៧៣
ស្តេចល្អក្រោយបង្អស់នៃសាសន៍អ៊ីស្រាអែល
ស្តេចយ៉ូសៀសមានជន្មាយុតែប្រាំបីឆ្នាំប៉ុណ្ណោះ កាលដែលទ្រង់បានទៅជាស្តេចនៃព្រះរាជាណាចក្រអ៊ីស្រាអែលខាងត្បូងដែលមានកុលសម្ព័ន្ធពីនោះ។ ជន្មាយុនេះក្មេងណាស់ចំពោះអ្នកឡើងធ្វើជាស្តេច។ ដូច្នេះ ជាបឋម មានមនុស្សចាស់ខ្លះៗជួយទ្រង់ក្នុងការគ្រប់គ្រងរាជ្យអ៊ីស្រាអែល។
កាលដែលយ៉ូសៀសបានសោយរាជ្យជាស្តេចបានប្រាំពីរឆ្នាំហើយ ទ្រង់ក៏ចាប់ផ្ដើមស្វែងរកព្រះយេហូវ៉ា។ ទ្រង់យកតម្រាប់តាមស្តេចល្អៗ ដូចជាស្តេចដាវីឌ ស្តេចយ៉ូសាផាត និងស្តេចហេសេគា។ បន្ទាប់មក ក្នុងកាលដែលទ្រង់នៅក្មេងនៅឡើយ ស្តេចយ៉ូសៀសបានប្រព្រឹត្តអ្វីមួយយ៉ាងក្លាហាន។
ប្រជាជនអ៊ីស្រាអែលភាគច្រើនបានប្រព្រឹត្តអំពើអាក្រក់ជាយូរយារមកហើយ។ ពួកគេថ្វាយបង្គំព្រះមិនពិតជាច្រើន។ ពួកគេក្រាបថ្វាយបង្គំរូបព្រះ។ ដូច្នេះ ស្តេចយ៉ូសៀសក៏ចេញទៅជាមួយពួកទាហាន ហើយចាប់ផ្ដើមបោសសំអាតការថ្វាយបង្គំមិនពិតឲ្យអស់ពីស្រុកចេញ។ នេះជាកិច្ចការដ៏ធំមួយ ពីព្រោះមានមនុស្សជាច្រើនថ្វាយបង្គំព្រះមិនពិត។ នៅទីនេះ អ្នកអាចឃើញស្តេចយ៉ូសៀសនិងពួកទាហានទ្រង់កំពុងតែបំបាក់បំបែករូបព្រះទាំងនោះ។
ក្រោយមក ស្តេចយ៉ូសៀសតាំងបុរសបីនាក់ឲ្យមើលការខុសត្រូវក្នុងការជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ា។ ក៏មានការរៃលុយពីប្រជាជន ហើយក៏ប្រគល់លុយទៅបុរសទាំងនោះ ដើម្បីបង់ថ្លៃកិច្ចការជួសជុលដែលត្រូវធ្វើនោះ។ កាលដែលពួកគេកំពុងតែជួសជុលព្រះវិហារនោះ សម្ដេចសង្ឃហ៊ីលគីយ៉ារកឃើញអ្វីមួយដ៏សំខាន់ណាស់នៅទីនោះ។ នេះជាគម្ពីរក្រិត្យវិន័យដែលព្រះយេហូវ៉ាបានឲ្យលោកម៉ូសេសរសេរទុកជាយូរយារមកហើយ។ គម្ពីរនេះបានបាត់ជាច្រើនឆ្នាំមកហើយ។
គេក៏យកគម្ពីរនោះទៅថ្វាយស្តេចយ៉ូសៀស ហើយទ្រង់ក៏ឲ្យគេអានជូនទ្រង់។ កាលដែលទ្រង់កំពុងតែសណ្ដាប់ យ៉ូសៀសអាចយល់ឃើញថា ប្រជាជនពុំបានកាន់តាមច្បាប់របស់ព្រះយេហូវ៉ាទេ។ ទ្រង់មានព្រះហឫទ័យស្រងូតស្រងាត់ណាស់ចំពោះរឿងនេះ ដូច្នេះទ្រង់ក៏ហែកព្រះពស្ត្ររបស់ទ្រង់ ដូចជាអ្នកអាចឃើញនៅទីនេះ។ ទ្រង់មានបន្ទូលថា៖ ‹ព្រះយេហូវ៉ាក្រេវក្រោធនឹងយើងហើយ ពីព្រោះពួកឰយុកោយើងរាល់គ្នា មិនបានកាន់តាមច្បាប់ដែលបានកត់ទុកក្នុងគម្ពីរនេះទេ›។
ស្តេចយ៉ូសៀសក៏បញ្ជាសម្ដេចសង្ឃហ៊ីលគីយ៉ា ឲ្យទៅស្វែងរក តើព្រះយេហូវ៉ានឹងធ្វើអ្វីដល់ពួកគេ។ ហ៊ីលគីយ៉ាក៏ទៅឯស្ត្រីម្នាក់ឈ្មោះហ៊ុលដា ជាព្យាការិនី រួចក៏សួរនាងអំពីរឿងនោះទៅ។ នាងបានផ្ដល់ឲ្យសារពីព្រះយេហូវ៉ាទៅលោក ឲ្យយកទៅឯស្តេចយ៉ូសៀសវិញ ថា៖ ‹យេរូសាឡិមនិងប្រជាជនទាំងអស់ នឹងត្រូវដាក់ទណ្ឌកម្ម ពីព្រោះពួកគេបានថ្វាយបង្គំព្រះមិនពិត ហើយស្រុកក៏បានពេញទៅដោយអំពើអាក្រក់ជាច្រើន។ ប៉ុន្តែ ដោយព្រោះឯង យ៉ូសៀសបានប្រព្រឹត្តការល្អជាច្រើននោះ ការដាក់ទណ្ឌកម្មនេះនឹងមិនមកលើឯងទេ ទាល់តែឯងបានស្លាប់ទៅ›។