រយោជន៍ខ្លួនឯងគឺប្រៀបដូចជាគ្រាប់មីនកប់តាមផ្លូវដែលយើងកំពុងដើរ។ ទោះបីយើងប្រហែលជាស្មោះត្រង់នឹងព្រះយេហូវ៉ាក្រោមកាលៈទេសៈដ៏ពិបាកក្ដី តែយើងអាចចុះចាញ់នឹងអន្ទាក់។ ការបណ្ដុះឲ្យមានភក្ដីភាពស្មោះអស់ពីចិត្តចំពោះព្រះយេហូវ៉ាតាំងពីពេលឥឡូវនេះ មុននឹងយើងប្រឈមមុខការល្បងលឬល្បួងណាមួយ នោះគឺសំខាន់ចាំបាច់ណាស់! គម្ពីរចែងថា៖ «ចូររក្សាចិត្តដោយអស់ពីព្យាយាម»។ (សុ. ៤:២៣) ស្តីអំពីរឿងនេះ យើងអាចទាញមេរៀនសំខាន់ពីបទពិសោធន៍របស់អ្នកប្រកាសទំនាយម្នាក់ពីស្រុកយូដា ដែលព្រះយេហូវ៉ាបានបញ្ជូនទៅជួបស្តេចយេរ៉ូបោមនៃស្រុកអ៊ីស្រាអែល។
«ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក»
៣. ពេលអ្នកសំណព្វរបស់ព្រះបានប្រកាសសារជំនុំជម្រះដល់យេរ៉ូបោម តើលោកមានប្រតិកម្មយ៉ាងណា?
៣ សូមស្រមៃគិតថា អ្នកសំណព្វរបស់ព្រះទើបតែប្រកាសសារអំពីសេចក្ដីជំនំជម្រះដល់ស្តេចយេរ៉ូបោម ដែលបានបង្កើតការថ្វាយបង្គំរូបកូនគោនៅរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០។ ពេលឮសារនោះភ្លាម ស្តេចក្រោធខឹងយ៉ាងខ្លាំង ហើយក៏បញ្ជាឲ្យគេចាប់អ្នកសំណព្វរបស់ព្រះនោះទៅ។ ប៉ុន្តែព្រះយេហូវ៉ាការពារអ្នកបម្រើរបស់ទ្រង់។ ក្នុងមួយរំពេច ដៃដែលស្តេចលាតចេញនោះក៏ស្វិតទៅដោយអព្ភូតហេតុ ហើយអាសនៈដែលបានប្រើសម្រាប់ការថ្វាយបង្គំមិនពិតក៏ត្រូវបាក់បែកដែរ។ មារយាទរបស់យេរ៉ូបោមផ្លាស់ប្ដូរភ្លាមៗ។ លោកអង្វរអ្នកសំណព្វរបស់ព្រះថា៖ «សូមទូលអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ»។ អ្នកប្រកាសទំនាយក៏អធិដ្ឋានដល់ព្រះយេហូវ៉ា រួចដៃរបស់ស្តេចបានជាឡើងដូចកាលពីដើមវិញ។—១ពង្ស. ១៣:១-៦
៤. (ក) ហេតុអ្វីក៏សេចក្ដីអញ្ជើញរបស់ស្តេចពិតជាល្បងលភក្ដីភាពរបស់អ្នកប្រកាសទំនាយនោះ? (ខ) តើអ្នកប្រកាសទំនាយនោះតបឆ្លើយយ៉ាងណា?
៤ បន្ទាប់មក យេរ៉ូបោមនិយាយទៅកាន់អ្នកសំណព្វរបស់ព្រះថា៖ «អញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្ដិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក»។ (១ពង្ស. ១៣:៧) តើអ្នកប្រកាសទំនាយនោះត្រូវតែធ្វើអ្វី? តើគាត់គួរយល់ព្រមទៅផ្ទះរបស់ស្តេចទេ ពេលគាត់ទើបតែប្រកាសសារដែលផ្ដន្ទាទោសស្តេចនោះ? (ទំនុក. ១១៩:១១៣) ឬក៏តើគាត់មិនគួរយល់ព្រមទៅផ្ទះរបស់ស្តេចទេឬអី សូម្បីតែមើលទៅឃើញថាស្តេចមានវិប្បដិសារីក៏ដោយ? យេរ៉ូបោមពិតជាមានលទ្ធភាពជូនរង្វាន់ឬអំណោយដ៏ថ្លៃដល់មិត្តរបស់លោក។ ប្រសិនបើអ្នកប្រកាសទំនាយរបស់ព្រះមានសេចក្ដីប្រាថ្នាដែលកប់ជ្រៅក្នុងចិត្តចំពោះទ្រព្យសម្បត្ដិ នោះសេចក្ដីអញ្ជើញរបស់ស្តេចប្រហែលជាការល្បួងដ៏ធំមួយ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានហាមគាត់ជាមុនថា៖ «កុំឲ្យឯងបរិភោគអាហារឬទឹក ហើយកុំឲ្យវិលមកវិញតាមផ្លូវដែលឯងទៅនោះឡើយ»។ ដូច្នេះ អ្នកប្រកាសទំនាយនោះតបឆ្លើយយ៉ាងដាច់ខាតទៅស្តេចថា៖ «បើទុកជាទ្រង់ប្រទានដំណាក់ទ្រង់១ចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយនឹងទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំប៉័ង ឬទឹកនៅទីនេះឡើយ»។ ដូច្នេះ គាត់ក៏បានចាកចេញពីក្រុងបែតអែលទៅតាមផ្លូវមួយទៀត។ (១ពង្ស. ១៣:៨-១០) ស្តីអំពីភក្ដីភាពស្មោះអស់ពីចិត្ត តើការសម្រេចចិត្តរបស់អ្នកប្រកាសទំនាយនោះបង្រៀនយើងអ្វីខ្លះ?—រ៉ូម ១៥:៤
«ល្មមឲ្យយើងបានស្កប់ចិត្តហើយ»
៥. តើវត្ថុនិយមល្បងលភក្ដីភាពរបស់យើងយ៉ាងដូចម្ដេច?
៥ ប្រហែលជាយើងគិតថាវត្ថុនិយមមិនអាចល្បងលភក្ដីភាពយើងទេ។ តែតាមពិត ពិតជាអាចមែន! តើយើងទុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាថា ទ្រង់នឹងផ្ដល់អ្វីដែលយើងពិតជាត្រូវការឬទេ? (ម៉ាថ. ៦:៣៣; ហេ. ១៣:៥) បើយើងមិនមានលទ្ធភាពទិញសម្ភារៈដែលយើងគិតថានាំឲ្យជីវិតស្រួលជាង តើយើងអាចរស់នៅដោយមិនបាច់មានរបស់នោះបានទេ? (សូមអាន ភីលីព ៤:១១-១៣) តើយើងមានអារម្មណ៍ចង់លះបង់ឯកសិទ្ធដែលយើងអាចមានក្នុងកិច្ចបម្រើព្រះ ដើម្បីទទួលអ្វីដែលយើងចង់បានឥឡូវនេះឬ? តើការបម្រើព្រះដោយស្មោះភក្ដីជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតយើងទេ? ចម្លើយរបស់យើងចំពោះសំណួរទាំងនោះ គឺអាស្រ័យទៅលើយើងបម្រើព្រះស្មោះអស់ពីដួងចិត្តឬក៏អត់។ សាវ័កប៉ុលបានសរសេរថា៖ «ការគោរពប្រតិបត្ដិដល់ព្រះដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន។ ដ្បិតយើងរាល់គ្នាមិនបានយកអ្វីចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ។ តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ»។—១ធី. ៦:៦-៨
៦. តើគេអាចផ្ដល់ឲ្យយើងនូវឱកាសណាខ្លះ? តើអ្វីនឹងជួយយើងក្នុងការសម្រេចចិត្តថាព្រមទទួលឬមិនព្រម?
៦ ជាឧទាហរណ៍ ប្រហែលជានិយោជកចង់ដំឡើងឋានៈយើងដើម្បីទទួលប្រាក់ខែច្រើនជាង និងទទួលប្រយោជន៍ផ្សេងៗទៀត។ ឬមួយក៏ប្រហែលជាយើងយល់ឃើញថា យើងអាចទទួលប្រាក់ខែច្រើនជាង បើរកការងារនៅឯខេត្តក្រៅឬប្រទេសផ្សេងទៀត។ ឱកាសបែបនេះមើលទៅដូចជាព្រះយេហូវ៉ាផ្ដល់ពរឲ្យយើង។ ក៏ប៉ុន្តែ មុនធ្វើការសម្រេចចិត្តចំពោះឱកាសទាំងនោះ គប្បីឲ្យយើងពិនិត្យមើលបំណងចិត្តរបស់យើង មែនទេ? សំណួរសំខាន់បំផុតដែលយើងគួរគិតអំពីគឺ «តើការសម្រេចចិត្តរបស់ខ្ញុំនឹងមានឥទ្ធិពលមកលើចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?»។
៧. ហេតុអ្វីក៏ជាការសំខាន់ឲ្យយើងជម្រះចេញពីចិត្តនូវសេចក្ដីប្រាថ្នាខាងវត្ថុនិយម?
៧ របៀបរបបពិភពលោករបស់សាតាំងបណ្ដុះបណ្ដាលដោយឥតឈប់ឈរឲ្យមនុស្សដេញតាមវត្ថុនិយម។ (សូមអាន យ៉ូហានទី១ ២:១៥, ១៦) បំណងរបស់មេកំណាចគឺចង់បង្ខូចចិត្តរបស់យើង។ ហេតុនេះហើយបានជាយើងត្រូវតែប្រុងប្រយ័ត្នដើម្បីសម្គាល់និងជម្រះចេញពីចិត្តយើងនូវសេចក្ដីប្រាថ្នាខាងវត្ថុនិយម។ (វិវរ. ៣:១៥-១៧) ពេលសាតាំងផ្ដល់រាជាណាចក្រទាំងអស់ក្នុងពិភពលោកឲ្យព្រះយេស៊ូ នោះទ្រង់មិនពិបាកបដិសេធទេ។ (ម៉ាថ. ៤:៨-១០) ទ្រង់បានព្រមានថា៖ «ចូរប្រយ័ត ហើយខំចៀសពីសេចក្ដីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្ដិជាបរិបូរទេ»។ (លូ. ១២:១៥) ភក្ដីភាពនឹងជួយយើងឲ្យពឹងផ្អែកទៅលើព្រះយេហូវ៉ាជាជាងលើខ្លួនឯង។
អ្នកប្រកាសទំនាយចាស់«កុហក»គាត់
៨. តើភក្ដីភាពរបស់អ្នកប្រកាសទំនាយរបស់ព្រះត្រូវបានល្បងលយ៉ាងដូចម្ដេច?
៨ ប្រសិនបើអ្នកប្រកាសទំនាយរបស់ព្រះបន្តធ្វើដំណើរទៅស្រុកខ្លួនវិញ នោះគាត់នឹងមិនមានបញ្ហាឡើយ។ ប៉ុន្តែ ភ្លាមៗនោះគាត់ជួបប្រទះការល្បងលមួយទៀត។ គម្ពីររៀបរាប់ថា៖ «រីឯនៅក្រុងបេតអែល មានហោរាចាស់ម្នាក់ ឯកូនគាត់ម្នាក់ក៏មកប្រាប់ឪពុក»ពីគ្រប់ទាំងការដែលបានកើតឡើងនៅថ្ងៃនោះ។ ក្រោយពីកូនប្រាប់អំពីរឿងដែលបានកើតឡើង នោះបុរសចំណាស់ប្រាប់កូនឲ្យចងកែបលាឲ្យគាត់ដើម្បីអាចទៅតាមអ្នកប្រកាសទំនាយរបស់ព្រះ។ មិនយូរមក គាត់បានឃើញអ្នកប្រកាសទំនាយកំពុងតែអង្គុយនៅក្រោមដើមឈើធំមួយ ហើយគាត់និយាយថា៖ «សូមអញ្ជើញទៅពិសាអាហារនៅឯផ្ទះជាមួយនឹងខ្ញុំសិន»។ ពេលអ្នកសំណព្វរបស់ព្រះមិនព្រមមកផ្ទះគាត់ នោះបុរសចំណាស់តបឆ្លើយថា៖ «ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ‹ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយនឹងឯងវិញ ដើម្បីឲ្យបានបរិភោគ›»អាហារនិងទឹកផង។ ក៏ប៉ុន្តែ បទគម្ពីរចែងថា៖ «គាត់កុហកដល់អ្នក[ប្រកាសទំនាយ]នោះទេ»។—១ពង្ស. ១៣:១១-១៨
៩. តើបទគម្ពីរៀបរាប់យ៉ាងណាអំពីមនុស្សក្រឡេចក្រឡុច? តើពួកគេនាំឲ្យអ្នកណារងគ្រោះថ្នាក់?
៩ យើងមិនដឹងច្បាស់អំពីបំណងចិត្តរបស់អ្នកប្រកាសទំនាយចាស់នោះទេ តែគាត់ពិតជានិយាយពាក្យកុហកមែន។ ប្រហែលគាត់ជាអ្នកប្រកាសទំនាយដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាពីមុន។ ប៉ុន្តែ ក្នុងករណីនេះគាត់បានបោកបញ្ឆោតវិញ។ បទគម្ពីរផ្ដន្ទាទោសយ៉ាងខ្លាំងចំពោះការប្រព្រឹត្តបែបនោះ។ (សូមអាន សុភាសិត ៣:៣២) មនុស្សក្រឡេចក្រឡុចមិនគ្រាន់តែបង្ខូចចំណងមេត្រីភាពរបស់ខ្លួនជាមួយព្រះយេហូវ៉ាប៉ុណ្ណោះទេ តែក៏បង្ខូចចំណងមេត្រីភាពរបស់អ្នកឯទៀតជាមួយព្រះយេហូវ៉ាដែរ។
គាត់«ត្រឡប់ទៅជាមួយ»អ្នកប្រកាសទំនាយចាស់
១០. ចំពោះសេចក្ដីអញ្ជើញរបស់បុរសចំណាស់ តើអ្នកប្រកាសទំនាយរបស់ព្រះមានប្រតិកម្មយ៉ាងណា? តើមានលទ្ធផលអ្វី?
១០ អ្នកប្រកាសទំនាយពីស្រុកយូដា គប្បីយល់ពីល្បិចបញ្ឆោតរបស់អ្នកប្រកាសទំនាយចាស់នោះ។ ប្រហែលជាគាត់អាចសួរខ្លួនឯង ‹ហេតុអ្វីបានជាព្រះយេហូវ៉ាបញ្ជូនទេវតាមួយរូបទៅបុគ្គលផ្សេង ពេលមានការណែនាំថ្មីសម្រាប់ខ្ញុំ?›។ អ្នកប្រកាសទំនាយអាចសុំឲ្យព្រះយេហូវ៉ាបញ្ជាក់អំពីការណែនាំថ្មីនោះបាន តែបទគម្ពីរមិនបានរៀបរាប់ថាគាត់ធ្វើដូច្នោះទេ។ ផ្ទុយទៅវិញ គាត់«ក៏ត្រឡប់ទៅជាមួយ[បុរសចំណាស់] ព្រមទាំងបរិភោគនៅក្នុងផ្ទះគាត់ផង»។ ព្រះយេហូវ៉ាមិនសប្បាយចិត្តសោះ។ នៅទីបំផុត ពេលអ្នកប្រកាសទំនាយធ្វើដំណើរទៅស្រុកយូដាវិញ បានប្រទះនឹងសត្វសិង្ហមួយតាមផ្លូវ ហើយសិង្ហនោះក៏ត្របាក់លេបគាត់ទៅ។ គួរឲ្យសោកស្ដាយមែន ដែលភារកិច្ចជាអ្នកប្រកាសទំនាយត្រូវជួបទីបញ្ចប់ដ៏ខ្លោចផ្សាបែបនេះ!—១ពង្ស. ១៣:១៩-២៥a
១១. តើអ័ហ៊ីយ៉ាបានតាំងគំរូល្អយ៉ាងណា?
១១ ផ្ទុយទៅវិញ អ្នកប្រកាសទំនាយឈ្មោះអ័ហ៊ីយ៉ា ដែលព្រះបានបញ្ជូនទៅឲ្យរើសតាំងយេរ៉ូបោមជាស្តេច បានរក្សាចិត្តស្មោះត្រង់រហូតទៅដល់ពេលគាត់មានអាយុច្រើន។ ពេលអ័ហ៊ីយ៉ាចាស់ជរាព្រមទាំងងងឹតភ្នែកផង យេរ៉ូបោមឲ្យភរិយារបស់លោកទៅសួរអ័ហ៊ីយ៉ាអំពីអនាគតរបស់កូនដែលកំពុងឈឺ។ អ័ហ៊ីយ៉ាបានទាយដ៏មានចិត្តក្លាហានថា កូនរបស់យេរ៉ូបោមនឹងស្លាប់ជាមិនខាន។ (១ពង្ស. ១៤:១-១៨) ក្នុងចំណោមពរជាច្រើនដែលអ័ហ៊ីយ៉ាបានទទួល នោះគឺឯកសិទ្ធពិសេសដែលគាត់មានដោយជួយឲ្យបណ្ដាំរបស់ព្រះត្រូវបានសរសេរមក។ តើគាត់បានជួយយ៉ាងដូចម្ដេច? នៅពេលក្រោយៗ អែសរ៉ាដែលជាសង្ឃម្នាក់ បានប្រើសំណេររបស់អ័ហ៊ីយ៉ាជាប្រភពនៃព័ត៌មានដើម្បីកត់ទុកក្នុងគម្ពីរ។—២របា. ៩:២៩
១២-១៤. (ក) ស្តីអំពីការដែលបានកើតឡើងដល់អ្នកប្រកាសទំនាយក្មេង តើយើងអាចទាញមេរៀនអ្វី? (ខ) សូមរៀបរាប់ឧទាហរណ៍មួយដែលបញ្ជាក់ថា យើងត្រូវតែអធិដ្ឋាននិងពិចារណាយ៉ាងហ្មត់ចត់ អំពីដំបូន្មានដែលអ្នកចាស់ទុំជូនដោយមានមូលដ្ឋានទៅលើគម្ពីរ។
១២ មូលហេតុដែលអ្នកប្រកាសទំនាយក្មេង មិនបានសុំយោបល់ពីព្រះយេហូវ៉ាមុនពេលដែលគាត់ទៅបរិភោគជាមួយបុរសចំណាស់នោះ គម្ពីរមិនបានរៀបរាប់ទេ។ តើបុរសចំណាស់ប្រាប់ពីអ្វីដែលគាត់ចូលចិត្តស្ដាប់ឬ? តើមានមេរៀនអ្វីខ្លះសម្រាប់យើង? យើងត្រូវតែជឿជាក់ថា តម្រូវការផ្សេងៗរបស់ព្រះយេហូវ៉ាពិតជាត្រឹមត្រូវ។ ហើយទោះបីយើងប្រឈមមុខនឹងអ្វីក៏ដោយ យើងត្រូវតាំងចិត្តធ្វើតាមតម្រូវការទាំងនោះ។
១៣ ចំពោះរឿងទូន្មានប្រដៅ អ្នកខ្លះឮតែអ្វីដែលខ្លួនចង់ឮប៉ុណ្ណោះ។ ជាឧទាហរណ៍ អ្នកផ្សាយម្នាក់អាចមានការងារដែលនាំឲ្យគាត់ចំណាយពេលតិចជាងជាមួយក្រុមគ្រួសារ និងនៅក្នុងកិច្ចបម្រើព្រះ។ ប្រហែលជាគាត់សុំយោបល់ពីអ្នកចាស់ទុំម្នាក់។ មុននឹងជូនយោបល់ អ្នកចាស់ទុំនោះប្រហែលជាចាប់ផ្ដើមនិយាយថា គាត់មិនមានសិទ្ធដើម្បីប្រាប់បងប្រុសនោះនូវរបៀបដែលគាត់ត្រូវតែចិញ្ចឹមក្រុមគ្រួសាររបស់ខ្លួនឡើយ។ បន្ទាប់មក ប្រហែលជាអ្នកចាស់ទុំពិនិត្យមើលជាមួយបងប្រុស អំពីគ្រោះថ្នាក់ដែលការងារបែបនោះអាចមានទៅលើទំនាក់ទំនងជាមួយនឹងព្រះយេហូវ៉ា។ តើបងប្រុសនោះនឹងចាំតែពាក្យផ្ដើមរបស់អ្នកចាស់ទុំប៉ុណ្ណោះឬ? តើគាត់នឹងយកចិត្តទុកដាក់ទៅលើយោបល់បន្ទាប់ពីពាក្យផ្ដើមនោះទេ? គឺច្បាស់ហើយ បងប្រុសនោះត្រូវតែសម្រេចចិត្តអំពីអ្វីដែលល្អជាងសម្រាប់ខ្លួនដើម្បីរក្សាទំនាក់ទំនងជាមួយនឹងព្រះយេហូវ៉ា។
១៤ សូមពិចារណាស្ថានការណ៍មួយទៀតដែលអាចកើតឡើង។ បងស្រីម្នាក់មានស្វាមីដែលមិនមែនជាសាក្សីព្រះយេហូវ៉ា បានទៅសួរអ្នកចាស់ទុំម្នាក់ថា តើគាត់គួររស់នៅដាច់ដោយឡែកពីស្វាមីទេ? អ្នកចាស់ទុំប្រាកដជានឹងពន្យល់ថា ការសម្រេចឲ្យរស់នៅដាច់ដោយឡែកពីគ្នាឬក៏អត់ គឺស្រេចទៅលើគាត់ទេ។ ប្រហែលជាបន្ទាប់មក អ្នកចាស់ទុំនោះនឹងពិនិត្យមើលដំបូន្មានក្នុងគម្ពីរស្តីអំពីរឿងនោះ។ (១កូ. ៧:១០-១៦) តើបងស្រីនោះនឹងគិតពិចារណាយ៉ាងហ្មត់ចត់អំពីអ្វីដែលអ្នកចាស់ទុំជម្រាបជូនទេ? ឬក៏តើគាត់សម្រេចចិត្តរួចទៅហើយថានឹងរស់នៅដាច់ដោយឡែកពីស្វាមី? ពេលធ្វើការសម្រេចចិត្ត គប្បីឲ្យនាងអធិដ្ឋាននិងពិចារណាអំពីដំបូន្មានដែលមានមូលដ្ឋានទៅលើគម្ពីរ។
ចូរមានចិត្តសុភាពរាបសា
១៥. តើយើងអាចរៀនអ្វីពីកំហុសរបស់អ្នកប្រកាសទំនាយរបស់ព្រះ?
១៥ តើយើងអាចរៀនអ្វីទៀតពីកំហុសរបស់អ្នកប្រកាសទំនាយពីស្រុកយូដា? សៀវភៅសុភាសិត ៣:៥ ចែងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។ នៅពេលអ្នកប្រកាសទំនាយពីស្រុកយូដាធ្វើខុសនោះ គាត់បានទុកចិត្តទៅលើការយល់ឃើញរបស់ខ្លួនឯង ជាជាងពឹងទៅលើព្រះយេហូវ៉ា ដូចគាត់ធ្លាប់ធ្វើពីមុន។ កំហុសរបស់គាត់បណ្ដាលឲ្យបាត់បង់ជីវិតនិងកេរ្ដិ៍ឈ្មោះល្អនៅចំពោះព្រះ។ បទពិសោធន៍របស់គាត់ពិតជាសង្កត់ទៅលើសារៈសំខាន់នៃចិត្តសុភាពរាបសា និងស្មោះត្រង់ក្នុងការបម្រើព្រះយេហូវ៉ា!
១៦, ១៧. តើអ្វីនឹងជួយយើងឲ្យរក្សាចិត្តភក្ដីចំពោះព្រះយេហូវ៉ា?
១៦ ចិត្តរបស់យើងដែលទោរទន់ទៅរកតែប្រយោជន៍ខ្លួនឯង តែងតែនាំយើងឲ្យសម្រេចចិត្តខុស។ គម្ពីរចែងថា៖ «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង»។ (យេ. ១៧:៩) ដើម្បីរក្សាចិត្តភក្ដីចំពោះព្រះយេហូវ៉ា គប្បីឲ្យយើងខិតខំដកបុគ្គលិកលក្ខណៈចាស់ចេញ ដែលរួមទាំងទំនោរចិត្តទោរទន់ទៅបំពានសិទ្ធនិងការពឹងទៅលើតែគំនិតខ្លួនឯង។ ណាមួយទៀត យើងត្រូវតែប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី «ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិតតាមភាពព្រះ»។—សូមអាន អេភេសូរ ៤:២២-២៤
១៧ សៀវភៅសុភាសិត ១១:២ ចែងថា៖ «ប្រាជ្ញាតែងនៅនឹងមនុស្សសុភាព»។ ការពឹងផ្អែកទៅលើព្រះយេហូវ៉ាដោយចិត្តសុភាព នោះនឹងបង្ការយើងពីកំហុសធ្ងន់ធ្ងរ។ ជាឧទាហរណ៍ ការធ្លាក់ទឹកចិត្តងាយធ្វើឲ្យយើងបាត់បង់សមត្ថភាពគិតគូរពិចារណាឲ្យបានត្រឹមត្រូវ។ (សុ. ២៤:១០) ប្រហែលជាយើងមានអារម្មណ៍ធុញទ្រាន់នឹងផ្នែកខ្លះៗនៃកិច្ចបម្រើបរិសុទ្ធ។ ណាមួយទៀត យើងប្រហែលជាគិតថា ឲ្យអ្នកឯទៀតធ្វើកិច្ចការនោះជំនួសយើងទៅ ដោយសារយើងធ្វើការគ្រប់គ្រាន់ឲ្យព្រះយេហូវ៉ាយូរយារមកហើយ។ ឬមួយក៏យើងប្រហែលជាចង់មានជីវិតធម្មតាៗដូចមនុស្សនៅជុំវិញយើង។ ក៏ប៉ុន្តែ ការ«ខំប្រឹងយ៉ាងអស់ពីចិត្ត» ហើយ«ធ្វើការព្រះអម្ចាស់ឲ្យបរិបូរជាដរាប» នោះនឹងការពារចិត្តរបស់យើង។—លូ. ១៣:២៤; ១កូ. ១៥:៥៨
១៨. ប្រសិនបើយើងមិនដឹងថាត្រូវសម្រេចចិត្តយ៉ាងណា តើយើងអាចធ្វើអ្វី?
១៨ ជួនកាល យើងត្រូវសម្រេចចិត្តអំពីរឿងសំខាន់ៗ ហើយគ្មានអ្វីច្បាស់លាស់ដើម្បីជួយយើងក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវឡើយ។ បើដូច្នេះមែន តើយើងនឹងដោះស្រាយបញ្ហានោះដោយខ្លួនឯងទេ? ពេលយើងស្ថិតក្នុងស្ថានការណ៍បែបនេះ គប្បីឲ្យយើងសុំជំនួយពីព្រះយេហូវ៉ា។ សៀវភៅយ៉ាកុប ១:៥ ចែងថា៖ «បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា»។ ព្រះដែលជាបិតានៅស្ថានសួគ៌របស់យើងនឹងផ្ដល់សកម្មពលរបស់ទ្រង់ឲ្យយើង ដើម្បីធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ។—សូមអាន លូកា ១១:៩, ១៣
ចូរប្ដេជ្ញារក្សាចិត្តស្មោះភក្ដី
១៩, ២០. តើយើងគួរប្ដេជ្ញាចិត្តធ្វើអ្វី?
១៩ គ្រាចលាចលប៉ុន្មានឆ្នាំក្រោយសាឡូម៉ូនលះបង់ចោលការថ្វាយបង្គំពិត នោះបានល្បងលយ៉ាងខ្លាំងដល់ភក្ដីភាពនៃអ្នកបម្រើរបស់ព្រះ។ ពិតមែន មនុស្សជាច្រើនបានលះចោលជំនឿរបស់ខ្លួន។ យ៉ាងណាក៏ដោយ មានមនុស្សខ្លះដែលរក្សាចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ា។
២០ រៀងរាល់ថ្ងៃ យើងត្រូវតែជ្រើសរើសនិងធ្វើការសម្រេចចិត្តដែលល្បងលភក្ដីភាពរបស់យើង។ យើងក៏អាចស្មោះត្រង់នឹងព្រះយេហូវ៉ាបានដែរ។ ចូរឲ្យយើងរក្សាចិត្តភក្ដីចំពោះព្រះយេហូវ៉ាជានិច្ច។ សូមឲ្យយើងមានចិត្តស្មោះត្រង់ ហើយមានទំនុកចិត្តទាំងស្រុងថា ទ្រង់នឹងនៅតែផ្ដល់ពរឲ្យអ្នកដែលមានចិត្តភក្ដីចំពោះទ្រង់។—២សាំ. ២២:២៦
[កំណត់សម្គាល់]
a គម្ពីរមិនបានរៀបរាប់ថា ព្រះយេហូវ៉ាបានសម្លាប់អ្នកប្រកាសទំនាយចាស់នោះឬក៏អត់ទេ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីគប្បីឲ្យយើងជម្រះចេញពីចិត្តនូវសេចក្ដីប្រាថ្នាខាងវត្ថុនិយម?
• តើអ្វីនឹងជួយយើងឲ្យរក្សាចិត្តភក្ដីចំពោះព្រះយេហូវ៉ា?
• តើចិត្តសុភាពរាបសានឹងជួយយើងឲ្យរក្សាចិត្តស្មោះចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៥]
តើអ្នកពិបាកទប់ទល់ នឹងការល្បួងឬទេ?