ចិត្តស្មោះត្រង់នាំឲ្យមានប្រយោជន៍
នៅប្រទេសខ្លះ កូនក្មេងចូលចិត្តជន្លជន្លេញមិត្តលេងជាមួយគ្នាដោយដាក់ផ្កាកន្ត្រើយជាប់នឹងអាវយឺត។ ផ្កាកន្ត្រើយនេះជាប់នឹងអាវយឺត ហើយមិត្តលេងជាមួយគ្នានោះធ្វើយ៉ាងណាក៏ដោយ មិនថាដើរ រត់ អង្រន់ ឬលោត ក៏ផ្កាកន្ត្រើយនោះនៅតែជាប់ស្អិតណាស់។ វិធីតែមួយគត់ដែលយកចេញបាន គឺដោយបោចផ្កាកន្ត្រើយនោះម្ដងមួយៗ។ នេះជាអ្វីដែលធ្វើឲ្យក្មេងៗសប្បាយណាស់។
ប្រាកដហើយ មិនមែនមនុស្សគ្រប់គ្នាចូលចិត្តផ្កាកន្ត្រើយជាប់នឹងអាវរបស់ខ្លួនទេ ប៉ុន្តែមនុស្សគ្រប់គ្នាស្ងើចចិត្តពីរបៀបដែលផ្កាកន្ត្រើយអាចជាប់ស្អិតនោះ។ បុគ្គលដែលស្មោះត្រង់មានគុណសម្បត្ដិស្រដៀងគ្នានេះដែរ។ មនុស្សស្មោះត្រង់រក្សាឲ្យមានចំណងមិត្តភាពដ៏ជិតស្និទ្ធនិងស្ថិតស្ថេរជាមួយបុគ្គលម្នាក់នោះ។ គាត់បំពេញភារកិច្ចនិងកាតព្វកិច្ចផ្សេងៗយ៉ាងស្មោះត្រង់ក្នុងទំនាក់ទំនងនោះ ទោះជាកាលៈទេសៈខ្លះពិបាកក៏ដោយ។ ពាក្យ«ចិត្តស្មោះត្រង់» នាំឲ្យយើងគិតអំពីគុណសម្បត្ដិដូចជាភាពពិតត្រង់ សេចក្ដីស្មោះចំពោះនិងភក្ដីភាព។ ទោះបីជាពេលអ្នកដទៃបង្ហាញសេចក្ដីស្មោះត្រង់ចំពោះអ្នក អ្នកប្រហែលជាអរសប្បាយមែន ប៉ុន្តែ តើអ្នកមានកម្លាំងចិត្តដើម្បីបង្ហាញចិត្តស្មោះចំពោះអ្នកដទៃឯទៀតឬទេ? បើដូច្នេះមែន តើអ្នកគួរបង្ហាញចិត្តស្មោះត្រង់ចំពោះអ្នកណា?
ចិត្តស្មោះត្រង់ចំពោះអាពាហ៍ពិពាហ៍គឺសំខាន់ចាំបាច់
ការបង្ហាញចិត្តស្មោះត្រង់ចំពោះអាពាហ៍ពិពាហ៍គឺសំខាន់ណាស់ ប៉ុន្តែ គួរឲ្យសោកស្ដាយដែលគេពុំសូវមានការបង្ហាញចិត្តស្មោះត្រង់ឡើយ។ ប្ដីនិងប្រពន្ធដែលរក្សាចិត្តស្មោះចំពោះពាក្យសន្យាអាពាហ៍ពិពាហ៍ ពោលគឺការរស់នៅជាមួយគ្នានិងម្នាក់ៗខំរកប្រយោជន៍សំរាប់គូខ្លួន នោះជាជំហានដ៏សំខាន់ដើម្បីសុភមង្គលនិងសេចក្ដីសុខ។ ហេតុអ្វី? ពីព្រោះមនុស្សត្រូវបានបង្កើតមកឲ្យចេះបង្ហាញនិងទទួលចិត្តស្មោះត្រង់។ នៅពេលដែលព្រះផ្សំផ្គុំអ័ដាមនិងអេវ៉ានៅសួនច្បារអេដែន នោះព្រះបានប្រកាសថា៖ «មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ»។ សេចក្ដីបង្គាប់នេះក៏សំរាប់ស្ត្រីជាភរិយាដែរ ដែលត្រូវជាប់នឹងប្ដីរបស់នាង។ ស្វាមីភរិយាត្រូវមានចិត្តស្មោះត្រង់និងសហការជាមួយនឹងគ្នា។—លោកុប្បត្តិ ២:២៤; ម៉ាថាយ ១៩:៣-៩
ពិតមែន សេចក្ដីបង្គាប់នេះមានរាប់ពាន់ឆ្នាំមកហើយ។ តើនេះបានន័យថា ការបង្ហាញចិត្តស្មោះត្រង់ចំពោះអាពាហ៍ពិពាហ៍គឺហួសសម័យនៅសព្វថ្ងៃនេះឬទេ? មនុស្សភាគច្រើននឹងឆ្លើយថា មិនដូច្នេះឡើយ។ អ្នកស្រាវជ្រាវនៅប្រទេសអាឡឺម៉ង់បានដឹងថា ៨០ភាគរយចាត់ទុកចិត្តស្មោះត្រង់ចំពោះអាពាហ៍ពិពាហ៍គឺសំខាន់ណាស់។ ការស្ទង់មតិទីពីរគឺធ្វើឡើងដើម្បីរកគុណសម្បត្ដិដ៏ល្អបំផុតរបស់បុរសនិងស្ត្រី។ គេបានស្ទង់មតិមនុស្សប្រុសមួយក្រុមឲ្យប្រាប់នូវគុណសម្បត្ដិប្រាំ ដែលពួកគេចាត់ទុកជាទីចង់បានបំផុតពីស្ត្រី ហើយមនុស្សស្រីមួយក្រុមក៏បានប្រាប់នូវគុណសម្បត្ដិប្រាំដែលពួកគេចង់បានបំផុតពីបុរស។ គុណសម្បត្ដិដ៏សំខាន់បំផុតដែលក្រុមបុរសនិងក្រុមស្ត្រីទាំងពីរនេះចង់បានជាងគេ គឺចិត្តស្មោះត្រង់។
មែនហើយ ចិត្តស្មោះត្រង់គឺជាផ្នែកនៃគ្រឹះមូលដ្ឋានដ៏មាំដើម្បីឲ្យអាពាហ៍ពិពាហ៍បានជោគជ័យ។ ប៉ុន្តែ ដូចដែលយើងបានឃើញនៅអត្ថបទមុននេះ មនុស្សជាញឹកញយចាត់ទុកថាចិត្តស្មោះត្រង់គឺសំខាន់ តែគេមិនសូវអនុវត្តទេ។ ជាឧទាហរណ៍ អត្រាខ្ពស់នៃការលែងលះគ្នានៅប្រទេសជាច្រើនផ្ដល់ភស្តុតាងនៃភាពឥតស្មោះត្រង់ដែលមានជាទូទៅ។ ដោយមាននិន្នាការបែបនេះ តើស្វាមីភរិយាអាចទប់ទល់និងរក្សាភាពស្មោះត្រង់នឹងគ្នាយ៉ាងដូចម្ដេច?
ចិត្តស្មោះត្រង់ធ្វើឲ្យអាពាហ៍ពិពាហ៍នៅស្ថិតស្ថេរ
នៅពេលដែលគូស្វាមីភរិយាខំរកឱកាសដើម្បីបញ្ជាក់នូវភក្ដីភាពដល់គ្នាទៅវិញទៅមក នោះគឺពួកគេបង្ហាញនូវចិត្តស្មោះត្រង់។ ជាឧទាហរណ៍ គឺល្អជាងបើនិយាយថា«របស់យើង» «មិត្តយើង» «កូនយើង» «ផ្ទះយើង» «បទពិសោធយើង»ជាដើម ជាជាងថា«របស់ខ្ញុំ»។ នៅពេលដែលសម្រេចចិត្តនិងធ្វើគម្រោងការ មិនថារឿងផ្ទះសម្បែង រកការងារធ្វើ ការចិញ្ចឹមកូន ការកំសាន្ត វិស្សមកាល ឬកិច្ចការខាងសាសនា នោះយកល្អប្ដីនិងប្រពន្ធគួរគិតអំពីអារម្មណ៍និងមតិរបស់គូខ្លួន។—សុភាសិត ១១:១៤; ១៥:២២
នៅពេលដែលគូស្វាមីភរិយាខំប្រឹងឲ្យគូខ្លួន ដឹងថាគេត្រូវការនិងស្រឡាញ់គូ នោះពិតជាបង្ហាញចិត្តស្មោះត្រង់មែន។ បុគ្គលដែលរៀបការដែលឥតមានអារម្មណ៍សុខស្រួល ពេលដែលគូរបស់គាត់ប្រព្រឹត្តដូចជារាក់ទាក់ពេកនឹងបុគ្គលភេទផ្ទុយ។ ព្រះគម្ពីរជូនឱវាទឲ្យបុរសនៅជាប់នឹង«ប្រពន្ធដែលបានគ្នាពីកាលក្រមុំកំឡោះ»។ ប្ដីមិនគួរអនុញ្ញាតចិត្តរបស់គាត់ចង់ឲ្យស្ត្រីឯទៀតសរសើរគាត់ក្រៅពីប្រពន្ធខ្លួនឡើយ។ យ៉ាងប្រាកដណាស់ គាត់គួរចៀសវាងប្រព្រឹត្តអំពើអសីលធម៌ជាមួយនឹងស្ត្រីម្នាក់ទៀត។ ព្រះគម្ពីរព្រមានថា៖ «តែឯអ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ»។ ប្រពន្ធក៏ត្រូវកាន់តាមខ្នាតតម្រាដ៏ខ្ពស់នេះដែរស្តីអំពីចិត្តស្មោះត្រង់។—សុភាសិត ៥:១៨; ៦:៣២
តើការព្យាយាមបង្ហាញចិត្តស្មោះត្រង់ចំពោះអាពាហ៍ពិពាហ៍ មានប្រយោជន៍ទេ? ប្រាកដជាមានមែន។ នេះធ្វើឲ្យអាពាហ៍ពិពាហ៍ស្ថិតស្ថេរនិងនៅយូរជាង ព្រមទាំងប្ដីប្រពន្ធទទួលប្រយោជន៍រៀងៗខ្លួន។ ជាឧទាហរណ៍ នៅពេលដែលស្វាមីប្ដេជ្ញាគិតអំពីសុខុមាលភាពរបស់ភរិយាដោយស្មោះ នោះនាងមានអារម្មណ៍សុខស្រួល ដែលនាំឲ្យនាងបង្ហាញគុណសម្បត្ដិដ៏ប្រសើរបំផុតរបស់នាងទៀត។ នៅពេលដែលភរិយាធ្វើដូច្នេះ នោះប្ដីក៏បង្ហាញគុណសម្បត្ដិដ៏ល្អបំផុតរបស់គាត់ដែរ។ ដោយសារគាត់សម្រេចចិត្តនៅស្មោះចំពោះភរិយា នោះនឹងជួយគាត់ឲ្យបណ្ដុះនូវការតាំងចិត្តកាន់តាមគោលការណ៍សុចរិតក្នុងគ្រប់ទិដ្ឋភាពនៃជីវិតគាត់។
បើស្វាមីនិងភរិយាជួបកាលៈទេសៈដ៏ពិបាក នោះភាពស្មោះត្រង់នឹងធ្វើឲ្យពួកគាត់មានអារម្មណ៍សុខស្រួល។ ផ្ទុយទៅវិញ ក្នុងអាពាហ៍ពិពាហ៍ដែលមិនសម្ដែងភាពស្មោះត្រង់ ប្រតិកម្មដែលមានជាញឹកញយពេលមានបញ្ហា គឺចង់រស់នៅដាច់ពីគ្នាឬក៏ចង់លែងលះគ្នា។ ទង្វើបែបនេះមិនដោះស្រាយបញ្ហាទេ ភាគច្រើនគឺគ្រាន់តែនាំឲ្យមានបញ្ហាផ្សេងទៀតប៉ុណ្ណោះ។ នៅទសវត្សរ៍នៃឆ្នាំ១៩៨០ នោះអ្នកប្រឹក្សាខាងម៉ូដដ៏ល្បីល្បាញម្នាក់បានចាកចេញពីភរិយានិងក្រុមគ្រួសារគាត់។ តើគាត់រកបានសុភមង្គលដោយរស់នៅម្នាក់ឯងឬទេ? ម្ភៃឆ្នាំក្រោយមក គាត់បានសារភាពថាការចាកចេញនេះ ធ្វើឲ្យគាត់«មានភាពឯកោនិងខ្វល់ខ្វាយចិត្ត ហើយដេកមិនលក់នៅពេលយប់ ដោយចង់ដាក់កូនឲ្យដេក»។
ភាពស្មោះត្រង់រវាងឪពុកម្ដាយនិងកូនៗ
នៅពេលដែលឪពុកម្ដាយមានចិត្តស្មោះចំពោះគ្នានឹងគ្នា នោះក៏អាចមានអានុភាពលើកូនៗដែរ។ ពេលធំឡើង កូនៗដែលបានចិញ្ចឹមក្នុងគ្រួសារដែលបង្ហាញចិត្តស្មោះ ប្រកបដោយក្ដីស្រឡាញ់ នោះកូនៗនឹងស្រួលប្រព្រឹត្តដោយដឹងខុសត្រូវចំពោះគូខ្លួន និងចំពោះឪពុកម្ដាយដែលរងទុក្ខនឹងភាពពិការនៃជរាភាព។—ធីម៉ូថេទី១ ៥:៤, ៨
ក៏ប៉ុន្តែ ឪពុកម្ដាយមិនមែនតែងតែធ្លាក់ខ្លួនពិការមុនកូននោះទេ។ ជួនកាលកូនម្នាក់ត្រូវការមើលថែរក្សាជាប់រហូត។ នេះជាអ្វីដែលស្មរបន្ទាល់ព្រះយេហូវ៉ាពីរនាក់ប្ដីប្រពន្ធគឺលោកហ៊ើបឹតនិងនាងហ្គើតរុឌបានធ្វើអស់រយៈជាង៤០ឆ្នាំ។ ឌីថឺជាកូនប្រុសរបស់ពួកគាត់មានជំងឺសាច់ដុំពីកើតដល់ស្លាប់។ រយៈប្រាំពីរឆ្នាំ មុនកូនស្លាប់ទៅនៅខែវិច្ឆិកា ឆ្នាំ២០០២ នោះគាត់ត្រូវការមើលថែរក្សា២៤ម៉ោងរៀងរាល់ថ្ងៃ។ ឪពុកម្ដាយបានមើលថែរក្សាគាត់ដោយក្ដីស្រឡាញ់។ ពួកគាត់រហូតដល់តម្លើងគ្រឿងប្រដាប់ខាងពេទ្យនៅឯផ្ទះនិងទទួលការបង្ហាត់បង្រៀនខាងវិជ្ជាពេទ្យ។ នេះពិតជាគំរូដ៏ល្អមែនចំពោះការសម្ដែងចិត្តស្មោះក្នុងគ្រួសារ!
ចិត្តស្មោះត្រង់គឺចាំបាច់ចំពោះមិត្តភាព
ប៊ឺជិតសង្កេតថា៖ «បុគ្គលម្នាក់អាចសប្បាយបានដោយមិនចាំបាច់មានគូអាពាហ៍ពិពាហ៍។ ប៉ុន្តែបើគ្មានមិត្តវិញ គឺពិបាកឲ្យសប្បាយណាស់»។ ប្រហែលជាអ្នកយល់ស្របដែរ។ មិនថាអ្នករៀបការហើយឬនៅលីវក្ដី ភាពស្មោះត្រង់របស់មិត្តដ៏ល្អម្នាក់នឹងធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្ដៅ ហើយនិងធ្វើឲ្យជីវិតអ្នកមានន័យជាង។ បើអ្នករៀបការហើយ មិត្តដ៏ជិតស្និទ្ធបំផុតគួរជាប្ដីឬប្រពន្ធរបស់អ្នក។
មិត្តម្នាក់មិនគ្រាន់តែជាបុគ្គលដែលយើងធ្លាប់ជួបនោះទេ។ យើងប្រហែលជាស្គាល់មនុស្សច្រើន ដូចជាអ្នកជិតខាង អ្នកធ្វើការជាមួយ ឬមនុស្សដែលយើងជួបម្ដងម្យាមជាដើម។ មិត្តភាពដ៏ស្មោះតម្រូវឲ្យយើងចំណាយពេល កម្លាំងថែមទាំងបង្ហាញការយកចិត្តទុកដាក់នឹងគេជានិច្ច។ នេះជាកិត្ដិយសម្ល៉េះហ្ន៎! ដែលយើងអាចធ្វើជាមិត្តរបស់អ្នកណាម្នាក់។ មិត្តភាពនាំឲ្យមានអត្ថប្រយោជន៍ តែក៏រួមបញ្ចូលនូវភារកិច្ចខ្លះៗដែរ។
ការសន្ទនាជាមួយនឹងមិត្តយើងគឺជាការចាំបាច់។ ជួនកាលកាលៈទេសៈខ្លះបង្ខំឲ្យយើងមានការសន្ទនាជាមួយមិត្តរបស់យើង។ ប៊ឺជិតពន្យល់ថា៖ «បើយើងណាម្នាក់មានបញ្ហា យើងទូរស័ព្ទរកគ្នាម្ដងឬពីរដងក្នុងមួយសប្ដាហ៍។ ខ្ញុំមានអារម្មណ៍ល្អដោយដឹងថា ខ្ញុំមានមិត្តម្នាក់ដែលសុខចិត្តស្ដាប់ខ្ញុំ»។ ការនៅឆ្ងាយពីគ្នាមិនមែនជាបញ្ហាចំពោះមិត្តភាពទេ។ ហ្គឺដានិងហេលហ្គារស់នៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រ ប៉ុន្តែ ពួកគាត់ជាមិត្តល្អនឹងគ្នាអស់៣៥ឆ្នាំហើយ។ ហ្គឺដាពន្យល់ថា៖ «យើងសរសេរសំបុត្រឆ្លើយឆ្លងគ្នាជាទៀងទាត់ ដោយរៀបរាប់នូវបទពិសោធនិងប្រាប់នូវអារម្មណ៍របស់យើង ទោះជាសប្បាយឬក៏ក្រៀមក្រំក៏ដោយ។ សំបុត្រពីហេលហ្គាធ្វើឲ្យខ្ញុំសប្បាយណាស់។ យើងយល់ចិត្តគ្នា»។
ចិត្តស្មោះត្រង់គឺចាំបាច់ចំពោះមិត្តភាព។ ការបង្ហាញភាពមិនស្មោះត្រង់ អាចបំផ្លាញនូវមិត្តភាពដែលមានយូរមកហើយ។ គឺជាការធម្មតាទេដែលមិត្តជូនយោបល់គ្នាទៅវិញទៅមកសូម្បីតែចំពោះរឿងសម្ងាត់ក៏ដោយ។ មិត្តភក្ដិនឹងនិយាយអស់ពីចិត្តបានដោយឥតខ្លាចគេមើលងាយឬបែករឿងសម្ងាត់ឡើយ។ ព្រះគម្ពីរថ្លែងថា៖ «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។—សុភាសិត ១៧:១៧
ដោយសារមិត្តភក្ដិមានអានុភាពលើគំនិត អារម្មណ៍ និងការប្រព្រឹត្តរបស់យើង គឺសំខាន់ដែលយើងចងមិត្តភាពជាមួយនឹងមនុស្សដែលមានការរស់នៅដែលចុះសម្រុងនឹងយើង។ ជាឧទាហរណ៍ ចូរចងមិត្តភាពជាមួយនឹងបុគ្គលដែលមានជំនឿដូចយើង មានសីលធម៌ដូចយើង និងកាន់តាមខ្នាតតម្រាដូចយើងស្តីអំពីអ្វីដែលត្រូវនិងអ្វីដែលខុស។ មិត្តបែបនេះនឹងជួយអ្នកឲ្យឈោងចាប់គោលដៅរបស់អ្នកបាន។ យើងមិនចង់ចងមិត្តភាពជាមួយនឹងអ្នកដែលមានខ្នាតតម្រានិងសីលធម៌ខុសពីយើងទេ មែនទេ? ព្រះគម្ពីរបង្ហាញនូវសារៈសំខាន់នៃការជ្រើសរើសមិត្តល្អ ដោយចែងថា៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។—សុភាសិត ១៣:២០
យើងអាចរៀនឲ្យចេះបង្ហាញចិត្តស្មោះត្រង់
នៅពេលដែលក្មេងម្នាក់ចេះលេងដាក់ផ្កាកន្ត្រើយលើខោអាវអ្នកណាម្នាក់ នោះគាត់នឹងចង់លេងបែបនោះម្ដងហើយម្ដងទៀត។ ចំពោះមនុស្សដែលមានចិត្តស្មោះត្រង់ក៏ដូច្នោះដែរ។ តើហេតុអ្វី? ពីព្រោះកាលណាយើងព្យាយាមបង្ហាញចិត្តស្មោះត្រង់ម្ដងហើយម្ដងទៀត នោះវាកាន់តែស្រួលសំរាប់យើង។ ប្រសិនបើយើងរៀនបង្ហាញចិត្តស្មោះត្រង់ក្នុងក្រុមគ្រួសារតាំងពីក្មេង នោះក្រោយមក ពេលធំឡើង យើងនឹងស្រួលបណ្ដុះមិត្តភាពដែលមានមូលដ្ឋានលើភាពស្មោះត្រង់។ ក្រោយមក ចំណងមិត្តភាពដ៏រឹងមាំនិងស្ថិតស្ថេរបែបនេះអាចជំរុញយើងឲ្យមានចិត្តស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍ដែរ។ នេះក៏ជួយយើងឲ្យនៅស្មោះត្រង់នឹងមិត្តដ៏សំខាន់បំផុត។
ព្រះយេស៊ូបានបន្ទូលថាសេចក្ដីបង្គាប់ដ៏សំខាន់បំផុត គឺត្រូវស្រឡាញ់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត និងអស់អំពីកម្លាំង។ (ម៉ាកុស ១២:៣០) នេះបានន័យថា យើងត្រូវបង្ហាញចិត្តស្មោះត្រង់ទាំងស្រុងចំពោះព្រះ។ ចិត្តស្មោះចំពោះព្រះយេហូវ៉ានាំឲ្យមានប្រយោជន៍យ៉ាងវិសេស។ ទ្រង់នឹងមិនធ្វើឲ្យយើងខកចិត្ត ដ្បិតទ្រង់មានបន្ទូលថា៖ «អញមានសេចក្ដីមេត្ដា[ឬ«អញស្មោះត្រង់», ព.ថ.]»។ (យេរេមា ៣:១២) ប្រាកដហើយ ចិត្តស្មោះត្រង់ចំពោះព្រះនាំឲ្យមានប្រយោជន៍ជារៀងរហូត។—យ៉ូហានទី១ ២:១៧
[ឃ្លាអក្សរធំនៅទំព័រ៦]
មិត្តដែលមានចិត្តស្មោះត្រង់នាំឲ្យយើងមានអារម្មណ៍កក់ក្ដៅ
[រូបភាពនៅទំព័រ៥]
សមាជិកក្រុមគ្រួសារដែលមានចិត្តស្មោះត្រង់នឹងយកចិត្តទុកដាក់គ្នាទៅវិញទៅមក