តើការបង្ហាញភាពស្មោះត្រង់មានប្រយោជន៍ទេ?
ខាលaបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងម្នាក់បាននិយាយថា៖ «អ្នកបង់ប្រាក់ច្រើនណាស់ចំពោះការធានារ៉ាប់រងសុខភាព។ បើអ្នកដូរមកក្រុមហ៊ុនធានារ៉ាប់រងរបស់ខ្ញុំ អ្នកនឹងសល់២០ដុល្លារអាមេរិកក្នុងមួយខែ ចំនួននេះច្រើនណាស់»។
យិនបានតបឆ្លើយថា៖ «ប្រហែលជាដូច្នោះមែន។ ប៉ុន្តែ ខ្ញុំបានបង់ប្រាក់ធានារ៉ាប់រងសុខភាពជាមួយនឹងក្រុមហ៊ុននេះអស់រយៈបីបួនឆ្នាំមកហើយ។ ក្រុមហ៊ុននេះបានជួយខ្ញុំច្រើននៅពេលមុនៗ ហើយខ្ញុំចង់រក្សាចិត្តស្មោះចំពោះពួកគេ»។
ខាលឆ្លើយតបថា៖ «ចិត្តស្មោះត្រង់គឺជាគុណសម្បត្ដិល្អមែន។ ប៉ុន្តែ អ្នកខាតប្រាក់ច្រើនដោយមានចិត្តស្មោះត្រង់!»។
ខាលនិយាយត្រូវមែន។ ជារឿយៗការមានចិត្តស្មោះឬស្មោះភក្ដីចំពោះអ្នកណាម្នាក់អាចធ្វើឲ្យយើងខាតលុយ។b គឺត្រូវការពេលវេលា កម្លាំងកាយនិងកម្លាំងចិត្តផងដែរ។ តើការបង្ហាញចិត្តស្មោះត្រង់មានប្រយោជន៍ទេ?
មនុស្សជាច្រើនចាត់ទុកថាចិត្តស្មោះត្រង់ គឺសំខាន់ តែគេមិនអនុវត្តទេ
នៅប្រទេសអាឡឺម៉ង់មានការស្ទង់មតិដោយវិទ្យាស្ថានស្រាវជ្រាវមួយ (Allensbach) ៩៦ភាគរយបានចាត់ទុកភាពស្មោះត្រង់គឺជាគុណសម្បត្ដិដែលគួរឲ្យចង់បាន។ ការស្ទង់មតិទីពីរដោយវិទ្យាស្ថានដដែលនេះបានត្រូវសួរក្នុងចំណោមមនុស្សពីអាយុ១៨ដល់២៤ឆ្នាំបានបង្ហាញថា ២ភាគ៣បានចាត់ទុកចិត្តស្មោះត្រង់គឺជាលក្ខណៈដែលគួរឲ្យចង់បាន ពោលគឺពួកគេចាត់ទុកថាល្អ។
ទោះជាចិត្តស្មោះត្រង់ឬសេចក្ដីស្មោះភក្ដីគឺសំខាន់ជាទូទៅក៏ដោយ តែដល់ពេលត្រូវបង្ហាញគុណសម្បត្ដិនេះគឺខុសគ្នាស្រឡះ។ ជាឧទាហរណ៍ នៅប្រទេសខ្លះៗនៃទ្វីបអឺរ៉ុប ជាញឹកញយគូស្វាមីភរិយាឬសមាជិកគ្រួសារមិនសូវបង្ហាញភាពស្មោះត្រង់ចំពោះគ្នាឡើយ។ មិត្តភក្ដិជាច្រើនក៏មិនបង្ហាញភាពស្មោះត្រង់ចំពោះគ្នាដែរ។ ហើយភាពស្មោះត្រង់ដែលពីមុនធ្លាប់មានរវាងនិយោជកនិងនិយោជិតឬអ្នកជំនួញនិងអតិថិជនជាទូទៅលែងមានទៀតហើយ។ ហេតុអ្វី?
ជួនកាលនៅក្នុងជីវិតដ៏រវល់នេះ ក៏មិនសូវមានពេលវេលាឬកម្លាំងចិត្តចំពោះអ្វីៗដែលតម្រូវភាពស្មោះត្រង់ឡើយ។ មនុស្សដែលតូចចិត្តឬខកចិត្តនឹងអ្នកណាម្នាក់ ប្រហែលជាឥឡូវលែងហ៊ានបង្ហាញចិត្តស្មោះនឹងនរណាម្នាក់ទៀតសោះ។ អ្នកដទៃប្រហែលជាចូលចិត្តនឹងជីវិតដែលមិនសូវគិត ហើយដែលមិនទាមទារនូវភាពស្មោះត្រង់។
ទោះជាយ៉ាងណាក៏ដោយ ភាពស្មោះត្រង់គឺជាគុណសម្បត្ដិដ៏សំខាន់ តែមិនសូវមានមនុស្សអនុវត្តតាមទេ។ ដូច្នេះ សំនួរគឺថា: តើការបង្ហាញភាពស្មោះត្រង់មានប្រយោជន៍ឬទេ? បើមានប្រយោជន៍ តើយើងត្រូវបង្ហាញភាពស្មោះត្រង់ចំពោះអ្នកណា? ហើយតើតាមរបៀបណា? តើមានប្រយោជន៍អ្វីខ្លះដោយមានចិត្តស្មោះត្រង់?
[កំណត់សម្គាល់]
a ឈ្មោះខ្លះបានត្រូវកែក្នុងអត្ថបទនេះនិងអត្ថបទជាបន្ទាប់។
b ទោះបីជា«ចិត្តស្មោះត្រង់» និង«សេចក្ដីស្មោះភក្ដី»មិនតែងតែប្រើក្នុងបរិបទដូចគ្នាទេ តែក្នុងអត្ថបទទាំងពីរនេះ ជួនកាលគឺត្រូវប្រើឆ្លាស់គ្នា។
[ឃ្លាអក្សរធំនៅទំព័រ៣]
ភាពស្មោះត្រង់គឺជាគុណសម្បត្ដិដ៏សំខាន់ តែមិនសូវមានមនុស្សអនុវត្តតាមទេ