៨៩
ព្រះយេស៊ូវសំអាតព្រះវិហារ
ព្រះយេស៊ូវពិតជាមានព្រះទ័យខ្ញាល់ណាស់នៅទីនេះ មែនទេ? តើអ្នកដឹងហេតុអ្វីបានជាទ្រង់មានព្រះទ័យខ្ញាល់ដល់ម្ល៉េះទេ? នេះគឺពីព្រោះបុរសទាំងនេះដែលនៅក្នុងព្រះវិហាររបស់ព្រះ នៅឯក្រុងយេរូសាឡិម ជាមនុស្សល្មោភណាស់។ ពួកគេចង់បានប្រាក់ជាច្រើនពីប្រជាជន ដែលមកថ្វាយបង្គំព្រះនៅទីនេះ។
តើអ្នកឃើញគោស្ទាវនិងចៀមហើយសត្វព្រាបទាំងនោះទេ? ពួកបុរសកំពុងតែលក់សត្វទាំងនេះនៅក្នុងព្រះវិហារ។ តើអ្នកដឹងមកពីហេតុអ្វីទេ? នេះគឺពីព្រោះប្រជាជនអ៊ីស្រាអែលត្រូវការសត្វនិងចាបទាំងនេះ ដើម្បីធ្វើយញ្ញបូជាទៅព្រះ។
ច្បាប់របស់ព្រះចែងថា នៅពេលជនអ៊ីស្រាអែលម្នាក់ធ្វើអ្វីខុស ជននោះត្រូវតែថ្វាយដង្វាយទៅព្រះ។ ហើយមានពេលខ្លះទៀត ដែលប្រជាជនអ៊ីស្រាអែលត្រូវតែថ្វាយដង្វាយដែរ។ ប៉ុន្តែ តើប្រជាជនអ៊ីស្រាអែលអាចរកចាបនិងសត្វបានពីណា ដើម្បីនឹងថ្វាយព្រះនោះ?
ប្រជាជនអ៊ីស្រាអែលខ្លះចិញ្ចឹមចាបនិងសត្វជាច្រើន។ ដូច្នេះ គេអាចថ្វាយរបស់ទាំងនេះ។ ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលជាច្រើនទៀត ឥតមានសត្វឬចាបទេ។ ហើយពួកគេឯទៀតរស់នៅយ៉ាងឆ្ងាយពីក្រុងយេរូសាឡិម ដែលគេមិនអាចយកសត្វមកព្រះវិហារបានឡើយ។ ដូច្នេះ ប្រជាជនក៏មកទិញសត្វឬចាបដែលគេត្រូវការនៅទីនេះ។ ប៉ុន្តែ ពួកបុរសទាំងនេះបានលក់ឲ្យប្រជាជនថ្លៃណាស់។ ពួកគេបោកយកប្រាក់ពីប្រជាជន។ ក្រៅពីនោះទៀត គេមិនគួរលក់របស់ទាំងនេះនៅក្នុងព្រះវិហាររបស់ព្រះឡើយ។
នេះហើយជាអ្វីដែលធ្វើឲ្យព្រះយេស៊ូវមានព្រះទ័យខ្ញាល់នោះ។ ដូច្នេះ ទ្រង់ក៏ផ្កាប់តុប្រាក់របស់ពួកបុរសអស់នោះ ធ្វើឲ្យខ្ចាត់ខ្ចាយកាក់របស់គេទាំងអស់។ ហើយទ្រង់ក៏ធ្វើរំពាត់ពីខ្សែ រួចក៏វាយបណ្ដេញសត្វទាំងអស់ចេញពីព្រះវិហារទៅ។ ទ្រង់បង្គាប់ពួកដែលលក់សត្វព្រាបថា៖ ‹ចូរយកវាចេញពីទីនេះអស់ទៅ! កុំឲ្យយកដំណាក់នៃព្រះវរបិតាខ្ញុំ ធ្វើជាផ្ទះជំនួញឡើយ›។
ពួកអ្នកកាន់តាមទ្រង់ខ្លះបានមកព្រះវិហារជាមួយនឹងទ្រង់ ក្នុងក្រុងយេរូសាឡិមនេះ។ ពួកគេមានសេចក្ដីភ្ញាក់ផ្អើលណាស់ ចំពោះការដែលព្រះយេស៊ូវបានធ្វើ។ បន្ទាប់មក គេក៏ចាំពីកន្លែងមួយក្នុងព្រះគម្ពីរ ដែលបានចែងអំពីបុត្ររបស់ព្រះថា៖ ‹សេចក្ដីស្រឡាញ់ដល់ដំណាក់របស់ព្រះ នឹងឆេះក្នុងទ្រង់ដូចជាភ្លើង›។
កាលដែលព្រះយេស៊ូវគង់នៅក្នុងក្រុងយេរូសាឡិមនេះ ដើម្បីធ្វើបុណ្យរំលង ទ្រង់បានសម្ដែងអព្ភូតហេតុជាច្រើន។ ក្រោយមក ព្រះយេស៊ូវធ្វើដំណើរចេញពីស្រុកយូដា ហើយចាប់ផ្ដើមធ្វើដំណើរវិលទៅស្រុកកាលីឡេវិញ។ ប៉ុន្តែ នៅតាមផ្លូវនោះ ទ្រង់បានធ្វើដំណើរកាត់តាមស្រុកសាម៉ារី។ សូមឲ្យយើងពិនិត្យមើលការណ៍ដែលកើតឡើងនៅទីនោះ។