ការសម្គាល់អ្នកនាំសារត្រឹមត្រូវ
«អញ . . . បញ្ជាក់ពាក្យសំដីដែលនិយាយនឹងអ្នកបំរើអញ ហើយសំរេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក ដែលអញចាត់ប្រើ»។—អេសាយ ៤៤:២៥, ២៦
១. តើព្រះយេហូវ៉ាសម្គាល់ពួកអ្នកនាំសារត្រឹមត្រូវដូចម្ដេច ហើយតើទ្រង់លាតត្រដាងពួកអ្នកនាំសារក្លែងក្លាយដូចម្ដេច?
ព្រះយេហូវ៉ាជាអ្នកសម្គាល់ដ៏ឧត្តមនៃពួកអ្នកនាំសារពិតរបស់ទ្រង់។ ទ្រង់សម្គាល់ពួកគេ ដោយធ្វើឲ្យបានសម្រេចសារដែលទ្រង់ប្រកាសតាមរយៈពួកគេ។ ព្រះយេហូវ៉ាក៏ជាអ្នកលាតត្រដាងដ៏ឧត្តមដែរនៃពួកអ្នកនាំសារក្លែងក្លាយ។ តើទ្រង់លាតត្រដាងពួកគេដូចម្ដេច? ទ្រង់ធ្វើឲ្យសញ្ញានិងការទាយរបស់គេមិនបានសម្រេច។ តាមរបៀបនេះ ទ្រង់បង្ហាញថា ពួកគេជាអ្នកទាយដែលបានតែងតាំងខ្លួនឯង ហើយសារទាំងឡាយរបស់ខ្លួនបានផុសចេញពីការវែកញែកក្លែងក្លាយ—ត្រូវហើយ គឺចេញពីគំនិតខាងសាច់ឈាមដ៏ល្ងីល្ងើរបស់គេ!
២. តើមានការខ្វែងគំនិតគ្នាយ៉ាងណារវាងពួកអ្នកនាំសារក្នុងសម័យអ៊ីស្រាអែល?
២ អេសាយនិងអេសេគាល បានអះអាងថាខ្លួនជាអ្នកនាំសាររបស់ព្រះយេហូវ៉ា។ តើពិតមែនទេ? សូមឲ្យយើងពិនិត្យមើល។ អេសាយបានទាយក្នុងក្រុងយេរូសាឡិមប្រហែលពីឆ្នាំ៧៧៨ ម.ស.យ. រហូតដល់ឆ្នាំ៧៣២ ម.ស.យ.។ អេសេគាលបានធ្វើនិរទេសទៅបាប៊ីឡូនក្នុងឆ្នាំ៦១៧ ម.ស.យ.។ គាត់បានទាយប្រាប់ពួកបងប្អូនជាតិយូដារបស់គាត់នៅទីនោះ។ ព្យាការីទាំងពីរនាក់នេះបានប្រកាសយ៉ាងក្លាហានថា ក្រុងយេរូសាឡិមនឹងត្រូវកំទេចចោល។ ពួកព្យាការីខ្លះទៀតបាននិយាយថា ព្រះនឹងមិនបណ្ដោយឲ្យព្រឹត្ដិការណ៍បែបនេះកើតឡើងទេ។ តើអ្នកណាដែលបានបង្ហាញឲ្យឃើញថាគេជាពួកអ្នកនាំសារត្រឹមត្រូវ?
ព្រះយេហូវ៉ាលាតត្រដាងពួកព្យាការីក្លែងក្លាយ
៣, ៤. (ក) តើមានសារប្រឆាំងពីរណា ដែលត្រូវបានប្រកាសដល់ពួកអ៊ីស្រាអែលក្នុងបាប៊ីឡូន ហើយតើតាមរបៀបណាដែលព្រះយេហូវ៉ាបានលាតត្រដាងអ្នកនាំសារក្លែងក្លាយម្នាក់? (ខ) តើព្រះយេហូវ៉ាមានបន្ទូលថានឹងមានអ្វីកើតឡើងដល់ពួកព្យាការីក្លែងក្លាយ?
៣ កាលដែលនៅក្នុងបាប៊ីឡូន អេសេគាលត្រូវបានផ្ដល់ឲ្យចក្ខុនិមិត្តមួយបង្ហាញពីអ្វីដែលកើតឡើងក្នុងព្រះវិហារនៃក្រុងយេរូសាឡិម។ នៅឯមាត់ទ្វារទិសខាងកើតនៃព្រះវិហារ គឺមានបុរស២៥នាក់។ ក្នុងចំណោមពួកគេគឺមានចៅហ្វាយពីរនាក់ ឈ្មោះយ្អាសានា និងពេឡាធា។ តើព្រះយេហូវ៉ាចាត់ទុកពួកគេជាអ្វី? អេសេគាល ១១:២, ៣ ឆ្លើយថា៖ «កូនមនុស្សអើយ គឺមនុស្សទាំងនេះឯងដែលគិតគូរបង្កើតការទុច្ចរិត ហើយទូន្មានសេចក្ដីអាក្រក់នៅក្នុងទីក្រុងនេះ គេថា ‹នេះមិនមែនជាពេលទេ ចូរយើងសង់ផ្ទះទៅ›»។ ពួកអ្នកនាំសារសន្ដិភាពដ៏ឥតកោតក្រែងទាំងនេះ បាននិយាយថា ‹ឥតមានគ្រោះថ្នាក់ដល់ក្រុងយេរូសាឡិមទេ។ ដ្បិតបន្ដិចទៀត យើងនឹងសង់ផ្ទះឲ្យបានច្រើនក្នុងក្រុងនោះ›! ដូច្នេះ ព្រះបានមានបន្ទូលប្រាប់អេសេគាលឲ្យទាយប្រឆាំងនឹងពួកព្យាការីក្លែងក្លាយទាំងនេះ។ ក្នុងខ១៣ ជំពូក ១១ អេសេគាលប្រាប់យើងនូវអ្វីដែលកើតឡើងដល់គេម្នាក់៖ «រីឯកាលខ្ញុំកំពុងតែទាយ នោះពេឡាធា ជាកូនបេណាយ៉ាក៏ស្លាប់ទៅ»។ នេះប្រហែលជាបានកើតឡើងពីព្រោះពេឡាធាជាចៅហ្វាយដ៏ធំដុំនិងមានអានុភាពច្រើន ហើយជាអ្នកគោរពរូបព្រះជាងគេ។ ហេតុដែលគាត់បានស្លាប់មួយរំពេចនេះ បង្ហាញថាគាត់ជាព្យាការីក្លែងក្លាយ!
៤ ទោះជាព្រះយេហូវ៉ាបានប្រហារជីវិតពេឡាធាក្ដី នេះមិនបានបញ្ឈប់ពួកព្យាការីក្លែងក្លាយឯទៀតពីការភូតភរក្នុងនាមរបស់ព្រះឡើយ។ ពួកអ្នកក្លែងក្លាយទាំងនេះបានបន្តក្នុងដំណើរដ៏ល្ងីល្ងើរបស់គេ ដោយទាយប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះ។ ដូច្នេះព្រះយេហូវ៉ាមានបន្ទូលប្រាប់អេសេគាលថា៖ «វេទនាដល់ពួកហោរាល្ងីល្ងើ ដែលទាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ»! ដូចពេឡាធា ពួកគេនឹង«មិនមានទៀតទេ» ដោយទាយយ៉ាងរឹងទទឹងពីដំណើរនៃក្រុងយេរូសាឡិមថាមាន«សេចក្ដីសុខសំរាប់ទីក្រុង តែឥតមានសេចក្ដីសុខឡើយ»។—អេសេគាល ១៣:៣, ១៥, ១៦
៥, ៦. ទោះជាមានពួកព្យាការីជាច្រើនក្ដី តើតាមរបៀបណាដែលអេសាយបានសម្ដែងថាខ្លួនជាព្យាការីពិត?
៥ ចំពោះអេសាយវិញ សារទាំងអស់របស់គាត់ដែលព្រះបណ្ដាលឲ្យប្រកាសអំពីយេរូសាឡិមបានសម្រេចមែន។ ក្នុងរដូវក្ដៅនៃឆ្នាំ៦០៧ ម.ស.យ. ពួកបាប៊ីឡូនបានកំទេចទីក្រុងនោះ ហើយបានយកពួកអ្នកសំណល់ជាតិយូដាទៅបាប៊ីឡូនជាពួកឈ្លើយ។ (របាក្សត្រទី២ ៣៦:១៥-២១; អេសេគាល ២២:២៨; ដានីយ៉ែល ៩:២) តើវិបត្ដិភ័យទាំងនេះបញ្ឈប់ពួកព្យាការីក្លែងក្លាយពីការទាយដ៏ល្ងីល្ងើដល់រាស្ត្ររបស់ព្រះទេ? អត់ទេ ពួកអ្នកនាំសារភូតភរទាំងនេះនៅតែបន្តធ្វើដដែល!
៦ ក្រៅពីនេះ ពួកនិរទេសអ៊ីស្រាអែល ក៏បានប្រឈមមុខនឹងពួកគ្រូទាយ គ្រូទាយអំពីអនាគត និងហោរដ៏ក្រអឺតនៃបាប៊ីឡូន។ ប៉ុន្តែ ព្រះយេហូវ៉ាបានបង្ហាញថា ពួកអ្នកនាំសារក្លែងក្លាយទាំងនេះជាពួកល្ងីល្ងើ ដោយឲ្យទាយផ្ទុយអំពីអ្វីដែលនឹងកើតឡើង។ ក្រោយមក ទ្រង់បង្ហាញថាអេសេគាលជាអ្នកនាំសារពិតរបស់ទ្រង់ ដូចអេសាយដែរ។ ព្រះយេហូវ៉ាបានសម្រេចបន្ទូលទាំងអស់ ដែលទ្រង់បានមានបន្ទូលមកតាមរយៈពួកគេ ដូចអ្វីដែលទ្រង់បានសន្យាមកថា៖ «អញលើកទីសំគាល់របស់ពួកមនុស្សភូតភរចោលចេញ ហើយក៏ធ្វើឲ្យគ្រូទាយទៅជាឆ្កួត ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ អញបញ្ជាក់ពាក្យសំដីដែលនិយាយនឹងអ្នកបំរើអញ ហើយសំរេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក ដែលអញចាត់ប្រើ»។—អេសាយ ៤៤:២៥, ២៦
សារដ៏អស្ចារ្យអំពីបាប៊ីឡូននិងក្រុងយេរូសាឡិម
៧, ៨. តើអេសាយមានរាជសារអ្វីសំរាប់បាប៊ីឡូន ហើយតើពាក្យរបស់គាត់មានន័យយ៉ាងណា?
៧ យូដានិងក្រុងយេរូសាឡិមនឹងទៅជាសោះកក្រោះ ឥតមានមនុស្សរស់នៅអស់រយ:៧០ឆ្នាំ។ ប៉ុន្តែ តាមរយៈអេសាយនិងអេសេគាល ព្រះយេហូវ៉ាបានប្រកាសថា ទីក្រុងនោះនឹងកសាងឡើងវិញ ហើយស្រុកនឹងមានមនុស្សរស់នៅវិញ ក្នុងពេលវេលាដែលបានទាយប្រាប់! នេះគឺជាការទាយដ៏អស្ចារ្យណាស់។ ហេតុអ្វី? ពីព្រោះបាប៊ីឡូនល្បីឈ្មោះថាមិនឲ្យអ្នកជាប់គុករួចខ្លួនបានឡើយ។ (អេសាយ ១៤:៤, ១៥-១៧) ដូច្នេះ តើអ្នកណាទៅដែលអាចដោះលែងពួកអ្នកជាប់ឃុំឃាំងទាំងនេះ? តើអ្នកណាដែលអាចឈ្នះបាប៊ីឡូនដ៏មានអំណាចនេះ ដែលមានកំផែងដ៏ធំៗនិងប្រព័ន្ធការពារដោយទន្លេនោះ? ព្រះយេហូវ៉ាដ៏មានព្រះចេស្ដាបំផុតគឺអាចធ្វើបាន! ហើយទ្រង់មានបន្ទូលថាទ្រង់នឹងធ្វើដូច្នេះមែន៖ «អញក៏បង្គាប់ដល់ទីជំរៅ[នោះគឺការការពារខាងទឹកនៃក្រុង]ថា ‹ចូរឲ្យរីងស្ងួតទៅ ហើយអញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានហួតហៀវទៅដែរ› អញនិយាយពីស៊ីរូសថា ‹ជាអ្នកគង្វាលរបស់អញ ជាអ្នកដែលនឹងសម្រេចតាមបំណងចិត្តអញទាំងប៉ុន្មាន› ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ ‹នឹងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ›»។—អេសាយ ៤៤:២៥, ២៧, ២៨
៨ ចូរគិតអំពីរឿងនេះមើល! ទន្លេអ៊ើប្រាតគឺជារបាំងដ៏គួរឲ្យស្ញែងចំពោះមនុស្សជាតិ តែចំពោះព្រះយេហូវ៉ាវិញ គឺគ្រាន់តែជាទឹកមួយដំណក់លើផ្ទៃដីក្រហមនេះប៉ុណ្ណោះ។ គ្រាន់តែមួយភ្លែត របាំងនោះរីងស្ងួតតែម្ដង! បាប៊ីឡូននឹងរលំ។ ទោះជា១៥០ឆ្នាំមុននឹងកំណើតលោកស៊ីរូសនៃសាសន៍ពើស៊ីក៏ដោយ ព្រះយេហូវ៉ាបានឲ្យអេសាយទាយថា ស្តេចនេះនឹងចាប់យកបាប៊ីឡូន ហើយរំដោះពួកយូដាដែលជាប់ឃុំឃាំង។ រួចមកដោយសេចក្ដីអនុញ្ញាតរបស់ទ្រង់ ពួកគេត្រឡប់ទៅសង់ក្រុងយេរូសាឡិមនិងព្រះវិហារឡើងវិញ។
៩. តើព្រះយេហូវ៉ាមានបន្ទូលថាអ្នកណានឹងដាក់ទោសដល់ពួកបាប៊ីឡូន?
៩ យើងរកឃើញទំនាយនេះក្នុងអេសាយ ៤៥:១-៣៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ស៊ីរូស ដែលទ្រង់បានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលទ្រង់កាន់ដៃស្ដាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន . . . ព្រមទាំងបើកទ្វារនៅមុខខ្លួនរួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ គឺមានបន្ទូលដូច្នេះថា៖ ‹អញនឹងដើរទៅខាងមុខឯង ហើយនឹងពង្រាបអស់ទាំងទីរដិបរដុបឲ្យស្មើ អញនឹងបំបែកអស់ទាំងទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងបំបាក់រនុកដែកដែរ អញនឹងឲ្យឃ្លាំងលាក់កំបាំង នឹងទ្រព្យសម្បត្ដិដែលកប់ទុកដល់ឯងដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ›»។
១០. តាមរបៀបណាដែលស៊ីរូសត្រូវបាន«ចាក់ប្រេងតាំង» ហើយតើយ៉ាងណាដែលព្រះយេហូវ៉ាអាចមានបន្ទូលកាន់ទៅលោកជាងមួយរយឆ្នាំមុននឹងកំណើតរបស់លោក?
១០ ចូរកត់សម្គាល់ថាព្រះយេហូវ៉ាមានបន្ទូលអំពីស៊ីរូសហាក់បីដូចជាគាត់មានជីវិតរួចទៅហើយ។ នេះគឺសមស្របនឹងសេចក្ដីថ្លែងរបស់ប៉ុល ដែលថាព្រះយេហូវ៉ាប្រាប់«ពីរបស់ដែលគ្មាន ទុកដូចជាមានហើយ»។ (រ៉ូម ៤:១៧) ព្រះក៏បានសម្គាល់ស៊ីរូសថា«ទ្រង់បានចាក់ប្រេងតាំងឡើង»។ ហេតុអ្វីក៏ទ្រង់ធ្វើដូច្នេះ? ដ្បិត សម្ដេចសង្ឃរបស់ព្រះយេហូវ៉ាមិនបានចាក់ប្រេងបរិសុទ្ធលើក្បាលស៊ីរូសផង។ ពិតមែន តែនេះជាការចាក់ប្រេងតាំងខាងទំនាយ។ នេះបង្ហាញអំពីការប្រគល់ឲ្យតំណែងដ៏ពិសេសមួយ។ ដូច្នេះ ព្រះអាចមានបន្ទូលអំពីការតែងតាំងទុកជាមុននៃស៊ីរូស ជាអ្នកដែលបានចាក់ប្រេងតាំង។—ប្រៀបធៀប ពង្សាវតារក្សត្រទី១ ១៩:១៥-១៧; ពង្សាវតារក្សត្រទី២ ៨:១៣
ព្រះទ្រង់សម្រេចពាក្យនៃពួកអ្នកនាំសាររបស់ទ្រង់
១១. ហេតុអ្វីក៏ពួកអ្នកបាប៊ីឡូនមានអារម្មណ៍សុខសាន្ត?
១១ ក្នុងគ្រាដែលស៊ីរូសមកប្រឆាំងបាប៊ីឡូន ប្រជារាស្ត្រនៅស្រុកនោះមានអារម្មណ៍រួចពីគ្រោះថ្នាក់និងសុខសាន្ត។ ទីក្រុងរបស់គេបានព័ទ្ធជុំវិញដោយស្នាមភ្លោះការពារដ៏ធំហើយជ្រៅទៀតផង ដោយទន្លេអ៊ើប្រាត។ កន្លែងដែលទន្លេហូរកាត់ទីក្រុងនោះ គឺមានផែមួយវែងនៅទិសខាងកើតតាមដងមាត់ទន្លេ។ ដើម្បីនឹងញែកចេញពីទីក្រុង នេប៊ូក្នេសាបានសង់អ្វីមួយដែលគាត់បានហៅថា«កំផែងដ៏ធំ ដែលដូចភ្នំគឺមិនអាចកំរើកបានឡើយ . . . ក្បាលរបស់វា [គាត់]បានលើកខ្ពស់ដូចភ្នំ»។a កំផែងនេះមានទ្វារធំធ្វើពីលង្ហិន។ ដើម្បីនឹងចូលទៅក្នុង បុគ្គលម្នាក់ត្រូវតែឡើងទីជម្រាលពីមាត់ទន្លេ។ ដូច្នេះហើយបានជាពួកជាប់គុកក្នុងបាប៊ីឡូនបានអស់សង្ឃឹមពីការដោះលែងនោះ!
១២, ១៣. តើតាមរបៀបណាដែលពាក្យបន្ទូលរបស់ព្រះយេហូវ៉ាបានសម្រេចពិត តាមរយៈអេសាយ កាលដែលបាប៊ីឡូនបានរលំក្នុងកណ្ដាប់ដៃស៊ីរូស?
១២ ប៉ុន្តែ ចំពោះពួកយូដាដែលជាប់ឃុំឃាំង ដែលមានជំនឿលើព្រះយេហូវ៉ា គេឥតអស់សង្ឃឹមទេ! ពួកគេមានសង្ឃឹមដ៏ត្រចះត្រចង់។ តាមរយៈពួកព្យាការីរបស់ទ្រង់ ព្រះបានសន្យាថានឹងដោះលែងពួកគេ។ តើព្រះបានសម្រេចសេចក្ដីសន្យារបស់ទ្រង់ដោយដូចម្ដេច? ស៊ីរូសបានបញ្ជាទ័ពរបស់ខ្លួនឲ្យបង្វែរទន្លេអ៊ើប្រាតនៅឯចំណុចមួយ បីបួនគីឡូម៉ែត្រនៅទិសខាងជើងនៃបាប៊ីឡូន។ ដូច្នេះ ទីការពារដ៏សំខាន់បំផុតនៃទីក្រុង បានប្រែទៅជាបាតទន្លេដែលរីងស្ងួត។ ក្នុងរាត្រីដ៏សំខាន់នេះ ពួកអ្នកស៊ីផឹកអ៊ូអែក្នុងបាប៊ីឡូន បានទុកទ្វារពីរចំហដោយធ្វេសប្រហែស តាមមាត់ទឹកទន្លេអ៊ើប្រាត។ ព្រះយេហូវ៉ាមិនបានបំបាក់ទ្វារលង្ហិនឲ្យខ្ទេចខ្ទីចំៗនោះទេ ហើយទ្រង់ក៏មិនបានបំបាក់រនុកដែកនោះដែរ ប៉ុន្តែ មធ្យោបាយដ៏អស្ចារ្យរបស់ទ្រង់ក្នុងការទុកទ្វារឲ្យចំហនិងឥតដាក់រនុក គឺមានលទ្ធផលដូចគ្នា។ កំផែងទាំងឡាយរបស់បាប៊ីឡូនគឺឥតមានប្រយោជន៍ទេ។ ទាហានរបស់ស៊ីរូសមិនចាំបាច់ឡើងកំផែងដើម្បីនឹងចូលក្នុងឡើយ។ ព្រះយេហូវ៉ាបានយាងទៅមុនស៊ីរូស ដោយពង្រាប«អស់ទាំងទីរដិបរដុបឲ្យស្មើ» ត្រូវហើយ ទ្រង់យកចេញឧបសគ្គទាំងអស់។ អេសាយបានសម្ដែងថាខ្លួនជាអ្នកនាំសារពិតរបស់ព្រះមែន។
១៣ នៅពេលដែលស៊ីរូសចាប់យកបានក្រុងទាំងមូលហើយ ទ្រព្យសម្បត្ដិក្រុងបានធ្លាក់ក្នុងកណ្ដាប់ដៃលោក រួមបញ្ចូលទ្រព្យដែលបានលាក់ក្នុងបន្ទប់ងងឹតទាំងឡាយ។ ហេតុអ្វីក៏ព្រះយេហូវ៉ាបានធ្វើការនេះសំរាប់ស៊ីរូស? នេះគឺដើម្បីឲ្យលោកដឹងថាព្រះយេហូវ៉ា‹ជាបុគ្គលដែលហៅលោកតាមឈ្មោះ› ជាព្រះនៃទំនាយពិត ហើយជាព្រះអម្ចាស់មហាក្សត្រនៃសកលលោក។ លោកនឹងដឹងថា ព្រះបានរៀបចំឲ្យលោកមានអំណាចដើម្បីដោះលែងរាស្ត្ររបស់ទ្រង់ គឺពួកអ៊ីស្រាអែល។
១៤, ១៥. តើតាមរបៀបណាដែលស៊ីរូសបានជោគជ័យលើបាប៊ីឡូនដោយសារព្រះយេហូវ៉ា?
១៤ សូមស្ដាប់ពាក្យបន្ទូលរបស់ព្រះយេហូវ៉ាដល់ស៊ីរូសថា៖ «អញបានហៅឯងតាមឈ្មោះឯងនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបំរើអញ នឹងអ៊ីស្រាអែល ជាអ្នកដែលអញបានជ្រើសរើស អញបានកំណត់នាមត្រកូលដល់ឯងហើយ ទោះបើឯងមិនបានស្គាល់អញក៏ដោយ អញនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីអញឥតមានព្រះណាទៀតសោះ អញនឹងក្រវាត់ឲ្យឯង ទោះបើឯងមិនស្គាល់អញក៏ដោយ ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្ងៃលិចបានដឹងថា ក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយ គឺអញនេះជាយេហូវ៉ា ឥតមានព្រះណាទៀតសោះ គឺអញដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង អញធ្វើឲ្យមានសន្ដិសុខ[នោះគឺ សំរាប់រាស្ត្រនិរទេសទ្រង់] ហើយឲ្យមានសេចក្ដីវេទនាដែរ[សំរាប់បាប៊ីឡូន] គឺអញនេះហើយ ជាយេហូវ៉ាដែលធ្វើគ្រប់ការទាំងនេះ»។—អេសាយ ៤៥:៤-៧
១៥ ស៊ីរូសបានជោគជ័យលើបាប៊ីឡូនដោយសារព្រះយេហូវ៉ា ដ្បិតទ្រង់ជាបុគ្គលដែលបានឲ្យកម្លាំងលោកដើម្បីសម្រេចតាមបំណងព្រះហឫទ័យទ្រង់ ទាស់នឹងទីក្រុងដ៏អាក្រក់នោះ ហើយដោះលែងប្រជារាស្ត្រដែលជាប់ឃុំឃាំងរបស់ទ្រង់។ ក្នុងការធ្វើដូចនេះ ព្រះយេហូវ៉ាបានហៅពួកនៅផ្ទៃមេឃរបស់ទ្រង់ឲ្យប្រទានឥទ្ធិពលដ៏សុចរិត។ ទ្រង់បានហៅពួកនៅផែនដីឲ្យបើកនិងបង្កើតព្រឹត្ដិការណ៍ដ៏សុចរិត និងសេចក្ដីសង្គ្រោះសំរាប់រាស្ត្រនិរទេសរបស់ទ្រង់។ ហើយផ្ទៃមេឃនិងផែនដីជានិមិត្តរូបរបស់ទ្រង់បានធ្វើតាមបញ្ជានេះមែន។ (អេសាយ ៤៥:៨) អេសាយបានបង្ហាញថាគាត់ជាអ្នកនាំសារពិតរបស់ព្រះយេហូវ៉ា ជាងមួយរយឆ្នាំក្រោយពីមរណភាពរបស់គាត់!
ដំណឹងល្អរបស់ពួកអ្នកនាំសារសំរាប់ស៊ីយ៉ូន!
១៦. តើដំណឹងល្អអ្វីដែលអាចប្រកាសក្នុងទីក្រុងយេរូសាឡិមដ៏សោះកក្រោះ កាលដែលបាប៊ីឡូនទទួលបរាជ័យ?
១៦ ប៉ុន្តែ នៅមានជាច្រើនទៀត។ អេសាយ ៥២:៧ ប្រាប់ពីដំណឹងល្អសំរាប់ក្រុងយេរូសាឡិម៖ «អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា៖ ‹ព្រះនៃឯងទ្រង់សោយរាជ្យ›»! សូមនឹកពីការរំភើបចិត្តយ៉ាងណាទៅហ្ន៎ ដោយឃើញអ្នកនាំសារម្នាក់ដើរចេញពីភ្នំឆ្ពោះមកក្រុងយេរូសាឡិម! គាត់ច្បាស់ជាមានដំណឹង។ តើនោះជាអ្វីទៅ? នេះជាដំណឹងដ៏អស្ចារ្យសំរាប់ស៊ីយ៉ូន។ ត្រូវហើយ ដំណឹងនៃសន្ដិភាព គឺសន្ដិភាពនៃសេចក្ដីល្អរបស់ព្រះ។ ក្រុងយេរូសាឡិមនិងព្រះវិហារនឹងត្រូវសង់ឡើងវិញ! ហើយអ្នកនាំសារនោះបានប្រកាសដោយសេចក្ដីសាទរថា៖ «ព្រះនៃឯងទ្រង់សោយរាជ្យ»!
១៧, ១៨. តើការជោគជ័យរបស់ស៊ីរូសលើបាប៊ីឡូនមានឥទ្ធិពលលើនាមរបស់ព្រះយេហូវ៉ាយ៉ាងណា?
១៧ នៅពេលដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកបាប៊ីឡូនទទួលកាន់កាប់លើបល្ល័ង្ករំលំរបស់ទ្រង់ ដែលសោយរាជ្យដោយពូជពង្សនៃស្តេចដាវីឌ នេះមើលទៅហាក់បីដូចជាទ្រង់លែងមានតំណែងជាស្តេចទៀត។ ផ្ទុយទៅវិញ ម៉ាដុក ជាព្រះឧត្តមនៃបាប៊ីឡូន បានក្លាយទៅជាស្តេច។ ប៉ុន្តែ នៅពេលដែលព្រះរបស់ស៊ីយ៉ូនរំលំបាប៊ីឡូន ទ្រង់បានសម្ដែងឲ្យឃើញអធិបតេយ្យភាពសកលលោករបស់ទ្រង់—គឺថាទ្រង់ជាព្រះមហាក្សត្រដ៏ឧត្តម។ ហើយដើម្បីបញ្ជាក់ពីហេតុការណ៍នេះ ក្រុងយេរូសាឡិម«ជាក្រុងនៃស្តេចធំ» និងព្រះវិហារនឹងត្រូវស្ថាបនាឡើងវិញ។ (ម៉ាថាយ ៥:៣៥) ចំពោះអ្នកនាំសារដែលផ្ដល់ដំណឹងល្អបែបនេះ ថ្វីបើជើងគាត់ប្រឡាក់ដី ឬគគ្រិចក៏ដោយ ក្នុងភ្នែកនៃពួកអ្នកស្រឡាញ់ស៊ីយ៉ូននិងព្រះរបស់ខ្លួន ជើងគាត់គឺមើលទៅដូចជាល្អប្រពៃណាស់!
១៨ ក្នុងន័យនៃទំនាយ ការរំលំបាប៊ីឡូន មានន័យថា ព្រះរាជាណាចក្ររបស់ព្រះនឹងបានស្ថាបនាឡើង ហើយថាអ្នកមានដំណឹងល្អនេះ ជាអ្នកប្រកាសអំពីហេតុការណ៍ពិតនោះ។ ម្យ៉ាងវិញទៀត អ្នកនាំសារពីសម័យបុរាណនេះដែលបានទាយប្រាប់តាមរយៈអេសាយ គឺជាប្រថ្នូលនៃអ្នកនាំសារនៃដំណឹងល្អដ៏ឧត្តម—គឺឧត្តមពីព្រោះមានផ្ទៃរឿងដ៏ប្រសើរបំផុត និងចំណងជើងអំពីព្រះរាជាណាចក្រ ដែលទាក់ទងដ៏អស្ចារ្យសំរាប់មនុស្សមានជំនឿ។
១៩. តើសារអ្វីអំពីអ៊ីស្រាអែលដែលព្រះយេហូវ៉ាផ្ដល់ឲ្យតាមរយៈអេសេគាល?
១៩ អេសេគាលក៏បានទទួលទំនាយពីការកសាងឡើងវិញដ៏អស្ចារ្យនេះដែរ។ គាត់បានទាយថា៖ «ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា . . . អញនឹងឲ្យអស់ទាំងទីក្រុងរបស់ឯង មានមនុស្សអាស្រ័យនៅវិញ ហើយឲ្យអស់ទាំងទីខូចបង់បានសង់ឡើង។ ហើយគេនឹងពោលថា៖ ‹ស្រុកនេះដែលត្រូវចោលស្ងាត់ បានត្រឡប់ដូចជាសួនច្បារអេដែនវិញ›»។—អេសេគាល ៣៦:៣៣, ៣៥
២០. តើការដាស់តឿនដ៏រីករាយអ្វីដែលអេសាយប្រាប់អំពីក្រុងយេរូសាឡិមក្នុងទំនាយនោះ?
២០ នៅពេលជាប់ឃុំឃាំងក្នុងបាប៊ីឡូន រាស្ត្ររបស់ព្រះបានកាន់ទុក្ខលើស៊ីយ៉ូន។ (ទំនុកដំកើង ១៣៧:១) ឥឡូវនេះ ពួកគេអាចអរសប្បាយ។ អេសាយដាស់តឿនពួកគេថា៖ «អស់ទាំងទីខូចបង់នៃក្រុងយេរូសាឡិមអើយ ចូរធ្លាយចេញដោយសេចក្ដីអំណរ ចូរច្រៀងជាមួយគ្នាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានកំសាន្តទុក្ខរបស់រាស្ត្រទ្រង់ ក៏បានប្រោសលោះក្រុងយេរូសាឡិមហើយ ព្រះយេហូវ៉ាទ្រង់បានលាតព្រះពាហុបរិសុទ្ធរបស់ទ្រង់ នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយអស់ទាំងចុងផែនដីបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃយើងរាល់គ្នា»។—អេសាយ ៥២:៩, ១០
២១. តើពាក្យនៃអេសាយ ៥២:៩, ១០ បានសម្រេចយ៉ាងណា ក្រោយពីបរាជ័យនៃបាប៊ីឡូន?
២១ ត្រូវហើយ រាស្ត្រដែលព្រះយេហូវ៉ាបានរើសតាំង មានមូលហេតុដ៏ឧត្តមចំពោះការអរសប្បាយ។ ឥឡូវនេះ ពួកគេអាចទៅរស់នៅកន្លែងដ៏សោះកក្រោះម្ដងទៀត ធ្វើឲ្យកន្លែងនោះដូចជាសួនច្បារអេដែន។ ព្រះយេហូវ៉ា«បានលាតព្រះពាហុបរិសុទ្ធរបស់ទ្រង់»សំរាប់ពួកគេ។ ទ្រង់បានលាតដៃអាវរបស់ទ្រង់ បើនិយាយជានិមិត្តរូប ដើម្បីយកពួកគេមកស្រុកដ៏ជាទីស្រឡាញ់របស់គេវិញ។ នេះមិនមែនជាព្រឹត្ដិការណ៍ក្នុងប្រវត្ដិសាស្ត្រដ៏តូចឥតសំខាន់នោះឡើយ។ ដ្បិតមនុស្សទាំងអស់ដែលរស់នៅគ្រានោះ បានឃើញ‹ព្រះពាហុ›របស់ព្រះ ប្រើអំណាចក្នុងកិច្ចការមនុស្សជាតិ ដើម្បីនាំឲ្យមានសេចក្ដីសង្គ្រោះដ៏អស្ចារ្យនៃសាសន៍មួយ។ ប្រជារាស្ត្រទាំងពីរសាសន៍នេះបានធ្វើជាភស្តុតាងដ៏អស្ចារ្យថា អេសាយនិងអេសេគាលជាអ្នកនាំសារពិតរបស់ព្រះយេហូវ៉ា។ គ្មានអ្នកណាមួយនៅសង្ស័យទេថាព្រះរបស់ស៊ីយ៉ូន ជាព្រះពិតតែមួយអង្គដែលមានព្រះជន្មរស់នៅក្នុងផែនដីទាំងមូល។ នៅអេសាយ ៣៥:២ យើងអានថា៖ «គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ាគឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា»។ អស់អ្នកដែលបានទទួលយកភស្តុតាងនេះ អំពីព្រះយេហូវ៉ា ក៏បានបែរមកថ្វាយបង្គំទ្រង់។
២២. (ក) តើយើងអាចមានអំណរគុណចំពោះអ្វីសព្វថ្ងៃនេះ? (ខ) ហេតុអ្វីក៏យើងគួរតែមានអំណរគុណពិសេស ដែលព្រះយេហូវ៉ាលាតត្រដាងពួកអ្នកនាំសារក្លែងក្លាយ?
២២ យើងមានអំណរគុណណាស់ ដែលព្រះយេហូវ៉ាសម្គាល់ពួកអ្នកនាំសារពិតរបស់ទ្រង់! ប្រាកដហើយ ទ្រង់ជាអ្នក«បញ្ជាក់ពាក្យសំដីដែលនិយាយនឹងអ្នកបំរើអញ ហើយសម្រេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក ដែលអញចាត់»។ (អេសាយ ៤៤:២៦) ទំនាយនៃការកសាងឡើងវិញដែលទ្រង់ប្រទានទៅអេសាយនិងអេសេគាល គឺពង្រីកសេចក្ដីស្រឡាញ់ដ៏ឧត្តមរបស់ទ្រង់ ព្រះគុណដែលគ្មានសិទ្ធិទទួល និងសេចក្ដីមេត្ដាករុណាដល់ពួកអ្នកបំរើទ្រង់។ យ៉ាងប្រាកដណាស់ ព្រះយេហូវ៉ាសមទទួលការសរសើរពីយើងចំពោះរឿងនេះ! ហើយយើងនៅសព្វថ្ងៃគួរតែមានអំណរគុណពិសេស ដែលទ្រង់លាតត្រដាងពួកអ្នកនាំសារក្លែងក្លាយ។ នេះគឺពីព្រោះមានពួកអ្នកនាំសារក្លែងក្លាយជាច្រើននៅលើផែនដីសព្វថ្ងៃនេះ។ សារដ៏សម្បើមរបស់គេប្រឆាំងនឹងសេចក្ដីប្រកាសបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ អត្ថបទជាបន្ទាប់នឹងជួយយើងឲ្យសម្គាល់ពួកអ្នកនាំសារក្លែងក្លាយទាំងនោះ។
[កំណត់សម្គាល់]
a The Monuments and the Old Testament, ដោយ អៃរ៉ា មូរ៉ីស ប្រ៉ាយ ១៩២៥
តើអ្នកអាចពន្យល់បានទេ?
◻ តើតាមរបៀបណាដែលព្រះយេហូវ៉ាសម្គាល់ពួកអ្នកនាំសារពិតរបស់ទ្រង់?
◻ តាមរយៈអេសាយ តើព្រះយេហូវ៉ាមានបន្ទូលថាអ្នកណាដែលនឹងឈ្នះលើពួកបាប៊ីឡូន?
◻ តើទំនាយរបស់អេសាយដែលបានរៀបរាប់អំពីការបរាជ័យរបស់បាប៊ីឡូនបានសម្រេចយ៉ាងណាខ្លះ?
◻ តើបរាជ័យនៃបាប៊ីឡូនមានឥទ្ធិពលលើនាមរបស់ព្រះយេហូវ៉ាយ៉ាងណា?
[រូបភាពនៅទំព័រ៩]
បាប៊ីឡូនមើលទៅហាក់ដូចជាខ្លាំងមាំមួនណាស់ចំពោះសាសន៍ទាំងឡាយនៅសម័យអេសេគាល