បំរើដោយស្មោះត្រង់ជាមួយអង្គការរបស់ព្រះយេហូវ៉ា
«ទ្រង់សម្ដែងសេចក្ដីស្មោះត្រង់ ចំពោះអ្នកណាដែលមានចិត្តស្មោះត្រង់»។—សាំយូអែលទី២ ២២:២៦, ព.ថ.
១, ២. តើមានគំរូនៃសេចក្ដីស្មោះត្រង់ណាខ្លះ ដែលយើងគ្រប់គ្នាអាចឃើញក្នុងក្រុមជំនុំ?
ក្នុងរាត្រីជ្រៅមួយ អ្នកចាស់ទុំម្នាក់រៀបចំការអធិប្បាយសំរាប់កិច្ចប្រជុំគ្រីស្ទាន។ គាត់ចង់ឈប់សំរាកដែរ តែគាត់ខំបន្តរៀបចំទៅទៀត ដោយខំស្វែងរកគំរូក្នុងព្រះគម្ពីរនិងរឿងប្រៀបប្រដូច ដែលនឹងទាក់ទាញហើយលើកទឹកចិត្តហ្វូងចៀម។ ក្នុងរាត្រីនៃកិច្ចប្រជុំនោះ ឪពុកម្ដាយដ៏អស់កម្លាំងមួយគូក្នុងក្រុមជំនុំជាមួយគ្នានេះ ក៏មានចិត្តចង់នៅឯផ្ទះ ប៉ុន្តែ ដោយអត់ធ្មត់ គេបានរៀបខ្លួនកូនចៅរបស់គេ ហើយក៏ទៅឯកិច្ចប្រជុំ។ ក្រោយពីកិច្ចប្រជុំ ពួកគ្រីស្ទានមួយក្រុមពិគ្រោះអំពីការអធិប្បាយរបស់អ្នកចាស់ទុំនោះ។ បងស្រីម្នាក់មានចិត្តប៉ុនប៉ងនិយាយថាបងប្រុសដដែលនេះ ពេលមួយបានធ្វើឲ្យគាត់ឈឺចិត្ត ប៉ុន្តែផ្ទុយទៅវិញ គាត់បាននិយាយយ៉ាងអបអរសាទរអំពីចំណុចដែលអ្នកចាស់ទុំនេះបានមានប្រសាសន៍មក។ តើអ្នកឃើញនូវដំណើររឿងដូចគ្នាក្នុងឆាកទាំងនេះទេ?
២ ដំណើររឿងនោះគឺសេចក្ដីស្មោះត្រង់។ អ្នកចាស់ទុំនោះបានខំប្រឹងដោយស្មោះត្រង់ ដើម្បីបំរើហ្វូងចៀមរបស់ព្រះ ឪពុកម្ដាយបានទៅឯកិច្ចប្រជុំដោយស្មោះត្រង់ បងស្រីម្នាក់នោះបានគាំទ្រដោយស្មោះត្រង់ដល់ពួកអ្នកចាស់ទុំ។ (ហេព្រើរ ១០:២៤, ២៥; ១៣:១៧; ពេត្រុសទី១ ៥:២) ត្រូវហើយ ក្នុងគ្រប់លក្ខណៈនៃជីវិត យើងឃើញរាស្ត្ររបស់ព្រះ បានប្ដេជ្ញាចិត្តបំរើដោយស្មោះត្រង់ជាមួយអង្គការរបស់ព្រះយេហូវ៉ា។
៣. ហេតុអ្វីក៏សំខាន់ម្ល៉េះ ដែលយើងនៅស្មោះត្រង់ចំពោះអង្គការលើផែនដីរបស់ព្រះយេហូវ៉ា?
៣ ពេលដែលព្រះយេហូវ៉ាទតមកក្រោមលើលោកីយ៍ដ៏ពុករលួយនេះ ទ្រង់ទតឃើញមានសេចក្ដីស្មោះត្រង់តិចណាស់។ (មីកា ៧:២) តើទ្រង់មានព្រះទ័យអរយ៉ាងណាទៅហ្ន៎ ពេលដែលទ្រង់ទតឃើញនូវសេចក្ដីស្មោះត្រង់នៃរាស្ត្ររបស់ទ្រង់! ត្រូវហើយ សេចក្ដីស្មោះត្រង់របស់អ្នកធ្វើឲ្យទ្រង់មានព្រះទ័យរីករាយ។ ប៉ុន្តែ នេះនឹងធ្វើឲ្យសាតាំង អ្នកបះបោរដើម មានកំហឹងយ៉ាងខ្លាំង ហើយសឲ្យឃើញថាវាជាអ្នកភូតភរ។ (សុភាសិត ២៧:១១; យ៉ូហាន ៨:៤៤) សូមទន្ទឹងចាំចុះ ថាសាតាំងនឹងខំបន្សាបសេចក្ដីស្មោះត្រង់របស់អ្នកចំពោះព្រះយេហូវ៉ា និងអង្គការលើផែនដីរបស់ទ្រង់។ សូមឲ្យយើងពិចារណាមើលនូវផ្លូវខ្លះៗ ដែលសាតាំងធ្វើបែបនេះ។ ដោយធ្វើដូច្នេះ យើងអាចមើលឃើញនូវរបៀបដែលយើងអាចនៅស្មោះត្រង់រហូតដល់ទីបញ្ចប់។—កូរិនថូសទី២ ២:១១
ការគិតលើភាពមិនគ្រប់ល័ក្ខណ៍អាចកាត់ស៊ីសេចក្ដីស្មោះត្រង់
៤. (ក) ហេតុអ្វីក៏ស្រួលក្នុងការមានទស្សនៈរិះគន់លើអស់អ្នកដែលមានអំណាច? (ខ) តើតាមរបៀបណាដែលកូរេ សឲ្យឃើញនូវចិត្តមិនស្មោះត្រង់ចំពោះអង្គការរបស់ព្រះយេហូវ៉ា?
៤ កាលណាបងប្រុសម្នាក់ទទួលភារៈច្រើន កំហុសរបស់គាត់ប្រហែលជាមើលឃើញកាន់តែច្រើន។ ជាការស្រួលណាស់ ក្នុងការរិះគន់‹មើលឃើញកំទេច ដែលនៅក្នុងភ្នែករបស់បងប្អូនយើង តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនយើង›! (ម៉ាថាយ ៧:១-៥) ប៉ុន្តែ ការមើលឃើញតែកំហុស ក៏អាចបណ្ដុះភាពមិនស្មោះត្រង់ដែរ។ ក្នុងការពន្យល់ សូមពិចារណាមើលនូវភាពខុសគ្នារវាងកូរេនិងដាវីឌ។ កូរេមានភារកិច្ចច្រើន ហើយគាត់ប្រហែលជាមានចិត្តស្មោះត្រង់ច្រើនឆ្នាំមកហើយ ប៉ុន្តែគាត់បានក្លាយទៅជាមនុស្សដែលប្រាថ្នាដ៏លើសលុប។ គាត់បានទៅជាតូចចិត្តនឹងអំណាចនៃម៉ូសេនិងអើរ៉ុន ដែលជាជីដូនមួយរបស់គាត់។ ថ្វីបើម៉ូសេជាមនុស្សដ៏រាបទាបក្នុងចំណោមបុរសទាំងឡាយ យ៉ាងជាក់ស្តែងណាស់ ដែលកូរេចាប់ផ្ដើមរកកំហុសគាត់។ គាត់ប្រហែលជារកឃើញកំហុសក្នុងម៉ូសេមែន។ ប៉ុន្តែ កំហុសទាំងនោះ មិនបង្ហាញនូវការសមហេតុផលនៃភាពមិនស្មោះត្រង់របស់កូរេ ចំពោះអង្គការរបស់ព្រះយេហូវ៉ាទេ។ គាត់បានត្រូវសម្លាប់ចោលពីចំណោមនៃក្រុមជំនុំ។—ជនគណនា ១២:៣; ១៦:១១, ៣១-៣៣
៥. ហេតុអ្វីក៏ដាវីឌប្រហែលជាមានចិត្តប៉ុនប៉ងក្នុងការបះបោរប្រឆាំងស្តេចសូល?
៥ ប៉ុន្តែ ដាវីឌបានបំរើក្រោមស្តេចសូល។ ពេលមួយសូលជាស្តេចដ៏ល្អ ប៉ុន្តែបានក្លាយទៅជាស្តេចដ៏អាក្រក់មួយអង្គ។ ដាវីឌត្រូវការជំនឿ ការស៊ូទ្រាំ ហើយព្រមទាំងការប៉ិនប្រសប់ផង ដើម្បីឲ្យរួចផុតពីពាធាដ៏ច្រណែនរបស់សូល។ ប៉ុន្តែ ពេលដែលដាវីឌមានឱកាសដើម្បីសងសឹកនោះ គាត់បាននិយាយថា ‹ពីទស្សនៈរបស់ព្រះយេហូវ៉ា គឺជាអ្វីដែលមិននឹករក› ដែលគាត់ត្រូវប្រព្រឹត្តការដ៏ឥតស្មោះត្រង់ ប្រឆាំងបុគ្គលដែលព្រះបានចាក់ប្រេងតាំង។—សាំយូអែលទី១ ២៦:១១
៦. ទោះជាយើងឃើញនូវភាពទន់ខ្សោយនិងកំហុសនៃពួកអ្នកចាស់ទុំ តើយើងមិនត្រូវធ្វើអ្វី?
៦ នៅពេលដែលអ្នកណាម្នាក់ ជាអ្នកនាំមុខក្នុងចំណោមយើង ហាក់ដូចជាមានការខុសក្នុងការថ្លឹងមើល និយាយដោយប្រើពាក្យខ្លាំងក្លា ឬក៏ហាក់ដូចជាបង្ហាញសេចក្ដីលំអៀង តើយើងនឹងត្អូញត្អែរអំពីគេ ប្រហែលជានាំឲ្យមានគំនិតរិះគន់ក្នុងក្រុមជំនុំឬ? តើយើងនឹងមិនមកកិច្ចប្រជុំគ្រីស្ទានក្នុងការតវ៉ាឬ? ប្រាកដជាអត់ទេ! ដូចដាវីឌ យើងមិនត្រូវឲ្យកំហុសរបស់អ្នកដទៃ ជំរុញឲ្យយើងទៅជាឥតស្មោះត្រង់ដល់ព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់ឡើយ!—ទំនុកដំកើង ១១៩:១៦៥
៧. តើមានការប្រព្រឹត្តដ៏ពុករលួយណាខ្លះ ដែលបានកើតឡើងក្នុងព្រះវិហារនៃក្រុងយេរូសាឡិម ហើយតើព្រះយេស៊ូមានអារម្មណ៍យ៉ាងណាអំពីរឿងនេះ?
៧ ព្រះយេស៊ូគ្រីស្ទ ជាគំរូនៃសេចក្ដីស្មោះត្រង់ដ៏ខ្ពង់ខ្ពស់ ដែលបានរៀបរាប់តាមទំនាយជា‹បុគ្គលស្មោះត្រង់›របស់ព្រះយេហូវ៉ា។ (ទំនុកដំកើង ១៦:១០) ការប្រើព្រះវិហារដ៏ពុករលួយក្នុងក្រុងយេរូសាឡិម ច្បាស់ជាធ្វើឲ្យពិបាកមានសេចក្ដីស្មោះត្រង់។ ព្រះយេស៊ូបានជ្រាបថា កិច្ចការរបស់សម្ដេចសង្ឃនិងយញ្ញបូជា បានតំណាងកិច្ចបំរើរបស់ទ្រង់និងការសោយទិវង្គតយញ្ញបូជា ហើយទ្រង់បានជ្រាបនូវសារៈសំខាន់ សំរាប់ឲ្យមនុស្សរៀនអំពីរឿងនេះ។ ដូច្នេះ ទ្រង់មានកំហឹងដ៏សុចរិត ពេលដែលទ្រង់ឃើញព្រះវិហារបានក្លាយទៅជា«រោងចោរ»។ ទ្រង់បានចាត់វិធានការពីរដងដើម្បីសំអាតព្រះវិហារ ដោយមានអំណាចដែលព្រះផ្ដល់មក។a—ម៉ាថាយ ២១:១២, ១៣; យ៉ូហាន ២:១៥-១៧
៨. (ក) តើព្រះយេស៊ូបានបង្ហាញសេចក្ដីស្មោះត្រង់ដល់ការរៀបចំនៃព្រះវិហារដោយយ៉ាងណា? (ខ) តើតាមរបៀបណាដែលយើងបង្ហាញថា យើងអបអរក្នុងការថ្វាយបង្គំព្រះយេហូវ៉ា ជាមួយអង្គការដ៏ស្អាតស្អំរបស់ទ្រង់?
៨ យ៉ាងណាក៏ដោយ ព្រះយេស៊ូបានគាំទ្រដ៏ស្មោះត្រង់នៃការរៀបចំខាងព្រះវិហារ។ ពីកុមារភាព ទ្រង់បានទៅធ្វើបុណ្យនៅឯព្រះវិហារ ហើយតែងតែបង្រៀននៅទីនោះ។ ទ្រង់ព្រមទាំងបង់ពន្ធព្រះវិហារ—ថ្វីបើទ្រង់មិនចាំបាច់ធ្វើក៏ដោយ។ (ម៉ាថាយ ១៧:២៤-២៧) ព្រះយេស៊ូបានសរសើរដល់ស្ត្រីមេម៉ាយដ៏ក្រម្នាក់ ដែលបានដាក់«របស់ដែលនាងមានទាំងប៉ុន្មានសំរាប់ចិញ្ចឹមជីវិតខ្លួន» ក្នុងឃ្លាំងព្រះវិហារ។ មិនយូរប៉ុន្មានក្រោយមក ព្រះយេហូវ៉ាបានបដិសេធព្រះវិហារនោះជាអចិន្ត្រៃយ៍។ ប៉ុន្តែទំរាំដល់ពេលនោះ ព្រះយេស៊ូបានមានព្រះទ័យស្មោះត្រង់ដល់ព្រះវិហារនោះ។ (ម៉ាកុស ១២:៤១-៤៤; ម៉ាថាយ ២៣:៣៨) អង្គការនៅលើផែនដីរបស់ព្រះសព្វថ្ងៃនេះ គឺខ្ពង់ខ្ពស់ជាងប្រព័ន្ធយូដាដែលមានព្រះវិហារនោះ។ ត្រូវហើយ នេះមិនមែនជាគ្រប់ល័ក្ខណ៍ទេ ម្ល៉ោះហើយបានជាមានការកែសម្រួលនៅពេលខ្លះៗ។ ប៉ុន្តែ អង្គការនេះមិនមែនពេញទៅដោយការពុករលួយ ហើយព្រះយេហូវ៉ាក៏នឹងមិនយកមួយថ្មីទៀតមកដាក់ជំនួសដែរ។ យើងមិនគួរអនុញ្ញាតឲ្យភាពមិនគ្រប់ល័ក្ខណ៍ដែលយើងឃើញ ទៅជាធ្វើឲ្យយើងជូរល្វីង ឬជំរុញយើងឲ្យមានគំនិតរិះគន់ ដ៏អវិជ្ជមាននោះឡើយ។ ផ្ទុយទៅវិញ សូមឲ្យយើងធ្វើតម្រាប់តាមសេចក្ដីស្មោះត្រង់របស់ព្រះយេស៊ូគ្រីស្ទ។—ពេត្រុសទី១ ២:២១
ភាពមិនគ្រប់ល័ក្ខណ៍របស់យើង
៩, ១០. (ក) តើតាមរបៀបណាដែលរបបលោកីយ៍របស់សាតាំងប្រើភាពឥតគ្រប់ល័ក្ខណ៍របស់យើង ក្នុងការល្បួងយើងឲ្យប្រព្រឹត្តឥតស្មោះត្រង់? (ខ) តើបុគ្គលម្នាក់ដែលប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរត្រូវតែធ្វើអ្វី?
៩ សាតាំងក៏ខំប្រឹងបណ្ដុះភាពឥតស្មោះត្រង់ ដោយប្រើភាពឥតគ្រប់ល័ក្ខណ៍របស់យើង។ លោកីយ៍របស់វាជញ្ជក់យកប្រយោជន៍ពីភាពទន់ខ្សោយរបស់យើង ដោយល្បួងយើងឲ្យធ្វើខុសក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា។ គួរឲ្យស្ដាយណាស់ រៀងរាល់ឆ្នាំមនុស្សរាប់ពាន់នាក់បានប្រព្រឹត្តអំពើឥតសីលធម៌។ អ្នកខ្លះបានធ្វើឲ្យភាពឥតស្មោះត្រង់ទៅជាធ្ងន់ឡើង ដោយប្រកបជីវភាពមុខពីរ ដែលបន្តដំណើរនៃអំពើខុសទំនង កាលដែលពុតជាពួកគ្រីស្ទានស្មោះត្រង់។ ក្នុងការតបឆ្លើយនឹងអត្ថបទមួយចំពោះប្រធាននេះក្នុង «យុវជនសួរ . . . » នៃទស្សនាវដ្ដី ភ្ញាក់រឭក! ស្ត្រីក្មេងម្នាក់បានសរសេរថា៖ «អត្ថបទទាំងនោះជាដំណើររឿងនៃជីវិតរបស់ខ្ញុំ»។ ដោយសម្ងាត់ នាងបានចងមិត្តភាពជាមួយយុវជន ដែលឥតមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ ជាលទ្ធផល? នាងបានសរសេរថា៖ «ជីវិតរបស់ខ្ញុំបានធ្លាក់ដុនដាប ហើយខ្ញុំបានប្រព្រឹត្តអំពើឥតសីលធម៌ ហើយបានត្រូវប្រដៅទូន្មាន។ ទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះយេហូវ៉ាបានបាក់បែក ហើយឪពុកម្ដាយខ្ញុំនិងពួកអ្នកចាស់ទុំ ក៏គ្មានការទុកចិត្តនឹងខ្ញុំដែរ»។b
១០ ក្មេងស្រីម្នាក់នេះបានទទួលជំនួយពីពួកអ្នកចាស់ទុំ ហើយក៏បានត្រឡប់មកបំរើព្រះយេហូវ៉ាដ៏ស្មោះត្រង់។ ប៉ុន្តែ គួរឲ្យសោកស្ដាយណាស់ មនុស្សជាច្រើនបានទទួលផលដ៏អាក្រក់ ហើយមិនបានត្រឡប់មកក្រុមជំនុំវិញទេ។ តើនឹងជាប្រសើរយ៉ាងណាទៅហ្ន៎ ក្នុងការឲ្យបានស្មោះត្រង់ ហើយទប់ទល់នឹងសេចក្ដីល្បួងក្នុងលោកីយ៍ដ៏អាក្រក់នេះ! ចូរធ្វើតាមឱវាទពីទស្សនាវដ្ដី ប៉មយាម និង ភ្ញាក់រឭក! លើរឿងបែបនេះ ដែលស្តីអំពីការសេពគប់ខាងលោកីយ៍និងគ្រឿងកំសាន្តដ៏ថោកទាប។ សូមឲ្យអ្នកកុំធ្លាក់ខ្លួនចូលក្នុងការប្រព្រឹត្តឥតស្មោះត្រង់ក្នុងគ្រាណាមួយនោះឡើយ។ ប៉ុន្តែ ប្រសិនបើកើតមានឡើងនោះ សូមកុំធ្វើពើឡើយ។ (ទំនុកដំកើង ២៦:៤) ផ្ទុយទៅវិញ ចូររកជំនួយ។ ឪពុកម្ដាយគ្រីស្ទាននិងពួកអ្នកចាស់ទុំ គេនឹងជួយអ្នកជាមិនខាន។—យ៉ាកុប ៥:១៤
១១. ហេតុអ្វីក៏ខុសក្នុងការគិតអំពីខ្លួនយើងជាអ្នកអាក្រក់ដ៏អស់សង្ឃឹម ហើយតើមានគំរូអ្វីក្នុងព្រះគម្ពីរដើម្បីជួយយើងឲ្យកែទស្សនៈបែបនេះ?
១១ ភាពឥតគ្រប់ល័ក្ខណ៍របស់យើង ប្រហែលជាធ្វើឲ្យគ្រោះថ្នាក់ដល់យើងក្នុងផ្លូវផ្សេងទៀត។ អ្នកខ្លះដែលប្រព្រឹត្តអំពើឥតស្មោះត្រង់ បានទាំងឈប់ខំផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ាផង។ ចូរចាំថា ដាវីឌបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរណាស់។ ប៉ុន្តែ ក្រោយពីសេចក្ដីស្លាប់របស់ដាវីឌយូរយារមក ព្រះយេហូវ៉ានៅចាំគាត់ជាអ្នកបំរើដ៏ស្មោះត្រង់ម្នាក់។ (ហេព្រើរ ១១:៣២; ១២:១) ហេតុអ្វី? ពីព្រោះគាត់មិនដែលឈប់ក្នុងការខំប្រឹងផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ាទេ។ សុភាសិត ២៤:១៦ ចែងថា៖ «មនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន»។ យ៉ាងប្រាកដណាស់ ប្រសិនបើយើងធ្លាក់ចូលអំពើបាបតិចតួច—ទោះជាម្ដងហើយម្ដងទៀត—ពីព្រោះនៃការទន់ខ្សោយដែលយើងកំពុងតែពុះពារនោះ យើងក៏ប្រហែលជានៅសុចរិតក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ាដែរ ប្រសិនបើយើងខំប្រឹង«ក្រោកឡើង»—គឺថា ប្រែចិត្តដោយស្មោះ ហើយចាប់ផ្ដើមកិច្ចបំរើស្មោះត្រង់វិញ។—ប្រៀបធៀប កូរិនថូសទី២ ២:៧
ចូរប្រុងប្រយ័ត្ននឹងបែបបទដែលចេះកលល្បិចនៃភាពឥតស្មោះត្រង់!
១២. ក្នុងករណីនៃពួកផារីស៊ី តើតាមរបៀបណាដែលទស្សនៈដ៏តឹងរ៉ឹង ដែលប្រកាន់ខ្ជាប់នឹងច្បាប់ នាំទៅដល់ភាពឥតស្មោះត្រង់?
១២ ភាពឥតស្មោះត្រង់ក៏មានមកពីបែបបទដែលចេះកលល្បិចដែរ។ ហើយនេះប្រហែលជាក្លែងក្លាយជាសេចក្ដីស្មោះត្រង់! ឧទាហរណ៍ ពួកផារីស៊ីនៃសម័យព្រះយេស៊ូ ប្រហែលជាបានគិតថាខ្លួនគេ ជាអ្នកស្មោះត្រង់ដ៏ឧត្តម។c ប៉ុន្តែ ពួកគេមិនបានមើលឃើញនូវភាពខុសគ្នារវាងជាអ្នកស្មោះត្រង់ និងជាអ្នកកាន់ច្បាប់របស់មនុស្សដ៏ឥតប្រែប្រួល ពីព្រោះគេជាពួកអ្នកតឹងរ៉ឹង ហើយជាពួកអ្នករិះគន់យ៉ាងខ្លាំង។ (ប្រៀបធៀប សាស្ដា ៧:១៦) ក្នុងរឿងនេះ តាមពិត ពួកគេគឺឥតស្មោះត្រង់ទៅវិញ—ចំពោះមនុស្ស គេគួរតែជាអ្នកបំរើ តាមតម្លៃច្បាប់ដែលគេអះអាងថាគេបង្រៀន ហើយចំពោះព្រះយេហូវ៉ាដែរ។ ផ្ទុយទៅវិញ ព្រះយេស៊ូបានស្មោះត្រង់ដល់តម្លៃច្បាប់ ដែលមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។ ដូច្នេះ ទ្រង់បានកសាងនិងបានលើកទឹកចិត្តមនុស្ស ដូចទំនាយទាំងឡាយអំពីព្រះមេស្ស៊ីបានទាយមកអញ្ចឹង។—អេសាយ ៤២:៣; ៥០:៤; ៦១:១, ២
១៣. (ក) តើតាមរបៀបណាដែលឪពុកម្ដាយគ្រីស្ទានអាចទៅជាឥតស្មោះត្រង់? (ខ) ហេតុអ្វីក៏ឪពុកម្ដាយត្រូវជៀសវាងពីការសាហាវ រិះគន់ ឬអវិជ្ជមានហួសហេតុ ក្នុងការប្រដៅកូនចៅរបស់គេ?
១៣ ពួកគ្រីស្ទានដែលមានអំណាចខ្លះ នឹងមានប្រយោជន៍យ៉ាងច្រើនពីគំរូរបស់ព្រះយេស៊ូចំពោះរឿងនេះ។ ជាឧទាហរណ៍ ឪពុកម្ដាយដែលស្មោះត្រង់ ដឹងថាគេត្រូវតែទូន្មានកូនចៅរបស់គេ។ (សុភាសិត ១៣:២៤) ប៉ុន្តែ គេត្រូវធ្វើឲ្យបានប្រាកដប្រជា ដែលគេមិនធ្វើឲ្យកូនចៅក្ដៅក្រហាយ ដោយទូន្មានដ៏ឃោរឃៅ ដែលធ្វើឡើងដោយកំហឹង ឬដោយរិះគន់មិនចេះចប់។ កូនចៅដែលមានអារម្មណ៍ថា គេមិនអាចបំពេញតាមចិត្តឪពុកម្ដាយរបស់គេ ឬមានចិត្តថា ការថ្វាយបង្គំរបស់ឪពុកម្ដាយគេ ធ្វើឲ្យគេមិនមានអារម្មណ៍ល្អ នោះកូនចៅអាចក្លាយទៅជាអាក់អន់ចិត្ត ហើយជាលទ្ធផល នឹងចាកចេញពីសេចក្ដីជំនឿពិត។—កូល៉ុស ៣:២១
១៤. តើតាមរបៀបណាដែលពួកអ្នកគង្វាលគ្រីស្ទានសឲ្យឃើញថាគេស្មោះត្រង់ដល់ហ្វូងចៀម?
១៤ ស្រដៀងគ្នាដែរ ពួកអ្នកចាស់ទុំនិងពួកអ្នកធ្វើដំណើរត្រួតពិនិត្យ យកចិត្តទុកដាក់ដល់បញ្ហានិងគ្រោះថ្នាក់ដែលហ្វូងចៀមប្រឈមមុខ។ ជាពួកអ្នកគង្វាលដ៏ស្មោះត្រង់ គេឲ្យឱវាទដែលត្រូវការ ដោយធ្វើឲ្យយ៉ាងណា ដែលគេមានហេតុការណ៍ពិតមុន ហើយដាក់មូលដ្ឋានលើអ្វីដែលគេនិយាយពីព្រះគម្ពីរ និងពីប្រកាសនវត្ថុរបស់សមាគម។ (ទំនុកដំកើង ១១៩:១០៥; សុភាសិត ១៨:១៣) គេក៏ដឹងដែរថា ពួកចៀមពឹងទៅលើគេសំរាប់ការលើកទឹកចិត្តនិងការបំប៉នអាហារខាងវិញ្ញាណ។ ដូច្នេះពួកគេនឹងខំធ្វើតាមព្រះយេស៊ូគ្រីស្ទ ដែលជាអ្នកគង្វាលល្អ។ ពួកគេបំរើដ៏ស្មោះត្រង់ដល់ចៀមរៀងរាល់សប្ដាហ៍ ក្នុងកិច្ចប្រជុំគ្រីស្ទាន—មិនមែនបំបាក់ទឹកចិត្តទេ ផ្ទុយទៅវិញ គឺលើកទឹកចិត្តនិងពង្រឹងជំនឿរបស់គេ។—ម៉ាថាយ ២០:២៨; អេភេសូរ ៤:១១, ១២; ហេព្រើរ ១៣:២០, ២១
១៥. តើតាមរបៀបណាដែលពួកខ្លះក្នុងសតវត្សទីមួយ បង្ហាញថាគេមានសេចក្ដីស្មោះត្រង់ដែលច្រឡំ?
១៥ បែបបទនៃភាពឥតស្មោះត្រង់ដ៏កលល្បិចមួយទៀត គឺសេចក្ដីស្មោះត្រង់ដែលច្រឡំ។ សេចក្ដីស្មោះត្រង់ពិតក្នុងព្រះគម្ពីរ មិនអនុញ្ញាតឲ្យយើងដាក់ចិត្តស្មោះណាមួយ មុននឹងសេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ាឡើយ។ ពួកយូដាជាច្រើនក្នុងសតវត្សទីមួយ បានកាន់ក្រិត្យវិន័យម៉ូសេ និងរបបលោកីយ៍យូដាយ៉ាងតឹងរ៉ឹង។ ប៉ុន្តែ គ្រារបស់ព្រះយេហូវ៉ាបានមកដល់ ក្នុងការផ្លាស់ប្ដូរពររបស់ទ្រង់ពីសាសន៍ដ៏បះបោរ ទៅឲ្យសាសន៍អ៊ីស្រាអែលខាងវិញ្ញាណ។ មានតែចំនួនតូចទេ ដែលមានចិត្តស្មោះត្រង់ដល់ព្រះយេហូវ៉ា ហើយទទួលយកការប្រែប្រួលដ៏ធំនេះ។ សូម្បីក្នុងចំណោមគ្រីស្ទានពិត ពួកយូដានិយមខ្លះទទូចចង់ត្រឡប់ទៅ«ឯបឋមសិក្សាខ្សោយ ហើយទាបថោក»នៃក្រិត្យវិន័យម៉ូសេ ដែលបានត្រូវសម្រេចដោយព្រះគ្រីស្ទ។—កាឡាទី ៤:៩; ៥:៦-១២; ភីលីព ៣:២, ៣
១៦. តើតាមរបៀបណាដែលពួកអ្នកបំរើស្មោះត្រង់នៃព្រះយេហូវ៉ា តបឆ្លើយដល់ការកែសម្រួល?
១៦ ផ្ទុយទៅវិញ រាស្ត្ររបស់ព្រះយេហូវ៉ាក្នុងសម័យនេះ បានសឲ្យឃើញថាគេមានចិត្តស្មោះត្រង់ ក្នុងគ្រាដែលមានការប្រែប្រួល។ កាលដែលពន្លឺនៃសេចក្ដីពិតកាន់តែភ្លឺឡើង ការកែសម្រួលក៏បានធ្វើឡើង។ (សុភាសិត ៤:១៨) នៅពេលថ្មីៗនេះ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› បានជួយយើងឲ្យធ្វើបានប្រសើរលើការយល់របស់យើងនៃពាក្យ «មនុស្សតំណនេះ» ដែលបានប្រើក្នុងម៉ាថាយ ២៤:៣៤ និងគ្រានៃការជំនុំជំរះនៃ«ចៀម» និង«ពពែ» ដែលបានរៀបរាប់មកក្នុងម៉ាថាយ ២៥:៣១-៤៦ ព្រមទាំងទស្សនៈរបស់យើងចំពោះកិច្ចបំរើស៊ីវិលខ្លះៗ។ (ម៉ាថាយ ២៤:៤៥) ប្រាកដហើយ ពួកអ្នកក្បត់ជំនឿខ្លះប្រហែលជាមានចិត្តរីករាយ ប្រសិនបើស្មរបន្ទាល់ព្រះយេហូវ៉ាបានកាន់យ៉ាងតឹងរ៉ឹងតាមការយល់មុននៃប្រធានបែបនេះ ហើយមិនព្រមជឿនទៅមុខនោះ។ គ្មានការប្រព្រឹត្តបែបនេះ។ ហេតុអ្វី? រាស្ត្ររបស់ព្រះយេហូវ៉ាគឺមានចិត្តស្មោះត្រង់។
១៧. តើតាមរបៀបណាដែលពួកស្ងួនភ្ងារបស់យើង សាកល្បងសេចក្ដីស្មោះត្រង់របស់យើងនៅពេលខ្លះ?
១៧ បញ្ហានៃសេចក្ដីស្មោះត្រង់ដែលច្រឡំ អាចមានឥទ្ធិពលមកលើយើងផ្ទាល់ខ្លួន។ ពេលដែលមិត្តជិតដិតម្នាក់ឬក៏សមាជិកគ្រួសារ ជ្រើសរើសដំណើរដែលបំពានលើគោលការណ៍ព្រះគម្ពីរ យើងប្រហែលជាមានអារម្មណ៍ថា សេចក្ដីស្មោះត្រង់របស់យើងកំពុងតែបានបាក់បែក។ ជាធម្មតា យើងមានចិត្តស្មោះត្រង់ចំពោះសមាជិកគ្រួសាររបស់យើង។ ប៉ុន្តែយើងមិនត្រូវទុកសេចក្ដីស្មោះរបស់យើងចំពោះគេ មុននឹងសេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ាឡើយ! (ប្រៀបធៀប សាំយូអែលទី១ ២៣:១៦-១៨) យើងមិនត្រូវជួយមនុស្សប្រព្រឹត្តអាក្រក់ ក្នុងការលាក់អំពើបាបធ្ងន់ធ្ងរ ឬគាំទ្រគេប្រឆាំងពួកអ្នកចាស់ទុំ ដែលខិតខំដើម្បី‹ដំរង់អ្នកនោះដោយចិត្តសុភាព›។ (កាឡាទី ៦:១) ប្រសិនបើយើងធ្វើដូច្នេះ នោះនឹងឥតមានចិត្តស្មោះត្រង់ដល់ព្រះយេហូវ៉ា ដល់អង្គការរបស់ទ្រង់ ហើយអ្នកស្ងួនភ្ងាម្នាក់ឡើយ។ ពីព្រោះ ដោយបង្ការបុគ្គលប្រព្រឹត្តបាបពីការទទួលទូន្មានដែលគាត់ត្រូវការនោះ បើនិយាយឲ្យចំទៅ គឺបាំងការសម្ដែងនៃសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា មិនឲ្យទៅដល់គាត់។ (ហេព្រើរ ១២:៥-៧) ចូរចាំដែរថា «របួសដែលមិត្តសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ»។ (សុភាសិត ២៧:៦) ការឲ្យឱវាទដ៏ចំៗដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ដែលមានមូលដ្ឋានលើបន្ទូលរបស់ព្រះ ប្រហែលជាធ្វើឲ្យរបួសដល់អំនួតនៃអ្នកស្ងួនភ្ងាម្នាក់ដែលធ្វើខុស ប៉ុន្តែនេះអាចទៅជាការសង្គ្រោះ ដល់យូរទៅ!
សេចក្ដីស្មោះត្រង់នឹងខំតស៊ូទោះមានសេចក្ដីបៀតបៀន
១៨, ១៩. (ក) តើស្តេចអ័ហាប់ចង់បានអ្វីពីណាបោត ហើយហេតុអ្វីក៏ណាបោតមិនឲ្យ? (ខ) តើសេចក្ដីស្មោះត្រង់របស់ណាបោតសមនឹងមានទេ? សូមពន្យល់។
១៨ ពេលខ្លះ ការប្រយុទ្ធរបស់សាតាំងលើសេចក្ដីស្មោះត្រង់របស់យើង គឺមានចំៗ។ ចូរពិចារណាករណីនៃណាបោត។ ពេលដែលស្តេចអ័ហាប់ បង្ខិតបង្ខំគាត់ឲ្យលក់ចំការទំពាំងបាយជូររបស់គាត់ គាត់បានតបថា៖ «សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យទូលបង្គំថ្វាយមរដករបស់ពួកឰយុកោទូលបង្គំ ដល់ព្រះករុណាឡើយ»។ (ពង្សាវតារក្សត្រទី១ ២១:៣) ណាបោតមិនមែនរឹងចចេសទេ តែគាត់មានចិត្តស្មោះត្រង់ទៅវិញ។ ក្រិត្យវិន័យម៉ូសេបានបង្គាប់ថា មិនឲ្យអ៊ីស្រាអែលលក់មរតកនៃស្រុកជានិច្ច។ (លេវីវិន័យ ២៥:២៣-២៨) យ៉ាងច្បាស់ណាស់ ណាបោតបានដឹងថា ស្តេចដ៏សាហាវនេះអាចសម្លាប់គាត់ ដ្បិតស្តេចអ័ហាប់បានអនុញ្ញាតជាយារបស់ទ្រង់ យេសិបិល ឲ្យសម្លាប់ពួកព្យាការីរបស់ព្រះយេហូវ៉ាជាច្រើនហើយ! ប៉ុន្តែ ណាបោតបានខំតស៊ូយ៉ាងមាំមួន។—ពង្សាវតារក្សត្រទី១ ១៨:៤
១៩ ជួនកាលសេចក្ដីស្មោះត្រង់ ក៏តម្រូវតម្លៃដែរ។ យេសិបិល ដោយមានជំនួយពី‹ពួកបុរសឥតបានការខ្លះ› បានឃុបឃិតទម្លាក់កំហុសលើណាបោត ចំពោះឧក្រិដ្ឋកម្មដែលគាត់មិនបានប្រព្រឹត្ត។ ជាលទ្ធផល គាត់និងកូនរបស់គាត់បានត្រូវគេសម្លាប់ចោល។ (ពង្សាវតារក្សត្រទី១ ២១:៧-១៦; ពង្សាវតារក្សត្រទី២ ៩:២៦) តើនេះមានសេចក្ដីថា សេចក្ដីស្មោះត្រង់របស់ណាបោតខុសឬ? អត់ទេ! ណាបោតគឺក្នុងចំណោមបុរសស្ត្រីជាច្រើន ដែល‹នៅរស់›ក្នុងគំនិតរបស់ព្រះយេហូវ៉ាឥឡូវនេះ ដោយគេងយ៉ាងសុខក្នុងផ្នូរ រហូតដល់គ្រានៃដំណើររស់ឡើងវិញ។—លូកា ២០:៣៨; កិច្ចការ ២៤:១៥
២០. តើតាមរបៀបណាដែលសេចក្ដីសង្ឃឹមជួយយើងឲ្យរក្សាសេចក្ដីស្មោះត្រង់?
២០ សេចក្ដីសន្យានៃដំណើររស់ឡើងវិញនេះ ផ្ដល់ឲ្យការទុកចិត្តដល់ពួកស្មោះត្រង់របស់ព្រះយេហូវ៉ាសព្វថ្ងៃនេះ។ យើងដឹងថា សេចក្ដីស្មោះត្រង់របស់យើងប្រហែលជានាំឲ្យយើងពិបាកណាស់ក្នុងលោកនេះ។ ព្រះយេស៊ូគ្រីស្ទបានបាត់បង់ជីវិតរបស់ទ្រង់ដោយសារសេចក្ដីស្មោះត្រង់ ហើយទ្រង់មានបន្ទូលប្រាប់ថាពួកអ្នកកាន់តាមទ្រង់ ក៏នឹងមានការប្រព្រឹត្តមកលើដូច្នេះដែរ។ (យ៉ូហាន ១៥:២០) ដូចជាសេចក្ដីសង្ឃឹមរបស់ទ្រង់ចំពោះអនាគតបានទ្រទ្រង់ព្រះយេស៊ូ នោះសេចក្ដីសង្ឃឹមរបស់យើងក៏អាចទ្រទ្រង់យើងបានដែរ។ (ហេព្រើរ ១២:២) ដូច្នេះ យើងអាចនៅស្មោះត្រង់ក្នុងការប្រឈមមុខនៃសេចក្ដីបៀតបៀន។
២១. តើការធានារ៉ាប់រងអ្វីដែលព្រះយេហូវ៉ាប្រទានដល់ពួកស្មោះត្រង់?
២១ ត្រូវហើយ មានយើងតិចណាស់សព្វថ្ងៃនេះ ដែលរងទុក្ខការប្រយុទ្ធចំៗលើសេចក្ដីស្មោះត្រង់របស់យើង។ ប៉ុន្តែ រាស្ត្ររបស់ព្រះប្រហែលជាជួបប្រទះការបៀតបៀនទៀត មុនទីបញ្ចប់នេះមកដល់។ តើតាមរបៀបណាដែល យើងអាចរក្សាសេចក្ដីស្មោះត្រង់របស់យើង? គឺដោយកាន់ខ្ជាប់នូវសេចក្ដីស្មោះត្រង់របស់យើងឥឡូវនេះ។ ព្រះយេហូវ៉ាបានប្រទានមុខងារដ៏ធំមួយដល់យើង—នោះគឺការផ្សព្វផ្សាយនិងបង្រៀនអំពីព្រះរាជាណាចក្ររបស់ទ្រង់។ សូមឲ្យយើងរក្សាដោយស្មោះត្រង់នឹងកិច្ចការដ៏សំខាន់នេះ។ (កូរិនថូសទី១ ១៥:៥៨) ប្រសិនបើយើងមិនអនុញ្ញាតឲ្យភាពឥតគ្រប់ល័ក្ខណ៍ បន្សាបសេចក្ដីស្មោះត្រង់របស់យើងពីអង្គការរបស់ព្រះយេហូវ៉ា ហើយប្រសិនបើយើងការពារពីបែបបទនៃភាពឥតស្មោះត្រង់ ជាសេចក្ដីស្មោះត្រង់ដែលច្រឡំ នោះយើងបានប្រុងប្រៀបបានល្អ បើកាលណាមានការសាកល្បងដល់សេចក្ដីស្មោះត្រង់របស់យើងចំពោះព្រះយេហូវ៉ា។ យ៉ាងណាក៏ដោយ យើងអាចទុកចិត្តជាប្រាកដថា ព្រះយេហូវ៉ាគឺមានព្រះហឫទ័យស្មោះត្រង់ដល់ពួកអ្នកបំរើរបស់ទ្រង់ជានិច្ច។ (សាំយូអែលទី២ ២២:២៦) ត្រូវហើយ ទ្រង់នឹងការពារពួកស្មោះត្រង់របស់ទ្រង់!—ទំនុកដំកើង ៩៧:១០
[កំណត់សម្គាល់]
a ព្រះយេស៊ូមានចិត្តក្លាហានណាស់ ក្នុងប្រយុទ្ធលើជំនួញដ៏មានកំរៃបែបនេះ។ យោងទៅតាមអ្នកប្រវត្ដិសាស្ត្រម្នាក់ ពន្ធព្រះវិហារបានត្រូវបង់ថ្លៃ តាមកាក់របស់យូដាពីបុរាណ។ ពួកភ្ញៀវជាច្រើនដែលទៅព្រះវិហារ ក៏ត្រូវដូរប្រាក់របស់គេដើម្បីនឹងបង់ពន្ធ។ អ្នកដូរប្រាក់បានត្រូវអនុញ្ញាតឲ្យដូរតាមកំណត់តម្លៃ ហើយក្រោយមក អ្នកដូរប្រាក់បានចំណេញជាច្រើន។
b សូមមើល ទស្សនាវដ្ដី ភ្ញាក់រឭក! នៃថ្ងៃទី២២ ខែធ្នូ ១៩៩៣ ថ្ងៃទី៨ ខែមករា ១៩៩៤; និង ថ្ងៃទី២២ ខែមករា ១៩៩៤ (ភាសាអង់គ្លេស)
c ភាតរភាពរបស់គេបានមកពីក្រុមហាស៊ីឌឹម ជាក្រុមដែលបានកើតឡើងរាប់សតវត្សមុន ដើម្បីប្រយុទ្ធឥទ្ធិពលក្រិក។ ហាស៊ីឌឹមបានយកឈ្មោះគេពីពាក្យហេព្រើរ ឆាស៊ីឌឹម មានន័យថា«ពួកស្មោះត្រង់»។ ប្រហែលជាគេយល់ថា បទគម្ពីរដែលបានចែងអំពី«ពួកស្មោះត្រង់»របស់ព្រះយេហូវ៉ា គឺទាក់ទងលើពួកគេក្នុងបែបបទដ៏ពិសេស។ (ទំនុកដំកើង ៥០:៥) ពួកគេ និងពួកផារីស៊ី ដែលមានឡើងក្រោយគេនោះ គឺជាពួកអធិមុត្ត ជាអ្នកការពារអក្សរច្បាប់ ដោយតែតាំងខ្លួនគេឡើង។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើតាមរបៀបណាដែលយើងជៀសវាងឲ្យភាពឥតគ្រប់ល័ក្ខណ៍នៃអ្នកដទៃ នាំឲ្យយើងទៅជាឥតស្មោះត្រង់?
◻ តាមវិធីណាខ្លះ ដែលភាពឥតគ្រប់ល័ក្ខណ៍របស់យើងនាំឲ្យយើងប្រព្រឹត្តឥតស្មោះត្រង់?
◻ តើតាមរបៀបណាដែលយើងអាចទប់ទល់ នឹងសេចក្ដីស្មោះត្រង់ដែលច្រឡំរបស់យើង?
◻ តើអ្វីដែលនឹងជួយយើងឲ្យរក្សាសេចក្ដីស្មោះត្រង់របស់យើង ក្នុងពេលមានសេចក្ដីបៀតបៀន?
[ប្រអប់នៅទំព័រ៩]
បំរើដោយស្មោះត្រង់នៅបេតអែល
«ត្រូវតែធ្វើការទាំងអស់តាមបែបគួរសម ហើយដោយលំដាប់លំដោយផង»។ នេះជាសេចក្ដីដែលប៉ុលបានសរសេរមក។ (កូរិនថូសទី១ ១៤:៤០) ប៉ុលដឹងថា ដើម្បីឲ្យក្រុមជំនុំដើរបានល្អ គឺត្រូវមាន‹របៀបរាបរយ› ជាអង្គការមួយ។ សព្វថ្ងៃនេះ ពួកអ្នកចាស់ទុំត្រូវតែសម្រេចចិត្តលើរឿងដែលមានប្រយោជន៍ ដូចជាការចាត់សមាជិកក្នុងក្រុមជំនុំទៅកន្លែងក្រុមសិក្សាផ្សេងៗ រៀបចំប្រជុំសំរាប់កិច្ចផ្សាយបំរើ ហើយពិនិត្យមើលតំបន់ផ្សាយ។ ការរៀបចំបែបនេះ មានពេលខ្លះត្រូវការល្បងមើលនៃសេចក្ដីស្មោះត្រង់។ នេះមិនមែនជាបញ្ជាដែលព្រះបានបណ្ដាលមកទេ ហើយមិនអាចបំពេញចិត្តនៃបុគ្គលគ្រប់គ្នាបានឡើយ។
តើអ្នកគិតថា ជាការពិបាកទេ នៅពេលខ្លះក្នុងការមានសេចក្ដីស្មោះត្រង់លើរបៀបរាបរយ ដែលបានធ្វើឡើងក្នុងក្រុមជំនុំគ្រីស្ទាន? បើជាការពិតមែន ឧទាហរណ៍នៃបេតអែល ប្រហែលជាអ្វីមួយដ៏មានប្រយោជន៍ចំពោះអ្នក។ ឈ្មោះបេតអែល ភាសាហេព្រើរមានន័យ ‹គេហដ្ឋានព្រះ› ជាឈ្មោះនៃគ្រប់ទាំង១០៤ការិយាល័យសាខានៃសមាគមប៉មយាម ដែលរួមបញ្ចូលមន្ទីរចាត់ការនៅស.រ.អា.។* ពួកអ្នកស្ម័គ្រដែលរស់នៅ និងធ្វើការនៅបេតអែល ចង់ឲ្យកន្លែងទាំងនេះបង្ហាញនូវការគោរពនិងសេចក្ដីស្ងើចដល់ព្រះយេហូវ៉ា។ នេះតម្រូវសេចក្ដីស្មោះត្រង់ពីបុគ្គលនិមួយៗ។
ពួកភ្ញៀវទៅលេងបេតអែល តែងតែនិយាយអំពីរបៀបរាបរយនិងការស្អាតស្អំ ដែលពួកគេបានឃើញនៅទីនោះ។ អ្នកធ្វើការមានរបៀបរាបរយហើយសប្បាយរីករាយ ពាក្យសំដីរបស់គេ របៀបរបប ហើយសូម្បីតែសំលៀកបំពាក់របស់គេ បញ្ចេញឲ្យឃើញនូវមនសិការដែលមានគំនិតចាស់ទុំ ដែលបានអប់រំពីព្រះគម្ពីរ។ សមាជិកគ្រួសារនៅបេតអែលទាំងអស់ សម្ដែងនូវសេចក្ដីស្មោះត្រង់ចំពោះខ្នាតគំរូនៃបន្ទូលរបស់ព្រះ។
ថែមទៀតនោះ គណៈអភិបាលផ្ដល់ឲ្យក្បួនសៀវភៅដែលមានចំណងជើងរស់នៅជាមួយគ្នាដោយសាមគ្គីភាព ដែលផ្ដល់របៀបរាបរយដ៏មានប្រយោជន៍ខ្លះៗ ដែលត្រូវការសំរាប់គ្រួសារធំ ដើម្បីធ្វើការជាមួយគ្នាឲ្យបានល្អ។ (ទំនុកដំកើង ១៣៣:១) ជាឧទាហរណ៍ មានទាក់ទងនឹងបន្ទប់គេង អាហារ អនាម័យ សំលៀកបំពាក់និងសំអិតសំអាង ហើយនិងរឿងស្រដៀងផ្សេងៗ។ សមាជិកគ្រួសារបេតអែលគាំទ្រស្មោះហើយកាន់ខ្ជាប់ចំពោះរបៀបរាបរយបែបនេះ សូម្បីតែសេចក្ដីស្រឡាញ់ផ្ទាល់ខ្លួនរបស់គេអាចនឹងនាំគេទៅផ្លូវផ្សេងក៏ដោយ។ ពួកគេមានទស្សនៈលើក្បួនសៀវភៅនេះ មិនមែនជាវិន័យនិងបទបញ្ជាដ៏ឥតមេត្ដាទេ ប៉ុន្តែជាគោលការណ៍មានប្រយោជន៍ ដែលមានគម្រោងការណ៍ដើម្បីធ្វើឲ្យមានសាមគ្គីភាពនិងការស្រុះស្រួលគ្នា។ អ្នកត្រួតពិនិត្យគឺស្មោះក្នុងការប្រព្រឹត្តគម្រោងការដែលមានមូលស្ថានលើព្រះគម្ពីរទាំងអស់នេះ ហើយពួកគេប្រើផ្លូវវិជ្ជមាន និងលើកទឹកចិត្តគ្រួសារបេតអែល ឲ្យស្វែងរកកិច្ចបរិសុទ្ធបេតអែលរបស់គេ។
* រោងចក្រ ការិយាល័យ និងអាគារសំរាប់លំនៅទាំងអស់នេះ មិនមែនជាមហាវិហារវិញ្ញាណ ឬគេហដ្ឋានទេ។ វិហារវិញ្ញាណរបស់ព្រះ គឺជារបៀបរាបរយសំរាប់ការថ្វាយបង្គំបរិសុទ្ធ។ (មីកា ៤:១) ដូច្នេះហើយ នេះមិនមែនពឹងលើរចនាសម័ពន្ធណាមួយនៅលើផែនដីឡើយ។
[ប្រអប់នៅទំព័រ១០]
អ្នកស្មោះត្រង់និងអ្នកកាន់តាមច្បាប់
កាលពីឆ្នាំ១៩១៦សព្វវចនាធិប្បាយនៃសាសនានិងជាតិពន្ធបានសម្គាល់ឃើញថា៖ «ភាពខុសគ្នារវាងអ្នកស្មោះត្រង់និងអ្នកកាន់តាមច្បាប់ ប្រហែលជាមានគ្រប់ពេលនិងគ្រប់ទីកន្លែង»។ ហើយពន្យល់ថា៖ «គឺមានអ្នកកាន់តាមច្បាប់ដែលធ្វើអ្វីដែលបានប្រាប់ឲ្យធ្វើ ឥតរំលងច្បាប់; គាត់មានជំនឿទៅលើពាក្យដែលបានចែងទុកមក។ ហើយមានអ្នកស្មោះត្រង់ដែលធ្វើដូច្នេះដែរ ប៉ុន្តែអាច . . . ទុកចិត្តបានច្រើនទៀត ដែលខំបំពេញភារកិច្ចរបស់គាត់អស់ពីសមត្ថភាព ដែលសម្រួលអាកប្បកិរិយា ដោយអនុលោមទៅតាមវិញ្ញាណនៃគោលបំណងដែលត្រូវនឹងបំរើ»។ ពេលក្រោយមក សព្វវចនាធិប្បាយដដែលនេះបានសង្កេតឃើញថា៖ «ដើម្បីឲ្យស្មោះត្រង់ គឺមានច្រើនជាងគ្រាន់តែគោរពច្បាប់ទៅទៀត។ . . . មនុស្សស្មោះត្រង់ខុសគ្នាពីមនុស្សគ្រាន់តែគោរពច្បាប់ ជាអ្នកបំរើដោយស្មោះអស់ពីចិត្តគំនិត . . . មិនស្ម័គ្រប្រព្រឹត្តអំពើបាបដោយតាមបញ្ជា ការបំភ្លេចមិនបំពេញភារកិច្ច ឬក៏មិនបណ្ដោយខ្លួនធ្លាក់ជាអ្នករងគ្រោះក្នុងបាបទាំងបីនេះឡើយ។