១០៤
ព្រះយេស៊ូវយាងទៅស្ថានសួគ៌វិញ
កាលដែលវេលាចេះតែកន្លងទៅ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ទៅពួកកាន់តាមទ្រង់ជាច្រើនលើក។ នៅពេលមួយ មានពួកសិស្សប្រហែល៥០០នាក់បានឃើញទ្រង់។ កាលណាទ្រង់លេចឡើងទៅពួកគេ តើអ្នកដឹងថាព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេអំពីអ្វីទេ? គឺអំពីព្រះរាជាណាចក្ររបស់ព្រះ។ ព្រះយេហូវ៉ាបានចាត់ព្រះយេស៊ូវឲ្យមកផែនដី ដើម្បីបង្រៀនអំពីព្រះរាជាណាចក្រ។ សូម្បីតែក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏ទ្រង់នៅតែខំព្យាយាមធ្វើកិច្ចការនេះទៀត។
តើអ្នកនៅចាំថាព្រះរាជាណាចក្ររបស់ព្រះជាអ្វីទេ? ត្រូវហើយ ព្រះរាជាណាចក្រជារដ្ឋាភិបាលដ៏ពិតរបស់ព្រះនៅស្ថានសួគ៌ ហើយព្រះយេស៊ូវជាអ្នកដែលព្រះបានរើសតាំងជាស្តេច។ ដូចជាយើងបានរៀនរួចមកហើយ ព្រះយេស៊ូវបានបង្ហាញថា ទ្រង់នឹងទៅជាស្តេចដ៏អស្ចារ្យមួយអង្គ ដែលបំប៉នពួកអ្នកស្រេកឃ្លាន ប្រោសមនុស្សឈឺឲ្យជាឡើងវិញ ហើយព្រមទាំងប្រោសមនុស្សស្លាប់ឲ្យមានជីវិតឡើងវិញផង!
ដូច្នេះនៅពេលដែលព្រះយេស៊ូវគ្រប់គ្រងជាស្តេចនៅលើស្ថានសួគ៌ក្នុងរវាងមួយពាន់ឆ្នាំនោះ តើស្ថានភាពនៅលើផែនដីនឹងទៅជាយ៉ាងណា? ត្រូវហើយ ផែនដីទាំងមូលនឹងត្រូវធ្វើឲ្យទៅជាសួនមនោរម្យដ៏ល្អបំព្រង។ សង្គ្រាមនឹងលែងមានទៀត ឬបទឧក្រិដ្ឋ ឬជំងឺ សូម្បីតែសេចក្ដីស្លាប់ក៏គ្មានដែរ។ យើងអាចដឹងថារឿងទាំងនេះជាសេចក្ដីពិត ពីព្រោះព្រះបានបង្កើតផែនដីឲ្យបានទៅជាសួនមនោរម្យ សំរាប់ឲ្យមនុស្សបានសប្បាយរីករាយ។ ហេតុដូច្នេះហើយ បានជាព្រះបានបង្កើតសួនច្បារអេដែននៅដើមដំបូងនោះ។
ឥឡូវនេះជាពេលវេលាដែលព្រះយេស៊ូវត្រូវយាងឡើងទៅស្ថានសួគ៌វិញ។ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ទៅពួកសិស្សរបស់ទ្រង់ អស់រយៈពេល៤០ថ្ងៃហើយ។ ដូច្នេះ ពួកគេដឹងជាពិតប្រាកដថា ទ្រង់មានព្រះជន្មរស់នៅម្ដងទៀត។ ប៉ុន្តែមុននឹងទ្រង់ចាកចេញពីពួកសិស្សរបស់ទ្រង់នោះ ទ្រង់បានមានបន្ទូលប្រាប់ពួកគេថា៖ ‹ចូរស្នាក់នៅក្នុងក្រុងយេរូសាឡិម ទាល់តែអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណបរិសុទ្ធចុះ›។ ព្រះវិញ្ញាណបរិសុទ្ធជាសកម្មពលរបស់ព្រះ ប្រៀបដូចជាខ្យល់បក់ ដែលនឹងជួយពួកអ្នកកាន់តាមទ្រង់ឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះ។ នៅទីបំផុត ព្រះយេស៊ូវបានមានបន្ទូលថា៖ ‹អ្នករាល់គ្នាត្រូវតែផ្សាយអំពីខ្ញុំ នៅគ្រប់តំបន់ពាសពេញផែនដី›។
ពេលព្រះយេស៊ូវបានមានបន្ទូលរួចហើយ មានការអស្ចារ្យមួយកើតឡើង។ ដូចជាអ្នកអាចឃើញនៅទីនេះ ទ្រង់ចាប់ផ្ដើមយាងឡើងទៅលើ ទៅឯស្ថានសួគ៌។ បន្ទាប់មក មានពពកមកបំបាំងទ្រង់ពីភ្នែករបស់ពួកសិស្ស ធ្វើឲ្យពួកគេមើលទ្រង់លែងឃើញទៀត។ ព្រះយេស៊ូវយាងឡើងទៅស្ថានសួគ៌ ហើយទ្រង់ក៏ចាប់ផ្ដើមគ្រប់គ្រងពីស្ថានសួគ៌ទៅលើពួកអ្នកកាន់តាមទ្រង់នៅលើផែនដី។
កូរិនថូសទី១ ១៥:៣-៨; វិវរណៈ ២១:៣, ៤; កិច្ចការ ១:១-១១