មេរៀនទី៨
យ៉ូសៀសមានមិត្តភក្ដិល្អ
តើកូនគិតថាពិបាកធ្វើអ្វីដែលត្រឹមត្រូវទេ?— មនុស្សជាច្រើនគិតថាពិបាកមែន។ គម្ពីរប្រាប់យើងអំពីក្មេងប្រុសម្នាក់ឈ្មោះយ៉ូសៀស ហើយគាត់ពិតជាពិបាកធ្វើអ្វីដែលត្រឹមត្រូវ។ ប៉ុន្តែ គាត់មានមិត្តភក្ដិល្អដែលបានជួយគាត់។ សូមឲ្យយើងរៀនថែមទៀតអំពីយ៉ូសៀសនិងមិត្តភក្ដិរបស់គាត់។
ឪពុករបស់យ៉ូសៀសឈ្មោះអាំម៉ូន ជាស្តេចរបស់ប្រទេសយូដា។ អាំម៉ូនជាស្តេចអាក្រក់ណាស់ ហើយគាត់គោរពបូជារូបព្រះ។ ពេលឪពុករបស់យ៉ូសៀសស្លាប់ យ៉ូសៀសបានទៅជាស្តេចរបស់ប្រទេសយូដា។ ប៉ុន្តែ គាត់មានអាយុទើបតែ៨ឆ្នាំប៉ុណ្ណោះ! តើកូនគិតថាយ៉ូសៀសជាមនុស្សអាក្រក់ដូចឪពុកគាត់ទេ?— អត់ទេ គាត់មិនមែនជាមនុស្សអាក្រក់ទេ!
យ៉ូសៀសនិងយេរេមាបានជួយគ្នាធ្វើអ្វីដែលត្រឹមត្រូវ
ទោះជាយ៉ូសៀសនៅក្មេងក៏ដោយ គាត់ចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ដូច្នេះ គាត់បានសម្រេចចិត្តធ្វើជាមិត្តរបស់មនុស្សដែលស្រឡាញ់ព្រះយេហូវ៉ាប៉ុណ្ណោះ ហើយពួកគេបានជួយគាត់ឲ្យធ្វើអ្វីដែលត្រឹមត្រូវ។ តើអ្នកណាខ្លះជាមិត្តរបស់យ៉ូសៀស?
មិត្តម្នាក់របស់យ៉ូសៀសគឺសេផានា។ សេផានាជាអ្នកប្រកាសទំនាយ ហើយគាត់បានព្រមានមនុស្សនៅប្រទេសយូដាថា បើពួកគេគោរពបូជារូបព្រះ នោះពួកគេនឹងជួបរឿងអាក្រក់។ យ៉ូសៀសបានស្ដាប់តាមសេផានា ដោយគោរពប្រណិប័តន៍ព្រះយេហូវ៉ា មិនមែនរូបព្រះទេ។
មិត្តម្នាក់ទៀតរបស់យ៉ូសៀសគឺយេរេមា។ យេរេមាមានអាយុប្រហាក់ប្រហែលគ្នានឹងយ៉ូសៀសដែរ។ ពួកគាត់រស់នៅជិតគ្នាតាំងពីតូចរហូតដល់ធំ។ ពួកគាត់ជាមិត្តដ៏ល្អនឹងគ្នា ហើយនៅពេលដែលយ៉ូសៀសស្លាប់ យេរេមាបានសរសេរចម្រៀងពិសេសមួយដែលបញ្ជាក់អំពីអារម្មណ៍នឹករឭករបស់គាត់ចំពោះយ៉ូសៀស។ យេរេមានិងយ៉ូសៀសបានជួយគ្នាធ្វើអ្វីដែលត្រឹមត្រូវ និងធ្វើតាមបង្គាប់ព្រះយេហូវ៉ា។
សេផានាបានព្រមានមនុស្សកុំឲ្យគោរពបូជារូបព្រះ
តើកូនអាចរៀនមេរៀនអ្វីពីគំរូរបស់យ៉ូសៀស?— ទោះជាយ៉ូសៀសនៅក្មេងក៏ដោយ គាត់ចង់ធ្វើអ្វីដែលត្រឹមត្រូវ។ គាត់ដឹងថា គាត់គួរជ្រើសរើសមិត្តភក្ដិដែលស្រឡាញ់ព្រះយេហូវ៉ា។ ដូច្នេះ សូមកុំភ្លេចថា កូនត្រូវជ្រើសរើសមិត្តភក្ដិដែលស្រឡាញ់ព្រះយេហូវ៉ា ហើយជាមិត្តដែលអាចជួយកូនឲ្យធ្វើអ្វីដែលត្រឹមត្រូវ!