ការស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់
«ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដី[ស្មោះត្រង់]របស់ផងសេចក្ដីពិត តាមភាពព្រះ»។—អេភេសូរ ៤:២៤
១. ហេតុអ្វីក៏យើងត្រូវសម្ដែងសេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ា?
ការស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់គឺមានលក្ខណៈជាច្រើន។ អ្វីដែលសំខាន់ជាងគេគឺការស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ យ៉ាងត្រូវណាស់ ដោយដឹងថាព្រះយេហូវ៉ាជាបុគ្គលប្រភេទណា និងអ្វីៗដែលទ្រង់បានធ្វើដល់យើង ហើយពីព្រោះយើងថ្វាយខ្លួនជូនទ្រង់នោះ យើងត្រូវមានភារកិច្ចក្នុងការសម្ដែងសេចក្ដីស្មោះត្រង់ជូនទ្រង់។ តើយើងសម្ដែងសេចក្ដីស្មោះត្រង់ជូនព្រះយេហូវ៉ាយ៉ាងដូចម្ដេច? វិធីដ៏សំខាន់បំផុត គឺដោយមានចិត្តស្មោះត្រង់ចំពោះគោលការណ៍ដ៏សុចរិតរបស់ព្រះយេហូវ៉ា។
២, ៣. តើមានទំនាក់ទំនងយ៉ាងណារវាងសេចក្ដីស្មោះត្រង់និងសេចក្ដីសុចរិត?
២ ដើម្បីស៊ូទ្រាំនឹងការសាកល្បងនោះ យើងត្រូវតែធ្វើតាមពាក្យក្នុងពេត្រុសទី១ ១:១៥, ១៦៖ «ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ ដ្បិតមានសេចក្ដីចែងទុកមកថា‹ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធដ្បិតអញជាបរិសុទ្ធ› »។ សេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ានឹងបណ្ដាលឲ្យយើងគោរពតាមទ្រង់រៀងរាល់ដង ដោយយកគំនិត ពាក្យ និងការប្រព្រឹត្តរបស់យើងឲ្យសមស្របនឹងបំណងដ៏បរិសុទ្ធរបស់ទ្រង់។ នេះមានសេចក្ដីថាយើងត្រូវរក្សាឲ្យមានមនសិការល្អ ដូចត្រូវបានបង្គាប់យើងនៅធីម៉ូថេទី១ ១:៣-៥៖ «ហេតុដែលហាមយ៉ាងដូច្នោះ[កុំឲ្យបង្រៀនសេចក្ដីណាផ្សេងទៀតឬស្ដាប់តាមរឿងក្លែងក្លាយ] នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីបញ្ញាចិត្តជ្រះថ្លា ហើយពីសេចក្ដីជំនឿដ៏ស្មោះត្រង់វិញ»។ ត្រូវហើយ យើងមិនមែនជាមនុស្សគ្រប់ល័ក្ខណ៍ទេ តែយើងត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើង មែនទេ?
៣ សេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ានឹងទប់យើងពីការធ្វើឲ្យខូចដល់គោលការណ៍សុចរិត។ ប្រាកដហើយ សេចក្ដីស្មោះត្រង់នឹងទប់យើងពីការធ្វើជាបុគ្គលលាក់ពុត។ សេចក្ដីស្មោះត្រង់គឺជាអ្វីដែលអ្នកតែងបទទំនុកដំកើងចង់និយាយ ពេលដែលគាត់បានច្រៀងថា៖ «ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់ សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់»។ (ទំនុកដំកើង ៨៦:១១) សេចក្ដីស្មោះត្រង់តម្រូវនូវអ្វីដែលបានរៀបរាប់មកយ៉ាងល្អជា«ការគោរពតាមច្បាប់ឬគោលការណ៍ដែលមនុស្សមិនអាចបង្ខំបាន»។
៤, ៥. សេចក្ដីស្មោះត្រង់នឹងបង្ការយើងពីការប្រព្រឹត្តខុសអ្វីខ្លះ?
៤ សេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ាក៏ទប់យើងពីការធ្វើអ្វីដែលនាំឲ្យខូចកិត្ដិយសដល់ព្រះនាមនិងព្រះរាជាណាចក្ររបស់ទ្រង់។ ជាឧទាហរណ៍ គ្រីស្ទានពីរនាក់មានការឈ្លោះគ្នា ដែលពួកគេយកគ្នាទៅតុលាការ។ ចៅក្រមសួរថា៖ ‹តើអ្នកទាំងពីរជាស្មរបន្ទាល់ព្រះយេហូវ៉ាឬ›? តាមមើលទៅ លោកមិនដឹងជាហេតុអ្វីបានជាពួកគេមកឯតុលាការ។ នេះជាការធ្វើឲ្យខូចកិត្ដិយសមែន! សេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ានឹងបណ្ដាលពួកបងប្រុសទាំងនោះឲ្យធ្វើតាមឱវាទនៃសាវ័កប៉ុល៖ «យ៉ាងនោះ មានពេញជាការកំហុស ក្នុងពួកអ្នករាល់គ្នាហើយ គឺដែលគ្រាន់តែកើតក្ដីនឹងគ្នាទៅវិញទៅមកនោះឯង ហេតុអ្វីបានជាមិនស៊ូទ្រាំក្នុងការអាក្រក់នោះ»។ (កូរិនថូសទី១ ៦:៧) យ៉ាងប្រាកដណាស់ ដំណើរនៃសេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ា គឺសុខចិត្តបាត់បង់របស់ផ្ទាល់ខ្លួន ជាជាងធ្វើឲ្យខូចព្រះនាមព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់។
៥ សេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ាក៏ទាក់ទងនឹងការមិនបន្ទន់ទៅតាមការខ្លាចមនុស្ស។ «ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិត នោះនឹងបានសុខវិញ»។ (សុភាសិត ២៩:២៥) ដូច្នេះ ពេលប្រឈមមុខនឹងការបៀតបៀន យើងនឹងមិនចុះចូលតាមឡើយ តែយើងនឹងធ្វើតាមគំរូនៃស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងអតីតសូវៀត ក្នុងប្រទេសម៉ាឡាវី ប្រទេសអេស្យូពី និងក្នុងប្រទេសជាច្រើនផ្សេងទៀត។
៦. សេចក្ដីស្មោះត្រង់នឹងទប់យើងពីការចូលរួមជាមួយអ្នកណា?
៦ បើយើងមានចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា យើងនឹងចៀសវាងយកពួកដែលជាសត្រូវនឹងទ្រង់មកធ្វើជាមិត្ត។ ហេតុដូច្នេះហើយបានជាយ៉ាកុបសរសេរថា៖ «ឱពួកកំផិតទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្តសំឡាញ់នឹងលោកីយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»។ (យ៉ាកុប ៤:៤) យើងចង់មានសេចក្ដីស្មោះត្រង់ ដែលស្តេចដាវីឌមាន កាលដែលទ្រង់មានបន្ទូលថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្អប់ដល់ពួកអ្នកដែលស្អប់ទ្រង់ ក៏ខ្ពើមដល់ពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ដែរទេតើ គឺទូលបង្គំស្អប់គេពេញទីហើយ គេបានត្រឡប់ជាខ្មាំងសត្រូវដល់ទូលបង្គំដែរ»។ (ទំនុកដំកើង ១៣៩:២១, ២២) យើងមិនចង់ចូលរួមនឹងពួកអ្នកប្រព្រឹត្តអំពើបាបដ៏ចេតនាឡើយ ដ្បិតយើងគ្មានអ្វីចូលចិត្តធ្វើនឹងពួកគេទេ។ តើសេចក្ដីស្មោះត្រង់ចំពោះព្រះនឹងមិនទប់យើងពីការចូលរួចជាមួយពួកសត្រូវនៃព្រះយេហូវ៉ាបែបនេះ មិនថាតាមខ្លួនផ្ទាល់ឬទូរទស្សន៍ក៏ដោយ?
ការគាំទ្រព្រះយេហូវ៉ា
៧. សេចក្ដីស្មោះត្រង់នឹងជួយយើងឲ្យធ្វើអ្វីចំពោះព្រះយេហូវ៉ា ហើយអេលីហ៊ូវបានធ្វើយ៉ាងដូចម្ដេច?
៧ សេចក្ដីស្មោះត្រង់នឹងជំរុញយើងឲ្យមកគាំទ្រព្រះយេហូវ៉ា។ អេលីហ៊ូវជាគំរូដ៏ល្អណាស់ចំពោះរឿងនេះ! យ៉ូប ៣២:២, ៣ ចែងប្រាប់យើងថា៖ «ក៏កើតមានសេចក្ដីកំហឹងឡើង គឺគាត់ខឹងនឹងយ៉ូប ដោយព្រោះលោករាប់ខ្លួនជាសុចរិតនៅចំពោះព្រះ គាត់ក៏ខឹងនឹងសំឡាញ់របស់យ៉ូបទាំង៣នាក់នោះដែរ ពីព្រោះគេបានកាត់ទោសដល់យ៉ូប តែរកឆ្លើយតបនឹងលោកមិនបាន»។ ក្នុងយ៉ូប ជំពូក៣២ទៅ៣៧ អេលីហ៊ូវមកគាំទ្រព្រះយេហូវ៉ា។ ជាឧទាហរណ៍ គាត់បាននិយាយថា៖ «សូមទ្រាំចាំខ្ញុំបន្ដិចសិន ខ្ញុំនឹងបង្ហាញលោក ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះនឹងពោលដំកើងពីព្រះ . . . ហើយនឹងសម្ដែងច្បាស់ថា ព្រះដែលបង្កើតខ្ញុំទ្រង់សុចរិត . . . ទ្រង់មិនដកព្រះនេត្រចេញពីមនុស្សសុចរិតឡើយ»។—យ៉ូប ៣៦:២-៧
៨. ហេតុអ្វីក៏យើងចាំបាច់គាំទ្រព្រះយេហូវ៉ា?
៨ ហេតុអ្វីក៏ចាំបាច់គាំទ្រព្រះយេហូវ៉ា? សព្វថ្ងៃនេះ ព្រះយេហូវ៉ាត្រូវបានគេប្រមាថមើលងាយតាមរបៀបជាច្រើនណាស់។ គេអះអាងថាទ្រង់មិនមានព្រះជន្មទេ ថាទ្រង់ជាផ្នែកនៃព្រះត្រីឯកភាព ថាទ្រង់ធ្វើទណ្ឌកម្មមនុស្សអស់កល្បជានិច្ចក្នុងភ្លើងនរក ថាទ្រង់ខំប្រឹងដោយទន់ខ្សោយដើម្បីនឹងកែលោកនេះ ថាទ្រង់មិនខ្វល់ខ្វាយនឹងមនុស្សលោកទេ ជាដើម។ យើងសម្ដែងសេចក្ដីស្មោះត្រង់របស់យើងចំពោះទ្រង់ ដោយមកគាំទ្រហើយបញ្ជាក់ថា ព្រះយេហូវ៉ាមានព្រះជន្មរស់នៅ ថាទ្រង់មានប្រាជ្ញា មានព្រះចេស្ដាបំផុត និងព្រះដែលមានព្រះទ័យស្រឡាញ់ ទ្រង់មានពេលសំរាប់គ្រប់ការទាំងអស់ ទ្រង់នឹងបំផ្លាញចោលរបស់អាក្រក់ទាំងអស់ និងធ្វើឲ្យផែនដីទាំងមូលជាសួនមនោរម្យ។ (សាស្ដា ៣:១) នេះតម្រូវឲ្យយើងឆ្លៀតយកឱកាសគ្រប់ពេលដើម្បីនឹងគាំទ្រនាមរបស់ព្រះយេហូវ៉ានិងព្រះរាជាណាចក្ររបស់ទ្រង់។
សេចក្ដីស្មោះត្រង់ចំពោះអង្គការរបស់ព្រះយេហូវ៉ា
៩. ទៅលើរឿងអ្វី ដែលបុគ្គលខ្លះបានក្បត់ការគ្មានសេចក្ដីស្មោះត្រង់របស់គេ?
៩ ឥឡូវនេះ យើងមកដល់កន្លែងដែលយើងត្រូវមានសេចក្ដីស្មោះត្រង់ចំពោះអង្គការដែលមើលឃើញរបស់ព្រះយេហូវ៉ា។ ប្រាកដហើយ យើងត្រូវសម្ដែងសេចក្ដីស្មោះត្រង់ចំពោះអង្គការនេះ រួមទាំង‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ› ដែលក្រុមជំនុំគ្រីស្ទានត្រូវបានបំប៉នខាងវិញ្ញាណ។ (ម៉ាថាយ ២៤:៤៥-៤៧) ឧបមាថាមានអ្វីមួយក្នុងទស្សនាវដ្ដីប៉មយាម ដែលយើងមិនយល់ឬស្របតាមឥឡូវនេះ។ តើយើងនឹងធ្វើអ្វី? អាក់អន់ចិត្តហើយចាកចេញពីអង្គការឬ? នេះហើយជាអ្វីដែលមនុស្សខ្លះបានធ្វើ ពេលដែលទស្សនាវដ្ដីប៉មយាមជាច្រើនឆ្នាំមកហើយ បាននិយាយថាកិច្ចព្រមព្រៀងថ្មីទាក់ទងនឹងសហស្សវត្ស។ មនុស្សខ្លះទៀតអាក់អន់ចិត្តអំពីអ្វីដែលទស្សនាវដ្ដីប៉មយាមពេលមួយបានចែងអំពីរឿងអព្យាក្រឹតភាព។ បើសិនជាពួកអ្នកដែលជំពប់លើរឿងទាំងនេះ មានការស្មោះត្រង់ចំពោះអង្គការនិងបងប្អូនរបស់គេ ពួកគេគឺច្បាស់ជាចាំព្រះយេហូវ៉ាឲ្យពន្យល់ឲ្យច្បាស់អំពីរឿងនេះ ដែលទ្រង់នឹងធ្វើនៅពេលកំណត់របស់ទ្រង់។ ដូច្នេះ សេចក្ដីស្មោះត្រង់រួមទាំងការចាំដោយអត់ធ្មត់ ទំរាំមានការយល់ថែមទៀតត្រូវបោះពុម្ពដោយអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ។
១០. សេចក្ដីស្មោះត្រង់នឹងទប់យើងពីការឆ្ងល់អ្វី?
១០ សេចក្ដីស្មោះត្រង់ចំពោះអង្គការដែលមើលឃើញរបស់ព្រះយេហូវ៉ា ក៏មានន័យថាបដិសេធចោលពួកអ្នកក្បត់ជំនឿ។ គ្រីស្ទានស្មោះត្រង់នឹងមិនចង់ដឹងអំពីអ្វីដែលមនុស្សបែបនេះចង់និយាយនោះឡើយ។ ត្រូវហើយ ពួកអ្នកដែលព្រះយេហូវ៉ាប្រើឲ្យដឹកនាំកិច្ចការរបស់ទ្រង់លើផែនដីនេះ គឺមិនគ្រប់ល័ក្ខណ៍មែន។ ប៉ុន្តែ តើបន្ទូលរបស់ព្រះចែងប្រាប់យើងឲ្យធ្វើអ្វី? ឲ្យចាកចេញពីអង្គការរបស់ព្រះឬ? មិនមែនទេ។ សេចក្ដីស្រឡាញ់ខាងបងប្អូននឹងធ្វើឲ្យយើងមានចិត្តស្មោះត្រង់ ហើយយើងត្រូវតែបន្ត«ស្រឡាញ់គ្នាទៅវិញទៅមកជាយ៉ាងខ្លាំងដោយចិត្តដ៏ស្អាត»។—ពេត្រុសទី១ ១:២២
សេចក្ដីស្មោះត្រង់ចំពោះពួកចាស់ទុំដែលស្មោះត្រង់
១១. សេចក្ដីស្មោះត្រង់នឹងជួយយើងការពារពីគំនិតមិនល្អយ៉ាងណា?
១១ ពេលអ្វីមួយបាននិយាយឬបានធ្វើឡើងក្នុងក្រុមជំនុំ ដែលធ្វើឲ្យយើងពិបាកយល់ សេចក្ដីស្មោះត្រង់នឹងទប់យើងពីការកាត់ក្ដី ដែលគ្រាន់តែជាមតិផ្ទាល់ខ្លួនប៉ុណ្ណោះ។ តើមិនជាការប្រសើរជាងឬទេ ក្នុងការគិតអំពីគុណសម្បត្ដិល្អៗនៃពួកចាស់ទុំដែលចាក់ប្រេងតាំង និងពួកអ្នកជឿគ្នីគ្នាឯទៀត ជាជាងគិតតែអំពីកំហុសរបស់គេនោះ? ត្រូវហើយ យើងចង់ចៀសវាងពីការគិតមិនល្អ ដ្បិតនេះគឺទាក់ទងនឹងភាពមិនស្មោះត្រង់! សេចក្ដីស្មោះត្រង់នឹងជួយយើងឲ្យគោរពសេចក្ដីបង្គាប់របស់ប៉ុល«មិនត្រូវនិយាយអាក្រក់ពីអ្នកណា»។—ទីតុស ៣:១, ២
១២, ១៣. តើការសាកល្បងអ្វីជាពិសេសដែលពួកចាស់ទុំត្រូវតែប្រឈមមុខនោះ?
១២ សេចក្ដីស្មោះត្រង់ជាពិសេសគឺជាការពិបាកមួយចំពោះពួកចាស់ទុំ។ ការពិបាកនេះគឺអំពីរឿងសម្ងាត់។ សមាជិកម្នាក់នៃក្រុមជំនុំប្រហែលមកប្រាប់ដោយទុកចិត្តនឹងចាស់ទុំម្នាក់។ សេចក្ដីស្មោះត្រង់ចំពោះបុគ្គលនោះ នឹងទប់ចាស់ទុំម្នាក់នេះពីការបំពាននឹងគោលការណ៍នៃភាពសម្ងាត់។ គាត់នឹងធ្វើតាមឱវាទក្នុងសុភាសិត ២៥:៩៖ «កុំឲ្យបើកការសំងាត់របស់អ្នកដទៃឡើយ»។ នេះមានសេចក្ដីថា មិនត្រូវទាំងប្រាប់រឿងនេះដល់ប្រពន្ធគាត់ឡើយ!
១៣ ពួកចាស់ទុំក៏ត្រូវស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់ឯទៀតដែរ។ តើគេនឹងសុខចិត្តគាប់ចិត្តមនុស្ស ឬក៏គេមានចិត្តក្លាហាននិងទន់ភ្លន់ដើម្បីជួយពួកអ្នកដែលត្រូវការប្រដៅ ទោះបីបើបុគ្គលនេះជាញាតិសន្ដានឬមិត្តដ៏ស្និទ្ធរបស់គេក៏ដោយ? សេចក្ដីស្មោះត្រង់ចំពោះអង្គការរបស់ព្រះយេហូវ៉ា នឹងបណ្ដាលឲ្យយើងជាអ្នកចាស់ទុំ ឲ្យខំប្រឹងជួយពួកដែលត្រូវការជំនួយខាងវិញ្ញាណ។ (កាឡាទី ៦:១, ២) ថ្វីបើយើងនឹងមានចិត្តសប្បុរសក៏ដោយ សេចក្ដីស្មោះត្រង់នឹងជួយយើងឲ្យនិយាយយ៉ាងត្រង់ៗជាមួយពួកចាស់ទុំគ្នីគ្នា ដូចជាសាវ័កប៉ុលបាននិយាយយ៉ាងត្រង់ៗទៅសាវ័កពេត្រុសដែរ។ (កាឡាទី ២:១១-១៤) ម្យ៉ាងទៀត ពួកអ្នកត្រួតពិនិត្យត្រូវឲ្យប្រយ័ត្ន ក្រែងគេប្រព្រឹត្តដោយគ្មានប្រាជ្ញា ឬបង្ហាញការកាន់ជើង ឬតាមវិធីផ្សេងទៀតរំលោភលើអំណាចរបស់គេ នេះនឹងធ្វើឲ្យពួកអ្នកដែលនៅក្រោមគេមានការពិបាកឲ្យស្មោះត្រង់ចំពោះអង្គការរបស់ព្រះ។—ភីលីព ៤:៥
១៤, ១៥. តើអ្វីខ្លះដែលអាចសាកល្បងសេចក្ដីស្មោះត្រង់នៃសមាជិកក្នុងក្រុមជំនុំ?
១៤ គឺមានទិដ្ឋភាពឯទៀតនៃបញ្ហាស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់ចំពោះក្រុមជំនុំនិងពួកចាស់ទុំ។ បើសិនជាមានបញ្ហាក្នុងក្រុមជំនុំ នេះនឹងផ្ដល់ឱកាសឲ្យយើងសម្ដែងសេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ានិងអស់អ្នកដែលតំណាងទ្រង់។ (សូមមើល ប៉មយាម ១៥ មិថុនា ១៩៨៧ ទំព័រ ១៥-១៧) ពេលមានការបណ្ដាច់មិត្តភាព សេចក្ដីស្មោះត្រង់តម្រូវឲ្យយើងគាំទ្រពួកចាស់ទុំ មិនត្រូវគិតស្មានផ្សេងថាតើមានមូលហេតុគ្រប់គ្រាន់ចំពោះសេចក្ដីសម្រេចនោះ។
១៥ សេចក្ដីស្មោះត្រង់ចំពោះក្រុមជំនុំក៏តម្រូវឲ្យយើងគាំទ្រនឹងកិច្ចប្រជុំទាំងប្រាំ ឲ្យអស់ពីសមត្ថភាពនិងកាលៈទេសៈរបស់យើង។ សេចក្ដីស្មោះត្រង់តម្រូវឲ្យយើង មិនគ្រាន់តែមកឯកិច្ចប្រជុំទៀងទាត់ តែត្រូវរៀបចំទុកជាមុន ហើយលើកដៃឆ្លើយដ៏លើកទឹកចិត្តបើមានឱកាសហុចឲ្យ។—ហេព្រើរ ១០:២៤, ២៥
សេចក្ដីស្មោះត្រង់រវាងប្ដីប្រពន្ធ
១៦, ១៧. តើការសាកល្បងអ្វីចំពោះសេចក្ដីស្មោះត្រង់រវាងប្ដីប្រពន្ធដែលគ្រីស្ទានត្រូវតែប្រឈមមុខ?
១៦ តើយើងត្រូវសម្ដែងសេចក្ដីស្មោះត្រង់ដល់អ្នកណាទៀត? បើសិនជាយើងរៀបការហើយ ចំពោះពាក្យស្បថនៃការរៀបការនោះ យើងត្រូវតែស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់ចំពោះគូស្វាមីភរិយា។ សេចក្ដីស្មោះត្រង់ចំពោះគូរបស់យើងនឹងទប់យើងពីការធ្វើខុស ដោយប្រព្រឹត្តល្អដល់ស្ត្រីឬបុរសឯទៀត ជាងប្រពន្ធឬប្ដីរបស់យើងផ្ទាល់។ សេចក្ដីស្មោះត្រង់ចំពោះប្ដីប្រពន្ធរបស់យើង ក៏តម្រូវឲ្យយើងមិនត្រូវប្រាប់អ្នកដទៃអំពីភាពទន់ខ្សោយនិងកំហុសនៃប្ដីប្រពន្ធរបស់យើង។ ការត្អូញត្អែរប្រាប់អ្នកដទៃគឺវាស្រួលធ្វើណាស់ ជាងការរក្សាបើកឲ្យមានខ្សែគមនាគមន៍ជាមួយគូខ្លួន ដែលជាអ្វីយើងត្រូវតែធ្វើឲ្យបានស្របតាមច្បាប់ដ៏សំខាន់។ (ម៉ាថាយ ៧:១២) តាមការពិត សភាពរវាងប្ដីប្រពន្ធធ្វើឲ្យមានការពិបាកមួយដ៏មែនទែនចំពោះសេចក្ដីស្មោះត្រង់គ្រីស្ទានរបស់យើង។
១៧ ដើម្បីស៊ូទ្រាំនឹងការសាកល្បងចំពោះសេចក្ដីស្មោះត្រង់នេះ យើងមិនគ្រាន់តែត្រូវចៀសវាងការប្រព្រឹត្តខុសដ៏ធ្ងន់នោះទេ តែយើងក៏ត្រូវតែការពារគំនិតនិងអារម្មណ៍របស់យើងដែរ។ (ទំនុកដំកើង ១៩:១៤) ជាឧទាហរណ៍ បើសិនជាចិត្តដ៏ឆបោករបស់យើងលោភរកការកំសាន្តនិងសេចក្ដីរំភើប ជាការស្រួលណាស់ចំពោះយើង ក្នុងការចូលចិត្តអ្វីមួយរហូតដល់ចង់បាននោះ។ ក្នុងការដាស់តឿនឲ្យមានសេចក្ដីស្មោះត្រង់រវាងប្ដីប្រពន្ធ ស្តេចសាឡូម៉ូនឲ្យដំបូន្មានប្ដីទាំងឡាយ‹ផឹកទឹកពីពាងរបស់ខ្លួនឯង›។ (សុភាសិត ៥:១៥) ហើយព្រះយេស៊ូមានបន្ទូលថា៖ «អ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ»។ (ម៉ាថាយ ៥:២៨) ប្ដីដែលបណ្ដោយខ្លួនក្នុងរូបអាក្រាត គឺប្រថុយនាំឲ្យប្រព្រឹត្តអំពើកំផិត ដែលក្បត់លើប្រពន្ធរបស់គេ ហើយមិនមានសេចក្ដីស្មោះត្រង់ចំពោះគេ។ ចំពោះមូលហេតុដូចគ្នា ប្រពន្ធដែលជក់ស្លុងនឹងការមើលរឿងល្ខោនដែលមានតៗ ដែលទាក់ទងនឹងឧបកថាខាងកំផិត គឺអាចល្បួងឲ្យមិនស្មោះត្រង់ចំពោះប្ដីរបស់នាង។ ដោយមានចិត្តស្មោះត្រង់រវាងប្ដីប្រពន្ធ យើងនឹងពង្រឹងចំណងអាពាហ៍ពិពាហ៍របស់យើង ហើយយើងជួយគ្នាទៅវិញទៅមក ដើម្បីខំប្រឹងឲ្យព្រះយេហូវ៉ាគាប់ព្រះហឫទ័យ។
ជំនួយសំរាប់ជួយយើងឲ្យស្មោះត្រង់
១៨. ការអបអរអ្វីដែលនឹងជួយយើងឲ្យមានចិត្តស្មោះត្រង់?
១៨ តើអ្វីដែលនឹងជួយយើងឲ្យស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់ក្នុងចំណុចបួននេះ៖ សេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ា ចំពោះអង្គការរបស់ទ្រង់ ចំពោះក្រុមជំនុំ និងរវាងប្ដីប្រពន្ធ? ជំនួយមួយគឺអបអរថា ការស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់គឺជាប់ទាក់ទងនឹងការធ្វើឲ្យអធិបតេយ្យភាពរបស់ព្រះយេហូវ៉ាបានត្រឹមត្រូវ។ ត្រូវហើយ ដោយរក្សាសេចក្ដីស្មោះត្រង់ យើងបង្ហាញថាយើងចាត់ទុកព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោក។ ដូច្នេះ យើងក៏អាចមានការគោរពខ្លួន និងសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ចក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា។ យើងអាចជួយខ្លួនយើងឲ្យរក្សាការស្មោះត្រង់ ដោយពិចារណាមើលគំរូនៃសេចក្ដីស្មោះត្រង់ ចាប់ផ្ដើមពីព្រះយេហូវ៉ានិងអស់អ្នកដែលព្រះគម្ពីរបានរៀបរាប់មក ព្រមទាំងក្នុងប្រកាសនវត្ថុប៉មយាម រួមបញ្ចូលដំណើររឿងក្នុងសៀវភៅប្រចាំឆ្នាំ។
១៩. តើជំនឿមានមុខនាទីអ្វីក្នុងការនៅស្មោះត្រង់?
១៩ ជំនឿដ៏មាំមួនក្នុងព្រះយេហូវ៉ានិងការកោតខ្លាចធ្វើអ្វីដែលទ្រង់មិនគាប់ព្រះហឫទ័យ នឹងជួយយើងឲ្យស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់។ យើងពង្រឹងជំនឿរបស់យើងនិងកោតខ្លាចព្រះយេហូវ៉ា ដោយយកចិត្តទុកដាក់សិក្សាបន្ទូលរបស់ព្រះ និងដោយចាប់ធ្វើកិច្ចបំរើគ្រីស្ទាន។ នេះនឹងជួយយើងឲ្យប្រព្រឹត្តសមស្របនឹងឱវាទរបស់ប៉ុលដែលបានកត់ទុកមកក្នុងអេភេសូរ ៤:២៣, ២៤៖ «ហើយឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត តាមភាពព្រះ»។
២០. អ្វីដែលសំខាន់ជាងគេ តើគុណសម្បត្ដិអ្វីដែលនឹងជួយយើងឲ្យនៅស្មោះត្រង់ចំពោះព្រះយេហូវ៉ា និងចំពោះអ្នកដទៃទៀតដែលយើងត្រូវសម្ដែងសេចក្ដីស្មោះត្រង់?
២០ ការអបអរដល់គុណសម្បត្ដិរបស់ព្រះយេហូវ៉ានឹងជួយយើងឲ្យស្មោះត្រង់។ អ្វីដែលសំខាន់ជាងគេ សេចក្ដីស្រឡាញ់ដ៏បូជាចំពោះព្រះវរបិតានៃស្ថានសួគ៌របស់យើង និងកតញ្ញូធម៌ចំពោះអ្វីៗទាំងអស់ដែលទ្រង់បានធ្វើសំរាប់យើង ហើយស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ត ព្រលឹង និងគំនិតរបស់យើង នឹងជួយយើងឲ្យស្មោះត្រង់ចំពោះទ្រង់។ ថែមទៀត ការមានសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូមានបន្ទូលថានឹងសម្គាល់ពួកសិស្សរបស់ទ្រង់ នឹងជួយយើងឲ្យស្មោះត្រង់ចំពោះគ្រីស្ទានទាំងអស់ក្នុងក្រុមជំនុំនិងក្នុងគ្រួសាររបស់យើង។ បើនិយាយឲ្យចំទៅ នេះគឺពិតជារឿងនៃការមានចិត្តកំណាញ់ឬមិនមានចិត្តកំណាញ់។ ភាពមិនស្មោះត្រង់គឺជាចិត្តកំណាញ់។ សេចក្ដីស្មោះត្រង់មានន័យថាជាមិនកំណាញ់។—ម៉ាកុស ១២:៣០, ៣១; យ៉ូហាន ១៣:៣៤, ៣៥
២១. តើរឿងនៃការស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់អាចសង្ខេបយ៉ាងដូចម្ដេច?
២១ ដើម្បីនឹងសង្ខេប៖ សេចក្ដីស្មោះត្រង់ជាគុណសម្បត្ដិដ៏ខ្ពង់ខ្ពស់ដែលបានសម្ដែងដោយព្រះយេហូវ៉ា ដោយព្រះយេស៊ូគ្រីស្ទ និងដោយពួកអ្នកបំរើពិតទាំងអស់របស់ព្រះ។ ដើម្បីឲ្យមានទំនាក់ទំនងដ៏ល្អជាមួយព្រះយេហូវ៉ា យើងត្រូវតែស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់ចំពោះទ្រង់ ដោយបំពេញតាមតម្រូវដ៏សុចរិតរបស់ទ្រង់ ដោយមិនសេពគប់ជាមួយពួកសត្រូវរបស់ទ្រង់ និងដោយគាំទ្រព្រះយេហូវ៉ាក្នុងការដើរផ្សាយតាមផ្លូវការឬក្រៅផ្លូវការ។ យើងក៏ត្រូវស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់ចំពោះអង្គការដែលមើលឃើញរបស់ព្រះយេហូវ៉ាដែរ។ យើងត្រូវតែស្មោះត្រង់ចំពោះក្រុមជំនុំរបស់យើង ហើយស្មោះត្រង់ចំពោះគូរស្វាមីភរិយាខ្លួន។ ដោយស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់យ៉ាងជោគជ័យ យើងនឹងចូលរួមធ្វើឲ្យឃើញថាអធិបតេយ្យភាពរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ ហើយយើងនឹងនៅខាងទ្រង់ចំពោះរឿងនេះ។ ដោយហេតុនោះ យើងនឹងបានអនុគ្រោះពីទ្រង់ និងទទួលរង្វាន់នៃជីវិតអស់កល្បជានិច្ច។ អ្វីដែលសាវ័កប៉ុលបាននិយាយអំពីការគោរពប្រតិបត្ដិដល់ព្រះ ក៏អាចនិយាយអំពីយើងដែរ ដែលស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់។ នេះគឺមានប្រយោជន៍សំរាប់ជីវិតរបស់យើងនៅឥឡូវនេះ និងសំរាប់អ្វីដែលនឹងត្រូវមកដល់។—ទំនុកដំកើង ១៨:២៥; ធីម៉ូថេទី១ ៤:៨
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ក្នុងរបៀបណាដែលយើងអាចស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់ចំពោះព្រះ?
◻ តើសេចក្ដីស្មោះត្រង់ចំពោះអង្គការព្រះយេហូវ៉ាតម្រូវអ្វីពីយើង?
◻ តើពួកចាស់ទុំអាចស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់យ៉ាងណា?
◻ តើការសាកល្បងអ្វីដែលទាក់ទងសេចក្ដីស្មោះត្រង់ ដែលប្ដីប្រពន្ធគ្រីស្ទានត្រូវតែស៊ូទ្រាំបំពេញ?
◻ តើគុណសម្បត្ដិអ្វីដែលនឹងជួយយើងឲ្យស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់?
[រូបភាពនៅទំព័រ២៦]
សេចក្ដីស្មោះត្រង់ចំពោះសមាជិកនៃក្រុមជំនុំនឹងជួយពួកចាស់ទុំពីការប្រាប់រឿងសម្ងាត់
[រូបភាពនៅទំព័រ២៧]
សេចក្ដីស្មោះត្រង់រវាងប្ដីប្រពន្ធពង្រឹងចំណងនៃអាពាហ៍ពិពាហ៍