៨៧
ព្រះយេស៊ូវនៅក្នុងព្រះវិហារ
សូមមើលកុមារម្នាក់នេះ ដែលកំពុងតែនិយាយទៅពួកបុរសចាស់ទុំទាំងនេះ។ ពួកគេជាគ្រូនៅក្នុងព្រះវិហាររបស់ព្រះនៅឯក្រុងយេរូសាឡិម។ ហើយកុមារនេះជាព្រះយេស៊ូវ។ ទ្រង់មានវ័យធំបន្ដិចហើយ។ ឥឡូវនេះ ទ្រង់មានព្រះជន្មាយុបាន១២ឆ្នាំហើយ។
ពួកគ្រូមានសេចក្ដីអស្ចារ្យណាស់ ដែលព្រះយេស៊ូវដឹងយ៉ាងច្រើនអំពីព្រះ ហើយអំពីអ្វីៗដែលបានចែងមកនៅក្នុងព្រះគម្ពីរ។ ប៉ុន្តែ ហេតុអ្វីបានជាលោកយ៉ូសែបនិងនាងម៉ារាមិននៅទីនេះដែរ? តើពួកគេនៅឯណា? សូមឲ្យយើងពិនិត្យមើល។
ជារៀងរាល់ឆ្នាំ លោកយ៉ូសែបនាំគ្រួសាររបស់គាត់ទៅក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យដ៏ពិសេសមួយ ហៅថាបុណ្យរំលង។ ការធ្វើដំណើរពីភូមិណាសារ៉ែតទៅឯក្រុងយេរូសាឡិម មានចំងាយឆ្ងាយណាស់។ គ្មានអ្នកណាមួយមានឡាន ហើយក៏មិនមានរទេះភ្លើងទេ។ គេមិនមានរបស់បែបនោះនៅជំនាន់នោះទេ។ មនុស្សភាគច្រើនធ្វើដំណើរដោយជើងអស់រយៈពេលបីថ្ងៃ ទើបដល់ក្រុងយេរូសាឡិម។
ឥឡូវនេះលោកយ៉ូសែបមានគ្រួសារយ៉ាងធំ។ ដូច្នេះ មានប្អូនប្រុសស្រីរបស់ព្រះយេស៊ូវខ្លះៗដែលលោកយ៉ូសែបត្រូវមើលថែទាំដែរ។ នៅឆ្នាំនេះ យ៉ូសែបនិងនាងម៉ារាបានចាកចេញជាមួយកូនចៅរបស់គេធ្វើដំណើរយ៉ាងឆ្ងាយ ត្រឡប់ទៅឯលំនៅរបស់គេនៅណាសារ៉ែតវិញ។ គេគិតស្មានថាព្រះយេស៊ូវនៅជាមួយអ្នកឯទៀត ដែលកំពុងតែធ្វើដំណើរដែរ។ ប៉ុន្តែ នៅពេលដែលគេឈប់សំរាកនៅចុងថ្ងៃនោះ គេរកព្រះយេស៊ូវមិនឃើញសោះ។ គេខំរកទ្រង់ក្នុងចំណោមញាតិសន្ដាននិងមិត្តរបស់គេទាំងឡាយ ប៉ុន្តែទ្រង់មិននៅជាមួយគេទេ! ដូច្នេះ គេក៏ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីរកទ្រង់នៅទីនោះ។
នៅទីបំផុត គេក៏រកឃើញព្រះយេស៊ូវនៅទីនេះជាមួយនឹងពួកគ្រូ។ ទ្រង់កំពុងតែស្ដាប់គេហើយសួរសំនួរជាច្រើន។ ហើយមនុស្សជាច្រើនមានសេចក្ដីអស្ចារ្យនឹងប្រាជ្ញារបស់ព្រះយេស៊ូវ។ ប៉ុន្តែម៉ារានិយាយថា៖ ‹កូនអើយ ហេតុអ្វីបានជាអ្នកប្រព្រឹត្តនឹងយើងដូច្នេះ? ឪពុកអ្នក និងម្ដាយបានខំដើររកអ្នកទាំងថប់ព្រួយ›។
ព្រះយេស៊ូវមានបន្ទូលតបថា៖ ‹តើអ្នកម្ដាយរកខ្ញុំធ្វើអី តើមិនជ្រាបថាគួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី›?
ត្រូវហើយ ព្រះយេស៊ូវចូលចិត្តនៅកន្លែងណាដែលទ្រង់អាចរៀនអំពីព្រះណាស់។ តើយើងមិនគួរមានអារម្មណ៍ដូចនេះដែរទេឬ? នៅឯលំនៅក្នុងភូមិណាសារ៉ែតវិញ ព្រះយេស៊ូវទៅប្រជុំដើម្បីថ្វាយបង្គំជារៀងរាល់អាទិត្យ។ ដោយព្រោះតែទ្រង់ប្រុងស្មារតីខំស្ដាប់នោះ ទ្រង់រៀនដឹងជាច្រើនអំពីព្រះគម្ពីរ។ សូមឲ្យយើងធ្វើដូចព្រះយេស៊ូវព្រមទាំងកាន់តាមគំរូរបស់ទ្រង់ដែរចុះ។
លូកា ២:៤១-៥២; ម៉ាថាយ ១៣:៥៣-៥៦