៨០
ប្រជាជនរបស់ព្រះចាកចេញពីក្រុងបាប៊ីឡូន
ជិតពីរឆ្នាំបានកន្លងទៅហើយ ចាប់តាំងពីសាសន៍មេឌីនិងសាសន៍ពើស៊ីបានចាប់យកក្រុងបាប៊ីឡូននោះ។ ហើយសូមក្រឡេកមើលអ្វីៗដែលកំពុងតែកើតឡើងឥឡូវនេះ! ត្រូវហើយ ប្រជាជនអ៊ីស្រាអែលកំពុងតែចាកចេញពីក្រុងបាប៊ីឡូន។ តើពួកគេបានទទួលសេរីភាពនេះយ៉ាងដូចម្ដេច? តើអ្នកណាអនុញ្ញាតឲ្យពួកគេចេញទៅ?
ស៊ីរូសជាស្តេចរបស់សាសន៍ពើស៊ី ទ្រង់បានអនុញ្ញាតឲ្យពួកគេចេញទៅ។ ជាយូរឆ្នាំមុននឹងស្តេចស៊ីរូសបានប្រសូតមកម្ល៉េះ ព្រះយេហូវ៉ាបានឲ្យព្យាការីរបស់ទ្រង់ម្នាក់ឈ្មោះអេសាយ សរសេរអំពីទ្រង់ថា៖ ‹ឯងនឹងធ្វើអ្វីដែលអញចង់ឲ្យឯងធ្វើ។ ទ្វារកំផែងនឹងនៅចំហសំរាប់ឯង ដើម្បីឲ្យឯងនឹងចាប់យកក្រុងបាប៊ីឡូនបាន›។ ហើយស្តេចស៊ីរូសបានដឹកនាំក្នុងការចាប់យកក្រុងបាប៊ីឡូនមែន។ ពួកមេឌីនិងពួកពើស៊ីបានចូលទៅក្នុងក្រុងនោះនៅពេលយប់ តាមទ្វារដែលទុកនៅចំហ។
ប៉ុន្តែ ព្យាការីអេសាយនៃព្រះយេហូវ៉ាក៏បានមានប្រសាសន៍ទៀតថា ស្តេចស៊ីរូសនឹងចេញបញ្ជាឲ្យគេសង់ក្រុងយេរូសាឡិមនិងព្រះវិហារសារឡើងវិញ។ តើស្តេចស៊ីរូសបានឲ្យបញ្ជានេះទេ? ត្រូវហើយ ទ្រង់បានធ្វើមែន។ នេះជាអ្វីដែលស្តេចស៊ីរូសបានមានបន្ទូលប្រាប់ប្រជាជនអ៊ីស្រាអែល៖ ‹ចូរទៅឯក្រុងយេរូសាឡិមហើយសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះរបស់ឯងចុះ›។ ហេតុដូច្នេះហើយបានជាប្រជាជនអ៊ីស្រាអែលកំពុងតែធ្វើដំណើរចេញទៅ ដើម្បីនឹងធ្វើយ៉ាងនោះ។
ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលមិនអាចធ្វើដំណើរដ៏ឆ្ងាយ ត្រឡប់ទៅក្រុងយេរូសាឡិមបានទាំងអស់គ្នាទេ។ ពីព្រោះនេះជាដំណើរដ៏ឆ្ងាយណាស់ ប្រហែលជាមានចំងាយ៨០០គីឡូម៉ែត្រ ហើយមានមនុស្សចាស់ជរានិងមនុស្សឈឺជាច្រើន ដែលមិនអាចធ្វើដំណើរដ៏ឆ្ងាយនោះបានឡើយ។ ហើយនៅមានមូលហេតុជាច្រើនទៀតដែលអ្នកខ្លះមិនទៅ។ ប៉ុន្តែ ស្តេចស៊ីរូសមានបន្ទូលប្រាប់ពួកដែលមិនទៅថា៖ ‹ចូរឲ្យប្រាក់ និងមាស ហើយនិងអំណោយទានឯទៀតដល់មនុស្សដែលត្រឡប់ទៅវិញ ដើម្បីនឹងសង់ក្រុងយេរូសាឡិមហើយនិងព្រះវិហារចុះ›។
ដូច្នេះ ពួកគេក៏ឲ្យអំណោយទានជាច្រើនដល់ប្រជាជនអ៊ីស្រាអែលទាំងនោះ ដែលធ្វើដំណើរទៅក្រុងយេរូសាឡិមវិញ។ ស្តេចស៊ីរូសក៏ប្រទានចាននិងពែងទាំងឡាយឲ្យពួកគេវិញដែរ ដែលស្តេចនេប៊ូក្នេសាបានយកពីព្រះវិហារនៃព្រះយេហូវ៉ា កាលដែលទ្រង់បានកំទេចក្រុងយេរូសាឡិមនោះ។ ប្រជាជនមានរបស់ជាច្រើនយកទៅវិញជាមួយគេ។
ក្រោយពីធ្វើដំណើរអស់រយៈប្រហែលជាបួនខែហើយ ប្រជាជនអ៊ីស្រាអែលបានមកដល់ក្រុងយេរូសាឡិម។ ពួកគេបានមកដល់ចំពេល៧០ឆ្នាំគត់ តាំងពីក្រុងនេះត្រូវបានកំទេចចោល ហើយដែនដីនៅទីនោះនៅទទេគ្មានមនុស្សសោះ។ ប៉ុន្តែ ទោះបីជាប្រជាជនអ៊ីស្រាអែលឥឡូវនេះបានមកដល់ស្រុករបស់គេវិញក្ដី គេនឹងជួបប្រទះគ្រាលំបាកខ្លះ ដូចជាយើងនឹងរៀនជាបន្ទាប់។
អេសាយ ៤៤:២៨; ៤៥:១-៤; អែសរ៉ា ១:១-១១