ពួកអ្នកនាំសារនៃសន្ដិភាពរបស់ព្រះឃើញច្បាស់ជាសប្បាយ
«ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ»។—អេសាយ ៣៥:១០
១. តើមនុស្សជាតិត្រូវការអ្វីជាបន្ទាន់?
សព្វថ្ងៃនេះ មនុស្សជាតិត្រូវការអ្នកនាំសារនៃដំណឹងល្អជាងមុនៗទៅទៀត។ គឺត្រូវការជាបន្ទាន់សំរាប់បុគ្គលណាមួយឲ្យប្រាប់សេចក្ដីពិតអំពីព្រះ និងគោលបំណងរបស់ទ្រង់ គឺអ្នកធ្វើបន្ទាល់ដ៏ក្លាហានម្នាក់ដែលនឹងប្រាប់មនុស្សអាក្រក់ អំពីសេចក្ដីហិនវិនាសនៅខាងមុខនេះ ហើយជួយមនុស្សដែលមានចិត្តស្មោះឲ្យរកឃើញនូវសន្ដិភាពរបស់ព្រះ។
២, ៣. ក្នុងករណីអ៊ីស្រាអែល តើតាមរបៀបណាដែលព្រះយេហូវ៉ាសម្រេចទំនាយរបស់ទ្រង់ ដែលបានកត់ទុកមកនៅឯអេម៉ុស ៣:៧?
២ ក្នុងសម័យអ៊ីស្រាអែល ព្រះយេហូវ៉ាបានសន្យាថានឹងប្រទានឲ្យពួកអ្នកនាំសារបែបនោះ។ នៅចុងសតវត្សទីប្រាំបួន ម.ស.យ. ព្យាការីអេម៉ុស បានថ្លែងថា៖ «ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញលាក់កំបាំងរបស់ទ្រង់ផង»។ (អេម៉ុស ៣:៧) ក្នុងសតវត្សជាច្រើនក្រោយពីសេចក្ដីប្រកាសនេះ ព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុដ៏ខ្លាំងក្លាជាច្រើន។ ឧទាហរណ៍ ក្នុងឆ្នាំ៦០៧ ម.ស.យ. ទ្រង់បានដាក់ទោសយ៉ាងខ្លាំងដល់រាស្ត្ររើសតាំងរបស់ទ្រង់ ពីព្រោះពួកគេបានបះបោរហើយជាប់ទោសបង្ហូរឈាម។ ទ្រង់ក៏បានដាក់ទោសសាសន៍ទាំងឡាយដែលនៅជុំវិញ ដែលមើលដោយសេចក្ដីពេញចិត្តនឹងការរងទុក្ខរបស់អ៊ីស្រាអែល។ (យេរេមា ជំពូក ៤៦-៤៩) រួចមក ក្នុងឆ្នាំ៥៣៩ ម.ស.យ. ព្រះយេហូវ៉ាបានរំលំមហាអំណាចបាប៊ីឡូនដ៏ខ្លាំងក្លា ហើយជាលទ្ធផល ក្នុងឆ្នាំ៥៣៧ ម.ស.យ. ពួកសំណល់នៃអ៊ីស្រាអែលបានត្រឡប់ទៅឯស្រុកខ្លួន ដើម្បីសង់ព្រះវិហារឡើងវិញ។—របាក្សត្រទី២ ៣៦:២២, ២៣
៣ ព្រឹត្ដិការណ៍ដ៏សំខាន់ទាំងនេះ ហើយស្របទៅតាមពាក្យអេម៉ុស ព្រះយេហូវ៉ាបានសម្ដែងប្រាប់គេទុកជាមុន ដល់ពួកព្យាការីដែលបំរើជាពួកអ្នកនាំសារ ព្រមានប្រាប់អ៊ីស្រាអែលនូវអ្វីដែលនឹងកើតឡើង។ ក្នុងពាក់កណ្ដាលនៃសតវត្សទីប្រាំបី ម.ស.យ. ទ្រង់បានតែងតាំងអេសាយ។ ក្នុងពាក់កណ្ដាលនៃសតវត្សទីប្រាំពីរ ម.ស.យ. ទ្រង់បានតែងតាំងយេរេមា។ រួចមក នៅចុងសតវត្សនោះ ទ្រង់បានតែងតាំងអេសេគាល។ ពួកនេះនិងពួកព្យាការីស្មោះត្រង់ឯទៀត បានធ្វើបន្ទាល់យ៉ាងហ្មត់ចត់អំពីគោលបំណងរបស់ព្រះយេហូវ៉ា។
សម្គាល់ពួកអ្នកនាំសាររបស់ព្រះសព្វថ្ងៃនេះ
៤. តើអ្វីដែលបង្ហាញថាមនុស្សជាតិត្រូវការពួកអ្នកនាំសារនៃសន្ដិភាព?
៤ ចុះសព្វថ្ងៃនេះយ៉ាងណាដែរ? មនុស្សជាច្រើនក្នុងលោក មានអារម្មណ៍យ៉ាងខ្លាំងថានឹងមានអ្វីមួយដ៏អាក្រក់កើតឡើង កាលដែលគេពិនិត្យមើលការចុះអាប់ឱននៃសង្គមមនុស្ស។ អស់អ្នកដែលស្រឡាញ់សេចក្ដីសុចរិតមានការឈឺចាប់ កាលដែលគេឃើញនូវការលាក់ពុតនិងអំពើអាក្រក់ក្រៃលែងនៃពិភពគ្រីស្ទសាសនា។ ដូចព្រះយេហូវ៉ាបានទាយមកតាមរយៈអេសេគាល ពួកគេ«ដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង»។ (អេសេគាល ៩:៤) ប៉ុន្តែ មនុស្សជាច្រើនមិនដឹងថាតើអ្វីជាគោលបំណងរបស់ព្រះយេហូវ៉ាទេ។ ពួកគេត្រូវការបុគ្គលណាម្នាក់ប្រាប់ឲ្យគេដឹង។
៥. តើតាមរបៀបណាដែលព្រះយេស៊ូបង្ហាញថានឹងមានពួកអ្នកនាំសារក្នុងសម័យយើងនេះ?
៥ នៅសព្វថ្ងៃនេះ តើមានមនុស្សណាដែលនិយាយដោយក្លាហាន ដូចអេសាយ យេរេមា និងអេសេគាលទេ? ព្រះយេស៊ូបានបង្ហាញថានឹងមានមែន។ នៅពេលដែលទាយប្រាប់អំពីព្រឹត្ដិការណ៍នៃសម័យយើងនេះ ទ្រង់មានបន្ទូលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) តើអ្នកណានៅសព្វថ្ងៃនេះកំពុងតែសម្រេចនឹងទំនាយនោះ ដែលបំរើជាអ្នកនាំសារ ជាអ្នកផ្សាយដំណឹងល្អ? សភាពស្រដៀងគ្នារវាងសម័យយើងនិងសម័យអ៊ីស្រាអែលពីបុរាណ នឹងជួយយើងឲ្យឆ្លើយសំនួរនោះ។
៦. (ក) សូមរៀបរាប់ការពិសោធនៃ«អ៊ីស្រាអែលនៃព្រះ»ក្នុងកំឡុងសង្គ្រាមលោកលើកទី១។ (ខ) តើអេសេគាល ១១:១៧ បានសម្រេចលើអ៊ីស្រាអែលពីសម័យបុរាណយ៉ាងដូចម្ដេច?
៦ ក្នុងសម័យដ៏ងងឹតនៃសង្គ្រាមលោកលើកទី១ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាក្នុងសម័យទំនើប គឺពួកសំណល់នៃពួកចាក់ប្រេងតាំង«អ៊ីស្រាអែលនៃព្រះ» បានជាប់ឃុំឃាំង ដែលមានការកើតឡើងស្រដៀងគ្នានឹងពួកអ៊ីស្រាអែលនៅបាប៊ីឡូន។ (កាឡាទី ៦:១៦) ពួកគេបានរងទុក្ខការធ្វើនិរទេសខាងវិញ្ញាណក្នុងបាប៊ីឡូនដ៏ធំ ដែលជាចក្រភពទូទៅនៃសាសនាមិនពិត ដែលពិភពគ្រីស្ទសាសនាមានឋានៈធំដុំនិងដែលជាប់ទោសជាងគេ។ ប៉ុន្តែ ពាក្យបន្ទូលរបស់ព្រះយេហូវ៉ាដល់អេសេគាលបានបង្ហាញថា ព្រះមិនបានបោះបង់ចោលគេទេ។ ទ្រង់បានមានបន្ទូលថា៖ «អញនឹងប្រមូលឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំឯងពីគ្រប់ទាំងប្រទេស ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចអញនឹងប្រគល់ស្រុកអ៊ីស្រាអែល ឲ្យដល់ឯងរាល់គ្នា»។ (អេសេគាល ១១:១៧) ដើម្បីសម្រេចសេចក្ដីសន្យានោះសំរាប់អ៊ីស្រាអែលពីសម័យបុរាណ ព្រះយេហូវ៉ាបានតែងតាំងស៊ីរូសស្តេចពើស៊ី ដែលបានរំលំមហាអំណាចបាប៊ីឡូន ហើយបានបើកផ្លូវសំរាប់ពួកសំណល់នៃអ៊ីស្រាអែលឲ្យត្រឡប់ទៅស្រុកគេវិញ។ ប៉ុន្តែ ចំពោះសព្វថ្ងៃនេះមានអ្វីដែរ?
៧. តើមានព្រឹត្ដិការណ៍អ្វីក្នុងឆ្នាំ១៩១៩ ដែលបង្ហាញថាព្រះយេស៊ូបានប្រព្រឹត្តប្រឆាំងលើបាប៊ីឡូនដ៏ធំ? សូមពន្យល់។
៧ នៅដើមសតវត្សនេះ មានទីសំអាងដ៏ច្បាស់មួយដែលមហាស៊ីរូស កំពុងតែចាត់វិធានការធ្វើអ្វីមួយ។ តើបុគ្គលនេះជាអ្នកណា? នេះគឺព្រះយេស៊ូគ្រីស្ទ ដែលបានឡើងសោយរាជ្យតាំងពីឆ្នាំ១៩១៤ ក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ ស្តេចដ៏ឧត្តមនេះបានបង្ហាញព្រះទ័យដ៏សប្បុរសដល់ពួកបងប្អូនរើសតាំងរបស់ទ្រង់នៅលើផែនដី កាលដែលក្នុងឆ្នាំ១៩១៩ ពួកគ្រីស្ទានចាក់ប្រេងតាំងត្រូវបានដោះលែងពីការជាប់ឃុំឃាំងខាងវិញ្ញាណ ហើយបានត្រឡប់ទៅ«ស្រុក» គឺសភាពខាងវិញ្ញាណរបស់គេវិញ។ (អេសាយ ៦៦:៨; វិវរណៈ ១៨:៤) ដូច្នេះ អេសេគាល ១១:១៧ មានការសម្រេចក្នុងសម័យទំនើបនេះ។ ក្នុងសម័យពីដើម គឺត្រូវការការរំលំនៃបាប៊ីឡូន ដើម្បីបើកផ្លូវឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅស្រុករបស់គេវិញ។ ក្នុងសម័យទំនើបនេះ ការស្ថាបនាឡើងវិញនៃអ៊ីស្រាអែលនៃព្រះ ឃើញជាក់ស្តែងថាបាប៊ីឡូនដ៏ធំមានការធ្លាក់នៅក្រោមអំណាចនៃមហាស៊ីរូស។ ការធ្លាក់នេះបានប្រកាសដោយទេវតាទីពីរនៃវិវរណៈជំពូក១៤ កាលដែលស្រែកឡើងថា៖ «ក្រុងបាប៊ីឡូនដ៏ធំ បានរលំហើយ បានរលំហើយ ដ្បិតវាបានឲ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្ដីឃោរឃៅរបស់ការកំផិតខ្លួន»! (វិវរណៈ ១៤:៨) នេះជាបរាជ័យយ៉ាងធំមែនចំពោះបាប៊ីឡូនដ៏ធំ ជាពិសេសចំពោះពិភពគ្រីស្ទសាសនា! ហើយនេះក៏ជាពរសំរាប់ពួកគ្រីស្ទានពិត!
៨. តើតាមរបៀបណាដែលសៀវភៅអេសេគាល រៀបរាប់អំពីសុភមង្គលនៃរាស្ត្ររបស់ព្រះ ក្រោយពីការដោះលែងក្នុងឆ្នាំ១៩១៩?
៨ នៅអេសេគាល ១១:១៨-២០ យើងអានអំពីការរៀបរាប់របស់ព្យាការីនៃសុភមង្គលនៃប្រជារាស្ត្រព្រះ ក្រោយពីបានស្ថាបនាឡើងវិញ។ សេចក្ដីសម្រេចទីមួយនៃពាក្យរបស់គាត់ មានន័យថាការបោសសំអាតអ៊ីស្រាអែលក្នុងសម័យអែសរ៉ានិងនេហេមា។ ការសម្រេចនៅសម័យនេះ ក៏មានសភាពស្រដៀងគ្នាដែរ។ សូមឲ្យយើងពិនិត្យមើល។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «នោះពួកឯងនឹងមកឯទីនេះ[ស្រុករបស់គេ]វិញ ហើយគេនឹងដកយកអស់ទាំងរបស់គួរឆ្អើម នឹងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើមចោលចេញ»។ ដូចបានទាយមក ចាប់ផ្ដើមពីឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានបោសសំអាតរាស្ត្រទ្រង់ ហើយបានធ្វើឲ្យគេមានកម្លាំងដើម្បីបំរើទ្រង់ម្ដងទៀត។ ពួកគេចាប់ផ្ដើមដកយកចេញពីបរិយាការខាងវិញ្ញាណ នូវការប្រព្រឹត្តនៃបាប៊ីឡូននិងលទ្ធិដែលធ្វើឲ្យគេកខ្វក់ក្នុងព្រះនេត្រទ្រង់។
៩. តើអ្វីជាពរដ៏សំខាន់ដែលព្រះយេហូវ៉ាប្រទានដល់រាស្ត្រទ្រង់ចាប់ផ្ដើមពីឆ្នាំ១៩១៩?
៩ រួចមក យោងទៅតាមខ១៩ ព្រះយេហូវ៉ាមានបន្ទូលទៀតថា៖ «រួចអញនឹងឲ្យគេមានចិត្តតែ១ ហើយនឹងដាក់វិញ្ញាណថ្មី នៅក្នុងឯងរាល់គ្នា អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ»។ ស្របទៅតាមពាក្យនេះ ក្នុងឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានរួបរួមពួកអ្នកបំរើចាក់ប្រេងតាំង ហើយប្រទានដល់គេនូវ«ចិត្តតែ១» បើនិយាយជាប្រៀបធៀបនោះ ដើម្បីឲ្យគេអាចបំរើទ្រង់ដោយ«ព្រមចិត្តគ្នា»។ (សេផានា ៣:៩) ក្រៅពីនេះទៀត ព្រះយេហូវ៉ាប្រទានដល់រាស្ត្រទ្រង់នូវព្រះវិញ្ញាណបរិសុទ្ធ ដើម្បីពង្រឹងកម្លាំងគេឲ្យធ្វើកិច្ចការបន្ទាល់ ហើយឲ្យបង្កើតក្នុងគេនូវផលផ្លែល្អ ដែលបានរៀបរាប់មកនៅកាឡាទី ៥:២២, ២៣។ ហើយជាជាងមានចិត្តឥតធ្វើតាម ចិត្តដូចថ្មនោះ ព្រះយេហូវ៉ាប្រទានឲ្យគេមានចិត្តដែលធ្វើតាម ដែលមិនរឹងរូស ចិត្តដ៏ចេះគោរព គឺចិត្តដែលនឹងធ្វើតាមព្រះហឫទ័យរបស់ទ្រង់។
១០. ហេតុអ្វីក៏ព្រះយេហូវ៉ាប្រទានពរដល់រាស្ត្រទ្រង់តាំងពីឆ្នាំ១៩១៩មក?
១០ ហេតុអ្វីក៏ទ្រង់ធ្វើដូច្នេះ? ព្រះយេហូវ៉ានឹងពន្យល់។ យើងអាននៅអេសេគាល ១១:២០ ថា៖ «ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រិត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ»។ អ៊ីស្រាអែលនៃព្រះបានរៀនគោរពតាមច្បាប់របស់ព្រះយេហូវ៉ា ជាជាងប្រព្រឹត្តតាមគំនិតរបស់គេ។ ពួកគេរៀនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ដោយឥតខ្លាចមនុស្ស។ ដូច្នេះ ពួកគេមានការខុសគ្នាពីពួកគ្រីស្ទានក្លែងក្លាយនៃពិភពគ្រីស្ទសាសនា។ ពួកគេជារាស្ត្ររបស់ព្រះយេហូវ៉ា។ ដូច្នេះហើយ ព្រះយេហូវ៉ាទ្រង់ប្រុងនឹងប្រើគេជាអ្នកនាំសារ គឺជា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›របស់ទ្រង់។—ម៉ាថាយ ២៤:៤៥-៤៧
សុភមង្គលនៃពួកអ្នកនាំសាររបស់ព្រះ
១១. តើតាមរបៀបណាដែលសៀវភៅអេសាយរៀបរាប់អំពីសុភមង្គលនៃរាស្ត្ររបស់ព្រះយេហូវ៉ា?
១១ តើអ្នកអាចឃើញសុភមង្គលរបស់គេ នៅពេលដែលគេដឹងនូវឯកសិទ្ធិដ៏ល្អរបស់គេទេ? ជាក្រុមមួយ ពួកគេបានបន្លឺសម្លេងនៃពាក្យអេសាយ ៦១:១០៖ «ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ»។ សេចក្ដីសន្យានៅអេសាយ ៣៥:១០ ក៏បានសម្រេចចំពោះពួកគេដែរ៖ «ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ នឹងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ នឹងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ»។ ដោយសារពួកអ្នកនាំសារនៃសន្ដិភាពរបស់ព្រះយេហូវ៉ាមានសុភមង្គលដល់ម្ល៉េះក្នុងឆ្នាំ១៩១៩ ដែលគេចាត់ចែងកិច្ចការផ្សាយដំណឹងល្អដល់មនុស្សជាតិទាំងអស់។ តាំងពីពេលនោះមករហូតមកដល់ឥឡូវនេះ ពួកគេមិនបានឈប់ធ្វើកិច្ចការនេះទេ ហើយសុភមង្គលរបស់គេបានកើនឡើងជានិច្ច។ ក្នុងធម្មទាននៅលើភ្នំ ព្រះយេស៊ូមានបន្ទូលថា៖ «មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ»។ (ម៉ាថាយ ៥:៩) ភាពពិតនៃសេចក្ដីថ្លែងនោះគឺត្រូវបានពិសោធដោយពួកអ្នកសំណល់«កូនរបស់ព្រះ»តាំងពីឆ្នាំ១៩១៩ រហូតមកដល់សព្វថ្ងៃនេះ។
១២, ១៣. (ក) តើអ្នកណាដែលចូលរួមពួកអ៊ីស្រាអែលនៃព្រះក្នុងការបំរើព្រះយេហូវ៉ា ហើយអ្វីដែលគេចាប់ផ្ដើមធ្វើនោះ? (ខ) តើពួកអ្នកបំរើចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ាមានការអរសប្បាយយ៉ាងណា?
១២ ជាច្រើនឆ្នាំកន្លងមក ចំនួនពួកអ៊ីស្រាអែលនៃព្រះបានកើនឡើងរហូតដល់ទសវត្សនៃឆ្នាំ១៩៣០ នៅពេលដែលការយកចូលនៃពួកសំណល់ចាក់ប្រេងតាំងបានមកជិតដល់ទីបញ្ចប់។ តើការកើនចំនួននៃពួកអ្នកផ្សាយដំណឹងល្អបានឈប់នៅពេលនោះឬ? គឺប្រាកដជាអត់ទេ។ ពួកហ្វូងធំនៃគ្រីស្ទានដែលមានសង្ឃឹមរស់នៅលើផែនដី ក៏ចាប់លេចមុខចូលរួម ហើយពួកទាំងនេះបានចូលរួមជាមួយពួកបងប្អូនចាក់ប្រេងតាំងរបស់គេក្នុងកិច្ចការផ្សាយ។ សាវ័កយ៉ូហានបានឃើញពួកហ្វូងធំនេះក្នុងចក្ខុនិមិត្ត ហើយរបៀបដែលទ្រង់រៀបរាប់ពួកគេ គឺគួរឲ្យចាប់អារម្មណ៍៖ «គេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ»។ (វិវរណៈ ៧:១៥) ត្រូវហើយ ពួកហ្វូងធំបានចាប់ផ្ដើមបំរើព្រះភ្លាម។ ជាលទ្ធផល នៅពេលដែលចំនួននៃពួកចាក់ប្រេងតាំងបានចាប់ផ្ដើមចុះបន្ទាប់ពី១៩៣៥ កិច្ចការផ្សាយបានបន្តទៅមុខដោយមានសម្ទុះពីពួកគូកនដ៏ស្មោះត្រង់ទាំងនេះ។
១៣ តាមរបៀបនេះ អេសាយ ៦០:៣, ៤ ក៏បានសម្រេចថា៖ «អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង ចូរងើបភ្នែកឯងមើលជុំវិញ គេមូលគ្នាមកឯឯង ទាំងអស់ហើយពួកកូនប្រុសៗរបស់ឯងនឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗនៃឯងមកដែរ»។ សុភមង្គលដែលព្រឹត្ដិការណ៍ទាំងនេះផ្ដល់ឲ្យពួកអ៊ីស្រាអែលនៃព្រះ គឺត្រូវបានរៀបរាប់យ៉ាងល្អមកក្នុងអេសាយ ៦០:៥ ដែលយើងអានថា៖ «នោះឯងនឹងឃើញ ហើយនឹងមានសេចក្ដីរីករាយ ចិត្តឯងនឹងខ្លាច ហើយរីកធំឡើង ពីព្រោះសេចក្ដីបរិបូរនៃសមុទ្រ នឹងត្រូវបង្វែរមកឯឯងវិញ ហើយអស់ទាំងរបស់ទ្រព្យនៃសាសន៍ផ្សេងៗ នឹងមកឯឯង»។
អង្គការរបស់ព្រះយេហូវ៉ាកំពុងតែដើរទៅមុខ
១៤. (ក) តើចក្ខុនិមិត្តនៃព្រឹត្ដិការណ៍អ្វីនៅស្ថានសួគ៌ដែលអេសេគាលឃើញ ហើយតើគាត់បានទទួលសេចក្ដីបង្គាប់អ្វី? (ខ) តើរាស្ត្ររបស់ព្រះយេហូវ៉ាក្នុងសម័យទំនើបបានវិនិច្ឆ័យអ្វី ហើយតើគេមានកាតព្វកិច្ចអ្វី?
១៤ ក្នុងឆ្នាំ៦១៣ ម.ស.យ. អេសេគាលបានឃើញក្នុងចក្ខុនិមិត្តអង្គការស្ថានសួគ៌របស់ព្រះយេហូវ៉ាកំពុងតែដើរទៅមុខ ដែលមានសភាពដូចរទេះចម្បាំង។ (អេសេគាល ១:៤-២៨) ក្រោយមក ព្រះយេហូវ៉ាបានមានបន្ទូលទៅគាត់ថា៖ «កូនមនុស្សអើយ ចូរទៅ ចូរទៅឯពូជពង្សអ៊ីស្រាអែល ហើយប្រាប់គេតាមពាក្យរបស់អញចុះ»។ (អេសេគាល ៣:៤) ក្នុងឆ្នាំ១៩៩៧នេះ យើងបានវិនិច្ឆ័យឃើញថា អង្គការស្ថានសួគ៌របស់ព្រះយេហូវ៉ា គឺកំពុងតែដើរទៅមុខដោយមិនអាចបញ្ឈប់បាន ដើម្បីសម្រេចគោលបំណងរបស់ព្រះ។ ដូច្នេះ យើងនឹងមានចិត្តជំរុញឲ្យទៅប្រាប់អ្នកដទៃអំពីគោលបំណងទាំងនោះ។ ក្នុងសម័យរបស់គាត់ អេសេគាលបាននិយាយពាក្យដែលព្រះយេហូវ៉ាបានបណ្ដាលមក។ សព្វថ្ងៃនេះ យើងនិយាយពីពាក្យបន្ទូលដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យតែង គឺព្រះគម្ពីរ។ ហើយសៀវភៅនេះមានសារដ៏អស្ចារ្យសំរាប់មនុស្សជាតិ! ទោះជាមនុស្សភាគច្រើនបានព្រួយបារម្ភនឹងអនាគត ព្រះគម្ពីរបង្ហាញថានឹងមានព្រឹត្ដិការណ៍ដ៏អាក្រក់ជាងនោះទៅទៀត—ហើយនៅពេលដដែលនេះ នឹងមានព្រឹត្ដិការណ៍ដ៏ល្អប្រសើរ—ជាងអ្វីដែលគេគិតទៅទៀត។
១៥. ហេតុអ្វីក៏ស្ថានការណ៍គឺអាក្រក់ជាងមនុស្សគិតសព្វថ្ងៃនេះ?
១៥ ស្ថានការណ៍គឺកាន់តែអាក្រក់ឡើង ពីព្រោះ ដូចជាយើងបានរៀនក្នុងអត្ថបទមុន ពិភពគ្រីស្ទសាសនានិងសាសនាមិនពិតឯទៀតនឹងត្រូវកំទេចចោលក្នុងពេលឆាប់ៗ គឺកំទេចអស់រលីងដូចក្រុងយេរូសាឡិមក្នុងឆ្នាំ៦០៧ ម.ស.យ.ដែរ។ ម្យ៉ាងទៀត ផ្នែកខាងនយោបាយក្នុងលោកទាំងមូល ដែលក្នុងសៀវភៅវិវរណៈតំណាងដោយសត្វតិរច្ឆាន ដែលមានក្បាលប្រាំពីរនិងស្នែងដប់ បន្ដិចទៀតនឹងត្រូវកំទេចចោល ដូចពួកក្រុងជាច្រើនដែលនៅជិតខាងយេរូសាឡិមដែលបានវិនាសទៅនោះ។ (វិវរណៈ ១៣:១, ២; ១៩:១៩-២១) ក្នុងសម័យអេសេគាល ព្រះយេហូវ៉ាបានរៀបរាប់យ៉ាងច្បាស់អំពីការភ័យខ្លាចដែលព្រះបណ្ដាលឲ្យមាន ដោយសេចក្ដីហិនវិនាសដែលនឹងជិតមកដល់នៃក្រុងយេរូសាឡិម។ ប៉ុន្តែ បន្ទូលរបស់ទ្រង់នឹងមានន័យដ៏ធំទៀត នៅពេលដែលមនុស្សវិនិច្ឆ័យដឹងអំពីសេចក្ដីហិនវិនាសដែលនឹងជិតមកដល់នៃលោកីយ៍នេះ។ ព្រះយេហូវ៉ាបានមានបន្ទូលទៅអេសេគាលថា៖ «ដូច្នេះ ឱកូនមនុស្សអើយ ចូរដកដង្ហើមធំចុះ ឯងនឹងត្រូវដកដង្ហើមធំនៅចំពោះភ្នែកគេ ដោយចុកសៀតចង្កេះ ហើយមានចិត្តជូរចត់ រួចកាលណាគេសួរឯងថា ហេតុអ្វីបានជាដកដង្ហើមធំដូច្នេះ នោះត្រូវឲ្យឯងប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក មើល ការនោះកំពុងតែមកហើយ ក៏នឹងបានសំរេចផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។ (អេសេគាល ២១:៦, ៧; ម៉ាថាយ ២៤:៣០) ព្រឹត្ដិការណ៍ដ៏គួរឲ្យស្ញែងខ្លាចគឺនឹងមាននៅខាងមុខនេះ។ សេចក្ដីខ្វល់ខ្វាយរបស់យើងចំពោះមនុស្សគ្នីគ្នា បណ្ដាលឲ្យយើងបន្លឺការព្រមាន ដើម្បីប្រាប់ «ដំណឹង»នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាដែលកំពុងតែមក។
១៦. ចំពោះមនុស្សរាបសា ហេតុអ្វីក៏ព្រឹត្ដិការណ៍គឺប្រសើរជាងមនុស្សជាច្រើនគិតទៅទៀត?
១៦ នៅពេលដដែលនេះ ចំពោះមនុស្សរាបសា ព្រឹត្ដិការណ៍គឺប្រសើរជាងមនុស្សជាច្រើនគិតទៅទៀត។ តើតាមរបៀបណា? ក្នុងន័យថាព្រះយេស៊ូគ្រីស្ទបានសោយទិវង្គតសំរាប់បាបយើង ហើយឥឡូវនេះទ្រង់គ្រប់គ្រងជាស្តេចនៃព្រះរាជាណាចក្ររបស់ព្រះ។ (ធីម៉ូថេទី១ ១:១៥; វិវរណៈ ១១:១៥) បញ្ហាមនុស្សលោកដែលមើលដូចជាមិនអាចដោះស្រាយបាននោះ នឹងបន្ដិចទៀតបានជោគជ័យតាមរយៈព្រះរាជាណាចក្រនៅស្ថានសួគ៌។ សេចក្ដីស្លាប់ ការឈឺ ការពុករលួយ ការអត់ឃ្លាន និងឧក្រិដ្ឋកម្ម បន្ដិចទៀតជាអ្វីដែលនឹងកន្លងទៅបាត់ ហើយព្រះរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងទៅលើផែនដីមនោរម្យដោយគ្មានការប្រឆាំង។ (វិវរណៈ ២១:៣, ៤) មនុស្សជាតិនឹងមានសន្ដិភាពរបស់ព្រះ—ទំនាក់ទំនងដ៏សុខសាន្តជាមួយព្រះយេហូវ៉ានិងរវាងគ្នាទៅវិញទៅមក។—ទំនុកដំកើង ៧២:៧
១៧. តើការរីកចំរើនអ្វីដែលនាំឲ្យមានការអរសប្បាយដល់ពួកអ្នកនាំសារនៃសន្ដិភាពព្រះ?
១៧ ក្នុងភូមិភាគផែនដីខ្លះ មានពួកហ្វូងមនុស្សរាបសាយ៉ាងធំ គឺកំពុងតែធ្វើតាមសារនេះនៃសន្ដិភាពរបស់ព្រះ។ ដើម្បីរៀបរាប់ប្រាប់ឧទាហរណ៍ខ្លះៗ ឆ្នាំមុនក្នុងប្រទេសអ៊ុយក្រែន បានរាយការណ៍ថាចំនួនអ្នកផ្សាយបានកើនឡើង១៧ភាគរយ។ ប្រទេសម៉ុសាប៊ិកបានរាយការណ៍ថាមានការកើនឡើង១៧ភាគរយ ហើយលីហ្សូញ៉ាមាន២៩ភាគរយ។ ប្រទេសរុស្ស៊ីមាន៣១ភាគរយ ហើយប្រទេសអាល់បានីមានចំនួនអ្នកផ្សាយបានកើនឡើង៥២ភាគរយ។ ចំនួនកើនឡើងទាំងនេះ តំណាងមនុស្សដែលមានចិត្តស្មោះត្រង់រាប់ម៉ឺននាក់ ដែលចង់បានសន្ដិភាពរបស់ព្រះ ហើយដែលបានកាន់ជំហរសំរាប់សេចក្ដីសុចរិត។ ការរីកចំរើនដ៏លឿនបែបនេះ ធ្វើឲ្យមានការអរសប្បាយដល់ភាតរភាពគ្រីស្ទានទាំងមូល។
១៨. ទោះជាមនុស្សស្ដាប់ឬមិនស្ដាប់ តើយើងនឹងមានអាកប្បកិរិយាយ៉ាងណា?
១៨ តើមនុស្សធ្វើតាមបែបនេះក្នុងកន្លែងដែលអ្នករស់នៅទេ? បើដូច្នេះនោះ យើងមានការអរសប្បាយជាមួយនឹងអ្នករាល់គ្នា។ ប៉ុន្តែ ក្នុងតំបន់ខ្លះ គឺត្រូវការខំប្រឹងជាច្រើនម៉ោង មុននឹងរកឃើញមនុស្សដែលចាប់អារម្មណ៍ម្នាក់។ តើពួកអ្នកដែលបំរើក្នុងតំបន់ទាំងនោះទៅជាខ្ជិលច្រអូសឬអស់សង្ឃឹមឬ? អត់ទេ។ ស្មរបន្ទាល់ព្រះយេហូវ៉ាចងចាំពាក្យបន្ទូលព្រះដល់អេសេគាល កាលដែលទ្រង់បានចាត់ឲ្យព្យាការីក្មេងនេះផ្សាយដល់ពួកមនុស្សជាតិយូដារបស់គាត់៖ «ឯគេ ទោះបើគេនឹងព្រមស្ដាប់ ឬមិនព្រមក្ដី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរា១បានមកក្នុងពួកគេហើយ»។ (អេសេគាល ២:៥) ដូចអេសេគាល យើងនឹងបន្តប្រាប់មនុស្សជានិច្ចអំពីសន្ដិភាពព្រះ មិនថាគេស្ដាប់ឬអត់ក្ដី។ បើគេស្ដាប់ នោះយើងមានចិត្តសប្បាយណាស់។ បើគេបែរខ្នងដាក់យើង ចំអកដាក់យើង ឬធ្វើបៀតបៀនដល់យើង យើងនឹងស៊ូទ្រាំ។ យើងស្រឡាញ់ព្រះយេហូវ៉ា ហើយព្រះគម្ពីរចែងថា៖ «សេចក្ដីស្រឡាញ់ . . . ទ្រាំទ្រទាំងអស់»។ (កូរិនថូសទី១ ១៣:៤, ៧) ដោយសារយើងផ្សាយដោយស៊ូទ្រាំនោះ មនុស្សជាច្រើនគេស្គាល់ស្មរបន្ទាល់ព្រះយេហូវ៉ា។ ពួកគេដឹងអំពីសាររបស់យើង។ នៅពេលទីបញ្ចប់មកដល់ ពួកគេនឹងដឹងថា ស្មរបន្ទាល់ព្រះយេហូវ៉ាបានខំប្រឹងជួយគេឲ្យមានសន្ដិភាពរបស់ព្រះ។
១៩. ជាពួកអ្នកបំរើនៃព្រះពិត តើឯកសិទ្ធិដ៏អស្ចារ្យអ្វីដែលយើងអបអរ?
១៩ តើមានឯកសិទ្ធិដ៏ធំឯណាទៀតជាងការបំរើព្រះយេហូវ៉ាទេ? អត់ទេ! យើងមានសុភមង្គលជាច្រើនពីការមានទំនាក់ទំនងជាមួយព្រះ និងការដឹងថាយើងកំពុងតែធ្វើតាមបំណងព្រះហឫទ័យទ្រង់។ «មានពរហើយ សាសន៍ណាដែលស្គាល់សំឡេងរីករាយនោះ ឱព្រះយេហូវ៉ាអើយ គេដើរនៅក្នុងពន្លឺនៃព្រះភក្ដ្រទ្រង់»។ (ទំនុកដំកើង ៨៩:១៥) សូមឲ្យយើងអបអរជានិច្ចនូវអំណរជាអ្នកនាំសារនៃសន្ដិភាពរបស់ព្រះយេហូវ៉ា ប្រាប់មនុស្សជាតិ។ សូមឲ្យយើងខំបំពេញមុខនាទីរបស់យើងក្នុងកិច្ចការ រហូតដល់ព្រះយេហូវ៉ាមានបន្ទូលថាកិច្ចការនេះបានគ្រប់គ្រាន់ហើយ។
តើអ្នកនៅចាំទេ?
◻ តើអ្នកណាជាពួកអ្នកនាំសារនៃសន្ដិភាពរបស់ព្រះសព្វថ្ងៃនេះ?
◻ តើតាមរបៀបណាដែលយើងដឹងថាបាប៊ីឡូនដ៏ធំបានពិសោធការរលំក្នុង១៩១៩?
◻ តើ«ពួកហ្វូងធំ»មានសេចក្ដីខ្វល់ខ្វាយដ៏សំខាន់អ្វីជាងគេ?
◻ ហេតុអ្វីក៏អនាគតងងឹតអាប់អួជាងមនុស្សភាគច្រើនគិតទៅទៀតសព្វថ្ងៃនេះ?
◻ ចំពោះមនុស្សដែលមានចិត្តទៀងត្រង់ ហេតុអ្វីក៏អនាគតនឹងបានប្រសើរឡើងជាងអ្វីដែលគេគិតនោះ?
[រូបភាពនៅទំព័រ២១]
ពួកអ្នកនាំសារនៃសន្ដិភាពព្រះ ជាមនុស្សដ៏សប្បាយរីករាយជាងគេលើផែនដីសព្វថ្ងៃនេះ