៩៨
នៅលើភ្នំដើមអូលីវ
នេះជាព្រះយេស៊ូវនៅលើភ្នំដើមអូលីវ។ បុរសបួននាក់ដែលនៅជាមួយទ្រង់ជាសាវករបស់ទ្រង់។ អនទ្រេនិងពេត្រុស គេជាបងប្អូនបង្កើត ហើយយ៉ាកុបនិងយ៉ូហាន គេក៏ជាបងប្អូនបង្កើតដែរ។ នៅទីនោះដែលអ្នកអាចឃើញពីចម្ងាយ ជាព្រះវិហាររបស់ព្រះនៅក្រុងយេរូសាឡិម។
ពីរថ្ងៃបានកន្លងមកហើយ តាំងពីព្រះយេស៊ូវបានគង់លើសត្វលាជំទង់យាងចូលទៅក្រុងយេរូសាឡិម។ នេះជាថ្ងៃអង្គារ។ នៅដើមថ្ងៃ ព្រះយេស៊ូវបាននៅឯព្រះវិហារ។ នៅទីនោះ ពួកសង្ឃបានខំរកវិធីចាប់ព្រះយេស៊ូវដើម្បីនឹងធ្វើគត់ដល់ទ្រង់។ ប៉ុន្តែ ពួកគេមិនហ៊ានប្រព្រឹត្តការនេះ ពីព្រោះប្រជាជនចូលចិត្តព្រះយេស៊ូវ។
ព្រះយេស៊ូវហៅមេដឹកនាំសាសនានោះជា៖ ‹ពួកសត្វពស់ និងពូជពស់›! បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថាព្រះនឹងដាក់ទណ្ឌកម្មដល់គេ ពីព្រោះដោយអំពើអាក្រក់ជាច្រើនដែលពួកគេបានប្រព្រឹត្ត។ ក្រោយពីនោះមក ព្រះយេស៊ូវបានឡើងទៅភ្នំដើមអូលីវ ហើយរួចមក ពួកសាវកទាំងបួននេះក៏ចាប់ផ្ដើមសួរសំនួរទ្រង់។ តើអ្នកដឹងថាពួកគេសួរព្រះយេស៊ូវអំពីរឿងអ្វីទេ?
ពួកសាវកកំពុងតែសួរអំពីរឿងអនាគត។ គេដឹងថា ព្រះយេស៊ូវនឹងបញ្ចប់អំពើអាក្រក់ទាំងអស់នៅលើផែនដី។ ប៉ុន្តែ ពួកគេចង់ដឹងនៅពេលណាទើបការទាំងអស់នេះនឹងកើតមានឡើង។ តើនៅពេលណាទើបព្រះយេស៊ូវនឹងយាងមកម្ដងទៀត ដើម្បីសោយរាជ្យជាស្តេចនោះ?
នៅពេលដែលទ្រង់យាងមកម្ដងទៀតនោះ ព្រះយេស៊ូវជ្រាបថាពួកអ្នកកាន់តាមទ្រង់នៅលើផែនដី នឹងមិនអាចមើលឃើញទ្រង់ទេ។ នេះគឺពីព្រោះទ្រង់នឹងគង់នៅស្ថានសួគ៌ ហើយពួកគេនឹងមិនអាចមើលឃើញទ្រង់នៅទីនោះឡើយ។ ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសាវកទ្រង់ នូវការខ្លះៗដែលនឹងកើតឡើងនៅលើផែនដី នៅពេលដែលទ្រង់សោយរាជ្យជាស្តេចនៅលើស្ថានសួគ៌នោះ។ តើការទាំងនេះជាអ្វីខ្លះ?
ព្រះយេស៊ូវមានបន្ទូលថានឹងមានសង្គ្រាមដ៏ធំៗ មនុស្សជាច្រើននឹងឈឺហើយអត់ឃ្លាន បទឧក្រិដ្ឋនឹងកាន់តែអាក្រក់ឡើង ហើយនិងមានការកក្រើកដីដ៏ធំៗ។ ព្រះយេស៊ូវក៏មានបន្ទូលដែរថា ដំណឹងល្អអំពីព្រះរាជាណាចក្រនឹងត្រូវផ្សាយពាសពេញនៅលើផែនដី។ តើយើងឃើញការទាំងអស់នេះកំពុងតែកើតឡើងនៅសម័យយើងនេះទេ? ត្រូវហើយ! ដូច្នេះយើងអាចដឹងជាពិតប្រាកដថា ឥឡូវនេះព្រះយេស៊ូវកំពុងតែសោយរាជ្យនៅលើស្ថានសួគ៌។ បន្ដិចទៀត ទ្រង់នឹងបញ្ចប់អំពើអាក្រក់ទាំងអស់ដែលមាននៅលើផែនដី។
ម៉ាថាយ ២១:៤៦; ២៣:១-៣៩; ២៤:១-១៤; ម៉ាកុស ១៣:៣-១០