បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៦ ទំ. ១៩-២៣
  • មើលហ្ន៎! ពួកអ្នកស្មោះត្រង់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មើលហ្ន៎! ពួកអ្នកស្មោះត្រង់
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​ស្មោះ​ត្រង់​ជា​អ្វី​មួយ​ដ៏​ពិសេស
  • ព្រះ​យេហូវ៉ា ជា​បុគ្គល​ស្មោះ​ត្រង់​ដ៏​ខ្ពង់​ខ្ពស់
  • ព្រះ​យេស៊ូ​គ្រីស្ទ បុត្រា​ដ៏​ស្មោះ​ត្រង់
  • មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ដែល​ស្មោះ​ត្រង់
  • ពួកអ្នក​ស្មោះ​ត្រង់​ក្នុង​សម័យ​ទំនើប
  • ‹មានតែទ្រង់ដែលស្មោះត្រង់›
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ការស៊ូទ្រាំនឹងការសាកល្បងនៃសេចក្ដីស្មោះត្រង់
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • បំរើដោយស្មោះត្រង់ជាមួយអង្គការរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • តើការបង្ហាញភាពស្មោះត្រង់មានប្រយោជន៍ទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៦ ទំ. ១៩-២៣

មើលហ្ន៎! ពួក​អ្នក​ស្មោះ​ត្រង់

«ឱ​ព្រះ[យេហូវ៉ា]អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ កោត​ខ្លាច​ដល់​ទ្រង់ ហើយ​សរសើរ​ដំកើង​ដល់​ព្រះ​នាម​ទ្រង់ ដ្បិត​មាន​តែ​ទ្រង់​១​ដែល​[ស្មោះ​ត្រង់, ព.ថ.]»?—វិវរណៈ ១៥:៤

១. តើ​បង​ប្រុស​រ៉ូធើហ្វឺត​បាន​ថ្លែង​អ្វី​ខ្លះ អំពី​សេចក្ដី​ស្មោះ​ត្រង់​នៃ​បង​ប្រុស​រ៉ាសិល?

យ៉ូសែប រ៉ូធើហ្វឺត ដែល​បាន​ទទួល​តំណែង​ជា​ប្រធាន​នៃ​សមាគម​ប៉មយាម​ពីឆាល្ស រ៉ាសិល ក្នុង​ឆ្នាំ​១៩១៧ មាន​ប្រសាសន៍​នៅ​ឯ​ពិធី​បុណ្យ​ខ្មោច​ថា​៖ «ឆាល្ស ថេស្ស រ៉ាសិល មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ ស្មោះ​ត្រង់​ចំពោះ​ព្រះ​គ្រីស្ទ​យេស៊ូ ស្មោះ​ត្រង់​ចំពោះ​ព្រះ​រាជាណាចក្រ​របស់​ព្រះមេស្ស៊ី។ គាត់​មាន​ចិត្ត​ស្មោះ​ត្រង់​ណាស់—ត្រូវ​ហើយ ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់»។ ត្រូវ​ហើយ នេះ​ជា​ការ​ថ្លែង​អំណរគុណ​ដ៏​ល្អ ចំពោះ​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។ គ្មាន​សេចក្ដី​ដឹង​គុណ​ណា​ទៀត ដែល​យើង​អាច​ថ្លែង​ដល់​បុគ្គល​ណា​មួយ ក្រៅ​ពី​និយាយ​ថា​គាត់​ជាប់​ការ​សាកល្បង​នៃ​សេចក្ដី​ស្មោះ​ត្រង់ ដែល​ថា​គាត់​មាន​ចិត្ត​ស្មោះ​ត្រង់—ស្មោះ​ត្រង់​យ៉ាង​ខ្លាំង។

២, ៣. (ក) ហេតុ​អ្វី​ក៏​មាន​ការ​ពិបាក​ដើម្បី​ឲ្យ​បាន​ស្មោះ​ត្រង់? (ខ) តើ​អ្នក​ណា​ទៀត​ដែល​ប្រឆាំង​នឹង​ពួកគ្រីស្ទាន​ពិត​ដែល​ខំ​ឲ្យ​បាន​ស្មោះ​ត្រង់?

២ សេចក្ដី​ស្មោះ​ត្រង់​បង្កើត​ឲ្យ​មាន​ការ​ដ៏​ពិបាក​ណាស់។ ហេតុ​អ្វី? ពីព្រោះ​សេចក្ដី​ស្មោះ​ត្រង់​ប្រឆាំង​នឹង​ប្រយោជន៍​ខ្លួន​ឯង។ ក្នុង​ចំណោម​ពួក​អ្នក​ដែល​មិន​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ គឺ​ពួក​បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា។ ហើយ​សព្វ​ថ្ងៃ​នេះ ភាព​មិន​ស្មោះ​ត្រង់​ចំពោះ​ទំនាក់ទំនង​ក្នុង​អាពាហ៍ពិពាហ៍​ក៏​មាន​សុសសាយ​ជាង​ពី​មុន​ទៅ​ទៀត។ អំពើ​កំផិត​គឺ​មាន​ទូទៅ។ ភាព​មិន​ស្មោះ​ត្រង់​ក៏​មាន​ជា​ច្រើន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែរ។ ចំពោះ​រឿង​នេះ គេ​ប្រាប់​យើង​ថា​៖ «ពួក​ថៅកែ​និង​ពួក​ប្រកប​មុខការ​ជា​ច្រើន . . . ជឿ​ថា​មាន​តែ​មនុស្ស​ភ្លីភ្លើ​ទេ ដែល​មាន​ចិត្ត​ស្មោះ​ចំពោះ​ក្រុម​ហ៊ុន​របស់​គេ​សព្វ​ថ្ងៃ​នេះ»។ មនុស្ស​ដែល​«ស្មោះ​ត្រង់​ហួស​ហេតុ»​ត្រូវ​គេ​មើលងាយ។ «សេចក្ដី​ស្មោះ​ត្រង់​ដ៏​សំខាន់​គឺ​ចំពោះ​តែ​ខ្លួន​ឯង» នេះ​ជា​ពាក្យ​សំដី​របស់​ប្រធាន​ក្រុម​ហ៊ុន​ផ្ដល់​ឲ្យ​ឱវាទ​ចំពោះ​ការ​ចាត់​ការ​និង​បុគ្គលិក​នីតិប្រតិបត្ដិ។ ប៉ុន្តែ ការ​និយាយ​អំពី​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង គឺ​បន្ថោក​អត្ថន័យ​នៃ​ពាក្យ​នេះ។ នេះ​រំឭក​យើង​អំពី​អ្វី​ដែល​បាន​ចែង​មក​នៅ​មីកា ៧:២ ព.ថ. «ពួក​មនុស្ស​ស្មោះត្រង់​ចំពោះ​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ»។

៣ សាតាំង​និង​ពួក​បិសាច​របស់​វា​ប្រឆាំង​នឹង​យើង​រឹតតែ​ខ្លាំង​ឡើង ដោយ​ប្ដេជ្ញា​មិន​ឲ្យ​យើង​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គ្រីស្ទាន​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​អេភេសូរ ៦:១២ «ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់គ្រង ពួក​មាន​អំណាច នឹង​ពួក​ម្ចាស់​នៃ​សេចក្ដី​ងងឹត​នៅ​លោកីយ​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ»។ ត្រូវ​ហើយ យើង​ត្រូវ​តែ​ធ្វើ​តាម​ការ​ព្រមាន​នេះ​៖ «ចូរ​ឲ្យ​ដឹង​ខ្លួន​ហើយ​ចាំ​យាម​ចុះ​ព្រោះ​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា​វា​តែង​ដើរ​ក្រវែល​ទាំង​គ្រហឹម​ដូច​ជា​សិង្ហ​ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​ត្របាក់​លេប​បាន»។—ពេត្រុសទី១ ៥:៨

៤. តើ​ការ​ទោរ​ទន់​អ្វី​ដែល​ធ្វើ​ឲ្យ​ពិបាក​យ៉ាង​ខ្លាំង​នឹង​ស្មោះ​ត្រង់?

៤ អ្វី​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ពិបាក​សម្ដែង​សេចក្ដី​ស្មោះ​ត្រង់ នោះ​គឺ​ទំនោរ​ចិត្ត​ដ៏​កំណាញ់​ដែល​យើង​មាន​ជា​មរតក​ពី​ឪពុក​ម្ដាយ​របស់​យើង ដូច​បាន​ចែង​មក​នៅ​លោកុប្បត្តិ ៨:២១​៖ «គំនិត​ក្នុង​ចិត្ត​មនុស្ស នោះ​អាក្រក់»​—និង​ចិត្ត​កំណាញ់​«តាំង​តែ​ពី​ក្មេង​មក»។ យើង​គ្រប់ៗ​គ្នា​មាន​បញ្ហា​ដូច​សាវ័ក​ប៉ុល ដែល​គាត់​បាន​សារភាព​ថា​៖ «ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ»។—រ៉ូម ៧:១៩

សេចក្ដី​ស្មោះ​ត្រង់​ជា​អ្វី​មួយ​ដ៏​ពិសេស

៥, ៦. តើ​យើង​អាច​និយាយ​យ៉ាង​ណា​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់ ហើយ​តើ​គេ​បាន​ឲ្យ​អត្ថន័យ​យ៉ាង​ណា?

៥ «សេចក្ដី​ស្មោះ​ត្រង់» ជា​ពាក្យ​ដ៏​ពិសេស​មួយ។ ដូច្នេះ​សៀវភៅ​ឈ្មោះ ការ​ពិនិត្យ​មើល​ក្នុង​ព្រះ​គ្ពមីរ ចែង​ថា​៖ «គឺ​គ្មាន​ពាក្យ​អង់គ្លេស​ណា​ដែល​សម្ដែង​យ៉ាង​ចំ​នូវ​អត្ថន័យ​នៃ​ពាក្យ​ហេព្រើរ​និង​ក្រិក​នោះ​ឡើយ ប៉ុន្តែ‹សេចក្ដី​ស្មោះ​ត្រង់› រួម​បញ្ចូល​គំនិត​នៃ​ភក្ដីភាព​និង​ភាព​ស្មោះ​ពី​ចិត្ត នៅ​ពេល​ដែល​​ប្រើ​ចំពោះ​ព្រះ​និង​កិច្ច​បំរើ​របស់​ទ្រង់ ពាក្យ‹សេចក្ដី​ស្មោះ​ត្រង់›គឺ​មាន​អត្ថន័យ​គ្រប់គ្រាន់»។a ចំពោះ​«សេចក្ដី​ស្មោះ​ត្រង់» ទស្សនាវដ្ដី​ប៉មយាម ពេល​មួយ​បាន​ថ្លែង​ថា​៖ «ការ​សង្ឃឹម​ទៅ​លើ​បាន ភារកិច្ច សេចក្ដី​ស្រឡាញ់ កាតព្វកិច្ច សេចក្ដី​ស្មោះ​ចំពោះ។ តើ​ពាក្យ​ទាំង​នេះ​មាន​អ្វី​ដូច​គ្នា? ពាក្យ​ទាំង​នេះ​ជា​លក្ខណៈ​ផ្សេងៗ​នៃ​សេចក្ដី​ស្មោះ​ត្រង់»។ ត្រូវ​ហើយ គឺ​មាន​គុណធម៌​ជា​ច្រើន ដែល​ជា​លក្ខណៈ​ផ្សេងៗ​នៃ​សេចក្ដី​ស្មោះ​ត្រង់។ ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ ដែល​សេចក្ដី​ស្មោះ​ត្រង់​និង​សេចក្ដី​សុចរិត​គឺ​ទាក់ទង​គ្នា​ជា​ញឹកញាប់​ក្នុង​ព្រះ​គម្ពីរ។

៦ អត្ថន័យ​ជា​បន្ទាប់​ក៏​មាន​ប្រយោជន៍​ដែរ​៖ ‹សេចក្ដី​ស្មោះ​ត្រង់​អាច​បង្ហាញ​នូវ​ការ​សង្ឃឹម​ទៅ​លើ​បាន និង​សេចក្ដី​ស្មោះ​ចំពោះ ហើយ​មាំមួន​នឹង​ការ​មិន​ដាច់​ស្រេច​ឬ​ការ​ល្បួង›។ ‹សេចក្ដី​ស្មោះ​ត្រង់​បង្ហាញ​នូវ​ការ​សង្ឃឹម​ទៅ​លើ​បាន​ចំពោះ​ពាក្យ​សន្យា​របស់​ខ្លួន ឬ​សេចក្ដី​ស្មោះ​ចំពោះ​ស្ថាប័ន ឬ​គោលការណ៍​ដែល​ខ្លួន​គិត​ថា​ជា​តម្រូវ​ខាង​សីលធម៌​របស់​ខ្លួន។ ពាក្យ​នេះ​មិន​គ្រាន់​តែ​ប្រាប់​អំពី​ការ​កាន់​យ៉ាង​ខ្ជាប់​ប៉ុណ្ណោះ តែ​ប្រាប់​ពី​ការ​ទប់ទល់​នឹង​ការ​ល្បួង​ដែល​ធ្វើ​ឲ្យ​លែង​កាន់​ខ្ជាប់ខ្ជួន›។ ដូច្នេះ មនុស្ស​ដែល​នៅ​មាន​ចិត្ត​ស្មោះ​ត្រង់ ថ្វី​បើ​មាន​ការ​សាកល្បង ការ​ប្រឆាំង និង​ការ​បៀតបៀន គឺ​សម​នឹង​ត្រូវ​ហៅ​ថា​«ស្មោះ​ត្រង់»។

៧. តើ​សេចក្ដី​ស្មោះ​ត្រង់​និង​ការ​សង្ឃឹម​ទៅ​លើ​បាន ខុស​គ្នា​យ៉ាង​ណា?

៧ ប៉ុន្តែ ចំពោះ​សេចក្ដី​ស្មោះ​ត្រង់​នេះ ប្រហែល​ជា​ការ​ល្អ​ក្នុង​ការ​ពន្យល់​ឲ្យ​ឃើញ​ច្បាស់​រវាង​សេចក្ដី​ស្មោះ​ត្រង់ និង​ការ​សង្ឃឹម​ទៅ​លើ​បាន។ ក្នុង​សហរដ្ឋ​អាមេរិក​ខាង​លិច គឺ​មាន​ទឹក​ក្ដៅ​ផុស​ពី​ដី​ប្រហែល​រៀង​រាល់​ម៉ោង។ នេះ​គឺ​មាន​ទៀងទាត់​ដល់​ម្ល៉េះ ដែល​ត្រូវ​បាន​គេ​ហៅ​ថា របស់​ដែល​សង្ឃឹម​ទៅ​លើ​បាន។ ព្រះ​គម្ពីរ​ចែង​អំពី​របស់​ដែល​គ្មាន​ជីវិត​រស់​រវើក​បែប​នេះ ដូច​ជា​លោក​ខែ​ជា​អ្វី​ដែល​ទុក​ចិត្ត​ទៅ​លើ​បាន។ ទំនុកដំកើង ៨៩:៣៧ ចែង​អំពី​លោក​ខែ​ជា​«ទី​សំគាល់​[សង្ឃឹម​ទៅ​លើ​បាន, ព.ថ.]ដែល​នៅ​លើ​មេឃ»។ បន្ទូល​របស់​ព្រះ​ត្រូវ​បាន​ហៅ​ជា​អ្វី​ដែល​សង្ឃឹម​ទៅ​លើ​បាន។ វិវរណៈ ២១:៥ ចែង​ថា​៖ «ឯ​ព្រះ​អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​បន្ទូល​ថា​៖ ‹មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី›។ រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា​៖ ‹ចូរ​សរសេរ​ទុក​ចុះ ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ​ហើយ​គួរ​ជឿ› »។ ឧទាហរណ៍​ទាំង​នេះ​គឺ​សង្ឃឹម​ទៅ​លើ​បាន ទុក​ចិត្ត​ទៅ​លើ​បាន តែ​មិន​អាច​សម្ដែង​សេចក្ដី​ស្រឡាញ់​ឬ​អាច​មាន​គុណសម្បត្ដិ​នៃ​សីលធម៌ ដូច​ជា​សេចក្ដី​ស្មោះ​ត្រង់​បាន​ឡើយ។

ព្រះ​យេហូវ៉ា ជា​បុគ្គល​ស្មោះ​ត្រង់​ដ៏​ខ្ពង់​ខ្ពស់

៨. តើ​ភស្តុតាង​អ្វី​ក្នុង​ព្រះ​គម្ពីរ​ដែល​សម្គាល់​នូវ​គំរូ​ដ៏​ល្អ​ជាង​គេ​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់?

៨ គឺ​គ្មាន​ចម្ងល់​ឡើយ ព្រះ​យេហូវ៉ា​ជា​គំរូ​ដ៏​ល្អ​នៃ​ការ​សម្ដែង​សេចក្ដី​ស្មោះ​ត្រង់។ ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​ស្មោះ​ត្រង់​ចំពោះ​មនុស្ស​លោក ថែម​ទាំង​ប្រទាន​រាជបុត្រា​របស់​ទ្រង់ ដើម្បី​ឲ្យ​មនុស្ស​អាច​ទទួល​ជីវិត​អស់កល្ប​ជានិច្ច។ (យ៉ូហាន ៣:១៦) យេរេមា ៣:១២ យើង​អាន​ថា​៖ « ‹ឱ​អ៊ីស្រាអែល ជា​ពួក​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មិន​បំភ័យ​ឯង​ដោយ​ទឹក​មុខ​អញ​ទេ ដ្បិត​អញ​មាន​សេចក្ដី​មេត្ដា› ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹អញ​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ› »។ ការ​បញ្ជាក់​ថែម​ទៀត​នៃ​សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា គឺ​ជា​ពាក្យ​ដែល​បាន​កត់​ទុក​មក​ក្នុង​វិវរណៈ ១៦:៥​៖ «ឱ​ព្រះ​ដ៏​គង់​នៅ ហើយ​បាន​គង់​នៅ​តាំង​ពីដើម​រៀង​មក​អើយ ដែល​ទ្រង់​បាន​ជំនុំជំរះ​កាត់​ទោស​ដូច្នេះ នោះ​សុចរិត​ហើយ»។ រួច​មក​ម្ដង​ទៀត ក្នុង​ទំនុកដំកើង ១៤៥:១៧ យើង​អាន​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ចការ​របស់​ទ្រង់​ដែរ»។ តាម​ការ​ពិត ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​ស្មោះ​ត្រង់​ដ៏​អស្ចារ្យ​ដល់​ម្ល៉េះ ដែល​វិវរណៈ ១៥:៤ ចែង​ថា​៖ «ឱ​[ព្រះ​យេហូវ៉ា]អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ កោត​ខ្លាច​ដល់​ទ្រង់ ហើយ​សរសើរ​ដំកើង​ដល់​ព្រះ​នាម​ទ្រង់ ដ្បិត​មាន​តែ​ទ្រង់​១​ដែល​[ស្មោះ​ត្រង់]»។ ព្រះ​យេហូវ៉ា​គឺ​មាន​ព្រះទ័យ​ស្មោះ​ត្រង់​ល្អ​ដាច់​គេ។

៩, ១០. តើ​ប្រវត្ដិ​នៃ​សេចក្ដី​ស្មោះ​ត្រង់​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ ក្នុង​ការ​ទាក់ទង​ជា​មួយ​សាសន៍​អ៊ីស្រាអែល​របស់​ទ្រង់?

៩ ប្រវត្ដិ​នៃ​សាសន៍​អ៊ីស្រាអែល មាន​ភស្តុតាង​ជា​ច្រើន​នៃ​សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ប្រជា​រាស្ត្រ​របស់​ទ្រង់។ ក្នុង​សម័យ​ពួក​ចៅក្រម សាសន៍​អ៊ីស្រាអែល​បាន​លះបង់​ការ​ថ្វាយ​បង្គំ​ពិត​ម្ដង​ហើយ​ម្ដង​ទៀត តែ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​អាណិត​ដល់​គេ​ជា​ញឹកញាប់​ហើយ​សង្គ្រោះ​ពួក​គេ។ (ពួក​ចៅហ្វាយ ២:១៥​-​២២) ក្នុង​ប្រាំ​សតវត្ស​ដែល​សាសន៍​អ៊ីស្រាអែល​មាន​ស្តេច​សោយ​រាជ្យ ព្រះ​យេហូវ៉ា​សម្ដែង​សេចក្ដី​ស្មោះ​ត្រង់​ដល់​សាសន៍​នោះ។

១០ សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ទ្រង់​អត់ធ្មត់​នឹង​ប្រជា​រាស្ត្រ​របស់​ទ្រង់ ដូច​បាន​កត់​ទុក​មក​ក្នុង​របាក្សត្រទី២ ៣៦:១៥, ១៦​៖ «ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ទ្រង់​បាន​ចាត់​ទូត​ទ្រង់​ឲ្យ​ទៅ​ឯ​គេ ទាំង​ក្រោក​ពី​ព្រលឹម​នឹង​ចាត់​គេ​ផង ដ្បិត​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​មេត្ដា​ដល់​រាស្ត្រ​ទ្រង់ ហើយ​ដល់​ទីលំនៅ​ទ្រង់។ តែ​គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើលងាយ​ដល់​ព្រះ​បន្ទូល​ទ្រង់ ព្រម​ទាំង​ឡកឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់តែ​រក​កែខៃ​មិន​បាន​ឡើយ»។

១១. តើ​សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​យើង​នូវ​ការ​ធានា​អះអាង​ឬ​សម្រាល​ទុក្ខ​អ្វី?

១១ ពីព្រោះ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​ស្មោះ​ត្រង់​ដ៏​ឧត្តម សាវ័ក​ប៉ុល​អាច​សរសេរ ដូច​កត់​ទុក​មក​ក្នុង រ៉ូម ៨:៣៨, ៣៩​៖ «ដ្បិត​ខ្ញុំ​ជឿជាក់​ថា​ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិឫទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្ដី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ»។ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​ធានា​អះអាង​យើង​ថា​៖ «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះបង់​ចោល​ឯង​ឡើយ»។ (ហេព្រើរ ១៣:៥) យ៉ាង​ប្រាកដ​ណាស់ ជា​ការ​ដ៏​សម្រាល​ទុក្ខ​មួយ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​តែង​តែ​មាន​ព្រះទ័យ​ស្មោះ​ត្រង់!

ព្រះ​យេស៊ូ​គ្រីស្ទ បុត្រា​ដ៏​ស្មោះ​ត្រង់

១២, ១៣. តើ​ភស្តុតាង​អ្វី​ដែល​យើង​មាន​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់​នៃ​រាជបុត្រា​របស់​ព្រះ?

១២ ព្រះ​យេស៊ូ​គ្រីស្ទ​ជា​បុគ្គល​ដែល​កាន់​តាម​គំរូ​ល្អ​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​នៃ​សេចក្ដី​ស្មោះ​ត្រង់។ ដោយ​ត្រឹម​ត្រូវ សាវ័ក​ពេត្រុស​អាច​ដក​ស្រង់​ចេញ​ពី​ទំនុកដំកើង ១៦:១០ ហើយ​សំដៅ​ពាក្យ​នេះ​ទៅ​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ​ក្នុង កិច្ចការ ២:២៧ «ដ្បិត​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូល​បង្គំ ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក​រលួយ​ដែរ»។ ព្រះ​យេស៊ូ​គ្រីស្ទ​សម​ហៅ​ជា‹បុគ្គល​ស្មោះ​ត្រង់›។ គ្រប់​វិធី​ទាំង​អស់ ទ្រង់​មាន​ព្រះទ័យ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​វរបិតា​របស់​ទ្រង់ ហើយ​ចំពោះ​សេចក្ដី​សន្យា​នៃ​ព្រះ​រាជាណាចក្រ។ សាតាំង​នៅ​ដើម​ដំបូង​បាន​ខំ​បំបាក់​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​ព្រះយេស៊ូ ដោយ​ប្រើ​ល្បួង​ដែល​ទាញ​ឲ្យ​គិត​តែ​ប្រយោជន៍​ខ្លួន។ ដោយ​បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​នេះ អារក្ស​ក៏​ធ្វើ​ការ​បៀតបៀន រហូត​ទាំង​ធ្វើ​គត់​ដល់​ព្រះ​យេស៊ូ​លើ​បង្គោល​ឈើ។ ព្រះ​យេស៊ូ​មិន​ដែល​ងាក​ចេញ​ពី​ការ​សម្ដែង​សេចក្ដី​ស្មោះ​ត្រង់​ដល់​ព្រះ​វរបិតា​នៃ​ស្ថានសួគ៌ គឺ​ព្រះ​យេហូវ៉ា​ឡើយ។—ម៉ាថាយ ៤:១​-​១១

១៣ ព្រះ​យេស៊ូ​គ្រីស្ទ​មាន​ព្រះទ័យ​ស្មោះ​ត្រង់​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់ ដោយ​ចាំ​ពាក្យ​សន្យា​ដែល​កត់​ទុក​មក​ក្នុង​ម៉ាថាយ ២៨:២០​៖ «មើល! ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»។ ក្នុង​ការ​សម្រេច​តាម​ពាក្យ​សន្យា​នោះ ទ្រង់​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​ដោយ​ស្មោះ​ត្រង់​ទៅ​លើ​ក្រុមជំនុំ​របស់​ទ្រង់ តាំង​ពី​បុណ្យ​ភិន្ដាកុស​ក្នុង​ឆ្នាំ​៣៣ស.យ.មក​ទល់​ឥឡូវ​នេះ។

មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ដែល​ស្មោះ​ត្រង់

១៤. តើ​យ៉ូប​បាន​ទុក​គំរូ​នៃ​សេចក្ដី​ស្មោះ​ត្រង់​យ៉ាង​ណា?

១៤ ឥឡូវ​នេះ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍? តើ​ពួក​គេ​អាច​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ទេ? យើង​មាន​ឧទាហរណ៍​ដ៏​អស្ចារ្យ​នៃ​យ៉ូប។ សាតាំង​បាន​ធ្វើ​ឲ្យ​រឿង​នេះ​ឃើញ​ច្បាស់​ក្នុង​ករណី​របស់​គាត់។ តើ​យ៉ូប​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ក៏​គាត់​បំរើ​ទ្រង់​ពីព្រោះ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន? សាតាំង​បាន​អួត​ថា វា​អាច​បំបែរ​យ៉ូប​ពី​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​យ៉ូប។ ពេល​ដែល​យ៉ូប​បាន​បាត់បង់​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំង​អស់ កូន​ចៅ​របស់​គាត់ ព្រម​ទាំង​សុខភាព​របស់​គាត់​ផង​នោះ ប្រពន្ធ​របស់​គាត់​ដាស់​តឿន​គាត់​ថា​៖ «ចូរ​ប្រមាថ​ដល់​ព្រះ​ហើយ​ស្លាប់​ទៅ​ចុះ»។ ប៉ុន្តែ​យ៉ូប​នៅ​មាន​ចិត្ត​ស្មោះ​ត្រង់ ដ្បិត​គាត់​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ « ‹ឯង​និយាយ​ដូច​ជា​ស្រី​ឆោត​ល្ងង់​ទេ ម៉េច យើង​ទទួល​សេចក្ដី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្ដី​អាក្រក់​ដែរ​ទេ​ឬ›? ក្នុង​គ្រប់​ទាំង​សេចក្ដី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​បបូរមាត់​ទេ»។ (យ៉ូប ២:៩, ១០) តាម​ការ​ពិត ចំពោះ​អស់​អ្នក​ដែល​បម្រុង​នឹង​សម្រាល​ទុក្ខ​គាត់​នោះ យ៉ូប​មាន​ប្រសាសន៍​ថា​៖ «ទោះ​បើ​ទ្រង់​សំឡាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ»។ (យ៉ូប ១៣:១៥) ដូច្នេះ​ហើយ បាន​ជា​ព្រះ​យេហូវ៉ា​ព្រម​ទទួល​យក​យ៉ូប! ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អេលីផាស​ជា​សាសន៍​ថេម៉ាន​ថា​៖ «អញ​មាន​សេចក្ដី​កំហឹង​ខឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូកន​ឯង​ទាំង​២​នេះ​ផង ដ្បិត​ឯង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ»។—យ៉ូប ៤២:៧, ១០​-​១៦; យ៉ាកុប ៥:១១

១៥. តើ​យើង​មាន​ភស្តុតាង​អ្វី​ក្នុង​ព្រះ​គម្ពីរ ចំពោះ​សេចក្ដី​ស្មោះ​ត្រង់​នៃ​ពួក​អ្នក​បំរើ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា?

១៥ ពួក​បុរស​និង​ពួក​ស្ត្រី​ដែល​មាន​ជំនឿ ដែល​បាន​រៀប​រាប់​មក​ក្នុង​សៀវភៅ​ហេព្រើរ ជំពូក១១ អាច​ចាត់​ទុក​ជា​ពួក​បុគ្គល​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ ពួក​គេ​មិន​គ្រាន់​តែ​អាច​សង្ឃឹម​ទៅ​លើ​បាន តែ​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​សេចក្ដី​លំបាក​យ៉ាង​ខ្លាំង។ ដូច្នេះ​ហើយ យើង​អាន​ចំពោះ​អស់​អ្នក​«ដោយសារ​សេចក្ដី​ជំនឿ . . . បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ . . . ខ្លះ​ត្រូវ​គេ​ធ្វើ​ទុក្ខ​វេទនា ឥត​ទទួល​ការ​ប្រោស​លោះ ឲ្យ​រួច​ឡើយ គឺ​ដើម្បី​ឲ្យ​បាន​រស់​ឡើង​វិញ​បែប​ប្រសើរ​ជាង ខ្លះ​ទៀត​ត្រូវ​សេចក្ដី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង នឹង​ជាប់​គុក​ផង ត្រូវ​គេ​ចោល​នឹង​ថ្ម ល្បួង ហើយ​អារ​បណ្ដាច់ ក៏​ត្រូវ​ស្លាប់​នឹង​ដាវ ត្រូវ​ដើរ​វីមវាម ទាំង​ស្លៀក​ស្បែក​ចៀម នឹង​ស្បែក​ពពែ ត្រូវ​កំសត់​ទុគ៌ត ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​បាប»។—ហេព្រើរ ១១:៣៣​-​៣៧

១៦. តើ​សាវ័ក​ប៉ុល​ផ្ដល់​ឲ្យ​គំរូ​នៃ​សេចក្ដី​ស្មោះ​ត្រង់​យ៉ាង​ណា?

១៦ បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​ក៏​ផ្ដល់​ឲ្យ​គំរូ​ដ៏​គួរ​ឲ្យ​អស្ចារ្យ​របស់​សាវ័ក​ប៉ុល។ គាត់​អាច​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ដល់​ពួក​គ្រីស្ទាន​ថែស្សាឡូនីច ចំពោះ​ការ​ផ្សាយ​របស់​គាត់​ថា​៖ «អ្នក​រាល់​គ្នា​ហើយ​ព្រះ​ផង ជា​ស្មរបន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ជឿ បែប​យ៉ាង​ណា ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន»។ (ថែស្សាឡូនីចទី១ ២:១០) យើង​មាន​ភស្តុតាង​ថែម​ទៀត​នៃ​សេចក្ដី​ស្មោះ​ត្រង់​របស់​ប៉ុល​ក្នុង​ពាក្យ​របស់​គាត់ ដែល​បាន​កត់​ទុក​មក​ក្នុង​កូរិនថូសទី២ ៦:៤, ៥ យើង​អាន​ថា​៖ «ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​យើង​ខ្ញុំ​ខំ​ផ្ទុក​ផ្ដាក់​ខ្លួន ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ គឺ​ក្នុង​ការ​ទ្រាំទ្រ​ជា​ច្រើន ក្នុង​ការ​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត​ចង្អល់ កាល​គេ​វាយ ដាក់​គុក កើត​វឹកវរ ក្នុង​ការ​នឿយ​ហត់ ចាំ​យាម តម​អត់»។ របស់​ទាំង​នេះ​គឺ​ជា​ភស្តុតាង​ថា​សាវ័ក​ប៉ុល​មាន​ការ​គោរព​ខ្លួន ពីព្រោះ​គាត់​មាន​ចិត្ត​ស្មោះ​ត្រង់។

ពួកអ្នក​ស្មោះ​ត្រង់​ក្នុង​សម័យ​ទំនើប

១៧. តើ​ពាក្យ​អ្វី​របស់​បង​ប្រុស​រ៉ូធើហ្វឺ​ត ដែល​បាន​បង្ហាញ​ការ​ប្ដេជ្ញា​របស់​គាត់​ឲ្យ​បាន​ស្មោះ​ត្រង់?

១៧ ក្នុង​សម័យ​ទំនើប​នេះ យើង​មាន​គំរូ​ដ៏​ល្អ​ដែល​បាន​ពិចារណា​ក្នុង​វគ្គ​ដំបូង​នៃ​អត្ថបទ​នេះ។ ចូរ​កត់​សម្គាល់​នូវ​អ្វី​ដែល​បាន​ចែង​មក​ក្នុង​សៀវភៅ​ដែល​មាន​ឈ្មោះ សន្ដិភាព​ក្នុង​ពិភពលោក​ក្រោម​«ម្ចាស់​នៃ​មេត្រីភាព» ក្នុង​ទំព័រ ១៤៦ ក្រោម​ចំណង​ជើង «សេចក្ដី​ស្មោះ​ត្រង់​ក្នុង​កំឡុង​ពេល​ជាប់​គុក»។ នៅ​ទី​នោះ គឺ​បាន​ចែង​ថា​៖ «ការ​សម្ដែង​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ក្នុង​កំឡុង​ពេល​ជាប់​គុក ប្រធាន​ទី​មួយ​នៃ​សមាគម​ប៉មយាម យ៉ូសែប រ៉ូធើហ្វឺត នៅ​ខែ​ធ្នូ ថ្ងៃ​ទី២៥១៩១៨ បាន​សរសេរ​សេចក្ដី​ជា​បន្ទាប់​ថា​៖ ‹ពីព្រោះ​ខ្ញុំ​មិន​ចុះ​ចូល​នឹង​បាប៊ីឡូន​ដ៏​ធំ ប៉ុន្តែ​ខំ​បំរើ​ព្រះ​អម្ចាស់​របស់​ខ្ញុំ​ដ៏​ស្មោះ​ត្រង់ ខ្ញុំ​នៅ​ក្នុង​គុក ហើយ​ខ្ញុំ​មាន​អំណរគុណ​ណាស់។ . . . ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​ខ្ញុំ ជាជាង​ចុះ​ចូល​នឹង​សត្វ​សាហាវ​ហើយ​រួច​ចេញ​ពី​គុក ឲ្យ​មនុស្ស​លោក​សរសើរ​នោះ​ឡើយ› »។b

១៨, ១៩. តើ​មាន​គំរូ​ដ៏​ល្អ​អ្វី​ខ្លះ​នៃ​សេចក្ដី​ស្មោះ​ត្រង់​ក្នុង​សម័យ​យើង​នេះ?

១៨ យើង​មាន​គំរូ​ដ៏​ប្រសើរ​នៃ​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​មនុស្ស​គ្រីស្ទាន​ជា​ច្រើន​ទៀត ដែល​បាន​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន។ ក្នុង​ចំណោម​ពួក​ស្មោះត្រង់​ទាំង​នេះ គឺ​មាន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជនជាតិ​អាឡឺម៉ង់ កាល​នៅ​ក្រោម​អំណាច​ណាត្សី ដែល​បាន​ពណ៌នា​ក្នុង​ខ្សែ​អាត់​វីឌីអូ ត្រីកោណ​ពណ៌​ស្វាយ ដែល​បាន​ចែកចាយ​ពាសពេញ​ក្នុង​ភាសា​អង់គ្លេស។ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដ៏​ស្មោះត្រង់​ជា​ច្រើន​នៃ​ជនជាតិ​អាហ្វ្រិក ដូច​ពួក​មក​ពី​ប្រទេស​ម៉ាឡាវី ក៏​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ នៅ​ទី​នោះ មាន​អ្នក​យាម​គុក​ម្នាក់​បាន​ផ្ដល់​ភស្តុតាង​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់​នៃ​ពួក​ស្មរបន្ទាល់ ដោយ​និយាយ​ថា​៖ «ពួក​គេ​នឹង​មិន​ចុះ​ចាញ់​ឡើយ។ ពួក​គេ​នឹង​មាន​ច្រើន​ឡើង​ថែម​ទៀត»។

១៩ យើង​មាន​ចិត្ត​រំភើប​ណាស់ ក្រោយ​ពី​អាន​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់​របស់​ពួក​គ្រីស្ទាន​ពិត ដូច​ជា​ពួក​ដែល​រស់​នៅ​ក្នុង​ប្រទេស​ក្រិក ម៉ូ​សា​ប៊ិ​ក និង​ប៉ូឡូញ សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពួក​គេ​ជា​ច្រើន​បាន​រង​ទុក្ខ​ទារុណកម្ម​ដ៏​ឈឺចាប់​យ៉ាង​ខ្លាំង។ ក្នុង​ទំព័រ១៧៧ នៃ​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៩២ បង្ហាញ​រូបភាព​នៃ​គ្រីស្ទាន​ប្រាំ​បួន​នាក់​ក្នុង​ប្រទេស​អេស្យូពី ដែល​បាន​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​នៃ​សេចក្ដី​ស្មោះ​ត្រង់​រហូត​ដល់​គេ​សម្លាប់​ចោល។ ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​យើង​មិន​សប្បាយ​ចិត្ត​ទេ​ឬ ដោយ​មាន​គំរូ​ដ៏​ល្អ​ជា​ច្រើន ដើម្បី​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​នៃ​សេចក្ដី​ស្មោះ​ត្រង់?

២០. តើ​នឹង​មាន​អ្វី​ជា​បន្ទាប់ បើសិន​ជា​យើង​នៅ​ស្មោះត្រង់?

២០ ដោយ​ទប់ទល់​នឹង​សេចក្ដី​ល្បួង​និង​ការ​កៀប​សង្កត់​ដោយ​ស្មោះ​ត្រង់ យើង​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​គោរព​ខ្លួន​យើង។ ដូច្នេះ តើ​យើង​ចង់​នៅ​ខាង​ណា​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់? ដោយ​ស៊ូទ្រាំ​ការ​សាកល្បង​នៃ​សេចក្ដី​ស្មោះ​ត្រង់ យើង​គាំទ្រ​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​នេះ ហើយ​បញ្ជាក់​ថា​អារក្ស​ជា​អ្នក​ភូតភរ​ដ៏​ថោកទាប! ដោយ​ហេតុ​នោះ យើង​ទទួល​ការ​យល់​ព្រម​ពី​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង ហើយ​ទទួល​រង្វាន់​នៃ​ជីវិត​អស់កល្ប​ជានិច្ច​ដោយ​សុភមង្គល។ (ទំនុកដំកើង ៣៧:២៩; ១៤៤:១៥​ខ) ជា​បន្ទាប់ យើង​នឹង​ពិចារណា​មើល ចំពោះ​អ្វី​ដែល​ត្រូវ​ការ​ដើម្បី​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​នៃ​សេចក្ដី​ស្មោះ​ត្រង់។

[កំណត់​សម្គាល់]

a សព្វ​វចនាធិប្បាយ​ពីរ​ក្បាល​ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក

b បោះ​ពុម្ព​ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​ការ​មាន​ស្មោះ​ត្រង់​ជា​ការ​ដ៏​ពិបាក​ម្ល៉េះ?

◻ ហេតុ​អ្វី​ក៏​អាច​និយាយ​ថា​«សេចក្ដី​ស្មោះ​ត្រង់»​ជា​ពាក្យ​ដ៏​ពិសេស​មួយ?

◻ តើ​យើង​មាន​គំរូ​អ្វី​ក្នុង​ព្រះ​គម្ពីរ​នៃ​ពួក​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ដែល​ស្មោះ​ត្រង់?

◻ តើ​គំរូ​ដ៏​ល្អ​អ្វី​នៃ​សេចក្ដី​ស្មោះ​ត្រង់​ដែល​យើង​មាន?

[រូបភាព​នៅ​ទំព័រ​២០]

ឆាល្ស ថេស្ស រ៉ាសិល

[រូបភាព​នៅ​ទំព័រ​២១]

ព្រះ​យេស៊ូ​គឺ​ពិត​ជា‹បុគ្គល​ស្មោះ​ត្រង់›របស់​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​២២]

ថ្វី​បើ​ឥត​ល្អ​គ្រប់​ល័ក្ខណ៍ យ៉ូប​បាន​សម្ដែង​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ព្រះ

[រូបភាព​នៅ​ទំព័រ​២៣]

ប៉ុល​បាន​ទុក​គំរូ​ដ៏​ល្អ​នៃ​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក